ហេតុអ្វីអាពាហ៍ពិពាហ៍ ហេតុអ្វីគ្រួសារ
គ្រួសារដែលស្ថាបនាឡើងនៅលើអាពាហ៍ពិពាហ៍ របស់បុរសម្នាក់ និង ស្ត្រីម្នាក់ បង្កើតជាស្ថានភាពដ៏ល្អបំផុតសម្រាប់ផែនការរបស់ព្រះដើម្បីរីកចម្រើន ។
នៅខាងលើក្លោងទ្វារខាងលិចដ៏ធំ នៃ Westminster Abbey ដ៏ល្បីនៅទីក្រុង ឡុងដ៍ ប្រទេសអង់គ្លេស នោះមានរូបសំណាកទុក្ករបុគ្គលជាគ្រីស្ទានចំនួន ១០ នៃសតវត្សរ៍ទី២០ ។ នៅក្នុងនោះមាន Dietrich Bonhoeffer, ជាសាសនវិទូសាសន៍អាល្លឺម៉ង់ដ៏ចំណានម្នាក់ ដែលបានកើតនៅក្នុងឆ្នាំ ១៩០៦ ។១ Bonhoeffer បានក្លាយជាអ្នកទិតៀនយ៉ាងវោហាអំពី របបផ្ដាច់ការពលយោធា ណាស៊ី និង ទង្វើរបស់វាចំពោះពួកយូដា និងមនុស្សដទៃទៀត ។ គាត់ត្រូវបានចាប់ដាក់គុគដោយសារការជំទាស់ដ៏សកម្មរបស់គាត់ ហើយទីបំផុត ត្រូវបានគេសម្លាប់នៅក្នុងបន្ទាយឃុំឃាំងមួយ ។ Bonhoeffer គឺជាអ្នកនិពន្ធយ៉ាងល្អឯក ហើយការសរសេរល្បីៗមួយចំនួនរបស់គាត់ គឺជាសំបុត្រដែលបន្ទន់ចិត្តអ្នកយាមឲ្យជួយគាត់យកចេញពីគុគ ដែលក្រោយមកត្រូវបានបោះពុម្ពជាសំបុត្រ និងការសរសេរចេញមកពីគុគ ។
សំបុត្រមួយ គឺជាសរសេរទៅឲ្យក្មួយស្រីគាត់មុនពេលនាងរៀបអាពាហ៍ពិពាហ៍ ។ ដែលមាននូវគំនិតស៊ីជម្រៅដ៏សំខាន់ទាំងនេះថា ៖ « អាពាហ៍ពិពាហ៍គឺមានច្រើនជាងសេចក្ដីស្រឡាញ់របស់ក្មួយចំពោះគ្នាទៅវិញទៅមក ។ … នៅក្នុងសេចក្ដីស្រឡាញ់របស់ក្មួយ ក្មួយមើលឃើញតែក្មួយពីរនាក់គត់ក្នុងពិភពលោកនេះ ប៉ុន្តែនៅក្នុង អាពាហ៍ពិពាហ៍ ក្មួយត្រូវភ្ជាប់នៅក្នុងស្រឡាយនៃជំនាន់ជាច្រើន ដែលព្រះបានបណ្ដាលឲ្យមាន ហើយបន្ដទៅដល់សិរីល្អរបស់ទ្រង់ និង ដល់នគររបស់ទ្រង់ ។ នៅក្នុងក្ដីស្រឡាញ់របស់ក្មួយ ក្មួយមើលឃើញតែស្ថានសួគ៌នៃសុភមង្គលផ្ទាល់ខ្លួនរបស់ក្មួយប៉ុណ្ណោះ ប៉ុន្តែនៅក្នុងអាពាហ៍ពិពាហ៍ ក្មួយត្រូវបានដាក់ក្នុងតំណែងមួយដែលមានទំនួលខុសត្រូវចំពោះពិភពលោក និងមនុស្សលោកទេ ។ ក្ដីស្រឡាញ់របស់ក្មួយ គឺជាទ្រព្យផ្ទាល់របស់ក្មួយ ប៉ុន្តែអាពាហ៍ពិពាហ៍ គឺមានកម្រិតខ្ពស់ជាងរឿងផ្ទាល់ខ្លួន--វាគឺជាឋានៈមួយ ជាតំណែងមួយ ។ ក៏ដូចជាការគ្រងរាជ្យមួយ ពុំមែនគ្រាន់តែមានឆន្ទៈដើម្បីគ្រប់គ្រង ដើម្បីនឹងធ្វើជារាជានោះទេ អាពាហ៍ពិពាហ៍ក៏ដូចគ្នាដែរ ហើយវាពុំគ្រាន់តែជាក្ដីស្រឡាញ់របស់ក្មួយចំពោះគ្នាទៅវិញទៅមក ដែលភ្ជាប់ក្មួយជាមួយគ្នានៅក្នុងព្រះនេត្ររបស់ព្រះ និងកែវភ្នែកមនុស្សនោះទេ ។ … ដូច្នេះសេចក្ដីស្រឡាញ់ចេញមកពីក្មួយ តែអាពាហ៍ពិពាហ៍ចេញមកពីស្ថានលើ មកពីព្រះ » ។២
តើអាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងស្ត្រីម្នាក់ បង្ហាញនូវសេចក្ដីស្រឡាញ់ចំពោះគ្នា និងសុភមង្គលផ្ទាល់ខ្លួន ដើម្បី « ត្រូវបានដាក់ក្នុងតំណែងមួយដែលមានទំនួលខុសត្រូវចំពោះពិភពលោក និងមនុស្សជាតិតាមវិធីណាខ្លះ ? » តើវាមកពី « ស្ថានលើ មកពីព្រះ » យ៉ាងម៉េច ? ដើម្បីយល់ យើងត្រូវត្រឡប់ទៅខាងដើមវិញ ។
ពួកព្យាការី បានបើកបង្ហាញថា ដំបូងឡើយយើងមានវត្តមានជាបញ្ញាទាំងឡាយដែលយើងត្រូវបានប្រទានឲ្យជាទ្រង់ទ្រាយ ឬរូបកាយជាវិញ្ញាណ តែដោយហេតុដូច្នោះយើងក្លាយជាកូនចៅវិញ្ញាណរបស់ទ្រង់—ជាបុត្រា និងបុត្រី នៃមាតាបិតាសួគ៌ ។៣ មានគ្រាមួយនៅក្នុងជីវិតជាវិញ្ញាណមុនជីវិតលើផែនដីនេះ បំណងប្រាថ្នាបន្ថែមរបស់ទ្រង់ គឺថាយើង « អាចមានឯកសិទ្ធិមួយ ដើម្បីបានដូចជាទ្រង់ »៤ ព្រះវរបិតាសួគ៌របស់យើងបានរៀបចំផែនការដែលអាចកើតឡើងមួយមក ។ នៅក្នុងបទគម្ពីរ វាត្រូវបានផ្ដល់ឲ្យនូវឈ្មោះផ្សេងៗ រួមទាំង « ផែនការនៃសេចក្ដីសង្គ្រោះ »៥ « ផែនការនៃសុភមង្គលដ៏មហិមា »៦ និង « ផែនការនៃសេចក្ដីប្រោសលោះ » ។៧ ជាគោលបំណងចំបងពីរ នៃផែនការដែលបានពន្យល់ដល់អ័ប្រាហាំ នៅក្នុងបន្ទូលទាំងនេះ ៖
« ហើយក៏មានម្នាក់ឈរក្នុងចំណោមពួកគេ ដែលមើលទៅដូចជាព្រះ ហើយទ្រង់បានមានព្រះបន្ទូលទៅកាន់អស់អ្នកដែលនៅជាមួយទ្រង់ថា ៖ យើងនឹងចុះទៅ ដ្បិតមានកន្លែងទំនេរនៅទីនោះ ហើយយើងនឹងយកវត្ថុទាំងឡាយនេះទៅ ហើយយើងនឹងធ្វើផែនដី ដើម្បីឲ្យ [ វិញ្ញាណទាំងនេះ ] អាចរស់នៅលើ
« យើងនឹងសាកល្បងពួកគេមើល បើសិនជាពួកគេ នឹងប្រព្រឹត្តនូវអ្វីៗគ្រប់យ៉ាង ដែលព្រះអម្ចាស់ដ៏ជាព្រះរបស់ពួកគេ នឹងបញ្ជាដល់ពួកគេ
« ហើយអស់អ្នកណាដែលរក្សាសណ្ឋានទីមួយរបស់ខ្លួន នោះនឹងត្រូវបានបន្ថែមឡើង … ហើយអស់អ្នកណាដែលរក្សាសណ្ឋានទីពីររបស់ខ្លួន នោះនឹងបានសិរីល្អបន្ថែមទៅលើក្បាលគេជារៀងដរាបរហូតទៅ » ។៨
អរគុណចំពោះព្រះវរបិតាសួគ៌យើង ដែលយើងបានក្លាយជាតួអង្គវិញ្ញាណរួចហើយ ។ ឥឡូវ ទ្រង់ផ្ដល់ឲ្យយើងនូវផ្លូវមួយ ដើម្បីបំពេញ ឬល្អឥតខ្ចោះ ។ បន្ថែមពីលើធាតុនៃរូបកាយសាច់ឈាម គឺសំខាន់ចំពោះភាពពេញលេញ នៃតួអង្គ និងសិរីល្អ ដែលព្រះទ្រង់ផ្ទាល់បានសព្វព្រះហឬទ័យ ។ ខណៈពេលនៅជាមួយព្រះក្នុងពិភពជាវិញ្ញាណមុនជីវិតលើផែនដីនេះ យើងបានយល់ព្រមថាចូលរួមក្នុងផែនការរបស់ទ្រង់ ឬគឺមានន័យថា « រក្សាសណ្ឋានទីមួយ[ របស់យើង ] »-- យើងនឹង « បន្ថែមទៅលើ » ជាមួយរូបកាយសាច់ឈាម នៅពេលយើងមករស់នៅលើផែនដី ដែលទ្រង់បានបង្កើតសម្រាប់យើង ។
ខណៈដែលនៅក្នុងបទពិសោធន៍នៃជីវិតរមែងស្លាប់របស់យើង នោះយើងជ្រើសរើស « នឹងប្រព្រឹត្តនូវអ្វីៗគ្រប់យ៉ាង ដែលព្រះអម្ចាស់ដ៏ជាព្រះ [ របស់យើង ] [ នឹង ]បញ្ជាដល់ [ ពួកគេ ] » នោះយើងនឹងរក្សាបាន « សណ្ឋានទីពីរ » របស់យើង ។ នេះមានន័យថា តាមការជ្រើសរើសរបស់យើង នោះយើងនឹងបង្ហាញដល់ព្រះ ( និងខ្លួនយើង ) នូវការប្តេជ្ញាចិត្ត និងសមត្ថភាពរបស់យើង ដើម្បីរស់នៅតាមក្រិត្យវិន័យសេឡេស្ទាលរបស់ទ្រង់ ខណៈដែលនៅក្រៅវត្តមានរបស់ទ្រង់ និងនៅក្នុងរូបកាយសាច់ឈាមដែលមាននូវថាមពល ការស្រេកឃ្លាន និងតណ្ហា ។ តើយើងអាចគ្រប់គ្រងសាច់ឈាមយើង ដើម្បីធ្វើឲ្យវាក្លាយជាឧបករណ៍ ជាជាងឲ្យវាធ្វើជាចៅហ្វាយលើវិញ្ញាណយើងបានឬទេ ? តើយើងអាចទុកចិត្តបានឬទេទាំងក្នុងពេលវេលានេះ និង ភាពអស់កល្បជានិច្ច ជាមួយនឹងព្រះចេស្ដាពីព្រះ រួមទាំងអំណាចដើម្បីបង្កើតជីវិតនោះ ? តើយើងម្នាក់ៗអាចយកឈ្នះលើអារក្សដែរឬទេ ? អ្នកទាំងឡាយដែលបានឈ្នះ នឹង « មានសិរីល្អបន្ថែមទៅលើក្បាលគេជារៀងដរាបរហូតតទៅ »— ជាសណ្ឋានដ៏សំខាន់មួយដែលរូបកាយសិរីល្អបានរស់ឡើងវិញ នៅអមត និងជាតួរអង្គដ៏រុងរឿង ។ ៩វាគ្មានសង្ស័យឡើយដែលយើង « ស្រែកអំណរ » ចំពោះលទ្ធភាព និងការសន្យាដ៏សំខាន់ៗទាំងនេះនោះ ។១០
យ៉ាងហោចណាស់ យើងត្រូវការអ្វីបួនយ៉ាងជាចាំបាច់ ដើម្បីទទួលបានជោគជ័យនូវផែនការដ៏ទេវភាពនេះ ៖
ទីមួយ គឺការបង្កបង្កើតផែនដី ជាកន្លែងរស់នៅរបស់យើង ។ អ្វីក៏ដោយដែលជាភាពលម្អិតនៃដំណើរការការបង្កបង្កើត នោះយើងដឹងថា វាពុំជាដំណើរការចៃដន្យទេ ប៉ុន្តែវាត្រូវបានដឹកនាំដោយព្រះជាព្រះបិតា ហើយអនុវត្តដោយព្រះយេស៊ូវគ្រីស្ទ—« គ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់ ហើយក្នុងបណ្ដារបស់ដែលបានបង្កើតមកទាំងប៉ុន្មាន នោះគ្មានអ្វីណាមួយកើតមកក្រៅពីទ្រង់ឡើយ » ។១១
ទីពីរ គឺស្ថានភាពរមែងស្លាប់ ។ អ័ដាម និងអេវ៉ា បានធ្វើជំនួសអស់អ្នក ដែលបានជ្រើសរើសដើម្បីចូលរួមនៅក្នុងផែនការនៃសុភមង្គលដ៏មហិមារបស់ព្រះបិតា ។១២ ការធ្លាក់ចុះរបស់ពួកលោក គឺបានបង្កើតជាលក្ខខណ្ឌដែលចាំបាច់សម្រាប់កំណើតខាងរូបកាយរបស់យើង និងបទពិសោធន៍ជីវិតរមែងស្លាប់ និងការរៀនសូត្រនៅក្រៅវត្តមានរបស់ព្រះ ។ ដោយសារការធ្លាក់នោះ វាកើតមាននូវការដឹងត្រូវ និងខុស ហើយអំណាចដើម្បីជ្រើសរើសដែលព្រះបានប្រទានឲ្យ ។១៣ ទីបំផុត ការធ្លាក់នាំមកនូវសេចក្ដីស្លាប់ខាងរូបកាយ ដែលចាំបាច់ធ្វើឲ្យពេលវេលាក្នុងជីវិតរមែងស្លាប់របស់យើងមានជាបណ្ដោះអាសន្ន ដើម្បីយើងនឹងមិនរស់នៅជារៀងរហូតក្នុងអំពើបាបរបស់យើងឡើយ ។១៤
ទីបី គឺការប្រោសលោះពីការធ្លាក់ ។ យើងមើលឃើញតួនាទីនៃសេចក្ដីស្លាប់នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌របស់យើង ប៉ុន្តែផែនការនោះ នឹងក្លាយជាមោឃៈ បើគ្មានមាគ៌ាណាដើម្បីយកឈ្នះលើសេចក្ដីស្លាប់នៅទីបំផុត ទាំងខាងរូបកាយ និងខាងវិញ្ញាណនោះ ។ ដូច្នេះ ព្រះអង្គប្រោសលោះ ព្រះរាជបុត្រាសំណប់តែមួយរបស់ព្រះ ជាព្រះយេស៊ូវគ្រីស្ទ បានរងទុក្ខ ហើយសុគតដើម្បីឲ្យធួននឹងអំពើរំលងរបស់អ័ដាម និងអេវ៉ា ដើម្បីផ្ដល់ការរស់ឡើងវិញ និងអមតភាពដល់មនុស្សគ្រប់រូប ។ ហើយដោយសារគ្មានយើងណាម្នាក់ នឹងគោរពដោយល្អឥតខ្ចោះ និងខ្ជាប់ខ្ជួន ចំពោះក្រិត្យវិន័យនៃដំណឹងល្អ នោះដង្វាយធួនរបស់ទ្រង់ក៏ប្រោសលោះយើងពីអំពើបាបផ្ទាល់ខ្លួនរបស់យើង ក្នុងលក្ខខណ្ឌនៃការប្រែចិត្តផងដែរ ។ ជាមួយនឹងព្រះគុណដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ដែលផ្ដល់នូវការអភ័យទោសពីអំពើបាប ហើយញែកព្រលឹងយើងបរិសុទ្ធ នោះយើងអាចកើតសារជាថ្មីខាងវិញ្ញាណ ហើយបានផ្សះផ្សារនឹងព្រះ ។ សេចក្ដីស្លាប់ខាងវិញ្ញាណរបស់យើង— ការបំបែកយើងចេញពីព្រះ—នឹងបញ្ចប់ ។១៥
ទីបួន និងចុងបំផុត គឺស្ថានភាពឲ្យមានកំណើតខាងរូបកាយរបស់យើង និងកំណើតជាថ្មីខាងវិញ្ញាណចូលទៅក្នុងនគរព្រះ ។ ដើម្បីឲ្យកិច្ចការរបស់ទ្រង់សម្រេច ដើម្បី « ជួយឲ្យ [ យើងបានតម្កើងឡើង ] ជាមួយនឹងទ្រង់ » ១៦ នោះព្រះបានតែងតាំងឡើងថា បុរស និង ស្ត្រី គួររៀបការ ហើយផ្ដល់កំណើតដល់កូន ដូច្នេះក្នុងភាពជាដៃគូនឹងព្រះ ការបង្កើតរូបកាយខាងសាច់ឈាម គឺជាកូនសោដើម្បីសាកល្បងជីវិតរមែងស្លាប់ និងចាំបាច់ដើម្បីបានសិរីល្អដ៏អស់កល្បជាមួយទ្រង់ ។ ទ្រង់ក៏បានតែងតាំងឡើងថា ឪពុកម្ដាយ គួរតែស្ថាបនាក្រុមគ្រួសារ ហើយបីបាច់កូនចៅនៅក្នុងពន្លឺ និងសេចក្ដីពិតរបស់ពួកគេ១៧ ដើម្បីដឹកនាំពួកគេទៅរកសេចក្ដីសង្ឃឹមលើព្រះគ្រីស្ទ ។ ព្រះវរបិតា បានបញ្ជាយើងថា ៖
« បង្រៀនការណ៍ទាំងនេះដោយសេរីដល់កូនចៅអ្នកថា ៖
« ហើយដរាបណាអ្នករាល់គ្នាបានកើតមកក្នុងលោកិយដោយសារទឹក និងឈាម និងវិញ្ញាណដែលយើងបានធ្វើ ហើយទើបបានក្លាយជាធូលីដី មានព្រលឹងរស់ឡើងជាយ៉ាងណា នោះអ្នករាល់គ្នាក៏ត្រូវតែបានកើតម្ដងទៀតទៅក្នុងនគរស្ថានសួគ៌ ដោយសារទឹក និងដោយសារព្រះវិញ្ញាណ [ បរិសុទ្ធ ] ហើយត្រូវបានសម្អាតដោយសារឈាម គឺជាព្រះលោហិតនៃព្រះរាជបុត្រាបង្កើតតែមួយរបស់យើងយ៉ាងនោះដែរ ប្រយោជន៍ឲ្យអ្នកអាចបានញែកជាបរិសុទ្ធ ចេញពីអស់ទាំងអំពើបាប ហើយមានសេចក្ដីអំណរចំពោះព្រះបន្ទូល អំពីជីវិតដ៏នៅអស់កល្បជានិច្ចនៅនាលោកិយនេះ និងជីវិតដ៏នៅអស់កល្បជានិច្ចនៅឯនាបរលោក គឺជាសិរីល្អដ៏នៅអមតៈ » ។18
ការដឹងអំពីហេតុអ្វីយើងចាកចេញពីវត្តមានរបស់ព្រះវរបិតាសួគ៌របស់យើង និងអ្វីត្រូវធ្វើដើម្បីត្រឡប់ទៅវិញ ហើយបានតម្កើងឡើងជាមួយទ្រង់ នោះវាបានបង្ហាញយ៉ាងច្បាស់ថា គ្មានអ្វីដែលពេលវេលានៅលើផែនដីរបស់យើង អាចសំខាន់ជាងកំណើតខាងសាច់ឈាម និងការកើតជាថ្មីខាងវិញ្ញាណ ដែលទាំងពីរសំខាន់សម្រាប់ជីវិតអស់កល្បជានិច្ចឡើយ ។ នេះគឺជា « តំណែង » នៃអាពាហ៍ពិពាហ៍ ដែលប្រើតាមពាក្យរបស់ Dietrich Bonhoeffer ជា « ទំនួលខុសត្រូវចំពោះ…មនុស្សលោក » ថាស្ថាបនរបស់ព្រះនេះ « គឺមកពីស្ថានលើ មកពីព្រះ » ។ វាគឺជា « តំណរនៅក្នុងខ្សែស្រឡាយនៃជំនាន់ជាច្រើន » ទាំងនៅទីនេះ និងតទៅ—លំដាប់នៃស្ថានសួគ៌ ។
គ្រួសារដែលស្ថាបនាឡើងនៅលើអាពាហ៍ពិពាហ៍ របស់បុរសម្នាក់ និង ស្ត្រីម្នាក់ បង្កើតជាស្ថានភាពដ៏ល្អបំផុតសម្រាប់ផែនការរបស់ព្រះដើម្បីរីកចម្រើន-- ស្ថានភាពសម្រាប់កំណើតនៃកូនៗ ដែលកើតមកនៅក្នុងបរិសុទ្ធភាព ហើយស្លូតត្រង់មកពីព្រះ និងជាបរិស្ថានសម្រាប់ការរៀនសូត្រ និង ការរៀបចំខ្លួន ដែលពួកគេ នឹងត្រូវការសម្រាប់មានជីវិតរមែងស្លាប់ដោយជោគជ័យ និង ជីវិតអស់កល្បជានិច្ចនៅក្នុងពិភពលោកខាងមុខ ។ ចំនួនអប្បបរមានៃក្រុមគ្រួសារ ដែលស្ថាបនានៅលើអាពាហ៍ពិពាហ៍ដូច្នេះ គឺសំខាន់ ដើម្បីឲ្យសង្គមមានជីវិតរស់រាន និងរីកស្គុះស្គាយ ។ នោះជាមូលហេតុដែលសហគមន៍ និងជាតិសាសន៍នានាជាទូទៅ ត្រូវបានលើកទឹកចិត្ត និង បានការពារអាពាហ៍ពិពាហ៍ និងគ្រួសារជាស្ថានប័នឯកសិទ្ធិ ។ វាពុំធ្លាប់គ្រាន់តែអំពីសេចក្ដីស្រឡាញ់ និងសុភមង្គលរបស់មជ្ឈិមវ័យប៉ុណ្ណោះទេ ។
ករណីខាងវិទ្យាសាស្ត្រសង្គមសម្រាប់អាពាហ៍ពិពាហ៍ និងក្រុមគ្រួសារ ដែលគ្រប់គ្រងដោយបុរសម្នាក់ និង ស្ត្រីម្នាក់ ដែលបានរៀបការកំពុងមានការបង្ខាំង១៩ ដូច្នេះ « យើងសូមព្រមានថា ការបែកបាក់នៅក្នុងគ្រួសារនឹងនាំមកនូវមហន្ដរាយដល់បុគ្គលនោះ សហគមន៍ និង ជាតិសាសន៍ ដូចដែលបានទាយទុកជាមុន ដោយពួកព្យាការីសម័យបុរាណ និងពួកព្យាការីសម័យទំនើប »20ប៉ុន្តែការប្រកាសរបស់យើងចំពោះតួនាទីនៃអាពាហ៍ពិពាហ៍ និងគ្រួសារពុំផ្អែកលើវិទ្យាសាស្ត្រសង្គមទេ តែផ្អែកលើសេចក្ដីពិតដែលពួកគេគឺជាការបង្កបង្កើតរបស់ព្រះ ។ គឺជាទ្រង់នេះហើយ ដែលបានបង្កើតអ័ដាម និងអេវ៉ាតាមរូបអង្គទ្រង់តាំងពីដំបូងមក ជាបុរស និងស្ត្រី ហើយបានភ្ជាប់ពួកគេជាស្វាមី និងភរិយា ដើម្បីក្លាយជា « សាច់តែមួយ » និងដើម្បីចម្រើនជាច្រើនឡើងឱ្យមានពាសពេញលើផែនដី ។២១ បុគ្គលម្នាក់ៗមានរូបកាយតាមរូបអង្គព្រះ ប៉ុន្តែវាស្ថិតក្នុងតំណចំណងអាពាហ៍ពិពាហ៍ នៃបុរស និង ស្ត្រី ជាតែមួយ ដែលយើងទទួលបាននូវអត្ថន័យពេញលេញបំផុតនៃការមានរូបកាយតាមរូបអង្គនៃព្រះ--ជាបុរស និង ស្ត្រីនោះ ។ គ្មានយើងណាម្នាក់ ឬមនុស្សជីវិតរមែងស្លាប់ណា ដែលអាចផ្លាស់ប្ដូរលំដាប់នៃអាពាហ៍ពិពាហ៍របស់ព្រះនេះបានទេ ។ វាពុំមែនជាការបង្កើតដោយមនុស្សទេ ។ អាពាហ៍ពិពាហ៍បែបនេះ គឺពិតជា « មកពីស្ថានលើ មកពីព្រះ » ហើយជាផ្នែកមួយនៃផែនការនៃសុភមង្គល ដូចជាការធ្លាក់ និងដង្វាយធួន ។
នៅក្នុងពិភពជីវិតមុនជីវិតលើផែនដី លូស៊ីហ្វើបានបះបោរទាស់នឹងព្រះ និងផែនការទ្រង់ ហើយការជំទាស់របស់វាកើនឡើងតែកាន់តែខ្លាំងឡើងៗ ។ វាច្បាំងដើម្បីបំបាក់អាពាហ៍ពិពាហ៍ និង ការបង្កើតក្រុមគ្រួសារ ហើយនៅកន្លែងណាដែលអាពាហ៍ពិពាហ៍ និងក្រុមគ្រួសារត្រូវបានបង្កើតឡើង នោះវានឹងធ្វើអ្វីៗយ៉ាងអស់ពីសមត្ថភាពរបស់វាដើម្បីរំខាន ។ វាវាយប្រហារអ្វីៗទាំងអស់ដែលពិសិដ្ឋ អំពីជីវិតផ្លូវភេទរបស់មនុស្ស ហែកបំបែកវាចេញពីការបង្កើតអាពាហ៍ពិពាហ៍ដោយប្រភេទនៃគំនិត និងទង្វើអសីលធម៌ដ៏គ្មានព្រំដែនមួយ ។ វាព្យាយាមដើម្បីបញ្ចុះបញ្ចូលបុរស និង ស្ត្រី ថាការរៀបការ និងអាទិភាពគ្រួសារ អាចមិនត្រូវបានអើពើរបាន ឬបោះបង់ចោលបាន ឬយ៉ាងហោចណាស់ក្លាយទៅជាទាសករនៃអាជីព ភាពជោគជ័យផ្សេងៗ និង ការស្វែងរកការបំពេញប្រាថ្នាខ្លួន និងសេរីភាពជាបុគ្គលនោះទេ ។ ច្បាស់ណាស់ មារសត្រូវ វាសប្បាយចិត្តនៅពេលឪពុកម្ដាយ មិនយកចិត្តទុកដាក់បង្រៀន និងបំពាក់បំប៉នដល់កូនៗរបស់ពួកគេឲ្យមានសេចក្ដីជំនឿទៅលើព្រះគ្រីស្ទ និងកើតជាថ្មីខាងវិញ្ញាណនោះ ។ បងប្អូនប្រុសស្រី មានរឿងជាច្រើនល្អៗ មានរឿងជាច្រើនសំខាន់ ប៉ុន្តែមានរឿងមួយចំនួនតូចប៉ុណ្ណោះដែលសំខាន់បំផុត ។
ដើម្បីប្រកាសអំពីសេចក្ដីពិតជាគ្រឹះ អំពីអាពាហ៍ពិពាហ៍ និងគ្រួសារ គឺមិនត្រូវមើលរំលង ឬបន្ទាបបន្ថោកការលះបង់ និង ភាពជោគជ័យនៃអ្នកទាំងឡាយ ដែលពុំមានភាពល្អឥតខ្ចោះនោះឡើយ ។ បងប្អូនមួយចំនួន បានបដិសេធពរជ័យនៃអាពាហ៍ពិពាហ៍ដោយមូលហេតុជាច្រើន រួមទាំងការខ្វះការរំពឹងទុកសក្ដិសម ការស្រឡាញ់ភេទដូចគ្នា ពិការភាពខាងរូបកាយ និងខាងសតិអារម្មណ៍ ឬការខ្លាចនឹងភាពបរាជ័យ ដែលគ្របបាំងសេចក្ដីជំនឿ មួយរយៈពេល ។ ឬអ្នកបានរៀបការហើយ ប៉ុន្តែអាពាហ៍ពិពាហ៍នោះត្រូវបានបញ្ចប់ ហើយអ្នកត្រូវទុកឲ្យនៅគ្រប់គ្រងតែម្នាក់ឯង ដែលមនុស្សពីរនាក់រួមគ្នា អាចទ្រាំទ្រទាំងលំបាក ។ បងប្អូនមួយចំនួនបានរៀបការហើយតែពុំអាចមានកូនចៅទោះជាមានបំណង និងការអធិស្ឋានទូលអង្វរដ៏លើសលប់ក្ដី ។
ទោះជាយ៉ាងណាក៏ដោយ មនុស្សគ្រប់រូបមានអំណោយទាន មនុស្សគ្រប់រូបមានទេពកោសល្យ មនុស្សគ្រប់រូបអាចបរិច្ចាគដើម្បីលាតត្រដាងអំពីផែនការរបស់ព្រះនៅក្នុងជំនាន់និមួយៗ ។ មានអ្វីជាច្រើនដែលល្អ មានអ្វីជាច្រើនសំខាន់-- ទោះពេលខ្លះអ្វីៗទាំងអស់នោះចាំបាច់ក្នុងពេលនេះក្ដី--តែអាចសម្រេចបានយ៉ាងហោចណាស់ក្នុងស្ថានភាពមិនសូវល្អដែរ ។ ដូច្នេះបងប្អូនជាច្រើនបានខំអស់ពីសមត្ថភាព ។ ហើយនៅពេលអ្នកដែលរែកបន្ទុកដ៏ធ្ងន់នៃជីវិតរមែងស្លាប់ក្រោកឈរឡើងការពារផែនការរបស់ព្រះ ដើម្បីតម្កើងកូនចៅទ្រង់ នោះយើងទាំងអស់គ្នាត្រៀមខ្លួនដើម្បីគាំទ្រ ។ ដោយទំនុកចិត្ត យើងថ្លែងទីបន្ទាល់ថា ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ បានរំពឹងរង់ចាំជាមុន ហើយនៅទីបំផុត នឹងបង់សងរាល់ការខូចខាត និងការខ្វះខាត និងការបាត់បង់ទាំងអស់ចំពោះអ្នកទាំងឡាយដែលងាកទៅរកទ្រង់ ។ គ្មាននរណាម្នាក់ ត្រូវបានតាំងជាមុនដើម្បីទទួលតិចជាងនូវអ្វីៗទាំងអស់ដែលព្រះបិតាមាន សម្រាប់កូនចៅរបស់ទ្រង់ឡើយ ។
ម្ដាយវ័យក្មេងមូយរូប ថ្មីៗនេះបានប្រាប់ខ្ញុំអំពី ការបារម្ភរបស់នាងអំពីការពុំមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការហៅដ៏ខ្ពស់បំផុតនេះ ។ ខ្ញុំមានអារម្មណ៍ថា រឿងដែលកង្វល់នាងគឺតូចតាចទេ ហើយនាងមិនចាំបាច់បារម្ភឡើយ នាងធ្វើបានល្អហើយ ។ ប៉ុន្តែខ្ញុំដឹងថា នាងគ្រាន់តែចង់ឲ្យសព្វព្រះទ័យព្រះ ហើយគោរពតាមទំនុកចិត្តទ្រង់ ។ ខ្ញុំផ្ដល់ពាក្យអះអាង ហើយនៅក្នុងដួងចិត្តខ្ញុំ ខ្ញុំបានទូលអង្វរសុំឲ្យព្រះ ជាព្រះវរបិតាសួគ៌របស់នាង នឹងជ្រោងនាងឡើងដោយក្ដីស្រឡាញ់ទ្រង់ ហើយសាក្សីនៃការអនុមតិរបស់ទ្រង់ នៅពេលនាងធ្វើកិច្ចការងាររបស់ទ្រង់ ។
នេះគឺជាការអធិស្ឋានរបស់ខ្ញុំសម្រាប់យើងទាំងអស់គ្នាថ្ងៃនេះ ។ សូមឲ្យយើងម្នាក់ៗរកឃើញនូវការគាប់ព្រះទ័យក្នុងព្រះនេត្ររបស់ទ្រង់ ។ សូមឲ្យអាពាហ៍ពិពាហ៍រីកលូតលាស់ឡើង ហើយក្រុមគ្រួសាររីកចម្រើន ហើយថាអនាគតរបស់យើង គឺពោរពេញទៅដោយពរជ័យទាំងនេះនៅក្នុងជីវិតរមែងស្លាប់ ឬ អត់ទេ សូមឲ្យព្រះគុណរបស់ព្រះអម្ចាស់ នាំសុភមង្គលក្នុងពេលនេះ និងសេចក្ដីជំនឿទៅលើការសន្យាដ៏រឹងមាំនឹងកើតមាន ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។