មេរៀនទី ៨
ព្រះយេស៊ូវគ្រីស្ទ បានបំពេញនូវអស់ទាំងសេចក្ដីសុចរិត
សេចក្ដីផ្ដើម
ព្រះយេស៊ូវគ្រីស្ទ ទ្រង់បានរស់នៅជីវិតមួយដ៏ល្អឥតខ្ចោះ ដោយការចុះចូលទៅតាមព្រះឆន្ទៈរបស់ព្រះវរបិតាសួគ៌ ក្នុងគ្រប់ការណ៍ទាំងអស់ ។ ព្យាការីសម័យទំនើបបានថ្លែងទីបន្ទាល់ថា « ទោះជាព្រះអង្គគ្មានបាបក៏ដោយ ក៏[ ព្រះយេស៊ូវគ្រីស្ទ ] បានទទួលបុណ្យជ្រមុជទឹកដើម្បីបំពេញនូវអស់ទាំងសេចក្ដីសុចរិតដែរ » ( « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » Ensign ឬ លីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ២ ) ។ ដូចជាព្រះអង្គសង្គ្រោះដែរ យើងនឹងបំពេញអស់ទាំងសេចក្ដីសុចរិត នៅពេលយើងចុះចូលចំពោះពិធីបរិសុទ្ធ និងសេចក្ដីសញ្ញានានានៃដំណឹងល្អដ៏អស់កល្ប ។ មេរៀននេះ រុករកពីរបៀបដែលព្រះអង្គសង្គ្រោះ បានចុះចូលទៅតាមដំណឹងល្អដ៏អស់កល្ប និងពីរបៀបដែលយើងអាចធ្វើតាមគំរូរបស់ទ្រង់ ។
ការអានពីសាវតា
-
រ៉ូបឺត ឌី ហែល « The Covenant of Baptism: To Be in the Kingdom and of the Kingdom » Ensign, ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៦–៩ ។
យោបល់សម្រាប់ការបង្រៀន
ម៉ាថាយ៣:១៣–១៧; នីហ្វៃទី ២ ៣១:៤–៩
បុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវគ្រីស្ទ
សូមឲ្យសិស្សពិចារណាអំពីស្ថានភាពដូចខាងក្រោមនេះ ៖
អំឡុងពេលការសន្ទនាជាមួយនឹងមិត្តភក្ដិម្នាក់អំពីសាសនា ប្រធានបទស្ដីពីបុណ្យជ្រមុជទឹកក៏លេចចេញមក ។ ក្រោយពីអ្នកពន្យល់ពីមូលហេតុដែលយើងបានទទួលបុណ្យជ្រមុជទឹកហើយ មិត្តភក្ដិរបស់អ្នកក៏សួរថា « ខ្ញុំយល់ថា យើងត្រូវទទួលបានបុណ្យជ្រមុជទឹកដើម្បីត្រូវបានសម្អាតចេញពីអំពើបាប ។ ប៉ុន្ដែ ព្រះយេស៊ូវ ទ្រង់ល្អឥតខ្ចោះ ទ្រង់មិនបានមានអំពើបាបនោះទេ ។ ដូច្នេះ តើហេតុអ្វីបានជាទ្រង់ត្រូវទទួលបុណ្យជ្រមុជទឹកដែរ ?
សូមទុកពេលមួយសន្ទុះឲ្យសិស្សពិចារណាអំពីសំណួរនេះ ហើយបន្ទាប់មក សូមឲ្យពួកគេឆ្លើយតប ។
បន្ទាប់ពីការពិភាក្សាខ្លះៗហើយ សូមឲ្យសិស្សម្នាក់អាន ម៉ាថាយ៣:១៣–១៧ ឮៗ ឬសូមបង្ហាញនូវ « ពិធីបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវគ្រីស្ទ » ( ២:៥៥ ) ចេញពី The Life of Jesus Christ Bible Videos ។ ( សូមទាញវាចេញពីអ៊ិនធើណិត ហើយចាក់បង្ហាញវីដេអូនេះ មុនចាប់ផ្ដើមថ្នាក់ ) ។ ប្រសិនបើអ្នកចាក់វីដេអូនេះ សូមអញ្ជើញឲ្យសិស្សមើលតាមនៅក្នុងព្រះគម្ពីររបស់គេ ។
បន្ទាប់ពីមើលវីដេអូរួច សូមសួរ ៖
-
តើព្រះយេស៊ូវមានមូលហេតុអ្វីខ្លះ ចំពោះការជ្រមុជទឹក ? ( សូមពិចារណាពីការសេរសេរនូវគោលលទ្ធិខាងក្រោមនេះនៅលើក្ដារខៀន ៖ ព្រះយេស៊ូវគ្រីស្ទ បានទទួលបុណ្យជ្រមុជទឹកដើម្បីបំពេញនូវអស់ទាំងសេចក្ដីសុចរិត ។)
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដែរ ដែលព្រះយេស៊ូវត្រូវជ្រមុជទឹកដើម្បី « បំពេញនូវអស់ទាំងសេចក្ដីសុចរិត » នោះ ? ( ម៉ាថាយ ៣:១៥ ) ។
ដើម្បីជួយសិស្សឲ្យឆ្លើយនឹងសំណួរនេះ សូមផ្តល់ជាពេលវេលាខ្លះ ដើម្បីឲ្យពួកគេស្រាវជ្រាវក្នុងព្រះគម្ពីរខ្លួន ។ អ្នកអាចស្នើថា ពួកគេគួរសរសេរ នីហ្វៃទី ២ ៣១:៤–៩ នៅគែមទំព័រនៃព្រះគម្ពីររបស់គេក្បែរ ម៉ាថាយ ៣:១៥ ។ សូមឲ្យសិស្សអាន នីហ្វៃទី ២ ៣១:៥–៦ ដោយស្ងាត់ស្ងៀម ដោយកត់ចំណាំនូវសំណួរដែលនីហ្វៃបានសួរ ។ ក្រោយពីបានផ្តល់ពេលវេលាគ្រប់គ្រាន់ហើយ សូមពន្យល់ថា នីហ្វៃបានឆ្លើយទៅនឹងសំណួរនេះនៅក្នុង នីហ្វៃទី ២ ៣១:៧–៩ ។ សូមឲ្យសិស្សម្នាក់អានគម្ពីរទាំងនេះឮៗ ហើយសូមឲ្យសិស្សក្នុងថ្នាក់មើលតាម ហើយរកមើលរបៀបដែលព្រះអង្គសង្គ្រោះបានបំពេញនូវអស់ទាំងសេចក្ដីសុចរិតដោយការទទួលបុណ្យជ្រមុជទឹក ។ អ្នកអាចស្នើថា ពួកគេគួរគូសចំណាំអ្វីដែល ពួកគេរកឃើញ ។ នៅពេលសិស្សចែកចាយអ្វីដែលពួកគេបានរកឃើញហើយ សូមសរសេរប្រយោគខាងក្រោមនៅលើក្ដារខៀន ៖
( កំណត់ចំណាំ ៖ សកម្មភាពនេះ នឹងអនុញ្ញាតឲ្យសិស្សអនុវត្តជំនាញការសិក្សាព្រះគម្ពីររបស់គេ ដោយការធ្វើបញ្ជី ដោយជួយពួកគេឲ្យរកឃើញនូវចំណុចគន្លឹះ ដែលអ្នកសរសេរមានបំណងចង់សង្កត់ធ្ងន់ ) ។
សូមរំឭកសិស្សអំពីសំណួរដែលលោកនីហ្វៃបានសួរ (សូមមើល ខទី ៦ ) ។ បន្ទាប់មក សូមសួរ ៖
-
ដោយចាំទុកអ្វីដែលបានសរសេរនៅលើក្ដារខៀន តើការជ្រមុជទឹករបស់ព្រះយេស៊ូវគ្រីស្ទ ផ្ដល់ជាគំរូមួយនៃការធ្វើសេចក្ដីសុចរិត ដោយរបៀបណា ?
នៅពេលសិស្សឆ្លើយ សូមប្រាកដថា នឹងធ្វើតាមគំនិតដែលបានរកឃើញ និងបានពិភាក្សារួច ( អ្នកអាចជំនួសនូវពាក្យទាំងឡាយនៅលើក្ដារខៀនជាមួយនឹងឃ្លាទាំងនេះ ) ៖
សូមសួរសិស្សថា ៖
-
តើយើងអាចអនុវត្តតាមគំរូនៃសេចក្ដីសុចរិតរបស់ព្រះយេស៊ូវ នៅក្នុងជីវិតរបស់យើងផ្ទាល់ដោយរបៀបណា ?
សូមថ្លែងទីបន្ទាល់ដល់សិស្សរបស់អ្នកថា ព្រះយេស៊ូវ បានធ្វើតាមលក្ខខណ្ឌ និងកិច្ចព្រមព្រៀងទាំងអស់នៃផែនការរបស់ព្រះវរបិតាសួគ៌ ។ ជីវិតដ៏ល្អឥតខ្ចោះរបស់ទ្រង់ គឺជាគំរូមួយដែល យើងត្រូវតែធ្វើតាម ។
នីហ្វៃទី ២ ៣១:១០–២១
ការធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី ២ ៣១:១០–២១ ឮៗ ។ សូមសួរសិស្សថា ៖
-
នៅក្នុង ខទី ១០តើព្រះអង្គសង្គ្រោះបានអញ្ជើញយើងទាំងអស់គ្នាឲ្យធ្វើអ្វីខ្លះ ?
-
យោងតាមខគម្ពីរទាំងនេះ តើព្រះយេស៊ូវបានមានបន្ទូលថា យើងត្រូវតែធ្វើអ្វីខ្លះដើម្បីធ្វើតាមទ្រង់ ?
សូមឲ្យសិស្សអាន នីហ្វៃទី ២ ៣១:១៦–១៧ ដោយស្ងាត់ស្ងៀម ។ បន្ទាប់មក សូមសួរ ៖
-
តើមានអ្វីផ្សេងទៀត ដែលយើងត្រូវធ្វើ ដើម្បីធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ?
-
តើវាមានន័យយ៉ាងណាដែរ ក្នុងការស៊ូទ្រាំដល់ទីបំផុត ហើយធ្វើតាម « គំរូនៃព្រះរាជបុត្រារបស់ព្រះដ៏មានព្រះជន្មរស់នៅ » ? ( ខទី ១៦ ) ។ ( អ្នកអាចសង្កត់ន័យលើពាក្យ ធ្វើ នៅក្នុង ខទី ១៧ ។ សូមបញ្ជាក់ន័យលើគោលការណ៍ដូចខាងក្រោមផងដែរ ៖ នៅពេលយើងធ្វើតាមគំរូរបស់ព្រះយស៊ូវគ្រីស្ទ នោះយើងអាចបំពេញនូវអស់ទាំងសេចក្ដីសុចរិត ដូចជាទ្រង់បានធ្វើដូច្នោះដែរ ។ )
សូមពន្យល់ដល់សិស្សថា ព្រះគម្ពីរដែលពួកគេបានអាននៅក្នុង នីហ្វៃទី ២ ៣១ រួមមាននូវសារៈសំខាន់នៃដំណឹងល្អដ៏អស់កល្ប ដែលព្រះវរបិតាសួគ៌បានស្ថាបនាឡើង មុនពេលទ្រង់បង្កបង្កើតផែនដីនេះ ។
សូមឲ្យសិស្សវិភាគ រ៉ូម ៦:៣–៦ដោយរកមើលពាក្យ ឬ ឃ្លាគន្លឹះដែលបញ្ជាក់ថា ការធ្វើតាមគំរូរបស់ព្រះយស៊ូវគ្រីស្ទ តម្រូវឲ្យមានហួសពីការជ្រមុជទឹកទៅទៀត ។ អ្នកអាចស្នើថា សិស្សគួរគូសចំណាំអ្វីដែលពួកគេរកឃើញ ។
សូមចែកដល់សិស្សនូវច្បាប់ចម្លងមួយនៃសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយ អែលឌើរ រ៉ូបឺត ឌី ហែលស៍ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសូមឲ្យពួកគេអានវាដោយស្ងាត់ស្ងៀម ។ សូមឲ្យពួកគេពិចារណាពីរបៀបដែលពិធីបុណ្យជ្រមុជទឹករបស់ពួកគេផ្ទាល់ មានឥទ្ធិពលដល់ជីវិតរបស់ពួកគេ ។
« នៅពេលយើងយល់ពីសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់យើង និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ នោះវានឹងផ្លាស់ប្ដូរជីវិតរបស់យើង ហើយវានឹងស្ថាបនានូវភក្ដីភាពទាំងស្រុងរបស់យើងចំពោះនគរនៃព្រះ ។ នៅពេលការល្បួងជ្រៀតចូលមកក្នុងផ្លូវរបស់យើង ប្រសិនបើយើងនឹងស្ដាប់តាមព្រះវិញ្ញាណបរិសុទ្ធ នោះទ្រង់នឹងរំឭកយើងថា យើងបានសន្យាថា ចងចាំដល់ព្រះអង្គសង្គ្រោះរបស់យើង ហើយថានឹងគោរពតាមព្រះបញ្ញត្តិរបស់ព្រះ ។ …
« នៅពេលយើងធ្វើតាមគំរូរបស់ព្រះយេស៊ូវ នោះយើងផងដែរ នឹងបង្ហាញថា យើងនឹងប្រែចិត្ត ហើយស្ដាប់បង្គាប់ក្នុងការគោរពតាមព្រះបញ្ញត្តិរបស់ព្រះវរបិតារបស់យើង ដែលគង់នៅលើស្ថានសួគ៌ ។ យើងបន្ទាបខ្លួនយើងដោយមានចិត្តសង្រេង និងវិញ្ញាណទន់ទាប នៅពេលយើងទទួលស្គាល់នូវអំពើបាបរបស់យើង ហើយស្វែងរកការអភ័យទោសចំពោះការរំលងរបស់យើង ( សូមមើល នីហ្វៃទី ៣ ៩:២០ ) ។ យើងធ្វើសេចក្ដីសញ្ញាថា យើងនឹងមានឆន្ទៈក្នុងការលើកដាក់មកលើខ្លួនយើងនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ និងតែងតែចងចាំដល់ទ្រង់ជានិច្ច ។ …
« … ខ្ញុំអធិស្ឋានថា យើងម្នាក់ៗដែលជាសមាជិកនៃនគររបស់ទ្រង់ នឹងយល់ថា ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់របស់យើង គឺជាទ្វារចូល ទៅក្នុង នគររបស់ទ្រង់ ។ នៅពេលយើងចូលទៅ យើងធ្វើសេចក្ដីសញ្ញាថានឹង នៅក្នុង នគររបស់ទ្រង់—ជារៀងរហូតទៅ ! » ( « The Covenant of Baptism: To Be in the Kingdom and of the Kingdom » Ensign, ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៧–៨, ៩ ) ។
សូមសួរសិស្សនូវសំណួរខាងក្រោមនេះ ៖
-
តើការទទួលបុណ្យជ្រមុជទឹកបានជួយដល់អ្នកឲ្យធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ក្នុងការបំពេញនូវអស់ទាំងសេចក្ដីសុចរិតដោយរបៀបណា ?
សូមផ្ដល់ពេលឲ្យសិស្ស ដើម្បីគិតអំពីកម្រិតដែលពួកគេកំពុងបំពេញតាមបទដ្ឋាននៃសេចក្ដីសុចរិត ដែលត្រូវបានបង្ហាញដោយព្រះអង្គសង្គ្រោះនៅឯពិធីបុណ្យជ្រមុជទឹករបស់ទ្រង់ ។ សូមឲ្យសិស្សសញ្ជឹងគិតពីអ្វីបន្ថែមទៀត ដែលពួកគេអាចធ្វើបានដើម្បីបង្ហាញពីការគោរពតាមព្រះវរបិតាសួគ៌ ។
ការអានរបស់សិស្ស
-
រ៉ូបឺត ឌី ហែល « The Covenant of Baptism: To Be in the Kingdom and of the Kingdom » Ensign, ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៦–៩ ។