ចូរលើកចិត្តអ្នកឡើង ហើយអរសប្បាយចុះ
យើងបានកើតមកនៅគ្រានេះសម្រាប់គោលបំណងដ៏ទេវភាពមួយ គឺការប្រមូលផ្ដុំវង្សអ៊ីស្រាអែល ។
ព្រះអម្ចាស់បានមានព្រះបន្ទូលដោយលើកទឹកចិត្តទៅកាន់ ថូម៉ាស ប៊ី ម៉ាស ជាអ្នកប្រែចិត្តជឿថ្មីម្នាក់ថា « ចូរលើកចិត្តអ្នកឡើង ហើយអរសប្បាយចុះ ត្បិតម៉ោងនៃបេសកកម្មរបស់អ្នកមកដល់ហើយ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៣១:៣ ) ។
ខ្ញុំជឿថា ការអញ្ជើញនេះអាចប្រើជាការបំផុសគំនិតមួយសម្រាប់សមាជិកគ្រប់រូបក្នុងសាសនាចក្រ ។ យ៉ាងណាមិញ យើងម្នាក់ៗបានទទួលបេសកកម្មពីព្រះវរបិតាសួគ៌របស់យើងឲ្យប្រមូលផ្តុំវង្សអ៊ីស្រាអែលនៅទាំងសងខាងវាំងនន ។
ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា « ការប្រមូលផ្ដុំនោះ គឺជាកិច្ចការដ៏សំខាន់បំផុតនៅលើផែនដីសព្វថ្ងៃនេះ ។ ពុំមានអ្វីផ្សេងទៀតអាចសម្បើមជាង មានសារៈសំខាន់ជាង និងមានឫទ្ធិជាងកិច្ចការនេះនោះទេ » ។១
ប្រាកដណាស់ មានបុព្វហេតុដ៏ស័ក្ដសមជាច្រើនក្នុងពិភពលោកនេះ ។ វាមិនអាចរៀបរាប់ឲ្យអស់បានទេ ។ ប៉ុន្តែ តើបងប្អូនមិនចង់ចូលរួមក្នុងបុព្វហេតុដ៏អស្ចារ្យដែលបងប្អូនអាចសម្រេចបាន ហើយដែលការរួមចំណែករបស់បងប្អូនធ្វើឲ្យមានការផ្លាស់ប្ដូរដ៏ចាំបាច់ទេឬអី ? ការប្រមូលផ្ដុំនេះធ្វើឲ្យមានការផ្លាស់ប្ដូរដ៏អស់កល្បមួយចំពោះមនុស្សទាំងអស់គ្នា ។ មនុស្សគ្រប់វ័យទាំងអស់អាចចូលរួមនៅក្នុងបុព្វហេតុនេះ មិនថាពួកគេមានស្ថានភាពបែបណា និងរស់នៅទីណានោះទេ ។ គ្មានបុព្វហេតុណាផ្សេងទៀតនៅក្នុងពិភពលោកនេះ ដែលរួបរួមបញ្ចូលគ្នាជាងនេះនោះទេ ។
ប្រធាន ណិលសុន បានមានប្រសាសន៍ជាពិសេសដល់យុវវ័យថា « ព្រះវរបិតាសួគ៌របស់យើងបានរក្សាទុកវិញ្ញាណដ៏អស្ចារ្យៗបំផុតជាច្រើន—ប្រហែលជា … ក្រុមដ៏ល្អបំផុតរបស់ទ្រង់—សម្រាប់ដំណាក់កាលចុងក្រោយនេះ ។ ពួកវិញ្ញាណដ៏អស្ចារ្យៗ ជាវិរៈបុរសទាំងនោះ—អ្នកដែលសំខាន់បំផុតទាំងនោះ—គឺជា ប្អូនៗ !២
មែនហើយ បងប្អូនត្រូវបានរៀបចំតាំងពីមុនជីវិតនេះ ហើយបានកើតមកពេលឥឡូវនេះ ដើម្បីចូលរួមនៅក្នុងកិច្ចការនៃការប្រមូលផ្ដុំអ៊ីស្រាអែលទាំងសងខាងនៃវាំងនន នៅក្នុងថ្ងៃចុងក្រោយនេះ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:៥៣–៥៦ ) ។
ហេតុអ្វីបានជាបុព្វហេតុនេះសំខាន់ខ្លាំងម្ល៉េះ ? ពីព្រោះ « តម្លៃនៃព្រលឹងទាំងឡាយគឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១០ ) ។ ហើយពីព្រោះ « អស់អ្នកណាដែលជឿដល់ [ ព្រះយេស៊ូវគ្រីស្ទ ] ហើយទទួលបុណ្យជ្រមុជទឹក អ្នកនោះហើយដែលនឹងបានសង្គ្រោះ … ហើយដែលនឹងគ្រងនគរព្រះទុកជាមរតក » ( នីហ្វៃទី៣ ១១:៣៣ ) ។ លើសពីនេះទៀត « គ្រប់អ្វីទាំងអស់ ដែល [ ព្រះវរបិតា ] មាន នោះនឹងត្រូវបានប្រទានដល់ » អស់អ្នកដែលទទួលពិធីបរិសុទ្ធរបស់ទ្រង់ ហើយរក្សាសេចក្ដីសញ្ញារបស់ទ្រង់ផងដែរ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៣៨ ) ។ បន្ថែមលើនោះ « មានអ្នកច្រូតតិចទេ » ( លូកា ១០:២
មានតែនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយប៉ុណ្ណោះ ដែលយើងរកឃើញអំណាច សិទ្ធិអំណាច និងមធ្យោបាយដើម្បីផ្ដល់ពរជ័យបែបនោះទៅកាន់មនុស្សដទៃទៀត មិនថានៅរស់ ឬស្លាប់ក៏ដោយ ។
ដូចប្រធាន ណិលសុន បានមានប្រសាសន៍ថា « រាល់ពេលដែលប្អូនៗធ្វើ អ្វីមួយដើម្បីជួយ នរណាម្នាក់—ទាំងសងខាងនៃវាំងននបោះជំហានទៅធ្វើសេចក្ដីសញ្ញាជាមួយនឹងព្រះ ហើយទទួលពិធីបរិសុទ្ធនៃបុណ្យជ្រមុជទឹក និងព្រះវិហារបរិសុទ្ធដ៏សំខាន់របស់ពួកគេ នោះប្អូនៗកំពុងជួយប្រមូលអ៊ីស្រាអែល ។ ដូច្នោះវាសាមញ្ញ » ។៣
ទោះជាមានរបៀបជាច្រើនដើម្បីជួយក្នុងការប្រមូលផ្ដុំ ខ្ញុំសូមនិយាយអំពីរបៀបមួយជាពិសេស ៖ ការបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។ ចំពោះប្អូនភាគច្រើន នេះមានន័យថាជាអ្នកផ្សព្វផ្សាយសាសនាបង្រៀនដំណឹងល្អ ។ ចំពោះប្អូនភាគច្រើនផ្សេងទៀត នេះមានន័យថាជាអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម ។ ប៉ុន្តែពិភពលោកនេះព្យាយាមប្រើប្រាស់ភាពភ័យខ្លាច និង អសន្តិសុខ ដើម្បីបង្វែរយុវវ័យចេញពីការទទួលខុសត្រូវដ៏ពិសិដ្ឋបំផុតនេះ ។
ការបង្វែរមួយចំនួនផ្សេងទៀតអាចជាការប្រឈមនឹងរោគរាតត្បាតសកល ការបោះបង់ចោលការងារល្អមួយ ការផ្អាកពីការអប់រំ ឬចាប់អារម្មណ៍នរណាម្នាក់ជាពិសេស ។ គ្រប់គ្នានឹងមាននូវបញ្ហាប្រឈមផ្ទាល់ខ្លួនរបស់គាត់ ។ ការបង្វែរបែបនោះអាចកើតឡើងគឺនៅចំពេលចាប់ផ្ដើមការបម្រើដល់ព្រះអម្ចាស់តែម្ដង ហើយជម្រើសដែលស្ដែងថា ចាំធ្វើការបម្រើនៅពេលក្រោយទៀត ដែលជម្រើសនេះ មិនងាយស្រួលបែបនេះជានិច្ចនោះទេ ។
ខ្ញុំស្គាល់បទពិសោធន៍ចំពោះចិត្តអំពល់បែបនេះក្នុងនាមជាយុវវ័យម្នាក់ ។ កាលខ្ញុំកំពុងរៀបចំចេញបេសកកម្មរបស់ខ្ញុំ មានការជ្រៀតជ្រែកដ៏ភ្ញាក់ផ្អើលមួយចំនួនបានព្យាយាមបំបាក់ទឹកចិត្តខ្ញុំ ។ មួយគឺពេទ្យធ្មេញរបស់ខ្ញុំ ។ ពេលគាត់បានដឹងថា ការណាត់ជួបរបស់ខ្ញុំគឺដើម្បីខ្ញុំអាចធ្វើអ្នកផ្សព្វផ្សាយសាសនា នោះគាត់បានព្យាយាមរារាំងខ្ញុំពីការបម្រើ ។ ខ្ញុំមិនបានគិតទាល់តែសោះថា ពេទ្យធ្មេញរបស់ខ្ញុំប្រឆាំងនឹងសាសនាចក្រ ។
ការរំខានពីការអប់រំរបស់ខ្ញុំក៏ស្មុគស្មាញផងដែរ ។ ពេលខ្ញុំបានសុំការឈប់សម្រាករយៈពេលពីរឆ្នាំពីកម្មវិធីសាកលវិទ្យាល័យរបស់ខ្ញុំ គេបានផ្ដល់ដំណឹងដល់ខ្ញុំថា មិនអាចធ្វើបានទេ ។ ខ្ញុំនឹងបាត់បង់កន្លែងរបស់ខ្ញុំនៅសាកលវិទ្យាល័យ ប្រសិនបើខ្ញុំមិនត្រឡប់មកវិញក្នុងពេលមួយឆ្នាំទេនោះ ។ នៅក្នុងប្រទេសប្រេស៊ីល រឿងនេះគឺធ្ងន់ធ្ងរណាស់ ដោយសារលក្ខណៈវិនិច្ឆ័យតែមួយគត់សម្រាប់ការចូលរៀននៅក្នុងកម្មវិធីសាកលវិទ្យាល័យ គឺការប្រឡងដ៏ពិបាក និងប្រកួតប្រជែងខ្លាំងមួយ ។
បន្ទាប់ពីការទទូចម្តងហើយម្តងទៀត គេបានផ្ដល់ដំណឹងដោយស្ទាក់ស្ទើរដល់ខ្ញុំថា បន្ទាប់ពីអវត្តមានរយៈពេលមួយឆ្នាំ ខ្ញុំអាចស្នើសុំការលើកលែង បើមានហេតុផលពិសេសណាមួយនោះ ។ គេអាចអនុញ្ញាតឲ្យ ឬមិនឲ្យ ។ ខ្ញុំភ័យខ្លាំងណាស់ ពេលគិតពីការប្រលងដ៏លំបាកដើម្បីចូលរៀនម្ដងទៀត បន្ទាប់ពីមិនបានរៀនសម្រាប់រយៈពីរឆ្នាំនោះ ។
ខ្ញុំក៏បានចាប់អារម្មណ៍នឹងយុវនារីម្នាក់ជាពិសេសផងដែរ ។ មិត្តភក្តិរបស់ខ្ញុំមួយចំនួន ក៏ចាប់អារម្មណ៍នាងដែរ ។ ខ្ញុំបានគិតក្នុងចិត្តថា « បើខ្ញុំទៅបម្រើបេសកកម្ម ខ្ញុំកំពុងតែបាត់បង់ឱកាស » ។
ប៉ុន្តែព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ គឺជាអង្គបំផុសគំនិតដ៏អស្ចារ្យរបស់ខ្ញុំ មិនឲ្យខ្ញុំភ័យខ្លាចចំពោះអនាគត កាលដែលខ្ញុំពុះពារបម្រើទ្រង់ដោយអស់ពីចិត្តខ្ញុំឡើយ ។
ទ្រង់ក៏មានបេសកកម្មដើម្បីបំពេញផងដែរ ។ តាមព្រះបន្ទូលផ្ទាល់របស់ទ្រង់ ទ្រង់បានពន្យល់ថា « ពីព្រោះខ្ញុំបានចុះពីស្ថានសួគ៌មក មិនមែននឹងធ្វើតាមចិត្តខ្ញុំទេ គឺតាមបំណងព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក » ( យ៉ូហាន ៦:៣៨ ) ។ ហើយតើបេសកកម្មរបស់ទ្រង់ងាយស្រួលដែរឬទេ ? ប្រាកដជាមិនស្រួលឡើយ ។ ការរងទុក្ខរបស់ទ្រង់ ដែលជាផ្នែកដ៏ចាំបាច់នៃបេសកកម្មរបស់ទ្រង់ បណ្ដាលឲ្យទ្រង់ « ជាព្រះដែលមហិមាលើអ្វីៗទាំងអស់ ត្រូវញ័រដោយសារតែការឈឺចាប់ ហើយត្រូវច្រួចលោហិតចេញពីគ្រប់រន្ធញើស ហើយត្រូវរងទុក្ខ ព្រមទាំងរូបកាយ និងវិញ្ញាណផង—ហើយដើម្បីកុំឲ្យ [ ទ្រង់ ] ត្រូវផឹកពែងល្វីង ហើយរួញខ្លាច—
« ទោះជាយ៉ាងណាក៏ដោយ សូមព្រះវរបិតាបានសិរីល្អ ហើយ [ ទ្រង់ ] បានទទួលទាន និងសម្រេចការរៀបចំ [ របស់ទ្រង់ ] ចំពោះកូនចៅមនុស្ស » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១៨–១៩ ) ។
ការបម្រើបេសកកម្មពេញម៉ោងអាចមើលទៅដូចជាពិបាកសម្រាប់យើង ។ ប្រហែលជាវាតម្រូវឲ្យយើងលះបង់អ្វីដែលសំខាន់ទុកមួយអន្លើសិន ។ ព្រះអម្ចាស់ពិតជាជ្រាបដឹងពីរឿងនេះ ហើយទ្រង់នឹងតែងតែគង់នៅក្បែរយើងជានិច្ច ។
តាមពិតទៅ នៅក្នុងសារលិខិតទៅកាន់ពួកអ្នកផ្សព្វផ្សាយសាសនា នៅក្នុង ប្រកាសដំណឹងល្អរបស់យើង គណៈប្រធានទីមួយសន្យាថា « ព្រះអម្ចាស់នឹងប្រទានរង្វាន់ និងពរជ័យដ៏មហិមាដល់អ្នក នៅពេលអ្នកបម្រើទ្រង់ដោយរាបសា និងដោយការអធិស្ឋាន » ។៤ វាជាការពិតដែលបុត្រាបុត្រីទាំងអស់របស់ព្រះត្រូវបានប្រទានពរ តាមរបៀបនេះ ឬតាមរបៀបនោះ ប៉ុន្តែមានភាពខុសគ្នាមួយរវាងការត្រូវបានប្រទានពរ និងការត្រូវបានប្រទានពរយ៉ាងបរិបូរនៅក្នុងការបម្រើរបស់ទ្រង់ ។
តើចាំបានពីបញ្ហាប្រឈមដែលខ្ញុំបានលើកឡើងពីមុនពេលបេសកកម្មរបស់ខ្ញុំដែរឬទេ ? ពេទ្យធ្មេញរបស់ខ្ញុំ ? ខ្ញុំបានរកពេទ្យធ្មេញម្នាក់ផ្សេងទៀត ។ សាកលវិទ្យាល័យរបស់ខ្ញុំ ? ពួកគេបានធ្វើការលើកលែងដល់ខ្ញុំ ។ ចាំពីយុវនារីនោះទេ ? នាងបានរៀបការនឹងមិត្តដ៏ល្អម្នាក់របស់ខ្ញុំ ។
ប៉ុន្តែ ព្រះពិតជាបានប្រទានពរដល់ខ្ញុំយ៉ាងបរិបូរ ។ ហើយខ្ញុំបានរៀនថា ពរជ័យរបស់ព្រះអម្ចាស់អាចបានមកក្នុងរបៀបដែលខុសពីរបៀបដែលយើងរំពឹងទុក ។ ទោះយ៉ាងណា គំនិតរបស់ទ្រង់មិនមែនជាគំនិតរបស់យើងទេ ( សូមមើល អេសាយ ៥៥:៨–៩ ) ។
ក្នុងចំណោមពរជ័យដ៏បរិបូរជាច្រើន ដែលទ្រង់បានប្រទានដល់ខ្ញុំសម្រាប់ការបម្រើទ្រង់ជាអ្នកផ្សព្វផ្សាយសាសនាចក្រពេញម៉ោង នោះគឺសេចក្ដីជំនឿដែលកាន់តែកើនឡើងលើព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ព្រមទាំងការចេះដឹង និងទីបន្ទាល់ដែលកាន់តែរឹងមាំ អំពីការបង្រៀនរបស់ទ្រង់ ដើម្បីមិនឲ្យខ្ញុំយោលយោគដោយងាយទៅតាម « ខ្យល់នៃសេចក្តីបង្រៀនបោក » ( អេភេសូរ ៤:១៤ ) ។ ខ្ញុំលែងខ្លាចក្នុងការបង្រៀន ។ សមត្ថភាពរបស់ខ្ញុំដើម្បីប្រឈមនឹងឧបសគ្គនានាដោយសុទិដ្ឋិនិយមបានកើនឡើង ។ ដោយការសង្កេតមើលបុគ្គលម្នាក់ៗ និងគ្រួសារទាំងឡាយ ដែលខ្ញុំបានជួប ឬបានបង្រៀនកាលជាអ្នកផ្សព្វផ្សាយសាសនា ខ្ញុំបានរៀនថា ការបង្រៀនរបស់ព្រះគឺពិត ពេលទ្រង់មានព្រះបន្ទូលថា អំពើបាបពុំនាំមកនូវសុភមង្គលដ៏ពិតនោះទេ ហើយថា ការគោរពប្រតិបត្តិដល់បទបញ្ញត្តិរបស់ព្រះ ជួយយើងឲ្យចម្រុងចម្រើនទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ( សូមមើល ម៉ូសាយ ២:៤១; អាលម៉ា ៤១:១០ ) ។ ហើយខ្ញុំបានរៀនដោយខ្លួនឯងថា ព្រះគឺជាព្រះនៃអព្ភូតហេតុ ( សូមមើល មរមន ៩ ) ។
ការណ៍ទាំងអស់នេះជាឧបករណ៍នៅក្នុងការរៀបចំរបស់ខ្ញុំសម្រាប់ជីវិតមជ្ឈិមវ័យ រួមទាំងអាពាហ៍ពិពាហ៍ និងបព្វជិតភាព ការបម្រើសាសនាចក្រ និងជីវិតការងារ និងសហគមន៍ដែលអាចកើតមានផងដែរ ។
បន្ទាប់ពីបេសកកម្មរបស់ខ្ញុំ ខ្ញុំបានទទួលប្រយោជន៍ពីភាពក្លាហានដែលកើនឡើងរបស់ខ្ញុំ ដើម្បីបង្ហាញខ្លួនជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្ររបស់ទ្រង់ដោយស្មោះត្រង់ នៅក្នុងគ្រប់ស្ថានភាពទាំងអស់ និងទៅកាន់មនុស្សទាំងអស់ ថែមទាំងការចែកចាយដំណឹងល្អជាមួយនឹងស្ត្រីដ៏ស្រស់សោភាម្នាក់ ដែលបានក្លាយជាដៃគូដ៏អស់កល្បជាទីស្រឡាញ់របស់ខ្ញុំ ដែលប្រកបដោយគុណធម៌ ឈ្លាសវៃ រីករាយ ជារស្មីព្រះអាទិត្យក្នុងជីវិតខ្ញុំ ។
មែនហើយ ព្រះបានប្រទានពរដល់ខ្ញុំយ៉ាងបរិបូរ លើសពីអ្វីដែលខ្ញុំនឹកស្រមៃ ដូចទ្រង់នឹងប្រទានពរដល់អស់អ្នកដែល « បម្រើទ្រង់ដោយរាបសា និងដោយការអធិស្ឋាន » ។ ខ្ញុំមានអំណរគុណអស់កល្បជានិច្ចចំពោះព្រះ សម្រាប់សេចក្ដីល្អរបស់ទ្រង់ ។
បេសកកម្មរបស់ខ្ញុំពិតជាបានដុះខាត់ជីវិតរបស់ខ្ញុំ ។ ខ្ញុំបានរៀនថា កិច្ចខិតខំដើម្បីទុកចិត្តលើព្រះគឺសមនឹងតម្លៃណាស់ គឺទុកចិត្តលើប្រាជ្ញា និងសេចក្ដីមេត្តាករុណា ព្រមទាំងការសន្យារបស់ទ្រង់ ។ លើសពីអ្វីទាំងអស់ ទ្រង់ជាព្រះវរបិតាយើង ដោយគ្មានការសង្ស័យ នោះទ្រង់មានព្រះទ័យចង់បានអ្វីដែលល្អបំផុតសម្រាប់យើង ។
យុវវ័យនៅទូទាំងពិភពលោកជាទីស្រឡាញ់ ខ្ញុំសូមផ្ញើការអញ្ចើញដូចគ្នា ដែលព្យាការីរបស់យើង ប្រធាន ណិលសុន បានអញ្ចើញដល់ប្អូនៗទាំងអស់គ្នា « ឲ្យចូលបម្រើក្នុងកងទ័ពយុវវ័យរបស់ព្រះអម្ចាស់ដើម្បីជួយប្រមូលវង្សអ៊ីស្រាអែល » ។ ប្រធាន ណិលសុន បានមានប្រសាសន៍ថា ៖
« គ្មានអ្វី ដែលសារៈសំខាន់ខ្លាំងជាងនោះទេ ។ គ្មានអ្វីទាល់តែសោះ ។
« ការប្រមូលផ្ដុំនេះគួរតែមានអត្ថន័យ ទាំងស្រុងចំពោះប្អូនៗ ។ នេះគឺ ជាបេសកកម្មដែលប្អូនៗត្រូវបានបញ្ជូនមកផែនដី » ។៥
យើងបានកើតមកនៅគ្រានេះសម្រាប់គោលបំណងដ៏ទេវភាពមួយ គឺការប្រមូលផ្ដុំវង្សអ៊ីស្រាអែល ។ ពេលយើងបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង យើងនឹងជួបឧបសគ្គនៅពេលខ្លះ ប៉ុន្តែព្រះអម្ចាស់ផ្ទាល់ជាគំរូ និងជាមគ្គទេសគ៍ដ៏អស្ចារ្យរបស់យើងនៅក្នុងគ្រប់កាលៈទេសៈបែបនេះ ។ ទ្រង់ជ្រាបថា បេសកកម្មដ៏លំបាកមួយមានសភាពបែបណា ។ ដោយមានជំនួយពីទ្រង់ នោះយើងអាចធ្វើរឿងពិបាកៗបាន ។ ទ្រង់នឹងគង់នៅក្បែរយើង ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៨៨ ) ហើយទ្រង់នឹងប្រទានពរយើងយ៉ាងច្រើន កាលដែលយើងបម្រើទ្រង់ដោយរាបសា ។
ជាមួយនឹងហេតុផលទាំងនេះ ខ្ញុំមិនភ្ញាក់ផ្អើលទេថា ព្រះអម្ចាស់បានមានព្រះបន្ទូលទៅកាន់ ថូម៉ាស ប៊ី ម៉ាស និងយើងទាំងអស់គ្នាថា « ចូរលើកចិត្តអ្នកឡើង ហើយអរសប្បាយចុះ ត្បិតម៉ោងនៃបេសកកម្មរបស់អ្នកមកដល់ហើយ » ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕