ខ្ញុំបាននៅផ្ទះ
ស្ទីវិន សេនស្ប៊ឺរី កាលីហ្វ័រញ៉ា ស.រ.អា.
ជាផ្នែកមួយនៃការបម្រើ ខ្ញុំបានធ្វើដំណើរទៅប្រទេសរវ៉ានដាជាមួយនឹងគ្រូពេទ្យពីរបីនាក់ផ្សេងទៀតដើម្បីជួយដល់សេចក្ដីត្រូវការផ្នែកវេជ្ជសាស្ត្រ ។ បន្ទាប់ពីពីរសប្ដាហ៍ ជិតចុងបញ្ចប់នៃដំណើររបស់ខ្ញុំ ខ្ញុំបានចាប់ផ្ដើមនឹកផ្ទះ និងគ្រួសាររបស់ខ្ញុំជាខ្លាំង ។ ខ្ញុំនឹកគ្រួសារខ្ញុំ គ្រែដ៏ទន់របស់ខ្ញុំ និងផ្ទះរបស់ខ្ញុំ ។
នៅថ្ងៃអាទិត្យចុងក្រោយក្នុងប្រទេសអាហ្វ្រិក ខ្ញុំបានរៀបចំកាលវិភាគរបស់ខ្ញុំ ដើម្បីខ្ញុំចូលរួមក្នុងព្រះវិហារ ។ ទោះបីសាសនាចក្រពុំទាន់បានរៀបចំជាផ្លូវការនៅប្រទេសរវ៉ាន់ដាក្ដី ខ្ញុំអាចស្វែងរកម៉ោងប្រជុំ និងទិសដៅនៅលើវិបសាយរបស់សាសនាចក្របាន ។
ហើយវាជាការប្រាប់ផ្លូវដ៏ពិបាក ៖ « ដើរចុះពីផ្លូវថ្មគ្រួសខាងមុខអគារក្រសួង ។ រកមើលទ្វារបងបើកចំហ ។ បន្ទាប់មកដើរចុះក្រោមប៉ុន្មានជំហាន » ។
នៅពេលខ្ញុំបានធ្វើតាមការប្រាប់ផ្លូវទាំងនេះ ខ្ញុំបានចាប់ផ្ដើមឮសំឡេងទំនុកតម្កើងដូចជាធ្លាប់ឮ ។ ខ្ញុំបានដើរចុះតាមកាំជណ្ដើរ ហើយខ្ញុំបានស្ដាប់ឮទំនុកចម្រៀងនៃ « គ្រឹះដ៏មាំមួន » ( ទំនុកតម្កើងព្រះ ទំព័រ 8 ) ។ ជំហានចុងក្រោយត្រូវបានបញ្ចប់នៅត្រង់អគារតូចមួយ ដែលមានមនុស្សមួយចំនួនឈរញញឹមនៅត្រង់ច្រកទ្វាចូល ។ ថ្វីបើខ្ញុំជាមនុស្សចំណូលថ្មីសម្រាប់ក្រុមជំនុំនោះក្ដី ប៉ុន្តែមិនយូរប៉ុន្មានខ្ញុំក៏ទទួលអារម្មណ៍ថាជាផ្នែកមួយរបស់ពួកគេ ។ មានបងប្អូនប្រុសស្រីនៅប្រទេសរវ៉ាន់ដាជាច្រើនបានដើរមកចាប់ដៃខ្ញុំ ហើយនៅពេលពួកគេបានធ្វើដូច្នេះ បន្ទុកនៃភាពឯកោដ៏ធំធេងមួយត្រូវបានដកចេញពីខ្ញុំ—ខ្ញុំបាននៅផ្ទះ !
ការដើរចូលទៅអគារនោះ ខ្ញុំបានចូលរួមការប្រជុំបីម៉ោងពេញដែលវាគ្មានអ្វីខុសប្លែកពីការប្រជុំដែលខ្ញុំមាននៅវួដរបស់ខ្ញុំក្នុងរដ្ឋកាលីហ្វ័រញ៉ានោះឡើយ ។ សមាជិកនៃបព្វជិតភាពអើរ៉ុនបានចែកសាក្រាម៉ង់ ការឡើងនិយាយផ្ដោតលើព្រះអង្គសង្គ្រោះ ហើយសូម្បីតែមេរៀនសាលាថ្ងៃអាទិត្យគឺដូចគ្នានឹងអ្វីដែលបានបង្រៀននៅក្នុងវួដរបស់ខ្ញុំនៅសប្ដាហ៍នោះដែរ ។
សំខាន់បំផុត គឺកម្មវិធីនោះពោរពេញដោយព្រះវិញ្ញាណនៃព្រះអម្ចាស់ ។ ពិតណាស់ ព្រះអម្ចាស់បានញញឹមទាំងពេញព្រះទ័យចំពោះមនុស្សល្អទាំងនេះ ដែលបានព្យាយាមអស់ពីលទ្ធភាពដើម្បីបម្រើទ្រង់ ។ ខ្ញុំបានដឹងថា កាលពីឆ្នាំមុន មានតែប្រជាជនរវ៉ាន់ដាមួយចំនួនប៉ុណ្ណោះដែលបានចូលរួមការប្រជុំនៅទីនេះ ។ ប៉ុន្តែ ខ្ញុំបានរាប់ឃើញមានអ្នកចូលរួមច្រើនជាង 100 នាក់ គឺពួកគេពាក់កណ្ដាលជាកុមារដែលមានស្នាមញញឹមជានិច្ច ។
ឥឡូវដោយសារប្រទេសរវ៉ាន់ដាបានបើកសម្រាប់កិច្ចការផ្សព្វផ្សាយសាសនា ខ្ញុំជឿថាពួកអ្នកផ្សព្វផ្សាយសាសនានឹងទទួលបានជោគជ័យយ៉ាងធំធេង នៅពេលព្រះវិញ្ញាណបានធ្វើទីបន្ទាល់ដល់អ្នករៀនជនជាតិរវ៉ាន់ដាជាច្រើនថា សាសនាចក្រដែលបានស្ដារឡើងវិញគឺជានគរព្រះសម្រាប់ផែនដីទាំងមូល—សម្រាប់គ្រប់ទ្វីប គ្រប់ប្រជាជន និងគ្រប់កូនចៅនៃព្រះ ។ ខ្ញុំមានអំណរគុណខ្លាំងណាស់ចំពោះសាសនាចក្រ មិនថានៅកណ្ដាលឈូងសមុទ្រកាលីហ្វ័រញ៉ា ឬលើចិញ្ចើមផ្លូវធ្វើពីថ្មក្នុងអាហ្វ្រិកកណ្ដាលនោះទេ ។