២០១៣
ការ​ជួយ​ដល់​វ៉ៃអូឡែត
Oct 2013


ការ​ជួយ ដល់​វីយ៉ូឡែត

« ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង » ( ម៉ាកុស 12:31 ) ។

តើ​អិមម៉ា​អាច​ធ្វើ​ល្អ​យ៉ាង​ណា បើ​វីយ៉ូឡែត​កាច​យ៉ាង​នេះ​នោះ ?

អិមម៉ា​បានចាប់​ដៃ​កាបូប​ស្ពាយ​របស់​នាងយ៉ាងណែន​ នៅ​ពេល​នាង​ដើរ​ចូល​ទៅ​ក្នុង​ថ្នាក់​រៀន​ថ្មី​របស់​នាង ។ វា​ជា​ថ្ងៃ​ដំបូង​របស់​នាង​នៅ​ឯ​សាលា ។ នាង​បាន​ពាក់​ខោអាវ​សំណប់​ចិត្ត​របស់​​នាង ហើយ​ម្ដាយ​នាង​ដាក់​នំ​ឆ្ងាញ់​ឲ្យ​នាង​សម្រាប់​អាហារ​ថ្ងៃ​ត្រង់—គឺ​នំប្រៃ​រូបសត្វ ។

អិមម៉ា​គិត​ក្នុង​ចិត្ត​ថា « ថ្ងៃ​នេះ​ពិត​ជា​ល្អ​មិន​ខាន » ។ « ដរាបណា—»

អិមម៉ា​ឈប់ ហើយ​សម្លឹង​មើល​នៅក្នុង​ថ្នាក់ ។ នាង​នៅ​ទីនោះ ។ វីយ៉ូឡែត ។

ឆ្នាំមុន វីយ៉ូឡែត​បាន​លេង​លើ​ទោង​តោង​តែ​ឯង​នៅ​គ្រប់​ពេលចេញលេង ។ នាង​បានប្រើពាក្យសំដីមិនល្អដាក់ ​​អិមម៉ា ។ នាង​ថែម​ទាំង​ដុកដាន់​​មិត្ត​ជិតសិទ្ធិ​របស់​អិមម៉ា​ទៀត​ផង !

វីយ៉ូឡែត​បាន​ឃើញ​អិមម៉ា ហើយ​បាន​លៀន​អណ្ដាត​ដាក់ ។ អិមម៉ា​បាន​សម្លក់​ដាក់​វិញ ដោយ​ក្ដាប់​ដៃ​កាបូប​យួរ​របស់​នាង​កាន់​តែ​ខ្លាំង ។ កាល​ពីឆ្នាំ​មុន វីយ៉ូឡែត​មិន​បាន​រាប់​អាន​នាង​ទេ ពេញ​មួយ​ឆ្នាំ ហើយ​ឆ្នាំ​នេះក៏​​​ប្រហែល​ជា​ដូចគ្នា​ផង​ដែរ ។

« ស្វាគមន៍​ឆ្នាំ​ថ្មី សិស្ស​ទាំងអស់​គ្នា ! » អ្នកគ្រូ ខុលវ៉េល បាន​និយាយ​ពី​ខាង​មុខ​ថ្នាក់​មក ។ « ចូរ​យើង​ចាត់​តាំងកន្លែង​អង្គុយ » ។

តុ​ត្រូវបាន​តម្រៀប​ជា​គូៗ ជាជួរ​នៅ​ក្នុង​ថ្នាក់ ។ អ្នកគ្រូ ខុល​វ៉េលបាន​រាប់តាម​ជួរ រួចហើយ​គាត់​បាន​ចង្អុយ​ទៅ​តុ​ពីរ​នៅ​ខាង​ក្រោយ ។ « អិមម៉ា ។ ប្អូន​ត្រូវ​អង្គុយ​នៅ​ខាង​ក្រោយ​នោះ » ។

អិមម៉ា​បាន​អង្គុយ​ចុះ​នៅ​ត្រង់​តុ​មួយ​នៅ​ខាង​ក្រោយ​នោះ ។ នាង​សង្ឃឹម​ថា លីសេល​ នឹង​បាន​អង្គុយ​ក្បែរ​នាង ។ ឬ​ ជេមី ។ ឬ—

« វីយ៉ូឡែត » ។

អិមម៉ា​ក៏​ងើប​មុខ​ឡើង​ភ្លាម ។ តើ​នាង​បាន​ស្ដាប់ឮត្រូវ​មែន​ទេ ?

មែនហើយ ។ គ្រូ ខុលវ៉េល កំពុង​ចង្អុល​តុ​នៅ​ក្បែរ​នាង ។ គាត់​បាន​និយាយ​ថា « វីយ៉ូឡែត ប្អូនត្រូវ​អង្គុយ​ក្បែរ​អិមម៉ា » ។

វីយ៉ូឡែត​បាន​ដើរ​សំដៅ​ទៅ​អិមម៉ា​ទាំង​ចង​ចិញ្ចើម ។ អិមម៉ា​បាន​ក្រាប​មុខ​ចុះ ហើយ​សម្លឹង​មើល​ទៅ​ជញ្ជាំង ។ វា​នឹង​ជា​ឆ្នាំ​ ​ដ៏​យូរអង្វែងមួយ ។

នៅ​ម៉ោងចំណោទ អ្នក​គ្រូខុលវ៉េល​បាន​សរសេរ​ចំណោទ​មួយ​ចំនួន​នៅ​លើ​ក្ដារ​ខៀន​សម្រាប់​ឲ្យ​សិស្ស​ដោះស្រាយ ។ គាត់​បាន​និយាយ​ថា​ « ប្អូន​ទាំង​អស់​គ្នា​អាច​ធ្វើ​ម្នាក់​ឯង ឬ ជាមួយ​នឹង​មិត្ត​នៅ​ក្បែ​រប្អូន » ។

រំពេច​នោះ​អិមម៉ា​បាន​ពោប​លើ​ក្រដាស​របស់​នាង ដោយ​ធ្វើ​ពុត​ដូច​ជា​នាង​រវល់​ធ្វើ​លំហាត់ ។ ចំណោទ​ទាំងនោះ​ងាយ​ណាស់ ។ នាង​កំពុងតែ​ព្យាយាម​គេច​វេស​ពី​វីយ៉ូឡែត ។ ពេញ​មួយ​ព្រឹក​នាង​មិន​បាន​មើល​មុខ​វីយ៉ូឡែត​ម្ដង​ណា​សោះ ។

មាន​អ្វី​មួយ​មក​កេះ​ស្មារ​របស់​នាង ។ មាន​អារម្មណ៍​ថា​ដូចជា​ខ្មៅ​ដៃ​មួយ ។ អិមម៉ា​ធ្វើ​មិន​ដឹង ។

កេះ​ម្ដង​ទៀត ។ គឺ​វីយ៉ូឡែត​កំពុង​កេះ​នាង ! អិមម៉ា​បាន​បន្ត​ធ្វើ​លំហាត់​ទាំង​ចិត្ត​មានះ ។

ការ​កេះ​ជា​លើក​ទីបី​របស់​វីយ៉ូឡែត​វា​ល្មម​ធ្វើ​ឲ្យ​នាង​ឈឺចាប់ ។ អិមម៉ា​មាន​អារម្មណ៍​ពុះ​កញ្ជ្រោល​ក្នុង​ចិត្ត​នាង ។ តើ​ពេញ​មួយ​ឆ្នាំ​នឹង​មាន​សភាព​បែប​នេះ​ឬ ? នាង​បាន​គិត​ចង់​លើក​ដៃ​នាង​ប្រាប់​អ្នក​គ្រូ ខុលវ៉េល ។ ឬ ប្រហែល​នាង​គ្រាន់​តែ​សម្លក់ដាក់​វីយ៉ូឡែត​ម្ដងទៀត ។

រួច​អិមម៉ា​បាន​ឮ​សំឡេង​យំខ្សឹកខ្សួល ។ តើ​មាន​នរណា​ម្នាក់​យំ​មែនទេ ? ខ្មៅដៃ​នោះ​បាន​កេះ​នាង​ម្ដងទៀត ។ នាង​បាន​ងាក​មើល ហើយ​ឃើញ​វីយ៉ូឡែត​កំពុង​សម្លឹង​មុខ​នាង ។ នាង​កាន់​ខ្មៅ​ដៃ ហើយ​ភ្នែក​នាង​ពេញ​ដោយ​ទឹក​ភ្នែក ។ លើ​ក្រដាស​របស់​នាង​សុទ្ធ​តែ​ស្នាម​លុប ។

វីយ៉ូឡែត​បាន​មួល​ខ្មៅដៃ​នោះ​ចុះ​ឡើង ។ « តើ​ឯង​អាច​ជួយខ្ញុំ​បាន​ទេ ? » នាង​សួរ​ដោយ​ស្ងាត់ៗ ។

អិមម៉ា​មើល​មុខ​នាង​មួយ​ភ្លែត ដោយ​ចិត្ត​ភ្ញាក់​ផ្អើល ។ វីយ៉ូឡែត​ចង់ឲ្យ​នាង​ជួយ​មែន​ទេ ? បន្ទាប់​ពី​អំពើអាក្រក់​ដែល​នាង​តែង​ធ្វើ​មែន​ទេ ? អិមម៉ា​បាន​ងាក​មុខ​ចេញ​ទៅមើលក្រដាសនាងវិញ ។ វីយ៉ូឡែត​អាច​ធ្វើ​វា​តែ​ម្នាក់​ឯង ។ នាង​មិន​​សម​នឹង​ទទួល​បាន​ជំនួយ​របស់​អិមម៉ា​ទេ ទោះបី​នាង​ជា …

…អ្នក​ជិត​ខាង​របស់​អិមម៉ា​ក្ដី​ឬ ?

អិមម៉ា​បាន​មើល​ទៅ​មុខ​ដោយ​ស្ងៀម​ស្ងាត់ ។ នាង​បាន​ឮ​វីយ៉ូឡែត​យំ​ខ្សឹបខ្សួល​ក្បែរ​នាង ។ ព្រះគម្ពីរ​តែង​ចែង​ថា ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​នាង—ប៉ុន្តែ​វីយ៉ូឡែត ផ្ទុយពី​កុមារ​ផ្សេង​ទៀត ! អិមម៉ាគ្រាន់តែ​ជា​មនុស្ស​​ម្នាក់​ដែល​អង្គុយ​ក្បែរ​នាង​ក្នុង​ថ្នាក់​តែ​ប៉ុណ្ណោះ !

អិមម៉ា​បាន​ងាក​ទៅ​ធ្វើ​កិច្ចការ​របស់​នាង​វិញ ។ បន្ទាប់​មក​នាង​បាន​ឈប់ ។ ប្រហែល​ជា​វីយ៉ូឡែត​ពុំ​មែន​ខុស​ប្លែក​នោះ​ទេ ។ ប្រហែល​ជា​ពេល​ដែល​ព្រះគម្ពីរ​ចែង​ថា ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក គឺ​មាន​ន័យ​ថា​គឺ​សម្រាប់​មនុស្ស​គ្រប់​រូប ។ សូម្បី​តែ​មនុស្ស​ម្នាក់​ដែល​អាក្រក់​ក្ដី ។ ទោះ​វាជា​រឿង​លំបាកក៏ដោយ ។

អិមម៉ា​បាន​ដក​ដង្ហើម ហើយ​ដាក់​ខ្មៅដៃ​របស់​នាង​ចុះ​យឺតៗ ។ នាង​បាន​ងាក​ទៅ​វីយ៉ូឡែត ហើយ​ព្យាយាម​ញញឹម​ដាក់​នាង ។ « តើ​ខ្ញុំ​អាច​ជួយ​ឯង​បាន​ទេ ? » នាង​បាន​សួរ ។

វីយ៉ូឡែត​បាន​ងក់ក្បាល ដោយ​យក​ដៃ​ជូត​ទឹក​ភ្នែក​របស់​នាង ។

អិមម៉ា​បាន​ខិត​ទៅ​ជិត​ក្រដាស​របស់​វីយ៉ូឡែត ហើយ​បាន​ចាប់​ផ្ដើម​ជួយ​ធ្វើ​ចំណោទ​ទី​មួយ ។ នាង​បាន​មាន​អារម្មណ៍​កក់ក្ដៅ​ក្នុង​ចិត្ត​រួច​ទៅ​ហើយ ។ នាង​ចង់​ដឹង​ថា តើ​វីយ៉ូឡែត​ចូលចិត្ត​នំប្រៃ​រូបសត្វ​ដែរ​ទេ ។

រចនា​ដោយ ប្រាដ ធាព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ដោយ ឌេល ផាសុន © IRI