ឆ្នាំ ២០១០-២០១៩
ទ្រង់​ជា​ពន្លឺ​ខ្ញុំ
ខែ មេសា 2015


16:30

ទ្រង់​ជា​ពន្លឺ​ខ្ញុំ

លទ្ធភាព​របស់​យើង​ដើម្បី​ឈរ​រឹងមាំ និង​ពិតត្រង់ ហើយ​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ​ដោយ​ពុំ​គិត​អំពី​ដំណើរ​ប្រែប្រួល​នៃ​ជីវិត គឺ​ត្រូវ​បាន​ពង្រឹង​យ៉ាង​អស្ចារ្យ​ដោយ​ក្រុមគ្រួសារ​សុចរិត និង​សាមគ្គីភាព​ដែល​ផ្ដោត​លើ​ព្រះគ្រីស្ទ​នៅក្នុង​វួដ និង​សាខា ។

នា​រដូវ​បុណ្យ​អ៊ីស្ទើរ​នេះ យើង​គិត ហើយ​រីករាយ​ចំពោះ​ការប្រោសលោះ ដែល​បាន​ប្រទាន​ដោយ​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ។

សម្រែក​ដែលឮ​ខ្ទរខ្ទារ​ពេញ​ផែនដី ដោយសារ​តែ​សេចក្ដី​ទុច្ចរិត​នៃលោកិយ បាន​បង្កើត​ឲ្យ​មាន​អារម្មណ៍​នៃ​ភាព​ឥត​ថ្លៃថ្នូរ ។ តាម​រយៈ​ទំនាក់ទំនង​សម័យ​ទំនើប ឥទ្ធិពល​នៃ​ភាពទុចរិត វិសមភាព និង ភាពអយុត្តិធម៌ បន្សល់​ទុក​នូវ​អារម្មណ៍​ជាច្រើន​ដែល​ថា ជីវិត​ពុំ​យុត្តិធម៌ ។ ទោះជា​ការសាកល្បង​ទាំងនេះ​កើត​មាន​ក្ដី ពួកវា​ពុំ​អាច​បង្អាក់​យើង​ពី​ការរីករាយ និង ការប្រារព្ធ​នឹកចាំ​ពី​ការទូលអង្វរ​ដ៏​ទេវភាព​នៃ​គ្រីស្ទ​ជំនួស​ឲ្យ​យើង​បាន​ឡើយ ។ ព្រះអង្គ​សង្គ្រោះ « បាន​ឈ្នះ​លើ​សេចក្ដី​ស្លាប់ » ។ ដោយ​ចិត្ត​ក្ដួល​មេត្តា និង ប្រោសប្រណី ទ្រង់​បាន​ទទួល​មក​លើ​អង្គ​ទ្រង់​នូវ​អំពើ​ទុច្ចរិត និង ការរំលង ដើម្បី​បាន​ប្រោសលោះ ហើយ​បាន​បំពេញ​ការទាមទារ​ទាំងឡាយ​នៃ​សេចក្ដី​យុត្តិធម៌ សម្រាប់​អ្នក​ដែល​ប្រែចិត្ត ហើយ​ជឿ​ដល់​ព្រះ​នាម​ទ្រង់ ។

ពលិកម្មធួន​ដ៏​លើសលុប​នៃ​ទ្រង់ មាន​សារៈសំខាន់​ហួស​ពី​ការស្មាន​របស់​មនុស្ស​ទៅ​ទៀត ។ ទង្វើ​នៃ​ព្រះគុណ​នេះ ប្រទាន​ឲ្យ​យើង​នូវ​ភាពសុខសាន្ត ដែល​លើស​ពី​ការយល់ដឹង​យើង​ទៅ​ទៀត ។

ដូច្នេះ តើ​យើង​អាច​ប្រឈម​មុខ​នឹង​តថភាព​ដ៏​ឃោរឃៅ​ជុំ​វិញ​ខ្លួន​យើង​យ៉ាង​ដូចម្ដេច ?

Some yellow flowers on a mound of dirt.

ភរិយា​ខ្ញុំ ម៉ារី ចូលចិត្ត​ផ្កា​ឈូក​រ័ត្ន ។ គាត់​រីករាយ​ក្នុង​ចិត្ត​កាល​ឃើញ​វា​ដុះ​នៅ​តាម​ផ្លូវ ជា​កន្លែង​ដែល​គាត់​គិត​ថា​វា​មិន​គួរ​ដុះ ។ មាន​ផ្លូវ​ដី​មួយ​ដែល​ទៅ​កាន់​ផ្ទះ​លោកតា​លោក​យាយ​ខ្ញុំ ។ កាល​យើង​ចាប់ផ្ដើម​ជិះ​ចូល​តាម​ផ្លូវ​នោះ ម៉ារី តែង​បន្លឺ​ថា « តើ​បង​គិត​ថា យើង​នឹង​ឃើញ​មាន​ផ្កា​ឈូក​រ័ត្ន​ដុះ​ទេ​នៅ​ថ្ងៃ​នេះ ? » យើង​ភ្ញាក់ផ្អើល​ដែល​បាន​ឃើញ ផ្កា​ឈូករ័ត្ន​ជា​ច្រើន រីក​ស្គុះ​ស្គាយ​ក្នុង​ដី​ដែល​ត្រូវ​បាន​ឈូសឆាយ​ដោយ​ត្រាក់ទ័រ​ចូក​ព្រិល និង ដោយ​សម្ភារ​ផ្សេងៗ​ទៀត ដែល​ដី​នោះ​មិន​គួរ​ឲ្យ​មាន​ផ្កា​អាច​ដុះ​បាន ។

Yellow flowers by some water

បន្ថែម​លើ​ការដុះ​ក្នុង​ដី​ដែល​មិន​ល្អ លក្ខណៈ​គួរ​ឲ្យ​កត់សម្គាល់​មួយ​នៃ​ផ្កា​ឈូករ័ត្ន​ដែល​នៅ​ខ្ចី គឺ​ជា​របៀប​ដែល​ពន្លក​ត្រួយ​នៃ​ផ្កា បែរ​ទៅ​តាម​ទិស​ព្រះអាទិត្យ​នៅ​ពី​លើ ។ ការធ្វើ​ដូចនេះ វា​ទទួល​បាន​ថាមពល​ចិញ្ចឹម​ពី​ព្រះអាទិត្យ​ពី​មុន​បញ្ចេញ​ផ្កា​ពណ៌​លឿង​ដ៏​ស្រស់​របស់​វា​មក ។

ដូចជា​ផ្កា​ឈូករ័ត្ន​នៅ​ខ្ចី​នេះ​ដែរ ពេល​យើង​ដើរតាម​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក​នេះ ដែល​ជា​បុត្រា​នៃ​ព្រះ នោះ​យើង​រីកចម្រើន ហើយ​មាន​សិរីល្អ ទោះជា​មាន​កាលៈទេសៈ​មិន​ល្អ​កើតឡើង​ជុំវិញ​ខ្លួន​យើង​ក្ដី ។ ទ្រង់​ពិត​ជា​ពន្លឺ និង ជា​ជីវិត​យើង ។

ក្នុង​រឿង​ប្រដូច​នៃ​ស្រូវ និង ស្រងែ ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​ដល់​ពួកសិស្ស​ទ្រង់​ថា អ្នក​ដែល​ប្រព្រឹត្ត​បាប និង អំពើ​ទុច្ចរិត នឹង​ត្រូវ​យក ចេញ ពី​ព្រះ​រាជនគរ​នៃ​ព្រះបិតា ។ ប៉ុន្តែ ទ្រង់​មាន​បន្ទូល​អំពី​អ្នក​សុចរិត​វិញ​ថា « គ្រានោះ ពួក​សុចរិត​នឹង​ភ្លឺ​ដូច​ជា​ថ្ងៃ នៅ​ក្នុង​នគរ​របស់​ព្រះវរបិតា​នៃ​គេ » ។ ក្នុង​នាម​ជា​សិស្ស​នៃ​ព្រះគ្រីស្ទ ចំពោះ​ការរស់នៅ​ក្នុង​ពិភពលោក​ដ៏​ឃោរឃៅ​ដែល​មាន​ភាពចលាចល យើង​អាច​រីកចម្រើន ហើយ​លូតលាស់​ទៅ​មុខ​បាន ​នៅ​ពេល​យើង​ចាក់​ឫស​ក្នុង​ក្ដីស្រឡាញ់​នៃ​ព្រះអង្គ​សង្គ្រោះ ហើយ​ធ្វើតាម​ការបង្រៀន​នៃ​ទ្រង់​ដោយ​រាបសា ។

សមត្ថភាព​យើង​ក្នុង​ការឈរ​ឲ្យ​ខ្ជាប់ខ្ជួន និង ស្មោះត្រង់ ហើយ​ដើរតាម​ព្រះអង្គ​សង្គ្រោះ​ដោយ​មិន​គិត​ពី​ការប្រែប្រួល​ក្នុង​ជីវិត ត្រូវបាន​ពង្រឹង​យ៉ាង​រឹងមាំ​ដោយ​គ្រួសារ​សុចរិត និង សាមគ្គីភាព​ក្នុង​ព្រះគ្រីស្ទ នៅ​ក្នុង​វួដ និង សាខា ។

ម៉ោងនៅ​ឯ​ផ្ទះ

តួនាទី​ក្រុម​គ្រួសារ​ក្នុង​ផែនការ​ព្រះ​គឺ « នាំ​យក​សុភមង្គល​មក​ឲ្យ​យើង ដើម្បី​ជួយ​យើង​រៀន​គោលការណ៍​ដ៏​ត្រឹមត្រូវ​ក្នុង​បរិយាកាស​ដ៏​កក់ក្ដៅ​មួយ និង ដើម្បី​រៀបចំ​យើង​សម្រាប់​ជីវិត​ដ៏​អស់កល្ប​ជានិច្ច » ។ ប្រពៃណី​ដ៏​ផូរផង់​នៃ​ការប្រតិបត្តិ​សាសនា​ក្នុង​គេហដ្ឋាន ត្រូវតែ​ជា​មូលដ្ឋាន​គ្រឹះ​មួយ​ក្នុង​ជីវិត​កូនចៅ​យើង ។

ពូ​របស់​ខ្ញុំ វ៉ញ រ៉ូប៊ើត ឃឹមបឹល គឺ​ជា​សិស្ស​ពូកែ បាន​ចង់​ក្លាយ​ជា​អ្នក​និពន្ធ និង អ្នក​គប់​បាល់​ឱប​ឲ្យ​សាកល​វិទ្យាល័យ ប៊ី.វ៉ាយ.យូ ។ នៅ ថ្ងៃ​ទី ៨ ខែ ធ្នូ ឆ្នាំ ១៩៤១ គឺ​នៅ​ថ្ងៃ​បន្ទាប់​ពី​ការវាយ​ប្រហារ​លើ​តំបន់ ភើល ហារប៊ើរ គាត់​បាន​ចូល​បម្រើ​ជា​ទាហាន​ជើង​ទឹក​សហរដ្ឋ ។ នៅ​ពេល​ធ្វើ​លំហាត់​ដើម្បី​ចូល​បម្រើ​នៅ អាល់បានី រដ្ឋ នូវ យ៉ោក គាត់​បាន​សរសេរ​អត្ថបទ​មួយ​ទៅ​កាន់​ទស្សនាវដ្ដី Reader’s Digest ។ ទស្សនាវដ្ដី​នោះ​បាន​បង់​ប្រាក់​ឲ្យ​គាត់ ២០០ ដុល្លា ហើយ​បាន​បោះពុម្ព​អត្ថបទ​គាត់ ក្រោម​ចំណង​ចំណង​ជើង​ថា « ម៉ោង​នៅ​ឯ​ផ្ទះ » ចេញ​ក្នុង​ខែ ឧសភា ឆ្នាំ ១៩៤៤ ។

អត្ថបទ​ផ្ដល់​ទៅ​ទស្សនាវដ្ដី Reader’s Digest ដែល​គាត់​បាន​សរសេរ​ក្នុង​នាម​ជា​ទាហាន​ជើង​ទឹក មាន​សេចក្ដី​ដូច្នេះ​ថា ៖

« ម៉ោង​​នៅ​ឯ​ផ្ទះ ៖

« ល្ងាច​មួយ​នៅ អាល់បានី រដ្ឋ នូវ យ៉ោក ខ្ញុំ​បាន​សួរ​ទាហាន​ជើង​ទឹក​ម្នាក់​ថា តើ​ម៉ោង​ប៉ុន្មាន​ហើយ ។ គាត់​ទាញ​យក​នាឡិកា​ដៃ​ធំ​មួយ​ចេញ​មក ហើយ​ប្រាប់​ថា​ម៉ោង ‹ ៧:២០ › ។ ខ្ញុំ​ដឹង​ថា វា​យប់​ជាង​ហ្នឹង ។ ខ្ញុំ​បាន​សួរ​ថា ‹ នាឡិកា​លោក​ងាប់​ហើយ មែនទេ ? ›

« គាត់​ឆ្លើយ​ថា ‹ ទេ › ។ ‹ ម៉ោង​ខ្ញុំ​នៅ​តែ​ស្រប​តាម​ម៉ោង​បទដ្ឋាន​នៅ​តាម​តំបន់​ភ្នំ ។ ខ្ញុំ​មក​ពី​យូថាហ៍ ភាគ​ខាង​ត្បូង ។ ពេល​ខ្ញុំ​ចូល​បម្រើ​ទាហាន​ជើង​ទឹក ប៉ា​ខ្ញុំ​បាន​ឲ្យ​វា​មក​ខ្ញុំ ។ គាត់​ថា វា​នឹង​ជួយ​ខ្ញុំ​ឲ្យ​ចងចាំ​ពី​ផ្ទះ ។

« ‹ ពេល​នាឡិកា​ខ្ញុំ​ចង្អុល​ទៅ​ម៉ោង ៥ ព្រឹក ខ្ញុំ​ដឹង​ថា ប៉ា​កំពុង​ចេញ​ទៅ​រឹត​ទឹកដោះ​គោ ។ គាត់​បាន​បញ្ចប់​ថា ‹ ដល់​ពេល​យប់​ពេល​ចង្អុល​ទៅ​ម៉ោង ៧:៣០ ខ្ញុំ​ដឹង​ថា គ្រួសារ​ទាំងមូល​កំពុង​អង្គុយ​ជុំវិញ​តុ​ធំ​មួយ ហើយ​ប៉ា​កំពុង​ថ្លែង​អំណរគុណ​ព្រះ​សម្រាប់​ម្ហូប​ដែល​មាន​លើ​តុ ហើយ​សូម​ឲ្យ​ទ្រង់​មើល​ថែ​ខ្ញុំ… › ។ ‹ ខ្ញុំ​អាច​ដឹង​ថា​វាមាន​​ម៉ោង​ប៉ុន្មាន នៅ​ទីកន្លែង​ខ្ញុំ​គិតដោយ​ងាយ ។ អ្វី​ដែល​ខ្ញុំ​ចង់​ដឹង​នោះ គឺ​ថា​វា​ម៉ោង​ប៉ុន្មាន​ហើយ​នៅ​យូថាហ៍ › » ។

បន្ទាប់ពី​បាន​ដាក់បញ្ជូន​នូវ​អត្ថបទ​ភ្លាម នោះ​គ្រួសារ​Vaughn ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​ធ្វើកាតព្វកិច្ច​តាម​សមុទ្រ នៅ​ប៉ាស៊ីហ្វិក ស៊ីធើរ ។ នៅ ថ្ងៃ​ទី ១១ ខែ ឧសភា ឆ្នាំ ១៩៤៥ កាល​គាត់​កំពុង​បម្រើ​លើ​កប៉ាល់ USS Bunker Hill ក្បែរ​តំបន់ អូគីណាវ៉ា កប៉ាល់​នោះ​ត្រូវបាន​ទម្លាក់​គ្រាប់​លើ​ដោយ​យន្តហោះ​វាយ​ប្រហារ​ចំនួន​ពីរ នាវិក​ជិត ៤០០ នាក់​បាត់បង់​ជីវិត រួមទាំង​លោក​ពូ វ៉ញ ដែរ ។

អែលឌើរ ស្ពែនស៊ើរ  ដបុលយូ ឃឹមបឹល បាន​ផ្ដល់​នូវ​ក្ដីអាណិត​អាសូរ​ដោយ​អស់​ពីចិត្ត ដោយ​កត់សម្គាល់​ពី​ភាព​សក្ដិសម​របស់ Vaughn និង​ការ​អះអាង​របស់​ព្រះអម្ចាស់​ថា​« អស់​អ្នក​ណា​ដែល​ស្លាប់​ក្នុង​យើង នោះ​នឹង​មិន​ត្រូវ​ភ្លក់​សេចក្ដី​ស្លាប់​ឡើយ ដ្បិត​សេចក្ដី​ស្លាប់​នឹង​បាន​ទៅ​ជា​សេចក្ដីផ្អែម​ល្ហែម​ដល់​ពួកគេ​វិញ » ។១០ ឪពុក​របស់ Vaughn បាន​ថ្លែង​ដោយ​ទន់ភ្លន់​ថា ទោះ​ជា​ Vaughn ត្រូវបាន​កប់​ទៅក្នុង​សមុទ្រ​ក្ដី ក៏​ព្រះហស្ថ​របស់​ព្រះ​នឹង​ទទួល​Vaughn ទៅ​ដំណាក់​សួគ៌​របស់​ទ្រង់​ដែរ ។១១

ម្ភៃ​ប្រាំ​បី​ឆ្នាំ​ក្រោយមក ​ប្រធាន Spencer W. Kimball បាន​ថ្លែង​អំពីគ្រួសារ​ Vaughn នៅក្នុង​សន្និសីទ​ទូទៅ ។ លោក​មានប្រសាសន៍​ថា ៖ « ខ្ញុំ​ស្គាល់​គ្រួសារ​នេះ​ច្បាស់​ណាស់ ។ …ខ្ញុំ​ធ្លាប់​លុត​ជង្គង់​អធិស្ឋាន​ដោយ​អស់​ពី​ចិត្ត​ជាមួយ [ ពួកគេ ] ។ … ការ​បំពាក់បំប៉ន​តាមផ្ទះ មាន​ដល់​ពរជ័យ​ដ៏​អស់កល្ប​នៃ​គ្រួសារ​ធំ​នេះ » ។ ប្រធាន ឃឹមបឹល បាន​សំណូម​ពរ​គ្រប់​គ្រួសារ « ឲ្យ​លុត​ជង្គង់​ចុះ … អធិស្ឋាន​សម្រាប់​កូនប្រុស កូនស្រី​របស់​ពួកគេ​ពីរដង​ក្នុង​មួយ​ថ្ងៃ » ។១២

បងប្អូន​ប្រុស​ស្រី យើង​យើង​មាន​ការ​អធិស្ឋាន ការ​សិក្សា​ព្រះគម្ពីរ រាត្រី​ជួបជុំ​ក្រុមគ្រួសារ ការ​ប្រសិទ្ធពរ​បព្វជិតភាព និង​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ​ដោយ​ស្មោះត្រង់ នោះ​កូនៗ​របស់​យើង នឹង​ដឹង​ថា​ត្រូវ​មក​ផ្ទះ​នៅពេល​ណា​ហើយ ។ ពួកគេ​នឹង​ត្រៀមខ្លួន​ទៅ​ផ្ទះ​ដ៏​អស់កល្ប​នៅ​ស្ថានសួគ៌ ទោះជា​មាន​អ្វី​កើត​ឡើង​ចំពោះ​ពួកគេ​ក្នុង​ពិភពលោក​ដ៏​លំបាក​ក្ដី ។ វា​ចាំបាច់​បំផុត ដែល​កូនៗ​យើង​ត្រូវ​ដឹង​ថា យើង​ស្រឡាញ់​ពួកគេ ហើយ​ក្នុង​ផ្ទះ​មាន​សុវត្ថិភាព ។

ស្វាមី និង​ភរិយា​ទាំងឡាយ ជា​ដៃគូ​ស្មើ​គ្នា ។១៣ ពួកគេ​ជាមនុស្ស​ផ្សេងគ្នា ប៉ុន្តែ​មាន​ទំនួល​ខុសត្រូវ​បំពេញ​ឲ្យ​គ្នាទៅ​វិញ​ទៅមក ។ ភរិយា​អាច​នឹង​បង្កើត​កូន ដែល​ប្រទានពរ​ដល់​គ្រួសារ​ទាំង​មូល ។ ស្វាមី​អាច​នឹង​ទទួល​បព្វជិតភាព ដែល​ប្រទានពរ​ដល់​គ្រួសារ​ទាំង​មូល ។ ប៉ុន្តែ ក្នុង​ការប្រជុំ​ប្រឹក្សា​គ្រួសារ ភរិយា និង ស្វាមី ជា​ដៃគូ​ស្មើភាព​ក្នុង​ការសម្រេចចិត្ត​ដ៏​សំខាន់​បំផុត ។ ពួកគេ​សម្រេច​ពី​របៀប​ដែល​កូនៗ​នឹង​ត្រូវ​បាន​បង្រៀន និង លត់ដំ ការចំណាយ​ប្រាក់ ទីកន្លែង​រស់នៅ និង ការសម្រេច​ចិត្ត​ដ៏ទៃ​ទៀត​ជា​ច្រើន ។ ការសម្រេច​ចិត្ត​ទាំងនេះ​ត្រូវ​បាន​ធ្វើ​ឡើង​រួម​គ្នា បន្ទាប់​ពី​បាន​ស្វែងរក​ការណែនាំ​ពី​ព្រះអម្ចាស់ ។ គោលដៅ​គឺ​ជា​គ្រួសារ​ដ៏​អស់កល្ប​មួយ ។

ពន្លឺ​នៃ​ព្រះគ្រីស្ទ បណ្ដុះ​និស្ស័យ​ដ៏​អស់កល្ប​នៃ​គ្រួសារ​នៅ​ក្នុង​ដួងចិត្ត​របស់​កូនចៅ​ព្រះ​ទាំងអស់​គ្នា ។ អ្នក​និពន្ធ​មិនមែន​ជា​សមាជិក​ម្នាក់ ដែល​ខ្ញុំ​ពេញចិត្ត ​បាន​ថ្លែង​ដូចនេះ​ថា ៖ « មាន​រឿង​ជា​ច្រើន​ក្នុង​ជីវិត​ដែល​មិន​ចាំបាច់ [ ប៉ុន្តែ ]… គ្រួសារ​មាន​សារៈសំខាន់ ចាំបាច់ អស់កល្ប​បំផុត គឺ​ជា​អ្វី​មួយ​ដែល​ត្រូវ​មើល​ខុសត្រូវ ហើយ​ថែ​រក្សា និង ភក្ដី » ។១៤

សាសនាចក្រ​ជួយ​យើង​ឲ្យ​ផ្ដោត ទៅ​លើ​ព្រះអង្គសង្គ្រោះ​ជា​គ្រួសារ​រួបរួម​គ្នា​មួយ

បន្ថែម​ពី​លើ​ក្រុម​គ្រួសារ តួនាទី​នៃ​សាសនាចក្រ​ក៏​មាន​សារៈសំខាន់​ដែរ ។ « សាសនាចក្រ​ផ្ដល់​ជា​អង្គការ និង មធ្យោបាយ​សម្រាប់​ការបង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ទៅ​ដល់​កូនចៅ​របស់​ព្រះ​ទាំង​អស់ ។ វា​ផ្ដល់​ដល់​អ្នកដែល​មានសិទ្ធិអំណាច​បព្វជិតភាព ដើម្បី​បម្រើ​ពិធី​បរិសុទ្ធ​នៃ​សេចក្ដីសង្គ្រោះ និង​ការ​លើក​តម្កើង​ដល់​អស់​អ្នក ដែល​សក្ដិសម និង​មានឆន្ទៈ​ទទួល​យកវា » ។១៥

នៅ​លើ​ពិភពលោក​នេះ មាន​ការទាស់ទែង និង អំពើទុច្ចរិត​ដ៏​រីករាល​ដាល និង ការចាប់​អារម្មណ៍​ទៅ​លើ​វប្បធម៌​ខុសៗ​គ្នា និង វិសមភាព ។ នៅក្នុង​សាសនាចក្រ លើក​លែង​តែ​អង្គភាព​ខាង​ភាសា នោះ​វួដ និង​សាខា​របស់យើង គឺ​នៅ​តាម​ភូមិសាស្ត្រ ។ យើង​ពុំ​ចែក​ជា​ថ្នាក់ ឬ​ឋានៈទេ ។១៦ យើង​រីករាយ​នឹង​ភាពពិត​ដែល​ថា គ្រប់​ជាតិ​សាសន៍ និង​វប្បធម៌ ត្រូវ​បាន​នៅ​ចម្រុះគ្នា​ក្នុង​ក្រុម​ជំនុំ​សុចរិត​មួយ ។ គ្រួសារ​ក្នុង​វួដ​យើង មាន​សារៈសំខាន់​ចំពោះ​វឌ្ឍនភាព សុភមង្គល និង ការខិតខំ​ផ្ទាល់ខ្លួន​យើង ដើម្បី​ក្លាយ​កាន់តែ​ដូចជា​ព្រះគ្រីស្ទ ។

វប្បធម៌​តែងតែ​បែងចែក​មនុស្ស​ឲ្យ​ដាច់​ពី​គ្នា ហើយ​ពេល​ខ្លះ​ជា​ប្រភព​នៃ​ហិង្សា និង ការរើសអើង​ពូជ​សាសន៍ ។១៧ ក្នុង​ព្រះគម្ពីរ​មរមន វាក្យសព្ទ​ធ្ងន់ៗ​មួយ​ចំនួន ត្រូវបាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​ពួក​អយ្យកោ​ដ៏​ទុច្ចរិត ដែល​នាំ​ឲ្យ​មាន​ហិង្សា សង្គ្រាម ទង្វើ​អាក្រក់ អំពើ​ទុច្ចរិត រួមទាំង​ការវិនាស​នៃ​ប្រជារាស្ត្រ និង ជាតិសាសន៍ ។១៨

គ្មានចំនុច​ចាប់​ផ្ដើម​ណា​ក្នុង​បទគម្ពីរ​ល្អប្រសើរ​ជាង​នៅ នីហ្វៃទី  ៤ ដែលពិពណ៌នា​អំពី​វប្បធម៌​សាសនាចក្រ ដែលសំខាន់​ចំពោះ​យើង​ទាំងអស់​គ្នា​នោះទេ ។ នៅក្នុង ខ ២ វា​មាន​នៅក្នុង​ចំណែក​ថា « នោះ​ប្រជាជន​ទាំងអស់ បាន​ប្រែចិត្តជឿ​ដល់​ព្រះអម្ចាស់ គឺ​នៅលើ​ផ្ទៃ​ផែនដី​ទាំង​អស់ ទាំង​សាសន៍​នីហ្វៃ និង​សាសន៍​លេមិន​ផង ហើយ​គ្មានការ​ទាស់​ទែង​ខ្វែង​គំនិត​គ្នា​រវាង​ពួកគេ​ឡើយ ហើយ​មនុស្ស​គ្រប់រូប​មាន​ការ​ទាក់ទង​គ្នា​យ៉ាង​ត្រឹមត្រូវ » ។ នៅក្នុង ខ ១៦ យើង​អាន​ថា « ហើយ​ពិត​ជា​គ្មាន​ប្រជាជន​ណា ដែល​រីករាយ​សប្បាយ​ជាង​ប្រជាជន​ដែល​បាន​ត្រូវ​បង្កើត​ដោយ​ព្រះហស្ថ​នៃ​ព្រះ​ឡើយ » ។ ភាពពិត​ដែល​មិន​មាន​ការទាស់ទែង​គ្នា បាន​មក​ពី « សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ដែល​បាន​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស » ។១៩ នេះ​គឺ​ជា​វប្បធម៌ ដែល​យើង​ប្រាថ្នា​ចង់​បាន ។

តម្លៃ​ខាង​វប្បធម៌​ដ៏​រុងរឿង និង ជំនឿ​ដ៏​យូរ​អង្វែង គឺ​ជា​ឫសគល់​របស់​យើង ។ ប្រពៃណី​នៃ​ការលះបង់ អំណរគុណ សេចក្ដី​ជំនឿ និង សុចរិតភាព គឺ​ត្រូវ​ឲ្យ​តម្លៃ និង ថែ​រក្សា​ឲ្យ​គង់វង្ស ។ ក្រុម​គ្រួសារ​ត្រូវ​តែ​សប្បាយ​រីករាយ និង​ការពារ​ទំនៀមទំលាប់ ដែល​ស្ថាបនា​សេចក្ដី​ជំនឿ ។២០

កត្តា​ដែល​ចាំបាច់​បំផុត​នៃ​វប្បធម៌ គឺ​ជា​ភាសា​របស់​វា ។ នៅទីក្រុង សាន់ ប្រ្វាន់​ស៊ីស្កូ រដ្ឋ​កាលីហ្វូញ៉ា ជា​តំបន់​ដែល​ខ្ញុំបាន​រស់នៅ ដែលមាន​អង្គភាព​ដែល​និយាយ​ភាសា​ចំនួន​ប្រាំពីរ​អង្គភាព ។ គោលលទ្ធិ​របស់​យើង​ទៅតាម​ភាសា ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង កណ្ឌ ៩០, ខ ១១ នៃ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៖ « ដ្បិត​នៅ​ថ្ងៃ​នោះ ហេតុការណ៍​នឹង​កើត​ឡើង​ថា មនុស្ស​គ្រប់​រូប​នឹង​បាន​ឮ​ភាពពោរពេញ​នៃ​ដំណឹងល្អ ដោយ​នូវ​ពាក្យ​សម្ដី​របស់​ខ្លួន និង ដោយ​នូវ​ភាសា​របស់​ខ្លួន » ។

ពេល​កូនចៅ​នៃ​ព្រះ​អធិស្ឋាន​ទៅ​ទ្រង់​ជា​ភាសា​កំណើត​ខ្លួន ភាសា​នោះ​ផុស​មក​អំពី​ដួងចិត្ត​របស់​ពួកគេ ។ វា​ច្បាស់​ណាស់​ថា ភាសា​នៃ​ដួងចិត្ត មាន​តម្លៃ​ចំពោះ​មនុស្ស​គ្រប់​រូប ។

បងប្រុស​ខ្ញុំ យ៉ូសែប គឺ​ជា​គ្រូពេទ្យ ហើយ​មាន​បទពិសោធន៍​ជា​ច្រើ់ន​ឆ្នាំ​នៅ​តំបន់​ឈូង​សមុទ្រ​សានហ្វ្រាន់ស៊ីស្កូ ។ មាន​សមាជិក​សាសនាចក្រ​វ័យ​ចំណាស់​ជនជាតិ សាម័រ ម្នាក់​ដែល​ជា​អ្នក​ជំងឺ​ថ្មី បាន​ចូល​មក​ក្នុង​ការិយាល័យ​គាត់ ។ គាត់​មាន​ការឈឺចាប់​ធ្ងន់ធ្ងរ និង បណ្ដាល​ឲ្យ​អស់​កម្លាំង ។ គាត់​ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ​ថា មាន​គ្រួស​តម្រង​នោម ហើយ​ការព្យាបាល​ដ៏​ត្រឹមត្រូវ ត្រូវបាន​ធ្វើ​ឡើង ។ សមាជិក​ស្មោះត្រង់​រូប​នេះ​បាន​បន្លឺ​ថា គោលដៅ​ដំបូង​របស់​គាត់​គឺ​ចង់​ដឹង​ថា​តើ​មាន​បញ្ហា​អ្វី ដើម្បី​គាត់​អាច​អធិស្ឋាន​ជា​ភាសា សាម័រ ទៅ​កាន់​ព្រះវរបិតាសួគ៌ អំពី​សុខភាព​របស់​គាត់ ។

វា​សំខាន់​សម្រាប់​សមាជិក​ដើម្បី​យល់​ដឹង​ដំណឹងល្អ​ជា​ភាសា​នៃ​ដួងចិត្ត​របស់​ពួកគេ ដើម្បី​ពួកគេ​អាច​អធិស្ឋាន និង​ធ្វើ​តាម​គោលការណ៍​ដំណឹងល្អ ។២១

ទោះជា​មាន​ភាសា​ជា​ច្រើន និង ប្រពៃណី​វប្បធម៌​ដ៏​ផូរផង់ និង ខ្ពង់ខ្ពស់​ក្ដី ក៏​យើង​ត្រូវតែ​មាន​ចិត្ត​ជា​ធ្លុង​មួយ​ក្នុង​សាមគ្គីភាព និង សេចក្ដី​ស្រឡាញ់​ដែរ ។២២ ព្រះអម្ចាស់​មាន​បន្ទូល​សង្កត់ធ្ងន់​ថា ៖ « ចូរ​បណ្ដោយ​ឲ្យ​មនុស្ស​គ្រប់រូប គោរព​បងប្អូន​ខ្លួន​ដូចជា​ខ្លួន​ឯង​ផ្ទាល់​ចុះ ។ …ចូរ​រួមគ្នា​តែ​មួយ ហើយ​បើ​សិន​ជា​អ្នក​រាល់គ្នា​មិន​រួម​គ្នា​តែ​មួយ​ទេ ឈ្មោះ​ថា អ្នក​រាល់គ្នា​ពុំ​មែន​ជា​របស់​ផង​យើង​ឡើយ » ។២៣ ខណៈ​ដែល​យើង​រក្សា​ទុក​នូវ​ភាព​ផ្សេង​គ្នា​ខាង​វប្បធម៌​ត្រឹមត្រូវ នោះ​គោលដៅ​របស់​យើង គឺ​ត្រូវ​មាន​សាមគ្គីភាព​នៅ​ក្នុង​វប្បធម៌ ទំនៀមទំលាប់ និង​ប្រពៃណី​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ក្នុង​គ្រប់​ទិដ្ឋភាព ។

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ពុំ​ដែល​មាន​ភាពរឹងមាំ​ជាង​ពេល​នេះ​ឡើយ

យើង​ទទួល​ស្គាល់​ថា សមាជិក​ខ្លះ មាន​បញ្ហា និង កង្វល់ នៅ​ពេល​ពួកគេ​ព្យាយាម​ពង្រឹង​សេចក្ដី​ជំនឿ និង ទីបន្ទាល់​ខ្លួន ។ យើង​គប្បី​ប្រុងប្រយ័ត្ន​កុំ​ឲ្យ​មាន​ការទិតៀន ឬ វិនិច្ឆ័យ​ចំពោះ​កង្វល់​ទាំងនោះ​ឡើយ—ទោះ​ជា​ធំ ឬ តូច​ក្ដី ។ ខណៈ​ពេល​នោះ​ដែរ អ្នក​ដែល​មាន​កង្វល់​ទាំងនោះ គប្បី​ធ្វើ​អ្វី​គ្រប់​យ៉ាង ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​ស្ថាបនា​សេចក្ដី​ជំនឿ និង ទីបន្ទាល់​ផ្ទាល់ខ្លួន ។ ការសិក្សា ការពិចារណា ការអធិស្ឋាន និង ការរស់នៅ​តាម​គោលការណ៍​ដំណឹងល្អ ដោយ​ការអត់ធ្មត់ រួមទាំង​ការប្រឹក្សា​ជាមួយ​ថ្នាក់ដឹកនាំ សុទ្ធតែ​ជា​វិធី​ប្រសើរ​បំផុត ដើម្បី​ដោះស្រាយ​បញ្ហា និង កង្វល់​នានា ។

អ្នក​ខ្លះ​បាន​អះអាង​ថា សមាជិក​កាន់តែ​ច្រើន​កំពុង​ដើរ​ចេញ​ពី​សាសនាចក្រ ហើយ​ថា​មន្ទិល និង ការឥត​ជំនឿ​មាន​កាន់តែ​ច្រើន​ជាង​កាល​ពី​មុន ។ វា​មិន​ពិត​នោះ​ទេ ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ពុំ​ដែល​មាន​ភាពរឹងមាំ​ជាង​ពេល​នេះ​ឡើយ ។ ចំនួន​សមាជិក​ដែល​ដក​ឈ្មោះ​ចេញពី​កំណត់ត្រា​សាសនាចក្រ តែង​តែ​មាន​ចំនួន​តិច​បំផុត ហើយ​ជា​សំខាន់​ក្នុង​ឆ្នាំ​ថ្មីៗ​នេះ​មាន​កាន់តែ​តិច​ជាង​ពីអតីតកាល​ ។២៤ ការ​រីក​ចម្រើន​ក្នុង​​តំបន់​ដែល​អាច​វាស់​វែង​បាន មានដូចជា សមាជិក​ដែល​ទទួល​អំណោទាន​ពិសិដ្ឋ ដែល​មាន​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​សុពលភាព មជ្ឈិមវ័យ​​បង់​ដង្វាយពេញលេញ និងអ្នកទាំងឡាយ​ដែល​បម្រើ​បេសកកម្ម គឺ​មាន​ចំនួន​យ៉ាង​ច្រើន ។ ខ្ញុំ​សូម​ថ្លែង​ម្ដង​ទៀត​ថា សាសនាចក្រ​ពុំ​ដែល​មាន​ភាពរឹងមាំ​ជាង​ពេល​នេះ​ឡើយ ។ ប៉ុន្តែ « ចូរចាំ​ចុះ​ថា តម្លៃ​នៃ​ព្រលឹង​ទាំងឡាយ គឺ​មហិមា​ណាស់​ចំពោះ​ព្រះនេត្រ​នៃ​ព្រះ » ។២៥ យើង​ឈោង​ទៅជួយ​មនុស្ស​គ្រប់រូប ។

បើ​ភាពលំបាក​ដែល​បងប្អូន​កំពុង​ជួប​ប្រទះ​នៅ​ពេល​នេះ ហាក់​ដូចជា​មិន​អាច​រែក​ពន់​បាន​ទេ​នោះ ចូរ​ចាំ​អំពី​ការរងទុក្ខ​ក្នុង​សួន​គែតសេម៉ានី និង ការទទួល​រង​ទារុណកម្ម និង ការ​ឈឺចាប់​នៅ​កាល់វ៉ារី ដែល​ព្រះអង្គសង្គ្រោះ​បាន​សម្រេច​ដង្វាយធួន​ទ្រង់ ជា​អ្នក​សម្រាល​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​ដែល​អាច​មាន​ក្នុង​ជីវិត​នេះ ។ ទ្រង់​បាន​ធ្វើ​ដើម្បី​បងប្អូន ហើយ​ទ្រង់​បាន​ធ្វើ​ដើម្បី​ខ្ញុំ ។ ទ្រង់​បាន​ធ្វើ​ដោយ​សារតែ​ទ្រង់​មាន​ព្រះទ័យ​ស្រឡាញ់​យើង ហើយ​ទ្រង់​គោរព​ប្រតិបត្តិ និង មាន​ព្រះទ័យ​ស្រឡាញ់​បិតា​ទ្រង់ ។ យើង​នឹង​ត្រូវបាន​ស្រោចស្រង់​ពី​សេចក្ដី​ស្លាប់—ទោះជា​រូបកាយ​យើង​ត្រូវ​កប់​ក្នុង​ជម្រៅ​សមុទ្រ​ក្ដី ។

ការការពារ​របស់​យើង​នៅក្នុង​ជីវិត​នេះ និង​ភាព​អស់កល្បជានិច្ច នឹង​ស្ថិត​នៅ​ក្នុង​សេចក្ដី​សុចរិត​ជា​បុគ្គល និង​ជា​គ្រួសារ ពិធីបរិសុទ្ធ​ក្នុង​សាសនាចក្រ និង​ការ​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ ។ នេះ​គឺ​ជា​ជម្រក​របស់​យើង​ពី​ព្យុះភ្លៀង ។ ចំពោះ​បងប្អូន​ដែល​មាន​អារម្មណ៍​ថា​ឯកោ បងប្អូន​អាច​ឈរ​ដោយ​រឹងមាំ​បាន​ក្នុង​ភាពសុចរិត ដោយ​ដឹង​ថា​ដង្វាយធួន​នឹង​ការពារ ហើយ​ប្រទានពរ​ដល់​បងប្អូន​លើស​ពី​លទ្ធភាព​ដែល​អាច​យល់​បាន​ទៅ​ទៀត ។

យើង​គួរ​ចងចាំ​ពី​ព្រះអង្គសង្គ្រោះ រក្សាសេច​ក្ដីសញ្ញា​យើង ហើយ​ដើរតាម​ព្រះ​បុត្រា​នៃ​ព្រះ​ឲ្យ​ដូចជា​ផ្កា​ឈូករ័ត្ន​នៅ​ខ្ចី ដែល​បែរ​តាម​ទិស​ព្រះអាទិត្យ​ដូច្នោះ​ដែរ ។ ការដើរតាម​ពន្លឺ និង គំរូ​នៃ​ទ្រង់ នឹង​នាំ​មក​នូវ​ក្ដីអំណរ សុភមង្គល និង ភាពសុខសាន្ត ។ ដូច ទំនុក​ដំកើង ២៧ និង​ទំនុក​តម្កើង​ជាទីពេញចិត្ត បាន​ប្រកាស​ថា « ព្រះអម្ចាស់គឺ​ជា​ពន្លឺ និង​ជា​សេចក្ដីសង្គ្រោះ​ខ្ញុំ » ។២៦

នា​ចុង​សប្ដាហ៍​បុណ្យ​អ៊ីស្ទើរ​នេះ ខ្ញុំ​សូម​ធ្វើ​សាក្សី​ក្នុង​នាម​ជា​សាវក​មួយ​រូប​នៃ​ព្រះអង្គ​សង្គ្រោះ អំពី​ការមាន​ព្រះជន្ម​រស់ឡើង​វិញ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​ដឹង​ថា ទ្រង់​មាន​ព្រះជន្ម​រស់ ។ ខ្ញុំ​ស្គាល់​ព្រះសូរសៀង​ទ្រង់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ភាពជា​ព្រះរបស់ទ្រង់ និង​ភាព​ពិត​នៃ​ដង្វាយធួន​ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​សម្គាល់

  1. សូមមើល នីហ្វៃទី ២ ៩: ២០-២២

  2. សូមមើល ម៉ូសាយ ១៥:៨-៩

  3. សូម​មើល អាលម៉ា ៤:៧ ។

  4. សូម​មើល ម៉ាថាយ ១៣:៤១

  5. ម៉ាថាយ ១៣:៤៣

  6. សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ១១៥:៥-៦

  7. ក្បួន​ខ្នាត​ភាគ 2 ៖ ការ​គ្រប់​គ្រង​សាសនាចក្រ​ ( ឆ្នាំ ២០១០ ) ចំណុច ១.១.៤ ។

  8. Vaughn R. Kimball, « The Right Time at Home,» Reader’s Digest, ខែ ឧសភា ឆ្នាំ ១៩៤៤, ៤៣ ។

  9. សូមមើល​សំបុត្រ​មកពីមេបញ្ជាការ G. A. Seitz, U.S. Navy, USS Bunker Hill, ចុះ​ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ១៩៤៥ ផ្ញើរ​ទៅ​ឲ្យ​ឪពុក​របស់​ Vaughn Kimball ឈ្មោះ Crozier Kimball, នៅទីក្រុង Draper រដ្ឋ​យូថាហ៍ ។

  10. សូមមើល​សំបុត្រ​មកពី ស្ពែនស៊ើរ  ដបុលយូ ឃឹមបឹល ចុះ​ថ្ងៃទី ២ ខែ​មិថុនា ឆ្នាំ ១៩៤៥ ទៅកាន់ Crozier Kimballគោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៤៦

  11. សូមមើល Crozier Kimball នៅក្នុង Marva Jeanne Kimball Pedersen, Vaughn Roberts Kimball: A Memorial ( ឆ្នាំ ១៩៩៥ ), ៥២ ។

  12. Spencer W. Kimball, “The Family Influence,” Ensign, ខែ កក្កដា ឆ្នាំ ១៩៧៣, ១៧ ។ ស្ពែនស៊ើរ  ដបុលយូ ឃឹមបឹល គឺ​ជា​ប្រធាន​នៃ​កូរ៉ុម​នៃ​ពួកសាវកដប់​ពីរ​នាក់ ។

  13. សូមមើល « ក្រុម​គ្រួសារ ៖ សេចក្ដីប្រកាស​ដល់ពិភព​លោក, »EnsignLiahona, ខែ តុលា ឆ្នាំ ២០១០, ១២៩ ។

  14. Carla Carlisle, « Pray, Love, Remember,» Country Life, ថ្ងៃ​ទី ២៩ ខែ​កញ្ញា ឆ្នាំ ២០១០ ទំព័រ ១២០ ។

  15. ក្បួនខ្នាត​ភាគ ២ ១.១.៥ ។

  16. សូមមើលនីហ្វៃទី ៤ ១:២៦

  17. វប្បធម៌​ត្រូវបាន​គេ​ពិភាក្សា​យ៉ាង​ច្រើន លើ​ពិភពលោក​សព្វថ្ងៃ​នេះ ។ សម្រាប់​ឆ្នាំ ២០១៤ ពាក្យ វប្បធម៌ គឺ​ត្រូវ​បាន​រៀបរាប់​ជាពាក្យ​នៃ​ឆ្នាំ​នៅក្នុង Merriam-Webster.com ។

  18. សូម​មើល អាលម៉ា ៩; ហេលេមិន ៥

  19. នីហ្វៃទី ៤ ១:១៥ ។

  20. ទស្សនវិទូ​អាល្លឺម៉ង់ Goethe ដ៏ល្បី​បាន​និពន្ធ​ថា « អ្វី​ដែលមក​ពី​កេរដំណែល​របស់​ឪពុក​របស់អ្នក គឺ​ត្រូវ​បាន​ឲ្យខ្ចី រក​វា​សារជាថ្មី ហើយ​ទទួល​បាន​វា​ដោយពិត ! » (Johann Wolfgang von Goethe, Faust, បកប្រែ Bayard Taylor [ឆ្នាំ ១៩១២], ១:២៨ ) ។

  21. នេះ​គឺ​ជាមូលហេតុ ដែល​សាសនាចក្រ​បង្រៀន​ដំណឹងល្អ​ជា ៥០ ភាសា ហើយ​បកប្រែ​ព្រះគម្ពីរ​មរមន​ជា ១១០ ភាសា ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ឧបសគ្គ​មួយ​ដែល​កើតឡើង​ពាសពេញ​ពិភពលោក​គឺ ការរៀន​ភាសា​នៃ​ប្រទេស​ដែល​អ្នក​រស់នៅ ។ ក្នុង​នាម​ជា​ឪពុកម្ដាយ យើង​ត្រូវ​លះបង់ ដើម្បី​ជួយ​ជំនាន់​ដែល​កំពុង​ពេញ​វ័យ ឲ្យ​រៀន​ភាសា​នៃ​ប្រទេស​ដែល​ពួកគេ​រស់នៅ ។ សូម​ជួយ​ពួកគេ​ឲ្យ​យក​យក​ភាសា​នោះ ធ្វើ​ជា​ភាសា​នៃ​ដួងចិត្ត​របស់​ពួកគេ ។

  22. ម៉ូសាយ ១៨:២១

  23. គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨:២៥, ២៧ ។

  24. ជាង ២៥ ឆ្នាំ​ចុងក្រោយ​នេះ ចំនួន​ពិតប្រាកដ​នៃ​សមាជិក​ដែល​ដើរ​ចេញ​ពី​សាសនាចក្រ​បាន​ថយចុះ ហើយ​សាសនាចក្រ បាន​កើន​សមាជិកភាព​ឡើង​ទ្វេដង ។ ភាពរយ​នៃ​ការដើរ​ចេញ​ពី​សាសនាចក្រ មាន​ការថយចុះ​យ៉ាង​សម្បើម ។

  25. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៨:១០ ។

  26. ទំនុក​តម្កើង ២៧:១; សូមមើល​ផងដែរ « The Lord Is My Light,!» ទំនុក​ដំកើង, លេខ ៨៩ ។