ប្រអប់រូបភាព
ស៊ិនឌី ហេហ្គី អាល់ប៊ឺតា ប្រទេសកាណាដា
ប៉ុន្មានឆ្នាំមុន នៅពេលស្វាមីខ្ញុំ និងខ្ញុំកំពុងចាក់សំរាមនៅកន្លែងចាក់សំរាមមួយក្នុងទីក្រុង ខ្ញុំបានសង្កេតឃើញស្ត្រីម្នាក់ដែលធ្វើការនៅទីនោះ កំពុងលើកប្រអប់មួយដើម្បីដាក់នៅក្នុងម៉ាស៊ីនកិនសំរាម ។ រំពេចនោះ ប្រអប់នោះក៏រហែក ហើយមានរូបថតមួយចំនួនបានជ្រុះចុះមក ។
នៅពេលខ្ញុំឃើញ ខ្ញុំមានការដាស់អារម្មណ៍ប្រាប់ឲ្យទៅយកប្រអប់រូបភាពនោះ ។ ខ្ញុំបានចេញពីឡានទៅជួយរើសរូបភាពនោះ ។ ស្ត្រីនោះ និងខ្ញុំ យើងទាំងពីរនាក់មានអារម្មណ៍ថា រូបថតទាំងនោះត្រូវបានគេបោះចោលដោយចៃដន្យ ហើយខ្ញុំបានសុំរូបថតទាំងនោះពីគាត់ដើម្បីស្វែងរកមនុស្សដែលត្រូវការវា ។
ដោយបើកមើលរូបថតរាប់រយនៅក្នុងប្រអប់នោះ ខ្ញុំបានរកឃើញស្រោមសំបុត្រមួយដែលមានឈ្មោះមនុស្សម្នាក់នៅវ័រប៊ឺហ្គ អាល់ប៊ឺតា ប្រទេសកាណាដា ។ លុះប៉ុន្មានឆ្នាំក្រោយមក ខ្ញុំបានសរសេរសំបុត្រមួយចំនួនទៅមនុស្សដែលមាននាមត្រកូលដូចគ្នានោះ ប៉ុន្តែខ្ញុំពុំដែលទទួលបានការឆ្លើយតបវិញឡើយ ។
បន្ទាប់ពីគ្រួសាររបស់ខ្ញុំបានភ្ជាប់អ៊ិនធើរណែត ខ្ញុំបានរកឃើញថាមានបណ្ដាញសង្គមផ្នែកប្រវត្តិសាស្ត្រមួយនៅក្នុងវ័រប៊ឺហ្គ ។ ខ្ញុំបានសួរមនុស្សគ្រប់គ្នាដែលធ្វើការនៅទីនោះស្គាល់ឈ្មោះ ដែលខ្ញុំបានរកឃើញនៅលើខ្នងរូបភាពនោះដែរទេ ។
មួយខែក្រោយមកយើងបានទទួលទូរស័ព្ទមួយពីបុរសម្នាក់ ដែលបានទាក់ទងដោយសង្គមផ្នែកប្រវត្តិសាស្ត្រនោះ ។ គាត់បាននិយាយថា បងស្រីរបស់គាត់រស់នៅក្បែរយើង ហើយគាត់សួរថាតើបងស្រីគាត់អាចសុំមើលរូបភាពនោះបានទេ ។ យើងបាននិយាយថាពិតជាបាន ។
លុះស្អែកឡើង ភ្លយ និងប៊េធ ហ័រធន់ ទាំងពីរនាក់ជាពួកបរិសុទ្ធថ្ងៃចុងក្រោយ បានមកមើលរូបភាពនោះ ។ នៅពេលយើងបើកប្រអប់នោះឡើយ បងប្រុសហ័រធន់បាននិយាយថា « នេះជារូបគាត់ » ដោយចង្អុលទៅរូបលើគេបង្អស់ ។ វាជារូបជីតារបស់បងស្រីហ័រធន់ ។
នៅពេលពួកគាត់បើកមើលរូបភាពម្ដងមួយៗ បងប្រុស និងបងស្រីហ័រធន់បានប្រាប់យើងពីដំណើររឿងរបស់មនុស្សនៅក្នុងរូបថតនិមួយៗ ។ គ្រួសារហ័រធន់បានសង្ស័យថា ពួកគាត់ជាប់សាច់ញាតិនឹងបុគ្គលដែលបានបោះចោលរូបភាពនេះ ហើយពួកគាត់ឆ្ងល់ថា តើហេតុអ្វីបានជារូបភាពត្រូវគេបោះចោលនៅកន្លែងចាក់សំរាមដូច្នេះ ។
ខ្ញុំទទួលអារម្មណ៍ដ៏ខ្លាំងក្លាថា ព្រះវរបិតាសួគ៌បានជួយខ្ញុំឲ្យប្រគល់រូបថតទាំងនោះទៅគ្រួសារហ័រធន់វិញ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា កិច្ចការពង្សប្រវត្តិគឺជាកិច្ចការដ៏សំខាន់បំផុតមួយដែលត្រូវធ្វើ ។ ប្រសិនបើយើងមានឆន្ទៈដើម្បីធ្វើកិច្ចការនេះ ព្រះអម្ចាស់នឹងជួយយើងឲ្យធ្វើវា ។