ការផ្សាយដំណឹងល្អនៃភាពសុខសាន្ដ
យើងមានការទទួលខុសត្រូវដ៏ពិសិដ្ឋដើម្បីចែកចាយពីព្រះចេស្ដា និងភាពសុខសាន្ដនៃព្រះយេស៊ូវគ្រីស្ទជាមួយមនុស្សទាំងអស់ដែលនឹងស្ដាប់តាម ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ សូមស្វាគមន៍មកកាន់សន្និសីទទូទៅ ! ខ្ញុំទន្ទឹងចាំថ្ងៃនេះដោយការរំពឹងទុកដ៏អស្ចារ្យ ។ ខ្ញុំអធិស្ឋានសម្រាប់បងប្អូនជារៀងរាល់ថ្ងៃ ។ ខ្ញុំក៏បានអធិស្ឋានសុំឲ្យសន្និសីទនេះនឹងក្លាយជាពេលផ្លាស់ប្រែខាងវិញ្ញាណសម្រាប់បងប្អូនម្នាក់ៗផងដែរ ។
ចាប់តាំងពីសន្និសីទលើកមុនមក ទុក្ខលំបាកនៅក្នុងពិភពលោកនេះនៅតែបន្តមាន ។ ជំងឺរាតត្បាតជាសាកល នៅតែជះឥទ្ធិពលមកលើជីវិតរស់នៅរបស់យើង ។ ហើយឥឡូវនេះ ពិភពលោកបានញ៉ាំញ៉ើដោយជម្លោះដែលធ្លាក់ស្រោចមកលើបុរស ស្ត្រី និងកុមារស្លូតត្រង់រាប់លាននាក់ ។
ពួកព្យាការីបានព្យាករទុកជាមុនអំពីជំនាន់របស់យើង ជាគ្រាដែលនឹងមានសង្គ្រាម និងពាក្យចចាមអារាមអំពីសង្គ្រាម ហើយផែនដីទាំងមូលនឹងនៅក្នុងស្ថានភាពចលាចល ។១ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ យើងអង្វរដល់មេដឹកនាំនៃប្រជាជាតិទាំងឡាយ សូមស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះការខ្វែងគំនិតគ្នារបស់ពួកគេ ។ យើងសូមអំពាវនាវដល់មនុស្សគ្រប់ទីកន្លែងឲ្យអធិស្ឋានសម្រាប់អ្នកដែលខ្វះខាត ធ្វើអ្វីដែលពួកគេអាចធ្វើបានដើម្បីជួយអ្នកដែលមានទុក្ខព្រួយ និងស្វែងរកជំនួយពីព្រះអម្ចាស់ក្នុងការបញ្ចប់ជម្លោះដ៏ធំណាមួយ ។
បងប្អូនប្រុសស្រី ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទពិតជាត្រូវការខ្លាំងណាស់នៅសព្វថ្ងៃនេះ ។ ការទាស់ទែង និងជម្លោះ បំពានលើអ្វីៗដែលព្រះអង្គសង្គ្រោះបានតាំង និងបង្រៀន ។ ខ្ញុំស្រឡាញ់ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ហើយសូមថ្លែងទីបន្ទាល់ថា ដំណឹងល្អរបស់ទ្រង់គឺជាដំណោះស្រាយដ៏យូរអង្វែង តែមួយគត់សម្រាប់ភាពសុខសាន្ដ ។ ដំណឹងល្អរបស់ទ្រង់គឺជាដំណឹងល្អនៃភាពសុខសាន្ដ ។២
ដំណឹងល្អរបស់ទ្រង់ គឺជាចម្លើយ តែមួយគត់នៅពេលដួងចិត្តរបស់មនុស្សនៅក្នុងពិភពលោកត្រូវបានគំរាមគំហែងឲ្យស្រយុតចិត្តដោយភាពភ័យខ្លាច ។៣ ការណ៍នេះគូសបញ្ជាក់អំពីតម្រូវការបន្ទាន់សម្រាប់យើងទាំងអស់គ្នាដើម្បីធ្វើតាមការបង្រៀនរបស់ព្រះអម្ចាស់ទៅកាន់ពួកសិស្សរបស់ទ្រង់ឲ្យ«… ទៅពេញសព្វក្នុងក្នុងលោកិយទាំងមូល ហើយផ្សាយដំណឹងល្អទូទៅដល់គ្រប់មនុស្សទាំងអស់ចុះ » ។ ៤ យើងមានការទទួលខុសត្រូវដ៏ពិសិដ្ឋដើម្បីចែកចាយពីព្រះចេស្ដា និងភាពសុខសាន្ដនៃព្រះយេស៊ូវគ្រីស្ទជាមួយមនុស្សទាំងអស់ដែលនឹងស្ដាប់តាម ហើយដែលនឹងទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់ពួកគេ ។
មនុស្សគ្រប់រូបដែលបានធ្វើសេចក្ដីសញ្ញាជាមួយព្រះបានសន្យាថានឹងយកចិត្ដទុកដាក់ចំពោះអ្នកដទៃ ហើយជួយដល់អ្នកដែលខ្វះខាត់ ។ យើងអាចបង្ហាញសេចក្តីជំនឿលើព្រះ ហើយត្រៀមខ្លួនជានិច្ចដើម្បីឆ្លើយតបចំពោះអ្នកដែលសួរអំពី « ហេតុនៃសេចក្ដីសង្ឃឹមរបស់[ យើងរាល់គ្នា ] » ។៥ យើងម្នាក់ៗមានតួនាទីមួយនៅក្នុងការប្រមូលផ្ដុំអ៊ីស្រាអែល ។
ថ្ងៃនេះ ខ្ញុំសូមបញ្ជាក់សារជាថ្មីដោយមោះមុតថា ព្រះអម្ចាស់សព្វព្រះទ័យឲ្យយុវជន គ្រប់រូប មានភាពស័ក្ដិសម ជាយុវជនដែលមានសមត្ថភាព ឲ្យរៀបចំខ្លួនដើម្បីបម្រើបេសកកម្ម ។ សម្រាប់យុវជនពួកបរិសុទ្ធថ្ងៃចុងក្រោយ ការបម្រើផ្សព្វផ្សាយសាសនា គឺជាការទទួលខុសត្រូវមួយនៃបព្វជិតភាព ។ យុវជនទាំងឡាយ ត្រូវបានបម្រុងទុកសម្រាប់ជំនាន់នេះ ជាពេលដែលត្រូវធ្វើការប្រមូលផ្ដុំអ៊ីស្រាអែលដូចដែលបានសន្យា ។ នៅពេលអ្នកបម្រើបេសកកម្ម នោះអ្នកដើរតួនាទីដ៏សំខាន់នៅក្នុងព្រឹត្តការណ៍ដែលពុំធ្លាប់មានពីមុនមកនេះ !
សម្រាប់យុវនារីដែលមានលទ្ធភាព បេសកកម្មគឺជាឱកាសដ៏មានអានុភាពមួយផងដែរ តែវាជា ជម្រើស របស់អ្នក ។ ពួកយើង ស្រឡាញ់ ស៊ីស្ទើរអ្នកផ្សព្វផ្សាយសាសនា ហើយស្វាគមន៍ពួកគេដោយអស់ពីចិត្ត ។ អ្វីដែលអ្នកបានធ្វើនៅក្នុងកិច្ចការនេះ គឺអស្ចារ្យណាស់ ! សូមអធិស្ឋានដើម្បីដឹងថា តើព្រះអម្ចាស់ឲ្យអ្នកបម្រើបេសកកម្មដែរឬទេ នោះព្រះវិញ្ញាណបរិសុទ្ធនឹងឆ្លើយតបក្នុងដួងចិត្ត និងគំនិតអ្នក ។
មិត្តវ័យក្មេងជាទីស្រឡាញ់ខ្ញុំអើយ អ្នករាល់គ្នាម្នាក់ៗ មានតម្លៃចំពោះព្រះអម្ចាស់ ។ ទ្រង់បានបម្រុងអ្នកទុករហូតដល់ពេលនេះ ដើម្បីឲ្យអ្នកជួយប្រមូលផ្ដុំអ៊ីស្រាអែល ។ ការសម្រេចចិត្តរបស់អ្នកក្នុងការបម្រើបេសកកម្ម មិនថាជាអ្នកផ្សព្វផ្សាយដំណឹងល្អ ឬបេសកកម្មផ្នែកសេវាកម្មទេ នឹងប្រទានពរដល់អ្នក និងមនុស្សជាច្រើនទៀត ។ ពួកយើងក៏សូមស្វាគមន៍គូស្វាមីភរិយារៀមច្បងឲ្យបម្រើផងដែរ នៅពេលដែលស្ថានភាពអំណោយផលរបស់ពួកគេ ។ ការខិតខំរបស់ពួកគាត់គឺមិនអាចជំនួសបានដោយងាយនោះទេ ។
អ្នកផ្សព្វផ្សាយសាសនា ទាំងអស់ បង្រៀន និងថ្លែងទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ ។ ភាពងងឹតខាងវិញ្ញាណនៅក្នុងពិភពលោកធ្វើឲ្យពន្លឺនៃព្រះយេស៊ូវគ្រីស្ទត្រូវការច្រើនជាងពេលណាៗទាំងអស់ ។ មនុស្សគ្រប់រូបសមនឹងទទួលបានឱកាសដើម្បីដឹងអំពីដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ មនុស្សគ្រប់រូបសមនឹងដឹងថា ពួកគេអាចស្វែងរក ក្តីសង្ឃឹម និងភាពសុខសាន្ដដែល « [ ហួសលើស ] ពីអស់ទាំងគំនិត » ។៧
សូមឲ្យសន្និសីទនេះជាគ្រានៃភាពសុខសាន្ដ និងជាអាហារខាងវិញ្ញាណសម្រាប់បងប្អូន ។ សូមឲ្យបងប្អូនស្វែងរក និងទទួលបានវិវរណៈផ្ទាល់ខ្លួន អំឡុងសម័យប្រជុំទាំងអស់នេះ ខ្ញុំសូមអធិស្ឋាននៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕