អារម្មណ៍ដូចភ្លើងឆេះក្នុងដួងចិត្ត
ព្រះឮរាល់ការអធិស្ឋានដែលយើងធ្វើ ហើយឆ្លើយតបរាល់ការអធិស្ឋានស្របតាមមាគ៌ាទ្រង់គូសបញ្ជាក់សម្រាប់ភាពល្អឥតខ្ចោះរបស់យើង ។
បងប្អូនប្រុសស្រី ខ្ញុំបានរៀនមេរៀនដ៏ឈឺចាប់មួយកាលពីខ្ញុំបានឡើងនិយាយនៅវេទិការនេះក្នុងខែ តុលា ឆ្នាំ ២០២២ ។ មេរៀននោះគឺ ៖ ប្រសិនបើអ្នកពុំថ្លែងសុន្ទរកថាបានល្អទេ នោះអ្នកនឹងអាចអស់សិទ្ធិនៅសន្និសីទក្រោយៗហើយ ។ បងប្អូនអាចមើលឃើញថា ខ្ញុំត្រូវបានចាត់តាំងឲ្យនិយាយមុនគេនៅព្រឹកនេះ ។ អ្វីដែលបងប្អូនមិនអាចមើលឃើញគឺថា ខ្ញុំកំពុងឈរលើទ្វារគន្លឹះយន្ដក្រោមដីមួយ ។ ប្រសិនបើសុន្ទរកថានេះនិយាយមិនល្អទេ ខ្ញុំធ្លាក់ទៅបាត់ហើយ ។
នៅក្នុងចម្រៀងទំនុកតម្កើងដ៏ពិរោះពោរពេញដោយព្រះវិញ្ញាណដែលបានប្រគំឡើងដោយក្រុមចម្រៀងដ៏ស្រស់ស្អាត នោះខ្ញុំ បាន រៀនមេរៀនមួយចំនួននាពេលថ្មីៗនេះ ហើយខ្ញុំចង់ចែកចាយនឹងបងប្អូននៅថ្ងៃនេះ ។ ការណ៍នេះនឹងធ្វើឲ្យសុន្ទរកថានេះក្លាយជាសុន្ទរកថាផ្ទាល់ខ្លួនមួយ ។
បទពិសោធន៍ឈឺចាប់ផ្ទាល់ខ្លួនបំផុតនៃបទពិសោធន៍ថ្មីៗទាំងអស់នេះ គឺមរណភាពភរិយាជាទីស្រលាញ់របស់ខ្ញុំ ផាត ។ គាត់ គឺជាស្ត្រីដ៏អស្ចារ្យដែលខ្ញុំបានស្គាល់—ជាភរិយា និងម្ដាយដ៏ល្អឥតខ្ចោះម្នាក់ ក្រៅពីភាពបរិសុទ្ធ អំណោយទាននៃការបញ្ចេញមតិ និងជីវិតខាងវិញ្ញាណរបស់គាត់ ។ គាត់បានថ្លែងសុន្ទរកថាម្តងដែលមានចំណងជើងថា « ការបំពេញរង្វាស់នៃការបង្កបង្កើតរបស់បងប្អូន » ។ ចំពោះខ្ញុំ វាហាក់ដូចជាគាត់បានបំពេញរង្វាស់នៃការបង្កបង្កើត របស់គាត់ដោយជោគជ័យជាងនរណាម្នាក់ដែលអាចស្រមៃចង់បាន ។ គាត់គឺជាបុត្រីរបស់ព្រះ ជាស្ត្រីគំរូរបស់ព្រះគ្រីស្ទ ។ ខ្ញុំមានសំណាងជាងគេបង្អស់ដើម្បីចំណាយពេល ៦០ ឆ្នាំជាមួយនឹងគាត់ ។ បើខ្ញុំមានភាពសក្ដិសម នោះការផ្សារភ្ជាប់របស់យើង មានន័យថា ខ្ញុំអាចចំណាយពេលអស់កល្បជាមួយគាត់បាន ។
បទពិសោធន៍មួយទៀតបានចាប់ផ្ដើមនៅ ៤៨ ម៉ោង ក្រោយពីការបញ្ចុះសពភរិយាខ្ញុំ ។ នៅពេលនោះ ខ្ញុំត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយស្ថានភាពជំងឺធ្ងន់ធ្ងរ ។ បន្ទាប់មក ខ្ញុំបានចំណាយពេលបួនសប្តាហ៍ដំបូងនៃការស្នាក់នៅរយៈពេល ៦ សប្ដាហ៍ ទាំងក្នុង និងក្រៅមណ្ឌលថែទាំយ៉ាងយកចិត្តទុកដាក់ ហើយបាត់បង់ស្មារតីឥតឈប់ឈរ ។
សរុបទៅ ខ្ញុំមិនចាំបទពិសោធន៍របស់ខ្ញុំ នៅក្នុងមន្ទីរពេទ្យអំឡុងគ្រាដំបូងនោះទេ ។ អ្វីដែល មិនអាចភ្លេច គឺការធ្វើដំណើររបស់ខ្ញុំ នៅខាងក្រៅមន្ទីរពេទ្យ ចេញទៅកាន់អ្វីមួយដែលជាជ្រុងមួយនៃភាពអស់កល្បជានិច្ច ។ ខ្ញុំមិនអាចនិយាយឲ្យអស់អំពីបទពិសោធន៍នោះនៅទីនេះបានទេ ប៉ុន្តែខ្ញុំអាចនិយាយផ្នែកមួយនៃអ្វីដែលខ្ញុំបានទទួល នោះគឺជាការដាស់តឿនឲ្យត្រឡប់ទៅកាន់ការងារបម្រើរបស់ខ្ញុំវិញដោយស្វាហាប់ជាងមុន ដោយការឧទ្ទិសថ្វាយ និងការផ្តោតទៅលើព្រះអង្គសង្គ្រោះ ហើយមានសេចក្ដីជំនឿកាន់តែខ្លាំងទៅលើព្រះបន្ទូលរបស់ទ្រង់ ។
ខ្ញុំមិននឹកស្មានទេ ថាខ្ញុំបានទទួលការនិមិត្តផ្ទាល់ខ្លួននៃវិវរណៈដែលបានប្រទានឲ្យដល់ពួកសាវកដប់ពីរនាក់កាលពីជិត ២០០ ឆ្នាំមុនសម្រាប់ខ្លួនខ្ញុំផ្ទាល់ ៖
« ហើយអ្នកនឹងត្រូវថ្លែងទីបន្ទាល់ពីព្រះនាមរបស់យើង … [ ហើយ ] ត្រូវបញ្ជូនព្រះបន្ទូលរបស់យើងទៅដល់ចុងបំផុតផែនដី ។ …
« … ចាប់តាំងពីព្រលឹមទៅដល់ព្រលឹម ហើយជារៀងរាល់ថ្ងៃ ចូរបន្លឺសំឡេងព្រមានរបស់អ្នកចេញទៅ ហើយកាលពេលយប់មកដល់ ចូរកុំបណ្ដោយឲ្យបណ្ដាជននៅលើផែនដីលង់លក់ឡើយ ព្រោះតែពាក្យពេចន៍របស់អ្នក ។ …
« ចូរក្រោកឡើង[ , ] … ហើយក្រវាត់ចង្កេះ ផ្ទុកឈើឆ្កាងរបស់ខ្លួន [ ហើយ ] ដើរតាមយើង » ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ ចាប់តាំងពីបទពិសោធន៍នោះមក ខ្ញុំបានព្យាយាមលីឈើឆ្កាងរបស់ខ្ញុំដោយអង់អាច ដើម្បីស្វែងរកកន្លែងដែលខ្ញុំអាចថ្លែងក្នុងនាមជាសាវក ទាំងភាពកក់ក្តៅ និងការព្រមាន ទាំងពេលព្រឹក ពេលថ្ងៃ និងពេលយប់ ។
វាដឹកនាំខ្ញុំទៅរកសេចក្ដីពិតទី បីដែលកើតមានក្នុងខែនៃការបាត់បង់ ជំងឺ និងទុក្ខព្រួយ ។ វាជាសាក្សីថ្មីនៃការដឹងគុណដ៏មិនចេះចប់ចំពោះការអធិស្ឋានដ៏មុតមាំនៃសាសនាចក្រនេះ—ការអធិស្ឋានរបស់បងប្អូន—ដែលខ្ញុំជាអ្នកទទួលបានផល ។ ខ្ញុំនឹងដឹងគុណជានិច្ចចំពោះការទូលអង្វររបស់មនុស្សរាប់ពាន់នាក់ ដូចជាការទទូចសុំរបស់ស្ត្រីមេម៉ាយ ស្វែងរកអន្តរាគមន៍ពីស្ថានសួគ៌ជំនួសឲ្យខ្ញុំម្តងហើយម្តងទៀត ។ ខ្ញុំបានទទួលពរជ័យបព្វជិតភាព ហើយខ្ញុំបានឃើញមិត្តវិទ្យាល័យរបស់ខ្ញុំតមអាហារសម្រាប់ខ្ញុំ ក៏ដូចជាវួដជាច្រើនទៀតនៅទូទាំងសាសនាចក្រ ។ ហើយឈ្មោះរបស់ខ្ញុំច្បាស់ជាមាននៅក្នុងបញ្ជីអធិស្ឋាននៅគ្រប់ព្រះវិហារបរិសុទ្ធក្នុងសាសនាចក្រ ។
នៅក្នុងការថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរឿងទាំងនេះ ខ្ញុំចូលរួមនឹង ជី ខេ ឆេស្ទើរតុន ដែលបានពោលថា « អំណរគុណគឺជាទម្រង់នៃគំនិតខ្ពស់បំផុត ហើយ… ការដឹងគុណគឺជាសុភមង្គលទ្វេដងព្រោះភាពស្ញប់ស្ញែង » ។ ជាមួយនឹង « សុភមង្គលទ្វេដងព្រោះភាពស្ញប់ស្ញែង » របស់ខ្ញុំផ្ទាល់ ខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នា និងអរព្រះគុណដល់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ផងដែរ ដែលបានព្រះសណ្ដាប់ការអធិស្ឋានរបស់បងប្អូន ហើយប្រទានពរដល់ជីវិតខ្ញុំ ។
បងប្អូនប្រុសស្រី ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះឮ រាល់ ការអធិស្ឋានដែលយើងធ្វើ ហើយឆ្លើយតបរាល់ការអធិស្ឋានស្របតាមមាគ៌ាទ្រង់គូសបញ្ជាក់សម្រាប់ភាពល្អឥតខ្ចោះរបស់យើង ។ ខ្ញុំទទួលស្គាល់ថាក្នុងពេលដូចគ្នានេះមានមនុស្សជាច្រើនបានអធិស្ឋានទូលសូមឲ្យសុខភាពខ្ញុំល្អឡើងវិញផងដែរ—ហើយខ្ញុំក៏—បានអធិស្ឋានទូលសូមឲ្យសុខភាពភរិយាខ្ញុំមានសុខភាពល្អឡើងវិញដែរ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ការអធិស្ឋានទាំងពីរនោះត្រូវបានឮ ហើយបានឆ្លើយតបដោយព្រះវរបិតាសួគ៌ដែលមានព្រះទ័យអាណិតអាសូរជាខ្លាំង ទោះបីជាការអធិស្ឋានសម្រាប់ ផាត មិនត្រូវបានឆ្លើយតាមរបៀបដែលខ្ញុំបានសូមក្ដី ។ មានតែព្រះប៉ុណ្ណោះដែលទ្រង់ជ្រាបដឹងពីមូលហេតុដែលការអធិស្ឋានត្រូវបានឆ្លើយខុសពីអ្វីដែលយើងសង្ឃឹម—ប៉ុន្តែខ្ញុំសន្យានឹងអ្នកថា ការអធិស្ឋាន ទាំងនោះបានឮ ហើយការអធិស្ឋានទាំងនោះត្រូវបានឆ្លើយស្របតាមសេចក្ដីស្រឡាញ់ដ៏មិនចេះសាបសូន្យ និងតាមពេលកំណត់របស់ទ្រង់ ។
ប្រសិនបើយើង « មិនសូមនូវអ្វីដែលទុច្ចរិត »នោះវាគ្មានដែនកំណត់ចំពោះពេលណា កន្លែងណា ឬអំពីអ្វីដែលយើងគួរអធិស្ឋាននោះទេ ។ យោងតាមវិវរណៈ យើងត្រូវ « អធិស្ឋានជានិច្ច ។ » អាមូលេកបានថ្លែងថា យើងត្រូវអធិស្ឋានសម្រាប់ « ជនទាំងឡាយ ដែលនៅជុំវិញអ្នក »ដោយជឿថា « សេចក្តីទូលអង្វរដ៏អស់ពីចិត្តរបស់ [ មនុស្ស ] សុចរិតនោះពូកែណាស់ » ។ ការអធិស្ឋានរបស់យើងគួរតែចេញសំឡេងពេលយើងនៅម្នាក់ឯង បើយើងអាចធ្វើបាន ។ ប្រសិនបើពុំនោះទេ គួរតែអធិស្ឋានដោយស្ងាត់ៗនៅក្នុងចិត្តរបស់យើង ។ យើងច្រៀងថា ការអធិស្ឋានគឺជា « អារម្មណ៍[ ដូច ]ភ្លើងឆេះក្នុងដួងចិត្ត » តែងតែធ្វើឡើង ស្របតាមព្រះអង្គសង្គ្រោះផ្ទាល់ ថ្វាយទៅកាន់ព្រះវរបិតាដ៏អស់កល្បនៅក្នុងនាមនៃព្រះរាជបុត្រាសំណព្វតែមួយគត់របស់ទ្រង់ ។
មិត្តជាទីស្រឡាញ់ខ្ញុំអើយ ការអធិស្ឋានរបស់យើង គឺជាគ្រាដ៏ផ្អែមល្ហែម បំណងប្រាថ្នាដ៏ស្មោះ» បំផុតរបស់យើង ជាការថ្វាយបង្គំដ៏សាមញ្ញ និងបរិសុទ្ធបំផុតរបស់យើង ។ យើងគួរតែអធិស្ឋានរៀងៗខ្លួន នៅក្នុងក្រុមគ្រួសារយើង និងនៅក្នុងក្រុមជំនុំទាំងអស់ ។ យើងត្រូវប្រើការអធិស្ឋានធ្វើជាខែលទប់ទល់នឹងការល្បួងហើយបើពេលណាមានអារម្មណ៍ថា មិនចង់អធិស្ឋាន នោះយើងត្រូវប្រាកដថា ការស្ទាក់ស្ទើរនោះ មិនមែនមកពីព្រះទេ តែទ្រង់មានបំណងចង់ទំនាក់ទំនងជាមួយបុត្រាបុត្រីទ្រង់នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ។ ជាការពិតណាស់ ការខិតខំមួយចំនួនដើម្បីរារាំងយើងពីការអធិស្ឋានកើតមកដោយពីមារសត្រូវផ្ទាល់ ។ ពេលយើងមិនដឹងអំពីរបៀប ឬអធិស្ឋានសម្រាប់អ្វីឲ្យប្រាកដទេ នោះយើងគួរតែចាប់ផ្ដើម ហើយបន្តរហូតទាល់តែព្រះវិញ្ញាណបរិសុទ្ធដឹកនាំយើងឲ្យធ្វើការអធិស្ឋាន ដែលយើងគួរតែធ្វើ ។ វិធីសាស្ត្រនេះអាចជាវិធីសាស្ត្រមួយដែលយើងត្រូវយកមកប្រើនៅពេលអធិស្ឋានសម្រាប់ខ្មាំងសត្រូវយើង និងអស់អ្នកដែលធ្វើទុក្ខបៀតបៀនយើង ។
នៅទីបំផុត យើងអាចមើលទៅគំរូរបស់ព្រះអង្គសង្គ្រោះដែលតែងតែអធិស្ឋានញឹកញាប់ជាខ្លាំង ។ ប៉ុន្តែវាតែងតែធ្វើឲ្យខ្ញុំឆ្ងល់ថា តើព្រះយេស៊ូវចាំបាច់គួរតែអធិស្ឋានដែរឬទេ ។ ក្រែងទ្រង់ល្អឥតខ្ចោះ មិនអ៊ីចឹង ? តើទ្រង់ចាំបាច់ត្រូវអធិស្ឋានអំពីអ្វី ? មែនហើយ ខ្ញុំបានដឹងថា ទ្រង់ ព្រមទាំងពួកយើងផងដែរ ចង់ « មើលឃើញព្រះភក្ត្រ [ ព្រះវរបិតា ] ជឿបន្ទូលទ្រង់ ហើយទុកចិត្តលើការដឹកនាំរបស់ទ្រង់ » ។ បន្ដិចម្ដងៗ ទ្រង់បានដកព្រះកាយចេញពីចំណោមមនុស្ស មកនៅតែអង្គឯង ពីមុនស្ថានសួគ៌បើកដោយការអធិស្ឋានរបស់ទ្រង់ ។ នៅពេលផ្សេងទៀត ទ្រង់បានអធិស្ឋានជាមួយក្រុមមនុស្សមួយចំនួនទៀតផងដែរ ។ បន្ទាប់មក ទ្រង់នឹងស្វែងរកស្ថានសួគ៌ជំនួសហ្វូងមនុស្សដែលអាចបាំងមួយចំហៀងភ្នំ ។ ពេលខ្លះការអធិស្ឋានផ្ដល់សិរីល្អដល់សម្លៀកបំពាក់ទ្រង់ ។ ពេលខ្លះ វាផ្ដល់សិរីល្អដល់ព្រះភក្រ្តទ្រង់ ។ ពេលខ្លះទៀតទ្រង់ឈរអធិស្ឋាន ហើយពេលខ្លះទ្រង់លុតជង្គង់ហើយយ៉ាងហោចណាស់មានពេលមួយដែលទ្រង់ទម្លាក់អង្គ ផ្កាប់ព្រះភក្ត្រចុះអធិស្ឋាន ។
គម្ពីរលូកាបានពិពណ៌នាពីការឈឺចាប់របស់ព្រះយេស៊ូវគ្រីស្ទ នៅពេលទ្រង់បានរងទុក្ខជួសអំពើបាបយើងដែលតម្រូវឲ្យទ្រង់អធិស្ឋាន « ទទូចរឹតតែខ្លាំងឡើង » ។ តើអ្នកដែលល្អឥតខ្ចោះត្រូវអធិស្ឋានកាន់តែស្មោះត្រង់យ៉ាងដូចម្តេច ? យើងសន្មត់ថារាល់ការអធិស្ឋានទាំងអស់របស់ទ្រង់គឺសុទ្ធតែស្មោះត្រង់ ប៉ុន្តែក្នុងការបំពេញពលិកម្មដ៏ធួនរបស់ទ្រង់ និងតាមរយៈការឈឺចាប់ទាំងឡាយដែលមានក្នុងលោកនេះ នោះទ្រង់មានអារម្មណ៍ថាត្រូវអធិស្ឋានអង្វរកាន់តែខ្លាំងជាមួយទម្ងន់នៃដង្វាយធួនរបស់ទ្រង់ធ្វើឲ្យព្រះលោហិតចេញមកពីគ្រប់រន្ធញើស ។
តែទិដ្ឋភាពរបស់ព្រះគ្រីស្ទបានឈ្នះលើសេចក្តីស្លាប់ និងអំណោយទានរបស់ទ្រង់បានប្រទានដល់ខ្ញុំថ្មីៗនេះឲ្យនៅមានជីវិតពីរបីថ្ងៃ ឬសប្តាហ៍ ឬច្រើនខែតទៅមុខនៅក្នុងជីវិតរមែងស្លាប់នេះ ខ្ញុំសូមថ្លែងជាសាក្សីដ៏ម៉ឺងម៉ាត់អំពីភាពពិតនៃជីវិតដ៏អស់កល្បជានិច្ច និងតម្រូវការសម្រាប់យើងឲ្យមានភាពម៉ឺងម៉ាត់ក្នុងផែនការរបស់យើងសម្រាប់សេចក្ដីពិតនោះ ។
ខ្ញុំធ្វើជាសាក្សីថា នៅពេលព្រះគ្រីស្ទយាងមក ទ្រង់ចាំបាច់ត្រូវស្គាល់យើង—ពុំមែនជាសមាជិកសាមញ្ញ ដែលបានចុះបញ្ជីនៅក្នុងកំណត់ត្រាបុណ្យជ្រមុជទឹកនោះទេ ប៉ុន្តែជាពួកសិស្សដែលគោរពសេចក្ដីសញ្ញា ជឿស្មោះត្រង់ និងតាំងចិត្តដោយហ្មត់ចត់ ។ នេះគឺជារឿងបន្ទាន់សម្រាប់យើងទាំងអស់គ្នា ដែលយើងស្ដាប់ឮការសោកស្ដាយឈឺផ្សារថា ៖ « ខ្ញុំពុំដែលស្គាល់អ្នកទេ » ឬដូចជាយ៉ូសែបបានបកប្រែថា «[ បងប្អូន ]មិនដែលស្គាល់ខ្ញុំទេ » ។
ជាសំណាងល្អ យើងមានជំនួយក្នុងកិច្ចការនេះ—ជំនួយជាច្រើន ។ យើងត្រូវជឿទៅលើពួកទេវតា និងអព្ភូតហេតុ និងការសន្យាទាំងឡាយនៃបព្វជិតភាពដ៏បរិសុទ្ធ ។ យើងចាំបាច់ត្រូវជឿលើអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ឥទ្ធិពលនៃគ្រួសារ និងមិត្តភក្ដិល្អ និងព្រះចេស្តានៃសេចក្តីស្រឡាញ់ដ៏បរិសុទ្ធរបស់ព្រះគ្រីស្ទ ។ យើងត្រូវជឿទៅលើវិវរណៈ និងព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ហើយនិងប្រធាន រ័សុល អិម ណិលសុន ។ យើងត្រូវជឿថាតាមរយៈការអធិស្ឋាននិងការអង្វរករ និងភាពសុចរិតផ្ទាល់ខ្លួនរបស់យើង នោះយើងពិតជាអាចទៅដល់ « ភ្នំស៊ីយ៉ូន … ទីក្រុងនៃព្រះដ៏មានព្រះជន្មរស់នៅ គឺជាទីស្ថានសួគ៌ ជាទីបរិសុទ្ធបំផុតជាងអ្វីៗទាំងអស់ » ។
បងប្អូនប្រុសស្រី ពេលយើងប្រែចិត្តពីអំពើបាបហើយចូលមកដល់ « បល្ល័ង្កនៃព្រះគុណ » ដោយក្លាហានទាំងទុកនូវការអង្វរដោយអស់ពីដួងចិត្តរបស់យើងនៅចំពោះព្រះភ័ក្ត្រទ្រង់នោះយើងនឹងស្វែងរកសេចក្តីមេត្តាករុណា និងសេចក្តីំអាណិតអាសូរ ហើយនិងការអភ័យទោសដោយព្រះហស្តដ៏សប្បុរសរបស់ព្រះវរបិតាដ៏អស់កល្បរបស់យើង និងព្រះរាជបុត្រាដ៏គោរពប្រតិបត្តិ និងបរិសុទ្ធឥតខ្ចោះរបស់ទ្រង់ ។ បន្ទាប់មក ជាមួយនឹងយូប ព្រមទាំងអ្នកស្មោះត្រង់បន្សុទ្ធទាំងអស់ នោះយើងនឹងឃើញពិភពលោកមួយ « ដ៏អស្ចារ្យ »ជាមួយនឹងយ៉ូប និងអ្នកស្មោះត្រង់ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕