សូមអនុវត្តផ្នែកអ្នកឲ្យបានល្អប្រពៃ
ដកស្រង់ចេញពីការប្រជុំរបស់ប្រព័ន្ធអប់រំសាសនាចក្រសម្រាប់ពួកមជ្ឈិមវ័យវ័យក្មេងធ្វើឡើងនៅសកលវិទ្យាល័យព្រិកហាំ យ៉ង់–អៃដាហូ នៅថ្ងៃទី 4 ខែ មិនា ឆ្នាំ 2012 ។ សម្រាប់អត្ថបទទាំងស្រុងជាភាសាអង់គ្លេស សូមចូលទៅកាន់ lds.org/broadcasts/archive/ces-devotionals/2012/01?lang=eng ។
ចូរធ្វើជាមនុស្សសុចរិត ។ ស្ថាបនាគ្រួសារមួយ ។ សូមស្វែងរកវិធីផ្គត់ផ្គង់មួយដ៏សមរម្យ ។ បម្រើនៅពេលបានហៅ ។ រៀបចំខ្លួនជួបនឹងព្រះ ។
ប្រធាន ដេវីឌ អូ មិកឃេ ( 1873–1970 ) ជារឿយៗ បានលើកឡើងពីដំណើររឿងមួយដែលបានកើតឡើង នៅពេលលោកធ្វើជាអ្នកផ្សព្វផ្សាយសាសនាបម្រើនៅប្រទេសស្កត់ឡែន ។ លោកមានអារម្មណ៍នឹកផ្ទះយ៉ាងខ្លាំងបន្ទាប់ពីលោកបានបម្រើបេសកកម្មមួយរយៈពេលខ្លី ហើយបានចំណាយពេលពីរបីម៉ោងដើម្បីដើរមើលប្រាសាទស្ទើលឡីងនៅក្បែរនោះ ។ នៅពេលលោក ហើយនិងដៃគូរបានត្រលប់មកពីការដើរមើលប្រាសាទនោះវិញ ពួកគាត់ដើរកាត់អគារមួយដែលមានពាក្យស្លាកមួយចារិកនៅលើផ្ទាំងថ្មីលើមាត់ទ្វារ ជាពាក្យស្លោករបស់លោកស្ហេកស្ពាដែលថ្លែងថា « ទោះបីអ្នកជាអ្វីក៏ដោយ សូមធ្វើផ្នែករបស់អ្នកឲ្យបានល្អ » ។
ដោយនឹកចាំពីបទពិសោធន៍នេះ ប្រធាន មិកឃេ បានពន្យល់ថា ៖ « ខ្ញុំបានប្រាប់ខ្លួនឯងឬមានព្រះវិញ្ញាណនៅក្នុងខ្លួនខ្ញុំថា ‹ អ្នកជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ជាងនោះទៅទៀត អ្នកនៅទីនេះគឺជាអ្នកតំណាងឲ្យព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។ អ្នកបានទទួលយកទំនួលខុសត្រូវជាអ្នកតំណាងម្នាក់របស់សាសនាចក្រនេះ › ។ បន្ទាប់មកខ្ញុំបានគិត [ ពី ] អ្វីដែលយើងបានធ្វើនៅព្រឹកនោះ ។ យើងបានដើរទស្សនាកម្សាន្ត យើងបានទទួលការណែនាំ និងព័ត៌មានអំពីប្រវត្តិសាស្ត្រ វាគឺជាការពិត ហើយខ្ញុំមានចិត្តរំភើបនឹងកិច្ចការនេះ ។ … ទោះជាយ៉ាង នោះពុំមែនជាកិច្ចការផ្សព្វផ្សាយសាសនាឡើយ ។ … ខ្ញុំបានទទួលយកសារលិខិតដែលបានផ្ដល់មកឲ្យខ្ញុំនៅលើផ្ទាំងថ្មនោះ ហើយចាប់តាំងពីពេលនោះមក យើងបានព្យាយាមធ្វើផ្នែករបស់យើងក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាក្នុងប្រទេសស្កត់ឡែន » ។1
សារលិខិតនេះមានសារៈសំខាន់ណាស់ ហើយវាបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើរូបលោក រហូតដល់ប្រធាន មិកឃេ បានប្រើសារលិខិតនោះជាការបំផុសគំនិតពេញមួយជីវិតរបស់លោក ។ លោកបានតាំងចិត្តថា ទំនួលខុសត្រូវអ្វីក៏ដោយដែលលោកមាន លោកនឹងបំពេញតាមផ្នែករបស់លោកឲ្យបានល្អបំផុត ។
ជៀសវាងបញ្ចេញអាកប្បកិរិយាមិនត្រឹមត្រូវ
នៅក្នុងទិដ្ឋភាពនៃសក្ដានុពលដ៏ធំសម្បើមសម្រាប់សេចក្ដីល្អ ដែលអ្នករាល់គ្នាជាក្មេងជំនាន់ក្រោយរបស់សាសនាចក្រមាន តើអ្វីទៅជាកង្វល់របស់ខ្ញុំចំពោះអនាគតរបស់អ្នក ? តើអ្វីទៅជាការទូន្មានដែលខ្ញុំអាចផ្ដល់ដល់អ្នក ? ទីមួយ អ្នកនឹងប្រឈមមុខនឹងសម្ពាធដ៏ធំ ដើម្បីសម្ដែងចេញនូវអាកប្បកិរិយា—ថែមទាំងពាក់ស្រោមមុខ—ក្លាយទៅជាមនុស្សណាម្នាក់ទៀតដែលពុំមែនជារូបអ្នក ឬថាជាលក្ខណៈសម្បត្តិមួយដែលអ្នកចង់បង្ហាញនោះឡើយ ។
នៅដើមប្រវត្តិសាស្ត្ររបស់សាសនាចក្រ ព្យាការី យ៉ូសែប អិមម៉ា និងកូនភ្លោះពីរនាក់ដែលមានអាយុ 11 ខែ របស់ពួកគាត់ ឈ្មោះយ៉ូសែប និងជូលា បានរស់នៅភូមិហៃរាំ រដ្ឋអូហៃអូ ក្នុងផ្ទះរបស់ចន និងអាលីស ចនសិន ។ កូនទាំងពីរនាក់នោះបានកើតជំងឺកញ្ច្រិល ។ យ៉ូសែប និងកូនប្រុសតូចរបស់លោកបានសម្រាកនៅលើគ្រែរុញមួយក្បែរទ្វារមុខផ្ទះ ។
នៅយប់នោះ មានបុរសមួយក្រុមលាបមុខពណ៌ខ្មៅបានទម្លាយទ្វារចូលមក ហើយបានអូសព្យាការីចេញទៅខាងក្រៅ ហើយពួកគេបានវាយដំលោក ព្រមទាំងបានចាក់ជ័រកៅស៊ូមកលើរូបលោក និងស៊ីឌនី រិកដុនទៀតផង ។
ផ្នែកដ៏សោកសៅបំផុតនៃការរុកគួននេះគឺថា យ៉ូសែបដែលជាកូនត្រូវបានរងនូវខ្យល់នាពេលយប់ ហើយបណ្ដាលឲ្យមានជំងឺផ្ដាសាយធ្ងន់ធ្ងរ នៅពេលឪពុកខ្លួនត្រូវបានគេអូសចេញទៅខាងក្រៅ ។ ជាលទ្ធផល គាត់បានស្លាប់នៅពីរបីថ្ងៃក្រោយមក ។2
ពួកអ្នកដែលបានចូលរួមធ្វើបាបដល់ព្យាការី និងបងប្រុសរបស់លោកហៃរុមក៏បានលាបមុខរបស់ពួកគេដើម្បីបិទបាំងពីអត្តសញ្ញាណពិតរបស់ខ្លួន ។3
នៅសម័យរបស់យើង នៅពេលការលាក់កំបាំងពីអត្តសញ្ញាណពិតរបស់យើង គឺជារឿងដ៏ងាយស្រួលបំផុត នោះមានគោលការណ៍ដ៏សំខាន់ៗ ដែលពាក់ព័ន្ធនៅក្នុងការមិនពាក់ស្រោមមុខ និងការមាន « ភក្ដីភាពចំពោះសេចក្ដីជំនឿ … ដែលបានធ្វើឲ្យជនរងគ្រោះស្លាប់ » ។4
ការការពារដ៏ធំបំផុតមួយរបស់អ្នកប្រឆាំងនឹងការជ្រើសរើសមិនត្រឹមត្រូវ គឺការមិនពាក់ស្រោមមុខណាមួយដើម្បីលាក់បាំងពីអត្តសញ្ញាណពិតរបស់ខ្លួន ។ ប្រសិនបើអ្នកដឹងថាខ្លួនឯងចង់ធ្វើរឿងបែបនោះ សូមដឹងថាវាជាសញ្ញាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយ ហើយជាឧបករណ៍មួយរបស់មារសត្រូវ ដើម្បីអូសទាញអ្នកឲ្យធ្វើអ្វីមួយដែលអ្នកពុំគួរធ្វើ ។
វាគឺជារឿងធម្មតាសម្រាប់ពេលសព្វថ្ងៃនេះ ដើម្បីលាក់អត្តសញ្ញាណរបស់ខ្លួន នៅពេលសរសេរការទំនាក់ទំនង ពីការស្អប់ ការឈឺចាប់ ការងងឹតងងល់តាមអ៊ិនធើរណែតដោយអនាមិក ។ មានមនុស្សមួយចំនួនបានហៅវាថាកំហឹង ។
សាវកប៉ុលបានសរសេរថា ៖
« កុំឲ្យច្រឡំឡើយ ពីព្រោះពួកម៉ាកអាក្រក់តែងនឹងបង្ខូចកិរិយាល្អ ។
« ចូរភ្ញាក់ដឹងខ្លួនឡើងខាងឯសេចក្ដីសុចរិតចុះ កុំឲ្យធ្វើបាបឡើយ ត្បិតអ្នករាល់គ្នាខ្លះមិនស្គាល់ព្រះទេ » ( កូរិនថូសទី 1 15:33–34 ) ។
វាគឺបញ្ជាក់យ៉ាងច្បាស់ថា ទំនាក់ទំនងអាក្រក់ពុំមែនគ្រាន់តែជាបញ្ហានៃកិរិយាអាក្រក់មួយនោះទេ ។ ប្រសិនបើពួកបរិសុទ្ធថ្ងៃចុងក្រោយធ្វើដូច្នេះ នោះវាអាចជះឥទ្ធិពលអាក្រក់ដល់ជនដែលគ្មានចំណេះដឹងពីព្រះ ឬទីបន្ទាល់ពីព្រះអង្គសង្គ្រោះ ។
ការប្រើអ៊ិនធើរណែតដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះ ឬធ្វើឲ្យមនុស្សម្នាក់ត្រូវបានគេមើលឃើញថា ជាមនុស្សអាក្រក់ដោយប្រការណាមួយគឺជារឿងដែលមិនអាចទទួលយកបានឡើយ ។ អ្វីដែលយើងកំពុងមើលឃើញនៅក្នុងសង្គមគឺថា នៅពេលមនុស្សពាក់ស្រោមមុខអនាមិក ពួកគេចូលចិត្តបញ្ចេញឥរិយាបថបែបនេះ ដែលជាការបំផ្លិចបំផ្លាញដ៏ធំដល់ការបញ្ចេញយោបល់របស់មនុស្សទូទៅ ។ វាក៏រំលោភបំពានដល់គោលការណ៍មូលដ្ឋាន ដែលព្រះអង្គសង្គ្រោះបានបង្រៀនផងដែរ ។
ព្រះអង្គសង្គ្រោះបានពន្យល់ថា ទ្រង់ពុំបានយាងមកដើម្បីផ្តន្ទាទោសដល់លោកិយនេះទេ ប៉ុន្តែដើម្បីមកសង្គ្រោះដល់លោកិយវិញ ។ បន្ទាប់មកទ្រង់បានរៀបរាប់ពីអត្ថន័យនៃការផ្ដន្ទាទោសថា ៖
« ហើយទោសនេះគឺថា ពន្លឺបានមកក្នុងលោកិយ តែមនុស្សលោកចូលចិត្តនឹងសេចក្ដីងងឹតជាជាងពន្លឺ ពីព្រោះអំពើដែលគេធ្វើទាំងប៉ុន្មានសុទ្ធតែអាក្រក់ ។
« ត្បិតអ្នកណាដែលប្រព្រឹត្តអាក្រក់ នោះតែងស្អប់ដល់ពន្លឺ ហើយមិនមកឯពន្លឺទេ ក្រែងអំពើដែលខ្លួនប្រព្រឹត្តទាំងប៉ុន្មានបានបើកឲ្យឃើញ ។
« តែអ្នកណាដែលប្រព្រឹត្តតាមសេចក្ដីពិតវិញ នោះតែងមកឯពន្លឺ ដើម្បីឲ្យអំពើដែលខ្លួនប្រព្រឹត្តបានសម្តែងមកឲ្យដឹងថា បានធ្វើដោយព្រះ » ។ ( យ៉ូហាន 3:19–21, សូមមើលផងដែរ ខ 17–18 ) ។
ពួកសុចរិតពុំចាំបាច់ត្រូវពាក់ស្រោមមុខ ដើម្បីលាក់បាំងពីអត្តសញ្ញាណរបស់ខ្លួនឡើយ ។
ប្រព្រឹត្តស្របតាមជំនឿពិតរបស់អ្នក
អ្នកប្រព្រឹត្តស្របតាមជំនឿពិតរបស់អ្នក ដោយចំណាយពេលវេលារបស់អ្នកទៅលើរឿងទាំងឡាយដែលនឹងកសាង ហើយអភិវឌ្ឍអាកប្បកិរិយារបស់អ្នក ព្រមទាំងជួយឲ្យក្លាយដូចជាព្រះគ្រីស្ទទៀតផង ។ ខ្ញុំសង្ឃឹមថា ក្នុងចំណោមអ្នករាល់គ្នាគ្មាននរណាម្នាក់មើលជីវិតគ្រាន់តែជាការសប្បាយ និងល្បែងនោះឡើយ ផ្ទុយទៅវិញថាអ្នកនឹងមើលវាថាជាពេលវេលាមួយដើម្បី « ប្រុងប្រៀបខ្លួនទៅជួបនឹងព្រះ » ( អាលម៉ា 34:32 ) ។
គំរូដ៏អស្ចារ្យមួយនៃការធ្វើផ្នែករបស់អ្នក និងការប្រើពេលវេលាឲ្យបានសមរម្យគឺមាននៅក្នុងជីវិតរបស់អែលឌើរ អិល ថម ភែរី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ នៅពេលលោកជាទាហានជើងទឹកមួយរូប លោកស្ថិតក្នុងពលទ័ពសហរដ្ឋ ដែលមានមូលដ្ឋាននៅប្រទេសជប៉ុននាសង្គ្រាមលោកលើកទី II ។ អែលឌើរ ភែរី បានចែកចាយដំណើររឿងនេះ នៅពេលលោកបានកត់ត្រានូវសាក្សីពិសេសរបស់លោកពីព្រះអង្គសង្គ្រោះ ។
« ខ្ញុំស្ថិតនៅក្នុងកងទ័ពជើងទឹកក្រុមទីមួយ ដើម្បីទៅកាន់ប្រទេសជប៉ុន បន្ទាប់ពីការចុះ ហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាព បន្ទាប់ពីសង្គ្រាមលោកលើកទី II ។ ពេលចូលទៅដល់ ទីក្រុងណាហ្គាសាគី ឃើញទីក្រុងហិនហោចអស់ នោះគឺជាបទពិសោធន៍ដ៏សោកសៅបំផុត ក្នុងជីវិតរបស់ខ្ញុំ ។ មួយផ្នែកធំនៃទីក្រុងត្រូវ បានបំផ្លាញស្ទើរតែទាំងស្រុង ។ សាកសពមួយចំនួនមិនទាន់បានបញ្ចុះនៅឡើយ ។ ក្នុងនាមជាទាហានជំនាញ យើងបានរៀបចំទីស្នាក់ការកណ្ដាលនានា ហើយចេញទៅធ្វើការ ។
« ស្ថានភាពនោះងងឹតអាប់អួរណាស់ ហើយពួកយើងមួយចំនួនចង់ធ្វើការ ឲ្យបានច្រើនជាងនោះ ។ យើងបានទៅជួបបព្វជិត ហើយក្រុមយើងបានសុំការអនុញ្ញាត ដើម្បីជួយសង់ព្រះវិហារគ្រីស្ទានសារឡើងវិញ ។ ដោយសារការដាក់កំហិត របស់រដ្ឋាភិបាលយ៉ាងតឹងរឹងអំឡុងពេលសង្គ្រាម នោះព្រះវិហារទាំងនេះស្ទើរតែឈប់ដំណើរការ ។ អគារមួយចំនួនរបស់ពួកគេ ត្រូវខូចខាតយ៉ាងច្រើនក្រៃលែង ។ ពួកយើងមួយក្រុមបានស្មគ្រ័ចិត្តជួសជុល ហើយលាបកំបោរសាលាប្រជុំទាំងនោះឡើងវិញនៅពេលទំនេរពីកាតព្វកិច្ចរបស់យើង ដើម្បីឲ្យមានអគារនោះសម្រាប់ធ្វើពិធីសម្រាប់ពួកគ្រីស្ទានម្តងទៀត ។
« … យើងបានរកឃើញពួកគ្រូគង្វាល ដែលមិនបានធ្វើការបម្រើអំឡុងពេលសង្គ្រាម ហើយបានលើកទឹកចិត្តដល់ពួកគេ ឲ្យត្រឡប់ទៅកាន់ការបម្រើរបស់ពួកគេវិញ ។ យើងមានបទពិសោធន៍ដ៏អស្ចារ្យជាមួយនឹងប្រជាជនទាំងនេះ នៅពេលពួកគេបានទទួលបទពិសោធន៍ដោយមានសេរីភាពដើម្បីអនុវត្តជំនឿពួកគ្រីស្ទានរបស់ពួកគេម្តងទៀត ។
«ព្រឹត្តការណ៍មួយបានកើតឡើង នៅពេលយើងចាកចេញពីណាហ្គាសាគីត្រឡប់មកផ្ទះវិញ ដែលខ្ញុំនៅ តែចងចាំជានិច្ច ។ នៅពេលយើងឡើងជិះរថភ្លើងទៅកាន់កប៉ាល់ដើម្បីយើងជិះត្រឡប់មកផ្ទះវិញ ពួកយើងត្រូវបានពួកនាវិកដទៃទៀតជាច្រើនចំអន់លេង ។ ពួកគេមានមិត្តស្រីនៅជាមួយ ហើយ [ បាន ] និយាយលាពួកគេ ។ ពួកគេសើចចំអកដល់យើង ហើយនិយាយថា យើងមិនបានជួបនឹងរឿងសប្បាយៗ ពេលនៅក្នុងប្រទេសជប៉ុនទេ ។ យើងបានចំណាយពេលឥតប្រយោជន៍ទៅធ្វើការលាបកំបោរជញ្ជាំងទៅវិញ ។
« ពេលពួកគេកំពុងតែចំអន់លេងកាន់តែខ្លាំង រថភ្លើងធ្វើដំណើរឡើងទួលទៅជិតនឹងស្ថានីយ៍រថភ្លើង នោះ ស្រាប់តែមានពួកគ្រីស្ទានជនជាតិជប៉ុនដ៏ល្អប្រហែលជា 200 នាក់ មកពីព្រះវិហារដែលពួកយើងបានជួសជុលដោយច្រៀងបទ ‹ Onward, Christian Soldiers › ។ ពួកគេបានចុះមក ហើយឲ្យអំណោយដល់ពួកយើងយ៉ាងច្រើន ។ បន្ទាប់មកពួកគេឈរជាជួរតាមដងផ្លូវរថភ្លើងនោះ ។ ហើយនៅពេលរថភ្លើងចេញដំណើរទៅ យើងបានហុចដៃទៅប៉ះនឹងម្រាមដៃរបស់ពួកគេ ។ យើងគ្មានពាក្យនឹងថ្លែងឡើយ ព្រោះតែអួលដើមក ។ ប៉ុន្តែយើងមានអំណរគុណ ដែលយើងអាចជួយតាមរបៀបដ៏តូចមួយ នៅក្នុងការស្ថាបនាសាសនាគ្រីស្ទ ឲ្យជាតិសាសន៍មួយឡើងវិញបន្ទាប់ពីសង្គ្រាម » ។5
សូមពិចារណា ហើយធ្វើឲ្យមានប្រយោជន៍នៅក្នុងការជ្រើសរើសពីរបៀបដែលអ្នកប្រើពេលវេលារបស់អ្នក ។ ដូចអ្នកអាចឃើញពីគំរូរបស់អែលឌើរ ភែរី ខ្ញុំពុំបាននិយាយពីការផ្សព្វផ្សាយសាសនារបស់អ្នកដល់មនុស្សគ្រប់រូប ឬការគ្រាន់តែស្មោះត្រង់នោះទេ ។ ការណ៍នោះអាចធ្វើឲ្យមានភាពអាម៉ាស់ចំពោះអ្នក និងសាសនាចក្រ ។ ខ្ញុំកំពុងនិយាយពីអ្នកក្លាយជាអ្វីដែលអ្នកគួរតែប្រែក្លាយ ។
ដាក់គោលដៅសមរម្យ
ការទូន្មានទីបីរបស់ខ្ញុំទាក់ទងនឹងគោលដៅមួយចំនួន ដែលអ្នកគួរធ្វើការពិចារណា ។ ប្រហែលជាពេលជាមួយគ្នាដែលអែលឌើរ ភែរី នៅប្រទេសជប៉ុនក្នុងទ័ពជើងទឹក ប្រធាន ប៊យដ៍ ឃេ ផាកកឺ ជាប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបម្រើនៅប្រទេសជប៉ុនក្នុងកងទ័ពអាកាសនាចុងបញ្ចប់សង្គ្រាមលោកលើកទី II នោះដែរ។
ក្នុងឆ្នាំ 2004 ខ្ញុំបានអបដំណើរប្រធាន ផាកកឺ និងអ្នកផ្សេងទៀតទៅប្រទេសជប៉ុន ។ លោកបានមានឱកាសរំឭកឡើងវិញនូវដំណើរមួយចំនួនរបស់លោក ហើយពិចារណាពីបទពិសោធន៍ និងការសម្រេចចិត្តមួយចំនួនដែលលោកបានធ្វើនៅពេលនោះ ។ ដោយមានការអនុញ្ញាតពីលោក ខ្ញុំសូមចែកចាយពីគំនិត និងអារម្មណ៍មួយចំនួនរបស់លោក ។
ប្រធានផាកកឺ បានរៀបរាប់ពីបទពិសោធន៍ដែលបានកើតឡើងនៅកោះមួយដែលនៅឆ្ងាយពីឈូងសមុទ្រអូគីណាវ៉ា ។ លោកបានចាត់ទុកថា នេះជាភាពរឹងមាំរបស់លោកក្នុងទីរហោស្ថាន ។ ការរៀបចំខ្លួនរបស់លោកផ្ទាល់ និងការជួបនឹងសមាជិកផ្សេងទៀតបានធ្វើឲ្យជំនឿរបស់លោកលើការបង្រៀននៃដំណឹងល្អកាន់តែស៊ីជម្រៅ ។ ប៉ុន្តែអ្វីដែលលោកនៅខ្វះគឺការបញ្ជាក់—ជាចំណេះដឹងពិតប្រាកដពីអ្វីដែលលោកបានទទួលអារម្មណ៍ថាពិតរួចទៅហើយនោះ ។
អ្នកសរសេរជីវប្រវត្តិរបស់ប្រធានផាកកឺបានរៀបរាប់ពីអ្វីដែលបានកើតឡើងថា ៖ « ផ្ទុយពីសេចក្ដីសុខសាន្តនៃការបញ្ជាក់ដែលលោកបានស្វែងរក នោះលោកបានប្រឈមមុខដោយផ្ទាល់នឹងស្ថាននរគនៃសង្គ្រាមប្រឆាំងនឹងមនុស្សគ្មានទោស ។ ដោយស្វែងរកកន្លែងស្ងាត់មួយដើម្បីគិត មានថ្ងៃមួយលោកបានឡើងទៅលើកូនភ្នំមួយក្នុងមហាសមុទ្រនោះ ។ នៅទីនោះលោកបានរកឃើញផ្ទះចម្ការតូចមួយ និងវាលដាំដំឡូងនៅក្បែរនោះ ។ ហើយដោយទម្រេតខ្លួននៅលើរុក្ខជាតិដែលក្រៀមស្វិតនោះ លោកបានឃើញសពម្ដាយ និងកូនពីរនាក់ដែលត្រូវបានគេសម្លាប់ ។ រូបភាពនោះបានធ្វើឲ្យចិត្តលោកសោកសៅយ៉ាងខ្លាំង លាយឡំនឹងអារម្មណ៍នៃសេចក្ដីស្រឡាញ់ចំពោះគ្រួសាររបស់លោកផ្ទាល់ និងចំពោះក្រុមគ្រួសារទាំងអស់ » ។6
ក្រោយមកលោកបានដើរចូលទៅក្នុងត្រង់សេបណ្ដោះអាសន្នមួយ ជាទីកន្លែងដែលលោកបានគិត ពិចារណា ហើយបានអធិស្ឋាន ។ ដោយសម្លឹងមើលពីហេតុការណ៍នេះឡើងវិញ ប្រធានផាកកឺបានរៀបរាប់ពីអ្វីដែលនឹងហៅថាជាការបញ្ជាក់បទពិសោធន៍ខាងវិញ្ញាណមួយ ។ លោកបានទទួលអារម្មណ៍បំផុសគំនិតចំពោះអ្វី ដែលលោកគួរធ្វើក្នុងជីវិតរបស់លោក ។ ពិតណាស់ លោកពុំបានដឹងថា លោកនឹងត្រូវបានហៅក្នុងការហៅដ៏ខ្ពស់ ហើយបរិសុទ្ធដែលលោកបានមាននៅសព្វថ្ងៃនេះឡើយ ។ ទស្សនវិស័យរបស់លោកគឺថា លោកចង់ធ្វើជាគ្រូបង្រៀនម្នាក់ ដោយគូសបញ្ជាក់ពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ។ លោកបានតាំងចិត្តថា លោកនឹងរស់នៅក្នុងជីវិតមួយដ៏សុចរិត ។
លោកបានមានគំនិតថា លោកត្រូវរកភរិយាដ៏សុចរិតម្នាក់ ហើយថាពួកគាត់នឹងបង្កើតក្រុមគ្រួសារមួយដ៏ធំរួមគ្នា ។ យោធាវ័យក្មេងរូបនេះបានទទួលស្គាល់ថា ការជ្រើសរើសអាជីពរបស់ខ្លួននឹងទទួលបានប្រាក់កម្រៃតិចតួច ហើយថាភរិយាជាទីស្រឡាញ់របស់លោកនឹងត្រូវចែកចាយអាទិភាពដូចគ្នា ហើយមានឆន្ទៈដើម្បីរស់នៅដោយគ្មានសម្ភារមួយចំនួន ។ ស៊ិស្ទើរ ដុនណា ផាកកឺ ជាដៃគូរដ៏សក្ដិសមបំផុតសម្រាប់ប្រធានផាកកឺ ។ ពួកគាត់ពុំដែលមានប្រាក់ច្រើន ប៉ុន្តែក៏ពុំមានអារម្មណ៍ថាខ្វះខាតដោយប្រការណាមួយដែរ ។ ពួកគាត់បានចិញ្ចឹមកូន 10 នាក់ ហើយពួកគាត់បានធ្វើពលិកម្ម ។ ឥឡូវនេះ ពួកគាត់មានចៅ 60 នាក់ ហើយមានចៅទួតច្រើនជាង 80 នាក់ ។
ខ្ញុំចែកចាយពីដំណើររឿងពិតនេះ ដោយសារជាទូទៅគោលដៅរបស់យើងគឺផ្អែកទៅលើអ្វី ដែលពិភពលោកនេះឲ្យតម្លៃ ។ កត្តាដ៏សំខាន់គឺជារឿងដ៏សាមញ្ញ សម្រាប់សមាជិកដែលបានទទួលពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ ។ ចូរធ្វើជាមនុស្សសុចរិត ។ ស្ថាបនាគ្រួសារមួយ ។ សូមស្វែងរកវិធីមួយសមរម្យដើម្បីផ្គត់ផ្គង់ ។ បម្រើនៅពេលបានហៅ ។ ប្រុងប្រៀបខ្លួនដើម្បីជួបនឹងព្រះ ។
ព្រះអង្គសង្គ្រោះបានបង្រៀនថា « ជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្តិជាបរិសុទ្ធទេ » ( លូកា 12:15 ) ។
ស្ថាបនាប្រទេស និងសហគមន៍របស់អ្នក
បន្ថែមទៅលើឥរិយាបថ គុណសម្បត្តិ និងការសម្រេចចិត្ត ប្រសិនបើអ្នកចង់ក្លាយជាជំនាន់ដែលអ្នកចង់ក្លាយ អ្នកត្រូវស្ថាបនាប្រទេស និងសហគមន៍របស់អ្នកដែលជាកន្លែងដែលអ្នករស់នៅ ។ ជំនាន់របស់អ្នកត្រូវការពារសេចក្ដីសុចរិត និងសេរីភាពខាងសាសនា ។ កេរមរកតខាងយូដា-គ្រីស្ទាន ដែលយើងមានគឺពុំមែនមានតម្លៃតែម្យ៉ាងនោះទេ ប៉ុន្តែវាមានសារៈសំខាន់ចំពោះផែនការរបស់ព្រះវរបិតាយើង ដែលគង់នៅស្ថានសួគ៌ផងដែរ ។ យើងត្រូវរក្សាវាទុកសម្រាប់ជំនាន់នាពេលអនាគត ។ យើងត្រូវចូលរួមនឹងមនុស្សល្អ រួមបញ្ចូលទាំងជននៃជំនឿទាំងអស់ផងដែរ ជាពិសេសជនដែលមានអារម្មណ៍ថាការប្រព្រឹត្តរបស់ពួកគេត្រូវទទួលខុសត្រូវនៅចំពោះព្រះ ។ ជនទាំងនេះជាមនុស្សដែលបានយល់ដឹងពីការទូន្មានថា « ទោះបីអ្នកជាអ្វីក៏ដោយ សូមបំពេញផ្នែករបស់អ្នកឲ្យបានល្អ » ។ ការលើកកម្ពស់ប្រកបដោយជោគជ័យចំពោះតម្លៃខាងគ្រីស្ទាន-យូដា និងសេរីភាពសាសនានឹងកត់សម្គាល់ជំនាន់របស់អ្នកថា ជាជំនាន់ដ៏អស្ចារ្យដែលវាចាំបាច់ត្រូវមាន ។
រួមនឹងឧបសគ្គដែលកើតមាននៅក្នុងពិភពលោកសព្វថ្ងៃ គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់មានការព្រួយបារម្ភជាពិសេសថា អ្នកបានចូលរួមយ៉ាងសមរម្យនៅក្នុងដំណើរការខាងនយោបាយក្នុងប្រទេសដែលអ្នករស់នៅ ។ សាសនាចក្រមានភាពអព្យាក្រឹត្យក្នុងការប្រកួតប្រជែងខាងនយោបាយ ហើយមិនគាំទ្រដល់បេក្ខជន ឬគណបក្សទាំងឡាយ ។ ប៉ុន្តែយើងពិតជារំពឹងទុកថា សមាជិករបស់យើងនឹងចូលរួមចំណែកយ៉ាងពេញទំហឹង ក្នុងការគាំទ្រដល់បេក្ខជន និងគណបក្សដែលខ្លួនជ្រើសរើស ដោយផ្អែកលើគោលការណ៍ដែលការពារដល់រដ្ឋាភិបាលល្អ ។ គោលលទ្ធិរបស់យើងគឺមានភាពច្បាស់លាស់ ៖ ជនដែលជាមនុស្សល្អ « … ទៀងត្រង់ និងមានគំនិត… គួរព្យាយាមស្វែងរក » ( គ. និង ស. 98:10 ) ។
យើងមានទំនុកចិត្តយ៉ាងខ្លាំងចំពោះអ្នក ។ ថ្នាក់ដឹកនាំក្នុងសាសនាចក្រជឿដោយស្មោះថា អ្នកអាចស្ថាបនានគរលើសពីជំនាន់មុនៗ ។ អ្នកពុំមែនគ្រាន់តែជាសេចក្ដីស្រឡាញ់ និងជាទំនុកចិត្តរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការអធិស្ឋាន និងពរជ័យរបស់យើងផងដែរ ។ យើងដឹងថា ភាពជោគជ័យនៃជំនាន់របស់អ្នក គឺចាំបាច់ដល់ការស្ថាបនាបន្តនៃសាសនាចក្រ និងការរីកចម្រើននៃនគរនេះ ។ យើងសូមអធិស្ឋានថាអ្នកនឹងសូមអនុវត្តផ្នែកអ្នកឲ្យបានល្អប្រពៃ នៅពេលអ្នកជៀសវាងពីការលាក់បាំងអត្តសញ្ញាណពិតរបស់ខ្លួន ប្រព្រត្តិស្របនឹងអត្តសញ្ញាណពិតរបស់អ្នក ដាក់គោលដៅសមរម្យ ហើយស្ថាបនាប្រទេស និងសហគមន៍របស់អ្នក ។