ការហៅ​ក្នុង​បេសកកម្ម
ជំពូក​ទី ៣ ៖ មេរៀនទី ១—សារលិខិត​នៃ​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ


« ជំពូក​ទី ៣ ៖ មេរៀនទី ១—សារលិខិត​នៃ​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ » ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសន៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ ២០២៣ )

« ជំពូក​ទី ៣ ៖ មេរៀន​ទី ១ » ប្រកាស​ដំណឹងល្អ​របស់​យើង

ជំពូក​ទី ៣ ៖ មេរៀនទី ១

សារលិខិត​នៃ​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ

រូបភាព
ការនិមិត្ត​ដំបូង

មនុស្ស​អាច​ងឿងឆ្ងល់

  • តើ​ពិត​ជា​មាន​ព្រះ​ឬ ?

  • តើ​ខ្ញុំ​អាច​មាន​អារម្មណ៍​កាន់តែ​ខិតជិត​នឹង​ព្រះដោយ​របៀប​ណា ?

  • តើ​ខ្ញុំ​អាច​រៀន​ពី​សេចក្ដី​ពិត​ក្នុង​ពិភពលោក​ដ៏​ច្របូកច្របល់​សព្វថ្ងៃ​ដោយ​របៀប​ណា ?

  • តើ​សាសនា​អាច​ជួយ​ខ្ញុំ​បាន​ដោយ​របៀប​ណា ?

  • ហេតុអ្វី​បាន​ជា​មាន​ព្រះវិហារ​ច្រើន​ម្ល៉េះ ?

  • ហេតុអ្វី​ខ្ញុំ​ជួប​បញ្ហា​ច្រើន​ម្ល៉េះ ?

  • តើ​ខ្ញុំ​អាច​រក​បាន​សេចក្ដី​សុខសាន្ត​ក្នុង​គ្រា​ដែល​ច្របូក​ច្របល់​ដោយ​របៀប​ណា ?

  • តើ​ខ្ញុំ​អាច​កាន់តែ​សប្បាយចិត្ត​ដោយ​របៀប​ណា ?

  • តើ​ព្យាការី​អាច​ជួយ​ពិភពលោក​សព្វថ្ងៃ​នេះ​ដោយ​របៀប​ណា ?

ចាប់តាំង​ពី​ដើម​កំណើត​ពិភពលោក​មក ព្រះ​បាន​បើក​សម្តែង​ដំណឹងល្អ​ដល់​បុត្រាបុត្រី​របស់​ទ្រង់​តាមរយៈ​ពួក​ព្យាការី ។ ទ្រង់​បាន​ធ្វើ​ការ​នេះ​តាម​រយៈ​ព្រះ​រាជបុត្រា​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ តាំងពី​បុរាណ ព្រះយេស៊ូវ​បាន​បើកសម្តែង​ដំណឹងល្អ​ដល់​ពួក​ព្យាការី​ដូចជា អ័ដាម ណូអេ អ័ប្រាហាំ និង​ម៉ូសេ ។ ប៉ុន្តែ​មនុស្ស​ជាច្រើន​បាន​បដិសេធ​ដំណឺងល្អ​នេះ ។

ពីរ​ពាន់​ឆ្នាំ​មុន ព្រះយេស៊ូវ​គ្រីស្ទ​ទ្រង់​ផ្ទាល់​បានបង្រៀន​ដំណឹងល្អ​របស់ទ្រង់ ហើយ​បានបង្កើត​សាសនាចក្រ​របស់​ទ្រង់ ។ ប្រជាជន​ថែម​ទាំង​បដិសេធ​ព្រះយេស៊ូវ​ផង​ដែរ ។ មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​ការសុគត​របស់​ទ្រង់ មាន​នូវ​ការរីករាលដាល​នៃ​ការធ្លាក់​ចេញពី​សេចក្តីពិត និង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ ភាពពេញលេញ​នៃ​ដំណឹងល្អ និង​សិទ្ធិអំណាច​បព្វជិតភាព​មិន​មាន​នៅលើ​ផែនដី​ទៀត​ទេ ។

ជា​ច្រើន​សតវត្ស​ក្រោយមក ព្រះ​បាន​ហៅ​ព្យាការី​ម្នាក់​ទៀត​គឺ យ៉ូសែប ស្ម៊ីធ ។ ព្រះ​បាន​ស្ដារ​ភាពពេញលេញ​នៃ​ដំណឹងល្អ​ឡើង​វិញ​តាមរយៈ​លោក ហើយ​បាន​អនុញ្ញាត​ឲ្យ​លោក​រៀបចំ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ម្ដង​ទៀត ។

ការ​មាន​ភាពពេញលេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅលើ​ផែនដី គឺជា​ពរជ័យ​ដ៏​អស្ចារ្យ​មួយ​នៃ​សម័យ​របស់​យើង ។ ដំណឹងល្អ​ជួយ​យើង​ឆ្លើយ​សំណួរ​ដែល​ត្រូវបាន​គេ​សួរ​ច្រើន​បំផុត​ក្នុង​ជីវិត ។ ពួក​ព្យាការី​ដែល​នៅរស់​ដឹកនាំ​យើង​ឆ្លងកាត់​គ្រា​លំបាក​ជាច្រើន ។ សិទ្ធិអំណាច​បព្វជិតភាព​នៃ​ព្រះ​គឺ​មាន​នៅលើ​ផែនដី​ជា​ថ្មី​ម្តងទៀត ដើម្បី​ផ្ដល់​ពរ​ដល់​បុត្រាបុត្រី​របស់​ទ្រង់ ។

រូបភាព
អ្នកផ្សព្វផ្សាយ​សាសនា​កំពុង​បង្រៀន​គ្រួសារ​មួយ

យោបល់​សម្រាប់​ការបង្រៀន

ផ្នែក​នេះ​ផ្តល់​នូវ​គ្រោង​គំរូ ដើម្បី​ជួយ​អ្នក​រៀបចំ​បង្រៀន ។ វា​ក៏​រួម​បញ្ចូល​ផងដែរ​នូវ​ឧទាហរណ៍​នៃ​សំណួរ និង​ការអញ្ជើញ​ដែល​អ្នក​អាច​ប្រើ ។

នៅពេល​អ្នក​រៀបចំ​បង្រៀន សូម​ពិចារណា​អំពី​ស្ថានភាព និង​តម្រូវការ​ខាង​វិញ្ញាណ​របស់​មនុស្ស​ម្នាក់ៗ​ដោយ​ការអធិស្ឋាន ។ សូម​សម្រេច​ចិត្ត​ថាតើ​អ្វី​ដែល​មាន​អត្ថប្រយោជន៍​បំផុត​ដើម្បី​បង្រៀន ។ សូម​រៀបចំ​ដើម្បី​ឲ្យ​និយមន័យ​នៃ​ពាក្យ​ដែលអ្នករៀន​ប្រហែលជា​មិន​យល់ ។ សូម​រៀបចំ​ផែនការ​ទៅ​តាម​ពេលវេលា​ដែល​អ្នក​មាន ដោយ​ចងចាំ​ថា ត្រូវ​បង្រៀន​មេរៀន​ដោយ​សង្ខេបៗ ។

សូម​ជ្រើសរើស​បទគម្ពីរ​ដើម្បី​ប្រើ​ពេល​អ្នក​បង្រៀន ។ « មូលដ្ឋានគ្រឹះ​នៃ​គោលលទ្ធិ » ផ្នែក​នៃ​មេរៀន​នេះ រួម​មាន​បទគម្ពីរ​ដែល​មាន​អត្ថប្រយោជន៍​ជាច្រើន ។

សូម​ពិចារណា​ថាតើ​សំណួរ​ណា​ដែល​ត្រូវ​សួរ​នៅពេល​អ្នក​បង្រៀន ។ សូម​ដាក់​ផែនការ​ដើម្បី​ផ្ដល់​ការអញ្ជើញ ដែល​នឹង​លើក​ទឹក​ចិត្ត​មនុស្ស​ម្នាក់ៗ​ឲ្យ​ធ្វើ​សកម្មភាព ។

សង្កត់ធ្ងន់​លើ​ពរជ័យ​ដែល​បាន​សន្យា​របស់​ព្រះ ហើយ​ចែកចាយ​ទីបន្ទាល់​របស់អ្នក​អំពី​អ្វី​ដែល​អ្នក​បង្រៀន ។

អ្វី​ដែល​អ្នក​អាច​បង្រៀន​អ្នក​រៀន​ក្នុង​រយៈពេល ១៥–២៥ នាទី

សូម​ជ្រើសរើស​គោលការណ៍​ដូច​ខាងក្រោម​មួយ ឬ​ច្រើន​មក​បង្រៀន ។ មូលដ្ឋានគ្រឹះ​នៃ​គោលលទ្ធិ​សម្រាប់​គោលការណ៍​នីមួយៗ​ត្រូវ​បាន​ផ្តល់​ជូន​បន្ទាប់ពី​គម្រោង​នេះ ។

ព្រះ​ជា​ព្រះវរបិតា​សួគ៌​ដែលពេញ​ដោយ​ក្ដី​ស្រឡាញ់​របស់​យើង

  • ព្រះ​គឺជា​ព្រះវរបិតាសួគ៌​របស់​យើង ហើយ​យើង​គឺជា​បុត្រាបុត្រី​របស់​ទ្រង់ ។ ទ្រង់បាន​បង្កើត​យើង​តាម​រូប​អង្គ​ទ្រង់ ។

  • ព្រះ​ស្គាល់​យើង​ដោយ​ផ្ទាល់ និង​ស្រឡាញ់​យើង ។

  • ព្រះ​មាន​ព្រះកាយ​ជា​សាច់ និងឆ្អឹង​ដែល​មាន​សិរី​រុងរឿង​យ៉ាង​ល្អ​ឥតខ្ចោះ ។

  • ព្រះ​សព្វ​ព្រះទ័យ​ប្រទានពរ​ដល់​យើង​ឲ្យ​មាន​សេចក្តី​សុខសាន្ត និង​អំណរ​ដ៏​ពេញលេញ ដែល​នឹង​ស្ថិត​នៅ​ដល់​ភាព​អស់កល្ប​ជានិច្ច ។

  • ដោយសារ​តែ​ព្រះ​ស្រឡាញ់​យើង នោះ​ទ្រង់បាន​បញ្ជូន​ព្រះរាជបុត្រា​របស់ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ​ឲ្យ​មកប្រោសលោះ​យើង​ពី​អំពើ​បាប និង​សេចក្តីស្លាប់ ។

ព្រះ​បើក​សម្តែង​ដំណឹងល្អ​តាម​រយៈ​ព្យាការី​នៅ​គ្រប់គ្រា​កាន់កាប់​ត្រួតត្រា

  • ព្រះ​ត្រាស់​ហៅ​ពួកព្យាការី​ឲ្យ​ធ្វើ​ជា​តំណាង​របស់​ទ្រង់​នៅ​លើ​ផែនដី ។

  • កាលពី​បុរាណ ព្រះ​បានត្រាស់​ហៅ​ពួកព្យាការី​ដូច​ជា អ័ដាម ណូអេ អ័ប្រាហាំ និង​ម៉ូសេ ។

  • ព្យាការី​ដែល​រស់នៅ​ទទួល​បាន​វិវរណៈ​ពី​ព្រះ ដើម្បី​បង្រៀន និង​ដឹកនាំ​យើង​នៅ​ថ្ងៃ​នេះ ។

ការងារ​បម្រើ និង​ដង្វាយធួន​នៅលើ​ផែនដី​របស់​ព្រះយេស៊ូវ​គ្រីស្ទ

  • ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។

  • អំឡុងពេល​ការងារ​បម្រើ​នៅលើ​ផែនដី​របស់​ទ្រង់ ព្រះ​យេស៊ូវ បាន​បង្រៀន​ដំណឹងល្អ​របស់ទ្រង់ និង​បាន​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់ ។

  • ព្រះ​យេស៊ូវ​បាន​ត្រាស់ហៅ​ពួក​សាវក​ដប់ពីរ​នាក់ និង​បាន​ប្រទាន​សិទ្ធិ​អំណាច​បព្វជិតភាព​ដល់​ពួកលោក​ដើម្បី​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ។

  • នៅ​ចុង​បញ្ចប់​នៃ​ព្រះជន្ម​របស់​ទ្រង់ ព្រះយេស៊ូវ​បាន​ធួន​សម្រាប់​អំពើបាប​របស់យើង​ដោយ​ការរងទុក្ខ​របស់ទ្រង់​នៅក្នុង​សួនច្បារ​កែតសេម៉ានី និង​អំឡុងពេល​នៃ​ការឆ្កាង ។ ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ ។

  • ដោយសារ​ការពលិកម្ម​ដ៏​ធួន​របស់​ព្រះយេស៊ូវ យើង​អាច​ត្រូវ​បាន​អភ័យទោស និង​បាន​ស្អាត​ពី​អំពើបាប​របស់​យើង នៅពេល​យើង​ប្រែចិត្ត ។ ការណ៍នេះ​នាំ​មក​នូវ​សេចក្តី​សុខសាន្ត​ដល់​យើង ហើយ​វា​ធ្វើ​ឲ្យ​យើង​អាច​ត្រឡប់​ទៅ​កាន់​វត្តមាន​របស់​ព្រះ​វិញ ហើយ​ទទួល​បាន​ភាពពេញ​លេញ​នៃ​អំណរ ។

  • ដោយសារ​ការ​មាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះ​យេស៊ូវ យើង​ទាំងអស់​គ្នា​នឹង​រស់ឡើងវិញ​បន្ទាប់ពី​សេចក្តី​ស្លាប់ ។ ការណ៍​នេះ​មាន​ន័យ​ថា វិញ្ញាណ និង​រូបកាយ​របស់​មនុស្ស​ម្នាក់ៗ​នឹង​បាន​រួបរួម​គ្នា​ឡើងវិញ ហើយ​រស់នៅ​ជា​រៀង​រហូត ។

ការធ្លាក់ចុះ

  • បន្ទាប់ពី​ពួក​សាវក​របស់​ព្រះយេស៊ូវ​បាន​ស្លាប់ មាន​នូវ​ការរីករាលដាល​នៃ​ការធ្លាក់ចុះ​ចេញពី​ដំណឹងល្អ និង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។

  • ក្នុង​អំឡុងពេល​នេះ មនុស្ស​បាន​ផ្លាស់ប្តូរ​ការបង្រៀន​ដំណឹងល្អ​ជាច្រើន ។ មនុស្ស​ក៏​បាន​ផ្លាស់ប្តូរ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​ផងដែរ ដូចជា​ពិធីបុណ្យ​ជ្រមុជទឹក​ជាដើម ។ សិទ្ធិអំណាច​បព្វជិតភាព និង​សាសនាចក្រ​ដែល​ព្រះយេស៊ូវ​បាន​ស្ថាបនា​គឺ​លែង​មាន​នៅលើ​ផែនដី​ទៀតហើយ ។

ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ យ៉ូសែប ស្ម៊ីធ

  • យ៉ូសែប ស្ម៊ីធ បាន​ស្វែងរក​ដើម្បី​ដឹង​ថា ព្រះវិហារ​មួយ​ណា​ជា​សាសនាចក្រ​ពិត​របស់​ព្រះ ដើម្បី​លោក​អាច​ចូលរួម ។ ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ​នៅ​ឆ្នាំ ១៨២០ ។ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ហៅ​ថា ការនិមិត្ត​ដំបូង ។

  • ព្រះ​បាន​ហៅ​យ៉ូសែប ស្ម៊ីធ ឲ្យ​ធ្វើ​ជា​ព្យាការី គឺ​ដូច​ជា​ទ្រង់​បាន​ហៅ​ពួក​ព្យាការី​នៅ​សម័យ​ដើម​ដែរ ។

  • ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​ស្តារឡើង​វិញ​តាមរយៈ ព្យាការី យ៉ូសែប ស្ម៊ីធ ។

  • អ្នកនាំសារ​សួគ៌ា​ផ្សេង​ទៀត​បាន​ស្ដារបព្វជិតភាព​ឡើងវិញ ហើយ​យ៉ូសែប​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រៀបចំ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ព្រះយេស៊ូវ​គ្រីស្ទ​បន្ត​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​សព្វ​ថ្ងៃ​នេះ តាមរយៈ​ពួក​ព្យាការី និង​ពួក​សាវក​ដែល​រស់នៅ ។

ព្រះគម្ពីរ​មរមន ៖ ជា​សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

  • ព្រះគម្ពីរ​មរមន​គឺជា​កម្រង​នៃ​ព្រះគម្ពីរ​ដែល​បាន​សរសេរ​នៅ​សម័យ​បុរាណ​ដោយ​ពួក​ព្យាការី​នៅ​ទ្វីបអាមេរិក ។ យ៉ូសែប ស្ម៊ីធ បាន​បក​ប្រែ​ព្រះគម្ពីរ​នេះ​ដោយ​អំណោយទាន និង ព្រះចេស្ដា​របស់​ព្រះ ។

  • ជាមួយ​នឹង​ព្រះគម្ពីរ​ប៊ីប ព្រះគម្ពីរមរមន​ផ្តល់​នូវ​សាក្សី​អំពី​ការងារបម្រើ ការបង្រៀន និង​បេសកកម្ម​របស់​ព្រះយេស៊ូវ​ក្នុងនាម​ជា​ព្រះអង្គ​សង្គ្រោះ​របស់យើង ។

  • យើង​អាច​ខិត​ទៅ​កាន់តែ​ជិត​ព្រះ​តាមរយៈ​ការ​អាន​ព្រះគម្ពីរ​មរមន ហើយ​គោរព​តាម​សិក្ខាបទ​របស់​ព្រះគម្ពីរ​នេះ ។

  • យើង​អាច​ដឹង​ថា ព្រះគម្ពីរ​មរមន​គឺជា​ព្រះបន្ទូល​របស់​ព្រះ តាមរយៈ​ការអាន​វា ការសញ្ជឹងគិត​ពី​វា និង​ការអធិស្ឋាន​អំពី​វា ។ ដំណើរការ​នេះ​ក៏​នឹង​ជួយ​យើង​ឲ្យ​ដឹង​ថា យ៉ូសែប ស៊្មីធ​គឺជា​ព្យាការី​របស់​ព្រះ​ផងដែរ ។

អធិស្ឋាន​ដើម្បី​ដឹង​សេចក្តី​ពិត​តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ

  • ការអធិស្ឋាន​គឺជា​ការប្រាស្រ័យ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ព្រះ និង​បុត្រាបុត្រី​របស់​ទ្រង់ ។

  • តាមរយៈ​ការអធិស្ឋាន​ដោយ​ស្មោះ យើង​អាច​ដឹង​ថា សារលិខិត​នៃ​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ពិត ។

  • នៅពេល​យើង​អធិស្ឋាន ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន និង​បញ្ជាក់​សេចក្តីពិត​ដល់​យើង ។

រូបភាព
ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​កំពុង​បង្រៀន​ពួក​យុវជន

សំណួរ​ដែល​អ្នក​អាច​សួរ​ទៅ​មនុស្ស

សំណួរ​ដូច​តទៅ​នេះ​គឺជា​ឧទាហរណ៍​នានា​ពី​អ្វី​ដែល​អ្នក​អាច​សួរ​ទៅកាន់​មនុស្ស ។ សំណួរ​ទាំងនេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​ការសន្ទនា​ប្រកប​ដោយ​អត្ថន័យ និង​យល់​ពី​តម្រូវការ និង​ទស្សនៈ​របស់​បុគ្គល​ម្នាក់ ។

  • តើ​អ្នក​ជឿអ្វី​ខ្លះ​អំពី​ព្រះ​ ?

  • តើ​ការ​មាន​អារម្មណ៍​ជិតស្និទ្ធ​នឹង​ព្រះជួយ​អ្នក​ដោយ​របៀប​ណា ?

  • តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ? តើ​ព្រះជន្ម​របស់ទ្រង់ និង ការបង្រៀន​របស់​ទ្រង់​បាន​ជះឥទ្ធិពល​ដល់​អ្នក​ដោយ​របៀប​ណា ?

  • តើ​អ្នក​រកឃើញ​ចម្លើយ​គួរ​ឲ្យ​ទុកចិត្ត​បាន​ដោយ​របៀប​ណា​នៅក្នុង​ពិភពលោក​ដែល​ច្របូកច្របល់​សព្វ​ថ្ងៃ​នេះ ?

  • តើ​វា​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ថា​មាន​ព្យាការី​នៅរស់​លើ​ផែនដី​សព្វថ្ងៃ​នេះ​ដោយ​របៀប​ណា ?

  • តើ​អ្នក​ធ្លាប់​ឮ​ពី​ព្រះគម្ពីរ​មរមន​ដែរ​ឬ​ទេ ? តើ​យើង​អាច​ចែកចាយ​ថាតើ​ហេតុអ្វី​បាន​ជា​វា​សំខាន់​បាន​ដែរ​ឬ​ទេ ?

  • តើ​អ្នក​អាច​ចែកចាយ​ជំនឿ​របស់​អ្នក​អំពី​ការអធិស្ឋាន​បាន​ដែរ​ឬ​ទេ ? តើ​យើង​អាច​ចែកចាយ​ជំនឿ​របស់យើង​អំពី​ការអធិស្ឋាន​បាន​ដែរ​ឬ​ទេ ?

ការអញ្ជើញ​ដែល​អ្នក​អាច​ធ្វើ

  • តើ​អ្នក​នឹង​ទូល​សួរ​ព្រះ​ក្នុង​ការអធិស្ឋាន​ដើម្បី​ជួយ​អ្នក​ឲ្យ​ដឹង​ថា​អ្វី​ដែល​ពួកយើង​បាន​បង្រៀន​គឺជា​ការពិត​ដែរ​ឬ​ទេ ? ( សូមមើល « ការយល់ដឹង​អំពី​គោលលទ្ធិ ៖ ការអធិស្ឋាន » នៅក្នុង​ផ្នែក​ចុងក្រោយ​នៃ​មេរៀន​នេះ ) ។

  • តើ​អ្នក​នឹង​ទៅ​ព្រះវិហារ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដើម្បី​រៀន​បន្ថែម​អំពី​អ្វី​ដែល​ពួក​ខ្ញុំ​បាន​បង្រៀន​ដែរ​ឬ​ទេ ?

  • តើ​អ្នក​នឹង​អាន​ព្រះគម្ពីរ​មរមន ហើយ​អធិស្ឋាន​ដើម្បី​ដឹង​ថា​វា​ជា​ព្រះបន្ទូល​របស់​ព្រះ​ដែរ​ឬ​ទេ ? ( អ្នក​អាច​ណែនាំ​ជំពូក ឬ​ខគម្ពីរ​ជាក់លាក់ ) ។

  • តើ​អ្នក​នឹង​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ ហើយ​ទទួល​បុណ្យជ្រមុជទឹក​ដែរ​ឬ​ទេ ? ( សូមមើល « ការអញ្ជើញ​ឲ្យ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ » ដែល​ធ្វើ​ឡើង​ភ្លាមៗ​មុន​មេរៀននេះ ) ។

  • តើ​ពួកខ្ញុំ​អាច​កំណត់ពេល​វេលា​សម្រាប់​ណាត់ជួប​លើក​ក្រោយ​បាន​ដែរ​ឬ​ទេ ?

មូលដ្ឋានគ្រឹះ​នៃ​គោលលទ្ធិ

ផ្នែក​នេះ​ផ្តល់​នូវ​គោលលទ្ធិ និង​បទគម្ពីរ​សម្រាប់​អ្នក​ដើម្បី​សិក្សា ដើម្បី​ពង្រឹង​ចំណេះដឹង និង​ទីបន្ទាល់​របស់អ្នក​អំពី​ដំណឹងល្អ និង​ដើម្បី​ជួយ​អ្នក​បង្រៀន ។

រូបភាព
គ្រួសារ

ព្រះ​ជា​ព្រះវរបិតា​សួគ៌​ដែលពេញ​ដោយ​ក្ដី​ស្រឡាញ់​របស់​យើង

ព្រះ​គឺជា​ព្រះវរបិតាសួគ៌​របស់​យើង ហើយ​យើង​គឺជា​បុត្រាបុត្រី​របស់​ទ្រង់ ។ ទ្រង់បាន​បង្កើត​យើង​តាម​រូប​អង្គ​ទ្រង់ ។ ទ្រង់​មាន « ព្រះ​កាយ​ជា​សាច់ និង​ឆ្អឹង ដែល​ជាក់​ស្ដែង​ដូច​ជា​រូប​កាយ​មនុស្ស » ដ៏​រុងរឿង និង​ឥត​ខ្ចោះ ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣០:២២ ) ។

ព្រះ​ស្គាល់​យើង​ដោយ​ផ្ទាល់ ហើយ​ទ្រង់​ស្រឡាញ់​យើង​លើស​ពី​យើង​អាច​យល់​បាន​ទៅ​ទៀត ។ ទ្រង់​យល់​ពី​ការសាកល្បង ទុក្ខព្រួយ និង​ភាពទន់​ខ្សោយ​របស់យើង ហើយ​ទ្រង់​ប្រទាន​ការគាំទ្រ​ដល់យើង​តាមរយៈ​អ្វីៗ​ទាំងនេះ ។ ទ្រង់​រីករាយ​នឹង​ការរីកចម្រើន​របស់​យើង ហើយ​នឹង​ជួយ​យើង​ធ្វើ​ការជ្រើសរើស​ត្រឹមត្រូវ ។ ទ្រង់​ចង់​ទាក់ទង​នឹង​យើង ហើយ​យើង​អាច​ទាក់ទង​នឹង​ទ្រង់​តាមរយៈ​ការអធិស្ឋាន ។

ព្រះ​បាន​ប្រទាន​ឲ្យ​យើង​នូវ​បទពិសោធ​នេះ​នៅ​លើ​ផែនដី ដើម្បី​ឲ្យ​យើង​អាច​រៀន រីកចម្រើន និង​ប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់ ។ ដោយ​សេចក្តីស្រឡាញ់​ដ៏​ឥតខ្ចោះ ទ្រង់​ចង់​ឲ្យ​យើង​ត្រឡប់​ទៅ​រក​ទ្រង់​វិញ បន្ទាប់ពី​យើង​ស្លាប់ ។ ទោះជា​យ៉ាងណា​ក៏​ដោយ យើង​មិន​អាច​ធ្វើ​កិច្ចការ​នេះ​ដោយ​ខ្លួន​ឯង​បាន​ទេ ។ ដោយសារ​តែ​សេចក្តីស្រឡាញ់​របស់​ព្រះ ទ្រង់បាន​បញ្ជូន​ព្រះរាជបុត្រា​របស់ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ​ឲ្យ​មកប្រោសលោះ​យើង ។ « ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ ១… ឲ្យ​លោកីយ៍​បាន​សង្គ្រោះ ដោយ‌សារ​ទ្រង់​វិញ » ( យ៉ូហាន ៣:១៦–១៧ ) ។

ព្រះ​សព្វ​ព្រះទ័យ​ប្រទានពរ​ដល់​យើង​ឲ្យ​មាន​សេចក្តី​សុខសាន្ត និង​អំណរ​ដ៏​ពេញលេញ ដែល​នឹង​ស្ថិត​នៅ​ដល់​ភាព​អស់កល្ប​ជានិច្ច ។ ទ្រង់​បាន​ប្រទាន​ផែនការ​ដែល​ផ្ដល់​ដល់​យើង​នូវ​ឱកាស​ដើម្បី​ទទួល​ពរជ័យ​ទាំងនេះ ។ ផែនការ​នេះ​ត្រូវ​បាន​ហៅ​ថា ផែនការ​នៃ​សេចក្តី​សង្គ្រោះ ( សូមើល មេរៀន​ទី ២ ) ។

ការសិក្សា​ព្រះគម្ពីរ

រៀន​ថែមទៀត​អំពី​គោលការណ៍​នេះ

រូបភាព
ម៉ូសេ និង​ផ្ទាំង​ថ្មដោយ ជេរី ហាស្តុន

ព្រះ​បើក​សម្តែង​ដំណឹងល្អ​តាម​រយៈ​ព្យាការី​នៅ​គ្រប់គ្រា​កាន់កាប់​ត្រួតត្រា

ពួក​ព្យាការី​គឺជា​តំណាង​របស់​ព្រះ​នៅលើ​ផែនដី

របៀប​ដ៏​សំខាន់​មួយ​ដែល​ព្រះ​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​របស់ទ្រង់​ចំពោះ​យើង​គឺ​តាមរយៈ​ការហៅ​ពួកព្យាការី ផ្តល់​សិទ្ធិអំណាច​បព្វជិតភាព​ដល់​ពួកលោក និង​បំផុសគំនិត​ពួកលោក​ឲ្យ​មាន​ប្រសាសន៍​ជំនួស​ទ្រង់ ។ ពួក​ព្យាការី គឺជា​អ្នក​តំណាង​របស់​ទ្រង់​នៅលើ​ផែនដី ។ ព្យាការី​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ អេម៉ុស បាន​កត់ត្រា​ថា « ព្រះយេហូវ៉ា​ទ្រង់​នឹង​មិន​ធ្វើ​អ្វី​ដូច្នោះ​ឡើយ លើកតែ​ទ្រង់​សម្តែង​ឲ្យ​ពួកហោរា​ជា​អ្នក​បម្រើ​ទ្រង់​ឃើញ​គំនិត​លាក់​កំបាំង​របស់​ទ្រង់​ផង » ( អេម៉ុស ៣:៧ ) ។ ពរជ័យ​មួយ​ចំនួន​ដែល​យើង​ទទួល​ពី​ការរស់នៅ​តាម​ពួក​ព្យាការី​គឺ មាន​រៀបរាប់​ដូច​ខាងក្រោម ។

សាក្សី​ពី​ព្រះ​យេស៊ូវគ្រីស្ទ ។ ពួកព្យាការី​គឺជា​សាក្សី​ពិសេស​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ដោយ​ថ្លែទីបន្ទាល់​អំពី​ទ្រង់ ជា​ព្រះអង្គសង្រ្គោះ និង​ព្រះប្រោសលោះ​របស់​យើង ។

ការ​បង្រៀន​ទាំងឡាយ ។ ពួក​ព្យាការី​ទទួល​ការដឹកនាំ​មកពី​ព្រះ​ដើម្បី​ជួយ​យើង​ឲ្យ​ស្គាល់​ខុស និង​ត្រូវ ។ ពួកលោក​បង្រៀន​យើង​ឲ្យ​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ហើយ​ឲ្យ​ប្រែចិត្ត នៅពេល​យើង​ធ្វើ​ខុស ។ ពួក​លោក​ប្រាប់​អំពី​អំពើ​បាប និង​ព្រមាន​អំពី​ផលវិបាក​នៃ​អំពើ​បាប ។

ការបង្រៀន​របស់​ព្យាការី​លើក​យើង​ឡើងឆ្ពោះ​ទៅរក​ព្រះ ហើយ​ជួយ​យើង​ទទួល​ពរជ័យ​ដែល​ទ្រង់​ប្រាថ្នា​ចង់​បាន​សម្រាប់​យើង ។ សុវត្ថិភាព​ដ៏​ធំ​បំផុស​របស់​យើងគឺ​នៅក្នុង​ការធ្វើ​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ដែល​បាន​ផ្ដល់​ពរ​តាម​រយៈ​ពួកព្យាការី​របស់​ទ្រង់ ។

សិទ្ធិ​អំណាច​បព្វជិតភាព ព្យាការី​បច្ចុប្បន្ន​គឺជា​អ្នកកាន់​បព្វជិតភាព​ជា​អធិបតី​នៅលើ​ផែនដី ។ បព្វជិតភាព​គឺជា​សិទ្ធិ​អំណាច និង​ជា​អំណាច​របស់ព្រះ ។ ព្យាការី​មាន​សិទ្ធិអំណាច​ក្នុងការ​មាន​ប្រសាសន៍ និង​ធ្វើ​សកម្មភាព​ក្នុង​ព្រះនាម​របស់​ព្រះ​សម្រាប់​សេចក្តី សង្រ្គោះ​នៃ​បុត្រាបុត្រី​របស់​ព្រះ ។

ទិសដៅ​របស់​សាសនាចក្រ ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បាន​ស្ថាបនា​ឡើង​នៅលើ​មូលដ្ឋាន​នៃ​ព្យាការី និង​សាវក ( សូមមើល អេភេសូរ ២:១៩–២០; ៤:១១–១៤ ) ។

ពួក​ព្យាការី​នៅ​សម័យ​បុរាណ

លោក​អ័ដាម​គឺជា​ព្យាការី​ដំបូង​នៅ​លើផែន​ដី​នេះ ។ ព្រះ​បាន​បើក​សម្ដែង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដល់​លោក ហើយ​បាន​ប្រទាន​សិទ្ធិអំណាច​បព្វជិតភាព​ដល់​លោក ។ លោក​អ័ដាម និង​នាង​អេវ៉ា​បាន​បង្រៀន​កូនចៅ​របស់​ពួកលោក​នូវ​សេចក្តីពិត​ទាំងនេះ ហើយ​បាន​លើកទឹកចិត្ត​ពួកគេ​ឲ្យ​អភិវឌ្ឍ​សេចក្តីជំនឿ និង​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ ។

នៅ​ទីបំផុត កូនចៅ​របស់​លោក​អ័ដាម និង​នាង​អេវ៉ា​បានបះបោរ ហើយ​បែរចេញ​ពី​ដំណឹងល្អ ។ ការណ៍នេះ​នាំ​ឲ្យ​មាន​ស្ថានភាព​មួយ​ដែល​ហៅ​ថា​ការក្បត់​សាសនា ឬ​ការធ្លាក់ចុះ ។ នៅពេល​មាន​ការរីករាលដាល​នៃ​ការក្បត់សាសនា​កើតឡើង ព្រះ​ដក​សិទ្ធិអំណាច​បព្វជិតភាព​របស់​ទ្រង់ ដែល​ចាំបាច់​ដើម្បី​បង្រៀន និង​ធ្វើ​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ ។

ព្រះ​គម្ពីរ​សញ្ញា​ចាស់​កត់ត្រា​ពី​ឧទាហរណ៍​ជាច្រើន​ពី​ការរីករាលដាល​នៃ​ការក្បត់​សាសនា ។ ដើម្បី​បញ្ចប់​សម័យ​កាល​ទាំងនេះ ព្រះ​បានឈោង​ទៅរក​បុត្រាបុត្រី​របស់​ទ្រង់ ដោយ​ហៅ​ព្យាការី​ម្នាក់​ទៀត ។ លោក​បាន​បើក​សម្ដែង​សេចក្ដីពិត​នៃ​ដំណឹងល្អ​ជាថ្មី​ដល់​ពួក​ព្យាការី​ទាំងនេះ ហើយ​បាន​ផ្ដល់​សិទ្ធិអំណាច​បព្វជិតភាព​ដល់​ពួកលោក ។ ពួក​ព្យាការី​មួយ​ចំនួន​ក្នុង​ចំណោម​ពួក​ព្យាការី​ទាំង​នេះ គឺ​ណូអេ អ័ប្រាហាំ និង​ម៉ូសេ ។ គួរ​ឲ្យ​សោកស្តាយ តាម​លំនាំ​ដដែលៗ យូរៗ​ទៅ​មនុស្ស​បាន​បដិសេធ​ព្យាការី ហើយ​បាន​បោះបង់ចោល​សាសនា ។

ការសិក្សា​ព្រះគម្ពីរ

រៀន​ថែមទៀត​អំពី​គោលការណ៍​នេះ

  • សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ៖ « ព្យាការី »

  • Gospel Topics ៖ « Prophets » « Restoration of the Church »

រូបភាព
ឱ ! ព្រះបិតា ដោយ ស៊ីម៉ូន ឌីវី

ការងារ​បម្រើ និង​ដង្វាយធួន​នៅលើ​ផែនដី​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។ ព្រះយេស៊ូវ និង ដង្វាយធួន​របស់ទ្រង់ គឺជា​ចំណុច​សំខាន់​នៃ​ផែនការ​របស់​ព្រះ​សម្រាប់​យើង ។ ដង្វាយធួន​របស់​ទ្រង់​រួម​ទាំង​ការរងទុក្ខ​របស់​ទ្រង់​នៅក្នុង​សួនច្បារ​គែតសេម៉ានី ការរងទុក្ខ និង​ការសុគត​របស់​ទ្រង់​នៅ​លើ​ឈើឆ្កាង និង​ការ​មាន​ព្រះជន្ម​រស់ឡើង​វិញ​របស់​ទ្រង់ ។

តាំងពី​សម័យ​លោក​អ័ដាម និង​នាង​អេវ៉ា មនុស្ស​ទន្ទឹង​រង់ចាំ​ការយាង​មក​របស់​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ និង​ជា​ព្រះប្រោសលោះ​របស់​ពួកគេ ។ ព្រះវរបិតាសួគ៌​បាន​បញ្ជូន​ព្រះយេស៊ូវ​មក​ផែនដី​ជាង ២,០០០ ឆ្នាំមុន ។

ព្រះ​យេស៊ូវ​បាន​រស់នៅ​ក្នុង​ព្រះជន្ម​ដ៏​ឥតខ្ចោះ ដែល​គ្មាន​បាប ។ ទ្រង់​បាន​បង្រៀន​ដំណឹង​ល្អ​របស់​ទ្រង់ ហើយ​បាន​បង្កើត​សាសនាចក្រ​របស់​ទ្រង់ ។ ទ្រង់​បាន​ហៅ​សាវក​ដប់ពីរ​រូប ហើយ​បាន​ប្រទាន​សិទ្ធិអំណាច​បព្វជិតភាព​ដល់​ពួកគេ​ដើម្បី​បង្រៀន និង​ធ្វើ​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ ដូចជា​ពិធីបុណ្យ​ជ្រមុជទឹក​ជាដើម ។ ទ្រង់​ក៏​បាន​ប្រទាន​សិទ្ធិអំណាច​ដល់​ពួកលោក​ដើម្បី​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​ផងដែរ ។

នៅ​ចុង​បញ្ចប់​នៃ​ព្រះជន្ម​របស់ទ្រង់ ព្រះយេស៊ូវ​បាន​ធួន​សម្រាប់​អំពើ​បាប​របស់យើង ដោយ​ការរងទុក្ខ​របស់ទ្រង់​នៅ​សួនច្បារ​គែតសេម៉ានី និង​អំឡុង​ពេល​ការឆ្កាង​របស់​ទ្រង់ ។ ដោយសារតែ​ការពលិកម្ម​ដ៏​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​អាច​ទទួល​បាន​ការអភ័យទោស​ពី​អំពើបាប​របស់​យើង ពេល​យើង​ប្រែចិត្ត ។ ការណ៍​នេះ​នាំ​ឲ្យ​យើង​អាច​ត្រឡប់​ទៅ​កាន់​វត្តមាន​របស់​ព្រះ​វិញ ហើយ​ទទួល​បាន​ភាពពេញលេញ​នៃ​អំណរ ។

បន្ទាប់ពី​ព្រះយេស៊ូវ​ត្រូវ​បាន​ឆ្កាង ទ្រង់​មាន​ព្រះជន្ម​រស់ឡើង​វិញ ដោយ​ទទួល​បាន​ជ័យ​ជម្នះ​លើ​សេចក្ដី​ស្លាប់​ដោយ​ព្រះចេស្ដា​នៃ​ព្រះ​វរបិតាសួគ៌ ។ ដោយសារ​ការ​មាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះ​យេស៊ូវ នោះ​យើង​ទាំងអស់​គ្នា​នឹង​រស់ឡើងវិញ​បន្ទាប់ពី​សេចក្តី​ស្លាប់​ផងដែរ ។ ការណ៍​នេះ​មាន​ន័យ​ថា វិញ្ញាណ និង​រូបកាយ​របស់​មនុស្ស​ម្នាក់ៗ​នឹង​បាន​រួបរួម​គ្នា​ឡើងវិញ ហើយ​យើង​ម្នាក់ៗ​នឹង​រស់នៅ​ជា​រៀង​រហូត ដោយ​មាន​រូបកាយ​រស់ឡើងវិញ​ដ៏​ឥតខ្ចោះ ។ ( សូមមើល « ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ » នៅក្នុង​មេរៀន​ទី ២ ) ។

រូបភាព
ព្យាការី យ៉ូសែប ស៊្មីធ

ព្យាការី យ៉ូសែប ស៊្មីធ បាន​ប្រកាស​ថា « គោលការណ៍​គ្រឹះ​នៃ​សាសនា​របស់​យើង​គឺជា​ទីបន្ទាល់​របស់​ពួកសាវក និង​ព្យាការី​ទាំងឡាយ​ដែល​ទាក់ទង​ទៅនឹង​ព្រះយេស៊ូវគ្រីស្ទ ថា​ទ្រង់​បាន​សុគត ត្រូវ​បាន​គេបញ្ចុះ​សព និង​បាន​រស់ឡើង​វិញ​ម្ដងទៀត​នៅ​ថ្ងៃទី​បី ហើយ​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌​វិញ ហើយ​រឿង​ផ្សេង​ទៀត​ទាំងឡាយ​ដែល​បាន​ជាប់ទាក់ទង​ទៅ​នឹង​សាសនា​របស់​យើង​គឺ​គ្រាន់តែ​ជា​រឿង​បន្ទាប់បន្សំ​ចំពោះ​ការណ៍​នេះ​ប៉ុណ្ណោះ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៤៩ ) ។

ការសិក្សា​ព្រះគម្ពីរ

រៀន​ថែមទៀត​អំពី​គោលការណ៍​នេះ

ការធ្លាក់ចុះ

បន្ទាប់ពី​ការសុគត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ពួកសាវក​របស់​ទ្រង់​បាន​ព្យាយាម​រក្សា​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ​ឲ្យ​នៅ​បរិសុទ្ធ និង​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​នៅក្នុង​សាសនាចក្រ ។ ទោះ​ជា​យ៉ាង​ណា សមាជិក​សាសនាចក្រ​ជា​ច្រើន​បាន​ងាកចេញ​ពី​ពួក​សាវក និង​ពី​គោលលទ្ធិ​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន ។

បន្ទាប់ពី​ពួក​សាវក​ត្រូវបាន​គេសម្លាប់ មាន​នូវ​ការរីករាលដាល​នៃ​ការធ្លាក់ចុះ​ចេញពី​ដំណឹងល្អ និង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ ការធ្លាក់ចុះ​នេះ ពេល​ខ្លះ​ត្រូវ​បានហៅថា ការក្បត់​សាសនា​ដ៏​ធំ ។ ដោយសារ​តែ​ការធ្លាក់ចុះ​នេះ ព្រះ​បាន​ដក​សិទ្ធិអំណាច​បព្វជិតភាព​ចេញពី​ផែនដី ។ ការបាត់​បង់​នេះ​រួមទាំង​សិទ្ធិអំណាច​ដែល​ត្រូវ​ការ​ដើម្បី​ដឹកនាំ​សាសនាចក្រ ។ ជា​លទ្ធផល សាសនាចក្រ​ដែល​ព្រះយេស៊ូវ​បាន​ស្ថាបនា​ឡើង​លែង​មាន​នៅ​លើ​ផែនដី​ទៀត​ហើយ ។

ក្នុង​អំឡុងពេល​នេះ មនុស្ស​បាន​ផ្លាស់ប្តូរ​ការបង្រៀន​ដំណឹងល្អ​ជាច្រើន ។ ចំណេះដឹង​ជាច្រើន​អំពី​លក្ខណៈ​ពិតប្រាកដ​របស់​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ ត្រូវ​បាន​បំភ្លៃ ឬ​បាត់បង់ ។ មនុស្ស​ក៏​បាន​ផ្លាស់ប្តូរ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​ផងដែរ ដូចជា​ពិធីបុណ្យ​ជ្រមុជទឹក​ជាដើម ។

ជាច្រើន​សតវត្ស​ក្រោយមក បុរស និង​ស្ត្រី​ដែល​ស្វែងរក​សេចក្តីពិត​បាន​ព្យាយាម​កែ​ទម្រង់​ការបង្រៀន និង​ការអនុវត្ត​ដែល​ត្រូវ​បាន​ផ្លាស់ប្តូរ ។ ពួកគេ​បាន​ស្វែងរក​ពន្លឺ​ខាងវិញ្ញាណ​ដ៏​ធំ ហើយ​ពួកគេ​មួយ​ចំនួន​បាននិយាយ​អំពី​តម្រូវការ​សម្រាប់​ការស្ដារ​សេចក្តីពិត​ឡើងវិញ ។ កិច្ច​ខិតខំ​របស់​ពួកគេ​បាន​នាំ​ទៅរក​ការរៀបចំ​ព្រះវិហារ​ជាច្រើន​ឡើង ។

រយៈកាល​នេះ​បាន​បណ្ដាល​ឲ្យ​មាន​ការសង្កត់​ធ្ងន់​លើ​សេរីភាព​ខាង​សាសនា ដែល​បើក​ផ្លូវ​សម្រាប់​ការស្ដារ​ឡើងវិញ​នូ​វ​សេចក្ដីពិត និង​សិទ្ធិអំណាច​មកពី​ព្រះ ។

ពួកព្យាការី និង​ពួក​សាវក​បាន​ប្រាប់​ជា​មុន​អំពី​ការធ្លាក់ចុះ ( សូមមើល ថែស្សាឡូនីច ទី២ ២:១–៣ ) ។ ពួកលោក​ក៏​បាន​ប្រាប់​ជាមុន​ថា ដំណឹងល្អ និង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នឹង​ត្រូវ​បាន​ស្ដារឡើងវិញ​នៅ​លើ​ផែនដី ( សូមមើល កិច្ចការ ៣:២០–២១ ) ។ ប្រសិន​បើ​មិន​មាន​សេចក្តី​ក្បត់សាសនា​ទេ នោះ​ក៏​មិន​ត្រូវការ​ការស្ដារ​ឡើងវិញ​ដែរ ។

ការសិក្សា​ព្រះគម្ពីរ

រៀន​ថែមទៀត​អំពី​គោលការណ៍​នេះ

ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ យ៉ូសែប ស្ម៊ីធ

ការនិមិត្ត​ដំបូង និង​ការហៅ​របស់​យ៉ូសែប ស្ម៊ីធ ជា​ព្យាការី

ក្នុង​អំឡុង​ពេល​ជាច្រើន​សតវត្ស នៅពេល​ដែល​ភាពពេញលេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​មិន​មាន​នៅលើ​ផែនដី ព្រះវរបិតាសួគ៌​បាន​បន្ត​ឈោង​ព្រះហស្ថ​ជួយ​ដល់​បុត្រាបុត្រី​របស់​ទ្រង់ ។ យូរៗ​ទៅ ទ្រង់​បានរៀបចំ​ផ្លូវ​ដើម្បី​ឲ្យ​ពួកគេ​អាច​ទទួល​បាន​ពរជ័យ​ម្តងទៀត​ជាមួយ​នឹង​ភាពពេញលេញ​នៃ​ដំណឹងល្អ​របស់ទ្រង់ ។ នៅពេល​កាលៈទេសៈ​ត្រឹមត្រូវ​មក​ដល់ ទ្រង់​បាន​ហៅ​យ៉ូសែប ស្ម៊ីធ ជា​ព្យាការី ដែល​តាម​រយៈ​លោក​ដំណឹងល្អ និង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នឹង​ត្រូវ​បាន​ស្ដារ​ឡើង​វិញ ។

យ៉ូសែប ស្ម៊ីធ រស់នៅ​ភាគ​ខាងកើត​សហរដ្ឋ​អាមេរិក នៅពេល​ដែល​មាន​សេចក្ដី​រំភើប​ដ៏​ធំ​នេះ ។ សមាជិក​គ្រួសារ​របស់លោក​បាន​ពលិកម្ម​ចំពោះ​ព្រះ ហើយ​ស្វែងរក​សេចក្តីពិត ។ ព្រះវិហារ​ជា​ច្រើន​បាន​អះអាង​ថា​មាន​សេចក្តីពិត ហើយ​យ៉ូសែប ចង់​ដឹង​ថា​ព្រះវិហារ​មួយ​ណា​ត្រូវ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៨ ) ។ ព្រះគម្ពីរ​ប៊ីប​បង្រៀន​ថា​មាន « ព្រះ‌អម្ចាស់​តែ​១ សេចក្ដី​ជំនឿ​តែ​១ បុណ្យ​ជ្រមុជ​តែ​១ » ( អេភេសូរ ៤:៥ ) ។ កាល​យ៉ូសែប​បាន​ចូលរួម​ក្នុង​ព្រះវិហារ​ផ្សេងៗ លោក​មាន​ការយល់​ច្រឡំ​ថា​តើ​ត្រូវ​ចូលរួម​ព្រះវិហារ​មួយ​ណា ។ ក្រោយ​មក លោក​បាន​មាន​ប្រសាសន៍​ដូចនេះ ៖

« មាន​ការ​រំជួល និង​ការ​ឈ្លោះប្រកែក​គ្នា​ជា​ខ្លាំង​ក្នុង​ចំណោម​បក្ស​ពួក​ផ្សេងៗដល់​ម្ល៉េះ​បាន​ជា​ពិបាក​ដល់​ជន​ដូច​រូប​ខ្ញុំ ដែល​នៅ​វ័យ​ក្មេង​…​ឲ្យ​ចេះ​សម្រេច​ចិត្ត​ថា​នរណា​មួយ​ត្រូវ ហើយ​នរណា​មួយ​ខុស​នោះ​ឡើយ ។…

« នៅ​កណ្ដាល​ចម្បាំង​ខាង​ពាក្យ​សំដី និង​ការ​ជ្រួលច្របល់​ខាង​គំនិត​ជឿ​នេះ ខ្ញុំ​តែងតែ​គិត​ក្នុង​ចិត្ត​ខ្ញុំ​ថា ៖ តើ​ត្រូវ​ធ្វើ​អ្វី​ហ្ន៎ ? តើ​បក្ស​ពួក​មួយ​ណា​ទៅ​ដែល​ត្រូវ ឬ​ក៏​គេ​សុទ្ធ​តែ​ខុស​ទាំង​អស់​គ្នា ? បើ​មាន​ក្រុម​ណា​មួយ​ត្រឹម​ត្រូវ តើ​ក្រុម​មួយ​ណា​ទៅ តើ​ខ្ញុំ​អាច​ដឹង​ដោយ​របៀប​ណា ? » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨, ១០ ) ។

ដូចជា​មនុស្ស​ជា​ច្រើន​ដែរ យ៉ូសែប ស្ម៊ីធ ក៏​មាន​សំណួរ​អំពី​សេចក្ដី​សង្គ្រោះ​នៃ​ព្រលឹង​របស់​លោក​ដែរ ។ លោក​ចង់​ឲ្យ​អំពើបាប​របស់​លោក​ត្រូវ​បាន​អភ័យទោស ហើយ​បាន​ស្អាត​នៅ​ចំពោះ​ព្រះ ។ នៅពេល​លោក​បាន​ស្វែងរក​សេចក្តីពិត​នៅក្នុង​ចំណោម​ព្រះវិហារ​ផ្សេង លោក​បាន​អាន​នៅក្នុង​ព្រះគម្ពីរ​ប៊ីប​ថា « តែ​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា​ឥត​បន្ទោស​ផង នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ » ( យ៉ាកុប ១:៥ ) ។

ដោយសារ​វគ្គបទគម្ពីរ​នេះ យ៉ូសែប​បាន​សម្រេច​ចិត្ត​ទូល​សួរ​ព្រះ​អំពី​អ្វី​ដែល​លោក​គួរ​ធ្វើ ។ នៅ​និទាឃរដូវ​ក្នុង​ឆ្នាំ ១៨២០ លោក​បាន​ចូល​ទៅ​ក្នុង​ព្រៃ​នៅ​ជិត​ផ្ទះ​របស់​លោក ហើយ​បាន​លុតជង្គង់​អធិស្ឋាន ។ មាន​ដំណើររឿង​ចំនួន​បួន​នៃ​ការនិមិត្ត​ដែល​យ៉ូសែប ស្ម៊ីធ ឬ​ដោយ​ពួក​អាចារ្យ​ក្រោម​ការដឹកនាំ​របស់​លោក​បាន​កត់ត្រា ( សូមមើល​សំណេរ​ប្រធានបទ​ដំណឹងល្អ « ដំណើរ​រឿង​អំពី​ការនិមិត្ត​ដំបូង » ) ។ នៅក្នុង​ដំណើររឿង​ដែល​បាន​ប្រកាស​ជា​បទគម្ពីរ លោក​បាន​ពិពណ៌នា​បទពិសោធន៍​របស់​លោក​ដូច​តទៅ ៖

រូបភាព
ការនិមិត្ត​ដំបូង ដោយ លីនដា គ្រីស្ទានសិន និង ម៉ៃឃើល ម៉លម៍

« ខ្ញុំ​បានឃើញ​បង្គោល​ពន្លឺ​មួយ​នៅចំ​លើ​ក្បាល​ខ្ញុំ មាន​រស្មី​ចែងចាំង​លើស​ជាង​សុរិយា​ទៅ​ទៀត ដែល​ចុះ​សន្សឹមៗ​មក​ចំលើ​រូបខ្ញុំ ។… កាល​ពន្លឺ​ស្ថិត​ចំ​ពី​លើ​រូប​ខ្ញុំ ខ្ញុំ​បាន​ឃើញ​តួអង្គ​ពីរ​ដែល​មាន​រស្មី និង សិរីរុងរឿង​ដែល​ពុំ​អាច​ពណ៌នា​បាន​ឈរ​នៅ​អាកាស​ពី​លើ​រូប​ខ្ញុំ ។ តួអង្គ​មួយ​មាន​ព្រះបន្ទូល​មក​ខ្ញុំ ដោយ​ហៅ​ខ្ញុំ​តាម​ឈ្មោះ ហើយ​ចង្អុល​ទៅ​តួអង្គ​មួយ​ទៀត ដោយ​មាន​ព្រះបន្ទូល​ថា—នេះ​ជា​ព្រះរាជ​បុត្រា​ដ៏​ស្ងួនភ្ងា​របស់​យើង ។ ចូរ​ស្ដាប់​ទ្រង់​ចុះ !» ( យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:១៦–១៧ ) ។

នៅក្នុង​ការនិមិត្ត​នេះ ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​របស់ទ្រង់​គឺ ព្រះយេស៊ូវ​គ្រីស្ទ បាន​បង្ហាញ​ព្រះកាយ​ទ្រង់​ដល់​យ៉ូសែប ស្ម៊ីធ ។ ព្រះអង្គ​សង្គ្រោះ​បាន​ប្រាប់​លោក​ពុំ​ឲ្យ​ចូលរួម​ព្រះវិហារ​ណា​មួយ​ឡើយ ។

នៅ​ក្នុង​ដំណើររឿង​ផ្សេង​ទៀត​នៃ​ការនិមិត្ត​នេះ យ៉ូសែប បាន​ចែកចាយ​ថា ព្រះអង្គសង្រ្គោះ​ក៏​បាន​ប្រាប់​លោក​ថា ៖ « អំពើបាប​របស់​កូន​ត្រូវបាន​អត់ទោស​ហើយ ។… មើលចុះ យើង​ជា​ព្រះអម្ចាស់​នៃ​សិរី​រុងរឿង ។ យើង​ត្រូវ​គេ​ឆ្កាង​ដើម្បី​លោកិយ ដើម្បី​មនុស្ស​ទាំងអស់​ដែល​ជឿ​លើ​ព្រះនាម​យើង​អាច​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ។

បន្ទាប់ពី​ការនិមិត្ត​នេះ យ៉ូសែប បាន​សញ្ជឹងគិត​ថា « ព្រលឹង​ខ្ញុំ​បាន​ពោរពេញ​ដោយ​សេចក្តីស្រឡាញ់ ហើយ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ខ្ញុំ​អាច​អររីករាយ​នឹង​ក្ដី​អំណរ​ដ៏​អស្ចារ្យ ហើយ​ព្រះអម្ចាស់​គង់​នៅ​ជាមួយ​ខ្ញុំ » ( Joseph Smith History, circa Summer ឆ្នាំ ១៨៣២ ទំព័រ ៣ នៅលើ​គេហទំព័រ josephsmithpapers.org បាន​ធ្វើ​ទំនើបកម្ម អក្ខរាវិរុទ្ធ និង​វណ្ណយុត្តិ ) ។

តាមរយៈ​ការនិមិត្ត​នេះ យ៉ូសែប ស្ម៊ីធ បាន​ក្លាយ​ជា​សាក្សី​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បាន​រៀន​សេចក្ដីពិត​សំខាន់ៗ​អំពី​ក្រុម​ព្រះ ។ ឧទាហរណ៍ លោក​បានរៀន​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​តួអង្គ​បី​ផ្សេង​គ្នា ។ នៅពេល​ទ្រង់​ទាំងទ្វេ​បានហៅ​ឈ្មោះ​របស់​លោក លោក​បានដឹង​ថា​ទ្រង់​ទាំងទ្វេ​ស្គាល់​លោក​ដោយ​ផ្ទាល់ ។ ពេល​យ៉ូសែប​បាន​ដឹង​ថា​លោក​ត្រូវ​បាន​អត់​ទោស នោះ​លោក​បាន​ដឹង​ថា​ព្រះ​មាន​ព្រះទ័យ​មេត្តា ។ បទពិសោធន៍​នេះ​បាន​បំពេញ​អំណរ​ដល់​លោក ។

ដូច​ដែល​ព្រះ​បាន​ធ្វើ​ជាមួយ​នឹង​ពួក​ព្យាការី​ពី​មុន​ជាច្រើន​ដែរ ទ្រង់​បាន​ហៅ​យ៉ូសែប ស្ម៊ីធ ឲ្យ​ធ្វើ​ជា​ព្យាការី ដែល​តាមរយៈ​លោក​ភាពពេញលេញ​នៃ​ដំណឹងល្អ​នឹង​ត្រូវ​បាន​ស្ដារឡើង​វិញ​នៅលើ​ផែនដី ។ ការស្ដារ​ឡើងវិញ​នេះ​នឹង​ជួយ​បុត្រាបុត្រី​របស់​ព្រះ​ឲ្យ​រកឃើញ​អំណរ​នៅក្នុង​ពិភពលោក​នេះ និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៅក្នុង​ពិភពលោក​ខាងមុខ—ការណ៍​ទាំងអស់​នេះបានមក​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។

ការស្ដារឡើងវិញ​នៃ​បព្វជិតភាព និង​កូនសោ​បព្វជិតភាព

រូបភាព
នៅ​លើ​អ្នក ជា​ពួក​អ្នក​បម្រើ​ដូច​រូប​ខ្ញុំ​អើយ ដោយ លីនដា ឃើរលី គ្រីស្ទានសិន និង ម៉ៃឃើល ម៉លម៍

បន្ទាប់ពី​ការបង្ហាញ​ព្រះកាយ​នៃ​ព្រះវរបិតា និង​ព្រះរាជបុត្រា នោះ​សារទូត​នៅ​ស្ថានសួគ៌​ផ្សេង​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់ យ៉ូសែប ស៊្មីធ និង​សហការី​របស់​លោក​គឺ អូលីវើរ ខៅឌើរី ។ យ៉ូហាន បាទីស្ទ បាន​បង្ហាញ​ខ្លួន​ជា​តួអង្គ​ដែល​បាន​រស់ឡើវិញ ហើយ​បាន​ប្រគល់​បព្វជិតភាព​អើរ៉ុន និង​កូន​សោ​របស់​វា​នៅ​លើ​ពួកលោក ។ បព្វជិតភាព​អើរ៉ុន​រួមមាន​សិទ្ធិ​អំណាច​ដើម្បី​ធ្វើ​បុណ្យ​ជ្រមុជទឹក ។

រូបភាព
សំឡេង​ពេត្រុស យ៉ាកុប និង យ៉ូហាន ដោយ​វៀលឌេន ស៊ី អាន់ឌើរសុន

មិន​យូរ​ប៉ុន្មាន​ក្រោយមក ពេត្រុស យ៉ាកុប និង យ៉ូហាន—ជា​សាវក​ដើម​បី​នាក់​របស់​ព្រះ​គ្រីស្ទ—បាន​បង្ហាញ​ខ្លួន​ជា​តួអង្គ​ដែល​បាន​រស់ឡើងវិញ ហើយ​បាន​ប្រគល់​បព្វជិតភាព​ម៉ិលគីស្សាដែក និង​កូន​សោ​របស់​បព្វជិតភាព​នេះ​ដល់​យ៉ូសែប ស្ម៊ីធ និង​អូលីវើរ ខៅឌើរី ។ បព្វជិតភាព​នេះ​គឺជា​សិទ្ធិអំណាច​ដូចគ្នា​ដែល​ព្រះគ្រីស្ទ​បាន​ប្រទាន​ដល់​ពួក​សាវក​របស់​ទ្រង់​កាល​ពី​បុរាណ ។

រូបភាព
Image of Moses Elias and Elijah descending into the Kirtland temple and appearing to Joseph Smith.

នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ ម៉ូសេ អេលីយ៉ាស និង​អេលីយ៉ា បាន​បង្ហាញ​ខ្លួន​ឲ្យ​យ៉ូសែប ស្ម៊ីធ និង​អូលីវើរ ឃើញហើយ​បាន​សន្យា​ដល់​ពួកលោក​នូវ​សិទ្ធិអំណាច និង​កូនសោ​បព្វជិតភាព​ដែល​ចាំបាច់​បន្ថែមទៀត​ដើម្បី​សម្រេច​បាន​កិច្ចការ​របស់​ព្រះ​នៅក្នុង​ថ្ងៃ​ចុងក្រោយ​នេះ ។ ម៉ូសេ​បានប្រគល់​កូនសោ​នៃ​ការ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។ អេលីយ៉ាស​បាន​ប្រគល់​ឲ្យ​នូវ​គ្រាកាន់​កាប់​ត្រួតត្រា​នៃ​ដំណឹងល្អ​របស់​អ័ប្រាហាំ ។ អេលីយ៉ា បាន​ប្រគល់​កូនសោ​នៃ​អំណាច​ផ្សារភ្ជាប់ ។ ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១១០:១១–១៦; សូមមើល​ផងដែរ ក្បួនខ្នាត​ទូទៅ ៣.១ ) ។

ការរៀបចំ​សាសនាចក្រ

យ៉ូសែប ស៊្មីធ ត្រូវ​បាន​ដឹក​នាំ​ឲ្យ​រៀបចំ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ម្តងទៀត​នៅលើ​ផែនដី ។ តាមរយៈ​លោក ព្រះយេស៊ូវ​គ្រីស្ទ បាន​ហៅ​ពួកសាវក​ទាំង​ដប់ពីរ ។

ពួក​ព្យាការី​នៅ​សម័យ​ព្រះ​គម្ពីរប៊ីប​បាន​ហៅ​សម័យ​កាល​ដែល​យើង​រស់នៅ​ថា​ជា​ថ្ងៃ​ចុង​ក្រោយ​បង្អស់ ឬ​ថ្ងៃ​ចុងក្រោយ ។ វា​គឺជា​ពេល​ឆាប់ៗ​មុន​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​សាសនាចក្រ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១៥:៣–៤ សូមមើល​ផងដែរ នីហ្វៃទី ៣ ២៧:៣–៨ ) ។

ពួក​ព្យាការី និង​ពួក​សាវក​ដែល​រស់នៅ​សព្វថ្ងៃ​នេះ

ដូច​ដែល​ព្រះយេស៊ូវ​បាន​ហៅ​ពួក​សាវក​អំឡុង​ពេល​នៃ​ការងារ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់​ដើម្បី​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ដែរ នោះ​ទ្រង់​បាន​ហៅ​ពួក​សាវក​ឲ្យ​ដឹកនាំ​សាសនាចក្រ​នៅ​ថ្ងៃ​នេះ ។ គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ គឺជា​ព្យាការី អ្នកមើលឆុត និង​អ្នក​ទទួល​វិវរណៈ ។

មាន​តែ​សាវក​រៀមច្បង​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ហៅ​ថា​ជា ព្យាការី ដោយសារ​លោក​ជា​អធិបតី​លើ​សាសនាចក្រ​ទាំងមូល ហើយ​មាន​សិទ្ធិអំណាច​ពិសេស​ដើម្បី​និយាយ​ជំនួសឲ្យ​ព្រះអម្ចាស់ ។ លោក​គឺជា​អ្នកស្នង​តំណែង​ពីយ៉ូសែប ស្ម៊ីធ ដែលមាន​ការអនុញ្ញាត ។ លោក និង​ពួក​សាវក​បច្ចុប្បន្ន​បន្តតាមដាន​សិទ្ធិ​អំណាច​របស់​ខ្លួន​រហូត​ដល់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ខ្សែច្រវ៉ាក់​នៃ​ការតែងតាំង​ជាបន្តបន្ទាប់មិន​ដាច់ ដែល​បាន​ចាប់ផ្តើម​នៅពេល​ដែល យ៉ូសែប ស្ម៊ីធ ត្រូវបាន​តែងតាំង​ដោយ​សារទូត​សួគ៌ា ។

ការសិក្សា​ព្រះគម្ពីរ

រៀន​ថែមទៀត​អំពី​គោលការណ៍​នេះ

ព្រះគម្ពីរ​មរមន ៖ ជា​សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

ព្រះគម្ពីរ​មរមន​គឺជា​ព្រះគម្ពីរ​បរិសុទ្ធ​ពីបុរាណ​ដូចជា​ព្រះគម្ពីរ​ប៊ីប​ដែរ ។ ព្រះគម្ពីរ​ប៊ីប​គឺជា​សាក្សីមួយ​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ព្រះគម្ពីរ​មរមន​គឺជា​សាក្សី​ទីពីរ​នៃ​ការងារ​បម្រើ​របស់​ទ្រង់ ការបង្រៀន​របស់​ទ្រង់ និង​បេសកកម្ម​របស់​ទ្រង់​ក្នុងនាម​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។

យ៉ូសែប ស្ម៊ីធ ត្រូវ​បាន​សារទូត​សួគ៌ា​ម្នាក់​ឈ្មោះ មរ៉ូណៃ ដឹក​នាំ​ទៅ​កាន់​ភ្នំមួយ​ដែលមាន​កំណត់ត្រា​បុរាណ​មួយ​ត្រូវ​បាន​គេ​កប់ទុក​អស់​ជា​ច្រើន​សតវត្ស ។ កំណត់ត្រា​នេះ​ដែល​ចារឹក​លើ​ផ្ទាំងចំណារ​មាស ( សន្លឹក​ដែក​ស្តើងៗ ) មាន​ការ​សរសេរ​របស់​ពួក​ព្យាការី​អំពី​ការ​ប្រាស្រ័យ​ទាក់ទង​របស់​ព្រះ​ជាមួយ​នឹង​ប្រជាជន​នៅ​ទ្វីប​អាមេរិក​កាលពី​បុរាណ ។ យ៉ូសែប ស្ម៊ីធ បាន​បកប្រែ​កំណត់ត្រា នេះ​ដោយ អំណោយទាន និង​ព្រះចេស្ដា​នៃ​ព្រះ ។

ពួក​ព្យាការី​នៅក្នុង​ព្រះគម្ពីរ​មរមន​បាន​ដឹង​អំពី​បេសកកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​បង្រៀន​ដំណឹងល្អ​របស់​ទ្រង់ ។ បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ទ្រង់​បាន​បង្ហាញ​ព្រះកាយ​ដល់​ប្រជាជន​ទាំងនេះ ហើយ​បាន​ផ្ដល់​ការងារ​បម្រើ​ទៅកាន់​ពួកគេ​ដោយផ្ទាល់ ។ ទ្រង់​បាន​បង្រៀន​ពួកគេ ហើយ​បាន​បង្កើត​សាសនាចក្រ​របស់​ទ្រង់ ។

ព្រះគម្ពីរ​មរមន​ជួយយើង​ឲ្យ​ខិត​ទៅជិត​ព្រះ នៅពេល​យើង​រៀន យល់ និង​អនុវត្ត​តាម​ការបង្រៀន​របស់វា ។ ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​មាន​ប្រសាសន៍ថា « បុគ្គល​ម្នាក់ៗ​[ទាំងប្រុសទាំងស្រី]​អាច​ចូល​ទៅ​ជិត​ព្រះ​បាន ដោយសារ​ការធ្វើ​តាម​សិក្ខាបទ​ទាំងឡាយ​នៃ​[គម្ពីរ​នេះ] ជាជាង​គម្ពីរ​ដទៃ​ទាំង​អស់ » ( Teachings: Joseph Smithទំព័រ ៦៤ ) ។

រូបភាព
បុរស​ម្នាក់​កំពុងអាន

ខ្ញុំ​ដឹង​ថា ព្រះគម្ពីរ​មរមន​គឺជា​ព្រះបន្ទូល​នៃ​ព្រះ យើង​ត្រូវតែ​អាន ពិចារណា ហើយ​អធិស្ឋាន​អំពី​ព្រះគម្ពីរ​នេះ ។ ព្យាការី​ម្នាក់​នៅក្នុង​ព្រះគម្ពីរ​មរមន​បាន​សន្យា​ថា ព្រះ​នឹងបើក​សម្ដែង​សេចក្ដីពិត​នៃ​គម្ពីរ​នេះ​ដល់យើង នៅពេល​យើង​អធិស្ឋាន​ដោយ​ចិត្ត​ស្មោះសរ ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ ( សូមមើល មរ៉ូណៃ ១០:៣–៥ ) ។ ការ​សិក្សា​ព្រះគម្ពីរ​មរមន​គឺ​ចាំបាច់​សម្រាប់​ការ​ប្រែចិត្ត​ជឿ​ដរាប​ដល់ចុង​បំផុត ។

នៅពេល​យើង​អាន​ព្រះគម្ពីរ​មរមន ហើយ​អធិស្ឋាន​អំពី​គម្ពីរ​នេះ យើង​នឹង​រៀន​នូវ​សេចក្ដីពិត​អំពី​ព្រះយេស៊ូវគ្រីស្ទ ដែល​នឹង​ផ្ដល់​ពរជ័យ​ដល់​ជីវិត​យើង ។ យើង​ក៏​នឹង​ដឹង​ដែរ​ថា យ៉ូសែប ស្ម៊ីធ គឺជា​ព្យាការី​របស់​ព្រះ ហើយ​ថា​ដំណឹងល្អ និង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​ស្ដារឡើងវិញ​តាមរយៈ​លោក ។

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

« ខ្ញុំ​សូម​សន្យា​ថា ពេល​បងប្អូន​សិក្សា​ព្រះគម្ពីរ​មរមន រាល់​ថ្ងៃប្រកប​ដោយ​ការ​អធិស្ឋាន នោះ​បងប្អូន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ប្រសើរ—រៀង​រាល់​ថ្ងៃ ។ ខ្ញុំ​សូម​សន្យា​ថា ពេល​បងប្អូន​សញ្ជឹង​គិត​នូវ​អ្វី​ដែល​បងប្អូន​សិក្សា នោះ​បង្អួច​ស្ថានសួគ៌​នឹង​បើក​ឡើង ហើយ​បងប្អូន​នឹង​ទទួល​ចម្លើយ​ចំពោះ​សំណួរ​ផ្ទាល់​ខ្លួន និង​ការដឹកនាំ​សម្រាប់​ជីវិត​របស់​បងប្អូន​ផ្ទាល់ ។ ខ្ញុំ​សូម​សន្យា​ថា ពេល​បងប្អូន​សិក្សា​ព្រះគម្ពីរ​មរមន​រាល់​ថ្ងៃ បងប្អូន​អាច​ត្រូវ​បាន​ការ​ពារ​ឲ្យ​ផុត​ពី​អំពើ​អាក្រក់​នៃ​ថ្ងៃ​នោះ ជំងឺ​ដ៏​ធំ​នៃ​រូប​អាស​គ្រាម និង​ការ​ញៀន​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​គំនិត​ស្ពឹក » ( រ័សុល អិម ណិលសុន​« The Book of Mormon: What Would Your Life Be Like without It? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦២–៦៣ ) ។

ការសិក្សា​ព្រះគម្ពីរ

រៀន​ថែមទៀត​អំពី​គោលការណ៍​នេះ

រូបភាព
នារី​ម្នាក់​កំពុងអធិស្ឋាន

អធិស្ឋាន​ដើម្បី​ដឹង​សេចក្តី​ពិត​តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ

ដោយសារ​ព្រះគឺជា​ព្រះវរបិតា​របស់យើង ទ្រង់​នឹង​ជួយ​យើង​ឲ្យ​ស្គាល់​សេចក្ដីពិត ។ យើង​អាច​ដឹង​ថា សារលិខិត​នៃ​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ការ​ពិត នៅពេល​យើង​អាន​ព្រះគម្ពីរ​មរមន ហើយ​អធិស្ឋាន​ទៅកាន់​ព្រះ ។ នៅពេល​យើង​អធិស្ឋាន​ដោយ​សេចក្តីជំនឿ និង​ដោយ​ស្មោះអស់​ពីចិត្ត ទ្រង់​នឹង​ឆ្លើយ​សំណួរ​របស់​យើង ហើយ​ដឹកនាំ​ជីវិត​របស់​យើង ។

ជាធម្មតា ព្រះ​ឆ្លើយតប​ការអធិស្ឋាន​របស់​យើង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នៅពេល​យើង​អធិស្ឋាន ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន និង​បញ្ជាក់​ពី​សេចក្តីពិត ។ ការប្រាស្រ័យទាក់ទង​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​ឥទ្ធិពល​ខ្លាំង ។ ជាធម្មតា វា​កើត​ឡើង​ជា​ការ​បញ្ជាក់​ដ៏ស្ងប់ស្ងាត់​មួយ​តាមរយៈ​អារម្មណ៍ គំនិត និង​ការចាប់​អារម្មណ៍​របស់​យើង ( សូមមើល ពង្សាវតាក្សត្រ​ទី១ ១៩:១១–១២; ហេលេមិន ៥:៣០; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨:២ ) ។

ការ​សិក្សា​ព្រះគម្ពីរ​ដោយ​ជាប់លាប់ ( ជាពិសេស​ព្រះគម្ពីរ​មរមន ) ការ​ចូលរួម​ប្រជុំ​សាក្រាម៉ង់​ប្រចាំ​សប្តាហ៍ និង​ការអធិស្ឋាន​ដោយ​ស្មោះ​ជួយ​យើង​ទទួល​អារម្មណ៍​ពី​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​រកឃើញ​សេចក្ដីពិត ។

ការសិក្សា​ព្រះគម្ពីរ

រៀន​ថែមទៀត​អំពី​គោលការណ៍​នេះ

  • សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ៖ « ការអធិស្ឋាន »

  • Bible Dictionary ៖ « Prayer »

  • Gospel Topics ៖ « Prayer »

គម្រោង​មេរៀន​ខ្លីៗ​ទៅ​មធ្យម

គម្រោង​ខាងក្រោម​គឺជា​គំរូ​នៃ​អ្វីដែល​អ្នក​អាច​បង្រៀន​មនុស្ស​ម្នាក់ ប្រសិនបើ​អ្នកមាន​ពេលខ្លី​ប៉ុណ្ណោះ ។ នៅពេល​ប្រើ​គម្រោង​នេះ សូម​ជ្រើសរើស​គោលការណ៍​មួយ ឬច្រើន​ដើម្បី​បង្រៀន ។ មូលដ្ឋានគ្រឹះ​នៃ​គោលលទ្ធិ​សម្រាប់​គោលការណ៍​នីមួយៗ​ត្រូវ​បាន​ផ្តល់​ឲ្យ​នៅដើម​មេរៀន ។

នៅពេល​អ្នក​បង្រៀន សូម​សួរ​សំណួរ ហើយស្តាប់ ។ ធ្វើ​ការអញ្ជើញ​ដែល​នឹង​ជួយ​មនុស្សទូទៅ​រៀន​ពី​របៀប​ខិត​ទៅ​កាន់តែ​ជិត​ព្រះ ។ ការអញ្ជើញ​ដ៏​សំខាន់​មួយ​គឺ​អញ្ជើញ​បុគ្គលនោះ​មកជួប​អ្នកម្តង​ទៀត ។ រយៈពេល​នៃ​មេរៀន​នឹង​អាស្រ័យ​លើ​សំណួរ​ដែល​អ្នកសួរ និង​ការស្តាប់​ដែលអ្នក​មាន ។

រូបភាព
អ្នកផ្សព្វផ្សាយ​សាសនា​កំពុង​និយាយ​ទៅកាន់​បុរស​ម្នាក់

អ្វី​ដែល​អ្នក​អាច​បង្រៀន​មនុស្ស​ទូទៅ​ក្នុង​រយៈពេល ៣-១០ នាទី

  • ព្រះជា​ព្រះបិតា​របស់យើង ហើយ​ទ្រង់​បង្កើត​យើងឡើង​តាម​រូប​អង្គ​ទ្រង់ ។ ទ្រង់​ស្គាល់​យើង​ម្នាក់ៗ ហើយ​ស្រឡាញ់​យើង ។ ទ្រង់​ចង់​ប្រទាន​ពរ​ដល់​យើង​នូវ​សេចក្ដីសុខសាន្ត និង​ភាព​ពេញ​លេញ​នៃ​អំណរ ដែល​នឹង​ស្ថិតស្ថេរ​រហូត​ដល់​អស់កល្ប​ជានិច្ច ។

  • ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។ បេសកកម្ម​របស់​ទ្រង់​គឺ​ធ្វើ​ឲ្យ​យើង​អាច​ជ្រះស្អាត​ពី​អំពើ​បាប​របស់​យើង យក​ឈ្នះ​លើ​សេចក្ដី​ស្លាប់ និង​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច ។

  • ព្រះ​ត្រាស់​ហៅ​ពួកព្យាការី​ឲ្យ​ធ្វើ​ជា​តំណាង​របស់​ទ្រង់​នៅ​លើ​ផែនដី ។ កាលពីបុរាណ ទ្រង់បាន​ហៅ​ពួកព្យាការី​ដូចជា អ័ដាម ណូអេ អ័ប្រាហាំ និងម៉ូសេ ។ ព្យាការី​ដែល​រស់នៅ​ទទួល​បាន​វិវរណៈ​ពី​ព្រះ ដើម្បី​បង្រៀន និង​ដឹកនាំ​យើង​នៅ​ថ្ងៃ​នេះ ។

  • ក្នុង​អំឡុង​ពេល​នៃ​ការងារ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះយេស៊ូវ ទ្រង់​បាន​បង្កើត​សាសនាចក្រ​របស់​ទ្រង់ ។ បន្ទាប់ពី​ពួក​សាវក​របស់​ព្រះយេស៊ូវ​បាន​ស្លាប់ មាន​នូវ​ការរីករាលដាល​នៃ​ការធ្លាក់ចុះ​ចេញពី​ដំណឹងល្អ និង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ មនុស្ស​បាន​ផ្លាស់ប្តូរ​ការបង្រៀន​ដំណឹងល្អ និង​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​ជាច្រើន ដូចជា​ពិធីបុណ្យ​ជ្រមុជទឹក ។

  • ព្រះ​បាន​ហៅ​យ៉ូសែប ស្ម៊ីធ ឲ្យ​ធ្វើ​ជា​ព្យាការី គឺ​ដូច​ជា​ទ្រង់​បាន​ហៅ​ពួក​ព្យាការី​នៅ​សម័យ​ដើម​ដែរ ។ ព្រះ​ជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​បាន​បង្ហាញ​ព្រះកាយ​ដល់​លោក ។ ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​ស្ដារឡើង​វិញ​តាមរយៈ​លោក ។

  • ព្រះគម្ពីរ​មរមន​ជា​ព្រះ​គម្ពីរ​មួយក្បាល ។ ដូច​ព្រះគម្ពីរ​ប៊ីប​ដែរ គម្ពីរ​នេះ​គឺជា​សក្ខីបទ​មួយ​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​ជួយយើង​ឲ្យ​ខិត​ទៅជិត​ព្រះ នៅពេល​យើងអាន ហើយ​អនុវត្ត​តាម​សិក្ខាបទ​នៃ​គម្ពីរ​នេះ ។ យ៉ូសែប ស្ម៊ីធ បាន​បក​ប្រែ​ព្រះគម្ពីរ​នេះ​ដោយ​អំណោយទាន និង ព្រះចេស្ដា​របស់​ព្រះ ។

  • តាមរយៈ​ការអធិស្ឋាន​ដោយស្មោះ យើង​អាច​ទាក់ទង​ជាមួយ​នឹង​ព្រះ ។ យើង​អាច​ដឹងថា សារលិខិត​នៃ​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ការពិត ។