« ការទៅលេងលោកយាយ និងលោកតា » ទស្សនាវដ្តីប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៤ ទំព័រ ៣០–៣១ ។
ទៅលេងលោកយាយ និងលោកតា
អឺណែស្តូ ចង់ចែកចាយនូវអ្វីដែលគាត់បានរៀននៅក្នុងអង្គការបឋមសិក្សា ។
ដំណើររឿងនេះបានកើតឡើងនៅប្រទេស ឥណ្ឌូនេស៊ី ។
អឺណែស្តូ បានដាក់អាវមួយទៀតនៅក្នុងកាបូបរបស់គាត់ ។ គាត់បានសម្លឹងមើលជុំវិញបន្ទប់ ។ តើគាត់ត្រូវយកអ្វីទៅជាមួយទៀត ? គាត់បានឃើញព្រះគម្ពីរមរមនរបស់គាត់នៅលើតុ ។ គាត់មិនអាចភ្លេចព្រះគម្ពីរនេះបានទេ !
វាគឺជាវិស្សមកាលរដូវក្តៅ ។ គ្រួសាររបស់ អឺណែស្តូ នឹងទៅសួរសុខទុក្ខលោកយាយ និងលោកតា ។ គាត់រំភើបខ្លាំងណាស់ដែលបានជួបលោកយាយលោកតារបស់គាត់ ។
នៅពេលដែល អឺណែស្តូ និងគ្រួសាររបស់គាត់មកដល់ លោកតាបានឱបគាត់យ៉ាងណែន ។ « តាសប្បាយចិត្តណាស់ដែលចៅនៅទីនេះ ! »
« ពួកយើងនឹកឯង ! » លោកយាយញញឹម ហើយឱប អឺណែស្តូ ផងដែរ ។
អឺណែស្តូ បាននិយាយថា « ចៅចាំហើយ ចាំទៀតសម្រាប់ថ្ងៃនេះ ។ ពួកយើងពិតជាចង់មកលេងណាស់ » ។
លោកតាបាននិយាយថា « តោះ ចូលក្នុង » ។ « លោកយាយនឹងធ្វើម្ហូបដែលចៅចូលចិត្តទាំងអស់ » ។
អឺណែស្តូ បានដើរចូលទៅក្នុងផ្ទះជាមួយលោកយាយ និងលោកតា ។ គាត់មានចិត្តរំភើបខ្លាំងណាស់ដែលបានចំណាយពេលជាមួយពួកលោក ។
ព្រឹកស្អែកឡើង អឺណែស្តូ បានភ្ញាក់ពីដំណេក ឈ្ងុយបាយកំពុងចម្អិន ។ គាត់ឃើញម៉ាក់ និងលោកយាយរវល់នៅក្នុងផ្ទះបាយ ។ គាត់បានថើបថ្ពាល់ពួកលោកទាំងពីរ ។ បន្ទាប់មក គាត់បានរត់ទៅទីធ្លា ។
ប៉ានិងលោកតា កំពុងអង្គុយនិយាយលេង និងពិសាទឹក នៅខាងក្រៅ ។
« អរុណសួស្ដី ។ ឯងចង់ញ៉ាំតែទេ ? » លោកតាហុចពែងឲ្យ អឺណែស្តូ ។
អឺណែស្តូ បានសម្លឹងមើលពែងតែ ហើយបន្ទាប់មក សម្លឹងមើលទៅលោកតា ។ គាត់ចង់ចែកចាយនូវអ្វីដែលគាត់បានរៀននៅក្នុងអង្គការបឋមសិក្សា ។ គាត់បានឆ្លើយថា « អត់ទេលោកតា អរគុណ » ។ « ខ្ញុំបានរៀននៅព្រះវិហាររបស់ខ្ញុំថា តែ កាហ្វេ និង ថ្នាំជក់ មិនល្អសម្រាប់រូបកាយយើងទេ ។ ខ្ញុំចង់ធ្វើតាមអ្វីដែលព្រះយេស៊ូវចង់ឲ្យខ្ញុំធ្វើតាម » ។
ប៉ាបានញញឹម ។ « គ្រួសារយើងគោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃ តែលោកតាមានជំនឿផ្សេងពីនោះ ហើយវាមិនអីទេ » ។
លោកតាបាននិយាយទៅកាន់ អឺណែស្តូ ថា « អរគុណចៅដែលបានចែកចាយនូវអ្វីដែលចៅជឿ » ។ « ឯងជាក្មេងល្អ ។ ឯងអាចញ៉ាំទឹកក្តៅដូចប៉ារបស់ឯង » ។ លោកតាបានចាក់ទឹកក្តៅឲ្យ អឺណែស្តូ ពីកំសៀវ ។
អឺណែស្តូ ក្រេបបន្តិច ។ គាត់មានអារម្មណ៍សប្បាយក្នុងចិត្ត សម្រាប់ការជ្រើសរើសត្រូវ ។
នៅពេលអាហារថ្ងៃត្រង់ អឺណែស្តូ បានបរិភោគអាហារដែលគាត់ចូលចិត្ត ។ លោកយាយបានចម្អិន nasi gorengមួយចានជាមួយបាយ ស៊ុត សាច់ និងបន្លែ ។ វាឆ្ងាញ់ខ្លាំងណាស់ ។ ហើយ អឺណែស្តូ ចូលចិត្តនិយាយជាមួយលោកយាយ និងលោកតាពេលពួកគេបរិភោគអាហារ ។
នៅពេលរសៀល ក្រុមគ្រួសារបានលេងបិទពួនជាមួយគ្នា ។ សូម្បីតែលោកតា និងលោកយាយក៏លេងដែរ !
« ប៉ាឃើញឯងនៅពីក្រោយដើមឈើនោះគឺ អឺណែស្តូ ! » ប៉ាបានស្រែក ហើយរត់ទៅរកគាត់ ។ អឺណែស្តូ សើចបណ្តើរនៅពេលដែលគាត់ព្យាយាមរត់គេចខ្លួន ។ ការលេងជាមួយគ្រួសាររបស់គាត់គឺសប្បាយរីករាយណាស់ ។
នាយប់នោះ គ្រប់គ្នាបានអង្គុយជុំវិញលោកតា នៅពេលដែលគាត់និយាយប្រាប់រឿងមួយចំនួន ។ ពេលលោកតានិយាយចប់ អឺណែស្តូ បានចាំថាពួកគេមិនបានអានព្រះគម្ពីរទេ ។
អឺណែស្តូ លោតឡើង ។ « ខ្ញុំនឹងមកវិញឥឡូវហើយ » ។
គាត់បានរត់ទៅយកព្រះគម្ពីរមរមនរបស់គាត់ ។ ពេលគាត់ត្រឡប់មកវិញ គាត់សួរថា « តើយើងអាចអានបានទេ ? »
« ម៉ាក់សប្បាយចិត្តណាស់ដែលកូនចាំ » ។ ម៉ាក់បានយកព្រះគម្ពីររបស់ អឺណែស្តូ ហើយបើកទៅខគម្ពីរដែលគាត់ចូលចិត្ត ។ គាត់អានឮៗ ។ បន្ទាប់មក ពួកគេទាំងអស់គ្នាបានលុតជង្គង់ចុះ ។
« តើលោកយាយលោកតាចង់អធិស្ឋានជាមួយពួកយើងទេ ? អឺណែស្តូ បានសួរលោកយាយលោកតារបស់គាត់ ។
លោកយាយឆ្លើយថា « បានចៅ វាល្អណាស់ » ។ លោកយាយបានលុតជង្គង់ក្បែរលោកតា ។
ប៉ាបានពោលពាក្យអធិស្ឋាន ។ លោកបានថ្លែងអំណរគុណដល់ព្រះវរបិតាសួគ៌ ដែលពួកគេបានចំណាយពេលជាមួយគ្រួសារ ។
ក្រោយពីអធិស្ឋាន លោកតាបានឱប អឺណែស្តូ យ៉ាងខ្លាំង ។ គាត់បាននិយាយថា « វាល្អណាស់ដែលគ្រួសាររបស់ចៅអធិស្ឋាន » ។ « តាសប្បាយចិត្តដែលចៅចង់នៅជិតព្រះ ។ វានឹងជួយឲ្យគ្រួសាររបស់ចៅរឹងមាំ » ។
អឺណែស្តូ មានអារម្មណ៍កក់ក្តៅ និងសុខសាន្តនៅក្នុងចិត្ត ។ គាត់ចូលចិត្តចែកចាយជំនឿរបស់គាត់—អ្វីដែលគាត់ស្រឡាញ់—ជាមួយលោកយាយ និងលោកតា—ដែលជាមនុស្សជាទីស្រឡាញ់របស់គាត់ ។