ប្រិយមិត្ត
ជម្រើស​សម្រាប់​ថ្ងៃអាទិត្យ
ខែ កក្កដា ឆ្នាំ ២០២៤


« ជម្រើស​សម្រាប់​ថ្ងៃអាទិត្យ »​ប្រិយមិត្ត  ខែ កក្កដា ឆ្នាំ ២០២៤ ទំព័រ ៤–៥ ។

ជម្រើស​សម្រាប់​ថ្ងៃអាទិត្យ

« តើ​ពិធីសាក្រាម៉ង់​គឺជាអ្វី ? » អានីតា បានសួរ ។

ដំណើររឿង​នេះ​បាន​កើតឡើង​នៅប្រទេស អ៊ីស្លង់ ។

ក្មេងស្រី​លោត​លើ​បន្ទះក្រណាត់​រើស័រ

« ខ្ពស់​ជាងនេះ !» អ៊ីវ៉ូលេត បាន​និយាយ​ទៅកាន់​មិត្ត​របស់នាង​ឈ្មោះ អានីតា ។ ពួកគេ​ចាំមើល​តើ​ពួកគេ​អាច​លោត​លើ​បន្ទះក្រណាត់​រើស័រ​របស់ អ៊ីវ៉ូលេត បាន​ខ្ពស់​ប៉ុណ្ណា ។

រំពេចនោះ អានីតា​បានលោតឡើង​​យ៉ាងខ្ពស់ណាស់ ។ ពេលជើង​នាង​លោតចុះ​ម្តងទៀត វាធ្វើអោយ​អ៊ីវ៉ូលេត​ហោះឡើង ! ក្មេងស្រី​ទាំងពីរ​បានទង្គេច​គ្នា​ធ្លាក់​ទៅលើ​បន្ទះក្រណាត់​រើស័រ ។ ពួកគេ​សើចសប្បាយ ។

អានីតា​និយាយថា « វា​សប្បាយ​ណាស់ » ។ « តើ​យើង​អាច​លេង​នៅ​ថ្ងៃ​ស្អែក​ទៀតទេ ? »

អ៊ីវ៉ូលេត​ផ្តួល​ខ្លួននាង​ទៅក្រោយ ។ « ត្រូវ​ហើយ ! ខ្ញុំ​ក៏ចូលចិត្ត​លេងដែរ » ។

«យើង​អាចលេង​នៅ​ផ្ទះ​លោកយាយ​របស់​ខ្ញុំ​បាន » ។ ផ្ទះ​លោកយាយ​របស់​អានីតា នៅ​ឃ្លាត​តែពីរបី​ផ្ទះ​ពី​អ៊ីវ៉ូលេត​ប៉ុណ្ណោះ ។

បន្ទាប់​មក អ៊ីវ៉ូលេត​បានចាំថា​ថ្ងៃស្អែក​គឺជា​ថ្ងៃអាទិត្យ ។ នាងចង់​ទៅ​អង្គការ​បឋមសិក្សា ។ វានឹង​សប្បាយ​រីករាយ​ក្នុង​ការលេង​ជាមួយ​អានីតា ប៉ុន្តែ​នាង​ចង់​ធ្វើការ​ជ្រើសរើស​ដ៏ល្អ​មួយ ។

អ៊ីវ៉ូលេត​បាន​និយាយ​ថា « ខ្ញុំ​ទើប​នឹកឃើញ​ថាខ្ញុំ​មិនអាច​មកលេង​បានទេ » ។ « ខ្ញុំ​សូមទោស ។ ថ្ងៃស្អែក​ខ្ញុំ​នឹងទៅ​ព្រះវិហារ​ជាមួយ​គ្រួសារ​របស់ខ្ញុំ » ។

អានីតា​បាន​ក្រោក​ឈរ​ឡើង ហើយ​លោត​ម្តង​ទៀត ។ « ហេតុអ្វី ? »

អ៊ីវ៉ូលេត​បានចាប់ផ្តើម​លោត​ដែរ ។ « មែនហើយ ខ្ញុំ​ចង់​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ » ។ គ្រួសារ​របស់ខ្ញុំ​ទៅព្រះវិហារ​រៀងរាល់​ថ្ងៃអាទិត្យ ដើម្បី​រៀន​អំពីទ្រង់ ហើយ​ទទួលទាន​សាក្រាម៉ង់ » ។

« តើ​ពិធីសាក្រាម៉ង់​គឺជាអ្វី ? » អានីតា បានសួរ ។

អ៊ីវ៉ូលេត​បាន​និយាយ​ថា « ពិធីសាក្រាម៉ង់នោះ គឺ​នៅពេល​ដែល​យើង​ទទួលទាន​នំប៉័ង​មួយដុំតូច និង​ទឹក​មួយ​កូនពែង​តូច ដើម្បី​ជាការ​ចងចាំ​ដល់​ព្រះយេស៊ូវ​គ្រីស្ទ » ។ « បន្ទាប់​មក សមាជិក​ឡើង​និយាយ​អំពី​របៀប​ដែល​ព្រះយេស៊ូវ​ជួយ​ពួកគេ ។ ហើយ​បន្ទាប់​ពីនោះ​ក៏មាន​ថ្នាក់ពិសេស​សម្រាប់​ក្មេងៗ​ផងដែរ ! »

« ស្តាប់ទៅ​សប្បាយណាស់ ! » អានីតា បាននិយាយថា ។ « តើ​ខ្ញុំ​អាច​ទៅបានទេ ? »

« ប្រាកដ​ជា​បាន ! » អ៊ីវ៉ូលេត​បានញញឹម ។

អានីតា​បានរត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដើម្បី​សុំ​លោកយាយ​របស់​នាង ប្រសិនបើ​នាងអាច​ទៅ​ព្រះវិហារ​ជាមួយ​អ៊ីវ៉ូលេត​បានឬទេ ។ នៅព្រឹកស្អែក អេវ៉ូលេត និង​គ្រួសារ​របស់​នាង​បានមកទទួល​អានីតា​នៅតាម​ផ្លូវ​ទៅព្រះវិហារ​របស់​ពួកគេ ។

នៅពេល​ដែល​ពួកគេ​ទៅដល់​ព្រះវិហារ អ៊ីវ៉ូលេត​បាន​នាំ​អានីតា​ដើរ​មើល​ជុំវិញ​ព្រះវិហារ ។ នាង​បានបង្ហាញ​បន្ទប់​អង្គការ​បឋមសិក្សា កន្លែង​ហាត់ប្រាណ និង​សាលជំនុំ ។

មិនយូរ​ប៉ុន្មាន​ដល់​ពេល​ប្រជុំ​សាក្រាម៉ង់​ហើយ ។ អ៊ីវ៉ូលេត និង អានីតា អង្គុយ​ជាមួយគ្នា ។ អ៊ីវ៉ូលេត​បាន​ព្យាយាម​គិត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ក្នុង​អំឡុង​ពេល​ប្រជុំ​សាក្រាម៉ង់ ។ បន្ទាប់​មក ពួកគេ​បានស្តាប់​អ្នកឡើង​និយាយ ។

អ្នកឡើង​និយាយ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ និង​ក្មេងស្រី ជួប​គ្រូបង្រៀន​អង្គការ​បឋមសិក្សា

នៅទីបំផុត វាដល់ពេល​សម្រាប់​អង្គការ​បឋមសិក្សា​ហើយ ! អ៊ីវ៉ូលេត​បានណែនាំអានីតា ឲ្យស្គាល់​មិត្តភក្តិ​មួយចំនួន​របស់​នាង ។

អ៊ីវ៉ូលេត​បាន​និយាយ​ថា « នេះ​គឺជា​មិត្ត​របស់​ខ្ញុំ​ឈ្មោះ អានីតា » ។

អ្នកគ្រូបង្រៀន​​អង្គការ​បឋមសិក្សា​និយាយថា « យើង​សប្បាយចិត្ត​ណាស់​ដែលប្អូន​មកថ្ងៃ​នេះ ។ ខ្ញុំ ស៊ីស្ទើរ ម៉ាក់នូសសិន » ។

នៅពេល​ដែល​អ៊ីវ៉ូលេត និង​អានីតា​បាន​ស្ដាប់​មេរៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ អ៊ីវ៉ូលេត​មាន​អារម្មណ៍​សប្បាយ​រីករាយ​ក្នុងចិត្ត ។ នាង​ចូលចិត្ត​នៅ​ព្រះវិហារ​ជាមួយ​អានីតា ។ នាង​បាន​បែរ​ទៅរក​អានីតា ហើយ​ញញឹម ។ មិត្ត​របស់នាង​ញញឹម​ដាក់នាងវិញ ។

អានីតា​បាន​និយាយ​នៅ​តាមផ្លូវ​ត្រឡប់​មក​ផ្ទះ​វិញថា « អរគុណ​ដែល​បាន​អញ្ជើញ​ខ្ញុំមក » ។

អ៊ីវ៉ូលេត​រីករាយ​ណាស់​ដែល​នាង​អាច​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ ។ ហើយ​នាង​សប្បាយ​ចិត្ត ដែល​អានីតា​ចង់​រៀន​អំពី​ទ្រង់​ផងដែរ ។

វា​សប្បាយ​រីករាយ​ក្នុង​ការលោត​លើបន្ទះក្រណាត់​រើស័រ និង​ហោះ​ទៅលើ ប៉ុន្តែ​អារម្មណ៍​កក់​ក្តៅ​ដែល​អ៊ីវ៉ូលេត​មាន​គឺកាន់​តែ​ប្រសើរជាង ។

ថាស​សាក្រាម៉ង់ និង​ក្មេងស្រី​មើល​ទៅលើ ហើយ​មើលទៅ​មាន​ភាពសុខសាន្ត
ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ ហ្វីអូណា ផាវវើរស៍