ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២៤ ៖ ទ្រង់​មាន​ព្រះជន្ម​រស់ !


មេរៀន​ទី ២៤

ទ្រង់​មាន​ព្រះជន្ម​រស់ !

សេចក្ដីផ្ដើម

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ប្រកាស អំពី​ព្រះអង្គ​សង្គ្រោះ​​ព្រះយេស៊ូវគ្រីស្ទ ​៖ « ហើយ​ឥឡូវនេះ បន្ទាប់​ពី​ទីបន្ទាល់​ជាច្រើន​ដែល​បាន​ថ្លែង​អំពី​ទ្រង់ នោះ​គឺជា​ទីបន្ទាល់​ចុងក្រោយ​បង្អស់​ដែល​យើង​ខ្ញុំ​សូម​ថ្លែង​អំពី​ទ្រង់ ៖ គឺថា​ទ្រង់​មាន​ព្រះជន្ម​រស់នៅ ! » ( គ និង ស ៧៦:២២ ) ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​ដល់​សិស្ស​ឲ្យ​យល់​ថា ព្រះអង្គ​សង្គ្រោះ​មាន​ព្រះជន្ម​រស់នៅ​នាពេល​នេះ ថា​ទ្រង់​គឺជា​អ្នក​គាំទ្រ​របស់​យើង​ជាមួយ​នឹង​ព្រះវរបិតា ហើយ​ថា​តាមរយៈ​សេចក្ដី​ជំនឿ​ទៅលើ​ទ្រង់ នោះ​យើង​នឹង​ក្លាយជា « បុត្រា​បុត្រី​បង្កើត​ចំពោះ​ព្រះ » ( គ និង ស ៧៦:២៤; សូមមើល​ផងដែរ កាឡាទី ៣:២៦ ) ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៥:១; ៧៦:១៩-២៤; ១១០:១–៤

ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះជន្មរស់​ថ្ងៃនេះ

សូម​អាន​ដំណើររឿង​ខាងក្រោម​ឮៗ​ជា​បទពិសោធន៍​មួយ​របស់​ប្រធាន ឡូរែនសូ ស្នូ ( ១៨១៤–១៩០១ ) ដូច​ដែល​បាន​ទាក់ទង​ដោយ​ចៅស្រី​របស់​លោក​ឈ្មោះ អាលីស ផន ៖

ប្រធាន ឡូរែនសូ ស្នូ

« ‹ នៅក្នុងច្រកចូលដ៏​ធំ​មួយ​នាំ​ទៅក្នុង​បន្ទប់​សេឡេស្ទាល ខ្ញុំ​បាន​ដើរ​បួន​ប្រាំ​ជំហាន ពីមុខ​ជីតា នៅពេល​ដែល​គាត់​បាន​ហៅ​ខ្ញុំ​ឲ្យ​ឈប់ ហើយ​និយាយ ៖ « ចាំ​មួយ​ភ្លែត អាលី តា​ចង់​ប្រាប់​ចៅ​រឿង​មួយ ។ វា​គឺ​នៅ​ទីនេះ​ដែល​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ បាន​លេចមក​ឯ​តា​នៅពេល​ប្រធាន វូឌដ្រុព្វ ​ស្លាប់ ។ ទ្រង់​បាន​ប្រាប់តា​ឲ្យ​ទៅ​មុខ​ទ្រង់ ហើយ​រៀបចំ​គណៈប្រធាន​ទីមួយ​នៃ​សាសនាចក្រ​ជាថ្មី​តែ​ម្ដង ហើយ​មិន​ត្រូវ​រង់ចាំ​ដល់​ក្រោយពី​ការស្លាប់​របស់​ប្រធាន​ពីមុនៗ​នោះ​ឡើយ ហើយ​ថា​តា​ត្រូវ​តែ​បន្ដ​វេន​ប្រធាន វូឌដ្រុព្វ » ។

« ‹ បន្ទាប់មក លោក​តា​បាន​ឈាន​មួយ​ជំហាន​មក​ក្បែរ ហើយ​បោះ​ដៃ​ខាងឆ្វេង​លោក​មក ហើយ​បាន​មាន​ប្រសាសន៍ ៖ « ទ្រង់​បាន​ឈរ​នៅ​ត្រង់​នេះ ប្រហែល​ជា​បី​ហ្វ៊ត​ពី​លើ​កម្រាល ។ វា​មើល​ទៅ​ដូចជា​ទ្រង់​បាន​ឈរ​នៅលើ​បន្ទះ​មាស​រឹង​មួយ ។

« ‹ លោក​តា​បាន​ប្រាប់​ខ្ញុំ​ពី​តួអង្គ​ដ៏​រុងរឿង​របស់​ព្រះអង្គ​សង្គ្រោះ និង​បាន​រៀបរាប់​ពី​ព្រះហស្ដ​របស់​ទ្រង់ ព្រះបាទ ព្រះភ័ក្ត្រ និង​អាវ​ដ៏​ស​ក្បុស​ស្រស់ស្អាត ដែល​អ្វី​ទាំងអស់​នេះ​គឺជា​សិរី​ល្អ​ដ៏​ស​ច្បាស់ និង​ភ្លឺចែងចាំង ដែល​លោក​ស្ទើរ​តែ​មិន​អាច​សំឡឹង​មើល​ទៅ​ទ្រង់​បាន ។

« ‹ បន្ទាប់មក [ លោកតា ] បាន​ឈាន​មួយ​ជំហាន​ទៀត​មក​កាន់តែ​ក្បែរ ហើយ​បាន​ដាក់​ដៃ​ស្ដាំ​របស់​លោក​លើ​ក្បាល​របស់​ខ្ញុំ ហើយ​បាន​មាន​ប្រសាសន៍ ៖ « ឥឡូវនេះ ចៅស្រី តា​ចង់​ឲ្យ​ចៅ​ចាំ​ថា នេះ​គឺជា​ទីបន្ទាល់​របស់​លោកតា​របស់​ឯង ថា​គាត់​បាន​ប្រាប់​ចៅ​ដោយ​បបូរមាត់​ផ្ទាល់​របស់​លោក ថា​លោក​ពិត​ជា​បាន​ឃើញ​ព្រះអង្គ​សង្គ្រោះ​មែន នៅ​ទីនេះ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នេះ ហើយ​បាន​និយាយ​ជាមួយ​នឹង​ទ្រង់​ទល់​មុខ​គ្នា › » [ Alice Pond, in LeRoi C. Snow, « An Experience of My Father’s » Improvement Era, ខែ កញ្ញា ឆ្នាំ ១៩៣៣ ទំព័រ ៦៧៧ ] » ( Teachings of Presidents of the Church: Lorenzo Snow [ ឆ្នាំ ២០១២ ], ទំព័រ ២៣៨–៣៩ ) ។

  • តើ​អ្នក​មាន​គំនិត​ដូចម្តេចខ្លះ នៅពេល​អ្នក​ស្ដាប់​ដំណើរ​រឿង​នេះ ?

សូម​ប្រាប់​សិស្ស​ថា គោលលទ្ធិ និង​សេចក្ដី​សញ្ញា រួមមាន​នូវ​ដំណើររឿង​ពីរ​នៃការ​លេចចេញ​មក​របស់​ព្រះអង្គ​សង្គ្រោះ​ដល់​មនុស្ស​នៅក្នុង​ថ្ងៃ​ចុងក្រោយ ៖ ការលេចមក​របស់​ទ្រង់​ម្ដង​នោះ​ដល់ យ៉ូសែប ស្ម៊ីធ និង​ស៊ីដនី រីហ្គដន នៅក្នុង​ទីក្រុង​ហៃរ៉ា រដ្ឋ អូហៃអូ ( សូមមើល គ និង ស ៧៦ ) ហើយ​ម្ដង​ទៀត​នោះ​ដល់ យ៉ូសែប ស្ម៊ីធ និង​អូលីវើរ ខៅឌើររី នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ( សូមមើល គ និង ស ១១០ ) ។ សូម​សរសេរ​សំណួរ​បី​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

តើ​ពួកលោក​បាន​ឃើញ​អ្វី ?  តើ​ពួកលោក​បាន​ឮ​អ្វី ?  តើ​ពួកលោក​បាន​រៀន​អ្វីខ្លះ?

សូមអញ្ជើញ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ ។ សូមប្រាប់ឲ្យ​សិស្ស​ពាក់កណ្ដាល​ថ្នាក់​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៧៦:១៩–​២៤ ហើយ​សុំ​ឲ្យ​សិស្ស​ផ្សេង​ទៀត​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១០:១–៤ ។ ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូមប្រាប់ឲ្យសិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ សូម​សរសេរ​អ្វី​ដែល​គេ​រកឃើញ​នៅលើ​ក្ដារខៀន នៅខាង​ក្រោម​សំណួរ​សមរម្យ​ទាំងឡាយ ។ បន្ទាប់មក សូម​សួរ ៖

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វី​ខ្លះ អំពី​ព្រះយេស៊ូវគ្រីស្ទ ? ( សិស្ស​អាច​រកឃើញ​នូវ​គោលលទ្ធិ​ផ្សេងៗគ្នា​រួមមាន​ដូចខាងក្រោម​នេះ ៖ ព្រះយេស៊ូវគ្រីស្ទ គឺជា​អង្គ​ដ៏​មានព្រះជន្ម​រស់ និង​ដ៏​រុងរឿង ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​របស់​យើង​គឺជា​តួអង្គ ដាច់ឡែក​ពី​គ្នា តាមរយៈ​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ និង​ការទទួល​យក​ដំណឹងល្អ​របស់​ទ្រង់ នោះ​យើង​អាច​ក្លាយជា​បុត្រាបុត្រី​បង្កើត​ចំពោះ​ព្រះ ហើយ​ព្រះយេស៊ូវគ្រីស្ទ គឺជា​អ្នក​គាំទ្រ​របស់​យើង​ជាមួយ​នឹង​ព្រះវរបិតា ) ។

សូមប្រាប់ឲ្យ​សិស្ស​មាន​ឱកាស​ចែកចាយ​ទីបន្ទាល់​របស់​គេ​អំពី​គោលលទ្ធិ​ទាំងនេះ ដោយ​ការសួរ​សំណួរ​ខាងក្រោម ៖

  • តើសេចក្ដីពិត​ទាំងនេះ​មួយ​ណា​ដែល​មាន​អត្ថន័យ​ខ្លាំង​ចំពោះ​អ្នក ? ហេតុអ្វី ?

សូម​ប្រាប់​សិស្ស​ថា អ្វី​ដែល​នៅសល់​នៅក្នុង​មេរៀន​នេះ នឹង​ផ្ដោតទៅលើ​គោលលទ្ធិ​ពីរ​ដែល​មាន​នៅក្នុង​វគ្គ​គម្ពីរ​ដែល​ពួកគេ​អាន ៖ « ព្រះយេស៊ូវគ្រីស្ទ គឺជា​អ្នកគាំទ្រ​របស់​យើង​ជាមួយ​នឹង​ព្រះវរបិតា » និង « តាមរយៈ​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ និង​ការទទួល​យក​ដំណឹងល្អ​របស់​ទ្រង់ នោះ​យើង​អាច​ក្លាយជា​បុត្រាបុត្រី​បង្កើត​ចំពោះ​ព្រះ » ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៥; ៣៨:៤; ៤៥:៣-៥; អាលម៉ា ៣៣:៣–១១

ព្រះយេស៊ូវគ្រីស្ទ គឺជា​អ្នកគាំទ្រ​របស់​យើង​ជាមួយ​នឹង​ព្រះវរបិតា

សូម​សរសេរ​ពាក្យ អ្នក​គាំទ្រ នៅលើ​ក្ដារខៀន ហើយ​សូម​សួរ​សិស្ស​ថា ​តើ​ពួកគេ ស្គាល់​ពី​អត្ថន័យ​នៃ​ពាក្យ​នេះ​ទេ ។ ( ប្រសិនបើ​ចាំបាច់ សូម​ផ្ដល់​និយមន័យ​ពាក្យ អ្នក​គាំទ្រ ដោយ​ការពន្យល់​ថា ពាក្យ​នោះ​សំដៅ​លើ​បុគ្គល​ម្នាក់​ដែល​និយាយ​គាំទ្រ ឬ​ទទូច​អង្វ​សម្រាប់​បុព្វហេតុ​របស់​នរណា​ម្នាក់​ផ្សេង​ទៀត ) ។ សូមប្រាប់ឲ្យ​​សិស្ស​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១០:៤ ដោយ​ស្ងាត់ស្ងៀម ។ បន្ទាប់មក សូម​សួរ ៖

  • តើ​ព្រះអង្គ​សង្គ្រោះ​បម្រើ​ជា​អ្នកគាំទ្រ​ដោយ​របៀប​ណា ? ( នៅពេល​សិស្ស​ចែកចាយ​ពី​គំនិត​របស់​ពួកគេ សូម​រកមើល​ឱកាស​ដើម្បី​ថ្លែងទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ គឺជា​អ្នកគាំទ្រ​របស់​យើង​ជាមួយ​នឹង​ព្រះវរបិតា ) ។

សូម​ចង្អុលបង្ហាញ​សំណួរ​ខាងក្រោម ឬ​សរសេរ​វា​នៅលើ​ក្ដារខៀន ៖

តើ​អ្វី​ដែល​ធ្វើឲ្យ​ព្រះយេស៊ូវគ្រីស្ទ​សម​ជា​អ្នកគាំទ្រ​របស់​យើង ?

តើ​ព្រះយេស៊ូវ​បាន​នាំ​យកមកដាក់នៅចំពោះព្រះសតិការរបស់​ព្រះវរបិតា​ ខណៈពេលពេល​ទ្រង់​អង្វរសុំ​ជំនួស​ឲ្យ​យើង​នោះ ?

សូម​អញ្ជើញឲ្យ​សិស្ស​ធ្វើ​ការ​ជា​ដៃគូ ហើយ​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ​នៅក្នុង ហេព្រើរ ៤:១៥; គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៩:៥; ៣៨:៤; និង ៤៥:៣–៥ ។ ក្រោយពី​សិស្សបាន​អាន​វគ្គ​គម្ពីរ និង​បាន​ពិភាក្សា​នូវ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្ដារខៀន​ហើយ សូមប្រាប់ឲ្យអ្នកស្មគ្រ័ចិត្ត​ពីរបី​នាក់​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជាមួយ​នឹងសិស្ស​ក្នុង​ថ្នាក់ ។

នៅពេល​សិស្ស​ពន្យល់​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន សូម​ធានា​ថា ពួកគេ​យល់​ពី​អ្វី​ខាងក្រោម​នេះ ៖ ព្រះយេស៊ូវគ្រីស្ទ សក្តិសម​ដើម្បី​អង្វរ​សុំ​ជំនួស​យើង​ចំពោះមុខ​ព្រះវរបិតា ដោយសារ​ទ្រង់​គឺ​សុចរិត​ឥតខ្ចោះ ហើយ​ដូច្នេះ​ទ្រង់​អាច​បំពេញ​តាម​តម្រូវការ​នៃ​សេចក្ដី​យុត្តិធម៌​សម្រាប់​អំពើបាប​របស់​យើង ។ ទ្រង់​សក្តិសម​នឹង​អង្វរសុំ​សម្រាប់​យើង ដោយសារតែ​គុណសម្បត្តិ​របស់​ទ្រង់ ជីវិត​ដ៏​ឥតខ្ចោះ​របស់​ទ្រង់ និង​ព្រះលោហិត​របស់​ទ្រង់ ដែល​ទ្រង់​បាន​បង្ហូរ​សម្រាប់​យើង ។ យើង​គ្មាន​គុណសម្បត្តិ​ដែល​អនុញ្ញត​ឲ្យ​យើង​អង្វរសុំ​សម្រាប់​ខ្លួន​យើង​ឡើយ ( សូមមើល អាលម៉ា ២២:១៤ ) ។

សូមប្រាប់ឲ្យ​​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៥:៣–៥ ឮៗ នៅពេល​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ។ សូម​ពន្យល់​ថា កិច្ចការ និង​សិរីល្អ​របស់​ព្រះវរបិតាសួគ៌ គឺជា​ភាពតម្កើង​នៃ​កូនចៅ​របស់​ទ្រង់ ។ ហេតុដូច្នេះហើយ នៅពេល​ព្រះយេស៊ូវ​គាំទ្រ​ដល់​អស់​អ្នក​ដែល​ជឿលើ​ទ្រង់ នោះ​ទ្រង់​ជួយ​សម្រេច​នូវ​កិច្ចការ​របស់​ព្រះវរបិតា ខណៈ​ប្រទាន​សិរីល្អ​ដល់​ព្រះវរបិតា​ផងដែរ ( សូមមើល ម៉ាថាយ ១០:៣២ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់ពី​កិច្ចការ​របស់​ព្រះយេស៊ូវគ្រីស្ទ ក្នុង​នាម​ជា​អ្នកគាំទ្រ​របស់​យើង សូមប្រាប់ឲ្យពួកគេ​អាន​ពាក្យសម្ដី​របស់​ស៊ីណូស​នៅក្នុង អាលម៉ា ៣៣:៣-១០ ។ សូមប្រាប់ឲ្យ​ពួកគេ​រកមើល​ឃ្លា​ដែល​ស៊ីណូស បាន​និយាយ​សារឡើងវិញ ( ការប្រើ​ពាក្យ​ផ្សេង​គ្នា​នៃ « ព្រះអង្គ​ប្រកប​ដោយ​សេចក្ដីមេត្តាករុណា » និង « ព្រះអង្គ​បាន​ឮ​ពាក្យ​អធិស្ឋាន​របស់​ទូល​បង្គំ » ) ។ បន្ទាប់មក សូម​សួរ ៖

  • តើ​ស៊ីណូស​បាន​រៀន​អ្វីខ្លះ អំពី​ព្រះ​តាមរយៈ​បទពិសោធន៍​របស់​លោក​ជាមួយ​នឹង​ការអធិស្ឋាន​ដ៏​ស្មោះត្រង់​នេះ ?

សូមប្រាប់ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា ៣៣:១១ ឮៗ ។ បន្ទាប់មក សូម​សួរ​សិស្ស​ ៖

  • តើ​ស៊ីណូស​បាន​ប្រគល់​កិត្តិយស្ត​ដល់​នរណា ចំពោះ​សេចក្ដី​មេត្តា​ករុណា​ដ៏​សុទ្ធា​របស់​ព្រះវរបិតាសួគ៌ ?

  • តើ​ហេតុអ្វី​បាន​ជា​ព្រះ ជា​ព្រះវរបិតាបង្វែរការជំនុំជំរះរបស់​ទ្រង់​ចេញពី​ពួកយើង ?

  • តើ​ការបង្រៀន​របស់​ស៊ីណូស​ជួយ​អ្នក​ឲ្យកាន់តែ​យល់ និងកាន់តែ​កោតសរសើរ​ដល់​តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​នាមជា​អ្នកគាំទ្រ​នៅក្នុង​ជីវិត​ផ្ទាល់​របស់​អ្នក​ដោយ​របៀប​ណា ?

សូម​ចង្អុលបង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ហើយ​សូមប្រាប់ឲ្យសិស្ស​ម្នាក់​អាន​វា​ឮៗ ៖

 អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« វា​មាន​សារៈសំខាន់​ដ៏ធំ​ដល់​ខ្ញុំ ថា​ខ្ញុំ​អាច​ទៅដល់​ព្រះបល្ល័ង្ក​នៃ​ព្រះគុណ​តាមរយៈ​ការអធិស្ឋាន​មិន​ថា​ពេល​ណា និង​នៅក្នុង​កាលៈទេសៈ​ណា​ទេ ថា​ព្រះវរបិតា​សួគ៌​របស់​ខ្ញុំ​នឹង​ឮ​ការទូលអង្វរ​របស់​ខ្ញុំ ថា​អ្នកគាំទ្រ​របស់​ខ្ញុំ គឺ​ទ្រង់​ដែលមិន​បាន​ធ្វើ​បាប​សោះ ដែល​ព្រះលោហិត​ត្រូវ​បង្ហូរ ដើម្បី​បុព្វហេតុ​របស់​ខ្ញុំ ។ ( សូមមើល គ និង ស ៤៥:៣–៥ ) » ។ ( « I Know in Whom I Have Trusted » Ensign, ខែ ឧសភា ឆ្នាំ ១៩៩៣ ទំព័រ ៨៣ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ពន្យល់​ជា​សម្ដី​របស់​ខ្លួន ពី​គោលការណ៍​ដែល​អែលឌើរ គ្រីស្តូហ្វឺសិន បាន​បង្រៀន ។ បន្ទាប់មក សូម​សួរ ៖

  • តើ​ការមាន​ទីបន្ទាល់​ផ្ទាល់ខ្លួន​មួយ​នៃ​ការបង្រៀន​នេះ អាច​ជួយ​ដល់​អ្នក​ក្នុងពេល​លំបាក​យ៉ាងដូចម្ដេច ?

ម៉ូសាយ ៥:៥–១៥

តាមរយៈ​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ និង​ការទទួល​យក​ដំណឹងល្អ​របស់​ទ្រង់ នោះ​យើង​ក្លាយជា​បុត្រាបុត្រី​បង្កើត​ចំពោះ​ព្រះ ។

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦:២៤ ឮៗ ហើយ​សូមប្រាប់ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ។ សូម​ចង្អុលបង្ហាញ​ពាក្យ « ដោយសារ​ព្រះអង្គ និង​តាមរយៈ​ព្រះអង្គ ហើយ​ពីព្រះ​អង្គ នោះ … [ យើង ] គឺជា​បុត្រាបុត្រី​បង្កើត​ចំពោះ​ព្រះ » ។

សូម​សួរ​សិស្ស ៖

សូម​ប្រាកដ​ថា​សិស្ស​យល់​ថា ទោះបីជា​ពួកយើង​ទាំងអស់​គ្នា គឺជា​កូនចៅ​របស់​ព្រះវរបិតា​សួគ៌​ខាង​វិញ្ញាណ​ក្ដី ក៏​ពាក្យ « បុត្រាបុត្រី​បង្កើត​ចំពោះ​ព្រះ » សំដៅ​ជា​ពិសេស​ទៅលើ​អស់​អ្នក​ទាំងឡាយ​ណា​ដែល « កើត​ម្ដង​ទៀត » ។ សូម​ប្រាប់​សិស្ស​ថា ព្រះគម្ពីរ​មរមន​បង្ហាញ​ពី​ដំណើរការ​នៃ​ការកើត​ម្ដង​ទៀត ។

សូម​ចង្អុលបង្ហាញ​តារាង​ខាងក្រោម ឬ​ចម្លង​វា​ដាក់​លើ​ក្ដារខៀន ( សូម​កុំ​បញ្ចូល​ពាក្យ​នៅក្នុង​វង់​ក្រចក ) ៖

តើ​ប្រជាជន​របស់​ស្ដេច​បេនយ៉ាមីន​មាន​ឆន្ទៈ​នឹង​ធ្វើ​អ្វីខ្លះ ?

តើ​អ្វី​ជា​លទ្ធផល​នៃ​សកម្មភាព​របស់​ពួកគេ ?

( ចូលទៅក្នុង​សេចក្ដីសញ្ញា​ដើម្បី​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ )

( លើកដាក់​មក​លើ​ខ្លួនគេ​នូវ​ព្រះនាម​នៃ​ព្រះគ្រីស្ទ )

( អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះគ្រីស្ទ )

( ដួងចិត្ត​របស់​គេ​បាន​ផ្លាស់ប្ដូរ )

( ពួកគេ​បាន​កើត​ពី​ព្រះគ្រីស្ទ )

( ព្រះគ្រីស្ទ​បាន​ក្លាយជា​ព្រះវរបិតា​នៃ​សេចក្ដីសញ្ញា​របស់​ពួកគេ )

សូម​សង្ខេប​ដោយ​ខ្លី​ពី​សារលិខិត​របស់​ស្ដេច​បេនយ៉ាមីន​នៅក្នុង ម៉ូសាយ ២–៤ ។ បន្ទាប់មក សូម​ពន្យល់​ថា បន្ទូល​របស់​ស្ដេច​បេនយ៉ាមីន បាន​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​មួយ​ទៅលើ​ប្រជាជន​របស់​ទ្រង់ ហើយ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​បាន​បណ្ដាល​ឲ្យ​មាន « ការផ្លាស់ប្ដូរ​យ៉ាង​ធំ » កើតឡើង​នៅក្នុង​ចិត្ត​របស់​ពួកគេ ( សូមមើល ម៉ូសាយ ៥:២ ) ។ សូម​អញ្ជើញឲ្យ​សិស្ស​សិក្សា ម៉ូសាយ ៥:២–៨, ១៥ ជា​ដៃគូ ដោយ​រកមើល​ចម្លើយ​ចំពោះ សំណួរ​នៅក្នុង​តារាង​នេះ ។ ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូមប្រាប់ឲ្យសិស្ស​ចែកចាយ​ពី​អ្វី​ដែល​ពួកគេបាន​រកឃើញ ។ បន្ទាប់មក សូម​សួរ ៖

  • យោងតាម​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ប្រជាជន​របស់​ស្ដេច​បេនយ៉ាមីន តើ​អ្នក​ក្លាយជា​បុត្រា ឬបុត្រី​នៃ​ព្រះគ្រីស្ទ​បង្កើត​ដោយ​របៀប​ណា ? ( សិស្ស​គួរ​បង្ហាញ​នូវ​គោលការណ៍​ខាងក្រោម​នេះ ៖ នៅពេល​យើង​ទទួល​យក​ព្រះយេស៊ូវគ្រីស្ទ និង​ធ្វើ និង​កាន់តាម​សេចក្ដី​សញ្ញា​ដើម្បី​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ នោះ​យើង​នឹង​ក្លាយជា​បុត្រាបុត្រី​បង្កើត​ចំពោះ​ព្រះគ្រីស្ទ ) ។

នៅពេល​សិស្ស​ពិភាក្សា​ពី​ខគម្ពីរ​ទាំងនេះ ពួកគេ​អាច​ត្រូវ​ការជំនួយ​ដើម្បី​យល់​ពី​គោលលទ្ធិ ថា​យើង​ក្លាយ​ជា​បុត្រ​នៃ​ព្រះគ្រីស្ទ ។ សូម​អាន​ឮៗ​ការបង្រៀន​ខាង​ក្រោម​ឮៗ​ដោយ​ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ ( ១៨៧៦–១៩៧២ ) ៖

ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ

« ព្រះអង្គ​សង្គ្រោះ​ក្លាយជា​ព្រះវរបិតា​របស់​យើង … ដោយសារ​ទ្រង់​បាន​ពលី​ព្រះជន្ម​សម្រាប់​យើង ព្រះជន្ម​ដ៏​នៅ​អស់កល្ប​ជានិច្ច តាមរយៈ​ដង្វាយធួន ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង ។ …

« … យើង​ក្លាយ​ជា​បុត្រ បុត្រា និង​បុត្រី​នៃ​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ​សេចក្ដីសញ្ញា​របស់​យើង​ដើម្បី​គោរព​តាម​ទ្រង់ » ( Doctrines of Salvation, comp. Bruce R. McConkie, វ៉ុលទី ៣ [ ១៩៥៤–១៩៥៦ ], ១:២៩ ) ។

  • យោងតាម ម៉ូសាយ ៥:១៥ តើ​ពរជ័យ​ណា​ខ្លះ ដែល​យើង​អាច​ទទួល​បាន​ក្នុងនាម​ជា​បុត្រា ឬ​បុត្រី​របស់​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​អ្នក​មាន​គំនិត និង​អារម្មណ៍​យ៉ាង​ណា​ដែរ អំពី​ការក្លាយ​ជា​បុត្រា ឬ​បុត្រី​របស់​ព្រះយេស៊ូវគ្រីស្ទ ?

នៅពេល​អ្នក​បញ្ចប់​មេរៀន​នេះ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​សញ្ជឹងគិត​ពី​របៀប​ដែល​ជីវិត​របស់​ពួកគេ​ត្រូវបាន​ប្រទានពរ​ដោយការ​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​មាន​ព្រះជន្ម​នៅរស់ ថា​ទ្រង់​បម្រើ​ជា​អ្នកគាំទ្រ​របស់​យើង​ជាមួយ​នឹង​ព្រះវរបិតា ហើយ​ថា​យើង​អាច​ក្លាយជា​បុត្រា ឬ​បុត្រី​នៃ​សេចក្ដី​សញ្ញា​នៃ​ព្រះគ្រីស្ទ ។

ការអាន​របស់​សិស្ស