សន្និសីទទូទៅ
« ចូរ​បង្អង់​សិន ហើយ​ឲ្យ​បាន​ដឹង​ថា​យើង​ជា​ព្រះ »
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៤


« ចូរ​បង្អង់​សិន ហើយ​ឲ្យ​បាន​ដឹង​ថា​យើង​ជា​ព្រះ »

យើង​អាច​បង្អង់សិន ឲ្យ​បាន​ដឹង​ថា​ព្រះគឺជា​ព្រះវរបិតាសួគ៌​របស់យើង យើង​គឺជា​កូនចៅ​របស់ទ្រង់ ហើយ​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គសង្គ្រោះ​របស់​យើង ។

អំឡុង​ពិធីសម្ពោធព្រះដំណាក់​នៃ​ព្រះអម្ចាស់​ថ្មីមួយ ហើយវា​ត្រូវ​ជា​ថ្ងៃ​ទទួល​អ្នកសារ​ព័ត៌មាន នោះ​ខ្ញុំ​បាន​ដឹកនាំ​ក្រុម​អ្នក​កាសែត​មួយក្រុម​ដើរ​ទស្សនា​នៅ​ក្នុង​អគារ​ដ៏ពិសិដ្ឋនេះ ។ ខ្ញុំ​បាន​ពិពណ៌នា​អំពី​គោលបំណង​នៃ​ព្រះវិហារបរិសុទ្ធ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ហើយ​បាន​ឆ្លើយ​តប​ចំពោះ​សំណួរ​ដ៏ល្អៗជាច្រើន​របស់​ពួកគេ ។

ពីមុន​ដើរចូល​ក្នុង​បន្ទប់​សេឡេស្ទាល ខ្ញុំ​បាន​ពន្យល់​ថា បន្ទប់នៅក្នុង​ព្រះដំណាក់​នៃ​ព្រះអម្ចាស់ដ៏ពិសេសមួយនេះ គឺជា​តំណាង​ឲ្យ​ភាព​សុខសាន្ដ និង​ភាពស្រស់ស្អាត​នៃ​គេហដ្ឋាន​សួគ៌ា ដែល​យើង​អាច​ត្រឡប់​ទៅវិញ បន្ទាប់ពី​ជីវិតនេះ ។ ខ្ញុំ​បាន​ប្រាប់​ដល់​ភ្ញៀវ​​យើង​ថា យើង​ពុំ​និយាយ​អ្វីទាំងអស់​ពេល​នៅក្នុង​បន្ទប់​សេឡេស្ទាល ប៉ុន្តែ​ខ្ញុំ​នឹង​រីករាយ​ឆ្លើយ​គ្រប់សំណួរ បន្ទាប់ពី​យើង​ចេញទៅ​កាន់កន្លែង​ផ្សេងទៀត​ក្នុងការ​ដើរទស្សនា ។

បន្ទាប់ពី​ចេញ​ពី​បន្ទប់​សេឡេស្ទាល កាល​យើង​ជួបជុំ​នៅ​ទីតាំង​បន្ទាប់ទៀតនោះ ខ្ញុំ​បាន​សួរទៅ​ភ្ញៀវ បើ​ពួកគាត់​បាន​សង្កេតឃើញ​អ្វី​ខ្លះ ដែលពួកគាត់​ចង់​ចែកចាយ ។ អ្នក​កាសែត​មួយរូប​បានថ្លែង​ដោយ​រំជួលចិត្ត​ជា​ខ្លាំង​ថា « ខ្ញុំ​ពុំធ្លាប់​មានបទពិសោធន៍​ដូចនេះសោះ​ក្នុង​មួយជីវិត​នេះ ។ ខ្ញុំ​មិនដឹង​ថាមាន​ភាព​ស្ងប់ស្ងាត់ដូច​នេះ​នៅក្នុងពិភពលោក​នេះទេ ខ្ញុំមិន​ជឿ​ថា​មាន​ភាព​ស្ងប់ស្ងាត់​ដូច្នេះទេ » ។

ខ្ញុំចាប់អារម្មណ៍​ចំពោះ​ការថ្លែង​របស់​បុគ្គលនេះ ទាំងដោយ​ស្មោះត្រង់ និងសាមញ្ញបំផុត ។ ហើយ​ប្រតិកម្ម​របស់​អ្នកកាសែត បាន​បង្ហាញ​នូវ​ចំនុច​ដ៏សំខាន់​មួយ​នៃ​ភាព​ស្ងប់ស្ងាត់— ជា​ការយកឈ្នះ និង​ការបិទសំឡេង​ចលាចលនៃ​មជ្ឈដ្ឋានខាង​ក្រៅ​របស់​យើង ។

ក្រោយមក ខ្ញុំ​បាន​គិត​អំពី​មតិ​របស់​អ្នកកាសែត​នោះ ហើយ​នឹក​គិត​ជារឿយៗ​អំពី​ដំណើរនៃ​ជីវិតដ៏មមាញឹកនៅ​សម័យទំនើប​យើង— ភាព​រវល់ ភាពអ៊ូអរ ការផ្លាស់ប្ដូរ ការរំខាន និង​ការពង្វាង ដែល​ជាញឹកញាប់​ហាក់ដូចជាទាក់ទាញ— ខគម្ពីរ​មួយ​បាន​ផុស​ក្នុង​គំនិត​ខ្ញុំ ៖ « ចូរ​បង្អង់​សិន ហើយ​ឲ្យ​បាន​ដឹង​ថា​យើង​ជា​ព្រះ » ។​

ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បំភ្លឺយើង​ម្នាក់ៗ កាល​យើង​ពិចារណា​អំពីទំហំ​នៃ​ភាព​ស្ងប់ស្ងាត់​ក្នុង​ជីវិត​យើង​តាមរបៀប​កាន់តែ​ខ្ពស់ និងបរិសុទ្ធ— ជា​ភាព​ស្ងប់ស្ងាត់​ខាង​វិញ្ញាណ​ក្នុង​ព្រលឹង ដើម្បី​ជួយ​ឲ្យ​យើង​ស្គាល់ និង​ចងចាំ​ថា ព្រះគឺជា​ព្រះវរបិតាសួគ៌​យើង យើង​ជា​បុត្រ​ទ្រង់ ហើយ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះអង្គសង្គ្រោះ​យើង ។ ពរជ័យ​ដ៏អស្ចារ្យនេះ គឺ​មាន​ចំពោះ​សមាជិក​សាសនាចក្រ ដែល​កំពុង​ព្យាយាម​ដោយ​ស្មោះ​ដើម្បី​ប្រែក្លាយជា « រាស្ត្រ​ដែល​នៅ​ក្នុង​សេចក្ដី​សញ្ញា​នៃ​ព្រះ​អម្ចាស់ » ។

ចូរបង្អង់សិន

នៅ​ក្នុង​ឆ្នាំ ១៨៣៣ ពួកបរិសុទ្ធ​នៅរដ្ឋ​មីសសួរី ត្រូវ​គេ​បៀតបៀន​យ៉ាងខ្លាំង ។ ពួក​មនុស្ស​កំណាចបានបណ្ដេញ​ពួកគេ​ចេញ​ពី​ផ្ទះ​នៅ​ឃុំ​ចាកសុន ហើយសមាជិក​សាសនាចក្រ​មួយចំនួន​បាន​ព្យាយាម​ស្ថាបនា​ក្រុមខ្លួនឡើង​វិញ​នៅ​ឃុំ​ជិត​ខាងនោះ ។ ប៉ុន្តែ​ការបៀតបៀន​នៅ​តែបន្ដ ហើយ​មាន​ការគំរាមគំហែង​ដល់​អាយុ​ជីវិត​មនុស្ស​ជា​ច្រើន​នាក់ ។ នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ ព្រះអម្ចាស់​បាន​បើក​សម្ដែង​នូវ​ការ​ណែនាំ​ដូច​តទៅនេះដល់​ព្យាការី យ៉ូសែប ស្ម៊ីធ នៅទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ៖

« ហេតុដូច្នោះហើយ ចូរ​ឲ្យ​ចិត្ត​អ្នក​បាន​ក្សាន្ត​អំពី​ស៊ីយ៉ូនចុះ ​ដ្បិត​សាច់​ឈាម​ទាំងអស់​នៅក្នុង​ព្រះហស្ត​របស់​យើង​ហើយ សូម​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា​យើង​ជា​ព្រះ » ។ 

ខ្ញុំ​ជឿ​លើ​ការ​ដាស់តឿន​របស់​ព្រះអម្ចាស់​ឲ្យ « បង្អង់សិន » គឺមានន័យ​ច្រើនជាង​ការ​មិន​និយាយ ឬ​មិន​កម្រើក ។ ប្រហែលជា​ព្រះរាជបំណង​ទ្រង់ គឺ​ឲ្យ​យើង​ចងចាំ និង​ពឹង​ទៅលើ​ទ្រង់ និង​ព្រះចេស្ដា​ទ្រង់ « នៅ​គ្រប់ពេល និង​គ្រប់សេចក្ដី និង​គ្រប់​ទីកន្លែង ដែល [ យើង ] បាន​នៅ » ។  ដូច្នេះ « ចូរ​បង្អង់សិន » អាច​ជា​វិធី​មួយ​រំឭក​ដល់​យើង​ឲ្យ​ផ្ដោត​ទៅលើ​ព្រះអង្គសង្គ្រោះ​ឲ្យ​ខ្ជាប់ខ្ជួន ជា​ប្រភពដ៏សំខាន់នៃ​ភាព​ស្ងប់ស្ងាត់​ខាងវិញ្ញាណ​ក្នុង​ព្រលឹង ដើម្បីពង្រឹង​យើង​ឲ្យធ្វើ និង​យកឈ្នះ​រឿង​លំបាកៗ ។

សង់​នៅលើ​សិលា

សេចក្តីជំនឿ​ពិត​តែងតែ​ផ្ដោត​ទៅ​លើ ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ—ដោយ​ជឿ​ថា ទ្រង់​គឺ​ជា​ព្រះអាទិទេព និង​ជា​ព្រះរាជបុត្រា​បង្កើត​តែ​មួយ​របស់​ព្រះវរបិតាដ៏​នៅ​អស់កល្ប ហើយជឿទៅលើ​ទ្រង់ និង​បេសកកម្ម​ដ៏​ប្រោសលោះ​ទ្រង់​ដែល​ទ្រង់​បាន​បំពេញ ។

« ដ្បិត​ទ្រង់​បាន​ឆ្លើយតប​ចុង​បំផុត​នៃ​ក្រឹត្យវិន័យ ហើយ​ទ្រង់​បាន​ទទួល​យក​អស់​អ្នក​ណា​ដែល​មាន​សេចក្ដីជំនឿ​ជឿ​ដល់​ទ្រង់ ហើយ​ពួក​អ្នក​ណា​ដែល​មាន​សេចក្ដីជំនឿ​ជឿ​ដល់​ទ្រង់ នោះ​តោង​ទៅ​នឹង​អ្វី​ដែល​ល្អ​គ្រប់​យ៉ាង ហេតុដូច្នោះ​ហើយ ទ្រង់​ជួយ​តវ៉ា ដើម្បី​ឧត្ដម​គតិ​របស់​កូន​ចៅ​មនុស្ស » ។

ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ព្រះប្រោសលោះ ព្រះ​សង្រួបសង្រួម​ ហើយ​ជាអង្គគាំទ្រ​របស់យើង​ជា​មួយ​ព្រះវរបិតាសួគ៌ និង​ជា​សិលាដែល​យើង​គួរ​តែ​សង់​គ្រឹះ​ខាង​វិញ្ញាណ​នៅ​ក្នុង​ជីវិត​រស់នៅ​របស់​យើង ។

ហេលេមិន បានពន្យល់ថា « ចូរ​ចងចាំ​ចុះ ចូរ​ចងចាំ​ចុះ​ថា គឺ​នៅ​លើ​សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​យើង គឺ​ព្រះ​គ្រីស្ទ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់​កូន ដើម្បី​កាលណា​អារក្ស​បញ្ចេញ​ខ្យល់​ដ៏​ខ្លាំង​ក្លា​របស់​វា​មក មែន​ហើយ ព្រួញ​របស់​វា​នៅ​ក្នុង​ខ្យល់​កួច មែន​ហើយ កាលណា​ព្រិល និង​ខ្យល់​ព្យុះ​កំណាច​ទាំង​អស់​របស់​វា​បោកបក់​មក​លើ​កូន នោះ​វា​នឹង​គ្មាន​អំណាច​មក​លើ​កូន​ឡើយ ដើម្បី​ទាញ​កូន​ចុះ​ទៅ​ក្នុង​ជង្ហុក​នៃសេចក្ដី​វេទនា និង​ទុក្ខ​លំបាក​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ពី​ព្រោះ​មក​ពី​សិលា​ដែល​កូន​បាន​សង់​នៅ​លើ​នោះដែល​ជា​គ្រឹះ​ដ៏​ខ្ជាប់​ខ្ជួន​មួយ ជា​គ្រឹះ​មួយ​បើ​សិន​ណា​មនុស្ស​សង់​នៅ​លើ​នោះ នោះ​ពួក​គេ​មិន​អាច​រលំ​បាន​ឡើយ » ។

យើង​ត្រូវបាន​បង្រៀន​យ៉ាង​ច្បាស់ថា យើង​គួរ​តែ​សង់គ្រឹះ​នៃ​ការរស់នៅ​របស់យើង​នៅ​លើ « សិលា » ដែល​ជា​និមិត្តរូប​នៃ​ព្រះគ្រីស្ទ ។ សូម​កត់ចំណាំ​នៅក្នុង​ខគម្ពីរ​នេះ​ថា ព្រះអង្គសង្គ្រោះ​ពុំ​មែនជា​គ្រឹះទេ ។ ប៉ុន្តែ​យើង​ត្រូវ​បាន​ដាស់តឿន​ឲ្យ​សង់​គ្រឹះ​ខាងវិញ្ញាណ​របស់​យើង​ផ្ទាល់​នៅលើ​ទ្រង់ ។

គ្រឹះ​គឺ​ជា​ចំណែក​នៃ​អគារ​មួយ ដែល​ភ្ជាប់​ទៅនឹង​ដី ។ គ្រឹះ​រឹងមាំមួយ ផ្ដល់​នូវការការពារ​ពី​គ្រោះធម្មជាតិ និង​កម្លាំង​បំផ្លិចបំផ្លាញ​ដទៃទៀត​ជា​ច្រើន ។ គ្រឹះ​ត្រឹមត្រូវ​មួយ ក៏​ទ្រ​ទម្ងន់​នៃ​សំណង់ដ៏ធំមួយដើម្បី​កុំ​ឲ្យ​ស្រុត ហើយវា​ផ្ដល់​ជា​ផ្ទៃមួយ​សម្រាប់​ការសាងសង់ ។

រូបភាព
ផ្ទះ​ដែល​មាន​គ្រឹះ​រឹងមាំ<nb/>។

ទំនាក់ទំនង​ដ៏រឹងមាំ និង​គួរ​ទុកចិត្តរវាងដី និង​គ្រឹះ គឺសំខាន់ណាស់ ដើម្បី​ឲ្យ​សំណង់មួយ​នឹង​បន្ដនៅឈររឹងមាំ និង​មានស្ថេរភាព​យូរអង្វែង ។ ហើយ​សម្រាប់​សំណង់ជាក់លាក់ ដែក និង​ខ្ចៅ​ប៊ូឡុងនៃយុថ្កា អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ភ្ជាប់​គ្រឹះ​នៃ​អគារ​ទៅនឹង « សិលាគោល » ថ្មរឹង ថ្មតាន់​នៅ​ខាង​ក្រោម​ផ្ទៃដី និងថ្ម​គ្រួស ។

រូបភាព
ផ្ទះ​ដែល​ភ្ជាប់​ទៅ​នឹង​សិលា​គោល<nb/>។

ស្រដៀងគ្នា​នេះដែរ គ្រឹះ​នៃ​ជីវិត​រស់នៅ​របស់យើង ត្រូវ​តែ​ភ្ជាប់​ទៅនឹង​សិលានៃ​ព្រះគ្រីស្ទ បើសិន​ជា​យើង​បន្ដ​នៅ​រឹងមាំ និង​ខ្ជាប់ខ្ជួន ។ សេចក្ដីសញ្ញា និងពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ អាច​ប្រៀបប្រដូច​ទៅនឹង​ខ្ចៅ​ប៊ូឡុងនៃយុថ្កា និង​កំណាត់​ដែក​ដែល​ប្រើ​សម្រាប់​ភ្ជាប់​អគារ​មួយ​ទៅ​នឹង​សិលា​គោល ។ រាល់ពេល​ដែល​យើង​ទទួល នឹកគិត ចងចាំ និង​រំឭក​សេចក្ដីសញ្ញា​ដ៏ពិសិដ្ឋ នោះ​យុថ្កា​ខាងវិញ្ញាណ​របស់យើង គឺត្រូវ​បាន​ទប់​លំនឹងកាន់តែ​ខ្លាំង និង​ខ្ជាប់ខ្ជួន​ទៅនឹង « សិលា » នៃ​ព្រះយេស៊ូវគ្រីស្ទ ។

« ហេតុ​ដូច្នោះ​ហើយ អស់​អ្នក​ណា​ជឿ​ដល់​ព្រះ អាច​សង្ឃឹម​ជា​ប្រាកដ​ថា នឹង​បាន​ពិភពលោក​មួយ​ដ៏​ប្រសើរ​លើស​លែង​ទៅ​ទៀត មែន​ហើយ គឺ​កន្លែង​មួយ​ដែល​នៅ​ខាង​ស្ដាំ​ព្រះហស្ដ​នៃ​ព្រះ ឯ​សេចក្ដី​សង្ឃឹម​នោះ កើតមក​ពី​សេចក្ដី​ជំនឿ ធ្វើ​ជា​យុថ្កា​មួយ​ដល់​ព្រលឹង​មនុស្ស ដែល​នឹង​ធ្វើ​ឲ្យ​ពួកគេ​ស្ថិតស្ថេរ​នៅ​នឹង​ធឹង ហើយ​ខ្ជាប់ខ្ជួន គឺ​នៅ​ក្នុង​កិច្ចការ​ល្អ​ដ៏​បរិបូរ​ជា​ដរាប ដែល​នាំ​ឲ្យ​សរសើរ​តម្កើង​ដល់​ព្រះ » ។

« ក្រោយមក » « គុណធម៌ [ បាន​តុបតែង​គំនិត ] របស់​យើង​ដោយ​ឥត​ឈប់ឈរ » កាន់តែច្រើនឡើង ដើម្បី​ឲ្យ « យើង​មាន​ចិត្ត​ក្លាហាន [ កាន់តែ​ខ្លាំង​ឡើង ] នៅ​ចំពោះ​វត្តមាន​នៃ​ព្រះ » ហើយ « មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ [ ជា ] គូកន​ជានិច្ច​បស់​យើង » ។ យើង​កាន់តែ​មានភាព​រឹងមាំ ចាក់ឬស ស្ថាបនា និង​តាំងនៅឲ្យ​មាំ ។ នៅពេល​គ្រឹះ​នៃ​ជីវិត​យើង​ត្រូវ​បាន​សង់នៅ​លើ​ព្រះអង្គសង្គ្រោះ នោះ​យើង​ត្រូវ​បាន​ប្រទានពរ​ឲ្យ « បង្អង់សិន » — ដើម្បី​មាន​ការអះអាង​ខាង​វិញ្ញាណ​មួយ​ថា ព្រះគឺ​ជា​ព្រះវរបិតាសួគ៌​យើង ហើយ​យើង​គឺជា​បុត្រា​បុត្រីទ្រង់ ហើយ​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គសង្គ្រោះ​របស់យើង ។

ពេលវេលា​ពិសិដ្ឋ កន្លែង​បរិសុទ្ធ និង​គេហដ្ឋាន

ព្រះអម្ចាស់​ប្រទាន​ឲ្យ​ទាំង​ពេលវេលា​ពិសិដ្ឋ និង​ទីកន្លែង​បរិសុទ្ធ ដើម្បី​ជួយ​យើង​ឲ្យ​មាន​បទពិសោធន៍ និង​រៀន​អំពី​ភាពស្ងប់ស្ងាត់​នៅ​ខាង​ក្នុង​ព្រលឹង​របស់​យើង​ ។

ឧទាហរណ៍ ថ្ងៃឈប់សម្រាក​គឺជា​ថ្ងៃ​របស់ព្រះ ជា ពេលវេលាពិសិដ្ឋមួយ ដែល​បាន​ញែកចេញ​ឲ្យ​ចងចាំ និង​ថ្វាយបង្គំ​ព្រះវរបិតា​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះរាជបុត្រា​ទ្រង់ ដើម្បី​ចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ​នៃបព្វជិតភាព ហើយ​ទទួល និង​រំឭក​អំពី​សេចក្ដីសញ្ញា​ដ៏ពិសិដ្ឋ ។ នៅ​រាល់សប្ដាហ៍ យើង​ថ្វាយបង្គំ​ព្រះអម្ចាស់ អំឡុង​ការ​សិក្សា​នៅផ្ទះរបស់យើង និងជា « ពួក​បរិសុទ្ធ ជា​ពួក​ដំណាក់​ព្រះ​វិញ »អំឡុង​ពិធីសាក្រាម៉ង់ និង​ការប្រជុំ​ដទៃទៀត ។ នៅ​ថ្ងៃ​ដ៏បរិសុទ្ធ​របស់​ទ្រង់ គំនិត ទង្វើ និង​ឥរិយាបថ​របស់​យើង​គឺជា​ទីសម្គាល់​ដែល​យើង​ថ្វាយ​ដល់​ព្រះ និង​ជា​សញ្ញា​នៃ​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ ។ ជា​រៀងរាល់​ថ្ងៃអាទិត្យ បើ​យើង​នឹងធ្វើ យើង​អាច​បង្អង់សិន ឲ្យ​បាន​ដឹង​ថា​ព្រះគឺជា​ព្រះវរបិតាសួគ៌​របស់យើង យើង​គឺជា​កូនចៅ​របស់ទ្រង់ ហើយ​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គសង្គ្រោះ​របស់​យើង ។

លក្ខណៈពិសេស​នៃ​ការថ្វាយបង្គំ​នៅ​ថ្ងៃ​ឈប់​សម្រាក​របស់​យើង​គឺ « ​ត្រូវ​ទៅ​ដំណាក់​នៃ​ការ​អធិស្ឋាន ហើយ​ថ្វាយ​សាក្រាម៉ង់ [ របស់​យើង ] ឡើង​នៅ​ថ្ងៃ​បរិសុទ្ធ [ របស់​ព្រះអម្ចាស់ ] ចុះ » ។ « ដំណាក់​នៃ​ការ​អធិស្ឋាន » ដែល​យើង​ជួបជុំ​គ្នា​នៅ​ថ្ងៃ​ឈប់សម្រាក គឺជា​សាលាប្រជុំ និង​អគារ​ដែល​បាន​អនុម័ត​ដទៃទៀត—ទីបរិសុទ្ធ​នានា នៃ​គារវភាព ការថ្វាយបង្គំ និង​ការ​រៀនសូត្រ ។ សាលាប្រជុំ​និង​អគារនីមួយ ត្រូវ​បាន​ឧទ្ទិស​ឆ្លង​ដោយ​អ្នកមានសិទ្ធិអំណាច​បព្វជិតភាព ទៅជា​កន្លែង​ដែល​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​អាច​គង់នៅ និង​ជាកន្លែង​ដែលបុត្រាបុត្រី​របស់​ព្រះ​អាចមក « ​ស្គាល់​ព្រះ​ដ៏​ប្រោស​លោះ​របស់​ខ្លួន » ។ ប្រសិន​បើ​យើង​នឹងធ្វើ យើងអាច « បង្អង់សិន » នៅ​ក្នុង​ទីបរិសុទ្ធនៃ​ការ​ថ្វាយបង្គំ​របស់​យើង ហើយ​ដឹង​កាន់តែ​ច្បាស់​ថា ព្រះ​គឺ​ជា​ព្រះវរបិតាសួគ៌​របស់​យើង យើង​ជាបុត្រាបុត្រី​របស់ទ្រង់ ហើយ​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គសង្គ្រោះ​របស់​យើង ។

ព្រះវិហារបរិសុទ្ធ គឺជា​ទីបរិសុទ្ធមួយ​ទៀត ដែល​បាន​ញែកចេញ​ជាក់លាក់​សម្រាប់​ការ​ថ្វាយបង្គំ និង​ការបម្រើ​ព្រះ ហើយ​រៀន​សូត្រនូវ​សេចក្ដីពិត​ដ៏អស់កល្បជានិច្ច ។ នៅក្នុង​ដំណាក់នៃ​ព្រះអម្ចាស់ យើង​គិត ធ្វើសកម្មភាព និង​ស្លៀកពាក់​ខុសប្លែកពី​នៅ​កន្លែង​ដទៃទៀត ដែល​យើង​ទៅ​ជា​ញឹកញាប់ ។ នៅ​ក្នុង​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ បើ​យើង​ប្រាថ្នា យើង​អាច​បង្អង់សិន ឲ្យ​បាន​ស្គាល់​ថា​ព្រះគឺជា​ព្រះវរបិតាសួគ៌​របស់យើង យើង​គឺជា​បុត្រាបុត្រី​របស់ទ្រង់ ហើយ​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គសង្គ្រោះ​របស់​យើង ។

គោលបំណង​ចម្បង​នៃ​ពេលវេលា​ពិសិដ្ឋ និង​ទីកន្លែងដ៏បរិសុទ្ធ គឺ​ដូចគ្នា ៖ ដើម្បី​ផ្តោត​ការយកចិត្ត​ទុកដាក់​របស់​យើងម្ដងហើយម្ដងទៀត​ទៅ​លើ​ព្រះវរបិតា​សួគ៌ និង​ផែនការ​ទ្រង់ ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ព្រះចេស្ដានៃការ​ស្អាង​របស់​ព្រះវិញ្ញាណបរិសុទ្ធ និង​ការសន្យា​ដែល​មាន​មកជាមួយ​នឹង​ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​ដ៏ពិសិដ្ឋ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​របស់ព្រះអង្គសង្គ្រោះ ។

ថ្ងៃនេះ ខ្ញុំ​សូម​រំឭក​ឡើងវិញ​នូវ​គោលការណ៍​មួយ​ដែល​ខ្ញុំ​បាន​គូសបញ្ជាក់​ពី​មុន​ហើយនោះ ។ នៅគេហដ្ឋាន​របស់​យើង គួរតែមានដាក់បញ្ចូល​ទាំង ពេលវេលា​ពិសិដ្ឋ និង ទីកន្លែងដ៏បរិសុទ្ធ ដែល​បុគ្គលម្នាក់ៗ និង​ក្រុមគ្រួសារ​អាច « បង្អង់សិន » ហើយ​ដឹង​ថា​ព្រះគឺជា​ព្រះវរបិតាសួគ៌​យើង យើងជា​បុត្រាបុត្រី​របស់ទ្រង់ ហើយ​ព្រះយេស៊ូវគ្រីស្ទ គឺជា​ព្រះអង្គសង្គ្រោះ​របស់​យើង ។ ការចាកចេញ​ពីផ្ទះយើង​ទៅ​ថ្វាយបង្គំ​នៅ​ថ្ងៃ​ឈប់សម្រាក និង​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ គឺប្រាកដ​ជា​សំខាន់ណាស់ ។ ដរាបណា​យើង​ត្រឡប់ទៅផ្ទះវិញ​ដោយ​ទស្សនវិស័យ​ខាងវិញ្ញាណ និង​កម្លាំង​ដែល​បានទទួល​នៅ​ក្នុង​ទីកន្លែងដ៏​បរិសុទ្ធ​ និងសកម្មភាព​ទាំងឡាយប៉ុណ្ណោះ ទើ​ប​យើង​អាច​បន្ដ​ផ្ដោត​ទៅលើ​គោលបំណង​ចម្បង​នៃ​ជីវិត​រមែងស្លាប់របស់យើង ហើយ​យកឈ្នះ​លើ​ការល្បួងដែល​កំពុង​រីកសាយយ៉ាងខ្លាំង​នៅក្នុងពិភពធ្លាក់ចុះ​របស់​យើងនេះ​បាន ។

បទពិសោធន៍​នៅថ្ងៃឈប់សម្រាក ក្នុង​ព្រះវិហារបរិសុទ្ធ និងក្នុង​គេហដ្ឋាន គួរតែ​ការពារ​យើង​ដោយ​ព្រះចេស្ដា​នៃព្រះវិញ្ញាណបរិសុទ្ធ ដោយ​មាន​ទំនាក់ទំនង​សេចក្ដីសញ្ញា​បន្ដ​កាន់តែរឹងមាំ​ជាមួយ​ព្រះវរបិតា និង​ព្រះរាជបុត្រា ព្រមទាំង​មាន « ការភ្លឺថ្លានៃ​សេចក្ដីសង្ឃឹម​ដ៏ឥតខ្ចោះ » នៅក្នុង​ការ​សន្យាដ៏អស់កល្បជានិច្ច​របស់​ព្រះ ។

នៅពេល​គេហដ្ឋាន និង​សាសនាចក្រ ត្រូវ​បាន​ប្រមូលផ្ដុំ​តែមួយ​នៅក្នុង​ព្រះគ្រីស្ទ យើង​អាច​នឹង​លំបាក​គ្រប់​យ៉ាង ប៉ុន្តែ​យើង​នឹង​គ្មាន​ទុក្ខព្រួយ​នៅ​ក្នុង​គំនិត និងចិត្ត​យើងទេ ។ យើងអាច​នឹង​ងឿងឆ្ងល់​ព្រោះតែស្ថានភាព និងឧបសគ្គ​របស់​យើង ប៉ុន្តែ​យើង​នឹង​ពុំ​ស្ថិត​នៅក្នុង​ក្ដីអស់សង្ឃឹមឡើយ ។ យើងអាច​នឹង​ត្រូវ​គេ​បៀតបៀន ប៉ុន្តែ​យើង​ក៏នឹង​ទទួលស្គាល់​ផងដែរថា យើង​ពុំ​នៅឯកា​ឡើយ ។ យើងអាច​ទទួល​បាន​កម្លាំង​ខាង​វិញ្ញាណ​ដើម្បី​ប្រែក្លាយ និង​បន្ដ​នៅ​រឹងមាំ ខ្ជាប់ខ្ជួន និង​ស្មោះត្រង់ ។

ការសន្យា និង​ទីបន្ទាល់

ខ្ញុំ​សន្យា​ថា នៅពេល​យើង​ស្ថាបនា​គ្រឹះ​នៃ​ជីវិត​រស់នៅ​របស់យើង​នៅលើ « សិលា » នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ត្រូវ​បាន​ប្រទានពរ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ទទួល​បាន​ភាព​នឹងនរ​ក្នុង​ព្រលឹង​ម្នាក់ៗ ដើម្បី​អាច​ឲ្យ​យើង​ដឹង​ និង​ចងចាំ​ថា ព្រះ​គឺជា​ព្រះវរបិតាសួគ៌​របស់​យើង យើងគឺជា​បុត្រាបុត្រី​របស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ គឺជា​ព្រះអង្គសង្គ្រោះ​របស់​យើង ហើយ​យើងអាច​ទទួល​បាន​ពរ​ក្នុង​ការ​ធ្វើ និង​យកឈ្នះ​នូវ​រឿង​លំបាកៗ ។

ខ្ញុំ​រីករាយនឺងធ្វើជា​សាក្សី​ថា ព្រះគឺជា​ព្រះវរបិតាសួគ៌​របស់យើង យើងគឺជាបុត្រាបុត្រីរបស់ទ្រង់ ហើយ​ព្រះយេស៊ូវគ្រីស្ទ គឺជា​ព្រះប្រោសលោះ និងជា « សិលា » នៃ​សេចក្ដីសង្គ្រោះ​របស់​យើង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដូច្នោះ​នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕