ធ្វើអ្វីដែលសំខាន់បំផុត
នៅពេលយើងផ្ដោតយកចិត្តទុកដាក់ទៅលើព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់យើង នោះយើងនឹងត្រូវបានប្រទានឲ្យនូវភាពរឹងមាំខាងវិញ្ញាណ សុភមង្គល និងអំណរ ។
មិនយូរប៉ុន្មានកន្លងទៅ មានសម្លាញ់ម្នាក់ទទួលអារម្មណ៍ឲ្យទៅសួរសុខទុក្ខស្ដ្រីម្នាក់ក្នុងវួដរបស់គាត់ ។ គាត់បដិសេធការបំផុសនោះ ព្រោះគាត់មិនធ្លាប់ស្គាល់ស្ដ្រីនោះទេ—វាមិនទំនងទេ ។ តែវាបន្ដកើតឡើងក្នុងគំនិតគាត់ នោះគាត់ក៏សម្រេចចិត្តធ្វើតាមការបំផុសនេះ ។ ការទៅសួរសុខទុក្ខភ្លាមៗដូច្នេះ បានធ្វើឲ្យគាត់មានអារម្មណ៍មិនស្រណុកចិត្តទេ ដូច្នេះគាត់តាំងចិត្តថា ការយកអ្វីមួយទៅជូនបងស្រីនោះ នឹងជួយបន្ធូរអារម្មណ៍តានតឹងបានខ្លះ ។ ប្រាកដណាស់ គាត់មិនអាចទៅដោយដៃទទេនោះទេ ! ដូច្នេះ គាត់បានទិញការ៉េមមួយប្រអប់ ហើយគាត់បានចេញទៅសួរសុខទុក្ខ ជាអ្វីដែលគាត់គិតថាមិនទំនងនេះ ។
គាត់បានគោះទ្វារផ្ទះស្ដ្រីនោះ បងស្រីនោះក៏បានបើកទ្វារ ។ មិត្តខ្ញុំបានជូនការ៉េមដែលដាក់ក្នុងថង់ពណ៌ត្នោតទៅឲ្យគាត់ រួចក៏ចាប់ផ្ដើមសន្ទនាគ្នា ។ មិនយូរប៉ុន្មានមិត្តខ្ញុំក៏បានដឹងពីមូលហេតុ ដែលចាំបាច់ត្រូវទៅសួរសុខទុក្ខនោះ ។ កាលពួកគេអង្គុយនៅខាងមុខផ្ទះ ស្ដ្រីរូបនេះបានរៀបរាប់ពីឧបសគ្គជាច្រើនដែលគាត់កំពុងជួបប្រទះ ។ បន្ទាប់ពីជជែកគ្នាមួយម៉ោងក្រោមអាកាសធាតុក្ដៅ មិត្តខ្ញុំបានឃើញថាការ៉េមរលាយពេញក្នុងថង់ពណ៌ត្នោតនោះ ។
គាត់បានលាន់មាត់ថា « ខ្ញុំសុំទោសបង ការ៉េមបងរលាយអស់ហើយ ! »
ស្ដ្រីនោះឆ្លើយដោយស្រទន់ថា « មិនអីទេ ! ខ្ញុំប្រតិកម្មនឹងជាតិទឹកដោះគោ ! »
នៅក្នុងសុបិន្ដមួយ ព្រះអម្ចាស់បានប្រាប់ព្យាការីលីហៃថា « លីហៃអើយ អ្នកមានពរហើយ ដោយសារអំពើទាំងឡាយដែលអ្នកបាន ធ្វើ » ។១
ការធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ គឺហួសពីការគ្រាន់តែសង្ឃឹម ឬការជឿ ។ វាតម្រូវឲ្យមានការខិតខំ សកម្មភាព និងការប្ដេជ្ញាចិត្ត ។ វាតម្រូវឲ្យយើងធ្វើអ្វីមួយ ជា « អ្នកប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ » ឡើយ ។២
តើករណីរលាយការ៉េមនេះ អ្វីដែលសំខាន់បំផុត ? តើជាការ៉េមឬ ? ឬក៏ជាអ្វីមួយដ៏សាមញ្ញ ដែលមិត្តខ្ញុំបានធ្វើនោះ ?
ខ្ញុំមានបទពិសោធន៍ដ៏ល្អមួយជាមួយយុវនារីជាទីស្រឡាញ់ម្នាក់ ដែលបានសួរសំណួរដ៏ស្មោះថា ៖ « ស៊ីស្ទើរ កា្រវីន តើស៊ីស្ទើរដឹងថា អ្វីៗអំពីសាសនាចក្រនេះពិតដោយរបៀបណា ? ព្រោះខ្ញុំគ្មានអារម្មណ៍អ្វីសោះ » ។
មុននឹងឆ្លើយ ខ្ញុំបានសួរសំណួរខ្លះៗទៅនាងសិន ។ « សូមប្រាប់ខ្ញុំអំពីការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ប្អូន » ។
នាងបានតបថា « ខ្ញុំពុំអានព្រះគម្ពីរទេ » ។
ខ្ញុំបានសួរថា « ចុះគ្រួសារប្អូនវិញ ? តើប្អូនសិក្សា ចូរមកតាមខ្ញុំ ជាមួយគ្នាដែរឬទេ ? »
នាងតបថា « អត់ទេ » ។
ខ្ញុំបានសួរអំពីការអធិស្ឋានរបស់នាង ៖ « តើប្អូនមានអារម្មណ៍បែបណា ពេលប្អូនអធិស្ឋាន ? »
ចម្លើយនាង ៖ « ខ្ញុំមិនអធិស្ឋានទេ » ។
ចម្លើយខ្ញុំតបទៅនាងគឺសាមញ្ញ ៖ « បើប្អូនចង់ដឹងអ្វីមួយ នោះប្អូននឹងត្រូវធ្វើអ្វីមួយ » ។
តើវាមិនពិតទេឬ ចំពោះអ្វីៗដែលយើងចង់រៀន ឬចង់ដឹង ? ខ្ញុំបានអញ្ជើញមិត្តថ្មីរបស់ខ្ញុំឲ្យចាប់ផ្ដើម ធ្វើ តាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ៖ អធិស្ឋាន សិក្សា បម្រើមនុស្សដទៃ និងទុកចិត្តលើព្រះអម្ចាស់ ។ ការប្រែចិត្តជឿនឹងមិនកើតមានទេ បើមិនធ្វើអ្វីសោះនោះ ។ វាកើតមានតាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ពេលយើងខិតខំដោយចេតនាចង់ដឹង តាមរយៈការសួរ ការស្វែងរក និងការគោះ ។ វាកើតមានតាមរយៈការធ្វើ ។៣
នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ព្រះអម្ចាស់បានមានបន្ទូលជារឿយៗថា « មិនជាសំខាន់ទេ » ។៤ វាធ្វើឲ្យខ្ញុំគិតថា បើរឿងមួយចំនួនមិនសំខាន់ ឬមិនសូវសំខាន់ នោះប្រាកដជាមានរឿងដែលសំខាន់បំផុតហើយ ។ នៅក្នុងការខិតខំរបស់យើងដើម្បី ធ្វើអ្វីមួយឬ ធ្វើអ្វីៗក៏ដោយនោះយើងអាចសួរខ្លួនឯងថា « តើអ្វីទៅដែលសំខាន់បំផុត ? »
ជាញឹកញាប់ អ្នកផ្សាយពាណិជ្ជកម្មប្រើពាក្យដូចជា « សំខាន់ » ឬ « ត្រូវតែមាន » ដើម្បីល្បួងយើងឲ្យជឿថា ផលិតផលដែលពួកគេកំពុងលក់នោះគឺចាំបាច់សម្រាប់សុភមង្គល ឬសុខុមាលភាពរបស់យើង ។ ប៉ុន្ដែតើអ្វីដែលពួកគេកំពុងលក់នោះ ពិតជា សំខាន់មែនឬ ? តើយើង ពិតជា ត្រូវតែមានវាឬ ? តើវា ពិតជា សំខាន់ឬ ?
នេះគឺជាយោបល់មួយចំនួនដើម្បីពិចារណា ។ តើអ្វីទៅដែលសំខាន់បំផុត ?
-
តើយើងទទួលបាន « likes » ( « ពេញចិត្ត » ) នៅលើការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើនប៉ុណ្ណា ? ឬ តើព្រះវរបិតាសួគ៌របស់យើងស្រឡាញ់ និងឲ្យតម្លៃយើងខ្លាំងប៉ុណ្ណា ?
-
តើការស្លៀកពាក់ទាន់សម័យឬ ? ឬ ក៏ជាការបង្ហាញការគោរពដល់រូបកាយរបស់យើង ដោយការស្លៀកពាក់សមរម្យឬ ?
-
តើស្វែងរកចម្លើយតាមរយៈការស្រាវជ្រាវក្នុងអ៊ីនធឺណិតឬ ? ឬ តើទទួលបានចម្លើយមកពីព្រះតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ?
-
តើចង់បានបន្ថែមឬ ? ឬ តើពេញចិត្តនឹងអ្វីដែលយើងមានឬ ?
ប្រធាន រ័សុល អិម ណិលសុន បង្រៀនថា
« ដោយមានព្រះវិញ្ញាណបរិសុទ្ធជាដៃគូ នោះប្អូនៗអាចមើលឃើញនូវវប្បធម៌ល្បីល្បាញ បានវាយលុកមកលើសង្គមរបស់យើង ។ ប្អូនៗអាចឈ្លាសវៃជាងជំនាន់មុនៗ ។ …
ចូរបង្កើតបទដ្ឋានមួយសម្រាប់លោកិយទាំងមូល ! »៥
វាតម្រូវឲ្យមានការខិតខំបន្ដផ្ដោតលើអ្វីដែល សំខាន់ពិត សម្រាប់អំណរដ៏យូរអង្វែង ។ សាតាំងពុំចង់បានអ្វីក្រៅពីឲ្យយើងគិតខុសអំពីគុណតម្លៃដ៏អស់កល្បរបស់យើងនោះទេ វានាំឲ្យយើងខ្ជះខ្ជាយពេលវេលា ទេពកោសល្យ ឬកម្លាំងខាងវិញ្ញាណដ៏មានតម្លៃ ទៅលើរឿងដែលមិនសំខាន់ ។ ខ្ញុំសូមអញ្ជើញពួកយើងម្នាក់ៗឲ្យពិចារណាដោយការអធិស្ឋានអំពីរឿងដែលបង្អាក់យើងមិនឲ្យធ្វើអ្វីៗដែលសំខាន់បំផុត ។
គ្រូបង្រៀនថ្នាក់ទីបីរបស់កូនប្រុសច្បងយើង បានបង្រៀនកូនសិស្សគាត់ឲ្យ « គ្រប់គ្រងខួរក្បាលរបស់គេ » ។ ជាការរំឭកដល់កូនសិស្សវ័យក្មេងរបស់គាត់ថា ពួកគេគឺជាអ្នកគ្រប់គ្រងគំនិតខ្លួនឯង ដូច្នេះពួកគេក៏អាចគ្រប់គ្រងអ្វីៗ ដែលពួកគេធ្វើបានផងដែរ ។ ខ្ញុំរំឭកខ្លួនឯងឲ្យ « គ្រប់គ្រងខួរក្បាល របស់ខ្ញុំ » នៅពេលខ្ញុំឃើញថា ខ្លួនឯងប្រឡូកក្នុងអ្វីដែលមិនសូវសំខាន់ ។
សិស្សវិទ្យាល័យម្នាក់បានប្រាប់ខ្ញុំថ្មីៗនេះថា ការល្មើលបញ្ញត្តិ រួចប្រែចិត្តជាក្រោយ ក្លាយជារឿងល្បីមួយក្នុងចំណោមយុវវ័យសាសនាចក្រមួយចំនួន ។ ។ គាត់ប្រាប់ខ្ញុំថា « វាដូចជាស្លាកកិត្តិយសមួយអញ្ចឹង » ។ ច្បាស់ណាស់ ព្រះអម្ចាស់នឹងបន្ដអភ័យទោសដល់អស់អ្នកដែលប្រែចិត្តដោយរាបសា និង « ដោយស្មោះអស់ពីចិត្ត » ។៦ ប៉ុន្ដែដង្វាយធួនដោយក្ដីមេត្តារបស់ព្រះអង្គសង្គ្រោះ មិនគួរយកមកប្រើ តាមរបៀបចំអកបែបនោះឡើយ ។ យើងស្គាល់រឿងប្រៀបប្រដូចអំពីចៀមមួយដែលបាត់ ។ ប្រាកដណាស់ អ្នកគង្វាលនឹងទុកចៀម ៩៩ ដើម្បីទៅរកចៀមមួយដែលវង្វេង ។ ប៉ុន្ដែតើបងប្អូនអាចស្រមៃឃើញពីអំណរដែលអ្នកជ្រើសរើសធ្វើជាចៀម ៩៩ នាំមកឲ្យអ្នកគង្វាលល្អដែរឬទេ ? ជាចៀមដែលនៅជុំគ្នា ហើយជួយគ្នាឲ្យរស់នៅតាមសេចក្ដីសញ្ញា ? តើបងប្អូនអាចស្រមៃឃើញពិភពលោកនេះ ឬសាលារៀន ឬកន្លែងធ្វើការ ឬគេហដ្ឋានរបស់បងប្អូនថា វានឹងទៅជាយ៉ាងណា បើការគោរពប្រតិបត្តិគឺជារឿងល្បីដែលត្រូវធ្វើនោះ ? វាពុំមែនអំពី ការដឹកនាំ ជីវិតយ៉ាងល្អឥតខ្ចោះនោះទេ—គឺវាអំពីការមានអំណរ ខណៈដែល យើងខំអស់ពីសមត្ថភាព ដើម្បីរស់នៅតាមសេចក្ដីសញ្ញា ដែលយើងបានចុះជាមួយនឹងព្រះអម្ចាស់ ។
កាលណាពិភពលោកបង្ហាញពីការសង្ស័យចំពោះព្រះ និងមានការភាន់ច្រឡំ និងសម្ពាធកាន់តែច្រើនឡើង នោះហើយគឺជាពេលដែលយើងត្រូវតែនៅជិតព្យាការីបំផុត ។ ក្នុងនាមលោកជាអ្នកថ្លែងព្រះបន្ទូលរបស់ព្រះអម្ចាស់ នោះយើងអាចទុកចិត្តលោកថា អ្វីដែលលោកជម្រុញ ទូន្មាន និងអង្វរឲ្យយើងធ្វើ គឺជារឿងដែលសំខាន់បំផុត ។
ទោះជាវាមិនងាយស្រួលក្ដី ក៏វាតែងតែមានរបៀបមួយ ដើម្បីធ្វើអ្វីដែលត្រឹមត្រូវដែរ ។ ពេលជជែកលេងនឹងមិត្តក្នុងសាលា យុវនារីម្នាក់បានស្រងាកចិត្ត ពេលដែលការសន្ទនានោះប្រែជាការរិះគន់អំពីបទដ្ឋានរបស់សាសនាចក្រ ។ នាងដឹងថា នាងមិនអាចបន្ដនៅស្ងៀមបានទេ —នាងត្រូវធ្វើអ្វីមួយ ។ នាងបានថ្លែងឡើងដោយក្ដីគោរពអំពីសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងរបៀបដែលព្រះបញ្ញត្តិត្រូវបានប្រទានឲ្យ ដើម្បីប្រទានពរជ័យ និងការពារបុត្រាបុត្រីរបស់ទ្រង់ ។ វានឹងងាយស្រួលជាង បើនាងមិនធ្វើអ្វីសោះនោះ ។ ប៉ុន្ដែតើអ្វីទៅដែលសំខាន់បំផុត ? ធ្វើតាមគេឬ ? ឬក៏ ក្រោកឈរ ធ្វើជាសាក្សីនៃព្រះនៅ « គ្រប់ពេល និងគ្រប់សេចក្ដី និងគ្រប់ទីកន្លែង » ?៧
បើសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ នឹងចេញពីទីអាប់អួ នោះយើងត្រូវតែចេញពីទីអាប់អួដែរ ។ ក្នុងនាមជាយុវនារីដែលរក្សាសេចក្ដីសញ្ញា នោះយើងត្រូវតែបញ្ចេញពន្លឺដំណឹងល្អទៅកាន់ពិភពលោកទាំងមូល តាមរយៈការក្រោកឈរឡើង ធ្វើជាគំរូ ។ យើងធ្វើវារួមគ្នាក្នុងនាមជាបុត្រីនៃព្រះ—ជាកម្លាំងនៃស្ដ្រីចំនួន ៨.២ លាននាក់ ចាប់ពីអាយុ ១១ ឆ្នាំឡើង យើងធ្វើកិច្ចការដូចគ្នាទាំងស្រុង ។ យើងកំពុងប្រមូលផ្ដុំអ៊ីស្រាអែល ពេលយើងចូលរួមក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើង ៖ ដោយខិតខំរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ មើលថែដល់អ្នកខ្វះខាត អញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ និងបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច ។៨ ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទគឺជាដំណឹងល្អនៃសកម្មភាព និងអំណរ ! ចូរយើងកុំមើលងាយសមត្ថភាពខ្លួនក្នុងការធ្វើកិច្ចការដែលសំខាន់បំផុតឡើយ ។ កេរមរតកដ៏ទេវភាពរបស់យើងផ្ដល់ភាពក្លាហាន និងទំនុកចិត្តឲ្យយើងធ្វើ និងក្លាយជាមនុស្ស ដែលព្រះវរបិតាសួគ៌ជាទីស្រឡាញ់ចង់ឲ្យយើងប្រែក្លាយ ។
បាវចនាយុវវ័យសម្រាប់ឆ្នាំនេះគឺមកពី សុភាសិត ៣:៥–៦ ៖
« ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ។
« ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង » ។
ធាតុសំខាន់នៃការទុកចិត្តលើព្រះអម្ចាស់គឺ កាឆ្ពោះទៅមុខ ការជឿថាទ្រង់នឹងដឹកនាំយើង ទោះជាគ្រាដែលយើងគ្មានចម្លើយទាំងអស់ក្ដី ។
បងប្អូនស្រី វាពុំមែនអំពីការ៉េមនោះទេ ។ ហើយវាក៏ពុំមែនអំពីការធ្វើច្រើននោះដែរ ។ វាគឺអំពីការធ្វើអ្វីដែលសំខាន់ ។ វាគឺជាការអនុវត្តគោលលទ្ធិនៃព្រះគ្រីស្ទនៅក្នុងជីវិតយើង ពេលយើងខិតខំប្រែក្លាយកាន់តែដូចជាទ្រង់ ។
ដរាបណាយើងបន្ដនៅលើផ្លូវនៃសេចក្ដីសញ្ញាយ៉ាងរឹងមាំ នោះសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទរបស់យើងនឹងកាន់តែដុះលូតលាស់ ។ កាលណាសេចក្ដីជំនឿយើងដុះលូតលាស់កាន់តែខ្លាំង នោះយើងនឹងចង់ប្រែចិត្តកាន់តែខ្លាំងដែរ ។ កាលណាយើងកាន់តែប្រែចិត្ត នោះយើងនឹងកាន់តែពង្រឹងទំនាក់ទំនងសេចក្ដីសញ្ញារបស់យើងជាមួយនឹងព្រះ ។ ទំនាក់ទំនងសេចក្ដីសញ្ញានោះនាំយើងឲ្យខិតទៅរកព្រះវិហារបរិសុទ្ធ ព្រោះការរក្សាសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធ គឺជារបៀបដែលយើងស៊ូទ្រាំដល់ទីបញ្ចប់ ។
នៅពេលយើងផ្ដោតយកចិត្តទុកដាក់ទៅលើព្រះយេស៊ូវគ្រីស្ទនៅ ក្នុងជីវិតរបស់យើង នោះយើងនឹងត្រូវបានដឹកនាំឲ្យធ្វើអ្វីដែលសំខាន់បំផុត ។ ហើយយើងនឹងត្រូវបានប្រទានឲ្យនូវភាពរឹងមាំខាងវិញ្ញាណ សុភមង្គល ជាមួយនិងអំណរ ! នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕