ប្រិយមិត្ត
សម្លេង​កាំជ្រួច​ខ្លាំងៗ និងពណ៌​ឆើតឆាយ
ខែ កក្កដា ឆ្នាំ ២០២៤


« សំឡេង​កាំជ្រួច​យ៉ាងខ្លាំង និង​ពណ៌​ឆើតឆាយ » ទស្សនាវដ្តី ប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៤ ទំព័រ ១០–១១ ។

សំឡេង​កាំជ្រួច​យ៉ាងខ្លាំង និង​ពណ៌​ឆើតឆាយ

« ហេតុអ្វី​បាន​ជា​ព្រះវរបិតាសួគ៌​មិន​ធ្វើ​ឲ្យ​សំឡេង​ខ្លាំងៗ​ចេញឲ្យ​ឆ្ងាយទៅ​ ? » ឆារលុត បានសួរ ។

ដំណើររឿង​នេះ​បាន​កើតឡើង​នៅក្នុង ស.រ.អា. ។

ឆារលុត ស្អប់​សំឡេង​ខ្លាំងៗណាស់ ! នាង​មិន​ចូលចិត្ត​សំឡេង​ដែល​ខ្ទរ​នៅក្នុង​ត្រចៀក​របស់នាង ឬ​បន្ទរ​នៅក្នុង​ក្បាល​របស់នាង​ទេ ។ ទោះបីជា​នាង​ដឹងថា​នាង​មាន​សុវត្ថិភាព​ក៏ដោយ ក៏នាង​នៅតែ​មាន​អារម្មណ៍​តានតឹង​នៅពេលមាន​សំឡេង​រថយន្ត​រអិល ហ្វូង​មនុស្ស​អបអរ ឬ​គោះស្គរ ។

ហើយ ឆារលុត ពិតជា មិន​ចូលចិត្ត​កាំជ្រួច​ទេ !

គ្រួសារ​របស់​នាង​បានព្យាយាម​ធ្វើរឿង​ជាច្រើន​ដើម្បី​លួងលោម​នាង ពេល​មាន​សំឡេង​ខ្លាំងៗ ។ ប៉ា​បាន​ទិញ​កាស​ត្រចៀក​ពិសេស​ឲ្យនាង ដើម្បី​ជួយ​រារាំង​សំឡេង​រំខាន ។ ពេល​មាន​ផ្គរលាន់ ម៉ាក់​បាន​គ្រលំ​ភួយ​ជាមួយនាង ។ ឆារលុត ក៏បាន​អធិស្ឋាន​ទូលសុំ​ជំនួយ​មិនឲ្យ​ភ័យ​ខ្លាច​ផងដែរ ។

ការណ៍​ទាំងអស់​នេះ​បានជួយ ។ ប៉ុន្តែ​សំឡេង​ខ្លាំង​នៅតែ​ធ្វើឲ្យ​នាង​ភ័យ​ខ្លាច ។

ម៉ាក់​បាន​ប្រាប់​ឆារលុត​ថា « យើង​នឹង​ទៅមើល​កម្មវិធី​ដុតកាំជ្រួច​ពិសេស​មួយ​នៅសួនច្បារ​យប់នេះ » ។ « តើ​កូន​ចង់​ទៅទេ ? »

ឆារលុត ជ្រួញចញ្ចើម ។ « តែ​កាំជ្រួច​ឮខ្លាំងណាស់ » ។

ម៉ាក់បាន​និយាយថា « ឥឡូវនេះ​កូនធំហើយ ដូច្នេះ​វាកាន់​តែសប្បាយ​ពេលកូនមើល » ។ « មិត្ត​របស់កូន​ទាំងអស់​នឹងនៅទីនោះ ។ យើង​ថែម​ទាំងអាច​យក​កាសត្រចៀក​ពិសេស​របស់​កូន​ទៅ​ផងដែរ ។ តើ​កូន​គិតថា​កូន​អាច​សាកល្បង​សិន​បានទេ ? »

ឆារលុត ដកដង្ហើមធំ ។ « យល់ព្រម ។ ខ្ញុំ​នឹងសាកល្បង​មើល » ។

កម្មវិធី​កាំជ្រួច​នៅ​សួនច្បារ​បានចាប់ផ្តើម​យ៉ាងល្អ​ឥតខ្ចោះ ។ ឆារលុត និង​មិត្តភក្តិ​របស់​នាង​បានរត់​ជុំវិញ​ស្មៅ​ចែករំលែក​អាហារ និង​លេងល្បែង​កម្សាន្ត​ជាមួយគ្នា ។ មិន​យូរប៉ុន្មាន​មេឃ​កាន់តែ​ងងឹត ។ ឆារលុត បាន​អង្គុយ​ទាញ​កាសត្រចៀក​របស់​នាង នៅពេល​នាង​មើល​ទៅ​កាំជ្រួច​នៅលើមេឃ​ទាំងភ័យខ្លាច ។

ក្តាំង ! ក្តាំង ! បែក !

បេះដូងឆារលុត​លោតញាប់ ហើយ​នាង​តឹងណែនទ្រូង ។ នាង​បាន​លោតឡើង ហើយ​ព្យាយាម​រត់ចេញ​ពីសំឡេង​ផ្ទុះ​នៅជុំវិញ​នាង ។

ម៉ាក់​បាន​រត់តាម ឆារលុត ហើយ​បីនាងឡើង ​។ ពួកគេ​អង្គុយ​ចុះ ហើយ​ម៉ាក់​បាន​ឱប​នាង​យ៉ាងណែន ។ ឆារលុតហូរទឹក​ភ្នែក ។

ម៉ាក់​បាន​និយាយ​ថា « ម៉ាក់​សោកស្តាយ​ណាស់​ដែល​កូន​ភ័យខ្លាច » ។ « ម៉ាក់ នៅទីនេះ ។ ចូរ​យើង​ផ្តោត​ទៅ​លើ​ពណ៌​វិញ ដូច្នេះ​កូន​មិនបាច់​ផ្តោត​លើ​សំឡេង​ច្រើននោះ​ទេ ។ តើ​ភ្នែក​កូន​មើលឃើញ​អ្វីខ្លះ ? »

ឆារលុត បាន​ដកដង្ហើមធំ ។ « ខ្ញុំ​ឃើញ​ពណ៌​មាស ក្រហម និង​ពណ៌​បៃតង » ។

ម៉ាក់​និយាយ​ថា « ឥឡូវ​ប្រើ​ច្រមុះ​របស់​កូន » ។ « តើ​កូន​ធំក្លិន​អ្វី ? »

ឆារលុតបាន​និយាយ​ថា « កូន​ធំក្លិន​ផ្សែង និង​ស្មៅ » « និង ពោតលីង ! » ។

« តើ​កូន​អាច​ប្រើ​ញ្ញាណ​អ្វី​ខ្លះទៀត​ឥឡូវនេះ ? »

ឆារលុត បាន​បិទភ្នែក​របស់​នាង ។ « កូន​មាន​អារម្មណ៍​ដឹង​ពីវត្តមានកាំជ្រួច​ទាំងនោះ ។ ពេល​កាំជ្រួច​ផ្ទុះ កូន​អាច​មាន​អារម្មណ៍​ញាប់ញ័រ​នៅក្នុង​ទ្រូង​កូន » ។

« តើ​កូន​អាច​ភ្លក់​វាបានទេ ? » ម៉ាក់​បានសួរ ។

ឆារលុត​បាន​លៀន​អណ្ដាត​របស់​នាង « កូន​មិនអាច​ភ្លក់​កាំជ្រួច​បាន​ទេ » ។ នាងសើច ។

ការណ៍​ទាំង​អស់នេះ​បាន​ធ្វើ​ឲ្យ​ឆារលុត ចង់​ដឹង​ចង់​ឮ ។ តើ​មនុស្ស​អាចបង្កើត​ពណ៌​ផ្សេងៗគ្នា​យ៉ាង​ដូចម្ដេច ? នាង​ងឿងឆ្ងល់ ។ ហេតុអ្វី​បានជា​កាំជ្រួច​ផ្ទុះ ? តើ​ពួកគេ​បង្កើត​រូបរាង​ខុសៗគ្នា​យ៉ាង​ដូចម្តេច ? ឥឡូវ​នេះ​កាំជ្រួច​ហាក់​ដូចជា​មិនគួរ​ឲ្យខ្លាច​នោះទេ ។

« ម៉ាក់ កាំជ្រួច​ពិតជា​អស្ចារ្យ​ណាស់ ! » ឆារលុតបាននិយាយ ។

ក្មេងស្រី​ពាក់កាសត្រចៀក និង​ម្តាយ​ដេក​នៅលើ​ទួល​ស្មៅ​មើល​កាំជ្រួច​ជាមួយ​គ្នា

នៅពេល​ម៉ាក់​ស្លៀកពាក់​ឲ្យ ឆាតលុត ចូល​គេង​នៅយប់​នោះ ឆារលុត​បាន​សួរថា « ហេតុអ្វី​បានជា​ព្រះវរបិតាសួគ៌​មិន​ឆ្លើយ​តប​នឹង​ការអធិស្ឋាន​របស់​កូន​នៅពេល​កូន​សុំឲ្យ​ទ្រង់​យក​សំឡេង​ខ្លាំងៗ​នោះចេញ ? »

ម៉ាក់​បាន​គិត​មួយ​សន្ទុះ ។ ម៉ាក់​បាន​និយាយថា « ព្រះវរបិតា​សួគ៌​មិន​តែងតែ​យករឿង​គួរ​ឲ្យខ្លាច​ចេញ​នោះទេ » ។ « ប៉ុន្តែ​ពេលខ្លះ​ទ្រង់​ជួយ​ឲ្យ​យើង​មើលឃើញ​រឿង​ផ្សេងៗ ឬ​ផ្តល់​ឲ្យ​យើង​នូវ​មនុស្ស​ដែលជួយ​លួងលោម​យើង » ។

ឆារលុតបាន​និយាយថា « ដូច​ជា​របៀប​ដែល​ទ្រង់​បាន​ជួយ​កូន​យប់នេះ ! » ។

« ត្រឹមត្រូវ​ហើយ ! » ម៉ាក់​បាន​ញញឹម ។ « កូន​បានទៅ​កម្មវិធី​ដុត​កាំជ្រួច ទោះបីជា​កូន​ភ័យខ្លាច​ក៏ដោយ ។ បន្ទាប់មក ព្រះវរបិតាសួគ៌​បានជួយ​កូន​ឲ្យមាន​អារម្មណ៏​ស្ងប់ស្ងាត់​បាត់​ភ័យខ្លាច ។ ទ្រង់​ក៏​បានជួយ​កូន​មើលឃើញ​ភាព​ស្រស់ស្អាត​នៃ​កាំជ្រួច ដោយ​ប្រើ​ញ្ញាណ​ផ្សេងទៀត​របស់​កូន​ផងដែរ » ។

ឆារលុត​បាន​គិត​អំពី​ពណ៌​ឆើតឆាយ​នៅលើ​មេឃ ហើយ​ញញឹម ។ តែនាង​នៅតែ​មិន​ចូលចិត្ត​សំឡេងខ្លាំងៗ​ដដែល ។ វានៅតែ​ធ្វើឲ្យ​នាង​ភ័យខ្លាច ។ ប៉ុន្តែ​នាង​បានដឹងថា​ព្រះវរបិតាសួគ៌​អាច​ជួយ​នាង​ឲ្យមាន​ភាពក្លាហាន​ជានិច្ច ។

ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ អ័ដាម ហៅលីង