ប្រិយមិត្ត
ការ​ជជែក​ជាមួយ​អេឡែន អំពី​មាត្រា​នៃ​សេចក្ដីជំនឿ
ខែ កក្កដា ឆ្នាំ ២០២៤


« ការ​ជជែក​ជាមួយ​អេឡែន អំពី​មាត្រា​នៃ​សេចក្ដីជំនឿ » ប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៤ ទំព័រ ៤០–៤១ ។

ការ​ជជែក​ជាមួយ​អេឡែន អំពី​មាត្រា​នៃ​សេចក្ដីជំនឿ

អេឡែន មកពី ម៉ាឡាហ្គា ប្រទេស​អេស្ប៉ាញ ។ យើង​បានសួរ​គាត់​នូវសំណួរ​មួយចំនួន​អំពីរបៀប​ដែលគាត់​បាន​រៀនអំពី​មាត្រា​នៃ​សេចក្ដីជំនឿ ។

រូបថត​ត្រឹមក្បាល​របស់​អេឡែន

សូម​ប្រាប់​យើង​អំពី​ខ្លួន​របស់​ប្អូន ។

ក្មេងប្រុស​ពាក់អាវ​មន្ទីរពិសោធន៍ ជាមួយ​នឹងកែវធំដែល​មានពពុះ
ចាន​ស៊ុត​ចៀន​របស់​អេស្ប៉ាញ

ខ្ញុំ​មាន​អាយុ ៨ ឆ្នាំ ។ នៅពេល​ខ្ញុំ​ធំឡើង ខ្ញុំ​ចង់​ក្លាយជា​អ្នកវិទ្យាសាស្រ្ត​ដ៏ល្បីម្នាក់ ។ ពណ៌​ដែលខ្ញុំ​ចូលចិត្ត គឺពណ៌ទឹកក្រូច ហើយអាហារ​ដែលខ្ញុំ​ចូលចិត្តគឺ tortillas de patatas ( ស៊ុត​ចៀន​អេស្ប៉ាញ ) ដែល​លោកយាយ​របស់ខ្ញុំ​ធ្វើ ។

តើ​ប្អូន​បាន​រៀន​មាត្រា​នៃ​សេចក្ដី​ជំនឿ​ដោយ​របៀបណា ?

ខ្ញុំ​បាន​ចាប់ផ្ដើម​រៀនវា​នៅក្នុង​អង្គការ​បឋមសិក្សា ។ យើង​ច្រៀង​ចម្រៀង​ដើម្បី​ជួយ​យើង​ចងចាំ ។ ពេលខ្លះ​គ្រូ​របស់យើង​បាន​សរសេរ​នៅលើ​ក្ដារខៀន ហើយ​លុប​ពាក្យ​មួយចំនួន ។ យើង​ក៏​បាន​គូររូបភាព​ដើម្បី​ពន្យល់​អំពី​មាត្រា​នៃ​សេចក្ដី​ជំនឿ​នីមួយៗ​ផងដែរ ។

ខ្ញុំ​ក៏បាន​អនុវត្ត​ការ​សូត្រ​មាត្រា​នៃ​សេចក្ដី​ជំនឿ ជាមួយ​គ្រួសារ​របស់​ខ្ញុំ​នៅ​ក្នុង​ឡាន​នៅតាមផ្លូវ​ទៅ​សាលារៀន​ផងដែរ ។ ខ្ញុំ​កំពុង​ជួយ​ប្អូនស្រី​របស់ខ្ញុំ ម៉ាយ៉ា ​រៀនផងដែរ ។ នាងចេះ​ប្រាំមួយ​មាត្រា​ដំបូងហើយ !

តើ​មាត្រា​នៃ​សេចក្តី​ជំនឿ​មួយណា​ដែល​ប្អូន​ពេញចិត្តជាងគេ ?

ក្មេងប្រុស​អង្គុយ​នៅលើ​តុ ជាមួយ​នឹង​សៀវភៅ​បើក

ខ្ញុំ​ចូលចិត្ត​មាត្រាទី​ប្រាំបួន ។ « យើង​ខ្ញុំ​ជឿ​ចំពោះ​ការណ៍​ទាំងអស់ ដែល​ទ្រង់​បាន​បើក​សម្ដែង​មក និង​ការណ៍​ទាំងអស់ ដែល​ទ្រង់​បើក​សម្ដែង​នៅ​ពេល​ឥឡូវនេះ ហើយ​យើង​ខ្ញុំ​ជឿ​ថា ទ្រង់​នឹង​បើក​សម្ដែង​នូវ​ការណ៍​ដ៏​ធំ និង​សំខាន់ៗ​ជាច្រើន ដែល​ទាក់ទង​ទៅនឹង​នគរ​នៃ​ព្រះ » ។ វា​បង្រៀន​ថា​ព្រះវរបិតាសួគ៌​មាន​ការណ៍​បន្ថែម​ទៀត​សម្រាប់​យើង​ដើម្បី​រៀន​បន្តិចម្តងៗ ។

តើការ​ចេះដឹង​អំពី​មាត្រា​នៃ​សេចក្ដី​ជំនឿ​បាន​ជួយ​ប្អូន​យ៉ាង​ដូចម្ដេច ?

មានថ្ងៃមួយ​នៅ​សាលា មិត្ត​របស់​ខ្ញុំ សូហ្វីយ៉ា បានសួរ​ខ្ញុំ​អំពីអ្វី​ដែល​ខ្ញុំ​ជឿ ហើយ​ថា​តើ​ខ្ញុំ​ជាសមាជិក​របស់​សាសនា​ណាមួយ​ឬទេ ។ ខ្ញុំ​បានចាំ​មាត្រាទីមួយ​នៃ​មាត្រា​នៃ​សេចក្ដី​ជំនឿ​ដែល​និយាយ​ថា « យើង​ខ្ញុំ​ជឿ​ដល់​ព្រះ គឺ​ព្រះវរបិតា​ដ៏គង់នៅ​អស់កល្ប​ជានិច្ច និង​ដល់​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ដល់​ព្រះវិញ្ញាណ​បរិសុទ្ធ » ។ ដូច្នេះ ខ្ញុំ​បាន​ចែកចាយ​មាត្រា​នោះ​ជាមួយ​នឹងនាង ។

ខ្ញុំ​ក៏បាន​ប្រាប់​នាង​ផងដែរថា ខ្ញុំ​គឺជា​គ្រីស្ទាន​ម្នាក់ និង​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ នាង​បាន​ស្តាប់​ខ្ញុំ ហើយ​យល់​ពីអ្វី​ដែល​ខ្ញុំ​បានចែកចាយ​ជាមួយ​នាង ។

តើ​បទពិសោធន៍​របស់​ប្អូន​ជួយឲ្យ​ប្អូន​មាន​អារម្មណ៍​បែបណា ?

ខ្ញុំ​មាន​អារម្មណ៍​ល្អណាស់​ដោយសារ​ខ្ញុំ​ដឹងថា ខ្ញុំ​ក្លាហាន​ក្នុង​ការ​ចែកចាយ​ជំនឿ​របស់ខ្ញុំ​ជាមួយ​មិត្តភក្តិ​របស់​ខ្ញុំ ។ ដោយ​សារ​តែ​ការ​ខិតខំ​រៀន​សូត្រ​របស់ខ្ញុំ​អំពី​មាត្រា​នៃ​សេចក្ដី​ជំនឿ នោះ​ខ្ញុំ​អាច​ចែកចាយ​ដំណឹងល្អ ហើយ​ដឹង​ពីអ្វី​ដែល​ត្រូវ​និយាយ ។

កុមារ​ឈរ​ជាមួយគ្នា
ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ ថូប៊ី ញ៉ូវសាំ