ប្រិយមិត្ត
សកម្មភាព​ចូរ​មក​តាម​ខ្ញុំ
ខែ កក្កដា ឆ្នាំ ២០២៤


សកម្មភាព « ចូរ​មក​តាម​ខ្ញុំ ទស្សនាវដ្តី ប្រិយមិត្ត ខែ កក្គដា ឆ្នាំ ២០២៤ ទំព័រ ២៨–២៩ ។

សកម្មភាពចូរ​មក​តាម​ខ្ញុំ

សម្រាប់​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ឬ​ការសិក្សា​ព្រះគម្ពីរ—ឬ​គ្រាន់តែ​សម្រាប់​ភាពរីករាយ !

ថ្ងៃទី ១–៧ ខែ កក្កដា

កិច្ចការ​ធ្វើ​ដោយដៃ នៃ​ផែនការ​នៃ​សុភមង្គល

សម្រាប់ អាលម៉ា ១៧–២២

ដៃ​របស់​កុមារ​ជាមួយនឹង​ទ្រង់ទ្រាយ​ក្រដាស​កាត់

ទាំង អើរ៉ុន និង អាំម៉ូន បាន​បង្រៀន​អំពី​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតា​សួគ៌ ។ ពួកលោក​បានហៅថាវាថា​​ផែនការ​នៃ​ការ​ប្រោសលោះ ( សូមមើល អាលម៉ា ១៨:៣៦–៣៩ និង អាលម៉ា ២២ ) ។ បើកទៅ​ទំព័រទី ១២ ដើម្បី​ធ្វើ​កិច្ចការ​ធ្វើ​ដោយដៃ​អំពី​ផែនការ​នៃ​សុភមង្គល​របស់អ្នក​ផ្ទាល់ខ្លួន​ ។

ថ្ងៃទី ៨–១៤ ខែ កក្កដា

ឧបករណ៍​នៅក្នុង​ព្រះហស្ដ​នៃព្រះ

សម្រាប់ អាលម៉ា ២៣–២៩

កុមារ​ធ្វើ​ឧបករណ៍​ដែលធ្វើ​ដោយខ្លួន​ឯង

អាំម៉ូន បាន​និយាយ​ទៅ​កាន់​បងប្អូន​របស់​លោកថា « យើង​បាន​ធ្វើជា​គ្រឿង​ឧបករណ៍​នៅក្នុង​ព្រះហស្ត​នៃ​ព្រះ ដើម្បី​នាំមក​នូវ​កិច្ចការ​ដ៏មហិមា​នេះ » ( អាលម៉ា ២៦:៣ ) ។ ប្រមូល​របស់របរ​ដែល​ប្អូន​អាច​ប្រើ​ដើម្បី​បង្កើត​តន្ត្រី ។ បន្ទាប់មក បង្កើត​ចង្វាក់​ភ្លេង និង ចម្រៀង ។ ដូចជា​យើង​ប្រើប្រាស់​ឧបករណ៍នានា​ដើម្បី​បង្កើត​តន្ត្រី ព្រះ​អាច​ប្រើប្រាស់​យើង​ដើម្បី​ជួយ​ស្ថាបនា​សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ថ្ងៃទី ១៥–២១ ខែ កក្កដា

រំឭក​តន្ត្រី​រាំដណ្តើម​កៅអី

សម្រាប់ អាលម៉ា ៣០–៣១

កុមារ​ដើរ​ជុំវិញ​កៅអី

អាលម៉ា បាន​បង្រៀន​ថា « គ្រប់ការណ៍​ទាំងអស់​បង្ហាញថា មាន​ព្រះ​មួយ​អង្គ​មែន » ( អាលម៉ា ៣០:៤៤ ) ។ នោះមានន័យ​ថា​អ្វីៗ​ដែល​ព្រះ​បាន​បង្កើត​អាច​រំឭក​យើង​ពី​ទ្រង់ ។ រៀបចំ​កៅអី​នៅ​ក្នុង​រង្វង់​ដែល​មាន​កៅអី​គ្រប់គ្រាន់​សម្រាប់​មនុស្ស​គ្រប់គ្នា ប៉ុន្តែ​លើស​មនុស្ស​ម្នាក់ ។ ឲ្យ​នរណា​ម្នាក់​ចាក់ភ្លេង ហើយ​សម្រេច​ថាពេលណា​ផ្អាកតន្រ្តី ។ នៅពេល​តន្ត្រី​ឈប់ គ្រប់គ្នា​ដណ្តើម​កៅអី​អង្គុយ ។ មនុស្ស​ដែល​គ្មាន​កៅអី​ចែកចាយ​រឿង​មួយ​ដែល​រំឭក​ពួកគេ​អំពី​ព្រះ ។ បន្ត​រហូត​ដល់​មនុស្ស​គ្រប់គ្នា​ដល់​វេន ។

ថ្ងៃទី ២២–២៨ ខែ កក្កដា

ចិញ្ចឹម​បីបាច់​ទីបន្ទាល់​របស់ប្អូន

សម្រាប់ អាលម៉ា ៣២–៣៥

កុមារ​គូរ​រូបភាព​មួយ

អាលម៉ា​បាន​បង្រៀនថា នៅពេល​ដែល​ប្អូន​ស្ដាប់​ព្រះបន្ទូល​របស់ព្រះ ហើយ​ធ្វើអ្វីៗ​ដើម្បី​បង្ហាញ​សេចក្ដី​ជំនឿ​របស់ប្អូន នោះ​ទីបន្ទាល់​របស់​ប្អូន​នឹង​រីកចម្រើន​ដូចជា​ដើមឈើ​មួយ ( សូមមើល អាលម៉ា ៣២:៣៧ ) ។ គូរ​កិច្ចការ​អ្វី​ដែល​ប្អូន​អាចធ្វើ​ដើម្បី​ជួយ​ឲ្យដើមឈើ​ដុះលូតលាស់ ដូចជា​ការស្រោចទឹក និង​ផ្តល់​ពន្លឺ​ព្រះអាទិត្យ ។ បន្ទាប់មក គូរ​កិច្ចការ​អ្វី​ដែល​ប្អូន​អាចធ្វើ​ដើម្បី​ជួយ​ឲ្យទីបន្ទាល់​របស់ប្អូន​រីកចម្រើន ដូចជា​ការទៅ​ព្រះវិហារ និងការ​ធិស្ឋាន ។

ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ ខាធី ដុកគ្រីល