ថ្ងៃឈប់សម្រាកជាថ្ងៃមួយដ៏សប្បាយ
តើអ្នកអាចប្រាកដថា ឥរិយាបទរបស់អ្នកនៅថ្ងៃឈប់សម្រាកនឹងនាំឲ្យមានក្ដីអំណរ និងសេចក្ដីរីករាយយ៉ាងដូចម្ដេច ?
បងប្អូនប្រុសស្រីជាទីស្រឡាញ់ សន្និសីទអំឡុងពីរថ្ងៃនេះ ពិតជាមានភាពអស្ចារ្យ ។ យើងត្រូវបានបំផុស ដោយតន្ត្រីដ៏បំផុសគំនិត និង ការអធិស្ឋានដ៏ក្បោះក្បាយ ។ វិញ្ញាណយើងត្រូវបានស្អាងឡើង ដោយសារលិខិតនៃពន្លឺ និង សេចក្ដីពិត ។ នៅថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរនេះ យើងរួមគ្នាថ្លែងអំណរគុណព្រះម្តងទៀតដោយស្មោះសម្រាប់ព្យាការី !
យើងម្នាក់ៗគួរសួរខ្លួនឯងថា ៖ ដោយសារតែអ្វី ដែលខ្ញុំបានឮ ហើយទទួលអារម្មណ៍ក្នុងសន្និសីទនេះ តើខ្ញុំនឹងផ្លាស់ប្ដូរយ៉ាងដូចម្ដេច ? មិនថាចម្លើយបងប្អូនជាអ្វីនោះទេ ខ្ញុំក៏សូមអញ្ជើញបងប្អូន ឲ្យប្រើអារម្មណ៍ និង ឥរិយាបថបងប្អូនទៅលើថ្ងៃឈប់សម្រាក ។
ខ្ញុំចាប់អារម្មណ៍ទៅលើពាក្យពេចន៍អេសាយ ដែលបានហៅថ្ងៃឈប់សម្រាកថាជា « ថ្ងៃមួយដ៏សប្បាយ » ។១ ប៉ុន្តែ ខ្ញុំឆ្ងល់ថាតើថ្ងៃឈប់សម្រាក ពិតជាថ្ងៃមួយដ៏សប្បាយសម្រាប់បងប្អូន និង សម្រាប់ខ្ញុំមែនឬទេ ?
ក្នុងនាមជាគ្រូពេទ្យវះកាត់ដ៏មមាញឹក ជាច្រើនឆ្នាំកន្លងទៅខ្ញុំបានរកឃើញក្ដីរីករាយនៅក្នុងថ្ងៃឈប់សម្រាកជាលើកដំបូង នៅពេលខ្ញុំដឹងថា ថ្ងៃឈប់សម្រាកក្លាយជាថ្ងៃមួយសម្រាប់ការព្យាបាលផ្ទាល់ខ្លួន ។ នៅរាល់ចុងសប្ដាហ៍ ដៃខ្ញុំស្ពឹកស្រពន់ដោយការដុះលាងនឹងសាប៊ូ ទឹក និង សសៃច្រាសជាច្រើនដង ។ ខ្ញុំក៏ត្រូវការការសម្រាកពីការងារដ៏ពិបាកនេះដែរ ។ ថ្ងៃអាទិត្យគឺជាថ្ងៃ ដែលជួយសម្រាលបានយ៉ាងច្រើន ។
តើព្រះអង្គសង្គ្រោះមានន័យដូចម្ដេច កាលទ្រង់មានបន្ទូលថា « ថ្ងៃឈប់សម្រាកបានតាំងសម្រាប់ឲ្យមនុស្ស មិនមែនជាមនុស្សសម្រាប់ថ្ងៃឈប់សម្រាកទេ » ?២ ខ្ញុំជឿថា ទ្រង់មានព្រះទ័យឲ្យយើងយល់ថា ថ្ងៃឈប់សម្រាកគឺជាអំណោយមកពីទ្រង់ បានប្រទានដល់យើង ដើម្បីសម្រាកពីអស់ទាំងការតានតឹងក្នុងជីវិតប្រចាំថ្ងៃ និង ឱកាសដើម្បីធ្វើឲ្យស្រស់ស្រាយខាងវិញ្ញាណ និង សាច់ឈាមឡើងវិញ ។ ព្រះបានប្រទានថ្ងៃពិសេសនេះដល់យើង មិនមែនសម្រាប់ការកម្សាន្ត ឬ ប្រកបការងារប្រចាំថ្ងៃនោះទេ ប៉ុន្តែ ដើម្បីសម្រាកពីកិច្ចការ ដោយមានធូរស្រាលខាងសាច់ឈាម និង វិញ្ញាណ ។
ក្នុងភាសាហេព្រើ ពាក្យ ថ្ងៃឈប់សម្រាក មានន័យថា « សម្រាក » ។ គោលបំណងនៃថ្ងៃឈប់សម្រាក មានតាំងពីកំណរកំណើតផែនដីមកម្ល៉េះ កាលបានបង្គ្រប់កិច្ចការចំនួនប្រាំមួយថ្ងៃ ព្រះអម្ចាស់បានឈប់សម្រាកពីការបង្កើតរបស់ទ្រង់ ។៣ បន្ទាប់ពីទ្រង់បើកសម្ដែងបញ្ញត្តិដប់ប្រការដល់ ម៉ូសេ ព្រះបានបញ្ជាឲ្យយើង « នឹកចាំពីថ្ងៃឈប់សម្រាក ហើយរក្សាវាឲ្យបរិសុទ្ធ » ។៤ ក្រោយមក ថ្ងៃឈប់សម្រាកត្រូវបានរក្សា ដើម្បីជាការរំឭកពីការរំដោះពួកអ៊ីស្រាអែលចេញពីសេវកភាពរបស់គេក្នុងប្រទេសអេហ្ស៊ីប ។៥ ប្រហែលសំខាន់បំផុត ថ្ងៃឈប់សម្រាក ត្រូវបានប្រទានជាសេចក្ដីសញ្ញាដ៏និរន្ដរ៍ ជាការរំឭក ដ៏ខ្ជាប់ខ្ជួនថាព្រះអម្ចាស់អាចញែករាស្ត្រទ្រង់ឲ្យបរិសុទ្ធ ។៦
មិនតែប៉ុណ្ណោះ សព្វថ្ងៃនេះ យើងទទួលទានសាក្រាម៉ង់នៅថ្ងៃឈប់សម្រាក ក្នុងការនឹកចាំពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។៧ ម្យ៉ាងទៀត យើងចុះសេចក្ដីសញ្ញាថា យើងនឹងព្រមលើកដាក់មកលើខ្លួនយើងនូវព្រះនាមទ្រង់ ។៨
ព្រះអង្គសង្គ្រោះលើកនាមទ្រង់ថា ជាម្ចាស់លើថ្ងៃឈប់សម្រាក ។៩ វាជាថ្ងៃរបស់ទ្រង់ ! ទ្រង់បញ្ជាដដែលៗឲ្យយើង គោរព ថ្ងៃឈប់សម្រាក១០ ឬ ចាត់ទុក ថ្ងៃឈប់សម្រាកជាថ្ងៃដ៏វិសុទ្ធ ។១១ យើងចុះសេចក្ដីសញ្ញាដើម្បីធ្វើដូចនោះ ។
តើយើង ចាត់ទុក ថ្ងៃឈប់សម្រាកជាថ្ងៃដ៏បរិសុទ្ធ យ៉ាងដូចម្ដេច ? កាលខ្ញុំនៅក្មេង ខ្ញុំបានរៀនពីបញ្ជីមួយ ដែលគេចុះអំពីកិច្ចការដែលត្រូវធ្វើ និង កិច្ចការដែលមិនត្រូវ ធ្វើនៅថ្ងៃឈប់សម្រាក ។ ទាល់តែក្រោយមកទៀត ទើបខ្ញុំបានរៀនចេញពីព្រះគម្ពីរថា ទង្វើ និង ឥរិយាបថខ្ញុំនៅថ្ងៃឈប់សម្រាក គឺជា ទីសម្គាល់ រវាងខ្ញុំ និង ព្រះវរបិតាសួគ៌ ។១២ ដោយមានការយល់ដឹងបែបនោះ ខ្ញុំពុំត្រូវការបញ្ជីនៃកិច្ចការដែលត្រូវធ្វើ និង មិនត្រូវធ្វើទៀតឡើយ ។ ពេលខ្ញុំសម្រេចចិត្តថាតើសកម្មភាពណា ដែលសមស្របនៅថ្ងៃឈប់សម្រាក ខ្ញុំសួរខ្លួនឯងថា « តើ ទីសម្គាល់ ណាដែលខ្ញុំចង់បង្ហាញដល់ព្រះ » ? សំណួរនេះបានធ្វើឲ្យជម្រើសខ្ញុំ នៅថ្ងៃឈប់សម្រាកមានភាពច្បាស់លាស់ឡើង ។
ទោះជាគោលលទ្ធិអំពីថ្ងៃឈប់សម្រាក មានតាំងពីបុរាណមកម្ល៉េះ ក៏វាត្រូវបានបន្តនៅសម័យថ្ងៃចុងក្រោយនេះ ជាផ្នែកនៃសេចក្ដីសញ្ញាថ្មីដោយភ្ជាប់មកនូវការសន្យាមួយដែរ ។ សូមស្ដាប់សេចក្ដីប្រកាសដ៏ទេវភាពនេះថា ៖
« ហើយប្រយោជន៍ឲ្យអ្នកអាចរក្សាខ្លួនបានពេញលេញ កុំឲ្យប្រឡាក់ពីលោកិយ នោះអ្នកត្រូវទៅដំណាក់នៃការអធិស្ឋាន ហើយថ្វាយសាក្រាម៉ង់របស់អ្នកឡើងនៅថ្ងៃបរិសុទ្ធរបស់យើងចុះ
« ត្បិតប្រាកដមែន ថ្ងៃនេះត្រូវបានចាត់ទុកដល់អ្នក ដើម្បីឲ្យសម្រាកពីការងារទាំងឡាយរបស់អ្នក ហើយដើម្បីថ្វាយភក្ដីភាពរបស់អ្នកដល់ព្រះដ៏ខ្ពស់បំផុត …
« ហើយនៅថ្ងៃនេះ …ចូរអ្នករៀបចំអាហារដល់អ្នកដោយចិត្តស្មោះស្ម័គ្រប៉ុណ្ណោះ ប្រយោជន៍ឲ្យការតមរបស់អ្នក អាចបានល្អឥតខ្ចោះ …ប្រយោជន៍ឲ្យសេចក្ដីអំណររបស់អ្នកអាចបានពេញ ។ …
« ដរាបណាអ្នករាល់គ្នាប្រព្រឹត្តការទាំងនេះដោយអំណរគុណ ដោយទឹកចិត្ត និង ទឹកមុខរីករាយ …នោះផលបរិបូរនៃផែនដី ជារបស់ផងអ្នករាល់គ្នាហើយ » ។១៣
សូមគិត ថាតើសេចក្ដីប្រកាសនោះអស្ចារ្យយ៉ាងណាទៅ ! ផលបរិបូរនៃផែនដី ត្រូវបានសន្យាប្រទានឲ្យអ្នកដែលរក្សាថ្ងៃឈប់សម្រាកជាថ្ងៃដ៏វិសុទ្ធ ។១៤ វាសមហេតុផល ដែល អេសាយ បានហៅថ្ងៃឈប់សម្រាកថាជា « ថ្ងៃមួយដ៏សប្បាយ » ។
តើបងប្អូនអាចធានាថា ឥរិយាបថបងប្អូននៅថ្ងៃឈប់សម្រាក នឹងនាំសេចក្ដីអំណរ និង ការរីករាយដល់បងប្អូនយ៉ាងដូចម្ដេច ? បន្ថែមលើការទៅព្រះវិហារ ការទទួលទានសាក្រាម៉ង់ និង ការឧស្សាហ៍ព្យាយាមក្នុងការហៅបម្រើ តើមានសកម្មភាពណាទៀត ដែលនឹងជួយធ្វើឲ្យថ្ងៃឈប់សម្រាកជាថ្ងៃមួយដ៏សប្បាយចំពោះបងប្អូន ? តើទីសម្គាល់អ្វី ដែលបងប្អូននឹងបង្ហាញដល់ព្រះអម្ចាស់ ដើម្បីសម្ដែងក្ដីស្រឡាញ់ទៅកាន់ទ្រង់ ?
ថ្ងៃឈប់សម្រាក ផ្ដល់ឲ្យយើងនូវឱកាស ដើម្បីពង្រឹងទំនាក់ទំនងក្នុងគ្រួសារ ។ ប្រាកដណាស់ ព្រះមានព្រះទ័យឲ្យយើងម្នាក់ៗ ដែលជាកូនចៅទ្រង់ ត្រឡប់ទៅរកទ្រង់វិញ ជាពួកបរិសុទ្ធដែលបានទទួលអំណោយទានពិសិដ្ឋ ផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធជាមួយគ្រួសារ និង ជាមួយបុព្វការីជន និង សណ្ដានក្រោយរបស់យើង ។១៥
យើងធ្វើឲ្យថ្ងៃឈប់សម្រាក ជាថ្ងៃមួយដ៏សប្បាយ នៅពេលយើងបង្រៀនដំណឹងល្អដល់កូនៗយើង ។ ការទទួលខុសត្រូវយើងក្នុងនាមជាឪពុកម្ដាយ ស្ដែងចេញយ៉ាងច្បាស់ ។ ព្រះអម្ចាស់មានបន្ទូលថា « ដរាបណាឪពុកម្ដាយមានកូនចៅនៅក្នុងក្រុងស៊ីយ៉ូន…ដែល ពុំបាន បង្រៀនកូនចៅឲ្យយល់នូវគោលលទ្ធិអំពីការប្រែចិត្ត សេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់នៅ និង អំពីបុណ្យជ្រមុជទឹក ហើយនិងអំពីអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ដោយសារការដាក់ដៃលើ កាលមានអាយុប្រាំបីឆ្នាំ នោះអំពើបាបនឹងធ្លាក់មកលើក្បាលរបស់ឪពុកម្ដាយវិញ » ។១៦
ច្រើនឆ្នាំមកហើយ ដែលគណៈប្រធានទីមួយ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃគុណភាពនៃពេលវេលាជាមួយគ្រួសារ ។ ពួកលោកចែងថា ៖
« យើងអំពាវនាវដល់ឪពុកម្តាយទាំងឡាយ ឲ្យលះបង់អស់ពីសមត្ថភាពរបស់ពួកគេ ដើម្បីបង្រៀន និង ចិញ្ចឹមកូនចៅរបស់ពួកគេ នៅក្នុងគោលការណ៍ទាំងឡាយនៃដំណឹងល្អ ដែលនឹងរក្សាពួកគេឲ្យនៅជិតនឹងសាសនាចក្រ ។ គេហដ្ឋានគឺជាមូលដ្ឋានគ្រឹះនៃជីវិតសុចរិត ហើយគ្មានកត្តាណាមួយ អាចមកជំនួសឲ្យតំណែង ឬ បំពេញមុខងារដ៏សំខាន់របស់គេហដ្ឋាន នៅក្នុងការទទួលភារកិច្ចមកពីព្រះបានឡើយ ។
« យើងសូមទូន្មានដល់ឪពុកម្តាយ និង កូនចៅទាំងឡាយ ឲ្យដាក់អាទិភាពខ្ពស់បំផុតទៅលើ ការអធិស្ឋានជាគ្រួសារ រាត្រីជួបជុំក្រុមគ្រួសារ ការសិក្សា និង ការបង្រៀនដំណឹងល្អ ហើយនឹងសកម្មភាពជាគ្រួសារល្អៗ ។ ទោះជាមានតម្រូវការ ឬ សកម្មភាពដទៃទៀតដែលមើលទៅ ហាក់ដូចជាសក្តិសម និង ត្រឹមត្រូវក៏ដោយ ក៏មិនត្រូវអនុញ្ញាតឲ្យវាមកជំនួសកាតព្វកិច្ច ដែលបានចាត់មកពីព្រះនោះឡើយ មានតែឪពុកម្តាយប៉ុណ្ណោះ ទើបអាចធ្វើបានដោយសក្តិសម » ។១៧
ពេលខ្ញុំគិតអំពីដំបូន្មាននេះ ខ្ញុំពិតជាចង់ក្លាយជាឪពុកម្ដាយវ័យក្មេងម្ដងទៀត ។ សព្វថ្ងៃនេះ ឪពុកម្ដាយទាំងឡាយមានធនធានដ៏អស្ចារ្យ ដើម្បីជួយឲ្យពេលវេលានៅជាមួយគ្រួសារកាន់តែមានអត្ថន័យ នៅថ្ងៃឈប់សម្រាក និង ថ្ងៃដទៃទៀត ។ ពួកគេមាន LDS.org, Mormon.org, the Bible videos, the Mormon Channel, the Gospel Art Library, the Friend, the New Era, the Ensign, the Liahona, និងធនធានច្រើន—បន្ថែមទៀត ។ ធនធានទាំងនេះមានប្រយោជន៍បំផុត ចំពោះឪពុកម្ដាយក្នុងការទទួលបន្ទុកនៃតួនាទីដ៏ពិសិដ្ឋ ដើម្បីបង្រៀនកូនៗរបស់ខ្លួន ។ គ្មានកិច្ចការណាទៀត ដែលប្រពៃជាងការធ្វើជាឪពុកម្ដាយដ៏សុចរិត និង ដែលចេះគិតគូនោះទេ ។
ពេលបងប្អូនបង្រៀនដំណឹងល្អ បងប្អូននឹងចេះកាន់តែច្រើន ។ នេះជារបៀបដែលព្រះអម្ចាស់ ជួយបងប្អូនឲ្យយល់ដំណឹងល្អទ្រង់ ។ ទ្រង់មានបន្ទូលថា ៖
« យើងប្រទានដល់អ្នកនូវព្រះបញ្ញត្តិមួយថា ត្រូវបង្រៀនគ្នាទៅវិញទៅមកនូវគោលលទ្ធិនៃនគរ ។
« ចូរអ្នករាល់គ្នាព្យាយាមបង្រៀន … ដើម្បីឲ្យអ្នកអាចត្រូវបានបង្គាប់ឲ្យបានល្អទៅទៀត … អំពីគោលលទ្ធិ អំពីក្រឹត្យវិន័យនៃដំណឹងល្អ អំពីគ្រប់ទាំងអស់ ដែលទាក់ទងទៅនឹងនគរព្រះ » ។១៨
ការសិក្សាដំណឹងល្អតាមរបៀបនោះ ធ្វើឲ្យថ្ងៃឈប់សម្រាកជាថ្ងៃមួយដ៏សប្បាយ ។ ការសន្យានេះអនុវត្តចំពោះគ្រប់ទំហំគ្រួសារ សមាសភាព ឬ ទីតាំង ។
បន្ថែមលើពេលវេលាជាមួយគ្រួសារ បងប្អូនអាចធ្វើឲ្យថ្ងៃឈប់សម្រាកជាថ្ងៃមួយដ៏សប្បាយបាន ដោយការធ្វើពង្សប្រវត្តិ ។ ការស្រាវជ្រាវ និង ការស្វែងរកសមាជិកគ្រួសារ ដែលបានចាកចេញពីផែនដីនេះមុនបងប្អូន—ជាអ្នកដែលពុំមានឱកាសទទួលយកដំណឹងល្អកាលនៅមានជីវិត— អាចនាំមកនូវអំណរដ៏មហិមា ។
ខ្ញុំបានទទួលបទពិសោធន៍នេះដោយខ្លួនខ្ញុំផ្ទាល់ ។ ជាច្រើនឆ្នាំកន្លងទៅ ភរិយាជាទីស្រឡាញ់របស់ខ្ញុំ វិនឌី បានតាំងចិត្តរៀនអំពីរបៀបស្រាវជ្រាវពង្សប្រវត្តិ ។ ការរីកចម្រើនរបស់គាត់គឺយឺតៗនៅពេលដំបូងឡើយ តែបន្ដិចម្ដងៗ គាត់បានដឹងថាវាងាយស្រួលដើម្បីធ្វើកិច្ចការពិសិដ្ឋនេះ ។ ហើយខ្ញុំមិនដែលឃើញគាត់សប្បាយបែបនេះឡើយ ។ បងប្អូនក៏ដូច្នេះដែរ មិនចាំបាច់ធ្វើដំណើរទៅកាន់ប្រទេសក្រៅ ឬ ទៅមជ្ឈមណ្ឌលពង្សប្រវត្តិឡើយ ។ ដោយមានកុំព្យូទ័រ និង ឧបករណ៍ចល័តនៅផ្ទះ បងប្អូនអាចស្វែងរកឈ្មោះអ្នកស្លាប់ដែលកំពុងសុំឲ្យធ្វើពិធីបរិសុទ្ធសម្រាប់ពួកគាត់ ។ សូមធ្វើឲ្យថ្ងៃឈប់សម្រាកជាថ្ងៃមួយដ៏សប្បាយ ដោយការស្វែងរកបុព្វការីជន ហើយរំដោះពួកគាត់ពីស្ថានឃុំព្រលឹង !១៩
សូមធ្វើឲ្យថ្ងៃឈប់សម្រាកជាថ្ងៃមួយដ៏សប្បាយ ដោយការបម្រើមនុស្សដទៃ ជាពិសេសអ្នកដែលមានអារម្មណ៍មិនល្អ ឬ អ្នកដែលឯកោ ឬ កំសត់ទុរគត ។២០ ការតម្កើងវិញ្ញាណពួកគេ នឹងតម្កើងវិញ្ញាណរបស់បងប្អូនដែរ ។
កាលអេសាយពិពណ៌នាថ្ងៃឈប់សម្រាកថាជា « ថ្ងៃមួយដ៏សប្បាយ » លោកក៏បានបង្រៀនយើងពីរបៀប ធ្វើឲ្យវាមានភាពសប្បាយដែរ ។ លោកបានថ្លែងថា ៖
« បើឯងឃាត់ជើងឯង… មិនឲ្យធ្វើតាមអំពើចិត្តនៅថ្ងៃបរិសុទ្ធរបស់អញ បើឯងរាប់ថ្ងៃឈប់សម្រាកទុកជាទីរីករាយចិត្ត… ព្រមទាំងប្រតិបត្តិតាម [ ព្រះ យេហូវ៉ា ] ផង ឥតធ្វើតាមអំពើចិត្តរបស់ខ្លួន ឬ ស្វែងរកសេចក្ដីអំណរដល់ខ្លួនឯង ៖
« គ្រានោះឯងនឹងបានចិត្តរីករាយ ក្នុងព្រះយេហូវ៉ា »២១
ការមិនធ្វើតាម « អំពើចិត្តរបស់ខ្លួន » នៅថ្ងៃឈប់សម្រាក ទាមទារឲ្យមានការលុតដំខ្លួន ។ បងប្អូនអាចនឹងត្រូវចៀសវាងពីការណ៍ ដែលបងប្អូនអាចចូលចិត្តនឹងធ្វើ ។ បើបងប្អូនជ្រើសរើសរីករាយ ក្នុងព្រះយេហូវ៉ា បងប្អូននឹងមិនប្រព្រឹត្តនៅថ្ងៃឈប់សម្រាក ដូចជានៅថ្ងៃដទៃទៀតនោះទេ ។ ទម្លាប់ និង សកម្មភាពកម្សាន្តនានា អាចធ្វើឡើងនៅថ្ងៃដទៃបាន ។
ចូរគិតរឿងនេះ ៖ នៅក្នុងការថ្វាយដង្វាយមួយភាគក្នុងដប់ យើងប្រគល់ថ្វាយមួយក្នុងដប់នៃការរីកចម្រើនរបស់យើងថ្វាយព្រះអម្ចាស់ ។ ក្នុងការរក្សាថ្ងៃឈប់សម្រាកឲ្យបានបរិសុទ្ធ យើងរក្សាមួយថ្ងៃក្នុងចំណោមប្រាំពីរថ្ងៃ ទុកសម្រាប់ទ្រង់ ។ ដូច្នេះវាជាឯកសិទ្ធិយើង ក្នុងការលះបង់ ទាំងប្រាក់កាស និង ពេលវេលាថ្វាយទៅទ្រង់ ដែលបានប្រទានជីវិតដល់យើង ។២២
សេចក្ដីជំនឿលើព្រះនាំឲ្យមានសេចក្ដីស្រឡាញ់ចំពោះថ្ងៃឈប់សម្រាក សេចក្ដីជំនឿលើថ្ងៃឈប់សម្រាកនាំឲ្យមានសេចក្ដីស្រឡាញ់ចំពោះព្រះ ។ ថ្ងៃឈប់សម្រាកដ៏ពិសិដ្ឋ ពិតជាថ្ងៃមួយដ៏សប្បាយ ។
ឥឡូវនេះ ពេលសន្និសីទនេះឈានចូលដល់ទីបញ្ចប់ យើងដឹងថា ថ្វីបើយើងរស់នៅទីណាក៏ដោយ យើងត្រូវធ្វើជាគំរូដល់ពួកអ្នកជឿក្នុងគ្រួសារយើង អ្នកជិតខាង និង មិត្តភក្ដិ ។២៣ អ្នកជឿដ៏ស្មោះស្ម័គ្រ រក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ។
ខ្ញុំសូមបញ្ចប់ដោយពាក្យអង្វររបស់មរ៉ូណៃ កាលលោកបានបញ្ចប់ការសរសេរព្រះគម្ពីរមរមន ។ លោកបានសរសេរថា « ចូរមករកព្រះគ្រីស្ទ ហើយឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់ ហើយចូរលះបង់ចោលនូវអស់ទាំងអំពើដ៏ឥតបរិសុទ្ធចុះ ហើយបើសិនជាអ្នករាល់គ្នានឹងលះបង់ចោលនូវអស់ទាំងអំពើដ៏ឥតបរិសុទ្ធ ហើយស្រឡាញ់ព្រះឲ្យអស់ពីសមត្ថភាព អស់ពីគំនិត និង អស់ពីកម្លាំងរបស់អ្នក នោះ…អ្នករាល់គ្នាអាចបានល្អឥតខ្ចោះនៅក្នុងព្រះគ្រីស្ទ » ។២៤
ដោយក្ដីស្រឡាញ់អស់ពីបេះដូង ខ្ញុំសូមបន្សល់ការណ៍នេះនៅនឹងអ្នក ទុកជាការអធិស្ឋាន ទីបន្ទាល់ និង ពរជ័យក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។