មេរៀនទី ២២
ព្រះបិតា និង ព្រះរាជបុត្រាបានបង្ហាញអង្គទ្រង់ដល់ យ៉ូសែប ស្ម៊ីធ
សេចក្ដីផ្ដើម
« ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » ប្រកាស ៖ « នៅក្នុងពិភពលោកជំនាន់ថ្មី [ ព្រះយេស៊ូវគ្រីស្ទ ] និងព្រះវរបិតារបស់ទ្រង់បានបង្ហាញព្រះកាយទ្រង់ឲ្យក្មេងប្រុសម្នាក់ឈ្មោះ យ៉ូសែប ស្ម៊ីធ ឃើញដើម្បីអញ្ជើញនូវ « ការកាន់កាប់ត្រួតត្រានៃពេលពេញកំណត់ » ដែលបានសន្យាទុកជាយូរយារមកហើយ » ( អេភេសូ ១:១០ ) » ( Ensign ឬLiahona, ខែ មេសា ឆ្នាំ ២០០០ ទំព័រ ៣ ) ។ មេរៀននេះនឹងផ្ដោតទៅលើតួនាទីជាស្នូលនៃការនិមិត្តដំបូងនៅក្នុងគោលលទ្ធិនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងលើផ្នែករបស់ព្រះអង្គសង្គ្រោះនៅក្នុងការនិមិត្តនោះ ។ មេរៀននេះក៏នឹងបញ្ជាក់ថា ការសិក្សាអំពីការនិមិត្តដំបូងនឹងពង្រឹងដល់សេចក្ដី ជំនឿរបស់យើងទៅលើព្រះ ជាព្រះវរបិតា និងទៅលើព្រះយេស៊ូវគ្រីស្ទ ។
ការអានពីសាវតា
-
ហ្គរដុន ប៊ី ហ៊ិងគ្លី « The Marvelous Foundation of Our Faith » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០២ ទំព័រ ៧៨–៨១ ។
-
ឌៀថើរ អេស្វ អុជដូហ្វ « The Fruits of the First Vision »Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ៣៦–៣៨ ។
-
នែល អិល អាន់ឌើរសិន « Joseph Smith »Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២៨–៣១ ។
យោបល់សម្រាប់ការបង្រៀន
យ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១:១៤–១៧
យ៉ូសែប ស្ម៊ីធ បានឃើញព្រះ ជាព្រះវរបិតា និងព្រះរាជបុត្រា ព្រះយេស៊ូវគ្រីស្ទ
សូមបង្កើតបរិបទនៃមេរៀននេះដោយរំឭកត្រួសៗពី យ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១:៥–១២ ។ បន្ទាប់មក សូមប្រាប់ឲ្យសិស្សប្រៀបធៀបវគ្គនេះទៅនឹងជំនាន់របស់យើង ដោយចង្អុលបង្ហាញពីភាពស្រដៀងគ្នារវាងបទពិសោធន៍របស់ យ៉ូសែប ស្ម៊ីធ ក្នុងការស្រាវជ្រាវរកសេចក្ដីពិត និងបទពិសោធន៍របស់អ្នកដែលស្រាវជ្រាវរកសេចក្ដីពិតនៅក្នុងជំនាន់របស់យើង ។ ( ចម្លើយអាចរួមមានដូចខាងក្រោមនេះ ៖ មានការទាស់ទែងគ្នាជាច្រើននៅក្នុងចំណោមសាសនាចក្រជាច្រើន ។ យ៉ូសែប ស្ម៊ីធ មិនអាចដឹងថា សាសនាចក្រមួយណាពិតដោយផ្អែកលើតក្កវិជ្ជា ឬប្រាជ្ញានោះទេ ។ អ្នកដឹកនាំសាសនាជាច្រើនបានបកប្រែក្នុងន័យខុសគ្នា ក្នុងវគ្គដូចគ្នានៃព្រះគម្ពីរ ) ។
សូមប្រាប់ឲ្យសិស្សម្នាក់អានយ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១:១៤–១៥ ឲ្យឮៗ ។ បន្ទាប់មក សូមសួរសិស្ស ៖
-
តើអ្នកគិតថា ហេតុអ្វីបានជាសាតាំងបានព្យាយាមរារាំង យ៉ូសែប ស្ម៊ីធ មិនឲ្យអធិស្ឋាន ? ( ចម្លើយអាចរួមមានដូចខាងក្រោម ៖ សាតាំងបានស្គាល់ យ៉ូសែប ស្ម៊ីធ ពីមុនពិភពលោកនេះ និងបានដឹងថា បេសកកម្មដែលត្រូវបានតែងតាំងពីមុនកំណើតលោកិយរបស់យ៉ូសែប ស្ម៊ីធ គឺដើម្បីស្ដារឡើងវិញនូវសេចក្ដីពិតដល់ផែនដីនេះ ។ សាតាំងបានព្យាយាមរារាំងការណ៍នេះមិនឲ្យកើតឡើងនោះទេ ) ។
សូមអញ្ជើញសិស្សឲ្យអានយ៉ូសែប ស៊្មីធ – ប្រវត្តិ ១:១៦–១៧ ដោយស្ងាត់ស្ងៀម ហើយសរសេរនូវគោលលទ្ធិដែលផុសចេញពីទីបន្ទាល់របស់ យ៉ូសែប ស្ម៊ីធ ។ ក្រោយពីទុកពេលគ្រប់គ្រាន់ហើយ សូមប្រាប់ឲ្យសិស្សចែកចាយគោលលទ្ធិដែលពួកគេបានរកឃើញ ។
សូមគិតពីការអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ គ្រីស្ទូហ្វិល ហ្គូលឌិន នៃក្រុមចិតសិបនាក់ ៖
« ព្យាការីបានសរសេរ ៖ ‹ ខ្ញុំបានឃើញតួអង្គពីរ ដែលមានរស្មី និងសិរីរុងរឿងដែលពុំអាចពិពណ៌នាបានឡើយ ឈរនៅលើអាកាសពីលើរូបខ្ញុំ ។ តួអង្គមួយមានព្រះបន្ទូលមកខ្ញុំ ដោយហៅខ្ញុំតាមឈ្មោះ ហើយចង្អុលទៅតួអង្គមួយទៀតដោយមានព្រះបន្ទូលថា — នេះជាព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់យើង ។ ចូរស្ដាប់តាមទ្រង់ចុះ ! › [យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១ :១៧ ] ។
« បទពិសោធន៍ដោយក្មេងប្រុស យ៉ូសែប នេះ ដែលបានបន្ដដោយការនិមិត្តផ្សេងទៀត និងវិវរណៈជាច្រើន ចង្អុលបង្ហាញថា ព្រះពិតជាមានព្រះជន្មរស់នៅ ព្រះវរបិតា និងព្រះរាជបុត្រា ព្រះយេស៊ូវគ្រីស្ទ គឺជាតួអង្គពីរដាច់ដោយឡែកពីគ្នា មនុស្សត្រូវបានបង្កើតឡើងតាមព្រះកាយរបស់ព្រះ ព្រះវរបិតាសួគ៌របស់យើងគឺពិតជាព្រះវរបិតាចំពោះព្រះយេស៊ូវគ្រីស្ទ ព្រះបន្ដបង្ហាញអង្គទ្រង់ដល់មនុស្សលោក ព្រះនៅជិតយើងជានិច្ច ហើយចាប់ព្រះទ័យពីយើង ហើយទ្រង់ឆ្លើយតបនឹងការអធិស្ឋានរបស់យើង » ( « The Father and the Son » Ensign ឬ Liahona, ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ១០០ ) ។
-
តើអ្នកនឹងរៀបរាប់ពីសារៈសំខាន់នៃការនិមិត្តលើកដំបូងរបស់យ៉ូសែប ស្ម៊ីធ នៅក្នុងទ្រឹស្ដីរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយដោយរបៀបណា ? ( នៅពេលសិស្សឆ្លើយ សូមបញ្ជាក់ដូចខាងក្រោមនេះ ៖ ការនិមិត្តរបស់យ៉ូសែប ស្ម៊ីធ អំពីព្រះវរបិតា និងព្រះរាជបុត្រាបានស្ដារឡើងវិញនូវសេចក្ដីពិតដ៏សំខាន់ជាច្រើនមកកាន់ផែនដី ) ។
-
តើអ្នកនឹងរៀបរាប់ពីការទាក់ទងនៃការនិមិត្តលើកដំបូងរបស់យ៉ូសែប ស្ម៊ីធ ទៅដល់អ្នកស្វែងរកសេចក្ដីពិតនាជំនាន់នេះដោយរបៀបណា ?
សូមចង្អុលបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ១៩១០–២០០៨ ) ហើយសូមប្រាប់ឲ្យសិស្សម្នាក់អានវាឮៗ ៖
« ករណីទាំងស្រុងរបស់យើងក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ស្ថិតត្រង់សុពលភាពនៃការនិមិត្តលើកដំបូងដ៏រុងរឿងនេះ ។ … គ្មានអ្វីដែលយើងផ្អែកគោលលទ្ធិរបស់យើងទៅលើ គ្មានអ្វីដែលយើងបង្រៀន គ្មានអ្វីដែលយងរស់នៅតាម ដែលមានសារៈសំខាន់ខ្លាំងជាងការប្រកាសដំបូងនេះទេ ។ ខ្ញុំយល់ស្រប បើយ៉ូសែប ស្ម៊ីធ បាននិយាយនឹងព្រះ ជាព្រះវរបិតា និងព្រះរាជបុត្រាសំណប់របស់ទ្រង់ នោះរាល់អ្វីផ្សេងទៀត ដែលលោកបានថ្លែងគឺជាការពិត ។ នេះគឺជាត្រចៀកទ្វាដែលបើកច្រក នាំទៅកាន់ផ្លូវនៃសេចក្ដីសង្គ្រោះ និងជីវិតដ៏នៅអស់កល្បជានិច្ច » («What Are People Asking about Us?»Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៧១ ) ។
-
ហេតុអ្វីបានជា « ករណីទាំងស្រុងរបស់យើងក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » ស្ថិតត្រង់សុពលភាពនៃការនិមិត្តដំបូង ? ( សិស្សត្រូវតែយល់ថា ប្រសិនបើដំណើររឿងរបស់ យ៉ូសែប ស្ម៊ីធ គឺជាដំណើររឿងក្លែងក្លាយនោះ ការស្ដារឡើងវិញនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទមិនបានកើតឡើងនោះទេ ទោះជាយ៉ាងណាក្តី ប្រសិនបើដំណើររឿងរបស់ យ៉ូសែប ស្ម៊ីធ គឺពិត នោះការស្ដារឡើងវិញពិតជាបានកើតឡើង ហើយដំណឹងល្អដែលបានស្ដារឡើងវិញគឺពិត ) ។
-
តើអ្នកទទួលបានទីបន្ទាល់មួយអំពីភាពពិតពេញលេញនៃការនិមិត្តដំបូងដោយរបៀបណា ?
សូមប្រាប់ឲ្យសិស្សចាប់ផ្ដើមគិតអំពីអ្វីដែលពួកគេអាចធ្វើ ដើម្បីស្វែងរកការបញ្ជាក់ជាថ្មីនៃភាពពិតពេញលេញនៃការនិមិត្តដំបូងនោះ ។ សូមពិចារណាពីការចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ នែល អិល អាន់ឌើរសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ចំពោះយុវវ័យដែលស្ដាប់នៅថ្ងៃនេះ ឬអានពាក្យទាំងនេះនៅក្នុងថ្ងៃខាងមុខនេះ ខ្ញុំសូមផ្ដល់ការតាំងចិត្តជាក់លាក់មួយ ៖ ទទួលបានសាក្សីផ្ទាល់ខ្លួនអំពីព្យាការី យ៉ូសែប ស្ម៊ីធ ។ … សូមអានទីបន្ទាល់របស់ព្យាការី យ៉ូសែប ស្ម៊ីធ នៅក្នុងគម្ពីរមុក្ដាដ៏មានតម្លៃមហិមា ។ … នេះគឺជាទីបន្ទាល់របស់យ៉ូសែប ផ្ទាល់អំពីអ្វីដែលពិតជាបានកើតឡើង ។ សូមអានវាជារឿយៗ ។ សូមពិចារណាពីការថតទីបន្ទាល់របស់ យ៉ូសែប ស្ម៊ីធ ជាសំឡេងរបស់អ្នកផ្ទាល់ ស្ដាប់វាជាទៀងទាត់ ហើយចែកចាយវាដល់មិត្តភក្ដិ ។ ការស្ដាប់ទីបន្ទាល់របស់ព្យាការីជាសំឡេងរបស់អ្នកផ្ទាល់ នឹងនាំមកនូវសាក្សីដល់អ្នកដែលស្វែងរក » ( « Joseph Smith » Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៣០ ) ។
មុនពេលបន្ដទៅមុខទៀត សូមពន្យល់ដល់សិស្សថា ការនិមិត្តដំបូងមិនមែនគ្រាន់តែជាពេលដែលព្រះអង្គសង្គ្រោះបានយាងទៅជួប យ៉ូសែប ស្ម៊ីធ និងអ្នកដទៃនៅក្នុងសម័យកាន់កាប់ត្រួតត្រានេះនោះទេ ។ ឧទាហរណ៍ ព្រះយេស៊ូគ្រីស្ទ បានយាងមកឯ យ៉ូសែប ស្ម៊ីធ និងអ្នកដឹកនាំសាសនាចក្រផ្សេងទៀតជាច្រើនដង អំឡុងពេលជំនាន់ដំបូងនៃការស្ដារឡើងវិញ ( ឧទាហរណ៍ សូមមើល គ និង ស ៧៦:២២–២៤; ១១០:១–១០ ) ។
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧–២០
នេះជាព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់យើង ។ ចូរស្ដាប់តាមទ្រង់ចុះ ! »
សូមអញ្ជើញសិស្សឲ្យរំឭកក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧ ហើយសួរពួកគេពីអ្វី ដែលព្រះវរបិតាសួគ៌បានធ្វើ នៅពេលទ្រង់បានលេចមកឯ យ៉ូសែបស្ម៊ីធ ។ ( ទ្រង់បានណែនាំព្រះរាជបុត្រារបស់ទ្រង់ ) ។ អ្នកក៏អាចសួរសិស្សថា តើពួកគេធ្លាប់បានគិតពីមូលហេតុដែលផ្នែកដ៏ជាក់លាក់នៃការនិមិត្តដំបូងនេះ សំខាន់ប៉ុណ្ណាទេ ។ បន្ទាប់មក សូមអានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដល់សិស្សរបស់អ្នកដោយប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ ( ១៨៧៦–១៩៧២ ) ៖
« វិវរណៈទាំងអស់ តាំងពីការធ្លាក់បានសម្រេចតាមរយៈព្រះយេស៊ូវគ្រីស្ទ ។ … ព្រះវរបិតាមិនបានដែលទាក់ទងនឹងមនុស្សលោកដោយផ្ទាល់នោះទេ តាំងពីការធ្លាក់មក ហើយទ្រង់មិនដែលបានលេចមកទេ លើកលែងតែដើម្បីបង្ហាញ និងថ្លែងកំណត់ត្រាអំពីព្រះរាជបុត្រា » ( Doctrines of Salvation, comp. Bruce R. McConkie, វ៉ុលទី ៣ [ ១៩៥៤–៥៦ ], ១:២៧ ) ។
« នៅពេលអ័ដាមនៅក្នុងសួនអេដែន លោកបាននៅក្នុងវត្តមានរបស់ព្រះ ជាព្រះវរបិតាដ៏អស់កល្បរបស់យើង ។ ក្រោយពីការធ្លាក់របស់លោកហើយ លោកត្រូវបានបណ្ដេញចេញពីក្នុងវត្តមាននៃព្រះអម្ចាស់ ។ … បន្ទាប់មក យោងតាមព្រះគម្ពីរ ព្រះយេស៊ូវគ្រីស្ទ បានក្លាយជាព្រះដ៏គាំទ្រដល់អ័ដាម និងកូនចៅរបស់លោក [ សូមមើល យ៉ូហានទី ១ ២:១; គ និង ស ២៩:៥; ១១០:៤ ], ហើយក៏ជាអ្នកសម្របសម្រួលរបស់ពួកគេ [ ធីម៉ូថេទី ១ ២:៥; ហេព្រើរ ៩:១៥ ] ដោយឈររវាងមនុស្សលោក និងព្រះវរបិតាដ៏អស់កល្ប ដោយអង្វរសុំដើម្បីបុព្វហេតុរបស់យើង ។ ចាប់តាំងពីពេលនោះមក មានតែព្រះយេស៊ូវគ្រីស្ទទេ ដែលបានដឹកនាំអ្នកបម្រើរបស់ទ្រង់នៅលើផែនដីនេះ ហើយបានប្រទានវិវរណៈ និងការដឹកនាំដល់ពួកព្យាការី ។ ប្រសិនបើ យ៉ូសែប ស្ម៊ីធ គឺជាអ្នក បោក បញ្ឆោត … នោះលោកនឹងមិនដែលបាននិយាយថា វាគឺជាព្រះវរបិតាដែលបានណែនាំព្រះរាជបុត្រា ហើយបានសុំឲ្យគាត់លើកសំណួរឡើងដល់ព្រះរាជបុត្រា ហើយថាមានតែបុត្រាប៉ុណ្ណោះដែលបានប្រទានចម្លើយ » ( Answers to Gospel Questions, comp. Joseph Fielding Smith Jr., 5 vols. [ ឆ្នាំ ១៩៥៧–៦៦ ], ៣:៥៨ ) ។
-
នៅក្នុងការនិមិត្តដំបូង នៅពេលដែលយ៉ូសែប ស្ម៊ីធ បានសួរថាតើសាសនាចក្រមួយណាត្រឹមត្រូវ តើតួអង្គមួយណាបានឆ្លើយនឹងសំណួររបស់លោក ?
-
យោងតាមប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ ហេតុអ្វីបានជាវាសំខាន់សម្រាប់ យ៉ូសែប ស៊្មីធ ដើម្បីកត់ត្រាថា ព្រះវរបិតាសួគ៌បានណែនាំព្រះយេស៊ូវគ្រីស្ទ ហើយថាមានតែព្រះយេស៊ូវគ្រីស្ទទេ ដែលបានឆ្លើយតបនឹងសំណួររបស់យ៉ូសែប នាពេលនោះ ? ( សិស្សគួរយល់ពីសេចក្ដីពិតដូចខាងក្រោមនេះ ៖ តាំងពីការធ្លាក់របស់អ័ដាម និងអេវ៉ាមក វិវរណៈទាំងអស់បានមកតាមរយៈព្រះយេស៊ូវគ្រីស្ទ ) ។
-
តើការយល់ពីគំរូនៃវិវរណៈនេះមានឥទ្ធិពលយ៉ាងណាដែរ ដល់ទំនុកចិត្តរបស់អ្នកទៅលើសេចក្ដីពិតពេញលេញនៃដំណើររឿងរបស់ព្យាការីនៃការនិមិត្តរបស់លោកនោះ ?
ការនិមិត្តដំបូងជួយយើងឲ្យអភិវឌ្ឍសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ
សូមប្រាប់ឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះឮៗដោយប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃគណៈប្រធានទីមួយ ៖
« នេះគឺជារបៀបដែលការនិមិត្តដំបូងរបស់យ៉ូសែប ស្ម៊ីធ ប្រទានពរដល់ជីវិតផ្ទាល់ខ្លួនរបស់យើង ជីវិតនៃគ្រួសារទាំងឡាយ និងទីបំផុតគ្រួសារមនុស្សលោកទាំងមូល — យើងជឿលើព្រះយេស៊ូវគ្រីស្ទ តាមរយៈទីបន្ទាល់របស់ព្យាការី យ៉ូសែប ស្ម៊ីធ ។ ព្យាការី និងពួកសាវកទាំងឡាយទូទាំងប្រវត្តិសាស្ដ្រមនុស្សលោកបានបញ្ចេញនូវការសម្ដែងដ៏ទេវភាពដែលស្រដៀងទៅអ្វីដែលយ៉ូសែប ស្ម៊ីធធ្វើដែរ …
« … ការសម្ដែងទាំងអស់នេះ កាលពីបុរាណ និងសម័យទំនើបនេះក្ដី ដឹកនាំអស់អ្នកដែលជឿលើប្រភពទេវភាពនៃសេចក្ដីសុចរិត និងសេចក្ដីសង្ឃឹមទាំងឡាយ — ចំពោះព្រះ ជាព្រះវរបិតាសួគ៌របស់យើង និងចំពោះព្រះរាជបុត្រា ជាព្រះយេស៊ូវគ្រីស្ទ ។ …
« តាមរយៈសេចក្ដីជំនឿរបស់យើងទៅលើសាក្សីផ្ទាល់ខ្លួនរបស់ព្យាការី យ៉ូសែប និងភាពពិតនៃការនិមិត្តដំបូង តាមរយៈការសិក្សា និងការអធិស្ឋាន ដោយជ្រាលជ្រៅ និងស្មោះអស់ពីចិត្ត នោះយើងនឹងត្រូវបានប្រទានពរឲ្យមានសេចក្ដីជំនឿដ៏រឹងមាំទៅលើព្រះអង្គសង្គ្រោះនៃពិភពលោកនេះ ដែលបានមានបន្ទូលទៅកាន់យ៉ូសែប ‹ នាព្រឹកដ៏ស្រស់មួយ មេឃបើកថ្ងៃ ព្រលឹមនារដូវកាលផ្ការីកនៅឆ្នាំមួយពាន់ប្រាំបីរយម្ភៃ › ( យ៉ូសែប ស្ម៊ីធ —ប្រវត្តិ ១:១៤ ) » ( « The Fruits of the First Vision » Ensign ឬ Liahona, ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ៣៨ ) ។
-
យោងតាមប្រធាន អុជដូហ្វ តើពរជ័យអ្វីខ្លះដែលបានមកពីការរៀនអំពីការនិមិត្តដំបូងនោះ ? ( ទោះបីជាសិស្សអាចប្រើពាក្យខុសគ្នាក្ដី ពួកគេគួររកឃើញនូវគោលការណ៍ដូចខាងក្រោមនេះ ៖ នៅពេលយើងសិក្សាអំពីការនិមិត្តដំបូង នោះយើងនឹងអភិវឌ្ឍសេចក្ដីជំនឿរបស់យើងកាន់តែខ្លាំងទៅលើព្រះ ជាព្រះវរបិតា និងព្រះរាជបុត្រា ព្រះយេស៊ូវគ្រីស្ទ ) ។
-
តើការរៀនអំពីការយាងមករបស់ព្រះវរបិតា និងព្រះរាជបុត្រាទៅជួបនឹងយ៉ូសែប ស្ម៊ីធ ធ្វើឲ្យសេចក្ដីជំនឿរបស់យើងស៊ីជម្រៅទៅលើទ្រង់ទាំងពីរអង្គដោយរបៀបណា ? ( ចម្លើយអាចរួមមានដូចខាងក្រោម ៖ ទស្សនៈនិមិត្តដំបូង គឺជាសាក្សីមួយផ្សេងទៀតថា ទ្រង់ទាំងពីរអង្គមានព្រះជន្មរស់ វាបញ្ជាក់ជាថ្មីដល់យើងថា ពួកទ្រង់ចាប់អារម្មណ៍នឹងកិច្ចការរបស់មនុស្ស វាគឺជាភស្ដុតាងថា ពួកទ្រង់ឮ និងឆ្លើយតបនឹងការអធិស្ឋានទាំងឡាយ ) ។
-
តើការនិមិត្តដំបូងមានតួនាទីអ្វីខ្លះនៅក្នុងទីបន្ទាល់របស់អ្នកអំពីការស្ដារឡើងវិញ ?
-
តើអ្នកអាចធ្វើអ្វីខ្លះនៅក្នុងសប្ដាហ៍ក្រោយដើម្បីពង្រឹង ឬទទួលបានការបញ្ជាក់អំពីទីបន្ទាល់របស់អ្នកនៃការនិមិត្តដំបូង ?
សូមអញ្ជើញសិស្សឲ្យចំណាយពេលខ្លះនៅក្នុងថ្ងៃបន្ទាប់ ដោយសញ្ជឹងគិត និងអធិស្ឋានអំពីការនិមិត្តដំបូង ។ សូមអញ្ជើញឲ្យពួកគេសរសេរនូវគំនិត និងអារម្មណ៍ដែលពួកគេមានអំពីបទពិសោធន៍ដ៏ពិសិដ្ឋរបស់យ៉ូសែប ស្ម៊ីធ ។
ការអានរបស់សិស្ស
-
ឌៀថើរ អេស្វ អុជដូហ្វ « The Fruits of the First Vision »Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ៣៦–៣៨ ។