មេរៀនទី ១៩
ទ្រង់មានព្រះជន្មរស់ឡើងវិញ
សេចក្ដីផ្ដើម
« [ ព្រះយេស៊ូវគ្រីស្ទ ] ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញជាពិត ‹ ជាផលដំបូងពីពួកអ្នកដែលបានដេកលក់ទៅហើយ › (កូរិនថូសទី ១ ១៥:២០ ) ។ ជាព្រះអង្គដែលមានព្រះជន្មរស់ឡើងវិញ នោះទ្រង់បានយាងទៅជួបពួកអ្នកដែលទ្រង់ស្រឡាញ់ ក្នុងកាលមានព្រះជន្មរស់នៅ » (ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក »Ensign ឬ លីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ៣ ) ។ មេរៀននេះ នឹងបង្រៀនពីគោលលទ្ធិ និងហេតុការណ៍ដែលទាក់ទងទៅនឹងការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ នៅពេលសិស្សបង្កើនការយល់ដឹង និងទីបន្ទាល់នៃការរស់ឡើងវិញហើយ នោះពួកគេនឹងទទួលបានការរំពឹងទុក និងសេចក្ដីសង្ឃឹម នៅពេលពួកគេជួបនឹងឧបសគ្គនៃជីវិតរមែងស្លាប់នេះ ។
ការអានពីសាវតា
-
ឌី ថត គ្រីស្តូហ្វឺសិន « The Resurrection of Jesus Christ » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១១១–១៤ ។
-
ដាល្លិន អេក អូក « Resurrection »Ensign, ខែ ឧសភា ឆ្នាំ ២០០០ ទំព័រ ១៤–១៦ ។
យោបល់សម្រាប់ការបង្រៀន
កូរិនថូសទី ១ ១៥:១២–២៩
ការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ
សូមដាក់តាំងបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយព្យាការី យ៉ូសែប ស្ម៊ីធ ( ១៨០៥–១៨៤៤ ) ហើយសូមប្រាប់ឲ្យសិស្សម្នាក់អានវាឮៗ ៖
« គោលការណ៍គ្រឹះនៃសាសនារបស់យើង គឺជាទីបន្ទាល់របស់ពួកសាវក និងព្យាការីទាំងឡាយដែលទាក់ទងទៅនឹងព្រះយេស៊ូវគ្រីស្ទ ថាទ្រង់បានសុគត បានបញ្ចុះសព និងបានរស់ឡើងវិញម្ដងទៀតនៅថ្ងៃទីបី ហើយបានឡើងទៅស្ថានសួគ៌វិញ ហើយរឿងផ្សេងទៀតទាំងឡាយដែលបានជាប់ទាក់ទងទៅនឹងសាសនារបស់យើងគឺគ្រាន់តែជារឿងបន្ទាប់បន្សំចំពោះការណ៍នេះប៉ុណ្ណោះ » ( ការបង្រៀនរបស់ប្រធានសាសាចក្រ ៖ យ៉ូសែប ស្ម៊ីធ [ ឆ្នាំ ២០០៧ ] ទំព័រ ៤៩ ) ។
សូមពិភាក្សាជាមួយនឹងសិស្សនូវសំណួរខាងក្រោម ៖
-
ហេតុអ្វីក៏អ្នកគិតថា គោលការណ៍ដំណឹងល្អផ្សេងទៀតទាំងឡាយគឺជា « រឿងបន្ទាប់បន្សំ » ចំពោះការសុគត ការបញ្ចុះ និងការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ?
សូមអញ្ជើញឲ្យសិស្សអាន អេសាយ ២៥:៨; ម៉ូសាយ ១៦:៧–៨; និង អាលម៉ា ៣៣:២២ ដោយស្ងាត់ស្ងៀម ដោយរកមើលអ្វីដែលព្យាការីសម័យបុរាណបានព្យាករណ៍អំពីការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមអញ្ជើញឲ្យពួកគេរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
សូមចម្លងតារាងខាងក្រោមដាក់លើក្ដារខៀន ៖
ដោយសារព្រះយេស៊ូវបានរស់ឡើងវិញពីសេចក្ដីស្លាប់ … |
ប្រសិនបើព្រះយេស៊ូវមិនបានរស់ឡើងវិញពីសេចក្ដីស្លាប់ទេ នោះ … |
សូមអញ្ជើញឲ្យសិស្សពាក់កណ្ដាលថ្នាក់សិក្សាវគ្គព្រះគម្ពីរនៅក្នុងជួរឈរខាងឆ្វេងនៃតារាងនេះ ដោយរកមើលពរជ័យដែលយើងទទួលបាន ដែលជាលទ្ធផលនៃការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមអញ្ជើញឲ្យសិស្សពាក់កណ្ដាលថ្នាក់ទៀតសិក្សាវគ្គព្រះគម្ពីរនៅក្នុងជួរឈរខាងស្ដាំ ដោយរកមើលអ្វីដែលបានកើតឡើង ប្រសិនបើព្រះយេស៊ូវមិនបានរស់ឡើងវិញពីសេចក្ដីស្លាប់ទេនោះ ។ ក្រោយពីទុកពេលគ្រប់គ្រាន់ហើយ សូមប្រាប់ឲ្យអ្នកស្ម័គ្រចិត្តឡើងពន្យល់អ្វីដែលពួកគេបានរៀន ។ សូមជួយពួកគេឲ្យនិយាយពីគោលលទ្ធិមួយ ដែលត្រូវបានបង្រៀននៅក្នុងខគម្ពីរនេះ ដោយការសួរសំណួរខាងក្រោម ៖
-
ស្របតាម កូរិនថូសទី ១ ១៥:២០ សាវកប៉ុល បានមានប្រសាសន៍ថា ព្រះយេស៊ូវគឺជា « ផលដំបូងពីពួកអ្នកដែលបានដេកលក់ទៅហើយ » ។ តើឃ្លានោះមានន័យយ៉ាងណា ? ( ព្រះយេស៊ូវគឺជាអ្នកដំបូងដែលបានរស់ឡើងវិញ ) ។
សូមប្រាប់ឲ្យសិស្សអាន កូរិនថូសទី ១ ១៥:២២ ម្ដងទៀត ។ បន្ទាប់មក សូមសួរ ៖
-
តើអ្នកនឹងសង្ខេបពរជ័យដ៏មហិមាដែលយើងទទួលបាន ដោយសារព្រះយេស៊ូវគ្រីស្ទបានរស់ឡើងវិញដោយរបៀបណា ? ( សិស្សគួរតែបង្ហាញនូវគោលលទ្ធិដូចខាងក្រោម ៖ ដោយសារតែដង្វាយធួន និងការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ នោះមនុស្សគ្រប់រូបដែលបានកើតមកក្នុងជីវិតរមែងស្លាប់នេះ នឹងបានរស់ឡើងវិញ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហាវើដ ដបុលយូ ហឹនធើរ ( ១៩០៧–១៩៩៥ ) និងប្រធាន ម៉ារ៉ុន ជី រ៉មនី ( ១៨៩៧–១៩៨៨ ) នៃគណៈប្រធានទីមួយ ៖
« បើគ្មានការរស់ឡើងវិញទេ នោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនឹងក្លាយជាការផ្សាយនៃការថ្លែងរបស់ពួកអ្នកប្រាជ្ញ ហើយមើលទៅដូចជាអព្ភូតហេតុដែលឥតពន្យល់បាន — ប៉ុន្ដែជាការថ្លែង និងអព្ភូតហេតុដែលគ្មានជោគជ័យនៅទីបំផុត ។ ទេ ជោគជ័យនៅទីបំផុតមាននៅក្នុងអព្ភួតហេតុនៅទីបំផុត ៖ ជាលើកទីមួយនៅក្នុងប្រវត្តិសាស្ដ្រមនុស្សលោក បុគ្គលម្នាក់ដែលបានស្លាប់ទៅហើយ បានរស់ឡើងវិញដោយអង្គទ្រង់ទៅជាអមតភាព ។ ទ្រង់ គឺជាព្រះបុត្រានៃព្រះ ព្រះរាជបុត្រានៃព្រះវរបិតាដ៏អមតរបស់យើងដែលគង់នៅលើស្ថានសួគ៌ ហើយជោគជ័យរបស់ទ្រង់លើការស្លាប់ខាងរាងកាយ និងខាងវិញ្ញាណគឺជាដំណឹងល្អដែលអណ្ដាតនៃពួកគ្រីស្ទានគ្រប់រូបនឹងថ្លែង » ( Howard W. Hunter, « An Apostle’s Witness of the Resurrection » Ensign, ខែ ឧសភា ឆ្នាំ ១៩៨៦ ទំព័រ ១៦ ) ។
« ‹ ទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ទ្រង់មិនគង់នៅទីនេះទេ › ។ ( ម៉ាកុស ១៦:៦ ) ។ ពាក្យទាំងនេះ ដែលនិយាយយ៉ាងក្បោះក្បាយក្នុងភាពសាមញ្ញ បានប្រកាសពីហេតុការណ៍ដ៏សំខាន់បំផុតដែលបានកត់ត្រានៅក្នុងប្រវត្តិសាស្ដ្រ » ( Marion G. Romney, « The Resurrection of Jesus »Ensign, ខែ ឧសភា ឆ្នាំ ១៩៨២ ទំព័រ ៦ ) ។
-
តើអ្នកគិតថាហេតុអ្វីបានជាការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទគឺជា « ហេតុការណ៍ដ៏សំខាន់បំផុតដែលបានកត់ត្រានៅក្នុងប្រវត្តិសាស្ដ្រ » ?
-
តើអ្នកមានគំនិត និងអារម្មណ៍យ៉ាងណា ដោយដឹងថា ដោយសារតែការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ នោះកូនចៅរបស់ព្រះវរបិតាសួគ៌គ្រប់រូបដែលបានកើតមកលើផែនដីនេះ នឹងបានរស់ឡើងវិញ ?
សូមពន្យល់ថា ការរស់ឡើងវិញសង្គ្រោះយើងមិនត្រឹមតែចេញពីការស្លាប់ខាងក្នុងជីវិតរមែងស្លាប់ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងចេញពីការស្លាប់ខាងវិញ្ញាណផងដែរ ។ ប្រសិនបើគ្មានការរស់ឡើងវិញទេ នោះមនុស្សទាំងអស់នឹងក្លាយទៅដូចជាអារក្សនៅទីបញ្ចប់ ( សូមមើល នីហ្វៃទី ២ ៩:៦–៩ ) ។
សូមថ្លែងទីបន្ទាល់ថា ការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទបានបំពេញនូវដង្វាយធួន ហើយអាចធ្វើឲ្យកូនចៅរបស់ព្រះទាំងឡាយអាចត្រឡប់ទៅកាន់ទីវត្តមានទ្រង់វិញបាន ។
ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤; យ៉ូហាន ២០
សាក្សីរបស់ព្រះយេស៊ូវគ្រីស្ទដែលបានរស់ឡើងវិញ
សូមចែកដល់សិស្សនូវក្រដាសដែលមានតារាងខាងក្រោម ៖
ការលេចចេញមកនៃព្រះគម្ពីរសញ្ញាថ្មីនៃព្រះយេស៊ូវគ្រីស្ទដែលបានរស់ឡើងវិញ
សេចក្ដីយោង |
អ្នកដែលបានទៅជួប |
កាលបរិច្ឆេទ ឬ ម៉ោង |
ទីតាំង |
អ្វីដែលបានកើតឡើង |
---|---|---|---|---|
សូមចាត់ឲ្យសិស្សម្នាក់ៗនូវជួរមួយ ឬពីរពីក្នុងតារាងនេះ ។ សូមអញ្ជើញឲ្យពួកគេសិក្សាវគ្គព្រះគម្ពីរនៅក្នុងជួរដែលពួកគេចាត់តាំងឲ្យអាន ហើយរកមើលនរណាដែលព្រះយេស៊ូវគ្រីស្ទដែលបានរស់ឡើងវិញ បានទៅជួប ។ ក្រោយពីទុកពេលគ្រប់គ្រាន់ហើយ សូមប្រាប់ឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញ ។ ដោយសារតែមានពេលតិច សូមលើកទឹកចិត្តសិស្សឲ្យសរសេររបាយការណ៍របស់គេខ្លីៗ ។ បន្ទាប់មក សូមពិភាក្សាសំណួរដូចខាងក្រោមនេះ ៖
-
នៅក្នុងសកម្មភាពនេះ តើអ្នកបានរៀនអ្វីខ្លះ អំពីការយាងមកជាច្រើនដងរបស់ព្រះអង្គសង្គ្រោះដែលបានរស់ឡើងវិញ និងអ្វីដែលបុគ្គលម្នាក់ៗបានជួប ?
-
ក្រៅពីវគ្គទាំងនេះ តើមានសាក្សីផ្សេងទៀតណានៃព្រះយេស៊ូវគ្រីស្ទដែលបានរស់ឡើងវិញ ត្រូវបានរកឃើញនៅក្នុងព្រះគម្ពីរ ? ( សិស្សអាចលើកឡើងពីសាក្សីពីពួកសាសន៍នីហ្វៃ ឬពីព្យាការី យ៉ូសែប ស្ម៊ីធ ) ។
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីដឹងថា មានសាក្សីជាច្រើនអំពីព្រះអង្គសង្គ្រោះដែលបានរស់ឡើងវិញ ? ( សូមប្រាកដថា សិស្សយល់ពីសេចក្ដីពិតខាងក្រោមនេះ ៖ ដោយសារបុគ្គលជាច្រើនបានធ្វើជាសាក្សីដល់ព្រះយេស៊ូវគ្រីស្ទដែលបានរស់ឡើងវិញ នោះយើងអាចមានទំនុកចិត្តថា ទ្រង់មានព្រះជន្មរស់ ហើយថាយើងនឹងរស់នៅម្ដងទៀត ក្រោយពីយើងស្លាប់ផងដែរ ) ។
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់ពីន័យបង្កប់ក្នុងគោលលទ្ធិនៃការរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ និងពីមូលហេតុដូចដែល យ៉ូសែប ស្ម៊ីធ បានបង្រៀននោះ គោលការណ៍ទាំងអស់គឺជារឿងបន្ទាប់បន្សំនៃការសុគត និងការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ នោះសូមចែកឲ្យសិស្សម្នាក់ៗ នូវច្បាប់ចម្លងនៃសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមប្រាប់ឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍នោះឮៗ ។
« ប្រសិនបើព្រះយេស៊ូវពិតជាបានរស់ឡើងវិញមែន នោះវាចាំបាច់ត្រូវតែបន្ដថា ទ្រង់គឺជាអង្គដ៏ទេវភាព ។ គ្មានមនុស្សលោកណាមួយមានអំណាចខ្លួនគេដើម្បីមានជីវិតម្ដងទៀត ក្រោយពីស្លាប់នោះឡើយ ។ ដោយសារទ្រង់បានរស់ឡើងវិញ នោះព្រះយេស៊ូវមិនមែនត្រឹមតែជាជាងឈើ គ្រូបង្រៀន គ្រូគង្វាល ឬព្យាការីម្នាក់នោះទេ ។ ដោយសារទ្រង់បានរស់ឡើងវិញ នោះព្រះយេស៊ូវត្រូវតែជាព្រះមួយអង្គ គឺព្រះរាជបុត្រាតែមួយគត់របស់ព្រះវរបិតា ។
« ហេតុដូច្នេះហើយ អ្វីដែលទ្រង់បង្រៀនគឺពិត ព្រះពុំកុហកឡើយ [ សូមមើល អេណុស ១:៦ ] ។
« ហេតុដូច្នេះហើយ ទ្រង់ជាព្រះបង្កបង្កើតផែនដី ដូចទ្រង់មានបន្ទូលហើយ [ សូមមើល ជាឧទាហរណ៍ នីហ្វៃទី ៣ ៩:១៥ ] ។
« ហេតុដូច្នេះហើយ ស្ថានសួគ៌ និងស្ថាននរកមានពិតមែន ដូចទ្រង់ត្រាស់បង្រៀនហើយ [ សូមមើល ជាឧទាហរណ៍ គ និង ស ៧៦ ] ។
« ហេតុដូច្នេះហើយ មានពិភពវិញ្ញាណមែន ដូចដែលទ្រង់បានយាងទៅ ក្រោយពីការសុគតរបស់ទ្រង់ [ សូមមើល គ និង ស ១៣៨ ] ។
« ហេតុដូច្នេះហើយ ទ្រង់នឹងយាងមកម្ដងទៀត ដូចដែលពួកទេវតាបានមានបន្ទូលមកហើយ [ សូមមើល កិច្ចការ ១:១០–១១ ], ហើយ ‹ សោយរាជ្យដោយផ្ទាល់នៅលើផែនដី › [ មាត្រានៃសេចក្ដីជំនឿ ១:១០; សូមមើលផងដែរ Topical Guide, « Jesus Christ, Millennial Reign » ] ។
« ហេតុដូច្នេះហើយ មានដំណើររស់ឡើងវិញ និង ការជំនុំជម្រះចុងក្រោយដល់មនុស្សទាំងពួង [ សូមមើល ជាឧទាហរណ៍ នីហ្វៃទី ២ ៩:១៥ ] ។
« ដោយមានភាពពិតនៃការរស់ឡើងវិញរបស់ព្រះគ្រីស្ទ នោះមន្ទិលសង្ស័យអំពីព្រះចេស្ដាដ៏អស្ចារ្យ ទេវភាព និងសេចក្ដីមេត្តារបស់ព្រះជាព្រះវរបិតា — ដែលបានប្រទានព្រះរាជបុត្រាតែមួយគត់របស់ទ្រង់ សម្រាប់ជាសេចក្ដីសង្គ្រោះដល់ពិភពលោក — គឺគ្មានមូលហេតុ ។ មន្ទិលសង្ស័យអំពីអត្ថន័យ និងគោលបំណងនៃជីវិត មិនត្រូវបានគេរកឃើញឡើយ ។ តាមពិតទៅ ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះនាមតែមួយគត់ ឬជារបៀបតែមួយគត់ដែលសេចក្ដីសង្គ្រោះអាចមានមកដល់មនុស្សលោក ។ ព្រះគុណនៃព្រះគ្រីស្ទគឺពិត ដែលលៃលកគ្រប់គ្រាន់ដល់ទាំងការអភ័យទោស និងការសម្អាតដល់អ្នកមានបាបដែលបានប្រែចិត្ត ។ សេចក្ដីជំនឿ គឺពិតជាខ្លាំងជាងការស្រមៃ ឬការច្នៃខាងចិត្តវិទ្យាទៅទៀត ។ មានសេចក្ដីពិតនៅទីបំផុត និងជាសកលមួយ ហើយមានកម្មវត្ថុ និងបទដ្ឋានដ៏មិនចេះប្រែប្រួលខាងសីលធម៌ដូចដែលត្រូវបានបង្រៀនដោយទ្រង់ ។
« ដោយមានភាពពិតនៃការរស់ឡើងវិញរបស់ព្រះគ្រីស្ទ នោះការប្រែចិត្តពីការរំលងនានាលើច្បាប់ និងព្រះបញ្ញត្តិរបស់ទ្រង់នឹងអាចកើតមាន និងភ្លាមៗ ។ អព្ភូតហេតុរបស់ព្រះអង្គសង្គ្រោះគឺមានពិត ដូចដែលជាសេចក្ដីសន្យារបស់ទ្រង់ដល់ពួកសាវកទ្រង់ថា ពួកគេអាចធ្វើកិច្ចការដូចគ្នា និងកាន់តែអស្ចារ្យជាងនេះ [ សូមមើល យ៉ូហាន ១៤:១២ ] ។ … ដោយមានភាពពិតនៃការរស់ឡើងវិញរបស់ព្រះគ្រីស្ទ នោះការស្លាប់គឺមិនមែនជាទីបញ្ចប់របស់យើងនោះទេ ហើយទោះបីជា ‹ ក្រោយដែលសំបកកាយ[ យើង ] នេះត្រូវរលាយទៅ គឺក្រៅពីរាងកាយនោះ [ យើង ] នឹងបានឃើញព្រះ › [ យ៉ូប ១៩:២៦ ] » ( « The Resurrection of Jesus Christ » Ensign ឬ Liahona, ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១១៣,១១៤ ) ។
-
តើសេចក្ដីថ្លែងការណ៍របស់អែលឌើរ គ្រីស្តូហ្វឺសិន ចង្អុលបង្ហាញពីចំណុចសំខាន់នៃការរស់ឡើងវិញនៅក្នុងគោលលទ្ធិនៃដំណឹងល្អដែលបានស្ដារឡើងវិញដោយរបៀបណា ?
ដើម្បីជួយសិស្សឲ្យយល់ កាន់តែច្បាស់ពីរបៀបដែលសេចក្ដីពិតនៃការរស់ឡើងវិញ អាចមានឥទ្ធិពលដល់ពួកគេផ្ទាល់ខ្លួន នោះសូមចង្អុលបង្ហាញសេចក្ដី ថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងសូមប្រាប់ឲ្យសិស្សម្នាក់អានវាឮៗ ៖
« ‹ សេចក្ដី សង្ឃឹម › ដែលយើងមានដោយសារការរស់ឡើងវិញ គឺជាការជឿជាក់ដ៏ពិតរបស់យើងថា សេចក្ដីស្លាប់មិនមែនជាទីបញ្ចប់របស់យើងទេ ប៉ុន្ដែគ្រាន់តែជាជំហានដ៏ចាំបាច់មួយនៅក្នុងការផ្លាស់ប្ដូរដែលបានចែងមកពីជីវិតរមែងស្លាប់ ទៅជាជីវិតដ៏អស់កល្ប ។ សេចក្ដីសង្ឃឹមនេះផ្លាស់ប្ដូរការសង្ឃឹមទុកទាំងស្រុងនៃជីវិតរមែងស្លាប់ ។ …
« ការធានានៃការរស់ឡើងវិញផ្ដល់ដល់យើងនូវកម្លាំង និងការសង្ឃឹមទុកដើម្បីតស៊ូនឹងឧបសគ្គក្នុងជីវិតរមែងស្លាប់ដែលយើងម្នាក់ៗត្រូវប្រឈមមុខ ព្រមទាំងអស់អ្នកដែលយើងស្រឡាញ់ផងដែរ ដូចជារឿងទាក់ទងនឹងអសមត្ថភាពខាងរាងកាយ ស្មារតី ឬអារម្មណ៍ ដែលយើងនាំមកពេលយើងកើតភ្លាម ឬទទួលបាននាពេលជីវិតរមែងស្លាប់នេះ ។ ពីព្រោះតែការរស់ឡើងវិញ នោះយើងដឹងថា អសមត្ថភាពនៃជីវិតរមែងស្លាប់ទាំងនេះគឺគ្រាន់តែមួយរយៈប៉ុណ្ណោះ !
« ការធានានៃការរស់ឡើងវិញក៏ផ្ដល់ដល់យើងនូវគំនិតផ្ដួចផ្ដើមដ៏មានអំណាចមួយដើម្បីកាន់តាមព្រះបញ្ញតិ្តរបស់ព្រះ ពេលយើងមានជីវិតរមែងស្លាប់នេះ » ( « Resurrection » Ensign, ខែ ឧសភា ឆ្នាំ ២០០០ ទំព័រ ១៥ ) ។
-
ហេតុអ្វីបានជាវាសំខាន់សម្រាប់យើងម្នាក់ៗដើម្បីអភិវឌ្ឍទីបន្ទាល់មួយអំពីភាពពិតនៃការរស់ឡើងវិញ ? ( សិស្សគួររកឃើញនូវគោលលទ្ធិដូចខាងក្រោម ៖ ដោយសារតែការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងអាចមានសេចក្ដីសង្ឃឹម និងការរំពឹងទុកដ៏អស់កល្ប នៅពេលយើងប្រឈមមុខនឹងឧបសគ្គនានា និងការលំបាកនៃជីវិត ) ។
-
តើការយល់ពីការរស់ឡើងវិញបាននាំមកនូវសេចក្ដីសង្ឃឹម ឬ សេចក្ដីអំណរដល់អ្នក ឬ អ្នកណាម្នាក់ដែលអ្នកស្គាល់ដោយរបៀបណា ?
សូមចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ដេវីឌ អូ មិកឃេ ( ១៨៧៣–១៩៧០) ៖
« រយៈពេលពីរឆ្នាំកន្លះ [ ពួកសាវក ] ត្រូវបានលើកតម្កើង និងបំផុសគំនិតដោយវត្តមានរបស់ព្រះគ្រីស្ទ ។ ប៉ុន្ដែ ពេលនេះទ្រង់បានទៅវិញហើយ ។ ពួកលោកបាននៅម្នាក់ឯក ហើយពួកលោកមើលទៅហាក់ដូចជាភាន់ច្រឡំ និងគ្មានជំនួយ ។ …
« តើអ្វី ទៅដែលបានផ្លាស់ប្ដូរសាវកទាំងនេះភ្លាមៗឲ្យក្លាយជាអ្នកផ្សព្វផ្សាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដ៏មានទំនុកចិត្ត ក្លាហាន មានវីរៈភាព ? វាគឺជាវិវរណៈដែលព្រះគ្រីស្ទបានក្រោកឡើងពីផ្នូរ » ( Teachings of Presidents of the Church: David O. McKay [ ឆ្នាំ ២០០៣ ] ទំព័រ ៦២ ) ។
សូមអញ្ជើញឲ្យសិស្សសញ្ជឹងគិតពីនរណាម្នាក់ដែលពួកគេស្គាល់ ដែលអាចត្រូវបានពង្រឹងដោយការស្ដាប់តាមសារលិខិតនៃការរស់ឡើងវិញ ។ សូមលើកទឹកចិត្តសិស្សឲ្យរកពេលមួយនៅពេលខាងមុខនេះ ដើម្បីពិភាក្សាពីអារម្មណ៍ និងទីបន្ទាល់របស់ពួកគេជាមួយនឹងបុគ្គលនោះ ។
ការអានរបស់សិស្ស
-
ដាល្លិន អេក អូក « Resurrection »Ensign, ខែ ឧសភា ឆ្នាំ ២០០០ ទំព័រ ១៤–១៦ ។