តើអ្វីទៅនាំអ្នកមកកាន់រ៉េកស្ប៊ឺគ ?
សាន់ដ្រា រ៉ាស់ អៃដាហូ ស.រ.អា.
បន្ទាប់ពីបានរស់នៅជាច្រើនទសវត្ស នៅទីកន្លែងដែលមិនសូវមានសមាជិកសាសនាចក្រ ស្វាមីខ្ញុំ និងខ្ញុំបានផ្លាស់ទៅនៅទីក្រុងរ៉េកស្ប៊ឺក រដ្ឋអៃដាហូ ស.រ.អា. ដែលមានគ្រួសារពីរប៉ុណ្ណោះដែលពុំមែនជាសមាជិក ។ វាគឺជាជោគវាសនារបស់យើងដែលបានរស់នៅក្បែរគ្រួសារ មួយក្នុងចំណោមគ្រួសារទាំងពីរនោះ ។
ឪពុកកំពុងកាត់ស្មៅជាលើកទីមួយនៅពេលយើងបានបើកចូលក្នុងកន្លែងចតឡានរបស់យើង ។ ស្វាមីរបស់ខ្ញុំ និងខ្ញុំបានដើរកាត់វាលស្មៅនៅមុខផ្ទះរបស់យើងដើម្បីទៅស្គាល់គាត់ ។ នៅពេលខ្ញុំបានលូកដៃរបស់ខ្ញុំ ខ្ញុំបានសួរថា « តើអ្វីទៅនាំអ្នកមកកាន់រ៉េកស្ប៊ឺគ ? »
គាត់បានតបថា « ការងាររបស់ខ្ញុំ—ហើយយើងបានស្រាវជ្រាវជាពិសេសពីទីក្រុងមួយដែលត្រូវការណែនាំឲ្យស្គាល់ពីព្រះគ្រីស្ទ » ។
ខ្ញុំមានអារម្មណ៍ថា ដូចជាគេយកទឹកត្រជាក់មួយធុងមកជះលើមុខដូច្នោះដែរ ប៉ុន្តែខ្ញុំនៅតែញញឹម ។ នៅពេលនោះ ខ្ញុំបានតាំងចិត្តថា ទោះជាអ្នកជិតខាងយើងនិយាយ ឬធ្វើអ្វីក៏ដោយ យើងនឹងធ្វើជាអ្នកជិតខាងដ៏ល្អបំផុត ដែលគ្រួសារនោះពុំធ្លាប់មានពីមុនមក ។ យើងនឹងព្យាយាមឆ្លើយតបនូវរាល់ការសន្ទនាជាមួយនឹងពួកគេតាមរបៀបរាក់ទាក់ ដោយក្ដីស្រឡាញ់ ហើយសមហេតុសមផល ដូចជាព្រះអង្គសង្គ្រោះ ។
លុះប្រាំបីឆ្នាំក្រោយមក បាននាំមកនូវការចែករំលែកសកម្មភាពជាច្រើនរវាងគ្រួសាររបស់យើង ។ ម្ដាយក្នុងគ្រួសារនោះត្រូវបានអញ្ជើញ ហើយបានចូលរួមនៅក្នុងសកម្មភាពសមាគមសង្គ្រោះ ។ គាត់បានអញ្ជើញខ្ញុំ និងអ្នកជិតខាងជាពួកបរិសុទ្ធថ្ងៃចុងក្រោយជាច្រើននាក់ទៀតទៅសកម្មភាពស្ត្រីជាគ្រីស្ទានដែលឧបត្ថម្ភដោយព្រះវិហាររបស់គាត់ ។ ស្វាមីខ្ញុំ និងខ្ញុំត្រូវបានអញ្ជើញទៅការរាំរបាំ និងការប្រគុំព្យាណូរបស់កូនៗពួកគេ ។ គ្រួសារពួកគេត្រូវបានរួមបញ្ចូលនៅក្នុងពិធីជប់លៀងរបស់អ្នកជិតខាង ។ ហើយយើងបានទទួលទូរស័ព្ទពីកូនច្បងរបស់ពួកគេ នៅពេលពួកគេត្រូវការយាន្តជំនិះត្រឡប់ពីធ្វើការវិញ ដោយសារតែពុំអាចទាក់ទងឪពុកម្ដាយបាន ។
ឪពុកម្ដាយនៃគ្រួសារនោះបានព្រួយបារម្ភថាកូនៗរបស់ពួកគេ ប្រហែលជាចាប់ផ្ដើមចូលចិត្តពួកបរិសុទ្ធថ្ងៃចុងក្រោយខ្លាំងពេក ដូច្នេះពួកគេពុំបានអនុញ្ញាតឲ្យកូនប្រុសពួកគេចូលរួមក្នុងកម្មវិធីក្រុមកាយរឹទ្ធិប្រចាំវួដរបស់យើងឡើយ ។ ប៉ុន្តែផ្ទះរបស់យើងត្រូវបានចាត់ទុកថា ជាទីកន្លែងមួយដែលមានសុវត្ថិភាព ដែលពួកគេអនុញ្ញាតឲ្យកូនមកលេងពេលដែលចៅៗរបស់យើងបានមកលេង ។
គ្រប់ពេលអ្នកជិតខាងរបស់យើងបានព្យាយាមជួយយើងឲ្យមើលឃើញថា « ផ្លូវដែលយើងកំពុងដើរគឺខុស » យើងបានរំឭកពួកគេថាយើងមានការគោរពជាខ្លាំងចំពោះជំនឿរបស់ពួកគេ និង របៀបដែលពួកគេបានរស់នៅ ហើយចិញ្ចឹមបីបាច់កូនៗរបស់ពួកគេ ។ បន្ទាប់មកយើងបានបន្ថែមថា យើងសង្ឃឹមថានឹងមានការគោរពដូចគ្នាចំពោះជំនឿរបស់យើង ដែលវាក៏ផ្ដោតសំខាន់លើការបង្រៀនរបស់ព្រះអង្គសង្គ្រោះដែរ ។
នៅពេលស្ត្រីជាម្ដាយបានព្យាយាមប្រើភាពខុសប្លែកពីគ្នានៅក្នុងជំនឿរបស់យើងដើម្បីបង្ហាញឲ្យឃើញថាពួកគេខុសពីយើងដោយប្រកាសថា ពួកបរិសុទ្ធថ្ងៃចុងក្រោយជឿលើ « ព្រះយេស៊ូវផ្សេង » នោះខ្ញុំបានរំឭកដល់គាត់ថា យើងទាំងពីរនាក់ជឿថាទ្រង់ជាអង្គដ៏ពិសិដ្ឋ ហើយជាព្រះរាជបុត្រាសំណប់នៃព្រះ ។ នៅទីបំផុត គាត់ និងខ្ញុំបានរីករាយនឹងទំនាក់ទំនងដ៏កក់ក្ដៅ ហើយប្រកបដោយមិត្តភាព ។
គ្រួសារពួកគេបានផ្លាស់ប្ដូរទីលំនៅដោយពុំបានចូលរួមក្នុងសាសនាចក្រឡើយ ។ ប៉ុន្តែប្រសិនបើពួកគេអាចនិយាយថា « យើងបានរស់នៅក្នុងចំណោមពួកមរមន ពួកគេជាមនុស្សល្អ ហើយមានការគោរពដោយចិត្តស្មោះ » នោះខ្ញុំអារម្មណ៍ថាយើងបានទទួលជោគជ័យ នៅក្នុងការធ្វើជាអ្នកជិតខាងល្អ និងនៅក្នុងការជួយពួកគេឲ្យមានការបើកទូលាយ ហើយយុត្តិធម៌នៅក្នុងការវាយតម្លៃរបស់ពួកគេចំពោះពួកបរិសុទ្ធថ្ងៃចុងក្រោយ ។