២០១៣
គ្រាន់​តែ​ញញឹម ហើយ​និយាយ​ថា​ទេ
Oct 2013


គ្រាន់​តែ​ញញឹម ហើយ​និយាយ​ថា​ទេ

អ្នកនិពន្ធ​រស់​នៅ​មេត្រូ ម៉ានីឡា ប្រទេសហ្វីលីពីន ។

ខ្ញុំ​បាន​បដិសេធ​មិន​ពិសារ​សុរា ប៉ុន្តែ​ឥឡូវ​នេះ​ប្រធាន​ក្រុម​ហ៊ុន​បាន​ហុច​ស្រា​មួយ​កែវ​មក​ឲ្យ​ខ្ញុំ ។

រូបភាព
A woman being offered alcoholic drinks.

រចនា​ដោយ ស៊ូឌី ម៉ាកខូឡាន

នៅ​រដូវក្ដៅ​មួយ ខ្ញុំ​បាន​ចូល​រួម​កម្មសិក្សា​នៅ​លើ​កោះ​មួយ​ក្នុង​ប៊ីកុល ប្រទេស​ហ្វីលីពីន ។ ទេសភាព​នៃ​សមុទ្រ​មាន​ភាព​ស្រស់​ស្អាត​ណាស់ ហើយ​ខ្ញុំ​បាន​ទន្ទឹង​ចាំ​ឈរ​មើល​វា​ជា​រៀងរាល់​ព្រឹក ។

ប៉ុន្តែ​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​នៅ​ពេល​ល្ងាច ។ នោះ​ជា​ពេល​ដែល​មនុស្ស​នៅ​ក្នុង​ជំរំ​ចាប់ផ្ដើម​ផឹកសុរា និង​មាន​ពិធីជប់លៀង ។ ការ​អញ្ជើញ​ទៅ​ពិធី​បែប​នោះ​មាន​ជា​រៀងរាល់ថ្ងៃ ហើយ​មិត្ត​រួម​កម្មសិក្សា​របស់​ខ្ញុំ និង​ខ្ញុំ​ត្រូវបាន​ចូល​រួម ដោយសារ​ការ​មិន​ទៅចូលរួម​គឺ​ជា​ការ​ខ្វះ​នូវ​ការ​គោរព ។

ពិធី​ជប់លៀង​ដំបូងគឺជា​ពិធី​ជប់លៀង​ស្វាគមន៍​ដល់​ពួក​អ្នក​ចុះ​កម្មសិក្សា​ថ្មី ។ ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​នឹង​ចូលរួម ដោយសារ​ខ្ញុំ​ដឹង​យ៉ាង​ប្រាកដ​ថា ពួកគេនឹង​ហុច​ស្រា​ឲ្យ​យើង​ផឹក ហើយ​ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​បដិសេធ​យ៉ាងណា​នោះ​ទេ ។ ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​មិត្ត​ម្នាក់​ក្នុង​វួដ​របស់​ខ្ញុំ ហើយ​គាត់​បាន​ផ្ដល់ការណែនាំ​ដ៏​ល្អ​មួយ​ចំនួន​ដល់​ខ្ញុំ ដែល​ធ្វើ​ឲ្យ​មាន​ទំនុកចិត្តច្រើន​ឡើង ។

នៅ​ពេល​ពិធីជប់លៀង​នោះ​ចាប់ផ្ដើម ពួកគេហុច​ស្រា​ឲ្យ​យើង​ផឹក ប៉ុន្តែ​សំណាង​ល្អ ពួកគេ​មិន​បាន​បង្ខំ​ឲ្យ​យើង​ផឹក​ឡើយ ។ ដោយ​សារ​មិត្ត​រួម​កម្មសិក្សា​របស់​ខ្ញុំបាន​ទទួល​យក​ការ​តាំង​ចិត្ត​របស់​ខ្ញុំ​ក្នុង​ការ​មិន​ផឹក​សុរា នោះ​ការ​បដិសេធ​ចំពោះ​ការ​ហុច​ស្រា​លើក​ក្រោយ​ទៀត​គឺ​ជា​រឿង​ងាយស្រួល—រហូត​ដល់​យប់​មួយ ។ នៅ​ក្នុងពិធីជប់លៀង​មួយ ប្រធាន​ក្រុម​ហ៊ុន​បាន​មក ។ គាត់​បាន​កាន់​ស្រា ឡាំបាណក់ មួយ​ដប ( ជា​ស្រា​ក្នុង​ស្រុក​ធ្វើ​ពី​ទឹកដូង ) ។ ក្រោយ​ពី​គាត់​បាន​មក​ដល់​មិន​យូរ​ប៉ុន្មាន ខ្ញុំ​បាន​ឃើញ​គាត់​ចាក់​ស្រា ។ បន្ទាប់​មក​គាត់​បាន​និយាយ​ថា « អ្នក​ត្រូវ​រៀន​ផឹកស្រា » ហើយ​ឲ្យ​ស្រា​មួយ​កែវ​ទៅ​អ្នក​ចុះ​កម្មសិក្សា​ម្នាក់ ។ នាង​បាន​ផឹក​វា​ភ្លាម ។

បេះដួង​ខ្ញុំ​ចាប់ផ្ដើម​លោត​យ៉ាងលឿន ។ មិន​យូរ​ប៉ុន្មាន​នឹង​ដល់​វេន​ខ្ញុំ​ហើយ ។ ខ្ញុំ​បាន​និយាយ​ខ្សឹបៗ​ម្នាក់ឯង​ថា « ខ្ញុំ​នឹង​មិន​ផឹក​វា​ទេ ។ ខ្ញុំ​នឹង​មិន​ផឹក​វា​ទេ » ។ បន្ទាប់​មក​ខ្ញុំ​បានឃើញ​ប្រធាន​ក្រុម​ហ៊ុន​នោះ​​ហុច​ស្រា​មួយ​កែវ​មក​ឲ្យ​ខ្ញុំ ។ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​នោះ​ទេ ។ មិត្ត​រួម​កម្មសិក្សា​របស់​ខ្ញុំ​បាន​មើល​មុខ​ខ្ញុំ ដោយ​រង់​ចាំ​មើល​ថា តើ​ខ្ញុំ​នឹង​ធ្វើ​យ៉ាង​ដូចម្តេច ។ ខ្ញុំ​បាន​ញញឹម​ដាក់​ប្រធាន​ក្រុមហ៊ុន​នោះ ហើយ​និយាយ​ដោយ​រាបសា​ថា « សុំទោស​លោក ខ្ញុំ​មិន​ផឹក​សុរា​ទេ » ។

ខ្ញុំ​បាន​ដឹងថា​គាត់​បាន​អាក់អន់ចិត្ត ។ គាត់​បាន​សួរ​ពី​មូលហេតុដែល​ខ្ញុំ​មិន​ផឹក​ស្រា ។ ខ្ញុំ​បាន​និយាយ​ថា « ខ្ញុំ​ជា​ពួក​មរមន » ។

គាត់​បាន​និយាយ​ថា « ខ្ញុំ​ពុំ​ធ្លាប់​ឮ​ពី​សាសនា​នោះ​ទេ ។ វា​មាន​ឈ្មោះ​ដូចជា​អាហារ​មួយ​ប្រភេទ » ។ មនុស្ស​គ្រប់គ្នា​បាន​សើច ។

ខ្ញុំ​បាន​ញញឹម​ដែរ ពុំ​មែន​ដោយ​សារ​ការ​និយាយ​លេង​របស់​គាត់​ទេ ប៉ុន្តែ​គឺ​ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​បាន​ធ្វើ​រឿង​ត្រឹមត្រូវ ។

គ្មាន​នរណា​ហុច​ស្រា​ឲ្យ​ខ្ញុំ​ផឹក​ម្ដងទៀត​ឡើយ ។ ប៉ុន្តែ​ការ​សើច​ចំអក​នៅ​តែ​បន្ត​មាន រួម​ទាំង​មិត្ត​របស់​ខ្ញុំ​ផងដែរ ។ ថែមទាំង​មាន​គេ​និយាយ​ថា​ខ្ញុំ​បាន​កុហក ហើយ​ថា​វា​មិនគួរ​ឲ្យ​ជឿ​ដែល​សមាជិក​នៃ​សាសនាចក្រ​នេះ​មិនផឹក​ស្រា ។ នៅ​ពេល​នោះ​ខ្ញុំ​បាន​ទទួល​អារម្មណ៍​នូវសម្ពាធ ​ដែល​បាន​ធ្លាក់​មក​លើ​សមាជិក​នៃ​សាសនាចក្រ​នេះ ។

ការ​ស្នាក់​នៅ​របស់​ខ្ញុំ​នៅ​លើ​កោះ​នោះ​បាន​បង្រៀន​ខ្ញុំ​នូវ​មេរៀន​ជាច្រើន ពុំ​មែន​គ្រាន់តែ​ផ្នែក​សិក្សា​នោះ​ទេ ប៉ុន្តែ​ខាង​វិញ្ញាណ​ផងដែរ ។ ខ្ញុំ​បាន​រៀន​ថា ការ​សើច​ចំអក​នឹង​នៅ​បន្ត​ជានិច្ច ប៉ុន្តែ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​នឹង​ដឹកនាំ​អ្នក​ឲ្យ​ធ្វើ​រឿង​ត្រឹមត្រូវ​ជានិច្ច ។

បោះពុម្ព