ស្រឡាញ់ ចែកចាយ អញ្ជើញ
កាលដែលយើងស្រឡាញ់ ចែកចាយ ហើយអញ្ជើញ នោះយើងចូលរួមចំណែកនៅក្នុងកិច្ចការដ៏អស្ចារ្យ និងដ៏រុងរឿង ដែលរៀបចំផែនដីនេះសម្រាប់ការយាងមករបស់ព្រះមែស៊ី ។
សូមធ្វើការស្រមៃជាមួយខ្ញុំបន្តិចថា យើងកំពុងតែឈរនៅលើភ្នំមួយក្នុងស្រុកកាលីឡេ និងធ្វើជាសាក្សីអំពីភាពអស្ចារ្យ និងសិរីល្អនៃព្រះអង្គសង្គ្រោះដែលមានព្រះជន្មរស់ឡើងវិញកំពុងតែយាងជួបនឹងពួកសិស្សរបស់ទ្រង់ ។ គួរឲ្យស្ញប់ស្ញែងណាស់ ពេលបានឮពាក្យទាំងនេះដោយផ្ទាល់នោះ ដែលទ្រង់បានចែកចាយនឹងពួកគេ ដោយបង្គាប់ដ៏ឱឡារិកថា « ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ » ។១ ប្រាកដណាស់ ពាក្យទាំងនេះនឹងផ្ដល់អំណាច បំផុសគំនិត និងធ្វើឲ្យយើងម្នាក់ៗរំជួលចិត្ត ដូចដែលវាបានធ្វើចំពោះពួកសាវករបស់ទ្រង់ដែរ ។ ពិតណាស់ ពួកលោកបានបូជាជីវិតដែលនៅសល់ដើម្បីធ្វើដូច្នោះឯង ។
គួរឲ្យចាប់អារម្មណ៍ណាស់ មិនមែនត្រឹមតែពួកសាវកប៉ុណ្ណោះទេដែលបានដាក់ព្រះបន្ទូលរបស់ព្រះយេស៊ូវក្នុងដួងចិត្តនោះ ។ សមាជិកសាសនាចក្រជំនាន់ដើម រាប់តាំងពីសមាជិកចាស់បំផុត ដល់សមាជិកថ្មីបំផុត បានចូលរួមចំណែកស្ដាប់តាមការបង្គាប់ដ៏អស្ចារ្យរបស់ព្រះអង្គសង្គ្រោះ ឲ្យចែកចាយដំណឹងល្អជាមួយមនុស្សដែលពួកគេបានជួប និងស្គាល់ ។ ការប្តេជ្ញាចិត្តដើម្បីចែកចាយទីបន្ទាល់របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ បានជួយសាសនាចក្រដែលទើបបង្កើតថ្មីរបស់ទ្រង់រីកចម្រើនយ៉ាងទូលំទូលាយ ។២
ដូចគ្នាដែរ ក្នុងនាមជាសិស្សរបស់ព្រះគ្រីស្ទ យើងត្រូវបានអញ្ជើញឲ្យស្ដាប់តាមការបង្គាប់របស់ទ្រង់នៅសព្វថ្ងៃនេះ ដូចជាយើងបាននៅទីនោះ នៅលើភ្នំនោះក្នុងស្រុកកាលីឡេ កាលទ្រង់បានប្រកាសជាលើកដំបូង ។ ការបង្គាប់នេះចាប់ផ្ដើមម្ដងទៀតនៅក្នុងឆ្នាំ ១៨៣០ នៅពេលដែល យ៉ូសែប ស្ម៊ីធ បានញែកបងប្រុសលោក សាំយ៉ូអែល ឲ្យធ្វើជាអ្នកផ្សព្វផ្សាយសាសនាដំបូងម្នាក់របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។៣ តាំងពីពេលនោះមក មានអ្នកផ្សព្វផ្សាយសាសនាជាង ១,៥ លាននាក់ បានធ្វើដំណើរទូទាំងពិភពលោក ដើម្បីបង្រៀនដល់គ្រប់ជាតិសាសន៍ និងជ្រមុជទឹកដល់អស់អ្នកទាំងឡាយណាដែលឱបក្រសោបយកដំណឹងដ៏រីករាយនៃដំណឹងល្អដែលបានស្ដារឡើងវិញ ។
នេះគឺជាគោលលទ្ធិរបស់យើង ។ ជាបំណងប្រាថ្នាដ៏ល្អប្រពៃរបស់យើង ។
ដោយរាប់តាំងពីក្មេងរហូតដល់ចាស់ ក្នុងចំណោមយើង យើងរង់ចាំយ៉ាងអន្ទះសាដល់ពេលវេលាដែលយើងអាចស្ដាប់តាមការហៅរបស់ព្រះអង្គសង្គ្រោះ ហើយចែកចាយដំណឹងល្អជាមួយនឹងជាតិសាសន៍នានាក្នុងពិភពលោកនេះ ។ ខ្ញុំប្រាកដណាស់ថា ក្មួយៗជាយុវជនយុវនារីមានអារម្មណ៍ពីការអញ្ជើញដ៏អង់អាចស្រដៀងគ្នានេះមកពីព្យាការីរបស់យើងកាលពីម្សិលមិញនេះ ពេលដែលលោកបានអញ្ជើញក្មួយៗឲ្យរៀបចំសម្រាប់ការបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង គឺដូចជាព្រះអង្គសង្គ្រោះបានអញ្ជើញពួកសាវករបស់ទ្រង់ដូច្នេះដែរ ។
ដូចជាអ្នករត់ប្រណាំងដែលរង់ចាំនៅទីចាប់ផ្តើម គឺយើងរំពៃរង់ចាំការអញ្ជើញជាផ្លូវការ ដោយមានហត្ថលេខារបស់ព្យាការី ដែលផ្ដល់ជាសញ្ញាថា ចាប់ផ្ដើមការប្រណាំង ! បំណងប្រាថ្នានេះគឺថ្លៃថ្នូរ និងបំផុសគំនិត ទោះជាយ៉ាងណាក៏ដោយសូមពិចារណាចំពោះសំណួរនេះ ហេតុអ្វីយើង ទាំងអស់គ្នា មិនចាប់ផ្ដើមពីពេលឥឡូវនេះទៅ ?
បងប្អូនអាចសួរថា « តើខ្ញុំអាចធ្វើជាអ្នកផ្សព្វផ្សាយសាសនាដោយគ្មានស្លាកឈ្មោះដោយរបៀបណា ? » ឬយើងប្រាប់ខ្លួនឯងថា « ពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងត្រូវបានញែកចេញដើម្បីធ្វើកិច្ចការនេះ ។ ខ្ញុំចង់ជួយដែរ ប៉ុន្តែប្រហែលចាំពេលក្រោយ គឺជាពេលដែលជីវិតបានស្ងប់បន្តិចសិន » ។
បងប្អូនប្រុសស្រី វាសាមញ្ញជាងនោះខ្លាំងណាស់ ! យើងមានអំណរគុណ ដែលការបង្គាប់ដ៏អស្ចារ្យរបស់ព្រះអង្គសង្គ្រោះ អាចសម្រេចបានតាមរយៈគោលការណ៍ដ៏សាមញ្ញ ងាយស្រួលយល់ ដែលត្រូវបានបង្រៀនដល់យើងម្នាក់ៗតាំងពីកុមារភាពមក ៖ ស្រឡាញ់ ចែកចាយ និងអញ្ជើញ ។
ស្រឡាញ់
ចំណុចទីមួយដែលយើងអាចធ្វើបាន គឺស្រឡាញ់ដូចជាព្រះគ្រីស្ទបានស្រឡាញ់ ។
ដួងចិត្តរបស់យើងមានបន្ទុកធ្ងន់ដោយសារតែការរងទុក្ខ និងភាពតានតឹងរបស់មនុស្ស ដែលយើងឃើញនៅទូទាំងពិភពលោក អំឡុងគ្រាដ៏ច្របូកច្របល់ទាំងនេះ ។ ទោះជាយ៉ាងណា យើងក៏អាចទទួលការបំផុសគំនិតពីមេត្តាធម៌ និងមនុស្សធម៌ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលបានបង្ហាញដោយមនុស្សនៅគ្រប់ទិសទី តាមរយៈកិច្ចខិតខំរបស់ពួកគេ ក្នុងការឈោងទៅជួយដល់អ្នកខ្វះខាត—អ្នកដែលចាកចេញពីទីលំនៅរបស់ពួកគេ បែកពីក្រុមគ្រួសាររបស់ពួកគេ ឬកំពុងជួបប្រទះនឹងទុក្ខសោក និងភាពអស់សង្ឃឹមតាមទម្រង់ផ្សេងៗទៀត ។
ថ្មីៗនេះ ប្រភពព័ត៌មាននានាបានរាយការណ៍ពីអ្នកម្ដាយមួយក្រុមនៅប្រទេសប៉ូឡូញ ដោយខ្វាយខ្វល់ដល់គ្រួសារជនភៀសខ្លួនដោយអស់សង្ឃឹមដែលមានកូនតូច ពួកគេបានរៀបចំបម្រុងទុករទេះរុញយ៉ាងមានសណ្តាប់ធ្នាប់នៅឯស្ថានីយ៍រថភ្លើងសម្រាប់គ្រួសារទាំងនោះនៅពេលដែលពួកគេឡើងរថភ្លើង ។ ពិតណាស់ ព្រះវរបិតាសួគ៌របស់យើងញញឹមដោយព្រោះទង្វើនៃសប្បុរសធម៌ដោយមិនអាត្មានិយមដូចជាទង្វើទាំងនេះ ដ្បិតពេលដែលយើងរែកបន្ទុកគ្នាទៅវិញទៅមក នោះយើង « សម្រេចតាមក្រឹត្យវិន័យនៃព្រះគ្រីស្ទ » ។៤
នៅពេលណាដែលយើងបង្ហាញសេចក្ដីស្រឡាញ់ដូចព្រះគ្រីស្ទទៅកាន់អ្នកជិតខាងរបស់យើង នោះយើងផ្សព្វផ្សាយដំណឹងល្អហើយ—សូម្បីតែយើងមិនបាននិយាយពាក្យមួយម៉ាត់ក្ដី ។
សេចក្ដីស្រឡាញ់សម្រាប់មនុស្សដទៃទៀត គឺជាការបង្ហាញមតិដ៏ពូកែអំពីបទបញ្ញត្តិធំទីពីរ ដែលឲ្យស្រឡាញ់អ្នកជិតខាងយើង ។៥ វាបង្ហាញពីដំណើរការដែលព្រះវិញ្ញាណបរិសុទ្ធសម្រិតសម្រាំងព្រលឹងរបស់យើង ។ តាមរយៈការបង្ហាញនូវសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទចំពោះមនុស្សផ្សេងទៀត យើងអាចបណ្ដាលឲ្យអស់អ្នកដែលឃើញកិច្ចការល្អរបស់យើង « សរសើរតម្កើងដល់ព្រះវរបិតានៃ [ យើង ] រាល់គ្នាដែលគង់នៅស្ថានសួគ៌ » ។៦
យើងធ្វើការណ៍នេះដោយមិនរំពឹងចង់បានអ្វីត្រឡប់មកវិញនោះទេ ។
ពិតណាស់ក្តីសង្ឃឹមរបស់យើង គឺថាពួកគេនឹងទទួលយកសេចក្តីស្រឡាញ់ និងសារលិខិតរបស់យើង ទោះបីជារបៀបដែលពួកគេប្រតិកម្មតបតមិនស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើងក៏ដោយ ។
ប៉ុន្តែយើងពិតជាអាចគ្រប់គ្រងអ្វីដែលយើងធ្វើ និងខ្លួនយើងបាន ។
តាមរយៈសេចក្ដីស្រឡាញ់ដូចព្រះគ្រីស្ទសម្រាប់មនុស្សដទៃទៀត នោះយើងផ្សព្វផ្សាយយ៉ាងស្ទាត់ជំនាញ អំពីលក្ខណៈសម្បត្តិដែលផ្លាស់ប្តូរជីវិតដ៏រុងរឿងនៃដំណឹងល្អរបស់ព្រះគ្រីស្ទ ហើយយើងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការបំពេញតាមការបញ្ជាដ៏អស្ចារ្យរបស់ទ្រង់ ។
ចែកចាយ
ចំណុចទីពីរដែលយើងអាចធ្វើបាន គឺចែកចាយ ។
អំឡុងខែដំបូងនៃរោគរាតត្បាតកូវីដ-១៩ ប្អូនប្រុស វីសាន មកពីប្រទេសថៃ បានទទួលការបំផុសគំនិតឲ្យចែកចាយអារម្មណ៍ និងចំណាប់អារម្មណ៍របស់គាត់អំពីអ្វីដែលគាត់កំពុងរៀននៅក្នុងព្រះគម្ពីរមរមន នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ ។ នៅក្នុងការចុះផ្សាយផ្ទាល់ខ្លួនជាពិសេសរបស់គាត់មួយ គាត់បានចែកចាយដំណើររឿងមួយអំពីពួកអ្នកផ្សព្វផ្សាយសាសនាក្នុងព្រះគម្ពីរមរមនពីរនាក់ គឺអាលម៉ា និងអាមូលេក ។
វីណៃ ដែលជាបងប្រុសរបស់គាត់ បានជឿស៊ប់ក្នុងសាសនារបស់គាត់គាត់បានរំជួលចិត្តពីការបង្ហោះនោះដែរ ហើយបានសួរតបមកវិញដោយមិនបានរំពឹងទុកថា « តើខ្ញុំអាចសុំសៀវភៅនោះជាភាសាថៃបានទេ ? »
វីសាន បានរៀបចំព្រះគម្ពីរមរមនមួយក្បាលយ៉ាងឈ្លាសវៃ ហើយបានបញ្ជូនវាតាមរយៈអ្នកផ្សព្វផ្សាយសាសនាជាស៊ីស្ទើរពីរនាក់ ដែលបានចាប់ផ្ដើមបង្រៀនបងប្រុសរបស់គាត់ ។
វីសាន បានចូលរួមមេរៀនតាមអនឡាញ ដែលគាត់បានចែកចាយអារម្មណ៍របស់គាត់អំពីព្រះគម្ពីរមរមន ។ វីណៃ បានរៀនអធិស្ឋាន និងសិក្សាជាមួយនឹងស្មារតីស្វែងរកសេចក្ដីពិត ដើម្បីទទួល និងឱបក្រសោបយកសេចក្ដីពិត ។ ក្នុងពេលប៉ុន្មានខែក្រោយមក វីណៃ បានជ្រមុជទឹក !
ក្រោយមក វីសាន បាននិយាយថា « យើងមានការទទួលខុសត្រូវ ដើម្បីធ្វើជាឧបករណ៍ក្នុងព្រះហស្ដរបស់ព្រះ ហើយយើងត្រូវតែត្រៀមខ្លួនរួចរាល់ជានិច្ចសម្រាប់ទ្រង់ ដើម្បីធ្វើកិច្ចការរបស់ទ្រង់ តាមរបៀបរបស់ទ្រង់ តាមរយៈយើង » ។ អព្ភូតហេតុគ្រួសាររបស់ពួកគេបានកើតឡើង ដោយសារតែ វីសាន គ្រាន់តែចែកចាយដំណឹងល្អតាមរបៀបដ៏សាមញ្ញមួយ ។
យើងទាំងអស់គ្នាចែកចាយអ្វីៗជាមួយមនុស្សផ្សេងទៀត ។ យើងធ្វើវាជាញឹកញាប់ ។ យើងចែកចាយពីរឿងកុន និងអាហារដែលយើងចូលចិត្ត រឿងសប្បាយៗដែលយើងឃើញ កន្លែងដែលយើងទៅលេង រូបសិល្បៈដែលយើងពេញចិត្ត ការដកស្រង់ដែលបំផុសគំនិតយើង ។
តើយើងអាចបន្ថែមសេចក្តីស្រឡាញ់របស់យើងចំពោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទចូលទៅក្នុងបញ្ជីដែលយើងមានដើម្បីចែកចាយនោះបានយ៉ាងដូចម្តេច ?
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បានពន្យល់ថា « បើមានមនុស្សម្នាក់សួរបងប្អូនថា តើនៅចុងសប្ដាហ៍បងប្អូនបានធ្វើអ្វីខ្លះ នោះសូមកុំស្ទាក់ស្ទើរប្រាប់ពីបទពិសោធន៍ដែលបងប្អូនមាននៅព្រះវិហារដល់ពួកគេ ។ សូមប្រាប់អំពីកុមារតូចៗដែលឈរនៅខាងលើវេទិកាពីមុខក្រុមជំនុំ ហើយច្រៀងចម្រៀងដោយក្លៀវក្លាអំពីរបៀបដែលពួកគេព្យាយាមប្រែក្លាយដូចជាព្រះយេស៊ូវ ។ និយាយអំពីក្រុមយុវវ័យដែលចំណាយពេលជួយដល់មនុស្សជរាដែលនៅផ្ទះដើម្បីប្រមូលព័ត៌មានប្រវត្តិផ្ទាល់ខ្លួន » ។៧
ការចែកចាយមិនមែនជា « ការលក់ » ដំណឹងល្អនោះទេ ។ បងប្អូនមិនចាំបាច់សរសេរទេសនកថាមួយ ឬកែតម្រូវការយល់ឃើញមិនត្រឹមត្រូវរបស់នរណាម្នាក់នោះទេ ។
ពេលនិយាយអំពីកិច្ចការផ្សព្វផ្សាយសាសនា ព្រះមិនត្រូវការបងប្អូនឲ្យធ្វើជានគរបាលរបស់ទ្រង់ទេ ទោះយ៉ាងណា ទ្រង់សុំឲ្យបងប្អូនធ្វើជាអ្នកចែកចាយរបស់ទ្រង់វិញ ។
តាមរយៈការចែកចាយបទពិសោធន៍វិជ្ជមានរបស់យើងនៅក្នុងដំណឹងល្អនេះជាមួយមនុស្សផ្សេងទៀត យើងចូលរួមចំណែកនៅក្នុងការបំពេញតាមបញ្ជាដ៏អស្ចារ្យរបស់ព្រះអង្គសង្គ្រោះហើយ ។
អញ្ជើញ
ចំណុចទីបីដែលបងប្អូនអាចធ្វើបាន គឺអញ្ជើញ ។
ស៊ីស្ទើរ មេរ៉ា គឺជាអ្នកប្រែចិត្តជឿថ្មីម្នាក់មកពីប្រទេស អេក្វាទ័រ ។ អំណររបស់គាត់នៅក្នុងដំណឹងល្អបានកើនឡើងភ្លាមៗ បន្ទាប់ពីបុណ្យជ្រមុជទឹករបស់គាត់ កាលដែលគាត់បានអញ្ជើញមិត្តភក្ដិ និងមនុស្សជាទីស្រឡាញ់ដែលនៅជុំវិញគាត់ តាមរយៈគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ ។ សមាជិកគ្រួសារ និងមិត្តភក្ដិជាច្រើន ដែលបានឃើញការចុះផ្សាយរបស់គាត់បានតបជាមួយនឹងសំណួរនានា ។ មេរ៉ា បានភ្ជាប់ទំនាក់ទំនងជាមួយពួកគេ ជាញឹកញាប់គឺដោយការអញ្ជើញពួកគេឲ្យមកផ្ទះរបស់គាត់ ដើម្បីជួបនឹងពួកអ្នកផ្សព្វផ្សាយសាសនាជាមួយគ្នា ។
ឪពុកម្ដាយរបស់ មេរ៉ា បងប្អូន មីង បងប្អូនជីដូនមួយពីរនាក់ និងមិត្តភក្ដិមួយចំនួនទៀតរបស់គាត់បានទទួលបុណ្យជ្រមុជទឹក ដោយសារគាត់បានមានភាពក្លាហានអញ្ជើញពួកគេឲ្យ « មក ហើយមើល » « មក ហើយជួយ » និង « មកហើយចូលជាសមាជិក » ។ តាមរយៈការអញ្ជើញដ៏សាមញ្ញរបស់គាត់ មនុស្សជាង ២០ នាក់ បានទទួលការអញ្ជើញរបស់គាត់ ដើម្បីទទួលបុណ្យជ្រមុជទឹក ក្លាយជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។ ពួកគេបានចូលជាសមាជិកសាសនាចក្រ ដោយសារស៊ីស្ទើរ មេរ៉ា គ្រាន់តែបានអញ្ជើញមនុស្សដទៃទៀត ឲ្យមកដកពិសោធន៍សេចក្ដីអំណរដែលគាត់បានទទួល ក្នុងនាមជាសមាជិកសាសនាចក្រ ។
មានការអញ្ជើញរាប់រយ ដែលយើងអាចអញ្ជើញទៅអ្នកដទៃទៀតបាន ។ យើងអាចអញ្ជើញមនុស្សផ្សេងទៀតឲ្យ « មក ហើយមើល » ពិធីសាក្រាម៉ង់ សកម្មភាពវួដ វីដេអូតាមអនឡាញ ដែលពន្យល់ពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ « មក ហើយមើល » អាចជាការអញ្ជើញឲ្យអានព្រះគម្ពីរមរមន ឬមកមើលព្រះវិហារបរិសុទ្ធ អំឡុងពេលពិធីសម្ពោធ ពីមុនពិធីឧទ្ទិសឆ្លង ។ ជួនកាល ការអញ្ជើញនោះជាអ្វីមួយដែលយើងអញ្ជើញនៅខាងក្នុង—ជាការអញ្ជើញដល់ខ្លួនយើង ដែលផ្ដល់ការយល់ដឹង និងទស្សនវិស័យដល់ខ្លួនយើង អំពីឱកាសទាំងឡាយដែលនៅជុំវិញខ្លួនយើង ដើម្បីធ្វើសកម្មភាពតាម ។
នៅក្នុងជំនាន់ឌីជីថលរបស់យើង ជាញឹកញាប់សមាជិកចែកចាយសារលិខិតតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ។ មានសារដែលលើកស្ទួយ បើមិនរាប់ពាន់ទេ ក៏រាប់រយដែរ ដែលបងប្អូនអាចឃើញថាស័ក្ដិសមដើម្បីចែកចាយ ។ មាតិកានេះផ្ដល់ការអញ្ជើញឲ្យ « មក ហើយមើល » « មក ហើយជួយ » និង « មក ហើយចូលជាសមាជិក » ។
កាលដែលយើងអញ្ជើញមនុស្សដទៃទៀតឲ្យមករៀនបន្ថែមទៀតអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងចូលរួមចំណែកនៅក្នុងការហៅរបស់ព្រះអង្គសង្គ្រោះឲ្យចូលរួមធ្វើកិច្ចការតាមការបញ្ជាដ៏អស្ចារ្យរបស់ទ្រង់ហើយ ។
សេចក្ដីបញ្ចប់
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ យើងបាននិយាយអំពីចំណុចសាមញ្ញបីនៅថ្ងៃនេះ—ជាការណ៍ងាយៗ—ដែលនរណាក៏អាចធ្វើបាន ។ ជាអ្វីដែល បងប្អូន អាចធ្វើបាន ! ប្រហែលជាបងប្អូនកំពុងធ្វើវារួចហើយ—ថែមទាំងមិនបានដឹងថាបងប្អូនកំពុងធ្វើផង !
ខ្ញុំសូមអញ្ជើញបងប្អូនឲ្យពិចារណាពីរបៀបដែលបងប្អូនអាចស្រឡាញ់ ចែកចាយ និងអញ្ជើញ ។ កាលដែលបងប្អូនធ្វើដូច្នោះ នោះបងប្អូននឹងស្គាល់ពីទំហំនៃសេចក្ដីអំណរ ដោយដឹងថា បងប្អូនកំពុងស្ដាប់តាមព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះជាទីស្រឡាញ់របស់យើង ។
អ្វីដែលខ្ញុំកំពុងទទូចឲ្យបងប្អូនធ្វើនេះ មិនមែនជាកម្មវិធីថ្មីទេ ។ បងប្អូនបានឮពីគោលការណ៍ទាំងនេះពីមុនមកហើយ ។ នេះមិនមែនជា « កម្មវិធីធំថ្មី » ដែលសាសនាចក្រកំពុងសុំឲ្យបងប្អូនធ្វើនោះទេ ។ ចំណុចទាំងបីនេះគឺគ្រាន់តែជាការពង្រីកនូវអ្វីដែលយើងមានរួចហើយ ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ។
វាមិនតម្រូវឲ្យមានស្លាកឈ្មោះ ឬលិខិតនោះទេ ។
មិនចាំបាច់មានការហៅជាផ្លូវការនោះទេ ។
កាលដែលចំណុចទាំងបីនេះក្លាយជាផ្នែកធម្មតាមួយនៃខ្លួនយើង និងរបៀបដែលយើងរស់នៅ នោះវានឹងក្លាយជាការបង្ហាញមួយដ៏ស្វ័យប្រវត្តិ និងមិនបង្ខំ អំពីសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ ។
ដូចជាពួកសិស្សរបស់ព្រះគ្រីស្ទទាំងនោះ ដែលបានប្រមូលផ្ដុំគ្នា ដើម្បីរៀនពីទ្រង់នៅស្រុកកាលីឡេកាលពី ២០០០ ឆ្នាំមុនដែរ នោះយើងក៏អាចឱបក្រសោបការបង្គាប់របស់ព្រះអង្គសង្គ្រោះ ហើយចូលទៅក្នុងពិភពលោកនេះដើម្បីផ្សព្វផ្សាយដំណឹងល្អដែរ ។
កាលដែលយើងស្រឡាញ់ ចែកចាយ ហើយអញ្ជើញ នោះយើងចូលរួមចំណែកនៅក្នុងកិច្ចការដ៏អស្ចារ្យ និងដ៏រុងរឿង ដែលរៀបចំផែនដីនេះសម្រាប់ការយាងមករបស់ព្រះមែស៊ី ។
សូមឲ្យយើងអាចស្ដាប់តាមការហៅរបស់ព្រះអង្គសង្គ្រោះ ហើយខំខ្នះខ្នែងចូលរួមធ្វើតាមការបញ្ជាដ៏អស្ចារ្យរបស់ទ្រង់ នេះគឺជាការអធិស្ឋានរបស់ខ្ញុំ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕