ការពន្លឿនកិច្ចការនៃសេចក្ដីសង្គ្រោះ
នៅពេលយើងអញ្ជើញ ស្រឡាញ់ ហើយបម្រើដល់មនុស្សដទៃទៀត នោះយើងប្រែក្លាយជាសិស្សពិតនៃព្រះយេស៊ូវគ្រីស្ទ ហើយជួយពន្លឿនដល់កិច្ចការនៃសេចក្ដីសង្គ្រោះ ។
ទោះជា មានចិត្តរំភើបស្ដីពីពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងធ្វើកិច្ចការតាមអ៊ិនធើរណិត ហើយផ្ដល់ការដើរទស្សនានៅក្នុងសាលាប្រជុំក្ដី កិច្ចការទាំងនោះគ្រាន់តែជាផ្នែកតូចមួយនៃរូបភាពដ៏ធំចំពោះកិច្ចការនៃសេចក្ដីសង្គ្រោះ ។ រឿងដែលសំខាន់បំផុតនោះគឺជារបៀបដែលយើង ក្នុងនាមជាសមាជិក ធ្វើឲ្យសមស្របទៅនឹងរូបភាពដ៏ធំនៃការពន្លឿនកិច្ចការនៃសេចក្ដីសង្គ្រោះ ។ យើងពុំបានសុំឲ្យចូលប្រឡូកនៅក្នុងកម្មវិធីថ្មីមួយនោះឡើយ ។ យើងគ្រាន់តែត្រូវបានលើកទឹកចិត្តឲ្យក្លាយជាសិស្សពិតនៃព្រះយេស៊ូវគ្រីស្ទ ។ តួនាទីរបស់យើងគឺជម្រុញខ្លួនរបស់យើងឲ្យចូលទៅក្នុងសេចក្ដីស្រឡាញ់ និងការបម្រើដល់មនុស្សនៅជុំវិញយើង—ដោយលួងលោមដល់អ្នករួមការងារដែលកំពុងមានសេចក្ដីត្រូវការ ដោយការអញ្ជើញមិត្តរបស់យើងទៅពិធីបុណ្យជ្រមុជទឹក ដោយជួយអ្នកជិតខាងវ័យចំណាស់ម្នាក់ក្នុងកិច្ចការសម្អាតទីធ្លាផ្ទះរបស់គាត់ ដោយអញ្ជើញសមាជិកម្នាក់ដែលមិនសូវសកម្មមកបរិភោគអាហារ ឬដោយជួយអ្នកជិតខាងម្នាក់ក្នុងកិច្ចការពង្សប្រវត្តិរបស់គាត់ ។ ទាំងនេះជារបៀបតាមធម្មជាតិដែលពេញទៅដោយក្ដីអំណរ ដើម្បីអញ្ជើញសមាជិកមិនសូវសកម្ម និងជនដែលមានជំនឿផ្សេងចូលមកក្នុងជីវិតរបស់យើង ហើយជាលទ្ធផលវានឹងនាំពួកគេចូលទៅក្នុងពន្លឺនៃដំណឹងល្អ ។ ការចែកចាយពេលដ៏រីករាយ និងពេលដ៏ពិសិដ្ឋក្នុងជីវិតរបស់យើងជាមួយនឹងពួកគេ ប្រហែលជារបៀបដ៏មានប្រសិទ្ធភាពបំផុតដែលយើងគ្រប់គ្នាអាច « ធ្វើការនៅក្នុងចម្ការទំពាំងបាយរបស់ [ ព្រះយេស៊ូវគ្រីស្ទ ] សម្រាប់សេចក្ដីសង្គ្រោះដល់ព្រលឹងនៃ [ បុរស និងស្ត្រី ] » (គ. និង ស. 138:56) ។
តើកិច្ចការនៃសេចក្តីសង្រ្គោះគឺជាអ្វី ?
កិច្ចការនៃសេចក្ដីសង្គ្រោះគឺជាកិច្ចការរបស់ព្រះវរបិតាសួគ៌ « ដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្សលោក » (ម៉ូសេ 1:39) ។ កិច្ចការដ៏សំខាន់នេះរួមមានកិច្ចការផ្សព្វផ្សាយសាសនារបស់សមាជិក ការថែរក្សាទុកអ្នកផ្លាស់ប្រែចិត្តជឿ ការធ្វើឲ្យសមាជិកមិនសូវសកម្មបានសកម្មឡើងវិញ កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ និងការបង្រៀនដំណឹងល្អ ។1 ជាធម្មតា យើងគិតថាកិច្ចការទាំងនេះនៅក្នុងដំណឹងល្អគឺគ្មានទំនាក់ទំនងនឹងគ្នាឡើយ ។ ប៉ុន្តែ នៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ ៖ ការចាក់ផ្សាយភាពជាអ្នកដឹកនាំទូទាំងពិភពលោក នៅថ្ងៃទី 23 ខែ មិថុនា ឆ្នាំ 2013 អែលឌើល រ័សុល អិម ណិលសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា « កិច្ចការនេះគឺពិតជាកិច្ចការនៃសាមគ្គីភាព » ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះពុំធ្វើដាច់ដោយឡែកពីគ្នាបានឡើយ វាជាផ្នែកទាំងមូលនៃកិច្ចការនៃសេចក្ដីសង្គ្រោះ » ។2
ឃ្លា « ការពន្លឿនកិច្ចការនៃសេចក្ដីសង្គ្រោះ »—ជាឈ្មោះនៃវិបសាយជាដៃគូរបស់ការចាក់ផ្សាយនេះ (hasteningthework.lds.org)—វាសំដៅទៅលើសេចក្ដីសន្យារបស់ព្រះអម្ចាស់ថា ៖ « មើលចុះ យើងនឹងពន្លឿនកិច្ចការរបស់យើងឲ្យឆាប់កើតនៅពេលកំណត់ » (គ. និង ស. 88:73) ។
ពិធីបរិសុទ្ធនៃបព្វជិតភាពដ៏សំខាន់—បុណ្យជ្រមុទឹក ពិធីបញ្ជាក់ ការតែងតាំងបព្វជិតភាពដល់បុរស និងពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ—ឈរជាសញ្ញានៅតាមដងផ្លូវរបស់យើងត្រឡប់ទៅព្រះវរបិតាសួគ៌យើងវិញ ។ នៅពេលយើងចូលរួមនៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ នោះយើងធ្វើតាម ហើយបំផុសគំនិតដល់មនុស្សដទៃទៀតឲ្យធ្វើផ្លូវនៃសេចក្ដីសញ្ញានេះ ។
សមាជិក និងអ្នកផ្សព្វផ្សាយសាសនាធ្វើការរួមគ្នានៅក្រោមកូនសោបព្វជិតភាព
ពេលវេលាបានមកដល់ហើយ ដើម្បីផ្ដោតឡើងវិញទៅលើគោលការណ៍គ្រឹះដ៏សំខាន់ពីអត្ថន័យនៃសមាជិកភាពនៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ ត្រូវបានហៅឲ្យចូលរួមយ៉ាងពេញទំហឹងនៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះរបស់ទ្រង់នោះ ។ ប្រធានស្តេក និងប៊ីស្សពកាន់កូនសោបព្វជិតភាពនៃកិច្ចការផ្សព្វផ្សាយសាសនា នៅក្នុងអង្គភាពសាសនាចក្ររបស់ខ្លួន3 ហើយជួយសមាជិកឲ្យធ្វើអ្វីដែលសិស្សពិតនៃព្រះគ្រីស្ទធ្វើ—ចែកចាយពន្លឺនៃដំណឹងល្អ ។ ប្រធានបេសកកម្មកាន់កូនសោបព្វជិតភាព ដែលអាចជួយពួកគាត់ឲ្យណែនាំដល់កិច្ចការនៃពួកអ្នកផ្សព្វផ្សាយសាសនាដែលពួកគាត់ដឹកនាំ ។4 ពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងត្រូវបានបំពាក់បំប៉ន ដើម្បីបង្រៀនមនុស្សដែលត្រូវបានរៀបចំដើម្បីទទួលដំណឹងល្អ ។ ពួកគេជួយសមាជិកជាមួយនឹងកិច្ចការផ្សព្វផ្សាយសាសនារបស់សមាជិក ។ ដូច្នេះ ពួកអ្នកផ្សព្វផ្សាយសាសនា និងសមាជិកគឺជាដៃគូនៅក្នុងការនាំយកដំណឹងល្អ ចូលទៅក្នុងជីវិតនៃជនដែលព្រះអម្ចាស់បានរៀបចំដើម្បីទទួលដំណឹងល្អ ។
អំឡុងពេលនៃការចាក់ផ្សាយនេះ ប្រធាន ថូម៉ាស អេស ម៉នសុន បានមានប្រសាសន៍ថា ៖ « ឥឡូវនេះគឺជាពេលសម្រាប់សមាជិកទាំងឡាយ និងពួកអ្នកផ្សព្វផ្សាយសាសនាមកទាំងអស់គ្នា ធ្វើការរួមគ្នា ធ្វើការនៅក្នុងចម្ការទំពាំងបាយជូររបស់ព្រះអម្ចាស់ ដើម្បីនាំយកព្រលឹងទាំងឡាយទៅកាន់ទ្រង់ ។ ទ្រង់បានរៀបចំមធ្យោបាយសម្រាប់យើងដើម្បីចែកចាយដំណឹងល្អនេះតាមរបៀបជាច្រើន ហើយទ្រង់នឹងជួយយើងនៅក្នុងកិច្ចការរបស់យើង ប្រសិនបើយើងនឹងធ្វើវាដោយសេចក្ដីជំនឿនៅក្នុងការបំពេញកិច្ចការរបស់ទ្រង់ » ។5
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ពីសារៈសំខាន់នៃសេចក្ដីស្រឡាញ់ ។ លោកបានមានប្រសាសន៍ថា « យើងធ្វើការរួមគ្នាក្នុងសេចក្ដីជំនឿ និងសាមគ្គីភាព—ជាសេចក្ដីជំនឿថា ព្រះអម្ចាស់នឹងដឹកនាំជំហាន និងសាមគ្គីភាពរបស់យើងរវាងគ្នានឹងគ្នា និងជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនា បានលើកកម្ពស់ដោយសេចក្ដីស្រឡាញ់របស់យើងចំពោះ [ ព្រះយេស៊ូវគ្រីស្ទ ] ជានិច្ច ជាសេចក្ដីស្រឡាញ់របស់យើងរវាងគ្នានឹងគ្នា និងសេចក្ដីស្រឡាញ់របស់យើងចំពោះមនុស្សដែលយើងបម្រើ » ។6
ក្រុមប្រឹក្សាវួដដឹកនាំ ពួកអ្នកដឹកនាំបេសកកម្មវួដសម្របសម្រួល
នៅក្រោមការដឹកនាំរបស់ប៊ីស្សព ក្រុមប្រឹក្សាវួដចាត់ចែង គាំទ្រ ហើយសម្របម្រួលដល់កិច្ចការរបស់សមាជិកវួដដោយរៀបចំផែនការ ហើយដឹកនាំកិច្ចការនៃសេចក្ដីសង្គ្រោះសម្រាប់វួដ ។7
ក្នុងនាមជាសមាជិកម្នាក់នៅក្នុងក្រុមប្រឹក្សាវួដ នោះអ្នកដឹកនាំបេសកកម្មវួដ « សម្របសម្រួលដល់កិច្ចការរបស់វួដក្នុងការស្វែងរក បង្រៀន ហើយជ្រមុជទឹកដល់ពួកអ្នករៀនថ្មី » ។ គាត់សម្របសម្រួលកិច្ចការនេះជាមួយនឹងកិច្ចការរបស់ពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង » ។8
អែលឌើរ ណិលសុន បានមានប្រសាសន៍ទៅកាន់ពួកអ្នកដឹកនាំបេសកកម្មវួដថា ៖ « សូមជួយដល់ [ ពូកអ្នកផ្សព្វផ្សាយសាសនា ] ដើម្បីបំពេញសៀវភៅណាត់ជួបរបស់ពួកគេជាមួយនឹងឱកាស និងការណាត់ជួបល្អៗ ដើម្បីពួកគេពុំចាំបាច់ត្រូវទៅគោះទ្វារស្វែងរកមនុស្សដើម្បីបង្រៀន ។ …[ អ្នក ] គឺជាតំណដែលតភ្ជាប់រវាងពួកអ្នកផ្សព្វផ្សាយសាសនា ក្រុមប្រឹក្សាវួដ និងសមាជិកក្នុងវួដ » ។9
គំនូសសម្គាល់ពិតនៃភាពជោគជ័យ
ក្នុងនាមជាពួកបរិសុទ្ធថ្ងៃចុងក្រោយ យើងមានពរដោយបានរស់នៅក្នុងគ្រានេះ ដែលព្រះអម្ចាស់កំពុងពន្លឿនដល់កិច្ចការរបស់ទ្រង់ ។ ដោយសារព្រះមានគោលបំណងមួយនៅក្នុងការដាក់យើងឲ្យរស់នៅលើផែនដីនេះនៅគ្រានេះ នោះយើងមានសមត្ថភាពធ្វើច្រើនលើសពីយើងគិតដល់ទៅទៀត ។ ដរាបណា យើងឈោងដៃទៅជួយដោយសេចក្ដីសប្បុរស និងសេចក្ដីស្រឡាញ់ដល់មនុស្សដែលត្រូវការមិត្តភាព និងជំនួយរបស់យើង នោះយើងនឹងមិនបរាជ័យឡើយ ។ ភាពជោគជ័យរបស់អ្នកផ្សព្វផ្សាយសាសនាកើតមានឡើង តាមរយៈការធ្វើតាមការបំផុសគំនិតដែលមាននៅក្នុងគំនិត និងដួងចិត្តរបស់យើង និងការអញ្ជើញដ៏សាមញ្ញឲ្យមនុស្សដទៃទៀត ឲ្យចូលមកក្នុងជីវិតរបស់យើងដែលផ្អែកទៅលើដំណឹងល្អ ។ ការអញ្ជើញនេះគឺជាគំនូសសម្គាល់ពីភាពជោគជ័យ ដោយមិនគិតថាមនុស្សទូទៅនឹងទទួលបុណ្យជ្រមុជទឹក ឬប្រែក្លាយជាសកម្មនៅក្នុងសាសនាចក្រនោះទេ ។ ដូចជាអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ពីពលទ័ពដ៏អស្ចារ្យនៃពួកអ្នកផ្សព្វផ្សាយសាសនា ដែលឥឡូវនេះកំពុងចូលទៅក្នុងបេសកកម្មរបស់ខ្លួនថា ៖ « ឥឡូវនេះជាគ្រាដែលយើងត្រូវនិយាយថា ‹ មើលន៎ ពួកគេចេញមកហើយ › ។ យើងទាំងអស់គ្នាត្រូវតែមានផែនការ ហើយប្រើធនធាននេះដែលបានបញ្ជូនមកពីសួគ៌ាតាមរបៀបដ៏មានប្រយោជន៍បំផុតតាមដែលអាចធ្វើទៅបាន » ។10
វាគឺជាគ្រាសម្រាប់យើងទាំងអស់គ្នាយល់កាន់តែច្បាស់ អំពីតួនាទីរបស់យើងនៅក្នុងការពន្លឿនកិច្ចការនៃសេចក្ដីសង្គ្រោះ ។ នៅពេលយើងធ្វើឲ្យកិច្ចការផ្សព្វផ្សាយរបស់សមាជិក ការថែរក្សាទុកអ្នកផ្លាស់ប្រែចិត្តជឿ ការធ្វើឲ្យសមាជិកមិនសូវសកម្មបានសកម្មឡើងវិញ កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ និងការបង្រៀនដំណឹងល្អ ក្លាយទៅជាផ្នែកមួយនៃជីវិតរបស់យើង នោះយើងនឹងទទួលបាននូវសេចក្ដីអំណរដ៏អស្ចារ្យ ហើយទទួលបាននូវអំណោយទានខាងវិញ្ញាណ ដែលយើងត្រូវការដើម្បីពង្រឹងដល់សាសនាចក្រនៅក្នុងសតវត្សរ៍ទី 21 នេះ ។