មេរៀនទី ២
ព្រះយេស៊ូវគ្រីស្ទ មានសារៈសំខាន់បំផុតនៅក្នុងប្រវត្តិសាស្ដ្រមនុស្ស ។
សេចក្ដីផ្ដើម
នៅក្នុងការថ្លែងទីបន្ទាល់អំពីតួនាទីដ៏សំខាន់របស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ នោះព្យាការីសម័យទំនើបបានប្រកាសថា « យើងសូមថ្លែងទីបន្ទាល់ដោយម៉ឺងម៉ាត់ថា ព្រះជន្មរបស់ទ្រង់ ដែលជាសារៈសំខាន់បំផុត នៅក្នុងប្រវត្តិសាស្ដ្រមនុស្ស នោះពុំមែនចាប់ផ្ដើមនៅក្នុងភូមិបេថ្លហិម ឬបញ្ចប់នៅភ្នំកាល់វ៉ារីនោះទេ » (« ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » Ensign ឬ លីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ២ ) ។ មេរៀននេះនឹងជួយសិស្សឲ្យយល់កាន់តែច្បាស់ថា ព្រះវរបិតាសួគ៌បានបង្កើតនូវផែនការនៃសេចក្ដីសង្គ្រោះរបស់ទ្រង់ឡើង នៅក្នុងពិភពមុនឆាកជីវិតនេះ និងបានតែងតាំងព្រះយេហូវ៉ាតាំងពីមុនកំណើតលោកិយមក ជាព្រះយេស៊ូវគ្រីស្ទ ក្នុងពេលជីវិតមុនផែនដី ដើម្បីឲ្យធ្វើជាតួអង្គចម្បងនៅក្នុងផែនការនោះ ។ សិស្សនឹងត្រូវបានលើកទឹកចិត្តឲ្យផ្តោតសំខាន់លើ ព្រះយេស៊ូវគ្រីស្ទ ក្នុងជីវិតរមែងស្លាប់របស់ពួកគេ ។
ការអានពីសាវតា
-
រ៉ូបឺតឌី.ហ៊ែល « Agency: Essential to the Plan of Life » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ២៤–២៧ ។
-
ដាល្លិន អេក អូក « The Great Plan of Happiness » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ៧២–៧៥ ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា ១២:២២–៣៤
ព្រះអង្គសង្គ្រោះ មានសារៈសំខាន់បំផុតនៃផែនការរបស់ព្រះ
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ អាឡិចសាន់ឌើរ ប៊ី ម៉ូរីសុន នៃពួកចិតសិបនាក់ ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលអ្វីដែល ព្រះវរបិតាសួគ៌បានបង្ហាញដល់កូនចៅរបស់ទ្រង់ នៅក្នុងពិភពមុនឆាកជីវិតនេះ ៖
« ជាយូរកន្លងទៅ មុនពេលផែនដី ជាកន្លែងដែលយើងរស់នៅក្នុង ពេលនេះបានចាប់កកើត ព្រះ ជាព្រះវរបិតារបស់យើង … បានបង្កើតនូវផែនការមួយ ។ … ផែនការ [ នោះ ] បានផ្ដល់នូវរបៀបដ៏ឥតខ្ចោះមួយសម្រាប់កូនចៅរបស់ព្រះទាំងអស់ ទទួលបានជីវិតអមតភាព និងទទួលបាននូវជីវិតដ៏អស់កល្បជានិច្ច » (« Life—the Gift Each Is Given » Ensign ខែ ធ្នូ ឆ្នាំ ១៩៩៨ ទំព័រ ១៥–១៦ ) ។
-
តើពរជ័យណាខ្លះ ដែលអែលឌើរ ម៉ូរីសុន បានមានប្រសាសន៍ ថាយើងអាចនឹងទទួលបាននៅទីបញ្ចប់ជាផ្នែកនៃផែនការរបស់ព្រះ ? ( សូមពន្យល់ថា ជីវិតអមតភាព សំដៅលើការរស់ឡើងវិញ—នឹងមិនដែលស្លាប់ខាងរូបកាយទៀតឡើយ—ហើយថា ជីវិតដ៏អស់កល្បជានិច្ច សំដៅលើជីវិតមួយបែប ដែលព្រះទ្រង់កំពុងរស់នៅ ) ។
សូមឲ្យសិស្សអាន អាលម៉ា ១២:២៥ ដោយស្ងៀមស្ងាត់ ហើយរកមើលរបៀបដែលអាលម៉ាបានសំដៅលើផែនការរបស់ព្រះ និងនៅពេលដែលវាត្រូវបានរៀបចំឡើង ។ សូមឲ្យពួកគេរៀបរាប់អ្វីដែលពួកគេរកឃើញ ។ ( អាលម៉ា បានបង្រៀនថា « ផែនការនៃសេចក្តីប្រោសលោះ » របស់ព្រះត្រូវបានបង្កើតឡើង « ចាប់តាំងពីកំណើតលោកិយមក » ។ ក្រោយពីសិស្សបានឆ្លើយហើយ អ្នកអាចបង្ហាញថា ឈ្មោះផ្សេងទៀតនៃផែនការរបស់ព្រះរួមមាន « ផែនការនៃការប្រោសប្រណីរបស់ព្រះបង្កបង្កើតដ៏ធំ » [នីហ្វៃទី ២ ៩:៦]; « ផែនការនៃសេចក្ដីសង្គ្រោះ » [អាលម៉ា ២៤:១៤]; « ផែនការដ៏មហិមានៃព្រះដ៏នៅអស់កល្បជានិច្ច » [អាលម៉ា ៣៤:៩]; « ផែនការនៃសុភមង្គលដ៏មហិមា » [អាលម៉ា ៤២:៨]; និង « សេចក្ដីសញ្ញាដ៏អស់កល្បជានិច្ច » [គ. និង ស. ២២:១; ៤៥:៩; ៦៦:២] ) ។
បន្ទាប់មក សូមឲ្យសិស្សសិក្សា អាលម៉ា ១២:២២–៣២ ជាគូៗ ដោយរកមើលមូលហេតុដែល ផែនការរបស់ព្រះត្រូវបានហៅថា ផែនការនៃសេចក្ដីប្រោសលោះ ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សពីរបីនាក់ចែកចាយចម្លើយរបស់គេជាមួយនឹងសិស្សដទៃ ។ សូមជួយសិស្សឲ្យយល់ពីខគម្ពីរទាំងនេះកាន់តែច្បាស់ដោយការសួរ ៖
-
យោងតាមការបង្រៀនរបស់អាលម៉ា តើអ្វីជាលក្ខណៈដ៏អស់កល្បរបស់យើង បើគ្មានផែនការនៃសេចក្ដីប្រោសលោះទេនោះ ? ( បើគ្មានផែនការនៃសេចក្ដីប្រោសលោះទេនោះ វាមិនអាចកើតមាននូវការរស់ឡើងវិញដល់ពួកអ្នកស្លាប់ ឬការប្រោសលោះចេញពីអំពើបាបឡើយ ដោយទុកឲ្យមនុស្សលោកវង្វេង និងធ្លាក់នៅក្នុងសភាពមួយ ដែលការស្លាប់ខាងរូបកាយ និងខាងវិញ្ញាណកើតមានជាដរាបរៀងទៅ [ សូមមើលផងដែរ នីហ្វៃទី ២ ៩:៦–១៣] ) ។
-
ហេតុអ្វីវាចាំបាច់ថា ត្រូវតែមានវិធីមួយសម្រាប់យើង ដើម្បីយកឈ្នះលើស្ថានភាពទាំងនេះ ?
សូមឲ្យសិស្សម្នាក់អាន អាលម៉ា ១២:៣៣–៣៤ ឮៗ ។ សូមឲ្យសិស្សអានតាម ដោយស្វែងរកអ្វីដែលព្រះបានប្រទាន ដើម្បីប្រោសលោះកូនចៅរបស់ទ្រង់ ។ សូមជួយសិស្សឲ្យនិយាយពីគោលលទ្ធិ ឬគោលការណ៍មួយ ដែលបានបង្រៀននៅក្នុងខគម្ពីរទាំងនេះ ដោយការសួរ ៖
-
តើអ្នកនឹងសង្ខេបនូវអ្វីដែល ព្រះយេស៊ូវបានធ្វើឲ្យមានមកដល់យើង ដែលនៅក្នុងផែនការរបស់ព្រះ ដោយរបៀបណា ? ( ចម្លើយអាចរួមមាន ៖ ប្រសិនបើយើងប្រែចិត្ត និងមិនមានចិត្តរឹងរូសទេ នោះយើងនឹងទទួលបាននូវសេចក្ដីមេត្តា និងការផ្ដាច់បាប តាមរយៈព្រះរាជបុត្រាសំណព្វតែមួយគត់របស់ទ្រង់ ។ មានតែតាមរយៈព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះទេ ទើបយើងអាចទទួលបានការផ្ដាច់បាប និងចូលទៅក្នុងវត្តមានរបស់ព្រះវរបិតាសួគ៌បាន ។ )
សូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទគឺជាមានសារៈសំខាន់បំផុតក្នុងផែនការរបស់ព្រះ ហើយថាតាមរយៈដង្វាយធួនរបស់ទ្រង់ គឺជារបៀបមួយត្រូវបានប្រទានដល់យើង ដើម្បីទទួលបានជីវិតអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ច ។
អ័ប្រាហាំ ៣:២៤–២៧; ពេត្រុសទី ១ ១:១៩–២០
ព្រះយេស៊ូវគ្រីស្ទ ត្រូវបានតែងតាំងពីមុនកំណើតលោកិយ ដើម្បីឲ្យក្លាយជាព្រះអង្គសង្គ្រោះរបស់យើង
សូមឲ្យសិស្សសិក្សាស្រាវជ្រាវ អ័ប្រាហាំ ៣:២៤–២៧ និង ពេត្រុសទី ១ ១:១៩–២០ដោយរកមើលអ្វីដែលវគ្គទាំងនេះ បង្រៀនអំពីតួនាទីរបស់ព្រះអង្គសង្គ្រោះនៅក្នុងផែនការរបស់ព្រះ ។ បន្ទាប់មក សូមសួរសំណួរដូចខាងក្រោមនេះ ។ (កំណត់ចំណាំ ៖ ដោយការសួរសំណួរបែបនេះ អ្នកអាចជួយសិស្សឲ្យរៀនពីរបៀបដើម្បីវិភាគនូវវគ្គខគម្ពីរ និងរកឃើញនូវគោលលទ្ធិដែលបានបង្រៀននៅក្នុងនោះ ) ។
-
នៅក្នុង អ័ប្រាហាំ ៣:២៦តើឃ្លា « សណ្ឋានទីមួយ » និង « សណ្ឋានទីពីរ » មានន័យយ៉ាងដូចម្ដេច ? ( « សណ្ឋានទីមួយ » សំដៅលើជីវិតមុនឆាកជីវិតនេះ និង « សណ្ឋានទីពីរ » សំដៅលើជីវិតរមែងស្លាប់ )
-
តើនរណាជាបុគ្គលទាំងបីរូប ដែលបានលើកឡើងនៅក្នុង អ័ប្រាហាំ ៣:២៧ហើយតើពួកលោកម្នាក់ៗ បានធ្វើអ្វីខ្លះ ? ( ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និង សាតាំង ។ សូមបញ្ជាក់ថា នៅក្នុងពិភពមុនឆាកជីវិតនេះ ព្រះវរបិតាសួគ៌បានតែងតាំងទុកជាមុនព្រះរាជបុត្រាទីមួយរបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ដើម្បីក្លាយជាតួអង្គចម្បងនៅក្នុងផែនការរបស់ទ្រង់ ) ។
សូមប្រាកដថាសិស្សយល់ថា ព្រះយេស៊ូវ ត្រូវបានស្គាល់ថាជា ព្រះយេហូវ៉ា នៅក្នុងពិភពមុនឆាកជីវិតនេះ ។ បន្ទាប់មកសូមសួរ ៖
-
នៅពេលព្រះយេហូវ៉ា បានមានបន្ទូលទៅព្រះបិតាថា « ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ » តើទ្រង់បានប្ដេជ្ញាថានឹងធ្វើអ្វីនៅក្នុងជីវិតរមែងស្លាប់ ? ( បង្រៀនដំណឹងល្អរបស់ទ្រង់ ស្ថាបនាសាសនាចក្ររបស់ទ្រង់ រងទុក្ខ និងសុគតចំពោះអំពើបាបទាំងឡាយរបស់យើង និងរស់ឡើងវិញពីសេចក្ដីស្លាប់ ) ។
-
តើការជ្រើសរើសរបស់ព្រះវរបិតាសួគ៌យកព្រះយេហូវ៉ា ជាព្រះប្រោសលោះស្រោចស្រង់របស់យើងបានធ្វើអ្វីខ្លះសម្រាប់ពួកយើង ក្នុងករណីលទ្ធភាពនាពេលអនាគតរបស់យើង ?
សូមឲ្យសិស្សសិក្សា ម៉ូសេ ៤:២ ដោយស្ងាត់ស្ងៀម ដោយរកមើលសេចក្ដីពិតដ៏សំខាន់ផ្សេងទៀត អំពីការជ្រើសរើសយកព្រះយេហូវ៉ា របស់ព្រះវរបិតាសួគ៌ ជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង ។ នៅពេលសិស្សពន្យល់ពីអ្វីដែលពួកគេបានរកឃើញ សូមប្រាកដថា ពួកគេរកឃើញនូវសេចក្ដីពិតខាងក្រោមនេះ ៖ ព្រះយេហូវ៉ាត្រូវបានជ្រើសរើសតាំងពីដើមដំបូងមកម៉្លេះ ។ មូលហេតុមួយ ដែលព្រះយេហូវ៉ាត្រូវបានជ្រើសរើសគឺថា ទ្រង់បានព្យាយាមធ្វើតាមព្រះឆន្ទៈរបស់ព្រះវរបិតា ហើយប្រគល់សិរីល្អទាំងឡាយទៅព្រះបិតា ។ ដើម្បីបញ្ជាក់ន័យបន្ថែមលើសេចក្ដពិតទាំងនេះ សូមបង្ហាញ និងអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« [ ព្រះយេស៊ូវគ្រីស្ទ ] ពិតជាតួអង្គតែមួយគត់ដែលបន្ទាបខ្លួន និងមានឆន្ទៈគ្រប់គ្រាន់ក្នុងក្រុមប្រឹក្សានៃជីវិតមុនឆាកជីវិតនេះ ដើម្បីចាត់ឲ្យ [ នាំមកនូវដង្វាយធួនដ៏និរន្ដរ៍នេះ ] » ( « The Atonement of Jesus Christ » Ensign ខែ មីនា ឆ្នាំ ២០០៨ ទំព័រ ៣៥ ) ។
សូមឲ្យសិស្សស្រមៃមើលថា តើវាអាចមានលក្ខណៈយ៉ាងណា បើយើងមានវត្តមាននៅទីនោះ ពេលព្រះវរបិតាសួគ៌បានប្រាប់កូនចៅរបស់ទ្រង់ទាំងអស់ថា ព្រះរាជបុត្រាទីមួយរបស់ទ្រង់ គឺព្រះយេហូវ៉ា នឹងជាព្រះអង្គសង្គ្រោះរបស់យើង ។ បន្ទាប់មក សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយ ព្យាការី យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ១៨០៥–៤៤ ) ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« នៅក្នុងការរៀបចំទីមួយនៅស្ថានសួគ៌ យើងទាំងអស់គ្នាបានចូលរួម ហើយបានឃើញព្រះអង្គសង្គ្រោះដែលត្រូវបានជ្រើសរើស និងចាត់តាំង ហើយផែនការនៃសេចក្ដីសង្គ្រោះត្រូវបានបង្កើតឡើង ហើយយើងបានឱបក្រសោបគាំទ្រ » (ការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ [២០០៧] ទំព័រ ២០៩ ) ។
-
តើអ្នកគិតថា អ្នកបានដឹងអំពីព្រះយេហូវ៉ាថា ទ្រង់បានដឹកនាំអ្នកឲ្យគាំទ្រការហៅ និងការចាត់តាំងរបស់ទ្រង់ឲ្យធ្វើជា ព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើងឬទេ ?
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយ អែលឌើរ នែល អេ ម៉ាក់ស្វែល ( ឆ្នាំ ១៩២៦–២០០៤ ) នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ បន្ទាប់មក សូមឲ្យសិស្សមានពេលមួយសន្ទុះដើម្បីសរសេរគំនិត និងអារម្មណ៍ទាំងឡាយដែលពួកគេមាន អំពីព្រះអង្គសង្គ្រោះ នៅពេលពួកគេសញ្ជឹងគិតពីសេចក្ដីពិតដ៏ទេវភាព ដែលអែលឌើរ ម៉ាក់ស្វែល បានបង្រៀន ៖
« វានឹងមិនដែលមាននរណាម្នាក់ដែលបានផ្ដល់ជាច្រើនដល់មនុស្សដ៏សន្ធឹក តែត្រឹមពាក្យពីរបីម៉ាត់ នៅពេលព្រះយេស៊ូវបានមានបន្ទូលថា ‹ ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ › ។ (អ័ប្រាហាំ ៣:២៧។ ) » (« Jesus of Nazareth, Savior and King » Ensign, ខែ ឧសភា ឆ្នាំ ១៩៧៦ ទំព័រ ២៦ ) ។
សូមគិតពីការសុំឲ្យសិស្សពីរបីនាក់ ឲ្យចែកចាយដល់សិស្សក្នុងថ្នាក់នូវអ្វីដែលពួកគេបានសរសេរ ។
ការផ្តោតសំខាន់លើព្រះអង្គសង្គ្រោះ ក្នុងជីវិតរមែងស្លាប់របស់យើង
សូមឲ្យសិស្សបើកទៅ អ័ប្រាហាំ ៣:២៥ជាកន្លែងដែលយើងដឹងថា ព្រះវរបិតាសួគ៌បានមានព្រះបំណង ធ្វើឲ្យជីវិតរមែងស្លាប់ជាពេលមួយសម្រាប់ការសាកល្បង ដើម្បីឃើញថា យើងនឹងគោរពតាមព្រះបញ្ញត្តិរបស់ទ្រង់ឬយ៉ាងណា ។ សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ រ៉ូបឺត ឌី ហ៊ែលនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍នេះឮៗ ខណៈដែលសិស្សក្នុងថ្នាក់ស្វែងរកជម្រើសមួយ ដែលយើងត្រូវតែធ្វើ ជាផ្នែកនៃការសាកល្បងក្នុងជីវិតរមែងស្លាប់របស់យើង ៖
« សូមគិតអំពីវា ៖ នៅក្នុងសភាពមុនឆាកជីវិតរបស់យើង យើងបានជ្រើសរើសធ្វើតាមព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ! ហើយដោយសារ យើងបានសម្រេចចិត្តដូច្នោះ នោះយើងត្រូវបានអនុញ្ញាតឲ្យមកកាន់ផែនដីនេះ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ដោយការជ្រើសរើសដូចគ្នា ដើម្បីធ្វើតាមព្រះអង្គសង្គ្រោះនាពេលឥឡូវនេះ ខណៈដែលយើងនៅទីនេះលើផែនដី នោះយើងនឹងទទួលបានពរជ័យកាន់តែខ្លាំងជាងនេះនៅក្នុងភាពអស់កល្បជានិច្ច ។ ប៉ុន្ដែ សូមដឹងថា ៖ យើងត្រូវតែបន្ដជ្រើសរើសធ្វើតាមព្រះអង្គសង្គ្រោះ ។ ភាពអស់កល្ប កំពុងមានគ្រោះថ្នាក់ ហើយការប្រើប្រាស់សិទ្ធិជ្រើសរើសដ៏វាងវៃរបស់យើង និងសកម្មភាពរបស់យើង គឺសំខាន់ចាំបាច់ថា យើងអាចទទួលបានជីវិតដ៏នៅអស់កល្បឬក៏អត់ » (« Agency: Essential to the Plan of Life » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ២៥ ) ។
ដើម្បីជួយសិស្សឲ្យស្វែងរក ហើយយល់ពីគោលការណ៍ ឬសេចក្ដីពិតមួយ ដែលអែលឌើរ ហ៊ែល បានបង្រៀន សូមសួរសំណួរដូចតទៅនេះ ៖
-
តើអ្នករៀនបានអ្វីខ្លះអំពីសុន្ទរកថារបស់ អែលឌើរ ហ៊ែល អំពីការជ្រើសរើសរបស់យើងនៅក្នុងជីវិតនេះ ? ( ក្រោយពីសិស្សឆ្លើយហើយ សូមថ្លែងទីបន្ទាល់ថា ដោយការជ្រើសរើសដើម្បីផ្តោតសំខាន់លើព្រះអង្គសង្គ្រោះ ក្នុងជីវិតរបស់យើង ខណៈដែលយើងនៅទីនេះលើផែនដី នោះយើងនឹងទទួលបាននូវពរជ័យកាន់តែខ្លាំងជាងនេះនៅក្នុងភាពអស់កល្បជានិច្ច ។ )
-
តើអ្នកគិតថា អែលឌើរ ហ៊ែល មានន័យដូចម្តេចនូវឃ្លាថា « ភាពអស់កល្ប កំពុងមានគ្រោះថ្នាក់ ?»
-
តើអាកប្បកិរិយា និង សកម្មភាពណាខ្លះ ដែលបង្ហាញថា មនុស្សម្នាក់កំពុងជ្រើសរើសដើម្បីធ្វើតាម ព្រះយេស៊ូវគ្រីស្ទនោះ ? ( សូមសរសេរចម្លើយរបស់សិស្សនៅលើក្ដារខៀន ) ។
សូមពន្យល់ថា សម្រាប់ពួកយើងភាគច្រើន វាងាយស្រួលដើម្បីផ្ដោតលើព្រះអង្គសង្គ្រោះ នៅតែថ្ងៃអាទិត្យ ។ ប៉ុន្ដែ តើយើងអាចធ្វើឲ្យទ្រង់ក្លាយជាផ្នែកកាន់តែធំមួយនេះ ក្នុងជីវិតរបស់យើងអំឡុងពេលមួយសប្ដាហ៍ពេលដោយរបៀបណា ? សូមផ្ដល់ពេលវេលាដល់សិស្ស ឲ្យសញ្ជឹងគិតពីអ្វីៗដែលពួកគេបានធ្វើថ្ងៃនេះ ដើម្បីផ្ដោតទៅលើព្រះអង្គសង្គ្រោះ ។ សូមអញ្ជើញពួកគេឲ្យសរសេរនូវអ្វីៗ ដែលពួកគេអាចធ្វើនៅថ្ងៃនេះ ដើម្បីឲ្យកាន់តែផ្តោតសំខាន់លើព្រះអង្គសង្គ្រោះក្នុងជីវិតរបស់ពួកគេ ។ សូមលើកទឹកចិត្តពួកគេឲ្យប្ដេជ្ញាចិត្តនឹងព្រះវរបិតាសួគ៌ថា ពួកគេនឹងធ្វើការណ៍នេះ ។
សូមបញ្ចប់មេរៀននេះ ដោយការថ្លែងទីបន្ទាល់អំពីសេចក្ដីពិតទាំងឡាយដែលបានបង្រៀននៅថ្ងៃនេះ ។
ការអានរបស់សិស្ស
-
អាលម៉ា ១២:២២–៣៤; ៣៤:៩; ៤២:៨, ១១; គោលលទ្ធិ និង សេចក្ដីសញញា ២២:១; ៤៥:៩; ៦៦:២; អ័ប្រាហាំ ៣:២៤–២៧; ពេត្រុសទី ១ ១:១៩–២០; ម៉ូសេ ៤:២ ។
-
រ៉ូបឺតឌី ហ៊ែល « Agency: Essential to the Plan of Life » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ២៤–២៧ ។