មេរៀនទី ២៧
ព្រះយេស៊ូវគ្រីស្ទ គឺជាពន្លឺ ជីវិត និងសេចក្ដីសង្ឃឹមនៃពិភពលោក
សេចក្ដីផ្ដើម
ព្រះយេស៊ូវគ្រីស្ទ « គឺជាពន្លឺ ជាជីវិត ហើយជាសេចក្ដីសង្ឃឹមនៃពិភពលោក » ( « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » Ensign ឬ លីអាហូណាខែ មេសា ឆ្នាំ ២០០០ ទំព័រ ៣ ) ។ មេរៀននេះនឹងជួយសិស្សឲ្យយល់ថា នៅពេលពួកគេមកកាន់ព្រះគ្រីស្ទ នោះពួកគេនឹងទទួលបានសេចក្ដីសង្ឃឹម ដែលកើនឡើងសម្រាប់ជីវិតដ៏អស់កល្បជានិច្ច ហើយពួកគេនឹងមានការប្ដេជ្ញាចិត្តកាន់តែខ្លាំងដើម្បីតស៊ូនឹងឧបសគ្គនៃជីវិត ។
ការអានពីសាវតា
-
ឌៀថើរ អេស្វ អុជដូហ្វ « The Hope of God’s Light »Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៧០, ៧៥–៧៧ ។
-
ឌៀថើរ អេស្វ អុជដូហ្វ « The Infinite Power of Hope » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២១–២៤ ។
យោបល់សម្រាប់ការបង្រៀន
យ៉ូហាន ១:១–៩; គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:៦–១៣
ព្រះយេស៊ូវគ្រីស្ទ គឺជាពន្លឺនៃពិភពលោក
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមឮៗដោយប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃគណៈប្រធានទីមួយ ។ សូមអញ្ជើញឲ្យសិស្សក្នុងថ្នាក់ស្ដាប់ដើម្បីស្វែងរកកាលៈទេសៈដែលអាចបណ្ដាលឲ្យបុគ្គលម្នាក់មានអារម្មណ៍ថា ពួកគេដូចជាត្រូវបានហ៊ុំព័ទ្ធដោយភាពងងឹត ៖
« ខ្ញុំមានគំនូរជាទីគាប់ចិត្តមួយនៅក្នុងការិយាល័យរបស់ខ្ញុំ ដែលមានចំណងជើងថា ការចូលទៅរកពន្លឺ ។ មិត្តភក្ដិខ្ញុំម្នាក់បានគូរវាឲ្យខ្ញុំ ជាវិចិត្រករជនជាតិដាណឺម៉ាក ឈ្មោះ ចូហាន ប៊ែនស៊ីន ដែលជាប្រធានស្ដេកទីមួយនៅក្នុងទីក្រុងខូផេនហាហ្គិន ប្រទេសដាណឺម៉ាក ។
« គំនូរនេះចង្អុលបង្ហាញនូវបន្ទប់ងងឹតមួយដោយមានទ្វារមួយបើក ដែលមានពន្លឺចេញពីនោះមក ។ វាគួរឲ្យចាប់អារម្មណ៍ចំពោះខ្ញុំណាស់ ដែលពន្លឺនោះចេញមកពីទ្វារ មិនបានធ្វើឲ្យបន្ទប់ទាំងមូលភ្លឺនោះទេ — មានតែកន្លែងនៅក្បែរខាងមុខទ្វារនោះបន្ដិចប៉ុណ្ណោះ ។
« ចំពោះខ្ញុំ ភាពងងឹត និងពន្លឺនៅក្នុងគំនូរនេះ គឺជាការប្រៀបធៀបមួយនៃជីវិត ។ វាគឺជាផ្នែកមួយនៃលក្ខខណ្ឌរបស់យើងជាជីវិតរមែងស្លាប់ ដែលពេលខ្លះត្រូវមានអារម្មណ៍ហាក់ដូចជាយើងត្រូវបានហ៊ុំព័ទ្ធដោយភាពងងឹត ។ យើងអាចត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ម្នាក់ កូនក្មេងម្នាក់អាចវង្វេងផ្លូវ យើងអាចទទួលបានរោគវិនិច្ឆ័យវេជ្ជសាស្ដ្រដែលបង្កបង្កើតជាបញ្ហាមួយ យើងអាចមានឧបសគ្គរឿងការងារ និងរងបន្ទុកដោយការសង្ស័យ ឬសេចក្ដីភិតភ័យ ឬយើងអាចមានអារម្មណ៍ឯកោ ឬមិនត្រូវបានគេស្រឡាញ់ ។
« ថ្វីបើយើងប្រហែលជាមានអារម្មណ៍ថាវង្វេងនៅក្នុងការឡោមព័ទ្ធនៃកាលៈទេសៈបច្ចុប្បន្នរបស់យើងក្ដី ក៏ព្រះទ្រង់សន្យាពីសេចក្ដីសង្ឃឹមនៃពន្លឺរបស់ទ្រង់—ទ្រង់សន្យាថានឹងបំភ្លឺផ្លូវពីមុខយើង ហើយចង្អុលបង្ហាញផ្លូវយើងចេញពីសេចក្ដីងងឹត » ( « សេចក្ដីសង្ឃឹមចំពោះពន្លឺរបស់ព្រះ » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៧០ ) ។
-
តើមានកាលៈទេសៈណាខ្លះ ដែលអាចបណ្ដាលឲ្យបុគ្គលម្នាក់មានអារម្មណ៍ថា ពួកគេដូចជាត្រូវបានហ៊ុំព័ទ្ធដោយភាពងងឹត ?
-
តើប្រធានអុហ្វដុហ្វ មានប្រសាសន៍ថាយើងអាចធ្វើអ្វីខ្លះ នៅពេលយើងមានអារម្មណ៍របៀបនេះ ?
ក្រោយពីសិស្សឆ្លើយហើយ សូមពន្យល់ថា មេរៀននេះនឹងផ្ដោតលើរបៀបដែលយើងអាចទទួលបានពន្លឺ និងសេចក្ដីសង្ឃឹមពីព្រះ មិនថាយើងនៅក្នុងកាលៈទេសៈបែបណានោះទេ ។
សូមអញ្ជើញឲ្យសិស្សម្នាក់អានយ៉ូហាន ១:១–៥ ឮៗ ។ សូមអញ្ជើញឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ដោយរកមើលពាក្យ ឬឃ្លាដែលយ៉ូហានប្រើដើម្បីពិពណ៌នាអំពីព្រះអង្គសង្គ្រោះ ។ នៅពេលសិស្សបានរាយការណ៍នូវអ្វីដែលពួកគេបានរកឃើញហើយ សូមសរសេរគោលលទ្ធិដូចខាងក្រោមនៅលើក្ដារខៀន ៖ព្រះយេស៊ូវគ្រីស្ទគឺជាពន្លឺនៃពិភពលោក ។
ដើម្បីជួយសិស្សឲ្យពង្រីកការយល់ដឹងរបស់ពួកគេអំពីគោលលទ្ធិនេះ សូមប្រាប់ឲ្យពួកគេអាន យ៉ូហាន ១:៦–៩ ដោយស្ងៀមស្ងាត់ ។ បន្ទាប់មក សូមសួរ ៖
-
តើខទាំងនេះបង្រៀនអ្វីខ្លះអំពីតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ ក្នុងនាមជាពន្លឺនៃពិភពលោក ?
-
តើលេខយោងសម្រាប់ ខ ៩ ជួយអ្នកឲ្យយល់ពីរបៀបដែលព្រះយេស៊ូវអាចក្លាយជាពន្លឺនៃពិភពលោកដល់បុគ្គលទាំងឡាយដោយរបៀបណា ?
សូមប្រាប់សិស្សថា នៅក្នុងព្រះគម្ពីរពន្លឺ « ដែលបំភ្លឺដល់មនុស្សទាំងអស់ » ( យ៉ូហាន ១:៩ ) ឬពន្លឺនៃព្រះគ្រីស្ទ « ពេលខ្លះត្រូវបានហៅថាជាវិញ្ញាណនៃព្រះអម្ចាស់ ព្រះវិញ្ញាណនៃព្រះ វិញ្ញាណនៃព្រះគ្រីស្ទ ឬពន្លឺនៃជីវិត » ( ពិតចំពោះសេចក្ដីជំនឿ ៖ សេចក្ដីយោងនៃដំណឹងល្អ [ ឆ្នាំ ២០០៤ ] ទំព័រ ៩៦ ) ។ ពន្លឺនៃព្រះគ្រីស្ទត្រូវបានរៀបរាប់នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨ ។
សូមចាត់ឲ្យសិស្សធ្វើការជាដៃគូ ។ សូមឲ្យពួកគេសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៦-១៣ រួចហើយរកមើលរបៀបដែលព្រះយេស៊ូវគ្រីស្ទ គឺជាប្រភពនៃពន្លឺ និងជីវិត ។ ក្រោយពីទុកពេលគ្រប់គ្រាន់ហើយ សូមសួរសំណួរដូចខាងក្រោម ៖
-
តើពន្លឺនៃព្រះគ្រីស្ទមានឥទ្ធិពលលើការបង្កើតរបស់ព្រះវរបិតាសួគ៌ទាំងអស់ដោយរបៀបណា ?
-
តើសេចក្ដីពិតដែលត្រូវបានកត់ត្រានៅក្នុងខគម្ពីរទាំងនេះ ចង្អុលបង្ហាញប្រាប់ថាពន្លឺនៃព្រះគ្រីស្ទមានព្រះចេស្ដាធ្វើអ្វីខ្លះដល់បុគ្គលម្នាក់ ?
-
ហេតុអ្វីបានជាវាជួយដល់អ្នកដើម្បីយល់ថា ពន្លឺដែលគ្រប់គ្រងសាកលលោកគឺជា « ពន្លឺដដែលដែលប្រោសយោបល់ដល់អ្នក» ? ( គ និង ស ៨៨:១១ ) ។
សូមចង្អុលបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ហើយសូមប្រាប់ឲ្យសិស្សម្នាក់អានវាឮៗ ៖
« ពន្លឺរបស់ព្រះគឺមានពិត ។ វាមានដល់មនុស្សទាំងអស់ ! វាផ្ដល់ជីវិតដល់គ្រប់ទាំងអស់ [ សូមមើល គ និង ស ៨៨:១១–១៣ ] ។ វាមានអំណាចដើម្បីបង្អន់ទ្រនិចឈឺចុកចាប់នៃដំបៅដ៏ជ្រៅ ។ វាអាចជាប្រេងលាបព្យាបាលរបួសដល់ភាពឯកោ និងជំងឺនៃដួងចិត្តរបស់យើង ។ នៅក្នុងស្នាមនៃការឈឺចាប់ វាអាចបណ្ដុះពូជនៃសេចក្ដីសង្ឃឹមដ៏ភ្លឺស្វាងមួយ ។ វាអាចបំភ្លឺដល់ជ្រលងដ៏ជ្រៅមួយនៃការសោកសៅ ។ វាអាចបំភ្លឺដល់ផ្លូវនៅខាងមុខយើង ហើយដឹកនាំយើងឆ្លងកាត់យប់ដ៏ងងឹតទៅកាន់ព្រឹកព្រលឹមថ្មីដែលបានសន្យាមួយ ។
« នេះគឺជា ‹ វិញ្ញាណនៃព្រះយេស៊ូវគ្រីស្ទ › ដែលប្រទាន ‹ ពន្លឺដល់មនុស្សគ្រប់រូបណា ដែលមកក្នុងលោកិយ › [ គ និង ស ៨៤:៤៥–៤៦ ] » ( « The Hope of God’s Light »Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៧៥ ) ។
សូមពិភាក្សានូវសំណួរខាងក្រោមនេះជាមួយនឹងសិស្សក្នុងថ្នាក់ ៖
-
យោងតាមប្រធាន អុជដូហ្វ តើពរជ័យអ្វីខ្លះដែលមកពីពន្លឺ ដែលព្រះវរបិតាដែលគង់នៅស្ថានសួគ៌ផ្ដល់ដល់យើងតាមរយៈព្រះយេស៊ូវគ្រីស្ទ ?
-
តើនៅពេលណាដែលអ្នកទទួលបានពរជ័យដែលប្រធាន អុជដូហ្វ បានមានប្រសាសន៍នេះ ?
សូមសរសេរប្រយោគមិនពេញលេញខាងក្រោមនៅលើក្ដារខៀន ៖
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១៣ ម្ដងទៀត ដោយរកមើលឃ្លាដែលបំពេញប្រយោគនៅលើក្ដារខៀន ។ សូមសួរ ៖
-
តើតួនាទីរបស់ព្រះអង្គសង្គ្រោះក្នុងឋានៈជាពន្លឺនៃពិភពលោកទាក់ទងទៅនឹងតួនាទីរបស់ទ្រង់ជាជីវិតនៃពិភពលោកយ៉ាងដូចម្តេច ?
-
តើពន្លឺមានទំនាក់ទំនងទៅនឹងជីវិតតាមរបៀបណា ? ( អ្នកអាចចង្អុលបង្ហាញថា ព្រះយេស៊ូវគឺជា « ជីវិតនៃពិភពលោក ដោយសារការរស់ឡើងវិញរបស់ទ្រង់ និងដង្វាយធួនរបស់ទ្រង់ជួយសង្គ្រោះយើងចេញពីការស្លាប់ ទាំងខាងជីវិតរមែងស្លាប់ និងខាងវិញ្ញាណ » [ ដាល្លិន អេក អូក « The Light and Life of the World » Ensign, ខែវិច្ឆិកា ឆ្នាំ ១៩៨៧ ទំព័រ ៦៥ ] ) ។
-
តើអ្វីជាលទ្ធផល បើសិនជាពន្លឺ និងព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះឈប់គាំទ្រដល់អ្វីទាំងអស់នោះ ? ( វានឹងគ្មានជីវិតទៀតឡើយ ) ។
សូមពន្យល់ថា ព្រះគម្ពីរផ្ដល់នូវគំរូនៃរបៀបដែលព្រះអង្គសង្គ្រោះពិតជាពន្លឺនៃលោកិយ តាមន័យត្រង់ ។ នៅគ្រានៃការសុគតរបស់ព្រះអង្គសង្គ្រោះ មានការងងឹតបីថ្ងៃ ដែលជាទីសម្គាល់ថា ពន្លឺនៃលោកិយបានចាកចេញពីលោកិយនេះហើយ ( សូមមើល នីហ្វៃទី ៣ ៨:២០–២៣ ) ។ ម្យ៉ាងវិញទៀត ការប្រសូតរបស់ព្រះអង្គសង្គ្រោះ ត្រូវបានអមដោយផ្កាយមួយ និងពន្លឺដ៏អស្ចារ្យនៅឯស្ថានសួគ៌ ហើយក៏អមដោយមានពន្លឺបីថ្ងៃផងដែរ ( សូមមើល ហេលេមិន ១៤:៣–៥; នីហ្វៃទី ៣ ១:១៥, ២១ ) ។
ទំនុកតម្កើង ១៤៦:៥; រ៉ូម ៥:៣–៥; ១៥:១៣; អេធើរ ១២:៤, ៣២; មរ៉ូណៃ ៧:៣, ៤០–៤១
ព្រះយេស៊ូវគ្រីស្ទ គឺជាសេចក្ដីសង្ឃឹមនៃពិភពលោក
សូមពន្យល់ដល់សិស្សថាពាក្យ សេចក្ដីសង្ឃឹម អាចមានន័យច្រើនបែប ។ នៅក្នុងបរិបទនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ សេចក្ដីសង្ឃឹមគឺជា « ការរំពឹងទុកដ៏មានទំនុកចិត្ត និងការទន្ទឹងរង់ចាំដល់ពរជ័យដែលបានសន្យានៃសេចក្ដីសុចរិត » ( សេចក្ដីណែនាំដល់ព្រះគម្ពីរ « សេចក្ដីសង្ឃឹម » ; scriptures.lds.org ) ។ ព្រះអង្គសង្គ្រោះពេលខ្លះត្រូវបានហៅថា « សេចក្ដីសង្ឃឹមនៃពិភពលោក » ដោយសារពរជ័យដែលបានសន្យានៃសេចក្ដីសុចរិត មកកាន់យើងតាមរយៈទ្រង់ ( « The Living Christ: The Testimony of the Apostles » Ensign ឬ លីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ៣ ) ។
សូមចង្អុលបង្ហាញសំណួរខាងក្រោម និងសេចក្ដីយោងព្រះគម្ពីរទាំងឡាយ ឬសរសេរវានៅលើក្ដារខៀន ៖
សូមចែកសិស្សក្នុងថ្នាក់ទៅជាក្រុមតូចៗ ។ សូមអញ្ជើញឲ្យក្រុមទាំងឡាយសិក្សាវគ្គព្រះគម្ពីរនីមួយៗ រកមើលពាក្យនិងឃ្លាដែលសំខាន់អំពីសេចក្ដីសង្ឃឹម និងពិភាក្សាចម្លើយរបស់ពួកគេចំពោះសំណួរទាំងឡាយ ។ ក្រោយពីទុកពេលគ្រប់គ្រាន់ហើយ សូមប្រាប់ឲ្យក្រុមសាងប្រយោគមួយ ឬពីរអំពីគោលលទ្ធិ ឬគោលការណ៍ដែលសង្ខេបអ្វីដែលពួកគេបានរៀនអំពីគោលលទ្ធិនៃសេចក្ដីសង្ឃឹម ។ សូមអញ្ជើញឲ្យក្រុមទាំងឡាយចែកចាយប្រយោគរបស់គេជាមួយនឹងសិស្សក្នុងថ្នាក់ ។ សូមប្រាកដថាសិស្សយល់ថា សេចក្ដីសង្ឃឹម គឺជាការមានទំនុកចិត្តថា តាមរយៈដង្វាយរបស់ព្រះយេស៊ូវគ្រីស្ទ និងការគោរពតាមព្រះបញ្ញត្តិទាំងឡាយ នោះយើងនឹងទទួលបានពរជ័យដែលបានសន្យារបស់ព្រះ រួមមានទាំងជីវិតដ៏នៅអស់កល្បផង ។ ប្រសិនបើមានពេល អ្នកអាចចង់ពិភាក្សានូវសំណួរដូចខាងក្រោម ៖
-
តើពាក្យ ជាប្រាកដ នៅក្នុងឃ្លា « អាចសង្ឃឹមជាប្រាកដថា នឹងបានពិភពលោកមួយដ៏ប្រសើរលើសលែងទៅទៀត » ( អេធើរ ១២:៤ ) ផ្ដល់ជាយោបល់យ៉ាងណាដល់អ្នក ? ( ការធានាអះអាង ទំនុកចិត្ត ឬការប្រាកដប្រជា ។ អ្នកអាចស្នើ់ថា សិស្សគួរសរសេរនិយមន័យនេះនៅរឹមទំព័រព្រះគម្ពីររបស់គេក្បែរ អេធើរ ១២:៤ ) ។
-
តើសេចក្ដីសង្ឃឹម ដូចដែលបានរៀបរាប់នៅក្នុងខគម្ពីរទាំងនេះជា « យុថ្កាមួយដល់ព្រលឹងមនុស្ស » និងជួយយើងឲ្យក្លាយជា « នៅនឹងធឹង ហើយខ្ជាប់ខ្ជួន គឺនៅក្នុងកិច្ចការល្អដ៏បរិបូរជាដរាប » យ៉ាងដូចម្ដេចខ្លះ ? ( អេធើរ ១២:៤ ) ។
សូមចង្អុលបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោម ហើយសូមប្រាប់ឲ្យសិស្សម្នាក់អានវាឮៗ ៖
« នៅពេលយើងមានសេចក្ដីសង្ឃឹម នោះយើងទុកចិត្តលើសេចក្ដីសន្យារបស់ព្រះ ។ យើងមាននូវការធានាដ៏ពិតមួយថា ប្រសិនបើយើងធ្វើ ‹ កិច្ចការទាំងឡាយដោយសេចក្តីសុចរិត › នោះយើង ‹ នឹងទទួលបានរង្វាន់ [ របស់យើង ] គឺសេចក្ដីសុខសាន្តនៅនាលោកិយនេះ និងជីវិតដ៏នៅអស់កល្បជានិច្ចនៅបរលោកនាយ › ( គ. និង ស. ៥៩:២៣ ) ។ មរមនបានបង្រៀនថា សេចក្ដីសង្ឃឹមបែបនោះ បានមកតែតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ [ សូមមើល មរ៉ូណៃ ៧:៤១ ] (ពិតចំពោះសេចក្ដីជំនឿ ៖ ឯកសារយោងនៃដំណឹងល្អ [ ២០០៤ ] ទំព័រ ៨៥ ) ។
-
តើសេចក្ដីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់មានសារៈសំខាន់យ៉ាងណាដល់ការអភិវឌ្ឍសេចក្ដីសង្ឃឹមដ៏ពិតនោះ ? តើការណ៍នេះជួយអ្នកឲ្យយល់ពីមូលហេតុដែលព្រះយេស៊ូវគ្រីស្ទ គឺជាសេចក្ដីសង្ឃឹមនៃពិភពលោកដោយរបៀបណា ? ( នៅពេលយើងសង្ឃឹមលើព្រះយេស៊ូវគ្រីស្ទ នោះយើងអាចមើលឃើញហូសពីបញ្ហា និងការសោកសៅខាងជីវិតរមែងស្លាប់នេះ ហើយផ្ដោតលើពរជ័យដែលមានតាមរយៈដង្វាយធួនរបស់ទ្រង់ ដូចជាការរស់ឡើងវិញ និងជីវិតដ៏នៅអស់កល្បជានិច្ច ) ។
-
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីរស់នៅដោយមានសេចក្ដីសង្ឃឹមដ៏ខ្លាំងជាងនេះនៅក្នុងជីវិតនេះ ?
នៅពេលដែលត្រូវបានបំផុសដោយព្រះវិញ្ញាណបរិសុទ្ធ អ្នកអាចសុំឲ្យសិស្សចែកចាយអំពីពេលមួយ ដែលសេចក្ដីសង្ឃឹមរបស់ពួកគេលើការរស់ឡើងវិញ និងជីវិតដ៏នៅអស់កល្បជានិច្ចតាមរយៈព្រះយេស៊ូវគ្រីស្ទ បានក្លាយជាពរជ័យមួយដល់ពួកគេ ឬដល់អ្នកដទៃ ។
ការអានរបស់សិស្ស
-
ទំនុកតម្កើង ១៤៦:៥; យ៉ូហាន ៨:១២; រ៉ូម ៥:៣–៥; ១៥:១៣; ពេត្រុសទី ១ ១:៣; អេធើរ ១២:៤, ៣២; មរ៉ូណៃ ៧:៣, ៤០–៤១; គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦–១៣; ១៣៨:១៤ ។
-
ឌៀថើរ អេស្វ អុជដូហ្វ « The Hope of God’s Light »Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៧០, ៧៥–៧៧ ។