ឆ្នាំ ២០១០-២០១៩
អំណាច​បព្វជិតភាព
ខែ មេសា ឆ្នាំ ២០១៨


2:3

អំណាច​បព្វជិតភាព

ការ​តម្កើង​បព្វជិតភាព​ដ៏​បរិសុទ្ធ​ដែល​បងប្អូន​កាន់​មាន​សារៈសំខាន់​ចំពោះ​កិច្ចការ​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​បងប្អូន និង​ក្នុង​ការហៅ​របស់​បងប្អូន​ក្នុង​សាសនាចក្រ ។

បងប្អូន​ប្រុស​ជា​ទីស្រឡាញ់ យើង​បាន​ស្ដាប់​ឮ​ការ​ប្រកាស​ដ៏​បំផុស​គំនិត​មួយ​មក​ពី​ប្រធាន រ័សុល អិម ណិលសុន ។ យើង​បាន​ស្ដាប់​ឮ​ការ​ពន្យល់​ដ៏​សំខាន់​មក​ពី​អែលឌើរ គ្រីស្តូហ្វឺសិន ព្រមទាំង​មក​ពី​អែលឌើរ រ៉ាសបាន និង​ប្រធាន អាវរិង ។ សុន្ទរកថា​ផ្សេង​ទៀត​នា​រាត្រី​នេះ រួម​ទាំង​សុន្ទរកថា​មក​ពី​ប្រធាន​ណិលសុន​ផង​ដែរ នឹង​ពន្យល់​នូវ​អ្វី​ដែល​បងប្អូន​នឹង​ធ្វើ​នៅ​ពេល​នេះ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​របស់​បងប្អូន​ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ និង​អ្នក​កាន់​បព្វជិតភាព​របស់​ព្រះអម្ចាស់ ។ ដើម្បី​ជួយ​ដល់​កិច្ចការ​នោះ ខ្ញុំ​នឹង​រំឭក​ឡើង​វិញ​នូវ​គោលការណ៍​គ្រឹះ​មួយ​ចំនួន​ដែល​គ្រប់​គ្រង​បព្វជិតភាព​ដែល​បងប្អូន​កាន់ ។

I.បព្វជិតភាព

បព្វជិតភាព​មិលគីស្សាដែក​គឺ​ជា​សិទ្ធិ​អំណាច​ដ៏​ទេវភាព​ដែល​ព្រះ​បាន​ផ្ទេរមក​ដើម្បី​សម្រេច​កិច្ចការ​របស់​ទ្រង់​ក្នុង​ការ​« នាំ​ឲ្យ​មាន … ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស »​( ម៉ូសេ ១:៣៩ ) ។ នៅ​ឆ្នាំ ១៨២៩ វា​ត្រូវ​បាន​ប្រគល់​ឲ្យ​យ៉ូសែប ស្ម៊ីធ និង​អូលីវើរ ខៅឌើរី ដោយ​សាវក​របស់​ព្រះអម្ចាស់​ពេត្រុស យ៉ាកុប និង​យ៉ូហាន​( សូម​មើល គ. និង ស. ២៧:១២ ) ។ វា​មាន​ភាព​ពិសិដ្ឋ និង​មាន​អនុភាព​លើស​ពី​អ្វី​ដែល​យើង​អាច​ពិពណ៌នា​បាន ។

កូនសោ​បព្វជិតភាព​គឺជា​អំណាច​ដើម្បី​ដឹកនាំ​ការ​អនុវត្ត​សិទ្ធិ​អំណាច​បព្វជិតភាព ។ ដូច្នេះ នៅ​ពេល​ពួក​សាវក​បាន​ប្រគល់​បព្វជិតភាព​មិលគីស្សាដែក​ដល់​យ៉ូសែប និង​អូលីវើរ ពួកលោក​ក៏​បាន​ប្រគល់​កូនសោ​ដើម្បី ដឹកនាំ​ការ​អនុវត្ត​បព្វជិតភាព​ដល់​ពួកគាត់​ផង​ដែរ​( សូមមើល គ. និង ស. ២៧:១២–១៣ ) ។ ប៉ុន្តែ​ពុំមែន​កូន​សោ​ទាំង​អស់​ត្រូវ​បាន​ប្រគល់​ឲ្យ​នៅ​គ្រា​នោះ​ទេ ។ កូន​សោ និង​ចំណេះ​ដឹង​ទាំងអស់​ដែល​ចាំបាច់​សម្រាប់​« សម័យ​កាន់​កាប់​ត្រួត​ត្រា​នៃ​ពេល​ពេញ​កំណត់ »​នេះ​( គ. និង ស. ១២៨:១៨ ) ត្រូវបាន​ប្រគល់​ឲ្យ​« មួយ​បន្ទាត់​ម្ដងៗ »​( ខទី ២១ ) ។ ប្រាំពីរ​ឆ្នាំ​ក្រោយ​មក កូនសោ​បន្ថែម​ទៀត​ត្រូវ​បាន​ប្រគល់​ឲ្យ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ( សូម​មើល គ. និង ស. ១១០:១១–១៦ ) ។ កូនសោ​ទាំង​នេះ​ត្រូវ​បាន​ប្រគល់​ឲ្យ​ដើម្បី​ដឹកនាំ​សិទ្ធិ​អំណាច​បព្វជិតភាព​នៅ​ក្នុង​កិច្ចការ​បន្ថែម​ទៀត​ដែល​ត្រូវ​បាន​ប្រគល់​ឲ្យ​នៅ​គ្រានោះ ដូចជា​ពិធី​បុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន ។

បព្វជិតភាព​មិលគីស្សាដែក​គឺ​ពុំ​មែន​ជា​ឋានៈ ឬ​ងារ​មួយ​នោះ​ទេ ។ វា​គឺជា​អំណាច​ដ៏​ទេវភាព​មួយ​ដែល​មាន​ការ​ទុក​ចិត្ត​ដើម្បី​ប្រើ​សម្រាប់​ជា​ប្រយោជន៍​ដល់​កិច្ចការ​របស់​ព្រះ​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់ ។ យើង​គួរ​ចងចាំ​ជានិច្ច​ថា បុរស​ដែល​កាន់​បព្វជិតភាព​គឺ​ពុំ​មែន​ជា​« បព្វជិតភាព »​នោះ​ទេ ។ វា​ពុំ​សមរម្យ​ទេ​ដើម្បី​និយាយ​ថា « បព្វជិតភាព និង​ស្ត្រី » ។ យើង​គួរ​និយាយ​ថា « អ្នក​កាន់​បព្វជិតភាព​និង​ស្ត្រី » ។

II. ការងារ​បម្រើ

ឥឡូវ​នេះ ចូរ​យើង​ពិចារណា​អំពី​អ្វី​ដែល​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​រំពឹង​ចង់​បាន​ពី​អស់​អ្នក​ដែល​កាន់​បព្វជិតភាព​របស់​ទ្រង់—ជា​របៀប​ដែល​យើង​ត្រូវ​នាំ​យក​ព្រលឹង​មក​កាន់​ទ្រង់ ។

ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បាន​បង្រៀន​ថា « វា​ពិត​ជា​បាន​លើក​ឡើង​ថា សាសនាចក្រ​ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាង​ល្អ​ឥត​ខ្ចោះ ។ បញ្ហា​តែ​មួយ​គត់​គឺថា អង្គការ​ទាំង​នេះ​ពុំ​បាន​ផ្ដោត​ទាំង​ស្រុង​ទៅ​លើ​កាតព្វកិច្ច​ដែល​ពួកគេ​មាន​ឡើយ ។ នៅ​ពេល​ពួកគេ​បាន​ដឹង​ពី​រឿង​ដែល​ពួកគេ​ត្រូវ​ធ្វើ​ទាំង​ស្រុង នោះ​ពួកគេ​នឹង​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​កាន់​តែ​ស្មោះត្រង់ ហើយ​កិច្ចការ​របស់​ព្រះអម្ចាស់​នឹង​កាន់​តែ​រឹង​មាំ ព្រមទាំង​កាន់​តែ​មាន​អនុភាព និង​ឥទ្ធិពល​នៅ​ក្នុង​ពិភពលោក​នេះ » ។

ប្រធាន ស្ម៊ីធ ក៏​បាន​ដាស់​តឿន​ថា ៖

« ងារ​កិត្តិយស​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ … ដែល​ជាប់​ទាក់​ទង​នឹង​តំណែង និង​លំដាប់​មួយ​ចំនួន​នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ ពុំ​ត្រូវ​បាន​ប្រើ​ឬ​ក៏​ចាត់​ទុក​ថា​ជា​ងារ​ដែល​មនុស្ស​បង្កើត​ឡើង​នោះ​ឡើយ ។ វា​ពុំ​មែន​សម្រាប់​ការ​តុប​តែង ឬ​ការ​បង្ហាញ​ពី​ឥទ្ធិពល​នោះ​ទេ ប៉ុន្តែ​វា​គឺ​ជា​ការចាត់​តាំង​មួយ​ទៅ​កាន់​ការ​បម្រើ​ដ៏​រាបសា​នៅ​ក្នុង​កិច្ចការ​របស់​លោក​ចៅ​ហ្វាយ ដែល​យើង​ប្រកាស​ថា​យើង​បម្រើ​ទ្រង់​នោះ ។ …

… យើង​កំពុង​ធ្វើ​ការ​សម្រាប់​សេចក្ដី​សង្គ្រោះ​ដល់​ព្រលឹង ហើយ​យើង​គួរ​មាន​អារម្មណ៍​ថា នេះ​គឺជា​កាតព្វកិច្ច​ដ៏​ធំ​បំផុត​ដែល​បាន​ប្រគល់​ដល់​យើង ។ ហេតុដូច្នេះ​ហើយ យើង​គួរ​មាន​ឆន្ទៈ​លះបង់​គ្រប់​យ៉ាង​បើ​ចាំបាច់ ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ សេចក្ដី​សង្គ្រោះ​របស់​មនុស្ស និង​ជោគជ័យ​នៃ​នគរ​ព្រះ​នៅ​លើ​ផែនដី » ។

III. តំណែង​នៃ​បព្វជិតភាព

នៅ​ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ តំណែង​នៅ​ក្នុង​បព្វជិតភាព​មិលគីស្សាដែក​មាន​តួនាទី​ខុសៗ​គ្នា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ហៅ​សង្ឃ​ជាន់​ខ្ពស់​ថា​ជា « ពួក​ប្រធាន ឬ​ពួក​អ្នក​បម្រើ ដែល​នៅ​អចិន្ត្រៃយ៍​លើ​ស្តេក​ផ្សេងៗ ដែល​មាន​ពាស​ពេញ​ទូ​ទៅ »​( គ. និង ស. ១២៤:១៣៤ ) ។ វា​ហៅ​អែលឌើរ​ថា​ជា « ពួក​អ្នក​ធ្វើ​ការងារ​បម្រើ​ដែល​នៅ​អចិន្ត្រៃយ៍​ចំពោះ​សាសនាចក្រ [ របស់​ព្រះអម្ចាស់ ] »​( គ. និង ស. ១២៤:១៣៧ ) ។ នេះ​គឺជា​ការ​បង្រៀន​ផ្សេង​ទៀត​ស្ដីពី​តួនាទី​ខុស​គ្នា​ទាំង​នេះ ។

សង្ឃ​ជាន់ខ្ពស់​ម្នាក់​ធ្វើ​ជា​អធិបតី ហើយ​ចាត់​ចែង​ការណ៍​ទាំង​ឡាយ​ខាង​វិញ្ញាណ​( សូម​មើល គ. និង ស. ១០៧:១០, ១២ ) ។ ម្យ៉ាង​ទៀត ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ ក៏​បាន​បង្រៀន​ផង​ដែរ​ថា « ដរាប​ណា​គាត់​ត្រូវ​បាន​តែង​តាំង​ជា​សង្ឃ​ជាន់​ខ្ពស់​ម្នាក់ [ គាត់ ]​គួរ​មាន​អារម្មណ៍​ថា គាត់​ត្រូវ​មាន​កាតព្វកិច្ច … ធ្វើ​ជា​គំរូ​នៅ​ចំពោះ​មុខ​អ្នក​កាន់​បព្វជិតភាព​ទាំង​ចាស់​ទាំង​ក្មេង ហើយ​ធ្វើ​ជា​គ្រូបង្រៀន​ម្នាក់​អំពី​សេចក្ដី​សុចរិត ពុំ​មែន​តែ​តាមរយៈ​បញ្ញត្តិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជាពិសេស​នោះ​គឺ​តាមរយៈ​គំរូ​—ដោយ​ផ្ដល់​ប្រយោជន៍​នៃ​បទពិសោធន៍​ដល់​អ្នក​កាន់​បព្វជិតភាព​វ័យ​ក្មេង ហេតុដូច្នោះ​ហើយ​គាត់​នឹង​មាន​អនុភាព​នៅ​ក្នុង​សហគមន៍​ដែល​គាត់​រស់​នៅ » ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​ដប់​ពីរ​នាក់​បាន​បង្រៀន​ស្ដីពី​កាតព្វកិច្ច​របស់​អែលឌើរ​ថា « អែលឌើរ​ម្នាក់​គឺជា​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ។ … គាត់​ត្រូវ​បាន​ផ្ដល់​សិទ្ធិ​ដើម្បី​បំពេញ​កាតព្វកិច្ច ហើយ​តំណាង​ឲ្យ​លោក​ចៅ​ហ្វាយ​របស់​គាត់ … នៅ​ក្នុង​ការ​បម្រើ​ដល់​បងប្អូន​របស់​គាត់ ។ គាត់​គឺ​ជា​ភ្នាក់ងារ​របស់​ព្រះអម្ចាស់ » ។

អែលឌើរ ម៉ាក់ខនឃី បាន​រិះគន់​ដល់​គំនិត​ថា អ្នក​កាន់​បព្វជិតភាព​ម្នាក់​គឺ « អែលឌើរ​តែ​ប៉ុណ្ណោះ » ។ លោក​បាន​មាន​ប្រសាសន៍​ថា « អែលឌើរ​គ្រប់​រូប​នៅ​ក្នុង​សាសនាចក្រ​នេះ​កាន់​បព្វជិតភាព​ដូច​គ្នា​នឹង​ប្រធាន​សាសនាចក្រ​ដែរ… ។ តើ​អែលឌើរ​ម្នាក់​គឺ​ជា​អ្វី ? គាត់​គឺ​ជា​អ្នក​គង្វាល​ម្នាក់​ដែល​បម្រើ​នៅ​ក្នុង​ហ្វូងចៀម​របស់​អ្នក​គង្វាល​ចៀម​ដ៏​ល្អ » ។

នៅ​ក្នុង​តួនាទី​ដ៏​សំខាន់​ដើម្បី​បម្រើ​នៅ​ក្នុង​ហ្វូង​ចៀម​របស់​អ្នក​គង្វាល​ដ៏​ល្អ​នេះ វា​គ្មាន​ភាព​ខុស​គ្នា​រវាង​តំណែង​នៃ​សង្ឃ​ជាន់​ខ្ពស់ និង​អែលឌើរ​ក្នុង​បព្វជិតភាព​មិល​គីស្សា​ដែក​នោះ​ទេ ។ ក្នុង កណ្ឌ​ទី ១០៧ ដ៏​អស្ចារ្យ​នៃ​គោលលទ្ធិ និង សេចក្ដីសញ្ញា ព្រះអម្ចាស់​ប្រកាស​ថា « ពួក​សង្ឃ​ជាន់​ខ្ពស់ តាម​របៀប​បព្វជិតភាព​មិលគីស្សាដែក មាន​សិទ្ធិ​ដើម្បី​ធ្វើ​ការ​នៅ​ក្នុង​តំណែង​របស់​ខ្លួន គឺ​នៅ​ក្រោម​ការ​ដឹកនាំ​នៃ​គណៈប្រធាន​ក្នុង​ការ​ចាត់ចែង​ការណ៍​ទាំង​ឡាយ​ខាង​វិញ្ញាណ ហើយ​ព្រម​ទាំង​នៅ​ក្នុង​តំណែង​នៃ​អែលឌើរ [ ឬ​នៅ​ក្នុង​តំណែង​ណា​មួយ​ក្នុង​បព្វជិតភាព​អើរ៉ុន ] » ( គ. និង ស. ១០៧:១០ សូម​មើល​ផង​ដែរ ខ​ទី​១២ ) ។

គោលការណ៍​សំខាន់​បំផុត​សម្រាប់​អ្នក​កាន់​បព្វជិតភាព​ទាំងអស់​គឺជា​គោលការណ៍​ដែល​បាន​បង្រៀន​ដោយ​ព្យាការី​យ៉ាកុប​ក្នុង​ព្រះគម្ពីរ​មរមន ។ បន្ទាប់​ពី​លោក និង​បងប្រុស​របស់​លោក យ៉ូសែប​ត្រូវ​បាន​តែង​តាំង​ជា​សង្ឃ និង​ជា​គ្រូបង្រៀន​ដល់​ប្រជាជន នោះ​លោក​បាន​ប្រកាស​ថា « ហើយ​យើង​បាន​តម្កើង​ការងារ​របស់​យើង​ថ្វាយ​ព្រះ​អម្ចាស់ ដោយ​បាន​ទទួល​ការ​ខុសត្រូវ ទទួល​អំពើ​បាប​ទាំង​ឡាយ​របស់​ប្រជាជន​មក​លើ​ក្បាល​ខ្លួន បើ​សិន​ជា​យើង​មិន​បាន​បង្រៀន​ពួក​គេ​នូវ​ព្រះ​បន្ទូល​នៃ​ព្រះ​ឲ្យ​អស់​ពី​សេចក្ដី​ព្យាយាម​នោះ »​( យ៉ាកុប ១:១៩ ) ។

បងប្អូន​ប្រុស ការ​ទទួល​ខុស​ត្រូវ​របស់​យើង​ក្នុង​នាម​ជា​អ្នក​កាន់​បព្វជិតភាព​គឺ​ជា​រឿង​ដ៏​សំខាន់​ខ្លាំង​ណាស់ ។ អង្គការ​ផ្សេង​ទៀត​អាច​ពេញ​ចិត្ត​ជាមួយ​នឹង​បទដ្ឋាន​នៃ​ការ​បំពេញ​ការងារ​ខាង​លោកិយ​នៅ​ក្នុង​ការ​ផ្ដល់​សារ និង​ការ​អនុវត្ត​តួនាទី​ផ្សេង​ទៀត​របស់​ពួកគេ ។ ប៉ុន្តែ​យើង​ដែល​ជា​អ្នក​កាន់​បព្វជិតភាព​របស់​ព្រះ​មាន​អំណាច​ពី​ព្រះ​ដែល​គ្រប់​គ្រង​ការ​ចូល​ទៅ​ក្នុង​នគរ​សេលេស្ទាល​របស់​ព្រះ ។ យើង​មាន​គោលបំណង និង​ការ​ទទួល​ខុស​ត្រូវ​ដែល​ព្រះអម្ចាស់​បាន​កំណត់​នៅ​ក្នុង​បុព្វកថា​អំពី​គោលលទ្ធិ និង សេចក្ដីសញ្ញា​ដែល​បាន​បើក​សម្ដែង​មក ។ យើង​ត្រូវ​ប្រកាស​ទៅ​កាន់​ពិភពលោក​ថា ៖

« ដើម្បី​ឲ្យ​មនុស្ស​គ្រប់​រូប​អាច​និយាយ​ដោយ​នូវ​ព្រះនាម​នៃ​ព្រះ​ដ៏ជា​ព្រះអម្ចាស់ គឺជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក

ដើម្បី​ឲ្យ​សេចក្ដី​ជំនឿ​អាច​បាន​កើន​ឡើង​នៅ​លើ​ផែនដី​ផង​ដែរ

ដើម្បី​ឲ្យ​សេចក្តីសញ្ញា​ដ៏​អស់កល្ប​អស់​កាល​ជានិច្ច​របស់​យើង​អាច​បាន​តាំង​ឡើង

ដើម្បី​ឲ្យ​ភាពពោរពេញនៃ​ដំណឹង​ល្អ​របស់​យើង​អាច​បាន​ប្រកាស​ដោយ​ពួក​កម្សោយ និង​ពួក​រាបទាប​ដល់​អស់​ចុង​ផែនដី » ( គ. និង ស. ១:២០–២៣ ) ។

ដើម្បី​បំពេញ​ការ​ទទួល​ខុស​ត្រូវ​ដ៏​ទេវភាព​នេះ យើង​ត្រូវ​តែ​មាន​ភាព​ស្មោះ​ត្រង់​នៅ​ក្នុង​« ការ​តម្កើង »​ការ​ហៅ និង​ការ​ទទួល​ខុស​ត្រូវ​នៃ​បព្វជិតភាព​របស់​យើង ( សូម​មើល គ. និង ស. ៨៤:៣៣ ) ។ អែលឌើរ ហារ៉ូលប៊ី លី បាន​ពន្យល់​អំពី​អត្ថន័យ​នៃ​ការ​តម្កើង​បព្វជិតភាព​ថា « នៅ​ពេល​មនុស្ស​ម្នាក់​ក្លាយជា​អ្នក​កាន់​បព្វជិតភាព នោះ​គាត់​បាន​ក្លាយ​ជា​ភ្នាក់ងារ​របស់​ព្រះអម្ចាស់ ។ គាត់​គួរ​គិត​អំពី​ការ​ហៅ​របស់​គាត់​ហាក់​ដូចជា​គាត់​ធ្វើ​ការ​របស់​ព្រះអម្ចាស់​ដែរ ។ នោះ​គឺ​ជា​អត្ថន័យ​នៃ​ការ​តម្កើង​បព្វជិតភាព » ។

ដូច្នេះ​ហើយ បងប្អូន​ប្រុស បើ​ព្រះអម្ចាស់​ផ្ទាល់​សុំ​ឲ្យ​បងប្អូន​ជួយ​បុត្រា ឬ​បុត្រី​ម្នាក់​របស់​ទ្រង់—ដែល​ទ្រង់​បាន​ធ្វើ​តាម​រយៈ​ពួក​អ្នក​បម្រើ​របស់​ទ្រង់—តើ​បងប្អូន​នឹង​ធ្វើ​វា​ដែរ​ឬ​ទេ ? ហើយ​បើ​បងប្អូន​ធ្វើ តើ​បងប្អូន​ធ្វើ​ក្នុង​នាម​ជា​ភ្នាក់ងារ​របស់​ទ្រង់ « ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ »​ដោយ​ពឹង​ផ្អែក​លើ​ជំនួយ​ដែល​ទ្រង់​បាន​សន្យា​ដែរ​ឬ​ទេ ?

ប្រធាន លី មាន​ការ​បង្រៀន​មួយ​ទៀត​អំពី​ការ​តម្កើង​បព្វជិតភាព​ថា « នៅ​ពេល​បងប្អូន​កាន់​កែវ​ពង្រីក​ដាក់​លើ​វត្ថុ​មួយ វា​នឹង​ធ្វើ​ឲ្យ​វត្ថុ​នោះ​មើល​ទៅ​ធំ​ជាង​អ្វី​ដែល​បងប្អូន​មើល​ដោយ​ភ្នែក​ទទេ នោះ​គឺជា​កែវ​ពង្រីក​មួយ ។ ឥឡូវ​នេះ … បើមនុស្ស​គ្រប់​គ្នា​តម្កើង​បព្វជិតភាព​ខ្លួន—ពួកគេ​ធ្វើ​ឲ្យ​វា​ធំ​ជាង​អ្វី​ដែល​ពួកគេ​ធ្លាប់​គិត​ពី​មុន ហើយ​សំខាន់​ជាង​អ្វី​ដែល​មនុស្ស​ដទៃ​ធ្លាប់​គិត​ទៅ​ទៀត—នោះ​គឺជា​វិធី​ដែល​បងប្អូន​តម្កើង​បព្វជិតភាព​របស់​បងប្អូន » ។

នេះ​គឺជា​គំរូ​មួយ​ស្ដីពី​អ្នក​កាន់​បព្វជិតភាព​ម្នាក់​ដែល​បាន​តម្កើង​ការ​ទទួល​ខុស​ត្រូវ​នៃ​បព្វជិតភាព​របស់​គាត់ ។ ខ្ញុំ​បាន​ឮ​រឿង​នេះ​មក​ពី​អែលឌើរ ជែហ្រ្វី ឌី អេរិកសុន ជា​ដៃ​គូ​របស់​ខ្ញុំ​នៅ​ក្នុង​សន្និសីទ​ស្តេក​មួយ​នៅ​រដ្ឋ​អៃដាហូ ។ ក្នុង​នាម​ជា​អែលឌើរ​វ័យក្មេង​ដែល​បាន​រៀបការ​រួច ហើយ​ដោយ​ខ្វល់​ខ្វាយ​អំពី​ភាព​ក្រី​ក្រ និង​អារម្មណ៍​ដែល​មិន​អាច​បញ្ចប់​ឆ្នាំ​ចុង​ក្រោយ​នៅ​សាកលវិទ្យាល័យ ជេហ្វ្រី បាន​សម្រេច​ចិត្ត​បញ្ឈប់​ការ​សិក្សា ហើយ​ទទួល​យក​ការងារ​ដ៏​ល្អ​មួយ ។ ពីរ​បី​ថ្ងៃ​ក្រោយ​មក ប្រធាន​កូរ៉ុម​អែលឌើរ​របស់​គាត់​បាន​មក​ផ្ទះ​របស់​គាត់ ។ លោក​ប្រធាន​នោះ​បាន​សួរ​ថា « តើ​ប្អូន​យល់​អំពី​សារៈសំខាន់​នៃ​កូនសោ​បព្វជិតភាព​ដែល​ខ្ញុំ​កាន់​ឬ​ទេ ? » នៅ​ពេល​ជេហ្វ្រី​និយាយ​ថា គាត់​យល់ នោះ​លោក​ប្រធាន​នោះ​បាន​ប្រាប់​គាត់​ថា តាំងពី​គាត់​បាន​ឮ​ថា ជេហ្វ្រី​ចង់​បញ្ឈប់​ការ​សិក្សា នោះ​ព្រះអម្ចាស់​បាន​ធ្វើ​ឲ្យ​គាត់​ដេក​មិន​លក់​សោះ ដើម្បី​ឲ្យ​គាត់​ចែក​សារ​លិខិត​នេះ​ដល់​ជេហ្វ្រី ៖ « ក្នុង​នាម​ជា​ប្រធាន​កូរ៉ុម​អែលឌើរ​របស់​ប្អូន ខ្ញុំ​សូម​ទូន្មាន​ប្អូន​កុំ​ឲ្យ​បញ្ឈប់​ការ​សិក្សា​នោះ​ឲ្យ​សោះ ។ នោះ​គឺជា​សារលិខិត​មួយ​ដល់​ប្អូន​មក​ពី​ព្រះអម្ចាស់ » ។ ជេហ្វ្រី​បាន​បន្ត​ការ​សិក្សា ។ ច្រើន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ជួប​គាត់​ក្នុង​នាម​ជា​អ្នក​ជំនួញ​ដ៏​មាន​ជោគ​ជ័យ​ម្នាក់ ហើយ​បាន​ស្ដាប់​ឮ​គាត់​ប្រាប់​ទៅ​កាន់​សមាជិក​ជា​អ្នក​កាន់​បព្វជិតភាព​ថា « [ ការ​ទូន្មាន ] នោះ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ខុស​ប្លែក​ក្នុង​ជីវិត​របស់​ខ្ញុំ » ។

អ្នកកាន់​បព្វជិតភាព​ម្នាក់​បាន​តម្កើង​បព្វជិតភាព និង​ការ​ហៅ​របស់​គាត់ ហើយ​ការណ៍​នោះ​បាន​ធ្វើ​« ឲ្យ​មាន​ភាព​ខុស​ប្លែក »​នៅ​ក្នុង​ជីវិត​នៃ​កូនចៅ​ម្នាក់​ទៀត​របស់​ព្រះ ។

IV. បព្វជិតភាព​នៅ​ក្នុង​គ្រួសារ

រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​បាន​និយាយ​អំពី​តួនាទី​នៃ​បព្វជិតភាព​នៅ​ក្នុង​សាសនាចក្រ ។ ឥឡូវ​នេះ ខ្ញុំ​នឹង​និយាយ​អំពី​បព្វជិតភាព​នៅ​ក្នុង​គ្រួសារ​ម្ដង ។ ខ្ញុំ​ចាប់ផ្ដើម​ជាមួយ​នឹង​កូនសោ ។ គោលការណ៍​ដែល​ថា​សិទ្ធិអំណាច​បព្វជិតភាព​អាច​អនុវត្ត​បាន​តែ​នៅ​ក្រោម​ការ​ដឹកនាំ​នៃ​បុគ្គល​ដែល​កាន់​កូនសោ​សម្រាប់​តួនាទី​នោះ​ប៉ុណ្ណោះ​គឺជា​រឿង​ដ៏​សំខាន់​នៅ​ក្នុង​សាសនាចក្រ ប៉ុន្តែ​វា​មិន​អនុវត្ត​ចំពោះ​ការ​អនុវត្ត​សិទ្ធិ​អំណាច​បព្វជិតភាព​នៅ​ក្នុង​គ្រួសារ​ទេ ។ ឪពុក​ម្នាក់​ដែល​កាន់​បព្វជិតភាព​ធ្វើ​ជា​អធិបតី​លើ​គ្រួសារ​របស់​គាត់​តាមរយៈ​សិទ្ធិ​អំណាច​បព្វជិតភាព​ដែល​គាត់​កាន់ ។ គាត់​ពុំ​ចាំបាច់​ត្រូវការ​ការ​ដឹកនាំ ឬ​អនុមតិ​នៃ​កូនសោ​បព្វជិតភាព​ដើម្បី​ទូន្មាន​សមាជិក​គ្រួសារ​របស់​គាត់ មាន​ការ​ប្រជុំ​ជា​គ្រួសារ ផ្ដល់​ការ​ប្រសិទ្ធិពរ​បព្វជិតភាព​ដល់​ភរិយា និង​កូនចៅ​របស់​គាត់ ឬ​ផ្ដល់​ពរជ័យ​នៃ​ការ​ព្យាបាល​ដល់​សមាជិក​គ្រួសារ ឬ​មនុស្ស​ដទៃ​នោះ​ទេ ។

គ្រួសារ​កំពុង​សិក្សា​ជាមួយ​គ្នា

បើ​ឪពុក​ទាំងអស់​តម្កើង​បព្វជិតភាព​នៅ​ក្នុង​គ្រួសារ​របស់​ខ្លួន​ផ្ទាល់ នោះ​វា​នឹង​ពន្លឿន​បេសកកម្ម​របស់​សាសនាចក្រ ដូចគ្នា​នឹង​រឿង​ផ្សេង​ទៀត​ដែល​ពួកគេ​អាច​នឹង​ធ្វើ​ផង​ដែរ ។ ឪពុក​ទាំងអស់​ដែល​កាន់​បព្វជិតភាព​មិលគីស្សាដែក​គួរ​គោរព​បទបញ្ញត្តិ​ទាំងឡាយ ដើម្បី​ពួកគេ​នឹង​មាន​អំណាច​បព្វជិតភាព​ប្រសិទ្ធពរ​ដល់​សមាជិក​គ្រួសារ​របស់​ពួកគេ ។ ឪពុក​ទាំងឡាយ​ក៏​គួរ​អភិវឌ្ឍ​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្រួសារ​ផង​ដែរ ដើម្បី​ឲ្យ​សមាជិក​គ្រួសារ​នឹង​ចង់​សុំ​ការ​ប្រសិទ្ធពរ​ពី​ឪពុក​របស់​ពួកគេ ។ ហើយ​ឪពុក​ម្ដាយ​គួរ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ប្រសិទ្ធពរ​បព្វជិតភាព​ឲ្យ​បាន​ច្រើន​នៅ​ក្នុង​គ្រួសារ ។

ការប្រសិទ្ធពរ​បព្វជិតភាព

ឪពុក​ទាំងឡាយ​អើយ សូម​ដើរ​តួ​ជា​« ដៃ​គូ​ស្មើ​ភាព​គ្នា »​នឹង​ភរិយា​របស់​បងប្អូន ដូច​ដែល​ការ​ប្រកាស​ដល់​គ្រួសារ​បង្រៀន ។ ហើយ​ឪពុក​ទាំងឡាយ​អើយ នៅ​ពេល​បងប្អូន​មាន​ឯកសិទ្ធិ​ដើម្បី​អនុវត្ត​អំណាច និង​ឥទ្ធិពល​នៃ​សិទ្ធិ​អំណាច​បព្វជិតភាព​របស់​បងប្អូន សូម​ធ្វើ​វា​« ដោយ​ការ​លួងលោម ដោយ​ការ​អត់ធ្មត់ ដោយ​ការ​ទន់ភ្លន់ និង​ការ​ស្លូតបូត និង​ដោយ​ការ​ស្រឡាញ់​ស្មោះត្រង់ »​( គ. និង ស. ១២១:៤១ ) ។ បទដ្ឋាន​ដ៏​ខ្ពស់​សម្រាប់​ការ​អនុវត្ត​សិទ្ធិ​អំណាច​បព្វជិតភាព​នោះ​គឺ​សំខាន់​បំផុត​នៅ​ក្នុង​គ្រួសារ ។ ប្រធាន ហារ៉ូល ប៊ី លី បាន​ផ្ដល់​ការ​សន្យា​នេះ​ក្រោយ​ពី​លោក​ក្លាយ​ជា​ប្រធាន​សាសនាចក្រ ៖ « អំណាច​បព្វជិតភាព​ដែល​បងប្អូន​កាន់​នឹង​កាន់​តែ​មាន​ភាព​អស្ចារ្យ​ជាង​ពេល​ណាៗ​ទាំង​អស់ នៅ​ពេល​វិបត្តិ​មួយ​កើត​ក្នុង​គ្រួសារ​របស់​បងប្អូន មាន​ជំងឺ​ធ្ងន់ធ្ងរ ឬ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់ៗ​មួយ​ចំនួន​ត្រូវតែ​ធ្វើ​ឡើង ។… ដោយ​មាន​អំណាច​បព្វជិតភាព ដែល​ជា​ព្រះចេស្ដា​នៃ​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ​គឺ​ជា​អំណាច​ដើម្បី​ធ្វើ​អព្ភូតហេតុ បើ​ព្រះអម្ចាស់​នឹង​ធ្វើ​ដូច្នោះ ប៉ុន្តែ​ដើម្បី​ឲ្យ​យើង​ប្រើ​ប្រាស់​បព្វជិតភាព​នោះ​បាន នោះ​យើង​ត្រូវ​តែ​មាន​ភាព​ស័ក្ដិសម​ដើម្បី​អនុវត្ត​វា ។ ការ​មិន​បាន​យល់​អំពី​គោលការណ៍​នេះ​គឺជា​ការ​មិន​បាន​ទទួល​ពរជ័យ​នៃ​ការ​កាន់​បព្វជិតភាព​ដ៏​អស្ចារ្យ​នោះ » ។

បងប្អូនប្រុស​ជាទីស្រឡាញ់ ការ​តម្កើង​បព្វជិតភាព​ដ៏​បរិសុទ្ធ​ដែល​បងប្អូន​កាន់​មាន​សារៈសំខាន់​ចំពោះ​កិច្ចការ​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​បងប្អូន និង​ក្នុង​ការហៅ​របស់​បងប្អូន​ក្នុង​សាសនាចក្រ ។

ខ្ញុំ​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ដែល​បព្វជិតភាព​នេះ​គឺជា​របស់​ទ្រង់ ។ តាមរយៈ​ការ​រងទុក្ខ​ដ៏​ធួន ព្រមទាំង​ពលិកម្ម និង​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ នោះ​បុរស និង​ស្ត្រី​គ្រប់​រូប​មាន​នូវ​ជីវិត​អមតៈ និង​ឱកាស​សម្រាប់​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ យើង​ម្នាក់ៗ​គួរ​ស្មោះត្រង់ ហើយ​ឧស្សាហ៍​ព្យាយាម​នៅ​ក្នុង​ការ​ធ្វើ​ចំណែក​របស់​យើង​នៅ​ក្នុង​កិច្ចការ​ដ៏​ធំ​របស់​ព្រះ ជា​ព្រះវរបិតា​របស់​យើង ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. Teachings of Presidents of the Church: Joseph F. Smith ( ឆ្នាំ ១៩៩៨ ) ទំព័រ ៣៤៣ ។

  2. Teachings: Joseph F. Smith ទំព័រ ៣៤០, ៣៤៣ ។

  3. Joseph F. Smith, Gospel Doctrine កំណែ​ទី ៥ ( ឆ្នាំ​១៩៣៩ ) ទំព័រ ១៨២ ។

  4. ប្រ៊ូស អ័រ ម៉ាក់ខន់ឃី « Only an Elder » Ensign ខែ​មិថុនា ឆ្នាំ​១៩៧៥ ទំព័រ ៦៦ ការគូស​បញ្ជាក់​នៅក្នុង​ច្បាប់​ដើម​ពុំ​បាន​រក្សា​ទុក​ឡើយ ។

  5. ប្រ៊ូស អ័រ ម៉ាក់ខន់ឃី « Only an Elder » ទំព័រ ៦៦ ការគូស​បញ្ជាក់​នៅក្នុង​ច្បាប់​ដើម​ពុំ​បាន​រក្សា​ទុក​ឡើយ ។

  6. Teachings of Presidents of the Church: Harold B. Lee ( ឆ្នាំ​២០០០ ) ទំព័រ​៩៣ ។

  7. The Teachings of Harold B. Lee រៀបរៀង​ដោយ ក្លាយដ៍ ជី វិល្លីម ( ឆ្នាំ ១៩៩៦ ) ទំព័រ ៤៩៩ ។

  8. សូមមើល ដាល្លិន អេក អូក « Priesthood Authority in the Family and the Church » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០០៥ ទំព័រ ២៤–២៧ ។

  9. សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » Liahona ខែ​ឧសភា ឆ្នាំ ២០១៧ ទំព័រ ១៤៥ ។

  10. Teachings: Harold B. Lee ទំព័រ ៩៧ ។