លុះត្រាជួបទៀត
ខ្ញុំប្រើពាក្យជេរប្រមាថ …
ការប្រើពាក្យប្រមាថនៅជាប់នឹងមាត់របស់ខ្ញុំស្អិតដូចជារុក្ខជាតិដែលនៅជាប់នឹងរោមឆ្កែដូច្នោះដែរ ។
ទឹកមុខរបស់ម្ដាយរបស់ខ្ញុំធ្វើឲ្យខ្ញុំខូចចិត្ត ។ ភ្ញាក់ផ្អើល ។ ស្រងាកចិត្ត ។ ខកបំណង ។ អារម្មណ៍ទាំងនេះបានឃើញ នៅក្នុងកែវភ្នែកទាំងពីររបស់គាត់ រួចហើយបានរួមបញ្ចូលគ្នាទៅជាអារម្មណ៍មួយនៃ—ការលាក់ពុត ។
ថ្វីបើគាត់បង្រៀនខ្ញុំអស់រយៈពេល 15 ឆ្នាំដើម្បីគោរពដល់ព្រះវរបិតាសួគ៌ទាំងពាក្យសម្ដី និងកិរិយាក្ដី ក៏ខ្ញុំនៅតែអនុញ្ញាតឲ្យមានពាក្យមិនសមរម្យដ៏ជាក់លាក់មួយរបូតចេញពីបបូរមាត់របស់ខ្ញុំដែរ ។
ខ្ញុំពុំមែនចង់ប្រើពាក្យប្រមាថនោះទេ ។ ពីមុនឆ្នាំនោះ ខ្ញុំពុំធ្លាប់ប្រើភាសាអាក្រក់ឡើយ ។ ប៉ុន្តែនៅរដូវក្ដៅនោះ ខ្ញុំបានធ្វើការនៅនាយកដ្ឋាននេសាទរបស់យូថាហ៍ ហើយយកទម្លាប់នោះពីក្មេងប្រុសផ្សេងទៀតដែលធ្វើការជាមួយខ្ញុំ ។
ការងារចម្បងរបស់យើងគឺកាត់រុក្ខជាតិម្យ៉ាងឈ្មោះប៊ឺដក់ចេញពីផ្លូវ ។ យើងបានសម្រេចចិត្តភ្លាមថារុក្ខជាតិ Arctium minus ជាប្រភេទស្មៅចង្រៃ ។ វាដុះពាសពេញគ្រប់ទីកន្លែង ហើយវាបំផ្លាញដល់រុក្ខជាតិផ្សេងទៀតដែរ ។ វាស្អិតជាប់នឹងអ្វីក៏ដោយដែលនៅជិតវា ។
ដោយមានប៉ែលនៅក្នុងដៃ យើងបានបំផ្លាញវាពេញមួយរដូវក្ដៅរហូតដល់អស់កម្លាំង—ហើយប្រើពាក្យមិនល្អ ។ ដំបូងខ្ញុំមិនចូលចិត្តពាក្យសម្ដីរបស់មិត្តរួមការងារទេ ។ ក្រោយមក ខ្ញុំបានអត់ធ្មត់នឹងវា ។ ទីបំផុត ខ្ញុំបានប្រើវា ។ លុះដល់ចុងរដូវក្ដៅនោះ ការប្រើពាក្យប្រមាថនៅជាប់នឹងមាត់របស់ខ្ញុំស្អិតដូចជារុក្ខជាតិដែលនៅជាប់នឹងរោមឆ្កែដូច្នោះដែរ ។
ប៉ុន្តែ ប្រតិកម្មរបស់ម្ដាយខ្ញុំចំពោះពាក្យសម្ដីខ្ញុំ បានធ្វើឲ្យខ្ញុំជឿថា ខ្ញុំត្រូវតែផ្លាស់ប្ដូរ ។
វាមិនងាយនោះទេ ។ ការប្រើពាក្យប្រមាថពុំមែនគ្រាន់តែជាពាក្យជម្រើសមួយនោះទេ ។ វាក៏ជាគន្លងនៃការគិតផងដែរ ។ ការសន្ទនាដែលយើងអនុញ្ញាតឲ្យចូលមកក្នុងជីវិតយើង ពាក្យដែលយើងអាន និងរូបភាពដែលយើងមើលវាតាក់តែងនូវគំនិតរបស់យើង ។ មិនយូរប៉ុន្មានខ្ញុំបានដឹងថា ខ្ញុំត្រូវតែផ្លាស់ប្ដូរនូវអ្វីដែលខ្ញុំបានអញ្ជើញឲ្យចូលមកក្នុងគំនិតរបស់ខ្ញុំ ប្រសិនបើខ្ញុំចង់ផ្លាស់ប្ដូរពាក្យសម្ដីដែលខ្ញុំប្រើ ។
ជាភ័ព្វសំណាងល្អ ខ្ញុំនៅសកម្មក្នុងការចូលរួមព្រះវិហារ និងថ្នាក់សិក្ខាសាលា ។ ការប្រើពាក្យប្រមាថបានបំផ្លាញនូវគំនិតល្អៗ ប៉ុន្តែការស្ថិតនៅក្នុងមជ្ឈដ្ឋានមួយដែលលើកកម្ពស់ដល់គំនិតល្អទាំងនោះបានអនុញ្ញាតឲ្យវាចាក់ឫសជាថ្មីម្ដងទៀត ។ ខ្ញុំបានផ្ដោតលើការអានព្រះគម្ពីររាល់ថ្ងៃ និងការអធិស្ឋាន ។ ខ្ញុំជៀសឆ្ងាយពីខ្សែវីដេអូ និងកម្មវិធីទូរទស្សន៍ដែលបង្កើតគំនិតមិនល្អនោះឡើងវិញ ។
បន្តិចម្ដងៗ ខ្ញុំបានរកឃើញថាពាក្យសម្ដីរបស់ខ្ញុំមានការកែលំអរ ។ លុះដល់ចុងឆ្នាំ ខ្ញុំលែងមានទម្លាប់ប្រើពាក្យជេប្រមាថទៀតហើយ ។
តាំងពីមានបទពិសោធន៍នោះមក ខ្ញុំបានរៀនយ៉ាងច្រើនពីអំណាចនៃពាក្យសម្ដី ។ ពាក្យសម្ដីអាចបង្កើត ឬបំផ្លាញ ។ វាអាចធ្វើឲ្យឈឺចាប់ ឬវាអាចព្យាបាល ។ វាអាចធ្វើឲ្យមនុស្សខូចចិត្ត ឬវាអាចបណ្ដុះគ្រាប់ពូជនៃសេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់ ។
ខ្ញុំបានរកឃើញថាវាគួរឲ្យចាប់អារម្មណ៍ ដែលព្រះអង្គសង្គ្រោះ ជាព្រះបង្កបង្កើតស្ថានសួគ៌ និងផែនដី មានបន្ទូលពីពាក្យសម្ដី ( សូមមើល យ៉ូហាន 1:1–4, គ. និង ស. 93:6–11 ) ។
ខ្ញុំបានរៀនថាការប្រើពាក្យប្រមាថមានទាំងអត្ថន័យវិជ្ជមាន និងអវិជ្ជមានផងដែរ ។ យើងស្បថដើម្បីប្រាប់ពីសេចក្ដីពិតក្នុងតុលាការ ។ យើងសន្យា ឬស្បថ ដើម្បីគោរពព្រះបញ្ញតិ្តរបស់ព្រះ ពេលយើងជ្រមុជទឹក ។ ស្រដៀងគ្នានេះដែរ យើងធ្វើការសន្យាពិសិដ្ឋ ដើម្បីរក្សាសេចក្ដីសញ្ញាក្នុងព្រះវិហារបរិសុទ្ធ ដើម្បីទទួលបានពរជ័យដ៏ធំបំផុតរបស់ព្រះវរបិតាសួគ៌ ។
សរុបទៅគឺថា ៖ យើងប្រែក្លាយដូចជាព្រះបន្ទូលពេលពាក្យសម្ដីរបស់យើងគោរពទ្រង់ ហើយបង្ហាញពីសិរីល្អរបស់ទ្រង់ ។