២០១៣
សំណួរ និង ចម្លើយ​ទាំងឡាយ
Oct 2013


សំណួរ និង ចម្លើយទាំងឡាយ

« តើ​ខ្ញុំ​និយាយ​អ្វី​ទៅ​កាន់​អ្នក​មិនមែន​សមាជិក​ដែល​សួរ​ថា ហេតុអ្វី​សមាជិក​សាសនាចក្រ​មួយ​ចំនួន​ពុំ​រស់នៅ​តាម​បទដ្ឋាន​របស់​យើង ? »

វា​ជា​ការ​ល្អ​ប្រសិន​បើ​សមាជិក​សាសនាចក្រ​គ្រប់​រូប​បាន​រស់​នៅ​តាម​ដំណឹងល្អ​ទាំង​ស្រុង ។ ពួកគេ​មិន​ត្រឹម​តែ​រីករាយ​នឹង​ពរជ័យ​ដ៏​ច្រើន​បន្ថែម​ទៀត នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ក៏​នឹង​ក្លាយ​ជា​គំរូ​ដ៏​អស្ចារ្យ​ដល់​មនុស្ស​ជុំវិញ​ខ្លួន​ពួកគេ​ផង​ដែរ ។ ប៉ុន្តែ​យើង​ជា​មនុស្ស​រមែង​ស្លាប់ ដូច្នេះ​យើង​ទាំងអស់​គ្នា​ធ្វើ​នូវ​កំហុស​ទោះ​តិច​ឬ​ច្រើន​ក្ដី ។ ហេតុផល​ដ៏​ធំ​ដែល​មនុស្ស​មួយ​ចំនួន​រស់​នៅ​តាម​ដំណឹងល្អ​បាន​ទាំងស្រុង​លើស​ពី​មនុស្ស​ផ្សេងទៀត​គឺ​ដោយ​សារ​យើង​ម្នាក់ៗ​មាន​ចំណុច​ផ្សេងៗគ្នា​នៅ​ក្នុង​ការផ្លាស់​ប្រែចិត្ត​ជឿ​របស់​យើង និងនៅក្នុង​ភាព​រឹង​មាំ​នៃ​ទីបន្ទាល់​របស់​យើង ។ យើង​ម្នាក់ៗ​មាន​ការ​សាកល្បង និង​ធនធាន​ ព្រមទាំង​មនុស្ស​ជួយ​យើង​ខុសៗគ្នា ដើម្បីនឹងជួយដល់​យើង ។​

អ្នក​ពុំ​មែន​ជា​សមាជិក​ប្រហែល​ជា​មិន​យល់​នូវ​ពាក្យ​ដូចជា « ការ​ផ្លាស់​ប្រែចិត្ត​ជឿ » និង « ទីបន្ទាល់ » ទេ ប៉ុន្តែ​ពួកគេ​នឹង​យល់​ថា បុគ្គល​ម្នាក់ៗ​អាច​ជ្រើសរើស​របៀប​ដើម្បី​រស់​នៅ​បាន ។ អ្នក​អាច​ពន្យល់​ថា ព្រះវរបិតា​សួគ៌​មាន​ព្រះរាជ​បំណង​ឲ្យ​វា​កើត​ឡើង​ដូច្នេះ ។ ទ្រង់​ប្រទាន​សិទ្ធិ​ជ្រើសរើស​ដល់​យើង ដើម្បី​យើង​អាច​រីកចម្រើន​ខាង​វិញ្ញាណ​ដោយ​ការ​ជ្រើសរើស​ផ្លូវ​ត្រូវ ។ ប៉ុន្តែ​ព្រះវរបិតា​សួគ៌​ទ្រង់​ក៏​ជ្រាប​ដែរ​ថា មនុស្ស​គ្រប់​គ្នា—លើក​លែង​តែ​ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ​—នឹង​ធ្វើ​ខុស ដូច្នេះ​ទ្រង់​បាន​ប្រទាន​ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ​ដល់​យើង ។ ដោយ​សារ​តែ​ដង្វាយ​ធួន យើង​អាច​ប្រែចិត្ត ទទួល​ការ​អភ័យទោស រៀន​ពី​កំហុស​របស់​យើង ហើយ​ដើរ​ឆ្ពោះ​ទៅ​មុខ​ក្នុង​ជីវិត ។

អ្នក​ក៏​អាច​ពន្យល់​ផង​ដែរ​ថា យើង​មិន​វិនិច្ឆ័យ​ជន​ដែល​មិន​ធ្វើ​តាម​បទដ្ឋាន​សាសនាចក្រ​នោះ​ទេ ។ ផ្ទុយទៅវិញ យើង​ព្យាយាម​ជួយ​ដល់​ពួកគេ ព្យាយាម​យល់​ពីពួកគេ ហើយ​មាន​ចិត្ត​អត់ធ្មត់​នឹង​ពួកគេ ។ ខណៈ​ដែល​យើង​មិន​ទទួល​យក​អំពើ​បាប យើងក៏​មិន​ថ្កោលទោស​ដល់​អ្នក​ធ្វើ​បាប​ដែរ ( សូម​មើល យ៉ូហាន 8:11 ) ការ​ប្រែចិត្ត​នៅ​តែអាចធ្វើ​បាន​ចំពោះ​យើង​គ្រប់​គ្នា ។

ស្រាវជ្រាវ​ព្រះគម្ពីរ

ចម្លើយ​ចំពោះ​សំណួរ​នេះ​អាច​រក​ឃើញ​នៅ​ក្នុង​ព្រះគម្ពីរ ។ នៅ​ពេលមនុស្ស​ទូទៅ​មិន​គោរព​តាម​ព្រះបញ្ញត្តិ យើង​គួរ​ជៀសវាង​ពី​ការ​កាត់​សេចក្ដីគេ ( សូម​មើល ម៉ាថាយ 7:1 ) ។ រ៉ូម 3:23បាន​ចែង​ថា « ពីព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អ​នៃ​ព្រះ » ។ ប៉ុន្តែ​វា​ជា​ការពិត​ណាស់​ដែល​សមាជិក​សាសនាចក្រ​នេះ​គួរ​ព្យាយាម​គោរពប្រតិបត្តិ ។

មេឌីសុន អិម អាយុ 13 ឆ្នាំ តិចសាស ស.រ.អា.

បង្រៀន​ពី​ដង្វាយ​ធួន

នៅ​ពេល​មនុស្ស​ទូទៅ​និយាយ​បែប​នេះ ជាជាងការ​ស្វែង​រក​កំហុស​នឹង​សមាជិក ​ដែល​មិន​ធ្វើតាម​ក្រឹត្យវិន័យ​ នោះ​ខ្ញុំ​ប្រើ​​វា​ជាឱកាស​មួយ​ដើម្បី​បង្រៀន​ពី​ដង្វាយធួន ។ ខ្ញុំ​ប្រាប់​ពួកគេ​ថា ដោយសារ​តែ​យើង​ជា​ពួកមរមន​ពុំ​មែន​មាន​ន័យ​ថា​ យើង​ជាមនុស្ស​ល្អឥត​ខ្ចោះ​នោះទេ គឺ​ដោយសារ​យើង​មាន​ដង្វាយ​ធួន ​ដែល​យើងអាច​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង ហើយ​ជួសជុល​នូវ​កំហុស​ទាំងនោះ ។ ជា​ធម្មតា ការ​និយាយ​បែប​នេះ​បាន​បើក​ទ្វារ​ចំពោះ​សំណួរ​ច្រើន​បន្ថែម​ទៀត ។

ជេឌ អេជ អាយុ 16 ឆ្នាំ​ អូរ៉េហ្គិន ស.រ.អា.

សាសនាចក្រ​បង្រៀន​យើង​ឲ្យ​ធ្វើ​ល្អ

ដូចជា​មនុស្ស​គ្រប់​គ្នា​ដែរ សមាជិក​សាសនាចក្រ​ជួប​ឧបសគ្គ និង​ការ​ល្បួង​នានា ។ យើងទាំងអស់​គ្នា​មាន​ចំណុច​ខ្សោយ ប៉ុន្តែ​វាពុំ​មែន​មាន​ន័យ​ថា សាសនាចក្រ​នេះ​មិន​ពិត​នោះ​ទេ ។ នេះ​គឺជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដែល​កំពុង​ជួយ​មនុស្ស​ឲ្យ​ស្គាល់​ដំណឹងល្អ​ពិត ហើយ​ទទួល​ភាព​តម្កើង​ឡើង ។ វា​ជា​មនុស្ស​ខាង​សាច់ឈាម​ទេ​តើ​ដែល​មិន​គោរពតាម​ព្រះបញ្ញត្តិ​នោះ ( សូមមើល ម៉ូសាយ 3:19 ) ហើយ​វា​ពុំ​មែន​ជា​កំហុស​របស់​សាសនាចក្រ​ឡើយ ។ សាសនាចក្រ​បង្រៀន​យើង​ឲ្យ​ធ្វើ​កិច្ចការ​ល្អ ។ ប៉ុន្តែ​យើងទាំងអស់​គ្នា​មាន​ការ​ជ្រើសរើស ។

ឡាវីនា អេស អាយុ 19 ប៊ូឡាកាន ហ្វីលីពីន

បទដ្ឋាន​គឺ​សម្រាប់​សុភមង្គល​របស់​យើង

សំណួរ​នេះពិត​ជា​សំខាន់​ចំពោះ​ខ្ញុំ ដោយសារ​ខ្ញុំ​ស្គាល់​បុគ្គល​មួយ​ចំនួន​ដែល​បាន​ធ្វើ​ការ​ជ្រើស​រើស​ដែល​បាន​នាំ​ពួកគេ​ឃ្លាត​ឆ្ងាយ​ពី​ដំណឹងល្អ ។ ព្រះអម្ចាស់​ប្រទាន​បញ្ញត្តិ​ដល់​យើង​ដើម្បី​សុភមង្គល​របស់​យើង និង​ដើម្បី « នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ 1:39 ) ។ ព្រះអម្ចាស់​ចង់​ឲ្យ​យើង​ត្រឡប់​ទៅ​រក​ទ្រង់វិ​ញ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ទ្រង់​ចង់​ឲ្យ​យើង​ធ្វើ​ការ​ជ្រើសរើស​ដោយ​ខ្លួន​ឯង ។ នោះ​ជា​ហេតុផល​ដែល​បុគ្គល​មួយ​ចំនួន​មិន​រស់​នៅ​តាម​បទដ្ឋាន​របស់​យើង ។ បទដ្ឋាន​នេះ​ជួយ​ខ្ញុំ ដោយសារ​ខ្ញុំ​ដឹង​ថា​ព្រះវរបិតាសួគ៌​បាន​ប្រទាន​បទដ្ឋាន​ទាំងនេះ​ឲ្យ​ខ្ញុំ​ដើម្បី​ខ្ញុំ​អាច​វិល​ត្រឡប់​ទៅរស់​នៅ​នឹងទ្រង់វិញ ហើយ​មាន​ភាព​រីករាយ ។ បទដ្ឋាន​ទាំងនោះ​ជា​ភស្ដុតាង​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ខ្ញុំ ។

ម័រហ្គេន ឌី អាយុ 18 ឆ្នាំ ឡង់ហ្គេដុក រូស៊ីយ៉ុង ប្រទេស​បារាំង

ធ្វើ​ជា​គំរូ

សាសនាចក្រ​នេះ​គឺសំខាន់ណាស់​ដើម្បី​ជួយយើង​ឲ្យ​បំពេញ​តាមព្រះបញ្ញត្តិ​នៃ​ព្រះវរបិតា​សួគ៌​យើង ហើយឲ្យយើងអាច​​រស់​នៅ​នឹង​ទ្រង់​ម្ដងទៀត ។ ប៉ុន្តែប្រសិន​បើ​មនុស្ស​ម្នាក់​ជា​សមាជិក​សាសនាចក្រ​នេះ​ ពុំ​មែន​មាន​ន័យ​ថា​គាត់ជា​មនុស្ស​ល្អ​ជានិច្ច​នោះ​ទេ ។ សូម​សម្លឹង​មើល​ពិភពលោក​សព្វថ្ងៃ វា​ពោរពេញ​ដោយ​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម ទោះជា​ពិភព​លោក​នេះ​ពោរពេញ​ដោយ​មនុស្ស​ដែល​បាន​សម្រេច​ចិត្ត​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​ នៅ​ក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ​ក្ដី ។ ខ្ញុំ​គិត​ថា​ រឿង​ដ៏​ល្អ​បំផុត​ដែល​យើង​អាច​ធ្វើ​បាន​គឺ​ការ​ធ្វើ​ជា​គំរូ​ដល់​មិត្ត​របស់​យើង ។

កាដេន អេស អាយុ 15 ឆ្នាំ យូថាហ៍ ស.រ.អា.

អធិស្ឋាន​ឲ្យ​ពួកគេ ហើយ​ទៅ​សួរ​សុខ​ទុក្ខ​ពួកគេ

សមាជិក​ដែល​មិន​រស់​នៅ​តាម​បទដ្ឋាន​របស់​យើង ​ប្រហែល​ជា​គ្មាន​ទីបន្ទាល់​មួយ​ពី​ព្រះយេស៊ូវគ្រីស្ទ​ឡើយ ។ យើង​គួរ​អធិស្ឋាន​ឲ្យ​ពួកគេ ថា​ពួកគេ​នឹង​ខិតខំ​ស្វែង​រក​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណ ហើយ​ថា​ពួកគេ​នឹង​មាន​លទ្ធភាព​ទទួល​បានទីបន្ទាល់​របស់​ពួកគេ ។ យើង​គួរ​ទៅ​សួរ​សុខទុក្ខ​មនុស្ស​ទាំងនេះ ហើយ​ជួយ​ពួកគេ​ឲ្យ​មក​រក​ព្រះគ្រីស្ទ ។

អានឌ្រា ស៊ី អាយុ 13 លីម៉ា ប្រទេស​ប៉េរូ

រស់នៅ​តាម​បទដ្ឋាន​របស់​យើង

ដូចជា​អង្គការ ឬ​សាសនា​ដទៃទៀត​ដែរ មាន​មនុស្ស​មួយ​ចំនួន​ដែល​លះបង់ច្រើន ឬ​លះបង់តិច ។ យើង​ត្រូវ​រស់​នៅ​តាម​បទដ្ឋាន​របស់​យើង​ តាម​សមត្ថភាព​ដែល​យើង​អាច​ធ្វើ​បាន ហើយ​សង្ឃឹម និង​អធិស្ឋាន​ថា​អ្នក​ដទៃ​នឹង​ធ្វើ​ដូចគ្នា​ដែរ ។

ម៉ារេន អេស អាយុ 16 ឆ្នាំ អារីហ្សូណា ស.រ.អា.

បោះពុម្ព