« រ៉េនណា បានព្យាយាមម្តងទៀត » ទស្សនាវដ្តី ប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៤ ទំព័រ ៣៦–៣៧ ។
រ៉េនណា ព្យាយាមម្តងទៀត
រ៉េនណា បាននិយាយថា « នោះគឺជាលើកចុងក្រោយដែលខ្ញុំនឹងព្យាយាមធ្វើអ្វីថ្មីម្តងទៀត » ។
ដំណើររឿងនេះបានកើតឡើងនៅក្នុង ស.រ.អា. ។
រ៉េនណា បានអានពាក្យនៅលើក្រដាសចែកនៅសាលារបស់នាងម្តងទៀត ។ ការប្រគួតតែងសេចក្តី ៖ ឈ្នះដំណើរកម្សាន្តដោយឥតគិតថ្លៃទៅកាន់ទីក្រុង ញូវយ៉ក !
វាគឺជាការប្រកួតមួយសម្រាប់សិស្សនៅក្នុងសាលាជាច្រើននៅក្នុងតំបន់នោះ ។ រ៉េនណា បានគិតស្រមៃអំពីខ្លួននាងនៅទីក្រុងញ៉ូវយ៉ក ដោយមានអគារខ្ពស់ៗនៅជុំវិញនាង និងរូបសំណាកនៃសេរីភាពនៅក្បែរនោះ ។ នាងចង់ទៅណាស់ !
ស៊ីដនី បាននិយាយថា « ឯងគួរតែចូលរួមប្រកួត » ។ « ឯងជាសិស្សពូកែសរសេរបំផុតក្នុងថ្នាក់របស់យើង ! »
ពាក្យសម្តីរបស់ស៊ីដនីធ្វើឲ្យ រ៉េនណាមានអារម្មណ៍ល្អ ។ នាងមិនបានដឹងច្រើនអំពីការសរសេរតែងសេចក្តីនោះទេ ។ ប៉ុន្តែនាងចង់សាកល្បង ។
ក្រោយចេញពីរៀន រ៉េនណា អង្គុយនៅឯតុរបស់នាង ។ តុក តុក តុក ។ នាងបានគោះខ្មៅដៃរបស់នាង នៅលើក្រដាសនៅពេលនាងគិតអំពីគំនិតរបស់នាង ។ ទីបំផុត នាងបានចាប់ផ្ដើមសរសេរ ។
រ៉េនណា បានចំណាយពេលពេញមួយសប្តាហ៏ដើម្បីបញ្ចប់ ។ ប៉ុន្តែដោយមានជំនួយខ្លះៗពីម្តាយ នៅទីបំផុតនាងមានអារម្មណ៍ថារួចរាល់ដើម្បីបញ្ជូនតែងសេចក្តីនោះទៅ ។
ពីរបីសប្តាហ៍បានកន្លងផុតទៅ ។ រ៉េនណា អន្ទះសាចង់ឃើញថានរណាឈ្នះ ។ ប្រហែលជាមិនយូរប៉ុន្មាន នាងនឹងធ្វើដំណើរទៅទីក្រុងញ៉ូវយ៉ក !
លោក រ៉ាយ បានមានប្រសាសន៍នៅខាងមុខថ្នាក់ថា « មានសិស្សរាប់រយនាក់បានចូលរួមប្រកួត » ។ « អរគុណប្អូនៗទាំងអស់ដែលបានសរសេរតែងសេចក្តី » ។
បេះដូងរបស់រ៉េនណា បានរំជួលចិត្តដោយក្តីរំភើប ។
« ទោះបីជាគ្មានសិស្សណាម្នាក់របស់យើងឈ្នះការប្រកួតក៏ដោយ ក៏ រ៉េនណាស្ថិតនៅចំណាត់ថ្នាក់កំពូលទាំង ៥ ក្នុងចំណោមសិស្សដែលបានចូលរួមទាំងអស់ ។ លោក រ៉ាយ បានប្រកាសថា « សូមអបអរសាទរ រ៉េនណា » ។
រ៉េនណា ញញឹមខណៈដែលមិត្តរួមថ្នាក់របស់នាងបានទះដៃ ។ ប៉ុន្ដែក្នុងចិត្តនាងក្រៀមក្រំយ៉ាងខ្លាំង ។ ការស្ថិតនៅចំណាត់ថ្នាក់កំពូលទីប្រាំមិនល្អដូចការឈ្នះនោះទេ ។ សុបិនរបស់នាងទៅឃើញទីក្រុង ញ៉ូវយ៉ក រលាយបាត់ហើយ ។
នៅពេលដែល រ៉េនណា ត្រឡប់មកផ្ទះវិញនាងបានទម្លាក់ខ្លួនអង្គុយនៅលើកៅអីនៅក្នុងផ្ទះបាយជិតឪពុកម្តាយរបស់នាង ។ នាងបាននិយាយថា « កូនចាញ់ការប្រកួតនេះហើយ » ។ « នោះគឺជាលើកចុងក្រោយដែលកូននឹងព្យាយាមធ្វើអ្វីថ្មីម្តងទៀត ។ កូនធ្វើតែអ្វីដែលកូនដឹងថាកូនពូកែតែប៉ុណ្ណោះ » ។ នាងក្តោបដៃរបស់នាងលើក្បាល ។
ប៉ាបាននិយាយថា « ម៉ាក់ និងប៉ាសោកស្តាយដែលកូនមិនបានឈ្នះ ។ តែម៉ាក់ និងប៉ាមានមោទនភាពដែលកូនព្យាយាម » ។ គាត់បានអង្គុយចុះក្បែរ រ៉េនណា ។ « តើកូនចាំទេពេលប៉ាចេញធ្វើការងារ កាលពីពីរបីឆ្នាំមុន ? »
រ៉េនណា បានងក់ក្បាល ។
ឪពុកបាននិយាយថា « ប៉ាបានដាក់ពាក្យស្នើសុំការងារជាច្រើន ហើយគ្មាននរណាជួលប៉ាទេ » ។ « ប៉ាមានអារម្មណ៍បាក់ទឹកចិត្តណាស់ » ។
រ៉េនណា បានងើបមុខឡើង ។ « ពិតមែនឬ ? »
ប៉ាបានងក់ក្បាល ។ « តែប៉ាមិនបោះបង់ទេ ។ មួយរយៈធំក្រោយមក ប៉ារកបានការងារមួយដែលល្អឥតខ្ចោះ ។ ប៉ុន្តែវានឹងមិនកើតឡើងទេ ប្រសិនបើប៉ាឈប់ព្យាយាមនោះ » ។
ម៉ាក់ដាក់ដៃលើខ្នងរបស់ រ៉េនណា ដើម្បីលួងលោមនាង ។ គាត់បានសួរថា « តើកូនដឹងទេថា ម៉ាក់បានផ្ញើរឿងប៉ុន្មានទៅទស្សនាវដ្តីផ្សេងៗគ្នា ? » « ហើយតើមានប៉ុន្មានច្បាប់បានបដិសេធឬទេ ? ប៉ុន្តែម៉ាក់មិនអាចបោះបង់ចោលទេ ប្រសិនបើម៉ាក់ចង់ឃើញការងាររបស់ម៉ាក់បោះពុម្ពផ្សាយ ។ ការនិពន្ធគឺសំខាន់ចំពោះម៉ាក់ ដូច្នេះម៉ាក់នៅតែបន្តព្យាយាម » ។
រ៉េនណា តែងតែគិតថា ម៉ាក់ប៉ារបស់នាងពូកែគ្រប់យ៉ាងចំពោះកិច្ចការដែលពួកគាត់ធ្វើ ។ នាងមិនដែលដឹងថាពួកលោក ក៏ត្រូវបានគេបដិសេធដែរនោះទេ ។
នាងនៅតែសោកសៅ ប៉ុន្តែវាហាក់ដូចជាល្ងង់ខ្លៅណាស់ ដែលមិន ព្យាយាមម្តងទៀត ។ នោះមិនមែនជាអ្វីដែលព្រះវរបិតាសួគ៌សព្វព្រះទ័យសម្រាប់នាងនោះទេ ។ រ៉េនណា បានសម្រេចចិត្តថានាងនឹងមិនបោះបង់ទេ ។ នាងអាចព្យាយាមម្តងទៀត សូម្បីតែអ្វីដែលនាងមិនពូកែក្នុងពេលនេះក្តី ។
រ៉េនណា បាននិយាយថា « កូននឹងចូលប្រកួតម្តងទៀតនៅឆ្នាំក្រោយ » ។ ការចាញ់ការប្រកួត មិនមែនជាទីបញ្ចប់នៃក្តីសុបិនរបស់នាងនោះទេ ។
រ៉េនណា បានទៅតុរបស់នាង ហើយកាន់ខ្មៅដៃរបស់នាង ។ ការសរសេរគឺសប្បាយណាស់ ។ តុក តុក តុក ។ ដូច្នេះតើនាងអាចសរសេរអ្វីបន្ទាប់ទៀត ?