មេរៀនទី ៧
ព្រះយេស៊ូវគ្រីស្ទ—ព្រះរាជបុត្រាបង្កើតតែមួយនៅក្នុងសាច់ឈាម
សេចក្ដីផ្ដើម
កាលពីបុរាណ ដំណឹងនៃការប្រសូតរបស់ព្រះអង្គសង្គ្រោះ គឺជាដំណឹងល្អដ៏រីករាយមួយដែលត្រូវបានប្រកាសដោយមនុស្សជាច្រើន—ព្រះបានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់មកប្រោសលោះពិភពលោកនេះ ។ « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » ប្រកាសថា ព្រះយេស៊ូវគឺជា « ព្រះរាជបុត្រាច្បងបង្អស់នៃព្រះវរបិតា ជាព្រះរាជបុត្រាបង្កើតតែមួយនៅក្នុងសាច់ឈាម ជាព្រះដ៏ប្រោសលោះនៃពិភពលោក » ( Ensign ឬ លីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ២–៣ ) ។ នៅក្នុងមេរៀននេះ សិស្សនឹងដឹងពីមូលហេតុដែលវាសំខាន់ក្នុងកាលដែលដឹងថាព្រះយេស៊ូវបានប្រសូតពីម្ដាយដែលមានជីវិតរមែងស្លាប់ និងពីព្រះ បិតាជាព្រះអមតៈ ។
ការអានពីសាវតា
-
រ៉ូបឺត អ៊ី វ៉េលស៍ « Our Message to the World » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ៦៥–៦៦ ។
យោបល់សម្រាប់ការបង្រៀន
ម៉ាថាយ ១:១៨–២៤; លូកា ១:២៦–៣៥; ម៉ូសាយ ៣:៧–៨
« ព្រះរាជបុត្រាបង្កើតតែមួយនៃព្រះវរបិតា »
សូមចាប់ផ្ដើមថ្នាក់ដោយការបង្ហាញវីដេអូនេះ « The Nativity » (២:៥៩) ។ ( សូមទាញវាចេញពីអ៊ិនធើណិត ហើយចាក់បង្ហាញវីដេអូនេះ មុនចាប់ផ្ដើមថ្នាក់ ) ។
ក្រោយពីមើលវីដេអូរួចហើយ សូមសួរ ៖
-
តើចំណុចមួយចំនួននៃការប្រសូតរបស់ព្រះអង្គសង្គ្រោះណា ដែលសំខាន់ដល់អ្នក ហើយតើហេតុអ្វី ?
សូមប្រាប់សិស្សថា នៅក្នុងមេរៀននេះ ពួកគេនឹងពិភាក្សាពីផ្នែកមួយនៃការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទ ដែលសំខាន់ដល់ការយល់ដឹងអំពីសមត្ថភាពរបស់ព្រះអង្គសង្គ្រោះ ដើម្បីបំពេញតាមតួនាទីរបស់ទ្រង់នៅក្នុងផែនការរបស់ព្រះវរបិតា ។
សូមអញ្ជើញឲ្យសិស្សម្នាក់អាន ម៉ាថាយ ១:១៨–១៩ ឮៗហើយសូមឲ្យសិស្សក្នុងថ្នាក់ស្រមៃពីស្ថានភាពដែលខគម្ពីរទាំងនេះរៀបរាប់ ។ ( កំណត់ចំណាំ ៖ ការស្រមៃ គឺជាជំនាញនៃការសិក្សាព្រះគម្ពីរមួយ ដែលអាចជួយឲ្យដំណើររឿងព្រះគម្ពីរមួយកាន់តែជាក់ច្បាស់ និងពិតប្រាកដ ) ។ បន្ទាប់មក សូមសួរសិស្សថា តើពួកគេអាចមានអារម្មណ៍យ៉ាងណាដែរ ប្រសិនបើពួកគេឃើញថាខ្លួនគេនៅក្នុងស្ថានភាពមួយស្រដៀងទៅនឹងស្ថានភាពរបស់លោក យ៉ូសែប ។ សូមឲ្យសិស្សអាន ម៉ាថាយ ១:២០–២៤ ដោយស្ងាត់ស្ងៀម និងរកមើលមូលហេតុដែលលោក យ៉ូសែប បានសម្រេចចិត្តមិន « លែង [ ម៉ារា ] ចេញដោយសម្ងាត់វិញ » ( ខទី ១៩) មានន័យថា ការរំសាយការភ្ជាប់ពាក្យនឹងម៉ារាជាសម្ងាត់ ។ ( កំណត់ចំណាំ ៖ ការឲ្យនិយមន័យពាក្យ និងឃ្លាពិបាក នឹងជួយសិស្សឲ្យយល់ពីព្រះគម្ពីរ ។ សម្រាប់ខគម្ពីរទាំងនេះ អ្នកអាចប្រើនូវការពន្យល់ដូចខាងក្រោមនេះ ៖ (១) ឈ្មោះ ព្រះយេស៊ូវ [ យេស៊ូវ ជាភាសាអារ៉ាមិក ] មានន័យថា « ព្រះយេហូវ៉ាគឺជាសេចក្ដីសង្គ្រោះ » ឬ « ព្រះយេហូវ៉ាសង្គ្រោះ » , (២) ព្រះគម្ពីរបានសំដៅទៅលើ ម៉ាថាយ ១:២២–២៣ ថាជា អេសាយ ៧:១៤និង (៣) ឈ្មោះ អេម៉ាញូអែល មានន័យថា « ព្រះគង់នៅជាមួយនឹងយើង » ) ។
សូមអញ្ជើញឲ្យសិស្សម្នាក់អាន លូកា ១:២៦–៣០ ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយស្វែងរកអ្វីដែលវគ្គនេះបង្រៀនអំពីម៉ារា ។ សូមឲ្យសិស្សពន្យល់ពីអ្វីដែលពួកគេរកឃើញ ។ បន្ទាប់មក សូមឲ្យសិស្សម្នាក់អាន លូកា ១:៣១–៣៥ ឮៗ ខណៈពេលដែលសិស្សផ្សេងទៀតមើលតាម ។ សូមសួរ ៖
-
តើខគម្ពីរទាំងនេះបញ្ជាក់ថា នរណាជាព្រះបិតារបស់ព្រះយេស៊ូវ ដោយរបៀបណា ?
សូមគូសដ្យាក្រាមខាងក្រោមនេះនៅលើក្ដារខៀន ៖
សូមសួរសមាជិកក្នុងថ្នាក់នូវសំណួរខាងក្រោមនេះ ៖
-
តើអ្វីជាលក្ខណៈខាងសាច់ឈាម ដែលអ្នកកាត់ពីឪពុករបស់អ្នក ? តើអ្វីជាលក្ខណៈខាងសាច់ឈាម ដែលអ្នកកាត់ពីម្ដាយរបស់អ្នក ?
សូមបន្ថែមចម្លើយរបស់សិស្សទៅក្នុងដ្យាក្រាមនៅលើក្ដារខៀន ( សូមមើលឧទាហរណ៍អមមកជាមួយ ) ៖
សូមលុបដ្យាក្រាមមុនចេញ ហើយសូមគូសដូចខាងក្រោមលើក្ដារខៀន ៖
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ អែលឌើរ ជេម អ៊ិ ថាល់មេហ្គ ( ឆ្នាំ ១៨៦២–១៩៣៣ ) នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« ទារកដែលត្រូវកើតពីម៉ារានោះ គឺជាបុត្រាបង្កើតតែមួយរបស់អេឡូហិម ជាព្រះវរបិតាដ៏អស់កល្បជានិច្ច មិនបានរំលងនឹងច្បាប់ធម្មជាតិ ប៉ុន្ដែស្របតាមការសម្ដែងដ៏ខ្ពស់ជាងមួយវិញ … តាមធម្មជាតិរបស់ទ្រង់ វានឹងរួមបញ្ចូលគ្នានូវព្រះចេស្ដានៃភាពជាព្រះ ជាមួយនឹងសមត្ថភាព និងលទ្ធភាពនៃភាពខាងសាច់ឈាម ហើយការណ៍នេះ វាឆ្លងកាត់នូវការប្រតិបត្តិធម្មតានៃច្បាប់ជាមូលដ្ឋានក្នុងការបន្ដមរតក ដែលប្រកាសដោយព្រះ បង្ហាញដោយវិទ្យាសាស្ដ្រ និងទទួលស្គាល់ដោយទស្សនវិជ្ជា ដែលថាភាវៈរស់ទាំងអស់នឹងសាយឡើង—តាមពូជរបស់វា ។ បុត្រាយេស៊ូវ ត្រូវទទួលមរតកបន្ដខាងសាច់ឈាម សតិអារម្មណ៍ និងលក្ខណៈខាងវិញ្ញាណ និន្នាការ និងព្រះចេស្ដាដែលកាត់តាមឪពុកម្ដាយរបស់ទ្រង់—ដែលម្ខាងជាអង្គដ៏អមត និងមានសិរីល្អ—គឺព្រះ និងម្ខាងទៀតជាមនុស្ស—ស្ដ្រី » (Jesus the Christ, 3rd ed. [ ឆ្នាំ ១៩១៦ ], ទំព័រ ៨១ ) ។
-
តើលក្ខណៈសំខាន់អ្វី ដែលព្រះអង្គសង្គ្រោះបានបន្ដមរតកពីឪពុកម្ដាយរបស់ទ្រង់ម្ខាងៗនោះ ?
នៅពេលសិស្សឆ្លើយ សូមសរសេរនៅលើក្ដារខៀននៅក្រោមពាក្យ « ម៉ារា » នូវលក្ខណៈដែលព្រះយេស៊ូវគ្រីស្ទបានបន្ដមរតកពីម្ដាយរបស់ទ្រង់ ( ដូចជាជីវិតខាងសាច់ឈាម—សមត្ថភាពក្នុងការរងទុក្ខនឹងការឈឺចាប់ និងស្លាប់ខាងសាច់ឈាម ) ។ សូមសរសេរនៅក្រោមពាក្យ « ព្រះវរបិតាសួគ៌ » នូវលក្ខណៈដែលព្រះយេស៊ូវបានទទួលជាបន្ដមរតកពីព្រះវរបិតារបស់ទ្រង់ ដូចជា ព្រះចេស្ដានៃភាពជាព្រះ—អមតភាព ឬ ព្រះចេស្ដាដើម្បីរស់នៅជារៀងរហូត សូមមើល យ៉ូហាន ១០:១៧–១៨ ) ។
បន្ទាប់មក សូមអញ្ជើញឲ្យសិស្សម្នាក់អាន ម៉ូសាយ ៣:៧–៨ ឮៗ ។ សូមសួរ ៖
-
ហេតុអ្វីបានជាព្រះអង្គសង្គ្រោះត្រូវការព្រះចេស្ដាទាំងពីរ ទាំងជីវិតរមែងស្លាប់ និងជីវិតអមតដើម្បីបំពេញនូវដង្វាយធួន ? ( នៅពេលសិស្សឆ្លើយ សូមប្រាកដថា ពួកគេយល់ពីសេចក្ដីពិតដូចខាងក្រោមនេះ ៖ ក្នុងនាមជា ព្រះរាជបុត្រាបង្កើតតែមួយរបស់ព្រះនៅក្នុងសាច់ឈាម នោះព្រះយេស៊ូវគ្រីស្ទមានលទ្ធភាពអាចសម្ដែងនូវពលិកម្មដ៏ធួន ដែលតម្រូវឲ្យទ្រង់ស៊ូទ្រាំច្រើនជាងមនុស្សធម្មតាអាចធ្វើបាន ហើយដូច្នេះ ទ្រង់បំពេញតាមតួនាទីរបស់ទ្រង់នៅក្នុងផែនការរបស់ព្រះបិតា ។ បន្ថែមលើនេះ ដោយសារព្រះយេស៊ូវបានមានអំណាចលើសេចក្ដីស្លាប់ នោះទ្រង់បានមានសមត្ថភាពដើម្បីរស់ឡើងវិញពីសេចក្ដីស្លាប់ ។ សូមប្រាកដថា សិស្សយល់ថា ប្រសិនបើព្រះយេស៊ូវគ្រីស្ទបានប្រសូតពីឪពុកម្ដាយជាមនុស្សមានជីវិតរមែងស្លាប់ទាំងពីរ នោះទ្រង់មិនអាចយកឈ្នះលើសេចក្ដីស្លាប់ ឬស៊ូទ្រាំនឹងការឈឺចាប់ និងការរងទុក្ខដ៏និរន្ដរ៍នៃដង្វាយធួនមិនរួចឡើយ ។ ប្រសិនបើទ្រង់ប្រសូតពីឪពុកម្ដាយជាព្រះអមតៈទាំងពីរ នោះទ្រង់មិនអាចរងនឹងការឈឺចាប់ និងសេចក្ដីស្លាប់ខាងសាច់ឈាមនោះឡើយ ) ។
ដើម្បីបញ្ជាក់ន័យបន្ថែមទៀតលើគោលលទ្ធិដ៏សំខាន់នេះ សូមចែកដល់សិស្សម្នាក់ៗនូវច្បាប់ចម្លងមួយនៃសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រ៉ូប៊ឺត អ៊ី វ៉េលស៍ នៃក្រុមចិតសិបនាក់ ហើយសូមឲ្យពួកគេមានពេលដើម្បីអាន និងសញ្ជឹងគិតអំពីគោលលទ្ធិនោះ ៖
« ភាពជាកូនព្រះរបស់ព្រះយេស៊ូវគ្រីស្ទ … គឺជាចំណុចសំខាន់នៃការយល់ដឹងអំពីផែនការនៃសេចក្ដីសង្គ្រោះទាំងមូល ។ ទ្រង់គឺជាព្រះរាជបុត្រាបង្កើតតែមួយនៃព្រះវរបិតានៅក្នុងជីវិតមុនឆាកជីវិតនេះ ហើយជាព្រះរាជបុត្រាបង្កើតតែមួយគត់របស់ព្រះវរបិតានៅលើផែនដីនេះ ។ ព្រះ ជាព្រះវរបិតាដ៏អស់កល្ប គឺជាឪពុកបង្កើតនៃព្រះអម្ចាស់របស់យើង ហើយជាព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ និងរបស់កូនចៅខាងវិញ្ញាណផ្សេងទៀតរបស់ទ្រង់ ។ …
«‹ ភាពជាកូនព្រះ › ក៏សំដៅលើទៅការក្លាយជា ‹ ព្រះរាជបុត្រាបង្កើតតែមួយនៅក្នុងសាច់ឈាម › ។ … មុខនាទីអាទិទេពនេះបញ្ជាក់ពីសារសំខាន់ថា ព្រះកាយខាងសាច់ឈាមរបស់ព្រះយេស៊ូវ គឺជាកូននៃម្ដាយជាមនុស្សមានជីវិតរមែងស្លាប់ និងពីឪពុកជាព្រះដ៏អស់កល្បអមតៈ ដែលភាពពិតនេះ សំខាន់ក្រៃលែងដល់ដង្វាយធួន ជាទង្វើដ៏ខ្ពង់ខ្ពស់មួយដែលមិនអាចសម្រេចបានដោយមនុស្សធម្មតាឡើយ ។ ព្រះគ្រីស្ទ បានមានព្រះចេស្ដាដើម្បីដាក់ចុះនូវព្រះជន្មរបស់ទ្រង់ ហើយមានព្រះចេសា្ដដើម្បីយកវាមកវិញ ដោយសារទ្រង់បានបន្ដមរតកភាពអមត ពីព្រះវរបិតាសួគ៌ ។ ចេញពីម៉ារា ម្ដាយរបស់ទ្រង់ ព្រះគ្រីស្ទបានទទួលបន្ដមរតកនូវជីវិតរមែងស្លាប់ ឬបានទទួលអំណាចដើម្បីអាចសុគត ។
« ដង្វាយធួនដ៏និរន្ដរ៍របស់ព្រះគ្រីស្ទនេះ និងភាពជាកូនព្រះរបស់ព្រះគ្រីស្ទទៅរួមជាមួយនឹងគ្នាដើម្បីបង្កើតគោលលទ្ធិដ៏សំខាន់បំផុតតែមួយគត់នៃអស់ទាំងពួកគ្រីស្ទានទាំងអស់ » ( « Our Message to the World » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ៦៥ ) ។
សូមបញ្ចប់ផ្នែកនៃមេរៀននេះ ដោយការសួរសំណួរខាងក្រោមនេះ ៖
-
តើការទទួលស្គាល់លក្ខណៈដែលព្រះយេស៊ូវ ទទួលបានជាពីម៉ារា នឹងជួយអ្នកឲ្យទុកចិត្ត និងមានសេចក្ដីជំនឿលើព្រះអង្គសង្គ្រោះដោយរបៀបណា ?
-
តើការទទួលស្គាល់លក្ខណៈដែលព្រះយេស៊ូវ ទទួលបានពីព្រះវរបិតាសួគ៌ នឹងជួយអ្នកឲ្យទុកចិត្ត និងមានសេចក្ដីជំនឿលើព្រះអង្គសង្គ្រោះដោយរបៀបណា ?
នីហ្វៃទី ១ ១១:១៣–២១
នីហ្វៃបានឃើញការយាងចុះមកនៃព្រះ
សូមប្រាប់សិស្សថា យើងអាននៅក្នុងព្រះគម្ពីរមរមនថា នីហ្វៃបានឃើញការនិមិត្តមួយ ដែលក្នុងនោះលោកបានរៀនអំពីឪពុកម្ដាយរបស់ព្រះយេស៊ូវគ្រីស្ទ ។ យើងអាចរៀនពីសេចក្ដីពិតបន្ថែមទៀតចេញពីការនិមិត្តរបស់លោក ។ សូមអញ្ជើញឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗពី នីហ្វៃទី ១ ១១:១៣–២១ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ទាំងអស់ឲ្យអានតាម ដោយរកមើលគោលលទ្ធិដ៏សំខាន់ទាំងឡាយ ដែលត្រូវបានបង្រៀននៅក្នុងវគ្គនេះ ។ សូមពន្យល់ថា នៅក្នុងបរិបទនេះ ពាក្យ ការយាងចុះមក មានន័យថា ចុះមកពីទីខ្ពស់ជាងមួយទៅកន្លែង ឬស្ថានភាពដ៏ទាបជាង ឬស្មានថាជាកន្លែងដែលមិនល្អជាង ។
-
តើនីហ្វៃបានដឹងថា តើនរណាជាឪពុកម្ដាយរបស់ព្រះយេស៊ូវគ្រីស្ទឬទេ ? ( សិស្សគួររកឃើញនូវគោលលទ្ធិដូចខាងក្រោមនេះ ៖ ព្រះ ជាព្រះដ៏អស់កល្បជានិច្ច និងម៉ារា គឺជាឪពុកម្ដាយរបស់ព្រះយេស៊ូវគ្រីស្ទខាងសាច់ឈាម ។ )
-
នៅពេលអ្នកពិចារណាពីមេរៀននេះនៅក្នុងវគ្គសិក្សាកន្លងមក ហេតុអ្វីបានជាការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទ ត្រូវបានចាត់ទុកថាជាផ្នែកនៃការយាងចុះមករបស់ទ្រង់ ?
សូមបង្ហាញនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយបងប្រុស ធែត អរ ខាលីស្ទើរ ជាប្រធានសាលាថ្ងៃអាទិត្យទូទៅ ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« ព្រះ ជាព្រះរាជបុត្រា បានប្ដូរព្រះដំណាក់ឯស្ថានសួគ៌របស់ទ្រង់ជាមួយនឹងអ្វីៗទាំងអស់នៃការតុបតែងខាងសេឡេស្ទាល សម្រាប់ទីលំនៅនៃជីវិតរមែងស្លាប់មួយជាមួយនឹងអន្ទាក់ពីដើមដំបូងទាំងអស់ ។ ទ្រង់ ‹ មហាក្សត្រនៃស្ថានសួគ៌› (អាលម៉ា ៥:៥០) ‹ ព្រះអម្ចាស់ដ៏មានគ្រប់ព្រះចេស្ដា ទ្រង់សោយរាជ្យ › (ម៉ូសាយ ៣:៥) បានចាកចេញពីបល្ល័ងមួយដើម្បីទទួលបានជាស្នូកទៅវិញ ។ ទ្រង់បានផ្លាស់ប្ដូរព្រះចេស្ដានៃព្រះ ទៅនឹងការអាស្រ័យរបស់ទារកមួយ ។ … វាគឺជាការជួញមួយ ដែលមិនមានកម្រិតស៊ីគ្នា ។ … ព្រះយេហូវ៉ាដ៏អស្ចារ្យ ព្រះដ៏បង្កបង្កើតនៃពិភពលោកទាំងឡាយដែលមិនអាចរាប់បាន ដែលនិរន្ដរ៍ទាំងខាងគុណធម៌ និងព្រះចេស្ដា បានយាងចុះមកក្នុងពិភពលោក ក្នុងកំណាត់ទារក និងស្នូក » (The Infinite Atonement [ ឆ្នាំ ២០០០ ] ទំព័រ ៦៤ ) ។
ដើម្បីជួយសិស្សយល់ពីរបៀបដែលការប្រសូតខាងសាច់ឈាមរបស់ព្រះយេស៊ូវគ្រីស្ទ ក៏ជាផ្នែកនៃការយាងចុះមកនៃព្រះ ជាព្រះវរបិតាដែរ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមឮៗ ដោយអែលឌើរ ប្រ៊ូស អរ ម៉ាក់ខន់ឃី ( ឆ្នាំ១៩១៥–៨៥ ) នៃកូរ៉ូមនៃពួកសាវកដប់ពីរនាក់ ៖
« ការយាងចុះមកនៃព្រះ ( មានន័យថា ព្រះវរបិតា ) ការពិត រួមមានថា ទោះបីជាទ្រង់មានតួអង្គមានភាព តំកើង ល្អឥតខ្ចោះ ដ៏រុងរឿងក្ដី ក៏ទ្រង់បានក្លាយជាព្រះបិតាផ្ទាល់ និងបង្កើតរបស់បុត្រខាងសាច់ឈាម ដែលប្រសូតពីម្ដាយជាមនុស្សមានជីវិតរមែងស្លាប់ » (Mormon Doctrine, ការបោះពុម្ពលើកទី២. [ ឆ្នាំ ១៩៦៦ ] ទំព័រ ១៥៥ ) ។
សូមបញ្ចប់ដោយការសួរសិស្ស អំពីគំនិត និងអារម្មណ៍ដែលពួកគេមាន សម្រាប់ព្រះអង្គសង្គ្រោះ នៅពេលពួកគេពិចារណាអំពីការយាងចុះមករបស់ទ្រង់ និងធម្មជាតិដ៏អព្ភូតហេតុនៃការប្រសូតរបស់ទ្រង់ ។ សូមសួរពួកគេខ្លះ បើពួកគេចង់ចែកចាយទីបន្ទាល់របស់ពួកគេអំពីព្រះអង្គសង្គ្រោះ ជាសេចក្ដីបញ្ចប់នៃមេរៀនថ្ងៃនេះក្នុងថ្នាក់ ។
ការអានរបស់សិស្ស
-
ម៉ាថាយ ១:១៨–២៤; លូកា ១:២៦–៣៥; យ៉ូហាន ១០:១៧–១៨; នីហ្វៃទី ១ ១១:១៣–២១; ម៉ូសាយ ៣:៧–៨ ។
-
រ៉ូបឺត អ៊ី វ៉េលស៍ « Our Message to the World » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ៦៥–៦៦ ។