២០១៣
យុវវ័យ និង​សេចក្ដី​សញ្ញា​ព្រះវិហារ​បរិសុទ្ធ
Oct 2013


យុវវ័យ និង​សេចក្ដី​សញ្ញា​ព្រះវិហារ​បរិសុទ្ធ

ជាមួយ​នឹង​ការ​បន្ថយ​អាយុ​សម្រាប់​ពួក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង នោះ​មានយុវវ័យ​ជំទង់​ចំនួន​មួយ​ម៉ឺន​នាក់​ទៀត​កំពុង​ធ្វើ​​សេចក្តីសញ្ញាពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅ​ពេល​នេះ ។

ក្នុង​នាម​ជា​អ្នក​ធ្វើ​ការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​មាន​ពរជ័យ​ដោយ​បាន​ជួប​នឹង​ពួក​មជ្ឈិម​វ័យ​វ័យ​ក្មេង​​ដែល​កំពុង​តែមក​កាន់​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ទទួល​អំណោយទាន​ពិសិដ្ឋ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ យើង​បាន​រក​ឃើញ​ថា សិក្ខាសាលា​សម្រាប់​ការ​រៀបចំ​ខ្លួន​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​បាន​ជួយ​ពួក​គេ​យ៉ាង​ច្រើន ប៉ុន្តែ​ឥទ្ធិពល​របស់​ឪពុក​ម្ដាយ និង​ពួក​អ្នក​ដឹកនាំ​សុចរិត​បាន​ដើរ​តួ​យ៉ាង​សំខាន់ នៅ​ក្នុង​ការ​ជួយ​ពួក​គេ​រៀបចំ​ខ្លួន​ធ្វើ​សេចក្ដី​សញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ក្នុង​នាម​ជា​ឪពុកម្ដាយ និង​ថ្នាក់ដឹកនាំ​ទាំងឡាយ យើង​ត្រូវ​ជួយ​យុវវ័យ​មិន​ត្រឹម​តែ​រៀបចំ​ខ្លួន​សម្រាប់​ការ​បម្រើ​បេសកកម្ម​ពេញ​ម៉ោង ដែល​មាន​រយៈពេល​តែ​ប៉ុន្មាន​ខែ​នោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​ជួយ​ពួកគេ​សម្រាប់​ការ​ធ្វើ ហើយ​រក្សា​សេចក្ដី​សញ្ញា​ព្រះវិហារ​បរិសុទ្ធ ដែលមាន​រយៈពេល​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ផង​ដែរ ។ ​ជំហាន​ទី​មួយ​អាច​ចាប់​ផ្ដើម​ពេល​នៅ​ជា​កុមារភាព ។​

ការ​រៀបចំ​ខ្លួន​កូនចៅ

ឪពុកម្ដាយ​អាច​បង្ហាញ​ដល់​កូនចៅ​របស់​ខ្លួន​ពី​សារៈសំខាន់ នៃ​ព្រះវិហារ​បរិសុទ្ធ​ដោយ​ការ​ថ្វាយ​បង្គំ នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ដោយ​ការ​ចែក​ចាយ​ទីបន្ទាល់​របស់​ពួកគេ​ពី​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ។ សូម្បី​តែ​នៅ​ក្នុង​តំបន់​ដែល​ការ​ចូល​រួម​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​ទៀងទាត់ ពុំ​ធ្វើ​ឡើង​បាន​ក្ដី ​ឪពុកម្ដាយ​ក៏អាច​បង្រៀន​កូន​ចៅ​របស់​ខ្លួន​ពី​ក្ដី​ប្រាថ្នា​ ​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ​បាន​ដែរ ។

ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ( ឆ្នាំ 1907–95 ) បាន​បង្រៀន​ដល់​ឪពុកម្ដាយ​ថា ៖ « ចូរ​យើង​ចែកចាយដល់​កូន​ចៅ​របស់​យើង​ពី​អារម្មណ៍​ខាង​វិញ្ញាណ ដែល​យើង​មាន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ហើយ​ចូរ​យើង​បង្រៀន​ពួកគេ​ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​ងាយស្រួល​ជាង​ពី​រឿង​ទាំងឡាយ ដែល​យើង​អាច​និយាយ​បាន ដោយ​សមរម្យ​អំពី​គោលបំណង​ទាំងឡាយ​នៃ​ដំណាក់​របស់​ព្រះអម្ចាស់ » ។1 កូន​ចៅ​របស់​យើង​ត្រូវ​ដឹង​ថា ព្រះវិហារ​បរិសុទ្ធ​គឺជា​ទីកន្លែង​មួយ​ដែល​យើង​បាន​ទទួល​ចម្លើយ​ចំពោះ​ការ​អធិស្ឋាន​របស់​យើង និង​ជា​ទីកន្លែង​ដែល​យើង​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ។

ឪពុកម្ដាយ​ក៏​អាច​បង្រៀន​កូន​ចៅ​របស់​ខ្លួន​ឲ្យ​សម្លឹង​ឆ្ពោះ​ទៅ​មុខ ហើយ​រស់​នៅ​ដោយ​សក្ដិសម​ចំពោះ​ការ​ប្រើ​ប័ណ្ណ​មាន​កំណត់​របស់​ខ្លួន ដែល​ពួកគេ​មាន​ឱកាស​នឹង​អាច​ទទួល​បាន នៅ​ពេល​ពួកគេ​ឈាន​ចូល​អាយុ 12 ឆ្នាំ ។ នៅ​ពេល​វេលា​បាន​មក​ដល់​សម្រាប់​យុវវ័យ​ទាំង​នេះ​ចូល​រួម នោះ​យើង​សង្កេត​ឃើញ​ពី​សេចក្ដី​អំណរ និង​មោទនភាព នៅ​ពេល​ពួកគេ​បាន​បង្ហាញ​ប័ណ្ណ​ទាំងនេះ នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ការ​រៀបចំ​ខ្លួន​យុវវ័យ

ឪពុកម្ដាយ​អាច​ជួយ​កូនចៅ​របស់​ខ្លួន​ឲ្យ​ចូល​រួម​ចំណែក​នៅ​ក្នុង​ការ​ស្រាវជ្រាវ​រក​ប្រវត្តិ​គ្រួសារ ដើម្បី​នៅ​ពេល​​ពួក​គេ​ឈាន​ចូល​អាយុ 12 ឆ្នាំ នោះ​ពួកគេ​អាចយក​ឈ្មោះ​គ្រួសារ​ទៅ​ព្រះវិហារ​បរិសុទ្ធ​បាន ។ ចំពោះ​យុវវ័យ​ដែល​បាន​ធ្វើ​ដូច្នេះ អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរនាក់​បាន​សន្យា​ថា ៖ « សេចក្ដី​ស្រឡាញ់ និង​ការ​ដឹងគុណ​របស់​អ្នក​ចំពោះ​ដូនតា​របស់​អ្នក​នឹង​កើន​ឡើង ។ ទីបន្ទាល់​ និង ការ​​ផ្លាស់​ប្រែចិត្ត​ជឿរបស់​អ្នក​ចំពោះ​ព្រះអង្គ​សង្គ្រោះនឹង​​មាន​ភាព​​ជ្រាលជ្រៅ ហើយ​ ខ្ជាប់​ខ្ជួន ។ ហើយ​ខ្ញុំ​សូម​សន្យា​ថា អ្នក​នឹង​ទទួល​ការ​ការពារ​ប្រឆាំង​នឹង​ឥទ្ធិពល​របស់មារសត្រូវ​ដែល​កំពុង​រីក​ដុះដាល » ។2

យើង​បាន​ឃើញ​បទពិសោធន៍​ជា​ច្រើន​ពី​ការ​សន្យា​នេះ​ដែល​ត្រូវ​បាន​បំពេញ ។ ថ្មីៗ​នេះ​មាន​យុវនារី​ម្នាក់​បាន​ប្រាប់​យើង​ថា បន្ទាប់​ពី​បាន​ស្រាវជ្រាវ​រក​ឈ្មោះ​ជីដូន​របស់​នាង​ នោះ​នាង​បាន​មក​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ធ្វើ​កិច្ចការ​សម្រាប់​គាត់ ។ នាង​បាន​និយាយ​ថា នៅ​ពេល​នាងបាន​ជ្រមុជ​ទឹក​ឲ្យ​គាត់ នោះ​នាង​មាន​អារម្មណ៍​មួយ​ដ៏​ច្បាស់​ថា ជីដូន​របស់​នាង​នឹង​ស្វាគមន៍​នាង​នៅ​ជីវិត​ក្រោយ ។ បទពិសោធន៍​បែប​នេះ​បានពង្រឹង​ដល់​ទីបន្ទាល់ ហើយ​ផ្ទុកនូវ​ក្ដី​ប្រាថ្នា​មួយ​ដើម្បី​ចូល​រួម​នៅ​ក្នុង​ពិធី​បរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បន្ថែម​ទៀត ។

មាន​យុវវ័យ​ជា​ច្រើន​បាន​ប្រឈម​មុខ​នឹង​ការ​ល្បួង​ឲ្យ​ស្លៀក​សំលៀក​បំពាក់ពុំ​ថ្លៃ​ថ្នូរ ។ នៅ​ពេល​ឪពុកម្ដាយ និង​ពួក​អ្នក​ដឹកនាំស្លៀក​ពាក់ស្អាត​ថ្លៃ​ថ្នូរបិទបាំង​សំលៀកបំពាក់​បរិសុទ្ធ​នោះ នោះ​យុវវ័យ​នឹង​យល់​ថា​ពួកគេ​អាច​ធ្វើ​ដូចគ្នា​នេះ​ផង​ដែរ ។ យុវវ័យ​ត្រូវ​យល់​ថា របៀបដែល​ពួកគេ​ស្លៀក​ពាក់ និង​របៀប​ដែល​ពួកគេប្រព្រឹត្តិ​ចំពោះ​រូបកាយ​ខ្លួន​អាច​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ជា​សិស្ស​របស់​ពួកគេ ។

ឪពុកម្ដាយ​អាច​ជួយ​យុវវ័យ​ឲ្យ​រៀបចំខ្លួន​ចូល​ព្រះវិហារ​បរិសុទ្ធ​ ​ដោយ​ជួយ​ពួកគេ​ឲ្យ​យល់​ពី​សេចក្ដី​សញ្ញាដែល​ពួកគេ​នឹង​ធ្វើ​នៅ​ទីនោះ ។ សេចក្ដី​សញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ​រួម​មាន​នូវ​ការ​សន្យា​ដើម្បី « រក្សា​ក្រឹត្យវិន័យ​នៃ​គុណធម៌ និង​ព្រហ្មចារីភាព​ដ៏តឹងរឹង មាន​សេចក្ដី​សប្បុរស ចិត្ត​មេត្តា អត់ឱន ហើយ​បរិសុទ្ធ ។ ត្រូវ​លះបង់​ទាំង​ទេពកោសល្យ និង​សម្ភារ​ដើម្បី​ផ្សាយ​សេចក្ដី​ពិត និង​​ការ​លើក​ស្ទួយ​ដល់ [ គ្រួសារ​មនុស្ស ] ត្រូវ​បន្ត​លះបង់​ចំពោះ​បុព្វហេតុ​នៃ​សេចក្ដី​ពិត ហើយ​ស្វែង​រក​គ្រប់​មធ្យោបាយ​ ​ដើម្បី​ចូល​រួម​ចំណែក​នៅ​ក្នុង​ការ​រៀប​ចំ​ខ្លួន​ដ៏​ធំ ដើម្បី​ឲ្យ​ផែនដី​អាច​រៀបចំ​ខ្លួន​ជា​ស្រេច​ទទួលស្តេច​របស់​ខ្លួន—ជា​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ » ។3 ឪពុកម្ដាយ​អាច​ថ្លែង​ទីបន្ទាល់​ថា យុវវ័​យ​នឹង​ទទួល​ពរជ័យ​ដ៏​អស្ចារ្យ​ផ្ទាល់​ខ្លួន​​ នៅ​ក្នុង​ជីវិត​របស់​ពួកគេ ដរាប​ណា​ពួកគេ​រក្សា​សេចក្ដី​សញ្ញា​ទាំងនេះ ហើយ​សេចក្ដី​សញ្ញា​ទាំងនេះ​នឹង​កាន់តែ​មាន​អត្ថន័យ​ច្រើន​ថែម​ទៀត ​ចំពោះ​យុវវ័យ ពេល​ឪពុកម្ដាយ​របស់​ពួកគេ​ជួយ​ពួកគេ​ឲ្យ​យល់​ដឹង​ថា ទាំង​ពរជ័យ​ និង​ សេចក្ដី​សញ្ញា​គឺ​អាច​កើត​មាន​តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

មាន​របៀប​ជាច្រើន​ដែល​យើង​អាច​ជួយ​រៀបចំ​កូនចៅ និង​យុវវ័យ​របស់​យើង ដើម្បី​ទទួល​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ កាល​ណា​ពួកគេ​រៀបចំ​ខ្លួន​បាន​កាន់​តែ​ច្រើន នោះ​ពួកគេ​នឹង​មាន​សេចក្ដី​សុខសាន្ត ហើយ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ព្រម​ទាំង​អាច​មាន​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ​កាន់​តែ​ច្រើន នៅ​ពេល​ពួកគេ​ទទួល​អំណោយ​ទាន​ពិសិដ្ឋ​របស់​ពួកគេ​នោះ ។ បទពិសោធន៍​ល្អ​មួយ​ពី​ព្រះវិហារ​បរិសុទ្ធ​ដែលនឹង​ធ្វើ​ឲ្យ​ពួកគេតាំង​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង ​ដើម្បី​ធ្វើ​ជា​សិស្ស​នៃ​ព្រះគ្រីស្ទ និង​ជា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ឆ្នើម—ដែល​បាន​ទទួល​ការ​លើក​ទឹកចិត្ត​ដើម្បី​ជួយ​មនុស្ស​ដែល​ពួកគេ​បង្រៀន​ ដើម្បី​ទទួល​ពិធី​ពិសិដ្ឋ​ផ្ទាល់​ខ្លួន​​របស់​ពួកគេ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

កំណត់​ចំណាំ

  1. ហាវើដ ដបុលយូ ហឹនធើរ « Follow the Son of God » Ensign ខែ វិច្ឆិកា ឆ្នាំ 1994 ទំព័រ 88 ។

  2. ដេវីឌ អេ បែដណា « The Hearts of the Children Shall Turn » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 26–27 ។

  3. ជេម អ៊ិ ថាល់មេហ្គ នៅ​ក្នុង​ Preparing to Enter the Holy Temple ( ឆ្នាំ​2002 ) ទំព័រ 34–35 ។

រចនា​ដោយ ស្ទីវ ក្រប