២០១៣
ឌីកុន​ថ្មោងថ្មី
Oct 2013


ឌីកុន​ថ្មោងថ្មី

« ហើយ​អស់​អ្នក​ណា​ដែល​ទទួល​បព្វជិតភាព​នេះ ឈ្មោះ​ថា ទទួល​យើង​ដែរ ព្រះអម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ » ( គ. និង ស. 84:35 ) ។

ការ​ចែក​សាក្រាម៉ង់​គឺ​ជា​ទំនួល​ខុសត្រូវ​មួយ​ដ៏​ធំ ។ ចុះ​បើ​គាត់​ធ្វើ​ឲ្យ​រញ៉េរញ៉ៃ​ទៅ ?

ប៊េនជី បាន​ឈរ​នៅ​មុខ​កញ្ចក់តម្រង់​ក្រវ៉ាត់-ក​របស់​គាត់ ។ អាវ​-ស​ និង​ខោ​ពណ៌​ខៀវ​ចាស់​របស់​គាត់​ត្រូវ​គ្នា​យ៉ាងឥតខ្ចោះ ។ គាត់​បាន​សិត​សក់​របស់​គាត់ ។ គាត់​ពិតជាបាន​រៀបចំ​រួចជាស្រេច​ដើម្បី​ទទួល​ការ​តែងតាំង​ជា​ឌីកុន ។ ហេតុអ្វី​បាន​ជាគាត់​មាន​អារម្មណ៍​ភ័យ​ខ្លាច​ម៉្លេះ ?

ប៊េនជី​បាន​យក​ព្រះគម្ពីរ​របស់​គាត់ ហើយ​ដើរ​ចេញ​ពី​បន្ទប់ ។ គាត់​មិន​ព្យាយាម​គិត​ពី​ថា តើ​នឹង​មាន​រឿង​អ្វី​ខុស​ប្លែក​នៅ​ព្រះវិហារ​ថ្ងៃ​នេះ​នោះ​ទេ ។ រួច​ហើយ​មាន​កាតព្វកិច្ច​បព្វជិតភាព​ថ្មី​ដែល​ធ្វើ​ឲ្យ​គាត់​បារម្ភ នៅ​ពេល​ណា​គាត់​បាន​គិត​ពី​រឿងនោះ​គឺ ៖ ការ​ចែក​សាក្រាម៉ង់ ។ ចុះ​បើ​គាត់​ធ្វើ​កំហុស​នៅ​គ្រា​ដំបូង​របស់​គាត់​នៅ​សប្ដាហ៍​ក្រោយ​នោះ ? គាត់​បាន​ព្យាយាម​បំភ្លេច​រឿង​នោះ​ដែរ ពេល​គាត់​ចេញ​ពី​ផ្ទះ ។

ការ​ប្រជុំ​សាក្រាម៉ង់​បាន​ដំណើរ​ការ​ដូច​ធម្មតា ។ ប៉ុន្តែ​ក្រោយ​មក ប៊េនជី​បាន​ដើរ​ជាមួយ​គ្រួសារ​គាត់​ទៅ​ការិយាល័យ​របស់​ប៊ីស្សព សាឡាហ្សា ។ នេះពិត​ជា​រឿង​ដែល​ប្លែក ។ ជា​ធម្មតា គាត់​គួរ​នៅ​ក្នុង​ថ្នាក់កុមារ​នៅម៉ោង​បើក​ថ្នាក់​នា​ពេល​នេះ ។

ប៊េនជី​បាន​អង្គុយចុះ នៅ​ពេល​ឪពុក ប៊ីស្សព ប្រធាន​យុវជន និង​ទីប្រឹក្សា​ក្នុង​គណៈប្រធាន​ប៊ីស្សព​បាន​ដាក់ដៃ​លើ​ក្បាល​របស់​គាត់ ។ ឪពុក​បាន​ប្រគល់​បព្វជិតភាព​អើរ៉ុន​ដល់​គាត់ ។ ក្នុង​ការ​ប្រសិទ្ធពរ​នោះ ការ​ភ័យ​ខ្លាច​ក្នុង​ខ្លួន​របស់​ប៊េនជី​បាន​រសាយ​បាត់ ។ គាត់​មាន​អារម្មណ៍​ស្ងប់ ហើយ​រីករាយ ។

ប៊េនជី​បាន​ក្រោកឈរ​ចាប់ដៃ​មនុស្ស​គ្រប់​គ្នា ។ បន្ទាប់​មក​គាត់​បាន​ឱប​ម្ដាយ និង​បង​ប្រុស​របស់​គាត់ ជេ និង​ប្អូន​ស្រី​របស់​គាត់ មីរ៉ាសុល ។

ក្រោយ​មក​ទៀត គាត់​បាន​ទៅសាលា​ថ្ងៃ​អាទិត្យ ។ ទោះជា​ថ្នាក់​ថ្មី​មិន​ដូច​នឹង​ថ្នាក់​កុមារ​ក្ដី ប៉ុន្តែ​នៅ​តែ​មាន​អារម្មណ៍​ថា​ស្គាល់​គ្នា ។ មេរៀន​លើក​ឡើង​ពី​ការអធិស្ឋាន ។ គាត់​បាន​រៀន​ច្រើន​ពី​ការ​អធិស្ឋាន​នៅ​ក្នុង​ថ្នាក់​កុមារ ។ ប៊េនជី បាន​រៀង​ធូរ​ចិត្ត​បន្តិច ។ ប្រហែល​ការ​ធ្វើ​ជា​ឌីកុន​ម្នាក់​មិន​សូវ​ពិបាក​នោះ​ទេ ។

ជ បាន​ប្រាប់​ប៊េនជី​ក្រោយ​ពី​ព្រះវិហារ​ថា « វា​មិន​អី​នោះ​ទេ ! » ។ « បង​នឹង​ប្រសិទ្ធ​ពរ​សាក្រាម៉ង់ ហើយ​ប្អូន​អាច​ចែក​វា​បាន » ។

រាល់អារម្មណ៍​ភ័យ​ខ្លាច​បាន​ត្រឡប់​មកវិញ ។ គាត់​បាន​និយាយ​ស្ងាត់ៗ​ថា « ហ្នឹង​ហើយ » ។ ការ​ចែក​សាក្រាម៉ង់​គឺ​ជា​រឿង​មួយ​ដែល​ប៊េនជី​បារម្ភ​ខ្លាំង​បំផុត !

ក្រោយ​មក​ទៀត​នៅ​យប់​នោះ ប៊េនជី​បាន​ឃើញ​ឪពុក​កំពុង​អាន​សៀវភៅ​នៅ​លើ​សាឡុង ។ « ចុះ​បើ​ខ្ញុំ​ភ្លេច​នរណា​ម្នាក់ ហើយ​ពួកគេ​មិន​បាន​ទទួល​សាក្រាម៉ង់​នោះ ? » គាត់​បាន​សួរ ។ « ចុះ​បើ​ខ្ញុំ​ជំពប់​ជើង​ដួលទៅ ? » គាត់​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​ពី​បញ្ហា​នោះ​ក្នុង​គំនិត​របស់​គាត់ ថា​ថាស​នោះ​ត្រូវ​បាន​ធ្លាក់​ទៅ​លើដី ហើយ​ពែង​ទឹកខ្ចាយ​គ្រប់​ទីកន្លែង ។

ឪពុក​បាន​ដាក់​ដៃ​លើ​ស្មា​របស់​ប៊េនជី ។ « ប៉ានៅ​ចាំ​ពី​គ្រាដំបូង​ដែល​ប៉ា​បាន​ចែក​សាក្រាម៉ង់ ។ ប៉ា​ប្រហែល​ជា​ភ័យ​ខ្លាច​ជាង​កូននៅ​ពេល​នេះ​ទៅទៀត » ។

ប៊េនជី​បាន​ភ្ញាក់ផ្អើល ។ « ប៉ា​ហ្នឹង ? ប៉ា​មិន​ខ្លាច​អ្វី​ទាំងអស់ ! » 

ឪពុក​បាន​សើច ។ « ប៉ា​ធ្លាប់​ភ័យ​ខ្លាច​ច្រើន​ដង​ណាស់ ។ តើ​កូនដឹង​ថា​អ្វី​ទៅ​ដែល​ជួយ​ប៉ា​ឲ្យ​យក​ឈ្នះ​លើ​ការ​ភ័យ​ខ្លាច​ទេ ? »

ប៊េនជី​បានគិត​មួយ​សន្ទុះ ។ « ការអធិស្ឋាន​មែន​ទេ ? »

ឪពុក​ញញឹម ។ « ត្រឹម​ត្រូវ​ណាស់ ។ គឺ​ការអធិស្ឋាន ។ ហើយ​ឪពុក​របស់​ប៉ា​បាន​ប្រសិទ្ធពរ​ឲ្យ​ប៉ា ។ តើ​កូនចង់​ឲ្យ​ប៉ា​ប្រសិទ្ធពរ​ឲ្យ​កូន​ទេ ? »

ប៊េនជី ងក់ក្បាល​ភ្លាម ។ « បាទ ! កូន​ចង់​បាន​វាណាស់ » ។

គ្រួសារ​បាន​ជួបជុំគ្នា​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ ។ ឪពុក​បាន​ដាក់​ដៃ​គាត់​លើ​ក្បាល​របស់​ប៊េនជី ។ នៅ​ពេល​ឪពុក​និយាយ ប៊េនជីមាន​អារម្មណ៍​ថា​ចាប់ផ្ដើម​ចង់​យំ ។ ឪពុក​បាន​និយាយ​នៅ​ក្នុង​ការ​ប្រសិទ្ធពរ​ថា « ចងចាំ​ថា កូន​បាន​ទទួល​បព្វជិតភាព​តាមរយៈពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​មួយ ។ ព្រះវរបិតា​សួគ៌​បាន​ប្រទាន​បព្វជិតភាព​ដល់​យើង​ដើម្បី​ឲ្យ​យើង​អាច​បម្រើ​ដល់​មនុស្ស​ដទៃទៀត ។ ប្រសិនបើ​កូន​អាច​ធ្វើ​កិច្ចការ​នេះ​ដោយ​អស់​ពី​ដួងចិត្ត នោះ​កូន​នឹង​ទទួល​បាន​ពរជ័យ​ក្នុង​កិច្ចការ​នេះ និង​ក្នុង​កិច្ចការ​ទាំងអស់ » ។

ពេញមួយសប្ដាហ៍​ប៊េនជី​បាន​អធិស្ឋាន​សុំ​ជំនួយ ។ លុះ​នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​ក្រោយ គាត់​បាន​ចូលរួម​នឹង​ពួកឌីកុន​នៅ​ខាងមុខ​សាលប្រជុំ ។ គាត់​បាន​ស្ដាប់​យ៉ាង​យក​ចិត្តទុកដាក់ ពេល​ជេ​និយាយ​ការ​ប្រសិទ្ធ​ពរ​នំប៉័ង ។

រំពេច​នោះ គាត់​បាន​ព្រួយ​បារម្ភ​ម្ដងទៀត ។ តើ​គាត់​ពិត​ជា​អាច​ធ្វើ​កិច្ចការ​នេះ​បាន​មែន​ឬ ? វា​សំខាន់​ខ្លាំងណាស់ ! បន្ទាប់​មក​គាត់​បាន​ចាំ​ពី​ការសន្យា ​នៅ​ក្នុង​ការ​ប្រសិទ្ធពរ​របស់​ឪពុក​គាត់ ។ ការ​ព្រួយ​បារម្ភរបស់​គាត់​បាន​រសាយ​បាត់ នៅ​ពេល​ព្រះវិញ្ញាណគ្រប​ដណ្ដប់​មក​លើ​គាត់ ។

គាត់​បាន​លើក​ថាស ហើយ​បានដើរចេញ​ដោយ​ទំនុកចិត្ត​ទៅ​កាន់​ជួរ​ដែល​បាន​គាត់​បាន​ចាត់ ។ គាត់បាន​ហុច​ថាស​នោះ​ដោយ​ប្រុងប្រយ័ត្ន​ទៅ​ស្ត្រី​ម្នាក់​នៅ​ជួរ​ខាង​មុខ ។

ស្ត្រី​នោះ​បាន​ញញឹម​ដាក់​គាត់ ។ ប៊េនជី​បាន​ញញឹម​តប​វិញ ដោយ​ដឹង​ថា​គាត់​កំពុង​បម្រើ​ព្រះអម្ចាស់ ។

រូបភាព ដោយ អ័រដាម កូហ្វឌ