ឆ្នាំ ២០១០-២០១៩
វិវរណៈ​សម្រាប់​សាសនាចក្រ វិវរណៈ​សម្រាប់​ជីវិត​របស់​យើង
ខែ មេសា ឆ្នាំ ២០១៨


2:3

វិវរណៈ​សម្រាប់​សាសនាចក្រ វិវរណៈ​សម្រាប់​ជីវិត​របស់​យើង

នៅ​ពេល​ខាង​មុខ វា​នឹង​មិន​អាច​រស់​រាន​ខាង​វិញ្ញាណ​បាន​ឡើយ បើ​គ្មាន​ព្រះចេស្ដា​ណែនាំ ដឹកនាំ និង​លួង​លោម​ចិត្ត​ជាប់​ជានិច្ច​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ ។

វា​គឺ​ជា​ឯកសិទ្ធិ​ដ៏​រុង​រឿង​អ្វី​ម៉្លេះ​ដើម្បី​អបអរ​បុណ្យ​អ៊ីស្ទើរ​ជាមួយ​នឹង​បងប្អូន​នៅ​ថ្ងៃ​អាទិត្យ​នេះ​ក្នុង​សន្និសីទ​ទូទៅ ! គ្មាន​អ្វី​ដែល​អាច​សក្ដិសម​ជាង​ការ​រំឭក​ដល់​ព្រឹត្តិការណ៍​ដ៏​សំខាន់​បំផុត​ដែល​ពុំ​ធ្លាប់​កើត​ឡើង​នៅលើ​ផែនដី​នេះ ដោយ​ការ​ថ្វាយ​បង្គំ​តួអង្គ​ដ៏​សំខាន់​បំផុត​ដែល​បាន​យាង​មក​លើ​ផែនដី​នេះ ។ នៅ​ក្នុង​កិច្ចការ​នេះ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ យើង​ថ្វាយ​បង្គំ​ទ្រង់​ដែល​បាន​ចាប់ផ្ដើម​ដង្វាយធួន​ដ៏​និរន្តរ​នៅ​ក្នុង​សួន​ច្បារ​គែតសេម៉ានី ។ ទ្រង់​បាន​ស្ម័គ្រ​ព្រះទ័យ​ដើម្បី​រង​ទុក្ខ​ចំពោះ​អំពើ​បាប និង​ភាពទន់​ខ្សោយ​របស់​យើង​ម្នាក់ៗ ដែល​ការ​រង​ទុក្ខ​នោះ​បាន​ធ្វើ​ឲ្យ​ទ្រង់​« ត្រូវ​ច្រួច​លោហិត​ចេញ​ពី​គ្រប់​រន្ធ​ញើស » ។ ទ្រង់​ត្រូវ​បាន​គេ​ឆ្កាង​នៅ​លើ​ឈើ​ឆ្កាង​នៅ​ភ្នំ​កាល់វ៉ារី​ ហើយ​បាន​ក្រោក​ឡើង​នៅ​ថ្ងៃ​ទី​បី​ជា​អង្គ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ដំបូង​គេ​ក្នុង​ចំណោម​បុត្រា​បុត្រី​នៃ​ព្រះវរបិតាសួគ៌​យើង ។ ខ្ញុំ​ស្រឡាញ់​ទ្រង់ ហើយ​សូម​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​មាន​ព្រះជន្ម​រស់ ! ទ្រង់​ដឹកនាំ ហើយ​ណែនាំ​ដល់​សាសនាចក្រ​របស់​ទ្រង់ ។

បើ​គ្មាន​ដង្វាយ​ធួន​ជានិរន្តរ​របស់​ព្រះ​ដ៏​ប្រោស​លោះ​នៃ​យើង​ទេ នោះ​ក៏​គ្មាន​យើង​ណា​ម្នាក់​មាន​សង្ឃឹម​នឹង​ត្រឡប់​ទៅ​ឯ​ព្រះវរបិតា​សួគ៌​នៃ​យើង​បាន​ឡើយ ។ បើ​គ្មាន​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់​ទេ នោះ​សេចក្ដី​ស្លាប់​នឹង​ជា​ចុង​បញ្ចប់ ។ ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​បាន​ធ្វើ​ឲ្យ​ជីវិត​អស់​កល្ប​ជានិច្ច និង​អតមភាព​អាច​កើត​មាន​ដល់​យើង​គ្រប់​គ្នា ។

ដោយសារ​តែ​បេសកកម្ម​ដ៏​សំខាន់​របស់​ទ្រង់ និង​សេចក្ដី​សុខសាន្ត​ដែល​ទ្រង់​ប្រទាន​ដល់​ពួក​អ្នក​ដើរ​តាម​ទ្រង់ ទើប​ភរិយា​ខ្ញុំ វេនឌី និង​ខ្ញុំ​ទទួល​បាន​អារម្មណ៍​លួង​លោម​ចិត្ត​នៅ​យប់​ថ្ងៃ​ទី ២ ខែ មករា ឆ្នាំ ២០១៨ កាល​យើង​ភ្ញាក់​ឡើង​ទទួល​ទូរសព្ទ​មួយ​ថា ប្រធាន​ថូម៉ាស អេស ម៉នសុន បាន​ទទួល​មរណភាព ។

ប្រធាន រ័សុល អិម ណិលសុន និង​ប្រធាន ថូ​ម៉ាស អេស ម៉នសុន

យើង​នឹក​ប្រធាន ម៉នសុន​ខ្លាំង​ណាស់ ! យើង​កោត​សរសើរ​ចំពោះ​ជីវិត និង​កេរ​ដំណែល​របស់​លោក ។ ក្នុង​នាម​ជា​បុរស​មួយ​រូប​ពោរ​ពេញ​ដោយ​វិញ្ញាណ​ដ៏​អស្ចារ្យ លោក​បាន​បន្សល់​ទុក​នូវ​ឥទ្ធិពល​ដែល​មិន​អាច​បំភ្លេច​បាន​ដល់​មនុស្ស​ទាំងអស់​ដែល​បាន​ស្គាល់​លោក និង​ចំពោះ​សាសនាចក្រ​ដែល​លោក​ស្រឡាញ់ ។

នៅ​ថ្ងៃ អាទិត្យ​ទី ១៤ ខែ មករា ឆ្នាំ ២០១៨ នៅ​បន្ទប់​ខាង​លើ​នៃ​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក គណៈប្រធាន​ទីមួយ​ត្រូវ​បាន​បង្កើត​ឡើង​វិញ​តាម​គន្លង​ដ៏​សាមញ្ញ ហើយ​ពិសិដ្ឋ​ដែល​ព្រះអម្ចាស់​បាន​ស្ថាបនា ។ បន្ទាប់​មក នៅ​ក្នុង​ជំនុំ​ដ៏​មុត​មាំ​មួយ​កាល​ពី​ម្សិល​មិញ សមាជិក​សាសនាចក្រ​ទូទាំង​ពិភពលោក​បាន​លើក​ដៃ​ដើម្បី​បញ្ជាក់​សកម្មភាព​ដែល​បាន​ធ្វើ​កាល​ពី​មុន​ដោយ​ពួក​សាវក ។ ខ្ញុំ​មាន​អំណរ​គុណ​យ៉ាង​រាបសា​ចំពោះ​ការ​គាំទ្រ​របស់​បងប្អូន ។

ខ្ញុំ​ក៏​មាន​អំណរ​គុណ​ចំពោះ​បុគ្គល​ដែល​បាន​ធ្វើ​កិច្ចការ​នេះ​ពីមុន​ខ្ញុំ​ផង​ដែរ ។ ខ្ញុំ​មាន​ឯកសិទ្ធិ​ដើម្បី​បម្រើ​នៅ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​អស់​រយៈពេល ៣៤ ឆ្នាំ ហើយ​ស្គាល់​យ៉ាង​ជិតស្និទ្ធ​នឹង​ប្រធាន​សាសនាចក្រ​ពីមុនៗ​ចំនួន ១០ រូប​ក្នុង​ចំណោម ១៦ រូប ។ ខ្ញុំ​បាន​រៀន​យ៉ាង​ច្រើន​មក​ពី​ពួក​លោក​ម្នាក់ៗ ។

ខ្ញុំ​ក៏​ជំពាក់​គុណ​ច្រើន​ណាស់​ដែរ​ចំពោះ​ដូនតា​របស់​ខ្ញុំ ។ ជីដូន​ជីតា​ទួត​ខ្ញុំ​ទាំង​ប្រាំ​បី​នាក់​គឺជា​អ្នក​ប្រែ​ចិត្ត​ជឿ​ក្នុង​សាសនាចក្រ​នៅ​ទ្វីប​អឺរ៉ុប ។ ពួក​គាត់​ម្នាក់ៗ​បាន​លះបង់​អ្វី​គ្រប់​យ៉ាង​ដើម្បី​មក​កាន់​ទីក្រុង​ស៊ីយ៉ូន ។ លុះ​ជំនាន់​ក្រោយ​មក​ទៀត ជីដូន​ជីតា​ខ្ញុំ​មួយ​ចំនួន​ពុំ​បាន​នៅ​បន្ដ​ស្មោះត្រង់​នោះ​ទេ ។ ជា​លទ្ធផល ខ្ញុំ​ពុំ​ត្រូវ​បាន​ចិញ្ចឹម​បី​បាច់​នៅ​ក្នុង​គេហដ្ឋាន​ដែល​ផ្ដោត​លើ​ដំណឹង​ល្អ​ឡើយ ។

ឪពុក​ម្តាយ​របស់​ប្រធាន​ណិលសុន
គ្រួសារ​ថ្មីថ្មោង​របស់​ប្រធាន​ណិលសុន

ខ្ញុំ​ស្រឡាញ់​ឪពុ​កម្ដាយ​របស់​ខ្ញុំ ។ ពួកគាត់​គឺ​ជា​មនុស្ស​សំខាន់​បំផុត​ចំពោះ​ខ្ញុំ ហើយ​បាន​បង្រៀន​ខ្ញុំ​នូវ​មេរៀន​សំខាន់ៗ​ជាច្រើន ។ ខ្ញុំ​មិន​អាច​អរគុណ​ពួក​គាត់​អស់​ឡើយ ចំពោះ​គ្រួសារ​ដ៏​រីករាយ​ដែល​ពួកគាត់​បាន​បង្កើត​សម្រាប់​ខ្ញុំ និង​បងប្អូន​របស់​ខ្ញុំ ។ ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​កំពុង​ខ្វះ​អ្វី​ម្យ៉ាង ទោះ​ជា​ខ្ញុំ​នៅ​ក្មេង​ក្ដី ។ មាន​ថ្ងៃ​មួយ ខ្ញុំ​បាន​ជិះ​រថយន្ត​ក្រុង​មួយ​ទៅ​បណ្ណាគារ​អិល.ឌី.អេស.​ដើម្បី​រក​សៀវភៅ​មួយ​អំពី​សាសនាចក្រ​នេះ ។ ខ្ញុំ​ចូលចិត្ត​ការរៀនសូត្រ​អំពី​ដំណឹងល្អ ។

កាល​ខ្ញុំ​បាន​យល់​អំពី​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាង​វៃ ខ្ញុំ​ចង់​ឲ្យ​ឪពុក​ម្ដាយ​ខ្ញុំ​រស់នៅ​តាម​ក្រឹត្យ​វិន័យ​នោះ ។ ដូច្នេះ​មាន​ថ្ងៃ​មួយ កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​ទៅ​បន្ទប់​ក្រោម​ដី ហើយ​បាន​ទៅ​វាយ​បំបែក​ស្រា​ដាក់​ក្នុង​ដប​ទាំងអស់​ដែល​មាន​នៅ​ទី​នោះ ! ខ្ញុំ​រំពឹង​ចង់​ឲ្យ​ឪពុក​ខ្ញុំ​ដាក់​ទោស​ដល់​ខ្ញុំ ប៉ុន្តែ​គាត់​មិន​បាន​និយាយ​អ្វី​សោះ ។

កាល​ខ្ញុំ​ធំ​ពេញ​វ័យ ហើយ​បាន​ចាប់​ផ្ដើម​យល់​អំពី​សារៈសំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ជា​រឿយៗ ខ្ញុំ​និយាយ​ប្រាប់​ខ្លួន​ឯង​ថា « ខ្ញុំ​មិន​ចង់​បាន​អំណោយ​បុណ្យ​គ្រីស្ទម៉ាស​ទៀត​ទេ ! ខ្ញុំ​គ្រាន់​តែ​ចង់​ផ្សារ​ភ្ជាប់​នឹង​ឪពុក​ម្ដាយ​ខ្ញុំ​ប៉ុណ្ណោះ » ។ ព្រឹត្តិការណ៍​ដ៏​យូរ​ដែល​ខ្ញុំ​ប្រាថ្នា​ចង់​បាន​នោះ​មិន​បាន​កើត​ឡើង​ទេ រហូត​ឪពុក​ម្ដាយ​ខ្ញុំ​មាន​អាយុ​ជាង ៨០ ឆ្នាំ ទើប​វា​បាន​កើត​ឡើង ។ ខ្ញុំ​ពុំ​អាច​សម្តែង​នូវ​អំណរ​ដែល​ខ្ញុំ​បាន​ទទួល​អារម្មណ៍​នៅ​ថ្ងៃ​នោះ  ហើយ​រៀងរាល់​ថ្ងៃ​ខ្ញុំ​ទទួល​អំណរ​នៃ​ការផ្សារភ្ជាប់ របស់​ពួកគាត់ ហើយ​ខ្ញុំ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ពួកគាត់ ។

រ័សុល និង ឌេនហ្សេល ណិលសុន

នៅ​ឆ្នាំ ១៩៤៥ កាល​ខ្ញុំ​រៀន​នៅ​សាលា​ពេទ្យ ខ្ញុំ​បាន​រៀបការ​នឹង ឌេនហ្សេល វ៉ាយ នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក ។ គាត់ និង​ខ្ញុំ​មាន​ពរ ដោយ​មាន​កូន​ស្រី​ដ៏​ស្រស់​ស្អាត​ប្រាំ​បួន​នាក់ និង​កូនប្រុស​ដ៏​មាន​តម្លៃ​ម្នាក់ ។ នៅ​ថ្ងៃ​នេះ គ្រួសារ​ដែល​បន្ត​កើន​ឡើង​ជានិច្ច​របស់​យើង​គឺជា​អំណរ​ដ៏​អស្ចារ្យ​បំផុត​មួយ​នៃ​ជីវិត​របស់​ខ្ញុំ ។

ប្រធាន និង​ស៊ីស្ទើរ ណិលសុន និង​កូនស្រី​របស់​ពួកលោក
ប្រធាន​ណិលសុន និង​កូន​ប្រុស​របស់​លោក

នៅ​ឆ្នាំ ២០០៥ បន្ទាប់​ពី​រៀបការ​បាន​ជិត ៦០ ឆ្នាំ ភរិយា​ជាទី​ស្រឡាញ់​របស់ ឌេនហ្សេល បាន​ទទួល​មរណភាព​ដោយ​មិន​បាន​រំពឹង​ទុក ។ ខ្ញុំ​បាន​ឈឺចាប់​ស្ទើរ​តែ​មិន​អាច​ទ្រាំ​ទ្រ​បាន​អស់​មួយ​រយៈ ។ ប៉ុន្តែ​សារលិខិត​នៃ​បុណ្យ​អ៊ីស្ទើរ និង​ការ​សន្យា​នៃ​ការ​រស់​ឡើង​វិញ​បាន​គាំទ្រ​ដល់​រូប​ខ្ញុំ ។

វេនឌី និង រ័សុល ណិលសុន

បន្ទាប់​មក ព្រះអម្ចាស់​បាន​នាំ វេនឌី វ៉តសិន មក​ក្នុង​ជីវិត​ខ្ញុំ ។ យើង​បាន​ផ្សារ​ភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក នៅ​ថ្ងៃ​ទី ៦ ខែ មេសា ឆ្នាំ ២០០៦ ។ ខ្ញុំ​ស្រឡាញ់​គាត់ ! គាត់​គឺ​ជា​ស្ត្រី​ដ៏​អស្ចារ្យ​ម្នាក់—ជា​ពរជ័យ​ដ៏​ធំ​ចំពោះ​ខ្ញុំ ចំពោះ​គ្រួសារ​យើង និង​ចំពោះ​សាសនាចក្រ​ទាំង​មូល ។

ពរជ័យ​ទាំង​នេះ​នីមួយៗ​បាន​កើត​មាន​ដោយសារ​តែ​ការ​ស្វែង​រក និង​ស្ដាប់​តាម​ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ប្រធាន ឡូរែនសូ ស្នូ បាន​មាន​ប្រសាសន៍​ថា « នេះ​គឺជា​ឯក​សិទ្ធិ​ដ៏​ធំ​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គ្រប់​រូប … ដែល​វា​គឺ​ជា​សិទ្ធិ​របស់​យើង​ដើម្បី​ទទួល​បាន​ការ​បើក​សម្ដែង​មក​ពី​ព្រះវិញ្ញាណ​នៅ​ក្នុង​ជីវិត​របស់​យើង​ជា​រៀង​រាល់​ថ្ងៃ » ។

រឿង​មួយ​ដែល​ព្រះវិញ្ញាណ​បាន​បំផុស​គំនិត​ខ្ញុំ​ម្ដង​ហើយ​ម្ដង​ទៀត ចាប់​តាំង​ពី​ការ​ហៅ​ថ្មី​របស់​ខ្ញុំ​ជា​ប្រធាន​សាសនាចក្រ​នេះ គឺ​ថា​ព្រះអម្ចាស់​ស្ម័គ្រ​ព្រះទ័យ​ដើម្បី​បើក​សម្ដែង​ព្រះទ័យ និង​ព្រះឆន្ទៈ​របស់​ទ្រង់​ ។ ឯកសិទ្ធិ​នៃ​ការ​ទទួល​បាន​វិវរណៈ​គឺជា​អំណោយទាន​មួយ​ក្នុង​ចំណោម​អំណោយទាន​ដ៏​ធំ​បំផុត​ដែល​ព្រះ​ប្រទាន​ឲ្យ​បុត្រា​បុត្រី​របស់​ទ្រង់ ។

តាមរយៈ​ការ​បើក​សម្ដែង​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ព្រះអម្ចាស់​នឹង​ជួយ​យើង​នៅ​រាល់​ការ​ខិតខំ​ដោយ​សុចរិត​របស់​យើង ។ នៅ​ក្នុង​បន្ទប់​វះកាត់​មួយ—ដោយ​មិន​ច្បាស់​អំពី​នីតិវិធី​ដែល​មិន​ធ្លាប់​ធ្វើ​ពី​មុន​មក—ខ្ញុំ​បាន​ឈរ​នៅ​ក្បែរ​អ្នក​ជំងឺ​ម្នាក់ ហើយ​បាន​ដក​ពិសោធន៍​នូវ​ការ​បង្ហាញ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​អំពី​បច្ចេកទេស​នៅ​ក្នុង​គំនិត​របស់​ខ្ញុំ ។

ដើម្បី​ពង្រឹង​សំណើ​សុំ​រៀបការ​របស់​ខ្ញុំ​ទៅ​កាន់ វេនឌី ខ្ញុំ​បាន​ប្រាប់​គាត់​ថា « បង​ដឹង​អំពី​វិវរណៈ និង​របៀប​ទទួល​វា » ។ គួរ​ឲ្យ​សរសើរ​គាត់​ណាស់—កាល​ខ្ញុំ​បាន​ចាប់​ផ្ដើម​រៀន​អំពី​បុគ្គលិក​លក្ខណៈ​របស់​គាត់—នោះ​គាត់​បាន​ស្វែង​រក ហើយ​បាន​ទទួល​វិវរណៈ​ផ្ទាល់​ខ្លួន​របស់​គាត់​អំពី​រឿង​យើង​រួច​ហើយ ដែល​វា​បាន​ផ្ដល់​ភាព​ក្លាហាន​ឲ្យ​គាត់​និយាយ​ពាក្យ​ថា យល់​ព្រម ។

ក្នុង​នាម​ជា​សមាជិក​មួយ​រូប​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ខ្ញុំ​បាន​អធិស្ឋាន​រៀង​រាល់​ថ្ងៃ​ទូល​សូម​វិវរណៈ ហើយ​ថ្លែង​អំណរគុណ​ចំពោះ​ព្រះអម្ចាស់​គ្រប់​ពេល​ដែល​ទ្រង់​បាន​មាន​បន្ទូល​មក​កាន់​ដួង​ចិត្ត និង​គំនិត​របស់​ខ្ញុំ ។

សូម​នឹក​ស្រមៃ​អំពី​អព្ភូតហេតុ​នៃ​ការណ៍​នោះ ! មិន​ថា​យើង​មាន​ការ​ហៅ​អ្វី​នៅ​ក្នុង​សាសនាចក្រ​ទេ យើង​អាច​អធិស្ឋាន​ទៅ​ព្រះវរបិតា​សួគ៌​របស់​យើង ហើយ​ទទួល​បាន​ការណែនាំ និង​ការ​ដឹកនាំ ដឹង​អំពី​គ្រោះថ្នាក់ និង​ការ​អូស​ទាញ ហើយ​អាច​សម្រេច​កិច្ចការ​ដែល​យើង​មិន​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​បាន ។ បើ​យើង​ពិត​ជា​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ព្រមទាំង​រៀន​ញៀន​ដឹង ហើយ​យល់​អំពី​ការ​បំផុស​គំនិត​របស់​យើង នោះ​យើង​នឹង​ត្រូវ​បាន​ណែនាំ​នៅ​គ្រប់​បញ្ហា ទោះ​តូច ឬ​ធំ​ក្ដី ។

ថ្មីៗ​នេះ កាល​ខ្ញុំ​ជួប​នឹង​កិច្ចការ​ដ៏​លំបាក​នៃ​ការ​ជ្រើស​រើស​ទីប្រឹក្សា​ពីរ​រូប ខ្ញុំ​បាន​ងឿង​ឆ្ងល់​ថា តើ​ខ្ញុំអាច​រើស​យក​តែ​ពីរ​រូប​យ៉ាង​ម៉េច​ទៅ ក្នុង​ចំណោម​បុរស​ដប់ពីរ​រូប បើ​ពួក​លោក​សុទ្ធ​តែ​ជា​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់ ហើយ​គោរព ។

ដោយសារ​ខ្ញុំ​ដឹង​ថា ការ​បំផុស​គំនិត​ល្អ​គឺ​ពឹង​ផ្អែក​ទៅ​លើ​ព័ត៌មាន​ល្អ ខ្ញុំ​បាន​ជួប​នឹង​ពួក​សាវក​ម្នាក់​ម្ដងៗ​ប្រកប​ដោយ​ការ​អធិស្ឋាន ។ បន្ទាប់​មក ខ្ញុំ​បាន​ដក​ខ្លួន​ទៅ​បន្ទប់​មួយ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​តែ​ម្នាក់​ឯង ហើយ​ស្វែង​រក​ព្រះទ័យ​របស់​ព្រះអម្ចាស់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​បាន​ណែនាំ​ខ្ញុំ​ឲ្យ​ជ្រើស​យក​ប្រធាន ដាល្លិន អេក អូក និង​ប្រធាន ហិនរី ប៊ី អាវរិង ឲ្យ​បម្រើ​ជា​ទីប្រឹក្សា​របស់​ខ្ញុំ​នៅ​ក្នុង​គណៈប្រធាន​ទីមួយ ។

តាម​របៀប​ដូចគ្នា​នេះ​ដែរ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​បាន​បំផុស​គំនិត​ដល់​ការ​ហៅ​របស់​អែលឌើរ ជែរីត ដបុលយូ ហ្គង និង​អែលឌើរ អូលីសេស សូរ៉េស ឲ្យ​ទទួល​ការ​តែង​តាំង​ជា​ពួក​សាវក​របស់​ទ្រង់ ។ ខ្ញុំ និង​ពួកយើង​សូម​ស្វាគមន៍​ដល់​ពួកលោក​មក​កាន់​ការ​បម្រើ​ភាព​ជា​បងប្អូន​ប្រុស​ដ៏​វិសេស​នេះ ។

កាល​យើង​ជួប​ជុំ​គ្នា​ជា​ក្រុម​ប្រឹក្សា​នៃ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​ដប់​ពីរ​នាក់ នោះ​បន្ទប់​ប្រជុំ​របស់​យើង​ក្លាយ​ជា​បន្ទប់​នៃ​វិវរណៈ ។ ព្រះវិញ្ញាណ​គឺគង់​នៅ​ទីនោះ ។ កាល​យើង​ជួប​នឹង​បញ្ហា​ស្មុគស្មាញ ដំណើរ​ការ​ដ៏​រំភើប​មួយ​បាន​បើក​សម្ដែង កាល​សាវក​មួយ​រូបៗ​បង្ហាញ​គំនិត និង​ទស្សនៈ​របស់​ខ្លួន​ដោយ​សេរី ។ ទោះ​ជា​យើង​អាច​មាន​ទស្សនៈ​ផ្ដួម​ផ្ដើម​ខុសៗ​គ្នា​ក្ដី ក៏​សេចក្ដីស្រឡាញ់​ដែល​យើង​មាន​ចំពោះ​គ្នា​គឺ​មាន​ជានិច្ច ។ សាមគ្គីភាព​របស់​យើង​ជួយ​យើង​ឲ្យ​ដឹង​ពី​ព្រះទ័យ​របស់​ព្រះអម្ចាស់​សម្រាប់​សាសនាចក្រ​របស់​ទ្រង់ ។

នៅ​ក្នុង​ការ​ប្រជុំ​របស់​យើង មតិ​ភាគ​ច្រើន​មិន​ដែល​ឈ្នះ​ទេ ! យើង​ស្ដាប់​គ្នា​ទៅវិញ​ទៅមក​ប្រកប​ដោយ​ការ​អធិស្ឋាន ហើយ​ពិភាក្សា​គ្នា​រហូត​ដល់​យើង​មាន​សាមគ្គីភាព ។ បន្ទាប់​មក កាល​យើង​យល់​ព្រម​គ្រប់​គ្នា នោះ​ព្រះចេស្ដា​បង្រួប​បង្រួម​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​ភាព​រំភើប​ខ្លាំង​ណាស់ ! យើង​ដក​ពិសោធន៍​អ្វី​ដែល​ព្យាការី យ៉ូសែប ស៊្មីធ បាន​ស្គាល់ កាល​លោក​បាន​បង្រៀន​ថា « កាល​យើង​មាន​អារម្មណ៍​រួប​រួម យើង​ទទួល​បាន​អំណាច​ជាមួយ​នឹង​ព្រះ » ។​ គ្មាន​សមាជិក​ក្នុង​គណៈប្រធាន​ទីមួយ ឬ​កូរ៉ុម​នៃ​ពួក​ដប់​ពីរ​នាក​ណា​ម្នាក់​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ជា​ប្រយោជន៍​ដល់​សាសនាចក្រ​របស់​ព្រះអម្ចាស់ ដោយ​គ្មាន​ការ​ទូល​សួរ​ទ្រង់​នោះ​ឡើយ !

បងប្អូន​ប្រុស​ស្រី តើ​យើង​អាច​ក្លាយ​ជា​បុរស និង​ស្ត្រី—ពួក​អ្នក​បម្រើ​ដូចជា​ព្រះគ្រីស្ទ—ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ចង់​ឲ្យ​យើង​ប្រែ​ក្លាយ​តាម​របៀប​ណា ? តើ​យើង​អាច​ស្វែង​រក​ចម្លើយ​ចំពោះ​សំណួរ​ដែល​បំភាន់​យើង​តាម​របៀប​ណា ? បើ​បទពិសោធន៍​ដ៏​អស្ចារ្យ​របស់​យ៉ូសែប ស្ម៊ីធ​នៅក្នុង​ព្រៃ​ពិសិដ្ឋ​បង្រៀន​យើង​អំពី​អ្វី​មួយ នោះ​គឺ​ថា ស្ថានសួគ៌​បាន​បើក ហើយ​ថា​ព្រះ​មាន​បន្ទូល​មក​កាន់​បុត្រា​បុត្រី​របស់​ទ្រង់ ។

ព្យាការី យ៉ូសែប ស៊្មីធ បាន​ដាក់​គន្លង​មួយ​ឲ្យ​យើង​ធ្វើ​តាម​នៅ​ក្នុង​ការឆ្លើយ​នឹង​សំណួរ​របស់​យើង ។ ដោយ​បាន​ណែនាំ​ទៅ​រក​ការ​សន្យា​របស់​យ៉ាកុប​ថា បើ​យើង​ខ្វះ​ប្រាជ្ញា​មាន​តែ​សូម​ដល់​ព្រះ  នោះ​ក្មេង​ប្រុស​យ៉ូសែប​បាន​ទូល​សួរ​សំណួរ​របស់​លោក​ដោយ​ផ្ទាល់​ទៅ​ព្រះវរបិតា​សួគ៌ ។ លោក​បាន​ស្វែង​រក​វិវរណៈ​ផ្ទាល់​ខ្លួន ហើយ​ការស្វែងរក​របស់​លោក​បាន​បើក​នូវ​គ្រា​កាន់​កាប់​ត្រួត​ត្រា​ចុង​ក្រោយ​នេះ ។

ដូចគ្នា​នេះ​ដែរ តើ​ការ​ស្វែង​រក​របស់​បងប្អូន​នឹង​បើក​បង្ហាញ​អ្វី​ខ្លះ​ដល់​បងប្អូន ? តើ​បងប្អូន​ខ្វះ​ប្រាជ្ញា​អ្វី​ខ្លះ ? តើ​អ្វី​ទៅ​ដែល​បងប្អូន​មាន​អារម្មណ៍​ថា ជា​សេចក្ដី​ត្រូវការ​បន្ទាន់​មួយ​ដើម្បី​ដឹង ឬ​យល់ ? សូម​ធ្វើ​តាម​គំរូ​របស់​ព្យាការី​យ៉ូសែប ។ សូម​ស្វែង​រក​កន្លែង​ស្ងប់​ស្ងាត់​មួយ ជា​កន្លែង​ដែល​បងប្អូន​អាច​ទៅ​ជា​ទៀង​ទាត់ ។ សូម​ធ្វើ​ចិត្ត​រាបសា​នៅ​ចំពោះ​ព្រះ ។ សូម​បង្ហើរ​ដួង​ចិត្ត​របស់​បងប្អូន​ទៅ​រក​ព្រះវរបិតា​សួគ៌ ។ សូម​ងាក​មក​រក​ទ្រង់​ទូល​សូម​ចម្លើយ និង​ការ​លួង​លោម​ចិត្ត ។

សូម​អធិស្ឋាន​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​អំពី​កង្វល់ ការ​ភ័យខ្លាច ភាព​ទន់​ខ្សោយ​របស់​បងប្អូន—ពិត​ណាស់ ជា​បំណង​ប្រាថ្នា​នៅ​ក្នុង​ដួង​ចិត្ត​របស់​បងប្អូន ។ បន្ទាប់​មក ចូរ​ស្តាប់ ! សូម​សរសេរ​គំនិត​ដែល​កើត​មាន​ក្នុង​គំនិត​របស់​បងប្អូន ។ សូម​កត់​ត្រា​អារម្មណ៍​របស់​បងប្អូន ហើយ​ធ្វើ​សកម្មភាព​តាម​អ្វី​ដែល​បងប្អូន​ត្រូវបាន​បំផុស​គំនិត​ឲ្យ​ធ្វើ ។ កាល​បងប្អូន​ធ្វើ​ដំណើរ​ការ​នេះ​ម្ដង​ហើយ​ម្ដង​ទៀត​រៀង​រាល់​ថ្ងៃ រាល់​ខែ រាល់​ឆ្នាំ បងប្អូន​នឹង « រីកចម្រើន​នៅ​ក្នុង​គោលការណ៍​នៃ​វិវរណៈ » ។

តើ​ព្រះ​ពិត​ជា​ចង់​មាន​បន្ទូល​មក​កាន់​បងប្អូន​មែន​ទេ ? មែន​ហើយ ! « ដូច​ជា​មនុស្ស​ណា​ម្នាក់​លាត​ដៃ​ខ្សោយ​ទៅ​បញ្ឈប់​ទន្លេ​មិសសួរី នៅ​ក្នុង​ដំណើរ​វា​ដែល​បាន​សម្រេច​ទុក … នោះ​ក៏​ដូច​ជា​បង្អាក់​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ​ពី​ការ​ចាក់​តម្រិះ​ពី​ស្ថាន​សួគ៌ មក​លើ​ក្បាល​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​យ៉ាង​នោះ​ដែរ »។

បងប្អូន​ពុំ​ចាំបាច់​ឆ្ងល់​ថាតើ​អ្វី​គឺ​ពិត​នោះ​ទេ ។ បងប្អូន​ពុំ​ចាំបាច់​ឆ្ងល់​ថា បងប្អូន​គួរ​ទុក​ចិត្ត​នរណា​ដោយ​មាន​សុវត្ថិភាព​នោះ​ទេ ។ តាមរយៈ​វិវរណៈ​ផ្ទាល់​ខ្លួន បងប្អូន​អាច​ទទួល​សាក្សី​ដោយ​ផ្ទាល់​ថា ព្រះគម្ពីរ​មរមន​គឺ​ជា​បន្ទូល​របស់​ព្រះ ថា​យ៉ូសែប ស៊្មីធ​គឺ​ជា​ព្យាការី ហើយ​ថា នេះ​គឺ​ជា​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ មិន​ថា​មនុស្ស​ដទៃ​និយាយ ឬ​ធ្វើ​អ្វី​នោះ​ទេ គ្មាន​នរណា​ម្នាក់​ដក​យក​សាក្សី​មួយ​ដែល​កើត​មាន​នៅ​ក្នុង​ដួង​ចិត្ត និង​គំនិត​របស់​បងប្អូន​អំពី​ការពិត​បាន​ឡើយ ។

ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​បងប្អូន​ឲ្យ​ខិតខំ​បន្ថែម​ទៀត​លើស​ពី​លទ្ធភាព​ខាង​វិញ្ញាណ​របស់​បងប្អូន​នៅ​ពេល​នេះ ដើម្បី​ទទួល​បាន​វិវរណៈ​ផ្ទាល់​ខ្លួន ពីព្រោះ​ព្រះអម្ចាស់​បាន​សន្យា​ថា « បើ​សិន​ជា​អ្នក [ ស្វែងរក ] នោះ​អ្នក​នឹង​បាន​ទទួល​វិវរណៈ​ថែម​ទៅ​លើ​វិវរណៈ តម្រិះ​ថែម​ទៅ​លើ​តម្រិះ ដើម្បី​ឲ្យ​អ្នក​អាច​បាន​ស្គាល់​សេចក្ដី​អាថ៌​កំបាំង​ទាំង​ឡាយ និង​របស់​ទាំង​ឡាយ​ដ៏​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត — ដែល​នឹង​នាំ​ឲ្យ​មាន​សេចក្ដី​អំណរ ជា​អ្វី​ដែល​នាំ​ឲ្យ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ។

មាន​រឿង​អ្វី​ជា​ច្រើន​ទៀត​ដែល​ព្រះវរបិតា​សួគ៌​សព្វ​ព្រះទ័យ​ចង់​ឲ្យ​បងប្អូន​ដឹង ។ ដូចដែល​អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​បង្រៀន​ថា « ចំពោះ​អស់​អ្នក​ដែលមាន​ភ្នែក​មើល និង​ត្រចៀក​ស្ដាប់ វា​បង្ហាញ​យ៉ាងច្បាស់​ណាស់​ថា ព្រះវរបិតា និង​ព្រះរាជបុត្រា​កំពុងតែ​បង្ហាញ​អំពី​រឿង​អាថ៌កំបាំង​នៃ​សាកល​លោក​នេះ ! »

គ្មាន​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ស្ថានសួគ៌​បើក​ចំហរ ដូចជា​ការ​ដាក់​បញ្ចូល​គ្នា​នៃការ​កើន​ឡើង​នូវ​បរិសុទ្ធភាព ការ​គោរព​ប្រតិបត្តិ​យ៉ាង​មុត​មាំ ការស្វែងរក​ដោយ​ស្មោះ ការ​ទទួល​ទាន​បន្ទូល​នៃ​ព្រះគ្រីស្ទ​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន  និង​ការ​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ជា​ទៀង​ទាត់​នោះ​ឡើយ ។

ប្រាកដណាស់ ប្រហែល​ជា​មាន​ពេល​ខ្លះ​បងប្អូន​មាន​អារម្មណ៍​ថា ហាក់​ដូចជា​ស្ថានសួគ៌​បាន​បិទ ។ ប៉ុន្តែ​ខ្ញុំ​សូម​សន្យា​ថា កាល​បងប្អូន​បន្ត​មាន​ការ​គោរព​ប្រតិបត្តិ ដោយ​បង្ហាញ​ការ​ដឹង​គុណ​ចំពោះ​រាល់​ពរជ័យ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​បងប្អូន ហើយ​កាល​បងប្អូន​គោរព​តាម​វេលាកាល​របស់​ព្រះអម្ចាស់​ដោយ​អត់ធ្មត់ នោះ​បងប្អូន​នឹង​ទទួល​បាន​ចំណេះដឹង និង​ការ​យល់ដឹង​ដែល​បងប្អូន​ស្វែង​រក ។ រាល់​ពរជ័យ​ដែល​ព្រះអម្ចាស់​មាន​សម្រាប់​បងប្អូន—សូម្បី​តែ​អព្ភូតហេតុ—នឹង​កើត​មាន​តាម​ក្រោយ ។ នោះ​ហើយ​គឺ​ជា​អ្វី​ដែល​វិវរណៈ​ផ្ទាល់​ខ្លួន​នឹង​ធ្វើ​សម្រាប់​បងប្អូន ។

ខ្ញុំ​មាន​ភាពសុទិដ្ឋិនិយម​ចំពោះ​អនាគត ។ វា​នឹង​ពោរពេញ​ដោយ​ឱកាស​សម្រាប់​បងប្អូន​ម្នាក់ៗ​ដើម្បី​រីកចម្រើន បរិច្ចាគ ហើយ​យក​ដំណឹងល្អ​ទៅគ្រប់​ទិស​ទី​នៃ​ផែនដី​នេះ ។ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​បាន​ដឹង​ជា​មុន​អំពី​អនាគត​ដែរ ។ យើង​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​ស្មុគស្មាញ និង​កាន់តែ​ចម្រូង​ចម្រាស ។ លទ្ធភាព​ដ៏​ខ្ជាប់​ខ្ជួន​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​វដ្ដ​សារព័ត៌មាន ២៤ ម៉ោង ធ្វើ​ឲ្យ​យើង​ថប់​បារម្ភ​ជាមួយ​នឹង​សារលិខិត​ឥត​ឈប់​ឈរ ។ បើ​យើង​សង្ឃឹម​ចង់​ស្វែង​រក​អ្វី​មួយ​ដែល​មាន​តម្លៃ​តាមរយៈ​ទស្សន​ជាច្រើន និង​ទស្សនវិជ្ជា​របស់​មនុស្ស​ដែល​វាយ​ប្រហារ​ដល់​សេចក្ដី​ពិត នោះ​យើង​ត្រូវ​តែ​រៀន​ទទួល​វិវរណៈ ។

ព្រះអង្គ​សង្គ្រោះ និង​ព្រះ​ដ៏​ប្រោសលោះ​របស់​យើង ព្រះយេស៊ូវគ្រីស្ទ នឹង​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​បំផុត​របស់​ទ្រង់​មួយ​ចំនួន​ចន្លោះ​ពេល​នេះ​រហូត​ដល់​ពេល​ទ្រង់​យាង​មក​ម្ដង​ទៀត ។ យើង​នឹង​ឃើញ​ការ​បង្ហាញ​ដ៏​អស្ចារ្យ​ថា ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​ស្ងួន​ភ្ញា​របស់​ទ្រង់​ធ្វើ​ជា​អធិបតី​លើ​សាសនាចក្រ​នេះ​ដោយ​ភាព​រុងរឿង និង​សិរីល្អ ។ ប៉ុន្តែ​នៅ​ពេល​ខាង​មុខ វា​នឹង​មិន​អាច​រស់​រាន​ខាង​វិញ្ញាណ​បាន​ឡើយ បើ​គ្មាន​ព្រះចេស្ដា​ណែនាំ ដឹកនាំ និង​លួង​លោម​ចិត្ត​ជាប់​ជានិច្ច​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ ។

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​បង្កើន​សមត្ថភាព​ខាង​វិញ្ញាណ​របស់​បងប្អូន​ដើម្បី​ទទួល​បាន​វិវរណៈ ។ ចូរ​ឲ្យ​ថ្ងៃ​អាទិត្យ​នៃ​បុណ្យ​អ៊ីស្ទើរ​នេះ​ក្លាយ​ជា​គ្រា​ដ៏​មាន​ន័យ​មួយ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន ។ សូម​ជ្រើស​ធ្វើ​កិច្ចការ​ខាង​វិញ្ញាណ​ដែល​បាន​តម្រូវ​ឲ្យ​ធ្វើ ដើម្បី​រីករាយ​នឹង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ស្ដាប់​ឮ​ព្រះសូរ​សៀង​នៃ​ព្រះវិញ្ញាណ​ឲ្យ​បាន​ញឹកញាប់ ហើយ​កាន់​តែ​ច្បាស់ ។

ខ្ញុំ​សូម​ដាស់តឿន​ដល់​បងប្អូន​ជាមួយ​នឹង​មរ៉ូណៃ​នៅ​ថ្ងៃ​ឈប់​សម្រាក​នៃ​បុណ្យ​អ៊ីស្ទើរ​នេះ ឲ្យ​« មក​រក​ព្រះ​គ្រីស្ទ ហើយ​ចូរ​យក​នូវ​អំណោយទាន​ដ៏​ល្អ​ទាំង​អស់ »  ដោយ​ចាប់ផ្ដើម​ជាមួយ​នឹង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ជា​អំណោយទាន​ដែល​អាច ហើយ​នឹង​ផ្លាស់ប្ដូរ​ជីវិត​របស់​បងប្អូន ។

យើង​គឺ​ជាពួក​អ្នក​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ ។ សេចក្ដីពិត​ដ៏​សំខាន់​បំផុត​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ធ្វើ​ជា​សាក្សី​ដល់​បងប្អូន​គឺ​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ។ ទ្រង់​មាន​ព្រះជន្ម​រស់ ! ទ្រង់​គឺ​ជា​ព្រះអង្គ​គាំទ្រ​យើង​ជាមួយ​ព្រះវរបិតា ជា​ព្រះ​ដ៏​គំរូ និង​ជា​ព្រះដ៏​ប្រោសលោះ​របស់​យើង ។ នៅ​ថ្ងៃ​អាទិត្យ​នៃ​បុណ្យ​អ៊ីស្ទើរ​នេះ យើង​អបអរ​ចំពោះ​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ដ៏​ពិត​របស់​ទ្រង់ និង​ភាព​ជា​ព្រះ​របស់​ទ្រង់ ។

នេះ​គឺ​ជា​សាសនាចក្រ​របស់​ទ្រង់ ដែល​បាន​ស្ដារ​ឡើង​វិញ​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ។ ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​គ្រប់​គ្នា ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​នេះ​នៅ​ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន។