២០១៣
ដើរ​តាម​ស្នាម​ព្រះ​បាទា​ទ្រង់
Oct 2013


ដើរ​តាម​ស្នាម​ព្រះ​បាទាទ្រង់

ការ​ប្រែក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ​គឺជា​ដំណើរការ​បន្តិចម្ដងៗ​ពេញ​មួយ​ជីវិត ហើយ​អ្នក​អាច​ចាប់​ផ្ដើម​ដោយ​ការ​បោះជំហាន​តូច​មួយ​ជារៀងរាល់ថ្ងៃ ។

Christ walking with sheep in the background.

ព្រះគម្ពីរ​លើក​ទឹកចិត្ត​យើង​ឲ្យ​ប្រែក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ហើយ « ត្រូវ​តែ​ប្រព្រឹត្ត​ដូចជា​ទ្រង់​ដែរ » ( យ៉ូហាន​ទី 1 2:6 ) ។ ប៉ុន្តែ​ការ​បោះ​ជំហាន​ដំបូង​អាច​មាន​ការ​លំបាក—ជា​ពិសេស​ពេល​អ្នក​ពុំ​ដឹង​ថា ត្រូវ​ចាប់ផ្ដើម​យ៉ាង​ណា​នោះ ។

អ្នក​អាច​រក​ឃើញ​ជំនួយ​នៅ​ក្នុងប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសន៍​ចំពោះ​ការ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ អ្នក​ប្រហែលជាគិត​ថា​វា​គ្រាន់តែជា​ក្បួនខ្នាត​មួយ ​សម្រាប់​ពួក​អ្នកផ្សព្វផ្សាយសាសនា​ ប៉ុន្តែ​តាម​ពិត​ទៅ​វា​ជា​ឧបករណ៍​ដ៏​អស្ចារ្យ​មួយ ​ដែល​អាច​ជួយ​អ្នក​ចាប់ផ្ដើម​នឹងគោលដៅ​របស់​អ្នក​ដើម្បី​ប្រែក្លាយ​ដូចជា​ព្រះអង្គសង្គ្រោះ ។ ជំពូក​ទី 6 ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ជួយ​អ្នក​ឲ្យ​យល់ ហើយ​អនុវត្ត​នូវ​លក្ខណៈដូចជា​ព្រះគ្រីស្ទ​ដ៏​ជាក់លាក់​ទាំង​ប្រាំបួន​យ៉ាង ។

នេះ​ជា​សេចក្ដីណែនាំ​មួយ​ចំនួន​ពី​របៀប​ប្រើ ប្រកាស​ដំណឹង​ល្អ​របស់​យើងនិង​ព្រះគម្ពីរ នៅពេល​អ្នក​ខិតខំ​ដើម្បី​អភិវឌ្ឍ​លក្ខណៈដូចជា​ព្រះគ្រីស្ទ ៖

  • ដើម្បី​ចាប់ផ្ដើម សូម​បើក​ទៅ​ផ្នែក​សកម្មភាព​កំណត់​នៅ​ចុង​បញ្ចប់​នៃ​ជំពូកទី 6 ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង ( ទំព័រ 128 ) ។ សកម្មភាព​នេះ​អាច​ជួយ​អ្នក​កំណត់​ថា តើ​លក្ខណៈ​មួយ​ណា​គឺ​ជា​ភាព​រឹងមាំ​ខាង​វិញ្ញាណ​របស់​អ្នក​នៅ​សព្វថ្ងៃ​នេះ និង​លក្ខណៈ​មួយ​ណា​ដែល​អ្នក​ត្រូវ​ខិតខំ​អនុវត្ត ។

  • បន្ទាប់​ពី​បញ្ចប់​សកម្មភាព​នេះ សូម​ជ្រើស​យក​លក្ខណៈ​មួយ​ប្រកប​ដោយ​ការ​អធិស្ឋាន ដើម្បី​ធ្វើ​ការ​ផ្ដោត​យក​ចិត្ត​ទុកដាក់ ។ សូម​ពិចារណា​អាន​នៅ​ផ្នែក​ស្ដី​ពី​លក្ខណៈ​នោះ​នៅ​ក្នុង​ជំពូក​ទី 6 ។

  • សូម​ដាក់គោលដៅ​ជាក់លាក់​ដែល​អាច​ធ្វើ​ទៅ​បាន​ដែល​នឹង​ជួយ​អ្នក​ឲ្យ​អភិវឌ្ឍ​លក្ខណៈ​នេះ ។ សូម​ដាក់​ពេល​កំណត់​មួយ​ដើម្បី​អនុវត្ត​គោលដៅ​របស់​អ្នក ។ បន្ទាប់​មក​ធ្វើ​ការ​វាយតម្លៃ​ពី​ការ​រីកចម្រើន​របស់​អ្នក ។ ឧទាហរណ៍ ប្រសិនបើ​អ្នក​កំពុង​ព្យាយាម​ឲ្យ​មាន​ចិត្ត​សប្បុរស​បន្ថែមទៀត អ្នក​អាច​ដាក់គោលដៅ​មួយ​ដើម្បី​និយាយ​រឿង​វិជ្ជមាន​ពី​បងប្អូន​ប្រុសស្រី​របស់​យើង​បី​ដង​ក្នុង​មួយ​ថ្ងៃ​ពេញ​មួយ​សប្ដាហ៍ ។ នៅ​ចុង​សប្ដាហ៍ អ្នក​នឹង​ធ្វើ​ការ​វាយ​តម្លៃ​ថា តើ​អ្នកបាន​បំពេញ​គោលដៅ​របស់​អ្នក​បាន​យ៉ាង​ណា​ដែរ ហើយ​ធ្វើ​ការ​កែតម្រូវ ដែល​នឹង​ជួយ​អ្នកឲ្យបន្តធ្វើ​ឲ្យ​បាន​ប្រសើរ​ឡើង​ថែម​ទៀត ។

  • ប្រកាស​ដំណឹង​ល្អ​របស់​យើងមាន​បទគម្ពីរ​ដើម្បី​សិក្សា​ពី​លក្ខណៈ​និមួយៗ ។ អ្នក​អាច​សិក្សា​បទគម្ពីរ​ដែល​មាន​ប្រកបដោយ​ការ​អធិស្ឋាន ហើយ​សរសេរ​ពី​អារម្មណ៍​ដែល​អ្នក​ទទួល​បាន​ពេល​អ្នក​អាន​បទគម្ពីរ​ទាំងនោះ ។

  • សូម​ទូលសុំ​ជំនួយ​ពី​ព្រះវរបិតាសួគ៌​នៅ​ក្នុង​ការ​អភិវឌ្ឍ​ឥរិយាបថចរិតលក្ខណៈ​មួយ​ដូចជា​ព្រះគ្រីស្ទ ។ សូម​ទូលសុំ​នូវ​ជំនួយ​ដ៏​ជាក់លាក់​ដូចជា « សូម​ប្រទាន​កម្លាំង​ដល់​ខ្ញុំ​ដើម្បី​យក​ឈ្នះ​លើ​កំហឹង​របស់​ខ្ញុំ នៅ​ពេល​បងប្អូន​របស់​ខ្ញុំ​បាន​យក​របស់​ខ្ញុំ » ។ កាល​ណា​ការអធិស្ឋាន​របស់​អ្នក​មាន​ភាពជាក់លាក់ នោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ភាពកាន់តែ​ងាយ​ស្រួយ​ដើម្បី​ឲ្យអ្នកស្គាល់​ពី​ចម្លើយ​របស់​ព្រះអម្ចាស់ ។

ការ​ប្រែក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ព្រះយេស៊ូវគ្រីស្ទ គឺជា​ដំណើរ​ការ​បន្តិចម្ដងៗ និងការ​ស្វែង​រក​ពេញ​មួយ​ជីវិត ។ ពេល​ខ្លះ វា​ហាក់​ដូច​ជា​រឿង​មួយ​ដ៏​លំបាក​ណាស់ ។ ប៉ុន្តែ​កុំ​អស់សង្ឃឹម ។ ព្រះអម្ចាស់​សន្យា​នឹង​យើង​ថា ៖ « អ្នក​ណា​ដែល​ទទួល​ពន្លឺ ហើយ​នៅ​ជាប់​ក្នុង​ព្រះ នោះ​ទទួលពន្លឺ​ថែមទៀត ហើយ​ពន្លឺ​នោះ​ភ្លឺ​កាន់តែ​ខ្លាំងឡើងៗរហូត​ដល់​ថ្ងៃ​បាន​ល្អ​ឥត​ខ្ចោះ » ( គ. និង ស. 50:24 ) ។ នៅ​ពេល​យើង​ទទួល សិក្សា ហើយ​អនុវត្ត​ពន្លឺ និង​សេចក្ដីពិត ហើយ​បន្ត​ដើរ​តាម​ព្រះ​រៀងរាល់ថ្ងៃ នោះ​យើង​អាច​ប្រាកដ​ថា យើង​នឹង​ប្រែក្លាយ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ព្រះយេស៊ូវគ្រីស្ទ ។

ការ​ស្វែងរក​មនុស្ស​ម្នាក់ ដោយ លីស្ស លេមិន ស្វីនឌល ហាម​ថត​ចម្លង, រចនា​រូបថត © ឆេឡា ម៉ារី ហ្វឺសូវ, ផ្ទៃ​ខាង​ក្រោយ © iStock/Thinkstock, ក្បាច់ © Hemera/Thinkstock

មេរៀន​ទាំងឡាយ​នៅ​ថ្ងៃ​អាទិត្យ

ប្រធាន​បទ​ក្នុង​ខែ​នេះ ៖ ការ​ប្រែក្លាយ​កាន់​តែ​ដូចជា​ព្រះគ្រីស្ទ