កណ្ឌទី ២៧
វិវរណៈដែលបានប្រទានដល់ យ៉ូសែប ស៊្មីធ ជាព្យាការី នៅភូមិហាម៉ូនី រដ្ឋផែនសិលវេញ៉ា ខែសីហា ឆ្នាំ១៨៣០ (History of the Church, ១:១០៦–១០៨)។ នៅក្នុងការរៀបចំសម្រាប់ការប្រជុំសាសនា ដែលមានចែកសាក្រាម៉ង់នៃនំប៉័ង និងស្រាទំពាំងបាយជូរ នោះយ៉ូសែប ស៊្មីធ បានចេញទៅយកស្រាទំពាំងបាយជូរ។ លោកត្រូវបានជួបសារទូតពីស្ថានសួគ៌ម្នាក់ ហើយបានទទួលវិវរណៈនេះ ភាគខ្លះត្រូវបានកត់ទុកនៅពេលនោះ និងភាគដែលនៅសល់ទាំងប៉ុន្មានកត់នៅខែកញ្ញាក្រោយមក។ ឥឡូវនេះ ទឹកត្រូវបានយកមកប្រើនៅក្នុងការប្រជុំសាក្រាម៉ង់នៃសាសនាចក្រ ជំនួសស្រាទំពាំងបាយជូរ។
១–៤, តំណាងទាំងឡាយដែលត្រូវយកមកប្រើនៅក្នុងការទទួលទានសាក្រាម៉ង់ ត្រូវបានចែងប្រាប់; ៥–១៤, ព្រះគ្រីស្ទ និងពួកអ្នកបម្រើរបស់ទ្រង់ពីគ្រប់ការកាន់កាប់ត្រួតត្រា ត្រូវទទួលទានសាក្រាម៉ង់; ១៥–១៨, ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ។
១ចូរស្ដាប់តាមសំឡេងនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់អ្នក ជាព្រះរបស់អ្នក ហើយជាព្រះដ៏ប្រោសលោះរបស់អ្នក ឯព្រះបន្ទូលរបស់ទ្រង់នោះរស់នៅ ហើយពូកែផង។
២ត្បិតមើលចុះ យើងប្រាប់អ្នកថា មិនជាសំខាន់ទេ ពីអ្វីដែលអ្នករាល់គ្នានឹងបរិភោគ ឬពីអ្វីដែលអ្នករាល់គ្នានឹងផឹក នៅពេលអ្នករាល់គ្នាទទួលទានសាក្រាម៉ង់ បើសិនជាអ្នករាល់គ្នាធ្វើឡើង ដោយភ្នែកស្មោះត្រង់ទាំងស្រុងចំពោះសិរីល្អរបស់យើង — គឺដោយការចងចាំដល់ព្រះវរបិតា អំពីព្រះកាយរបស់យើង ដែលបានដាក់ចុះដើម្បីអ្នក និងអំពីព្រះលោហិតរបស់យើង ដែលបានច្រួចដើម្បីការផ្ដាច់បាបទាំងឡាយរបស់អ្នកនោះ។
៣ហេតុដូច្នោះហើយ យើងប្រទានបញ្ញត្តិមួយដល់អ្នក ថាអ្នកមិនត្រូវទិញស្រាទំពាំងបាយជូរ ឬក៏ភេសជ្ជ:ជាតិស្រាពីពួកខ្មាំងសត្រូវរបស់អ្នកឡើយ
៤ហេតុដូច្នោះហើយ អ្នកមិនត្រូវទទួលទានអ្វីឡើយ លើកលែងតែបានធ្វើថ្មីនៅក្នុងចំណោមពួកអ្នក មែនហើយ ដោយការនេះហើយ ដែលនគរនៃព្រះវរបិតារបស់យើងនឹងត្រូវបានសាងឡើងនៅលើផែនដី។
៥មើលចុះ នេះជាប្រាជ្ញានៅក្នុងយើង ដូច្នោះហើយ ចូរកុំឆ្ងល់ឡើយ ត្បិតម៉ោងនឹងមកដល់ ដែលយើងនឹងសោយពីផលផ្លែទំពាំងបាយជូរជាមួយនឹងអ្នកនៅលើផែនដី ហើយជាមួយនឹងមរ៉ូណៃ ដែលយើងបានចាត់ឲ្យទៅរកអ្នក ដើម្បីបង្ហាញព្រះគម្ពីរមរមន ដែលមាននូវភាពពោរពេញនៃដំណឹងល្អរបស់យើងដ៏នៅអស់កល្បជានិច្ច ជាអ្នកដែលយើងបានប្រគល់កូនសោទាំងឡាយនៃបញ្ជីពីបន្ទះឈើរបស់អេប្រាអិម
៦ហើយជាមួយនឹងអេលីយ៉ាផង ជាអ្នកដែលយើងបានប្រគល់កូនសោទាំងឡាយ នៃការសម្រេចនូវការសាងឡើងវិញនៃរបស់ទាំងអស់ ដែលបានពោលដោយមាត់នៃពួកព្យាការីបរិសុទ្ធ ចាប់តាំងពីដើមមក ស្ដីអំពីថ្ងៃចុងក្រោយបង្អស់
៧ហើយជាមួយនឹងយ៉ូហានផង ជាកូនប្រុសរបស់សាការី គឺជាសាការីដែលលោក (អេលីយ៉ាស) បានទៅជួប ហើយបានសន្យាថា លោកនឹងបានកូនប្រុសមួយ ហើយឈ្មោះកូននោះត្រូវហៅថា យ៉ូហាន ហើយលោកនឹងបានពោរពេញទៅដោយវិញ្ញាណនៃលោក អេលីយ៉ាស
៨គឺជាយ៉ូហានដែលយើងបានចាត់ឲ្យទៅរកអ្នក យ៉ូសែប ស៊្មីធ ជុញ្ញ័រ និង អូលីវើរ ខៅឌើរី ជាពួកអ្នកបម្រើរបស់យើង ដើម្បីទៅតែងតាំងដល់អ្នកនូវបព្វជិតភាពទីមួយ ដែលអ្នកបានទទួលមកហើយនោះ ដើម្បីឲ្យអ្នកអាចបានហៅ ហើយតែងតាំងឡើង ដូចជាលោក អើរ៉ុន
៩ហើយជាមួយនឹងអេលីយ៉ាផង ជាអ្នកដែលយើងប្រគល់កូនសោទាំងឡាយនូវអំណាចនៃការបង្វែរចិត្តពួកឪពុកមកឯកូន និងចិត្តកូនមកឯឪពុក ដើម្បីកុំឲ្យផែនដីទាំងមូលត្រូវវាយដោយសេចក្ដីបណ្ដាសា
១០ហើយជាមួយនឹងយ៉ូសែប និងយ៉ាកុប និងអ៊ីសាក និងអ័ប្រាហាំ ជាពួកអយ្យកោរបស់អ្នកផង ជាពួកអ្នកដែលមានសេចក្ដីសន្យាទាំងឡាយ
១១ហើយជាមួយនឹងមីកែល ឬអ័ដាម ជាបិតានៃមនុស្សទាំងអស់ ជាអ្នកត្រួតត្រានៃមនុស្សទាំងអស់ ជាអ្នកពីចាស់បុរាណ
១២ហើយជាមួយនឹងពេត្រុស និងយ៉ាកុប និងយ៉ូហានផង ជាពួកអ្នកដែលយើងបានចាត់ឲ្យទៅរកអ្នក គឺដោយសារពួកគេ យើងបានតែងតាំងអ្នក ហើយបានបញ្ជាក់អ្នកឲ្យធ្វើជាពួកសាវក និងជាពួកសាក្សីពិសេសអំពីព្រះនាមរបស់យើង ហើយឲ្យកាន់កូនសោទាំងឡាយ ខាងការងារបម្រើរបស់អ្នក និងអំពីរបស់ផងទាំងឡាយ ដែលយើងបានបើកសម្ដែងដល់អ្នក
១៣គឺជាពួកអ្នកដែលយើងបានប្រគល់កូនសោទាំងឡាយនៃនគររបស់យើង និងនៃការកាន់កាប់ត្រួតត្រានៃដំណឹងល្អសម្រាប់ពេលចុងក្រោយបង្អស់ និងសម្រាប់កំណត់កាលដ៏ពោរពេញ ជាពេលដែលយើងនឹងប្រមូលរបស់របរទាំងអស់ទៅតែមួយ គឺរបស់នៅលើស្ថានសួគ៌ ព្រមទាំងរបស់នៅលើផែនដីផង
១៤ហើយជាមួយនឹងអស់អ្នកណា ដែលព្រះវរបិតារបស់យើងបានប្រទានដល់យើងចេញពីលោកិយផង។
១៥ហេតុដូច្នោះហើយ ចូរលើកចិត្តឡើង ហើយអរសប្បាយ ហើយចូរក្រវាត់ចង្កេះ ហើយយកគ្រប់គ្រឿងសឹករបស់យើងមកពាក់ចុះ ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទប់ទល់ក្នុងថ្ងៃអាក្រក់បាន ដោយបានតតាំងសព្វគ្រប់ ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងឈរមាំមួនបាន។
១៦ដូច្នេះ ចូរឲ្យឈរមាំមួនចុះ ដោយក្រវាត់សេចក្ដីពិតនៅចង្កេះ ដោយពាក់សេចក្ដីសុចរិតទុកជាប្រដាប់បាំងដើមទ្រូង ហើយពាក់សេចក្ដីប្រុងប្រៀបរបស់ដំណឹងល្អនៃសេចក្ដីសុខសាន្តទុកជាស្បែកជើង ដែលយើងបានចាត់ពួកទេវតារបស់យើងឲ្យមកប្រគល់ដល់អ្នក
១៧ដោយយកសេចក្ដីជំនឿទុកជាខែល ដែលអ្នករាល់គ្នានឹងអាចរំលត់អស់ទាំងព្រួញឆេះរបស់ពួកទុច្ចរិត ដោយសារខែលនោះបាន
១៨ហើយចូរយកសេចក្ដីសង្គ្រោះទុកជាមួកសឹក និងដាវរបស់ព្រះវិញ្ញាណរបស់យើង ដែលយើងនឹងចាក់មកលើអ្នក និងព្រះបន្ទូលរបស់យើង ដែលយើងបើកសម្ដែងដល់អ្នក ហើយចូរមានចិត្តព្រមព្រៀងចំពោះអ្វីៗគ្រប់យ៉ាង ដែលអ្នករាល់គ្នាសូមពីយើង ហើយចូរមានចិត្តស្មោះត្រង់ រហូតដល់យើងត្រឡប់មកវិញចុះ នោះអ្នករាល់គ្នានឹងបានលើកឡើង ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលយើងនៅនោះដែរ។ អាម៉ែន៕