សេចក្ដីស្រលាញ់ដ៏ទេវភាពក្នុងផែនការរបស់ព្រះវរបិតា
គោលបំណងនៃគោលលទ្ធិ និងគោលនយោបាយទាំងឡាយនៃសាសនាចក្រដែលបានស្ដារឡើងវិញនេះគឺដើម្បីរៀបចំកូនចៅរបស់ព្រះសម្រាប់សេចក្ដីសង្គ្រោះនៅក្នុងនរគសេឡេស្ទាល និងសម្រាប់ភាពតម្កើងឡើងក្នុងលំដាប់ដ៏ខ្ពស់បំផុត ។
ផែនការដំណឹងល្អបង្ហាញសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌សម្រាប់កូនចៅរបស់ទ្រង់គ្រប់រូប ។ ដើម្បីយល់ពីសេចក្ដីស្រលាញ់នេះ យើងត្រូវស្វែងយល់ពីផែនការ និងបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។ ទ្រង់ស្រឡាញ់កូនចៅទ្រង់ដល់ម្ល៉េះ ទើបទ្រង់ប្រទានព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ឲ្យមករងទុក្ខ និងសុគតដើម្បីធ្វើជាព្រះអង្គសង្រ្គោះ និងព្រះអង្គប្រោសលោះរបស់យើង ។ នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយដែលបានស្ដារឡើងវិញ យើងមានការយល់ដឹងដ៏ពិសេសមួយ អំពីផែនការរបស់ព្រះវរបិតាសួគ៌របស់យើង ។ ការណ៍នេះបង្រៀនយើងឲ្យមើលខុសពីអ្នកដទៃ ចំពោះគោលបំណងនៃជីវិតរមែងស្លាប់ សេចក្តីជំនុំជម្រះដ៏ទេវភាពដែលនៅពីក្រោយជីវិតនេះ និងជោគវាសនាដ៏រុងរឿងខ្ពង់ខ្ពស់បំផុតនៃកូនចៅគ្រប់រូបរបស់ព្រះ ។
បងប្អូនប្រុសស្រី ខ្ញុំស្រឡាញ់បងប្អូន ។ ខ្ញុំស្រឡាញ់កូនចៅគ្រប់រូបទាំងអស់របស់ព្រះ ។ នៅពេលព្រះគ្រីស្ទត្រូវគេសួរថា « ក្នុងបណ្ដាក្រឹត្យវិន័យ តើបញ្ញត្តិណាដែលយ៉ាងសំខាន់បំផុត ? » ទ្រង់បានបង្រៀនថា ឲ្យស្រលាញ់ព្រះ និងឲ្យស្រឡាញ់អ្នកជិតខាងរបស់យើង គឺជាបទបញ្ញត្តិយ៉ាងសំខាន់ទីមួយរបស់ព្រះ ។១ បទបញ្ញត្តិទាំងនោះគឺទីមួយ ព្រោះអញ្ជើញយើងឲ្យរីកចម្រើនខាងវិញ្ញាណ ដោយការព្យាយាមធ្វើតាមសេចក្ដីស្រលាញ់របស់ព្រះដែលមានចំពោះយើង ។ ខ្ញុំសុំឲ្យយើងគ្រប់រូបទាំងអស់មានការយល់ដឹងកាន់តែប្រសើរឡើង អំពីគោលលទ្ធិ និងគោលនយោបាយជាទីពេញចិត្ត ដែលព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ បានតាំងឡើងនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ អ្វីដែលខ្ញុំនិយាយនៅពេលនេះ គឺព្យាយាមបញ្ជាក់ពីរបៀបដែលសេចក្ដីស្រលាញ់របស់ព្រះ ពន្យល់ពីគោលលទ្ធិ និងគោលនយោបាយដែលបានបំផុសគំនិតរបស់សាសនាចក្រ ។
I.
ការយល់ច្រឡំទូទៅមួយអំពីសេចក្តីជំនុំជម្រះដែលកើតឡើងបន្ទាប់ពីជីវិតរមែងស្លាប់នេះ គឺថានៅទីបំផុត មនុស្សល្អនឹងទៅកាន់កន្លែងមួយហៅថា ស្ថានសួគ៌ ហើយមនុស្សអាក្រក់នឹងទៅទីអវសានមួយទៀតហៅថា ស្ថាននរក ។ ការសន្មត់ដ៏ខុសឆ្គងនៃគោលដៅចុងក្រោយទាំងពីរនេះបញ្ជាក់ថា អស់អ្នកណាដែលមិនអាចគោរពបទបញ្ញត្តិទាំងអស់ដែលតម្រូវឲ្យចូលស្ថានសួគ៌បាន អ្នកនោះច្បាស់ជាត្រូវធ្លាក់ទៅក្នុងស្ថាននរកជារៀងរហូតជាក់ជាមិនខានឡើយ ។
ព្រះវរបិតាសួគ៌ជាទីស្រលាញ់មានផែនការដ៏ប្រសើរមួយសម្រាប់កូនចៅរបស់ទ្រង់ ។ គោលលទ្ធិដែលបានបើកសម្ដែងរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ បង្រៀនថា កូនចៅរបស់ព្រះគ្រប់រូប—ទីបំផុតនឹងចូលក្នុងនគរនៃ សិរីល្អ—លើកលែងតែមួយចំនួនតូច២ ព្រះយេស៊ូវបានបង្រៀនថា « ត្បិតនៅក្នុងដំណាក់របស់ព្រះវរបិតាយើង នោះមានវិមានជាច្រើន »៣ ។ ចេញពីវិវរណៈសម័យទំនើបនេះ យើងដឹងថាវិមានទាំងនោះគឺមាននៅក្នុងនគរនៃសិរីល្អបីខុសគ្នា ។ នៅក្នុងសេចក្តីជំនុំជម្រះចុងក្រោយ យើងម្នាក់ៗនឹងត្រូវបានជំនុំជម្រះស្របតាមកិច្ចការរបស់យើង និងស្របតាមសេចក្ដីប៉ងប្រាថ្នានៃដួងចិត្តរបស់យើង ។៤ យើងនឹងត្រូវរងទុក្ខចំពោះអំពើបាបដែលមិនបានប្រែចិត្តទាំងឡាយរបស់យើងជាមុនសិន មុនពេលនោះមកដល់ ។ ព្រះគម្ពីរបានបញ្ជាក់ច្បាស់ពីចំណុចនោះ ។៥ បន្ទាប់មកអង្គជំនុំជម្រះដ៏សុចរិតរបស់យើង នឹងប្រទានដល់យើងនូវនគរមួយនៃនគរសិរីល្អទាំងនោះ ។ ដូច្នេះ ដូចដែលយើងដឹងមកពីវិវរណៈសម័យទំនើបនេះថា មនុស្សគ្រប់រូប « នឹងត្រូវបានជំនុំជម្រះ … ហើយមនុស្សគ្រប់រូបនឹងបានទទួលតាមកិច្ចការទាំងឡាយរបស់ខ្លួន គឺអាណាចក្ររបស់ខ្លួននៅក្នុងវិមានទាំងឡាយ ដែលបានរៀបចំទុក » ។៦
ព្រះអម្ចាស់បានសព្វព្រះទ័យបើកសម្ដែងតែបន្តិចបន្តួចប៉ុណ្ណោះចំពោះនគរនៃសិរីល្អទាំងពីរនេះ ។ ផ្ទុយពីនេះ ព្រះអម្ចាស់បានបើកសម្ដែងច្រើនអំពីនគរនៃសិរីល្អដ៏ខ្ពស់បំផុត ដែលព្រះគម្ពីរប៊ីបពិពណ៌នាថា ដូចជា « ព្រះអាទិត្យមានរស្មីម៉្យាង » ។៧
នៅក្នុងសិរីល្អនៃនគរ « សេឡេស្ទាល »៨ នោះមានស្ថានសួគ៌ ឬលំដាប់បី ។៩ លំដាប់ដ៏ខ្ពស់បំផុតនៃលំដាប់ទាំងនេះគឺ ភាពតម្កើងឡើងនៅក្នុងនគរសេឡេស្ទាល ជានគរដែលយើងអាចក្លាយដូចជាព្រះវរបិតាសួគ៌របស់យើង និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។ ដើម្បីជួយយើងឲ្យអភិវឌ្ឍគុណលក្ខណៈដូចព្រះ និងការផ្លាស់ប្ដូរនៅក្នុងស្ថានភាពសាច់ឈាមដែលចាំបាច់ ដើម្បីទទួលបានសក្តានុពលដ៏ទេវភាពរបស់យើង ព្រះអម្ចាស់បានបើកសម្ដែងគោលលទ្ធិ និងបានតាំងបទបញ្ញត្តិ ដែលផ្អែកទៅតាមច្បាប់ដ៏អស់កល្ប ។ នេះគឺជាអ្វីដែលយើងបង្រៀននៅក្នុងសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ពីព្រោះគោលបំណងនៃគោលលទ្ធិ និងគោលនយោបាយទាំងឡាយនៃសាសនាចក្រដែលបានស្ដារឡើងវិញនេះ គឺដើម្បីរៀបចំកូនចៅរបស់ព្រះ សម្រាប់សេចក្ដីសង្គ្រោះនៅក្នុងសិរីល្អនៃនគរសេឡេស្ទាល និងពិសេសសម្រាប់ភាពតម្កើងឡើងក្នុងលំដាប់ដ៏ខ្ពស់បំផុត ។
សេចក្ដីសញ្ញាដែលបានធ្វើ និងពរជ័យដែលបានសន្យាចំពោះភាពស្មោះត្រង់នៅក្នុងព្រះវិហារបរិសុទ្ធនៃព្រះគឺជាចំណុចសំខាន់ ។ ការណ៍នេះពន្យល់ក្នុងអគារព្រះវិហារបរិសុទ្ធទូទាំងពិភពលោករបស់យើងដែលក្រុមចម្រៀងបានច្រៀងយ៉ាងពិរោះ ។ មនុស្សមួយចំនួនមានមន្ទិលចំពោះការសង្កត់ធ្ងន់នេះ ហើយមិនយល់ថា សេចក្ដីសញ្ញា និងពិធីបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធ នាំយើងឆ្ពោះទៅរកការសម្រេចបាននូវភាពតម្កើងឡើងឡើយ ។ ការណ៍នេះអាចយល់បានតែនៅក្នុងបរិបទដែលបានបើកសម្ដែងពីសេចក្ដីពិតចំពោះលំដាប់នៃសិរីល្អ ទាំងបីប៉ុណ្ណោះ ។ ព្រោះតែសេចក្ដីស្រឡាញ់ដ៏ធំរបស់ព្រះវរបិតាសួគ៌យើងចំពោះកូនចៅទាំងអស់របស់ទ្រង់ នោះទ្រង់បានប្រទាននគរនៃសិរីល្អផ្សេងទៀត —ដូចដែលអែលឌើរ ឃ្វីនថិន អិល ឃុក បានពន្យល់ពីម្សិលមិញ—ដែលនគរទាំងអស់មានភាពរុងរឿងជាងអ្វីដែលយើងអាចយល់បាន ។១០
ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ធ្វើឲ្យគ្រប់ការណ៍ទាំងអស់អាចកើតឡើងបាន ។ ទ្រង់បានបើកបង្ហាញថា ទ្រង់ « សរសើរតម្កើងព្រះវរបិតា ហើយ សង្គ្រោះអស់ទាំងការនៃព្រះហស្តទ្រង់ » ។១១ សេចក្ដីសង្គ្រោះនោះ គឺបានផ្ដល់ឲ្យនូវនគរនៃសិរីល្អផ្សេងគ្នា ។ យើងដឹងចេញពីវិវរណៈសម័យទំនើបនេះថា « គ្រប់នគរទាំងអស់ត្រូវបានប្រទានក្រឹត្យវិន័យឲ្យ » ។១២ យ៉ាងសំខាន់ ៖
« ត្បិតអ្នកណាដែលពុំអាចនៅជាប់ក្នុងក្រឹត្យវិន័យនៃនគរសេឡេស្ទាលបានទេ នោះពុំអាចនៅជាប់ក្នុងសិរីល្អខាងសេឡេស្ទាលបានឡើយ ។
« ហើយអ្នកណាដែលពុំអាចនៅជាប់ក្នុងក្រឹត្យវិន័យនៃនគរទេរេសទ្រាលបានទេ នោះពុំអាចនៅជាប់ក្នុងសិរីល្អខាងទេរេសទ្រាលបានឡើយ ។
« ហើយអ្នកណាដែលពុំអាចនៅជាប់ក្នុងក្រឹត្យវិន័យនៃនគរទេឡេស្ទាលបានទេ នោះពុំអាចនៅជាប់ក្នុងសិរីល្អខាងទេឡេស្ទាលបានឡើយ » ។១៣
ក្នុងភាសាម្យ៉ាងទៀតនគរនៃសិរីល្អដែលយើងទទួលនៅក្នុងសេចក្តីជំនុំជម្រះចុងក្រោយ គឺបានកំណត់ដោយច្បាប់ ដែលយើងបានជ្រើសរើសធ្វើតាមនៅក្នុងផែនការនៃសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌យើង ។ នៅក្រោមផែនការនោះ មាននគរជាច្រើនដើម្បីឲ្យកូនចៅទាំងអស់របស់ទ្រង់អាចបានចាត់តាំងទៅនគរណាមួយដែលពួកគេអាច « នៅជាប់ » ។
II.
ការបង្រៀន និងគោលនយោបាយនៃសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះអម្ចាស់ អនុវត្តនូវសេចក្ដីពិតដ៏អស់កល្បទាំងនេះ ក្នុងរបៀបមួយដែលអាចយល់បានយ៉ាងពេញលេញតែនៅក្នុងបរិបទផែនការនៃសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌យើង សម្រាប់កូនចៅ គ្រប់រូប របស់ទ្រង់ប៉ុណ្ណោះ ។
ដូច្នេះ យើងគោរពដល់សិទ្ធិជ្រើសរើសរបស់បុគ្គលម្នាក់ៗ ។ មនុស្សភាគច្រើនបានដឹងអំពីកិច្ចខិតខំដ៏ខ្លាំងរបស់សាសនាចក្រនេះ ដើម្បីគាំទ្រឲ្យមានសេរីភាពខាងសាសនា ។ កិច្ចខិតខំទាំងនេះជួយគាំទ្រដល់ផែនការរបស់ព្រះវរបិតាសួគ៌យើង ។ យើងព្យាយាមជួយដល់កូនចៅ គ្រប់រូប របស់ទ្រង់—មិនគ្រាន់តែសមាជិករបស់យើងប៉ុណ្ណោះទេ—ឲ្យរីករាយចំពោះសេរីភាពដ៏មានតម្លៃក្នុងការជ្រើសរើស ។
ស្រដៀងគ្នានេះដែរ ពេលខ្លះមានសំណួរពីមូលហេតុដែលយើងបញ្ជូនពួកអ្នកផ្សព្វផ្សាយសាសនាទៅកាន់ជាតិសាសន៍ជាច្រើន សូម្បីតែក្នុងចំណោមប្រជាជនគ្រីស្ទានក្ដី ។ ក៏មានសំណួរពីមូលហេតុដែលយើងឧបត្ថម្ភយ៉ាងសម្បើមដល់ជំនួយមនុស្សធម៌ ដើម្បីជួយដល់មនុស្សមិនមែនជាសមាជិកក្នុងសាសនាចក្ររបស់យើង ដោយមិនភ្ជាប់កិច្ចការនេះជាមួយនឹងកិច្ចខិតខំផ្សព្វផ្សាយសាសនារបស់យើងឡើយ ។ យើងធ្វើដូចនេះព្រោះព្រះអម្ចាស់បានបង្រៀនយើងឲ្យចាត់ទុកកូនចៅរបស់ព្រះគ្រប់រូប ដូចជាបងប្អូនប្រុសស្រីយើង ហើយយើងចង់ចែករំលែកទ្រព្យធនខាងវិញ្ញាណ និងខាងសាច់ឈាមជាមួយមនុស្សគ្រប់រូប ។
គោលលទ្ធិដ៏អស់កល្បក៏បានផ្ដល់នូវទស្សនវិស័យពិសេសមួយចំពោះកូនចៅផងដែរ ។ តាមរយៈទស្សនវិស័យនេះ យើងមើលទៅការបង្កើតកូន និងការចិញ្ចឹមបីបាច់កូនចៅ គឺជាផ្នែកនៃផែនការដ៏ទេវភាព ។ វាគឺជាកាតព្វកិច្ចដ៏មានអំណរ និងពិសិដ្ឋសម្រាប់អស់អ្នកដែលត្រូវបានផ្ដល់អំណាចដើម្បីធ្វើដូច្នេះ ។ ហេតុដូច្នោះហើយ យើងត្រូវបានបញ្ជាឲ្យបង្រៀន ហើយការពារ និងព្យាយាមផ្សព្វផ្សាយពីគោលការណ៍ និងការអនុវត្តនានា ដែលផ្ដល់នូវលក្ខខណ្ឌពិសេសបំផុត ដើម្បីមានការអភិវឌ្ឍ និងសុភមង្គលដល់កូនចៅដែលនៅក្រោមផែនការរបស់ព្រះ ។
III.
ទីបញ្ចប់ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ត្រូវបានស្គាល់យ៉ាងត្រឹមត្រូវ ថាជាសាសនាចក្រដែលផ្ដោតលើ-ក្រុមគ្រួសារ ។ ប៉ុន្តែមិនសូវមានគេយល់ច្បាស់ពីការពិតចំពោះការផ្ដោតលើ-ក្រុមគ្រួសាររបស់យើងនោះទេ ថាទំនាក់ទំនងក្រុមគ្រួសាររបស់យើងគឺលើសពីជីវិតរមែងស្លាប់នេះ ។ ទំនាក់ទំនងអស់កល្បជានិច្ចក៏ជាមូលដ្ឋានគ្រឹះនៃសាសនារបស់យើងផងដែរ ។ បេសកកម្មនៃសាសនាចក្រដែលបានស្ដារឡើងវិញ គឺដើម្បីជួយកូនចៅរបស់ព្រះគ្រប់រូបឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទៅតាមអ្វីដែលព្រះសព្វព្រះទ័យ ជាជោគវាសនាដ៏ខ្ពង់ខ្ពស់របស់ពួកគេ ។ ដោយសារសេចក្ដីប្រោសលោះដែលបានប្រទានមកតាមរយៈដង្វាយធួននៃព្រះគ្រីស្ទ នោះមនុស្សទាំងអស់នឹងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ( ភាពតម្កើងឡើងនៅក្នុងនគរសេឡេស្ទាល ) ដែលអ្នកម្ដាយអេវ៉ាបានប្រកាសថា « ព្រះទ្រង់បានប្រទានដល់មនុស្សទាំងអស់ដែលគោរពតាម » ។១៤ ការណ៍នេះគឺលើសពីសេចក្ដីសង្គ្រោះឆ្ងាយណាស់ ។ ប្រធាន រ័សុល អិម ណិលសុនបានរំឭកយើងថា « នៅក្នុងផែនការអស់កល្បរបស់ព្រះ សេចក្តីសង្គ្រោះគឺជាបញ្ហាផ្ទាល់ខ្លួន [ ប៉ុន្តែ ] ភាពតម្កើងឡើងគឺជាបញ្ហាគ្រួសារ » ។១៥
មូលដ្ឋានគ្រឹះចំពោះយើង គឺជាវិវរណៈរបស់ព្រះដែលថា ភាពតម្កើងឡើងអាចទទួលបានតាមរយៈតែភាពស្មោះត្រង់ចំពោះសេចក្ដីសញ្ញា នៃអាពាហ៍ពិពាហ៍ដ៏អស់កល្បរវាងបុរសម្នាក់ និងស្រ្តីម្នាក់ប៉ុណ្ណោះ ។១៦ គោលលទ្ធិដ៏ទេវភាពនោះគឺជាមូលហេតុដែលយើងបង្រៀនថា « ភេទប្រុសស្រី គឺជាលក្ខណៈពិសេសនៃអត្តសញ្ញាណ និងគោលបំណងរបស់បុគ្គលម្នាក់ៗនៅជីវិតមុនផែនដី ជីវិតរមែងស្លាប់ និងនៅអស់កល្បជានិច្ច » ។១៧
នោះក៏ជាមូលហេតុដែលព្រះអម្ចាស់បានតម្រូវឲ្យសាសនាចក្រដែលបានស្ដារឡើងវិញរបស់ទ្រង់ ប្រឆាំងនឹងការគាបសង្កត់ពីសង្គម និងផ្លូវច្បាប់ទាំងឡាយដែលធ្វើឲ្យមានការប្រព្រឹត្តផ្ទុយពីគោលលទ្ធិនៃអាពាហ៍ពិពាហ៍រវាងបុរស និងស្ត្រី ហើយជំទាស់នឹងការផ្លាស់ប្តូរនានាដែលធ្វើឲ្យមានការភាន់ច្រឡំចំពោះភេទពីធម្មជាតិជាប្រុស និងជាស្រី កែភេទ ឬផ្លាស់ប្តូរភេទ ។
ជំហររបស់សាសនាចក្រដែលបានស្ដារឡើងវិញចំពោះមូលដ្ឋានគ្រឹះទាំងនេះ ជាញឹកញាប់មានការប្រឆាំង ។ យើងយល់ពីរឿងនោះ ។ ផែនការរបស់ព្រះវរបិតាសួគ៌របស់យើង អនុញ្ញាតឲ្យមាន « ការផ្ទុយចំពោះរឿងសព្វសារពើ »១៨ ហើយការប្រឆាំងដ៏ខ្លាំងក្លារបស់សាតាំងត្រូវបានតម្រង់ទៅចំណុច ដែលសំខាន់បំផុតក្នុងផែនការនោះ ។ ជាលទ្ធផល វាព្យាយាមប្រឆាំងនឹងការរីកចម្រើនឆ្ពោះទៅកាន់ភាពតម្កើងឡើង ដោយធ្វើឲ្យភាន់ច្រឡំភេទ កែប្រែនិយមន័យនៃអាពាហ៍ពិពាហ៍ និងមិនលើកទឹកចិត្តឲ្យបង្កើតកូន ។ ទោះយ៉ាងណាក៏ដោយ យើងដឹងថាទីបំផុត គោលបំណង និងផែនការដ៏ទេវភាពនៃព្រះវរបិតាសួគ៌ជាទីស្រលាញ់ នឹងមិនផ្លាស់ប្ដូរឡើយ ។ កាលៈទេសៈផ្ទាល់ខ្លួនអាចផ្លាស់ប្ដូរ ហើយផែនការរបស់ព្រះធានាបានថា នៅទីបំផុត អស់អ្នកដែលស្មោះត្រង់ក្នុងការរក្សាសេចក្ដីសញ្ញារបស់ពួកគេ នឹងមានឱកាសដើម្បីទទួលបានរាល់ពរជ័យដែលបានសន្យា ។១៩
ការបង្រៀនដ៏មានតម្លៃពិសេសមួយ ដើម្បីជួយយើងត្រៀមខ្លួនសម្រាប់ជីវិតដ៏អស់កល្ប ហើយជា « អំណោយទានដ៏មហិមាបំផុតនូវគ្រប់អំណោយទានទាំងឡាយនៃព្រះ »២០ នោះគឺជាការប្រកាសស្ដីពីក្រុមគ្រួសារឆ្នាំ ១៩៩៥ ។២១ ពិតណាស់ ការប្រកាសនេះ មានភាពខុសគ្នាពីច្បាប់ ការអនុវត្ត និងគំនិតដែលមានការគាំទ្រជាច្រើននាពេលបច្ចុប្បន្ននេះ ដូចជាការរស់នៅជាមួយគ្នាដោយមិនបានរៀបការ និងអាពាហ៍ពិពាហ៍ភេទដូចគ្នាជាដើម ។ អស់អ្នកដែលមិនបានយល់យ៉ាងពេញលេញអំពីផែនការនៃសេចក្ដីស្រលាញ់របស់ព្រះវរបិតាសម្រាប់កូនចៅរបស់ទ្រង់ ប្រហែលជាចាត់ទុកថា ការប្រកាសស្ដីពីក្រុមគ្រួសារនេះ គ្មានអ្វីក្រៅពីសេចក្ដីថ្លែងការណ៍ដែលអាចកែប្រែបាន នៃគោលនយោបាយមួយប៉ុណ្ណោះ ។ ផ្ទុយទៅវិញ យើងអះអាងថា ការប្រកាសស្ដីពីក្រុមគ្រួសារ ដែលបានបង្កើតឡើងនៅលើគោលលទ្ធិដែលមិនអាចដកហូតបាន កំណត់នូវប្រភេទទំនាក់ទំនងគ្រួសារ ដែលជាផ្នែកដ៏សំខាន់បំផុតនៃការអភិវឌ្ឍអស់កល្បរបស់យើង ដែលអាចកើតមានឡើង ។
នេះជាបរិបទសម្រាប់គោលលទ្ធិ និងគោលនយោបាយដ៏ពិសេស នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយដែលបានស្ដារឡើងវិញ ។
IV.
ក្នុងទំនាក់ទំនង និងកាលៈទេសៈជាច្រើនក្នុងជីវិតរមែងស្លាប់ យើងម្នាក់ៗត្រូវរស់នៅក្នុងភាពខុសគ្នា ។ ក្នុងនាមជាពួកអ្នកដើរតាមព្រះគ្រីស្ទ យើងត្រូវស្រលាញ់មនុស្សទូទៅ យើងត្រូវរស់នៅដោយសុខសាន្តជាមួយអស់អ្នកដែលមិនជឿដូចដែលយើងបានជឿ ។ យើងទាំងអស់គ្នាជាកូនចៅនៃព្រះវរបិតាសួគ៌ជាទីស្រលាញ់ ។ ទ្រង់បានកំណត់ជីវិតបន្ទាប់ពីសេចក្ដីស្លាប់ ហើយនៅទីបំផុតគឺនគរនៃសិរីល្អមួយ សម្រាប់យើងទាំងអស់គ្នា ។ ព្រះមានព្រះទ័យឲ្យយើងទាំងអស់គ្នាខិតខំដើម្បីបានពរជ័យដ៏ខ្ពស់បំផុត តាមរយៈការធ្វើតាមបទបញ្ញត្តិ សេចក្ដីសញ្ញា ពិធីបរិសុទ្ធដ៏ខ្ពស់បំផុតរបស់ទ្រង់ ការណ៍ទាំងអស់នោះត្រូវធ្វើនៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ដែលបានសាងសង់នៅទូទាំងពិភពលោក ។ យើងត្រូវតែព្យាយាមចែករំលែកសេចក្ដីពិតនៃភាពអស់កល្បទាំងនេះ ជាមួយនឹងអ្នកផ្សេងទៀត ។ យើងតែងតែទទួលយកការសម្រេចចិត្តរបស់អ្នកជិតខាងយើងជានិច្ច ដោយក្តីស្រឡាញ់ដែលយើងត្រូវមានចំពោះពួកគេទាំងអស់គ្នា ។ ដូចជាព្យាការីក្នុងព្រះគម្ពីរមរមនបានបង្រៀនថា យើងត្រូវតែឈានទៅមុខ ដោយមាន « ចិត្តស្រឡាញ់ព្រះ និងមនុស្សគ្រប់រូប » ។២២
ដូចដែលប្រធាន រ័សុល អិម ណិលសុនបានប្រកាសក្នុងសន្និសីទចុងក្រោយរបស់យើងថា « មិនដែលមានពេលណានៅក្នុងប្រវត្តិសាស្រ្តពិភពលោកនេះ ដែលចំណេះដឹងអំពីព្រះអង្គសង្រ្គោះរបស់យើងមានសារៈសំខាន់ផ្ទាល់ខ្លួន ហើយទាក់ទងនឹង ព្រលឹងមនុស្សគ្រប់គ្នាយ៉ាងខ្លាំងដូច្នេះនោះទេ ។ … គោលលទ្ធិនៃព្រះគ្រីស្ទដ៏បរិសុទ្ធ គឺមានអានុភាពណាស់ ។ វាផ្លាស់ប្តូរជីវិតមនុស្សគ្រប់គ្នាដែលយល់ពីគោលលទ្ធិនេះ ហើយស្វែងរកដើម្បីអនុវត្តតាមគោលលទ្ធិនេះនៅក្នុងជីវិតរបស់ពួកគេ » ។២៣
សូមឲ្យយើងទាំងអស់គ្នាអាចអនុវត្តនូវគោលលទ្ធិដ៏ពិសិដ្ឋនោះ ក្នុងជីវិតរស់នៅរបស់យើង ខ្ញុំអធិស្ឋាន នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕