សៀវភៅកំណត់ចំណាំសន្និសីទខែ តុលា
គំនិតសម្រាប់សន្និសីទទូទៅ
អ្នកនិពន្ធរស់នៅក្នុងរដ្ឋ វ៉ាស៊ីនតោន ស.រ.អា. ។
« ទាយមើល តើនរណាមកបរិភោគអាហារពេលល្ងាច ? »
ដប់ប្រាំថ្ងៃពីមុនការចាប់ផ្ដើមសន្និសីទទូទៅរាល់លើក គ្រួសាររបស់យើងបានព្យួរស្លាកសញ្ញាជូនដំណឹងដោយផ្ដើមថា « ទាយមើល តើនរណាមកបរិភោគអាហារពេលល្ងាច ? » បន្ទាប់មកយើងបន្ថែមរូបភាពថ្មីបំផុតនៃពួកព្យាការី ពួកអ្នកមើលឆុត និងពួកអ្នកទទួលវិវរណៈរបស់យើងពីសន្និសីទលើកមុននៅក្នុងទស្សនាវដ្ដីសាសនាចក្រ ។
ខ្ញុំបានរៀបចំដោយស្រាវជ្រាវរកព្យាការីដែលយើងនឹងស្វាគមន៍នាយប់នោះ ។ ពេលខ្លះ ខ្ញុំរកវត្ថុនៅជុំវិញផ្ទះដើម្បី តំណាងឲ្យវត្ថុមួយចំនួនដែលខ្ញុំបានរកឃើញ ហើយខ្ញុំបានដាក់វានៅលើចានមួយ ។ អំឡុងពេលអាហារពេលល្ងាច ពេលខ្ញុំប្រាប់ពីដំណើររឿងរបស់វត្ថុនិមួយៗ គ្រប់គ្នាសាកល្បងទាយថាតើជានរណា ។ ពេលខ្លះទៀត ខ្ញុំប្រាប់ដំណើររឿងមួយ ឬពីរដែលព្យាការីបានចែកចាយអំឡុងសន្និសីទទូទៅកាលពីលើកមុន ។
ខ្ញុំមានចិត្តអស្ចារ្យយ៉ាងខ្លាំងចំពោះរឿងទាំងឡាយដែលកូនរបស់ខ្ញុំចាំពីពួកព្យាការី និងពួកសាវកជាទីស្រឡាញ់របស់យើង ហើយខ្ញុំដឹងថាល្បែងដ៏សាមញ្ញនេះក៏បានបង្កើនសេចក្ដីស្រឡាញ់ និងចំណេះដឹងរបស់ខ្ញុំចំពោះបុរសដ៏ប្រពៃទាំងនេះផងដែរ ។
ទស្សនាវដ្ដីសន្និសីទផ្ទាល់ខ្លួនរបស់ខ្ញុំ
នៅពេលអែលឌើរ នែល អិល អាន់ឌើរសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងភរិយារបស់លោក ឃេធី បានទៅទស្សនកិច្ចអំឡុងពេលសន្និសីទស្តេករបស់យើង ស៊ិស្ទើរ អាន់ឌើរសិន បានចែកចាយដំណើររឿងមួយជាមួយនឹងយើង ៖ គាត់បានមានប្រសាសន៍ថា នៅពេលពួកគាត់រស់នៅប្រទេសបារាំង គាត់បានថតចម្លងសុន្ទរកថានៃសន្និសីទសម្រាប់កូនគាត់ម្នាក់ៗ—សូម្បីតែកូនតូចក្ដី ។ គាត់មានការភ្ញាក់ផ្អើលនៅពេលគាត់បានរកឃើញពីតម្លៃនៃការថតចម្លងទាំងនោះ ដែលវាមានតម្លៃយ៉ាងខ្ពស់បំផុត ។ ក្រោយមកគាត់បាននឹកឃើញនូវគំនិតមួយ ៖ « តើវាមានតម្លៃយ៉ាងណាប្រសិនបើគ្រួសាររបស់អ្នកទទួលបាននូវប្រសាសន៍របស់ពួកព្យាការីនោះ ? »
ដំណើររឿងនេះបានប៉ះដល់ដួងចិត្តរបស់ខ្ញុំ ហើយខ្ញុំបានតាំងចិត្តថាមនុស្សគ្រប់គ្នាក្នុងគ្រួសាររបស់យើងមានសុន្ទរកថានៃសន្និសីទផ្ទាល់ខ្លួន ។ ពួកកូនស្រីរបស់យើងមានចិត្តរំភើបជាខ្លាំង ។ យើងប្រើសុន្ទរកថាទាំងនោះសម្រាប់រាត្រីជួបជុំក្រុមគ្រួសារ និងអំឡុងពេលសិក្សាព្រះគម្ពីរ ។ ខ្ញុំចូលចិត្តពេលឃើញកូនស្រីម្នាក់អានចសុន្ទរកថាដោយខ្លួនឯង ហើយកត់ចំណាំវាជាមួយហ្វឺតរបស់នាង ។ កូនស្រីម្នាក់ទៀត ដែលទើបតែជ្រមុជទឹកថ្មីៗនេះ បានអង្វរខ្ញុំឲ្យអានសុន្ទរកថាទាំងឡាយជាមួយនឹងនាងតែពីរនាក់ ។
កិច្ចការសម្រាប់សន្និសីទ
ជាផ្នែកមួយនៃមេរៀនរបស់ខ្ញុំនៅក្នុងសមាគមសង្គ្រោះ ខ្ញុំដាក់កំហិតឲ្យបងប្អូនស្រីម្នាក់ៗមើលឡើងវិញនូវសុន្ទរកថានានានៅក្នុងសន្និសីទកាលពីលើកមុន មានបងប្អូនស្រីខ្លះបានអានសុន្ទរកថានោះឡើងវិញ ខ្លះទៀតបានមើលវាតាមអ៊ិនធើរណែត ។ មានបងប្អូនស្រីមួយចំនួនបានសម្ដែងចេញពីអារម្មណ៍យ៉ាងខ្លាំងក្លាដែលពួកគាត់មានក្នុងការរៀបចំខ្លួនសម្រាប់សន្និសីទដែលនឹងមកដល់ ។