មេរៀនទី ២៦
ព្រះយេស៊ូវគ្រីស្ទ នឹងគ្រប់គ្រង ជាស្ដេចលើអស់ទាំងស្ដេច ហើយ ជំនុំជម្រះដល់ពិភពលោក
សេចក្ដីផ្ដើម
អំឡុងពេលសហសវត្សរ៍ ព្រះយេស៊ូវគ្រីស្ទ « នឹងគ្រប់គ្រងរាជ្យជាស្ដេចលើអស់ទាំងស្ដេច ហើយសោយរាជ្យជាព្រះអម្ចាស់លើអស់ទាំងចៅហ្វាយ ហើយគ្រប់ទាំងជង្គង់នឹងបន្ទាបចុះ ហើយគ្រប់ទាំងអណ្ដាតនឹងចេញវាចាដោយនូវការថ្វាយបង្គំដល់ទ្រង់ ។ យើងនីមួយៗនឹងត្រូវឈរ ដើម្បីទនឹងត្រូវបានជំនុំជម្រះពីទ្រង់ ស្របតាមកិច្ចការរបស់យើងទាំងឡាយ និងតាមសេចក្ដីប៉ងប្រាថ្នានៃចិត្តរបស់យើងទាំងឡាយ » ( « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក »Ensign ឬ លីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ៣ ) ។ មេរៀននេះ នឹងជួយសិស្សឲ្យយល់ថា ពួកគេមិនត្រូវរង់ចាំដល់ពេលសហសវត្សរ៍ដើម្បីរីករាយនឹងពរជ័យខ្លះរបស់វានោះឡើយ ។
ការអានពីសាវតា
-
ជំពូកទី ៤៥ « សហសវត្សរ៍ » គោលការណ៍ទាំងឡាយនៃដំណឹងល្អ [ ឆ្នាំ ឆ្នាំ ២០០៩ ] ទំព័រ ២៦៣–៦៧ ។
-
ជំពូកទី ៤៦ « ការជំនុំជំរះលើកចុងក្រោយ » គោលការណ៍ទាំងឡាយនៃដំណឹងល្អ [ ឆ្នាំ ២០០៩ ] ទំព័រ ២៦៨–៧៤ ។
-
បើមាន ៖ ជំពួកទី ៣៧ « The Millennium and the Glorification of the Earth » Doctrines of the Gospel Student Manual, ការបោះពុម្ពលើកទី ២ ( Church Educational System manual ឆ្នាំ ២០១០ ) ទំព័រ ១០៤–៦ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៥:១–៦
ព្រះយេស៊ូវគ្រីស្ទ សោយរាជ្យដោយផ្ទាល់នៅលើផែនដី
សូមអញ្ជើញឲ្យសិស្សសរសេរ រាយនៅលើក្រដាសមួយនូវអ្វីដែលពួកគេអធិស្ឋានជាទៀងទាត់ដើម្បីសុំអ្វី ឬអំពីអ្វីមួយ ។ សូមអញ្ជើញឲ្យសិស្សពីរបីនាក់ចែកចាយអ្វីដែលពួកគេបានសរសេរ ប្រសិនបើពួកគេមានអារម្មណ៍ចង់ធ្វើដូច្នោះ ។
សូមប្រាប់ឲ្យសិស្សម្នាក់អានឮៗពីសេចក្ដីផ្ដើមកថាខណ្ឌសម្រាប់ គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៥ ។ ( ប្រសិនបើសិស្សមិនមានព្រះគម្ពីរបោះពុម្ពឆ្នាំ ២០១៣ ទេ សូមពន្យល់ថា កថាខណ្ឌនេះគឺជាវិវរណៈមួយអំពីការអធិស្ឋានដែលបានធ្វើឡើងដោយព្យាការី យ៉ូសែប ស្ម៊ីធ ) ។ សូមពន្យល់ថា នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានប្រាប់យើងអ្វីមួយដែលយើងគួរអធិស្ឋានទូលសុំ ជាពិសេសនៅពេលយើងធ្វើជាសាក្សីពីភាពពេញលេនៃព្រឹត្តិការណ៍ ដែលបានព្យាករណ៍ទុកមុនពេលកើតឡើងនៅក្នុងថ្ងៃចុងក្រោយនេះ ។
សូមអញ្ជើញឲ្យសិស្សពីរនាក់ប្ដូរវេនគ្នាអានឮៗពី គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៥:១–២ ។ សូមអញ្ជើញឲ្យសិស្សក្នុងថ្នាក់ ផ្ទៀងតាម ដោយរកមើលការពិពណ៌នារបស់ព្រះអម្ចាស់អំពីការផ្សព្វផ្សាយដំណឹងល្អ ។ បន្ទាប់មក សូមសួរ ៖
-
តើដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទនឹងផ្សព្វផ្សាយទៅដល់ទីណា ? ( សិស្សគួរតែរកឃើញនូវគោលលទ្ធិខាងក្រោម ៖ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ នឹងចេញទៅដល់ចុងផែនដីនេះ ។ សូមសរសេរគោលលទ្ធិនេះនៅលើក្ដារខៀន ) ។
-
យោងតាម ខ ២តើអ្វីជាថ្ម ដែលត្រូវបានកាត់ចេញពីភ្នំដោយគ្មានដៃ ?
ក្រោយពីសិស្សឆ្លើយហើយ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ១៨៩៥–១៩៨៥ ) ៖
« សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ … គឺជានគរ ដែលត្រូវបានសាងឡើងដោយព្រះនៃស្ថានសួគ៌ ដែលនឹងមិនដែលត្រូវបានបំផ្លាញ ឬជំនួសឡើយ ។ … នៅដើមសតវត្សរ៍ទីដប់ប្រាំបួន ថ្ងៃនោះបានមកដល់ … សាសនាចក្រត្រូវបានកសាងឡើង ។ វាគឺតូច មានតែសមាជិកប្រាំមួយរូបប៉ុណ្ណោះ បានប្រៀបធៀបទៅនឹងថ្មដែលបានកាត់ចេញពីភ្នំដោយគ្មានដៃ ដែលនឹងបំបែកជាចំណែកតូចៗនៅក្នុងជាតិសាសន៍ដទៃ ហើយដែលនឹងចេញទៅ ហើយបំពេញផែនដីទាំងមូល ។ … ក្នុងសម័យនេះ ថ្មមួយរមាលទៅមុខ ដើម្បីបំពេញផែនដីទាំងមូល » ( « The Stone Cut without Hands »Ensign, ខែ ឧសភា ឆ្នាំ ១៩៧៦ ទំព័រ ៨,៩ ) ។
-
តើវាមានន័យយ៉ាងណាដល់អ្នកដើម្បីក្លាយជាផ្នែកមួយនៃនគររបស់ព្រះនៅលើផែនដី ?
សូមអញ្ជើញឲ្យសិស្សម្នាក់អាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៥:៣–៤ ឮៗ ។ សូមប្រាប់ឲ្យសិស្សម្នាក់ទៀតអាន ខ ៥–៦ ឮៗ ។ សូមអញ្ជើញឲ្យសិស្សក្នុងថ្នាក់ ផ្ទៀងតាម ដោយរកមើលការប្រឹក្សារបស់ព្រះអម្ចាស់លើអ្វីដែលយើងគួរអធិស្ឋានទូលសុំ ។ បន្ទាប់មក សូមពិភាក្សាសំណួរដូចខាងក្រោមនេះ ៖
-
ស្របតាមខគម្ពីរទាំងនេះ តើយើងគួរអធិស្ឋានសម្រាប់អ្វី នៅពេលយើងរៀបចំសម្រាប់ការយាងមកជាលើកទីពីរនោះ ? ( នៅពេលសិស្សឆ្លើយនឹងសំណួរនេះ អ្នកអាចសុំឲ្យពួកគេប្រៀបធៀប ខ ៦ ទៅនឹងពាក្យនៃការអធិស្ឋានរបស់ព្រះអម្ចាស់នៅក្នុង ម៉ាថាយ ៦:១០ ។
-
តើនគរពីរដែលមាននៅក្នុងខ ៦ គឺជាអ្វី ? ( « នគរនៃព្រះ » នៅលើផែនដី [ ឬ សាសនាចក្រ ] និង « នគរស្ថានសួគ៌ » ) ។
-
តើព្រះអម្ចាស់បានដាក់បញ្ជាឲ្យ « នគរព្រះ » នៅលើផែនដីធ្វើអ្វីខ្លះ ? ( នៅពេលសិស្សឆ្លើយ សូមបញ្ជាក់ពីគោលលទ្ធិខាងក្រោមនេះ ៖ នគរព្រះនៅលើផែនដី ឬសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នឹងផ្សព្វផ្សាយទូទាំងពិភពលោក ហើយរៀបចំប្រជាជននៅលើផែនដីនេះសម្រាប់ការសោយរាជ្យរបស់ព្រះគ្រីស្ទនៅសហវត្សរ៍ ) ។
(កំណត់ចំណាំ ៖ អ្នកគួរតែបញ្ជាក់ថា អំឡុងពេលសហវត្សរ៍ ព្រះយេស៊ូវគ្រីស្ទនឹងអនុវត្តនីតិកម្មតាមនយោបាយ និងតាមសាសនានៅទូទាំងផែនដីទាំងមូល ។ [ ប្រសិនបើមាន សូមមើល Doctrine and Covenants Student Manual, ការបោះពុម្ពលើកទីពីរ ( Church Educational System manual ឆ្នាំ ២០០១ ) ទំព័រ ១៣៩–៤០ ] ) ។
សូមចម្លងតារាងខាងក្រោមដាក់លើក្ដារខៀន ឬចែកជាក្រដាសដល់សិស្សម្នាក់ៗ ( សូមកុំចម្លងចម្លើយនៅក្នុងវង់ក្រចកឡើយ ) ៖
ព្រះយេស៊ូវគ្រីស្ទ និងសហសវត្សរ៍ | ||
---|---|---|
តើព្រះគ្រីស្ទនឹងធ្វើអ្វីខ្លះក្នុងពេលសហសវត្សរ៍ ? |
( ទ្រង់នឹងគ្រងរាជ្យនគរព្រះនៅលើផែនដី ។ ទ្រង់នឹងធ្វើជាចៅក្រម និងអ្នកតែងច្បាប់ ហើយនឹងសង្គ្រោះយើង ) ។ | |
តើព្រះគ្រីស្ទនឹងនៅឯណាក្នុងពេលសហសវត្សរ៍ ? |
( ទ្រង់នឹងគង់នៅលើផែនដី នៅក្នុងចំណោមរាស្រ្តទ្រង់ ) ។ | |
តើព្រះគ្រីស្ទនឹងសោយរាជ្យក្នុងពេលសហសវត្សរ៍ដោយរបៀបណា ? |
( ព្រះគ្រីស្ទនឹងជាស្ដេច និងអ្នកតែងច្បាប់ ) ។ | |
តើការសោយរាជ្យរបស់ព្រះគ្រីស្ទមានឥទ្ធិពលអ្វីខ្លះ ? |
( សេចក្ដីសុខសាន្ដ សាមគ្ដីភាព និងសេចក្ដីសុចរិត នឹងត្រូវស្ថាបនានៅលើផែនដី ។ សាតាំងនឹងគ្មានអំណាចលើដួងចិត្តរបស់មនុស្សឡើយ ) ។ |
(កំណត់ចំណាំ ៖ អ្នកអាចចង់ពន្យល់ថា សកម្មភាពនេះនៅពេលខ្លះនឹងបង្ហាញពីគុណតម្លៃនៃការសិក្សាព្រះគម្ពីរតាមប្រធានបទ ។ នៅពេលយើងសិក្សាព្រះគម្ពីរតាមប្រធានបទ នោះយើងអាចឃើញនូវសេចក្ដីលម្អិត — ដូចជាគំរូ និងប្រធានបទ — ដោយមានការបញ្ជាក់ដ៏ច្បាស់ ) ។
សូមបែងចែកសិស្សទាំងឡាយជាក្រុមដែលមានគ្នាបួននាក់ ។ សូមប្រាប់ឲ្យសិស្សម្នាក់ក្នុងក្រុមនីមួយៗសិក្សាសេចក្ដីយោង និងចម្លើយចំពោះសំណួរនៅក្នុងជួរទីមួយនៅក្នុងតារាង ។ សូមអញ្ជើញឲ្យសិស្សផ្សេងទៀតនៅក្នុងក្រុមធ្វើដូចគ្នានៅក្នុងជួរទីពីរ ហើយបន្ដដូច្នោះទៀត ។ សូមណែនាំសិស្សឲ្យយកចិត្តទុកដាក់ ជាពិសេសលើពាក្យ និងឃ្លាដែលជួយឆ្លើយចំពោះសំណួរចាត់តាំងរបស់ពួកគេ ។ អ្នកគួរស្នើសុំឲ្យសិស្សគួរគូសចំណាំអ្វីដែលពួកគេរកឃើញ ។ ក្រោយពី ទុកពេលគ្រប់គ្រាន់ហើយ សូមប្រាប់ឲ្យសិស្សពិភាក្សាអ្វី ដែលពួកគេបានរៀនជាមួយនឹងសមាជិកក្រុមផ្សេងទៀតរបស់ពួកគេ ។
( កំណត់ចំណាំ ៖ ប្រសិនបើអាចអំឡុងពេលការរៀបចំមេរៀន សូមពិភាក្សាក្នុងយោបល់សៀវភៅណែនាំខាងក្រោមក្នុង នីហ្វៃទី ១ ២២:២៦ ៖ សៀវភៅណែនាំការសិក្សាព្រះគម្ពីរសម្រាប់សិស្ស [ Church Educational System manual ឆ្នាំ ២០០៩ ] ទំព័រ ៤៨ ។ )
បន្ទាប់មក សួរនូវសំណួរដូចខាងក្រោមនេះ ៖
-
ចេញពីអ្វីដែលអ្នកបានពិភាក្សា តើអ្វីដែលអ្នករំពឹងចង់បានយ៉ាងខ្លាំងបំផុតពេលសហសវត្សរ៍ ? ( ក្រោយពីសិស្សឆ្លើយហើយសូមសរសេរគោលលទ្ធិខាងក្រោមនេះនៅលើក្ដារខៀន ៖ ព្រះអង្គសង្គ្រោះនឹងសោយរាជ្យដោយផ្ទាល់លើផែនដី អំឡុងពេលសហសវត្សរ៍ ) ។
-
តើមានរបៀបមួយចំនួនអ្វីខ្លះ ដែលយើងអាចអនុញ្ញាតឲ្យព្រះអង្គសង្គ្រោះសោយរាជ្យដោយផ្ទាល់នៅក្នុងជីវិតរបស់យើងនាពេលនេះ ?
-
តើជីវិតរបស់យើងអាចផ្លាស់ប្ដូរដោយរបៀបណា ប្រសិនបើយើងអនុញ្ញាតឲ្យព្រះគ្រីស្ទសោយរាជ្យនៅក្នុងជីវិតរបស់យើង ?
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះឮៗដោយ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ៖
« នៅពេលសាតាំងត្រូវចងនៅក្នុងផ្ទះតែមួយ — នៅពេលសាតាំងត្រូវចងនៅក្នុងជីវិតតែមួយ — នោះពេលសហសវត្សរ៍បានចាប់ផ្ដើមនៅក្នុងផ្ទះនោះរួចហើយ នៅក្នុងជីវិតនោះឯង » ( The Teachings of Spencer W. Kimball, ed. Edward L. Kimball [ ឆ្នាំ ១៩៨២ ] ទំព័រ ១៧២ ) ។
សូមអញ្ជើញឲ្យសិស្សមានពេលសញ្ជឹងគិតអំពីអ្វីដែលពួកគេអាចធ្វើ ដើម្បីអញ្ជើញព្រះអង្គសង្គ្រោះឲ្យសោយរាជ្យដោយផ្ទាល់នៅក្នុងជីវិតរបស់ពួកគេ និងគ្រួសាររបស់ពួកគេ ?
យ៉ូហាន ៥:២២; ម៉ាថាយ ១២:៣៦–៣៧; វិវរណៈ ២០:១២–១៣; ម៉ូសាយ ៤:៣០; គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៧:៩
ព្រះយេស៊ូវគ្រីស្ទ នឹងក្លាយជាចៅក្រមរបស់យើង
សូមចង្អុលបង្ហាញសេចក្ដីយោងព្រះគម្ពីរខាងក្រោម ឬសរសេរវានៅលើក្ដារខៀន ៖
សូមអញ្ជើញឲ្យសិស្សស្រមៃពីរបៀបដែលពួកគេនឹងឆ្លើយតប ប្រសិនបើមិត្តម្នាក់បានសួរសំណួរខាងក្រោមនេះ ៖ « តើនរណានឹងក្លាយជាចៅក្រមរបស់យើងនៅក្នុងថ្ងៃជំនុំជម្រះ ? » និង « តើយើងនឹងត្រូវកាត់ក្ដីផ្អែកលើកត្តាមូលដ្ឋានអ្វីខ្លះ ? » សូមទុកពេលឲ្យសិស្សបួនប្រាំនាទីដើម្បីសិក្សាវគ្គដែលបានសរសេរនៅលើក្ដារខៀន ហើយបង្កើតជាចម្លើយចំពោះសំណួរនេះ ។ ក្រោយពីពីរបីនាទី សូមអញ្ជើញសិស្សឲ្យពិភាក្សាពីចម្លើយរបស់ពួកគេជាមួយនឹងបុគ្គលដែលអង្គុយនៅក្បែរពួកគេ ។ បន្ទាប់មក សូមសួរសិស្ស ៖
-
តើអ្នកបានរៀនអ្វីខ្លះអំពីថ្ងៃជំនុំជម្រះ ? ( សិស្សគួរតែរកឃើញនូវគោលលទ្ធិខាងក្រោម ៖ព្រះយេស៊ូវគ្រីស្ទ នឹងក្លាយជាចៅក្រមរបស់យើង ) ។
-
តើព្រះអង្គសង្គ្រោះនឹងកាត់សេចក្ដីយើងដោយផ្អែកលើកត្តាមូលដ្ឋានអ្វីខ្លះ ? ( ចម្លើយទាំងឡាយគួរតែរួមមានគោលលទ្ធិខាងក្រោម ៖ ព្រះអង្គសង្គ្រោះនឹងកាត់សេចក្ដីយើងស្របតាមពាក្យសម្ដី គំនិត និងទង្វើរបស់យើង ហើយនិងបំណងប្រាថ្នានៃដួងចិត្តរបស់យើង ) ។
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមឮៗដោយអែលឌើរ រីឆាត ជី ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ចៅហ្វាយរបស់យើងបានរស់នៅជីវិតមួយយ៉ាងឥតខ្ចោះ ដោយគ្មានអំពើបាប ហើយហេតុដូច្នេះ ទ្រង់មានសេរីភាពពីការទាមទារឲ្យមានយុត្តិធម៌ ។ ទ្រង់ល្អឥតខ្ចោះក្នុងរាល់គុណសម្បត្តិរួមមាន សេចក្ដីស្រឡាញ់ សេចក្ដីមេត្តាករុណា ការអត់ធ្មត់ ការគោរពប្រតិបត្តិ ការអភ័យទោស និងការបន្ទាបខ្លួន ។ …
« ខ្ញុំសូមថ្លែងទីបន្ទាល់ថា ដោយការរងទុក្ខ និងការឈឺចាប់ដែលមិនអាចស្រមៃបាននៅក្នុងតម្លៃដែលមិនអាចគណនាបាន នោះព្រះអង្គសង្គ្រោះបានទទួលនូវសិទ្ធិរបស់ទ្រង់ដើម្បីធ្វើជាព្រះប្រោសលោះរបស់យើង អ្នកសម្របសម្រួលរបស់យើង ចៅក្រមចុងក្រោយរបស់យើង» ( « The Atonement Can Secure Your Peace and Happiness »Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៤២ ) ។
-
តើការដឹងថា ព្រះយេស៊ូវគ្រីស្ទនឹងក្លាយជា « ចៅក្រមចុងក្រោយ » របស់យើងនឹងប៉ះពាល់ដល់អារម្មណ៍របស់អ្នកអំពីការកាត់សេចក្ដីចុងក្រោយដោយរបៀបណា ?
សូមលើកទឹកចិត្តសិស្សឲ្យសរសេរសំណួរខាងក្រោមនេះនៅលើកាត ឬក្រដាសតូចមួយ ហើយដាក់វានៅកន្លែងដែលងាយមើលឃើញមួយ ៖ តើខ្ញុំនឹងអនុញ្ញាតឲ្យព្រះយេស៊ូវគ្រីស្ទសោយរាជ្យនៅក្នុងជីវិតរបស់ ខ្ញុំនាថ្ងៃនេះដោយរបៀបណា ?
ការអានរបស់សិស្ស
-
ជំពូកទី ៤៥ « សហសវត្សរ៍ » គោលការណ៍ទាំងឡាយនៃដំណឹងល្អ [ ឆ្នាំ ឆ្នាំ ២០០៩ ] ទំព័រ ២៦៣–៦៧ ។
-
ជំពូកទី ៤៦ « ការជំនុំជំរះលើកចុងក្រោយ » គោលការណ៍ទាំងឡាយនៃដំណឹងល្អ [ ឆ្នាំ ២០០៩ ] ទំព័រ ២៦៨–៧៤ ។