ដ្បិតព្រះទ្រង់ស្រឡាញ់យើងដល់ម៉្លេះ
ព្រះទ្រង់ស្រឡាញ់យើងដល់ម្ល៉េះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយឲ្យយាងមក—ពុំមែនដើម្បីជំនុំជម្រះយើងទេ ប៉ុន្តែសង្គ្រោះយើងវិញ ។
« ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម៉្លេះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ ។ » ( យ៉ូហាន ៣:១៦ ) ។ ខ្ញុំបានកត់សម្គាល់ខនេះដំបូង ពុំមែននៅក្នុងព្រះវិហារ ឬ រាត្រីជួបជុំក្រុមគ្រួសារទេ ។ តែនៅពេលខ្ញុំកំពុងមើលព្រឹត្តិការណ៍កីឡានៅលើទូរទស្សន៍ ។ មិនថាខ្ញុំមើលប៉ុស្ដិ៍មួយណា ឬកីឡាណាមួយនោះទេ ក៏មានមនុស្សម្នាក់កាន់ស្លាកសញ្ញាអានថា «យ៉ូហាន ៣:១៦ដែរ ។
ខ្ញុំក៏ស្រឡាញ់ ខ ១៧ ដូចគ្នាដែរថា ៖« ពីព្រោះព្រះទ្រង់មិនបានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមកក្នុងលោកីយ៍ ដើម្បីនឹងជំនុំជម្រះលោកីយ៍នោះទេ គឺឲ្យលោកីយ៍បានសង្គ្រោះដោយសារទ្រង់វិញ » ។
ព្រះបានបញ្ជូនព្រះយេស៊ូវគ្រីស្ទដែលជាព្រះរាជបុត្រាទ្រង់តែមួយខាងសាច់ឈាមឲ្យលះបង់ព្រះជន្មដើម្បីយើងម្នាក់ៗ ។ អ្វីដែលទ្រង់បានធ្វើគឺដោយសារទ្រង់ស្រឡាញ់យើង ហើយបានរៀបចំផែនការសម្រាប់យើងម្នាក់ៗ ឲ្យត្រឡប់ទៅកាន់ដំណាក់ទ្រង់វិញ ។
ប៉ុន្តែមិនមែនមនុស្សគ្រប់រូបសុទ្ធតែព្រមទទួលយក ឬក៏មិនព្រមទទួលយកផែនការនេះទេ ។ វាគឺជារឿងផ្ទាល់ខ្លួន ដែលរៀបចំឡើងដោយព្រះវរបិតាសួគ៌ជាទីស្រឡាញ់ ដែលយល់ចិត្តយើង ស្គាល់ឈ្មោះរបស់យើង និងដឹងពីអ្វីដែលទ្រង់ត្រូវការឲ្យយើងធ្វើ ។ តើហេតុអ្វីយើងជឿយ៉ាងដូច្នោះ ? ពីព្រោះនៅក្នុងព្រះគម្ពីរបរិសុទ្ធបានបង្រៀនយើង ។
ម៉ូសេបានឮព្រះវរបិតាសួគ៌មានព្រះបន្ទូលម្តងហើយម្តងទៀតថា « ម៉ូសេ ជាបុត្រយើង » ( សូមមើល ម៉ូសេ ១:៧,៤០ សូមមើលផងដែរ ខទី ៧, ៤០ ) ។ អ័ប្រាហាំ បានរៀនថាលោកគឺជាបុត្ររបស់ព្រះ ដែលបានជ្រើសរើសសម្រាប់បេសកកម្មរបស់លោក តាំងពីមុនលោកបានកើតមកម្ល៉េះ ( សូមមើល អ័ប្រាហាំ ៣:១២, ២៣ ) ។ តាមរយៈព្រះហស្ថរបស់ព្រះ អេសធើរ បានដាក់ឲ្យស្ថិតនៅក្នុងស្ថានភាពមួយ ដែលមានឥទ្ធិពលដើម្បីសង្គ្រោះប្រជាជនរបស់នាង ( សូមមើល អេសធើរ ៤ ) ។ ហើយព្រះបានទុកព្រះទ័យលើយុវនារីម្នាក់ ជាអ្នកបម្រើ ឲ្យថ្លែងទីបន្ទាល់អំពីព្យាការីនៅរស់ ទើបបណ្តាលឲ្យ ណាម៉ាន់អាចទទួលបានការប្រោះឲ្យជា ( សូមមើល ពង្សាវតារក្សត្រទី ២ ៥:១–១៥ ) ។
ខ្ញុំស្រឡាញ់បុរសដ៏ល្អម្នាក់នេះ ជាពិសេស រូបរាងគាត់ទាប គាត់ជាអ្នកដែលបានឡើងដើមឈើដើម្បីមើលព្រះយេស៊ូវ ។ ព្រះអង្គសង្គ្រោះបានជ្រាបថា គាត់នៅទីនោះ ទ្រង់បានឈប់ ងើបព្រះនេត្រទៅមែកឈើ ហើយមានបន្ទូល ៖ « សាខេ …ចូរអ្នកចុះមកជាប្រញាប់ » ( លូកា ១៩:៥ ) ។ ហើយយើងក៏មិនអាចភ្លេចក្មេងប្រុសអាយុ ១៤ឆ្នាំ ម្នាក់ដែលបានចូលទៅក្នងព្រៃពិសិដ្ឋ ហើយបានរៀនពីផែនការពិតនោះដោយផ្ទាល់ ៖ « [ យ៉ូសែប ] នេះជាព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់យើង ចូរស្ដាប់ទ្រង់ចុះ ! » (យ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១:១៧ ) ។
បងប្អូនប្រុសស្រី យើងសំខាន់នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ហើយក៏ជាហេតុនាំឲ្យមានបេសកកម្មរបស់ព្រះអង្គសង្គ្រោះដែរ ។ យើងម្នាក់ៗគឺជាកិច្ចការ និងសិរីល្អរបស់ទ្រង់ទាំងទ្វេ ។
ចំពោះខ្ញុំ គ្មានព្រះគម្ពីរណាមួយអធិប្បាយដំណើររឿងនេះច្បាស់ជាងការសិក្សាក្នុងព្រះគម្ពីរសញ្ញាចាស់របស់ខ្ញុំឡើយ ។ ពីមួយជំពូកទៅមួយជំពូក យើងរកឃើញឧទាហរណ៍អំពីរបៀបដែលព្រះវរបិតាសួគ៌ និង ព្រះយេហូវ៉ាភ្ជាប់យ៉ាងជិតស្និទ្ធនៅក្នុងជីវិតយើង ។
ថ្មីៗនេះយើងបានសិក្សាអំពីយ៉ូសែប ដែលជាកូនប្រុសសំណព្វរបស់យ៉ាកុប ។ តាំងពីក្មេងមក យ៉ូសែបគឺជាមនុស្សសំណព្វព្រះទ័យរបស់ព្រះអម្ចាស់ ប៉ុន្តែលោកបានជួបការសាកល្បងយ៉ាងខ្លាំងក្លា នៅក្នុងដៃបងប្រុសទាំងឡាយរបស់លោក ។ កាលពីពីរសប្តាហ៍មុន យើងភាគច្រើនបានរំជួលចិត្តចំពោះរបៀបដែលយ៉ូសែបបានអភ័យទោសដល់បងប្រុសរបស់លោក ។ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ យើងអានថា « ដំណើរជីវិតរបស់យ៉ូសែប គឺដូចគ្នាទៅនឹងព្រះយេស៊ូវ គ្រីស្ទ តាមរបៀបជាច្រើន ។ ទោះបីជាអំពើបាបរបស់យើងបានបណ្តាលឲ្យទ្រង់រងទុក្ខដ៏ធំក្តី ក៏ព្រះអង្គសង្រ្គោះប្រទាននូវការអភ័យទោស ដោយរំដោះយើងចេញពីវាសនាមួយ ដែលអាក្រក់ជាងគ្រោះទុរភិក្ស ។ ទោះជាយើងត្រូវការទទួលការអភ័យទោស ឬអភ័យទោសឲ្យគេក្ដី—ដល់ពេលមួយយើងចាំបាច់ត្រូវធ្វើទាំងពីរ—គំរូរបស់យ៉ូសែប បង្ហាញផ្លូវយើងឲ្យទៅរកព្រះអង្គសង្រ្គោះ ជាប្រភពពិតនៃការព្យាបាល និងការផ្សះផ្សារ » ។១
មេរៀនដែលខ្ញុំចូលចិត្តក្នុងដំណើររឿងនោះ ចេញមកពីដំណើររឿងរបស់យូដា ជាបងប្រុសរបស់យ៉ូសែប ដែលបានរួមចំណែកក្នុងផែនការរបស់ព្រះដោយផ្ទាល់សម្រាប់យ៉ូសែប ។ ពេលយ៉ូសែបត្រូវបានបងៗក្បត់ យូដាបានបញ្ចុះបញ្ចូលពួកគេមិនឲ្យសម្លាប់យ៉ូសែបតែឲ្យលក់គាត់ទៅធ្វើជាទាសករវិញ ។ ( សូមមើល លោកុប្បត្តិ ៣៧:២៦–២៧ ) ។
ជាច្រើនឆ្នាំក្រោយមក យូដា និងបងប្អូនលោកត្រូវនាំប្អូនប្រុសពៅរបស់ពួកគេឈ្មោះបេនយ៉ាមីន ទៅកាន់ស្រុកអេស៊ីព្ទ ។ ពីដំបូងឪពុកពួកគេបានជំទាស់ ។ ប៉ុន្តែ យូដាបានសន្យានឹងយ៉ាកុបថា—លោកនឹងនាំបេនយ៉ាមីនមកផ្ទះវិញ ។
ការសន្យារបស់យូដា ត្រូវបានដាក់ជាការសាកល្បង នៅស្រុកអេស៊ីព្ទ ។ ប្អូនប្រុសបេនយ៉ាមីន ត្រូវបានចោទប្រកាន់ថា មានទោសឧក្រិដ្ឋ ។ យូដា រក្សាការសន្យារបស់លោក ក៏បានស្នើសុំជាប់គុកជំនួសបេនយ៉ាមីនវិញ ។ លោកបានមានប្រសាសន៍ថា « ដ្បិតបើក្មេងនេះមិនបានទៅជាមួយ ហើយ នោះធ្វើដូចម្តេចឡើយឲ្យខ្ញុំប្របាទឡើងទៅឯឪពុករបស់ខ្ញុំប្របាទបាន ? » ( សូមមើល លោកុប្បត្តិ ៤៤:៣៣–៣៤ ) ។ យូដាបានប្ដេជ្ញារក្សាការសន្យារបស់លោក ហើយជូនបេនយ៉ាមីនត្រឡប់ទៅវិញដោយសុវត្ថិភាព ។ តើអ្នកធ្លាប់មានអារម្មណ៍បែបនេះទៅកាន់អ្នកដទៃ ដូចយូដាមានចំពោះបេនយ៉ាមីនដែរឬទេ ?
តើរឿងនេះមិនដូចជាអារម្មណ៍ដែលឪពុកម្ដាយមានចំពោះកូនរបស់ខ្លួនទេឬអី ? តើពួកអ្នកផ្សព្វផ្សាយសាសនាមានអារម្មណ៍បែបណា ចំពោះមនុស្សដែលពួកគេបម្រើ ? តើថ្នាក់ដឹកនាំអង្គការបឋមសិក្សា និងយុវវ័យមានអារម្មណ៍យ៉ាងណាចំពោះមនុស្សដែលពួកគេបង្រៀន និងស្រឡាញ់ ?
មិនថាបងប្អូនជានរណា ឬស្ថានភាពបច្ចុប្បន្នរបស់បងប្អូនយ៉ាងណានោះទេ គឺតែងតែមានមួយអង្គមានព្រះទ័យបែបនេះចំពោះបងប្អូនដូចគ្នា ។ ជាអង្គដែលសព្វព្រះទ័យត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌ជាមួយបងប្អូន ។
ខ្ញុំមានអំណរគុណចំពោះអង្គដែលមិនបោះបង់យើង ហើយបន្តស្រោចព្រលឹងពួកគេអធិស្ឋានសម្រាប់យើង និង អង្គដែលបន្តបង្រៀន និងជួយយើងឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីត្រឡប់ទៅកាន់ដំណាក់របស់ព្រះវរបិតាសួគ៌យើងវិញ ។
ថ្មីៗនេះ មិត្តសម្លាញ់ខ្ញុំម្នាក់បានចំណាយពេល ២៣៣ ថ្ងៃសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារ ជំងឺកូវីដ-១៩ ។ អំឡុងពេលនោះ គាត់បានសុបិនឃើញ ឪពុកគាត់ដែលបានស្លាប់ទៅ មកសុំឲ្យនាំយកសារមួយនេះទៅឲ្យចៅៗរបស់គាត់ ។ សូម្បីតែបានទៅឯម្ខាងទៀតនៃវាំងននហើយក្ដី ក៏ជីតាដ៏ល្អរូបនេះប្រាថ្នាជួយចៅៗឲ្យត្រឡប់ទៅកាន់ដំណាក់សួគ៌ាវិញផងដែរ ។
សិស្សរបស់ព្រះគ្រីស្ទបានចងចាំពី« បេនយ៉ាមីន »នៅក្នុងជីវិតរបស់ពួកគេកាន់តែច្រើនឡើង ។ នៅជុំវិញពិភពលោក ពួកគេបានឮការហៅរបស់ព្យាការីនៅរស់របស់ព្រះ គឺប្រធាន រ័សុល អិម ណិលសុន ។ យុវជន និងយុនារីបានចូលរួមនៅក្នុងទ័ពយុវវ័យរបស់ព្រះអម្ចាស់ ។ បុគ្គលម្នាក់ៗ និងក្រុមគ្រួសារកំពុងឈោងទៅជួយនៅក្នុងស្មារតីនៃការងារបម្រើ—ដោយក្ដីស្រឡាញ់ ការចែកចាយ ហើយអញ្ជើញមិត្តភក្ដិ និងអ្នកជិតខាងឲ្យមករកព្រះគ្រីស្ទ ។ យុវវ័យ និងមជ្ឈិមវ័យ ចងចាំ ហើយខិតខំរក្សាសេចក្តីសញ្ញារបស់ពួកគេ—ដោយទៅព្រះវិហារបរិសុទ្ធរបស់ព្រះ ស្វែងរកឈ្មោះសមាជិកគ្រួសារដែលទទួលមរណៈភាព ហើយទទួលពិធីបរិសុទ្ធជំនួសពួកគេ ។
ហេតុអ្វីបានជាព្រះវរបិតាសួគ៌រៀបផែនការផ្ទាល់ខ្លួនសម្រាប់យើងម្នាក់ៗ ដោយរួមបញ្ចូលទាំងការជួយអ្នកដទៃឲ្យត្រឡប់មករកទ្រង់វិញ ? ពីព្រោះនេះគឺជារបៀបដែលយើងអាចប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ។ នៅទីបំផុតដំណើររឿងរបស់យូដា និង បេនយ៉ាមីន បង្រៀនយើងអំពីពលិកម្មរបស់ព្រះអង្គសង្គ្រោះសម្រាប់យើង ។ តាមរយៈដង្វាយធួនរបស់ទ្រង់ ទ្រង់បានលៈបង់ព្រះជន្មដើម្បីនាំយើងទៅផ្ទះវិញ ។ ពាក្យសម្ដីរបស់យូដា បានបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ ៖ « ដ្បិតបើ [ បងប្អូន ] នេះមិនបានទៅជាមួយ ហើយនោះធ្វើដូចម្តេចឡើយឲ្យខ្ញុំប្របាទឡើងទៅឯឪពុករបស់ខ្ញុំប្របាទបាន ? » ក្នុងនាមជាអ្នកប្រមូលផ្តុំអ៊ីស្រាអែល ពាក្យសម្ដីខាងលើក៏ជាពាក្យសម្ដីរបស់យើងផងដែរ ។
នៅក្នុងព្រះគម្ពីរសញ្ញាចាស់សម្បូរទៅដោយអព្ភូតហេតុ និងក្តីមេត្តាករុណាដ៏ទន់ភ្លន់ ដែលជាសញ្ញាសម្គាល់នៃផែនការរបស់ព្រះវរបិតាសួគ៌ ។ នៅក្នុង ពង្សាវតារក្សត្រទី ២ ជំពូក ៤ឃ្លា « មានកាលមួយថ្ងៃទៀត » គឺបានប្រើបីដងដើម្បីបញ្ជាក់ដល់ខ្ញុំពីព្រឹត្តិការណ៍សំខាន់ៗដែលកើតឡើងស្របតាមវេលារបស់ព្រះ ហើយគ្មានព័ត៌មានលម្អិតណាដែលមិនសំខាន់សម្រាប់ទ្រង់ឡើយ ។
មិត្តថ្មីរបស់ខ្ញុំឈ្មោះ ផល ថ្លែងទីបន្ទាល់អំពីសេចក្ដីពិតនេះ ។ ផល បានធំឡើងក្នុងគ្រួសារ ដែលពេលខ្លះមានការរំលោភបំពាន ហើយតែងតែប្រមាថចំពោះសាសនា ។ ពេលរៀននៅមូលដ្ឋានទ័ពក្នុងប្រទេសអាល្លឺម៉ង់ គាត់បានសម្គាល់ឃើញប្អូនស្រីពីរនាក់ដែលហាក់ដូចជាមានពន្លឺខាងវិញ្ញាណ ។ សំណួរសួរថា ហេតុអ្វីបានជាពួកនាងខុសពីគេ តែគាត់ទទួលចម្លើយថា ពួកគេជាសមាជិករបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
មិនយូរប៉ុន្មានផល បានចាប់ផ្តើមជួបជាមួយពួកអ្នកផ្សព្វផ្សាយសាសនា និងបានទទួលការអញ្ជើញឲ្យទៅព្រះវិហារ ។ នៅថ្ងៃអាទិត្យបន្ទាប់ ពេលគាត់ចុះពីឡានក្រុង គាត់ឃើញបុរសពីរនាក់ពាក់អាវស និងក្រវ៉ាត់ក ។ គាត់បានសួរដល់ពួកគេថា តើពួកគេជាអែលឌើររបស់សាសនាចក្រឬ ។ ពួកគេឆ្លើយថា បាទ ដូច្នេះផល ក៏បានដើរតាមពួកគេ ។
ក្នុងពេលថ្វាយបង្គំនោះ គ្រូគង្វាលមា្នក់បានចង្អុលទៅក្រុមជំនុំ ហើយអញ្ជើញពួកគេឲ្យថ្លែងទីបន្ទាល់ ។ នៅចុងបញ្ចប់នៃទីបន្ទាល់នីមួយៗ អ្នកវាយស្គរម្នាក់បានគោះស្គរគោរព ហើយក្រុមជំនុំបានស្រែកឡើងថា « អាម៉ែន » ។
ពេលគ្រូគង្វាលចង្អុលទៅ ផល គាត់បានក្រោកឈរ ហើយថ្លែងថា « ខ្ញុំដឹងថាយ៉ូសែបស៊្មីធ គឺជាព្យាការី ហើយព្រះគម្ពីរមរមនពិត » ។ គ្មានការគោះស្គរគោរព ឬ ពាក្យអាម៉ែនទេ ។ នៅ ទីបំផុត ផល ដឹងថា គាត់បានទៅ ព្រះវិហារខុស ។ មិនយូរប៉ុន្មាន ផល បានរកឃើញកន្លែងត្រូវ ហើយគាត់បានទទួលបុណ្យជ្រមុជទឹក ។
នៅក្នុងថ្ងៃជ្រមុជទឹករបស់ផល សមាជិកម្នាក់ដែលគាត់មិនស្គាល់បានប្រាប់គាត់ថា « លោកបានសង្គ្រោះជីវិតរបស់ខ្ញុំ » ។ កាលពីពីរបីសប្តាហ៍មុន បុរសម្នាក់នេះបានសម្រេចចិត្តរកមើលព្រះវិហារផ្សេងៗ ហើយបានចូលរួមថ្វាយបង្គំកន្លែងគោះស្គរ ដែលនិយាយពាក្យអាមែននោះ ។ ហើយពេលបុរសនោះបានឮ ផល ថ្លែងទីបន្ទាល់របស់គាត់អំពីយ៉ូសែប ស៊្មីធ និងព្រះគម្ពីរមរមនគាត់ដឹងថាព្រះស្គាល់គាត់ ហើយទ្រង់ជ្រាបពីការស្មុគស្មាញរបស់គាត់ ហើយទ្រង់មានផែនការមួយសម្រាប់គាត់ ។ ទាំងផល និងបុរសនោះ « មានកាលមួយថ្ងៃទៀត » ពិតមែន !
យើងក៏បានដឹងដែរថា ព្រះវរបិតាសួគ៌មានផែនការនៃសុភមង្គលមួយសម្រាប់យើងម្នាក់ៗផ្ទាល់ ។ ពីព្រោះព្រះបានបញ្ជូនបុត្រាសំណព្វរបស់ទ្រង់សម្រាប់យើង អព្ភូតហេតុដែលយើងត្រូវការនឹង « [ មាន ]កាល[ មួយថ្ងៃ ] ទៀត » ដែលចាំបាច់សម្រាប់ផែនការរបស់ទ្រង់ដើម្បីបំពេញ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ឆ្នាំនេះយើងអាចរៀនបន្ថែមអំពីផែនការរបស់ព្រះសម្រាប់យើងនៅក្នុង ព្រះគម្ពីរសញ្ញាចាស់ ។ ព្រះគម្ពីសញ្ញាចាស់ដ៏ពិសិដ្ឋនោះ នឹងបង្រៀនអំពីតួនាទីរបស់ព្យាការី នៅក្នុងគ្រាមិនច្បាស់លាស់ និងព្រះហស្តរបស់ព្រះនៅក្នុងពិភពលោកដែលច្របូកច្របល់ និងវិវាទគ្នានេះ ។ វាក៏និយាយអំពីអ្នកជឿដ៏រាបសារ ដែលទន្ទឹងចាំ ការយាងមករបស់ព្រះអង្គសង្គ្រោះដោយស្មោះត្រង់ក៏ដូចជាពួកយើងទន្ទឹងចាំ និងត្រៀមខ្លួនសម្រាប់ការយាងមក ជាលើកទីពីររបស់ទ្រង់—ជាការយាងមកវិញដ៏រុងរឿង និងដែលបានព្យាករណ៍ជាយូរលង់មក ។
រហូតដល់ថ្ងៃនោះ យើងប្រហែលពុំអាចមើលឃើញដោយភ្នែកធម្មតារបស់យើងនូវគម្រោងការណ៍របស់ព្រះក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិតរបស់យើងទេ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៣ ) ។ ប៉ុន្តែយើងអាចចងចាំការឆ្លើយតបរបស់នីហ្វៃ នៅពេលដែលគាត់ប្រឈមមុខនឹងអ្វីមួយដែលលោកមិនយល់ ៖ ខណៈដែលលោកមិនដឹងពីអត្ថន័យនៃការណ៍គ្រប់យ៉ាង ប៉ុន្តែលោកដឹងថាព្រះស្រឡាញ់បុត្រាបុត្រីទាំងអស់របស់ទ្រង់ ។ ( សូមមើល នីហ្វៃទី ១ ១១:១៧ ) ។
នេះគឺជាសាក្សីរបស់ខ្ញុំ ក្នុងព្រឹកថ្ងៃបរិសុទ្ធដ៏ស្រស់ស្អាតនេះ ។ សូមយើងចារវានៅក្នុងចិត្ត ហើយអនុញ្ញាតឲ្យវាបំពេញព្រលឹងយើង ដោយក្តីសុខសាន្ត ក្តីសង្ឃឹម និងអំណរដ៏នៅអស់កល្ប ៖ ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយមក ពុំមែនដើម្បីជំនុំជម្រះយើងទេ ប៉ុន្តែសង្គ្រោះយើងវិញ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕