តើអ្វីខ្លះដែលខ្ញុំត្រូវសារភាពនឹងប៊ីស្សពរបស់ខ្ញុំ ? ហេតុអ្វី ?
ការជួយអ្នកឲ្យប្រែចិត្តគឺជាផ្នែកមួយដ៏សំខាន់នៃការហៅរបស់ប៊ីស្សព ។ សតិសម្បជញ្ញៈរបស់អ្នកនឹងប្រាប់អ្នក នៅពេលអ្នកត្រូវការនិយាយនឹងគាត់ ។
អ្នកប្រហែលជាងឿងឆ្ងល់ថា ហេតុអ្វីបានអ្នកត្រូវបានបង្រៀនឲ្យសារភាពនឹងប៊ីស្សព ឬប្រធានសាខារបស់អ្នក នៅពេលអ្នកប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ ។ អ្នកប្រហែលនិយាយនឹងខ្លួនឯងថា « តើការប្រែចិត្តពុំមែនជារឿងផ្ទាល់ខ្លួនរវាងខ្ញុំ និងព្រះអម្ចាស់ទេឬ ? ប្រសិនបើខ្ញុំបញ្ឈប់ឥរិយាបថខុសឆ្គងរបស់ខ្ញុំ ហើយសារភាពចំពោះព្រះ ហេតុអ្វីខ្ញុំត្រូវនិយាយនឹងប៊ីស្សពរបស់ខ្ញុំ ? »
ហេតុអ្វីជាប៊ីស្សព តែមិនមែនមនុស្សម្នាក់ណាផ្សេងទៀតទៅវិញ ?
យុវវ័យជាច្រើនមានអារម្មណ៍សុខស្រួលក្នុងចិត្តជាង ដោយសារភាពកំហុសពួកគេទៅឪពុកម្ដាយ របស់ពួកគេ ឬពួកអ្នកដឹកនាំយុវវ័យ ។ ទោះជាឪពុកម្ដាយ និងពួកអ្នកដឹកនាំរបស់អ្នកអាចផ្ដល់ការគាំទ្រ និងការទូន្មានចាំបាច់ក្ដី តែព្រះអម្ចាស់បានប្រកាសថា ប៊ីស្សពគឺជាចៅក្រមទូទៅនៃអ៊ីស្រាអែល ( សូមមើល គ. និង ស. 107:72, 74 ) ។ គាត់មានទំនួលខុសត្រូវដើម្បីកំណត់ពីភាពសក្ដិសមរបស់សមាជិកក្នុងវួដរបស់គាត់ ។ តាមរយៈការតែងតាំង និងការរស់នៅដោយសុចរិត ប៊ីស្សពមានសិទ្ធិទទួលវិវរណៈពីព្រះវិញ្ញាណបរិសុទ្ធ ស្ដីពីសមាជិកក្នុងវួដរបស់គាត់ រួមទាំងអ្នកផងដែរ ។
ប៊ីស្សពអាចជួយអ្នកនៅក្នុងដំណើរការនៃការប្រែចិត្តតាមរបៀបដែលឪពុកម្ដាយ ឬអ្នកដឹកនាំរបស់អ្នកផ្សេងទៀតមិនអាចធ្វើបាន ។ ប្រសិនបើអំពើបាបនោះធ្ងន់ធ្ងរល្មមគ្រប់គ្រាន់ គាត់អាចកំណត់ថាឯកសិទ្ធិរបស់អ្នកនៅក្នុងសាសនាចក្រគួរត្រូវបានរឹតបន្តឹង ។ ឧទាហរណ៍ ជាផ្នែកមួយនៃដំណើរការប្រែចិត្តរបស់អ្នក គាត់អាចសុំឲ្យអ្នកផ្អាកទទួលទានសាក្រាម៉ង់ ឬអនុវត្តបព្វជិតភាពមួយរយៈពេល ។ គាត់នឹងធ្វើការជាមួយអ្នក ហើយកំណត់ពីពេលវេលាដែលអ្នកអាចមានភាពសក្ដិសមជាថ្មី ដើម្បីបន្តសកម្មភាពពិសិដ្ឋទាំងនោះវិញ ។
ប៊ីស្សពរបស់អ្នកនឹងទូន្មានអ្នកពីអ្វីដែលអ្នកធ្វើ ដើម្បីពង្រឹងដល់សមត្ថភាពរបស់អ្នក នៅក្នុងការការពារដល់ការល្បួង ។ គាត់អាចលើកទឹកចិត្តអ្នកឲ្យសិក្សាប្រធានបទគោលលទ្ធិមួយ ដូចជាការប្រែចិត្ត រួចហើយចែកចាយនឹងគាត់ពីអ្វីដែលអ្នកបានរៀន ។ គាត់អាចសុំឲ្យអ្នកជួបនឹងគាត់រាល់សប្ដាហ៍ ដើម្បីរាយការណ៍ថាតើអ្នកមានសុខទុក្ខយ៉ាងណាដែរ នៅក្នុងការដកយកស្ថានភាពនៃការល្បួងចេញពីខ្លួនអ្នកនោះ ។
តើខ្ញុំគួរនិយាយនឹងគាត់នៅពេលណា ?
អ្នកប្រហែលជាកំពុងគិតថា « ការទាំងនោះខ្ញុំអាចធ្វើបាន ចុះតើខ្ញុំអាចដឹងបានដោយរបៀបណា ថាតើអ្វីដែលខ្ញុំបានធ្វើគឺវាធ្ងន់ធ្ងរល្មម ដែលខ្ញុំត្រូវនិយាយនឹងប៊ីស្សពនោះ ? » ចម្លើយដ៏ខ្លីគឺថា ៖ « សតិសម្បជញ្ញៈរបស់អ្នកនឹងប្រាប់អ្នក » ។ នៅពេលអ្នកមានអារម្មណ៍ថាទទួលការបំផុសពីសតិសម្បជញ្ញៈ សូមធ្វើវាភ្លាម ( សូមមើល អាលម៉ា 34:31–34 ) ។
ទាក់ទងនឹងការប្រែចិត្ត ស្ដេចបេនយ៉ាមីនបានបង្រៀនថា « យើងពុំអាចប្រាប់អ្នករាល់គ្នាឲ្យអស់នូវការណ៍ទាំងឡាយដែលអ្នករាល់គ្នាអាចប្រព្រឹត្តអំពើបាបនោះទេ ព្រោះមានផ្លូវ និងបែបផ្សេងៗគ្នាគឺមានច្រើនណាស់ដែលយើងពុំអាចរៀបរាប់បានឡើយ » ( ម៉ូសាយ 4:29 ) ។ ដូច្នេះជាជាងផ្ដល់នូវបញ្ជីលម្អិតនៃរឿង ដែលអ្នកត្រូវសារភាពដល់ប៊ីស្សពរបស់អ្នកនោះ ខ្ញុំសូមចែកចាយនូវគោលការណ៍មួយចំនួន ដែលនឹងជួយអ្នកឲ្យធ្វើការសម្រេចចិត្តនោះ ។
តើខ្ញុំត្រូវសារភាពអ្វីខ្លះ ?
ខ្ញុំដឹងថា អ្នកបានព្យាយាមគោរពប្រតិបត្តិ ប៉ុន្តែប្រហែលជាអ្នកបានធ្វើនូវកំហុសមួយចំនួន រួមទាំងកំហុសធ្ងន់ធ្ងរមួយចំនួនផងដែរ ។ កំហុសភាគច្រើនដែលមនុស្សធ្វើអាចដោះស្រាយ តាមរយៈការអធិស្ឋានផ្ទាល់ខ្លួន និងការប្រែចិត្តដោយស្មោះ ។ កំហុសមួយចំនួន ជាពិសេស កំហុសដែលទាក់ទងនឹងភាពអសីលធម៌ តម្រូវឲ្យមានការសារភាពចំពោះប៊ីស្សព ពីមុនអ្នកអាចទទួលបានការអភ័យទោសពីព្រះអម្ចាស់ ។
នៅពេលអ្នកគិតពីកំហុសដែលអ្នកបានធ្វើ អ្នកប្រហែលជាមានអារម្មណ៍ខុសឆ្គង ពិបាកចិត្ត ឬថែមទាំងសោកសៅទៀតផង ។ ប្រសិនបើអ្នកកំពុងមាននូវអារម្មណ៍ទាំងនេះ នោះអ្នកប្រហែលជាត្រូវការនិយាយនឹងប៊ីស្សពរបស់អ្នកពីកំហុសទាំងនោះ ។
កុំព្យាយាមដោះសារចំពោះខ្លួនឯង ឬបង្វែរផ្លូវរបស់អ្នក ។ អ្នកអាចគិតថា « វាគួរឲ្យខ្មាស់អៀនណាស់ដើម្បីប្រាប់ប៊ីស្សពនូវអ្វីដែលខ្ញុំបានធ្វើ ។ គាត់គិតថាខ្ញុំជាមនុស្សដែលល្អជាងនោះ ។ គាត់នឹងភ្ញាក់ផ្អើល ប្រសិនបើខ្ញុំប្រាប់គាត់ពីអ្វីដែលខ្ញុំបានធ្វើ ។ គាត់នឹងមិនចូលចិត្តខ្ញុំទៀតទេ » ។
ខ្ញុំសន្យានឹងអ្នកថា គាត់នឹងមិនថ្កោលទោសអ្នកឡើយ ។ ក្នុងនាមជាអ្នកបម្រើនៃព្រះអម្ចាស់ គាត់នឹងមានសណ្ដានចិត្តល្អ ហើយយល់ចិត្ត នៅពេលគាត់ស្ដាប់អ្នក ។ បន្ទាប់មកគាត់នឹងជួយអ្នកក្នុងដំណើរការប្រែចិត្តនេះ ។ គាត់គឺជាសារទូតនៃសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់ ដើម្បីជួយអ្នកឲ្យស្អាតស្អំតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។
ព្រះអម្ចាស់ធ្លាប់មានបន្ទូលថា ៖ « មើលចុះ អ្នកណាដែលប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួន អ្នកនោះឈ្មោះថាបានអត់ទោសឲ្យហើយ ហើយយើងជាព្រះអម្ចាស់មិនចាំពីអំពើបាបទាំងនោះទៀតទេ ។
« តាមរបៀបនេះអ្នករាល់គ្នាអាចដឹងបើសិនជាមនុស្សណាម្នាក់ប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួនមែន ឬ អត់—មើលចុះអ្នកនោះនឹងសារភាពអំពីអំពើបាបទាំងឡាយ ហើយលះបង់ចោលអំពើបាបទាំងនោះ » ( គ. និង ស. 58:42–43 ) ។
នៅពេលអ្នកសារភាព ហើយលះបង់ចោលអំពើបាបរបស់អ្នក នោះព្រះអម្ចាស់នឹងអភ័យទោសដល់អ្នក ។ អ្នកនឹងមិនចាំបាច់ត្រូវទទួលខុសត្រូវចំពោះទ្រង់សម្រាប់អំពើបាបទាំងនោះ នៅពេលអ្នកនឹងត្រូវនាំយកទៅកាត់សេចក្ដីនោះទេ ។
ចុះបើខ្ញុំមិនសារភាព ?
ពេលខ្លះមនុស្សម្នាក់នឹងឈប់ធ្វើខុស ប៉ុន្តែពុំសារភាពទៅប៊ីស្សពរបស់ខ្លួន នៅពេលដែលគួរតែធ្វើនោះទេ ។ ជាលទ្ធផល បុគ្គលម្នាក់នោះបន្តទូលបន្ទុកនៃអំពើបាបតែម្នាក់ឯង ជាជាងការអនុញ្ញាតឲ្យព្រះអង្គសង្គ្រោះដកយកបន្ទុកនោះចេញ ។
ខ្ញុំសូមឲ្យឧទាហរណ៍មួយដល់អ្នក ។ កាលពីប៉ុន្មានឆ្នាំមុន នាល្ងាចមួយ ខ្ញុំបានសម្ភាសន៍មនុស្សពេញវ័យធ្វើប័ណ្ណចូលព្រះវិហារបរិសុទ្ធពួកគេឡើងវិញ ។ មានស្ត្រីវ័យកណ្ដាលម្នាក់បានចូលមកសម្រាប់ការសម្ភាសរបស់គាត់ ។ នាងបានរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ ហើយសកម្មក្នុងសាសនាចក្រពេញមួយជីវិតរបស់គាត់ ។
ខ្ញុំទទួលអារម្មណ៍ពីភាពសោកសៅដ៏ខ្លាំងមួយនៅក្នុងព្រលឹងរបស់គាត់ ។ នៅពេលការសម្ភាសចេះតែបន្ត ខ្ញុំបានទទួលការបំផុសខាងវិញ្ញាណមួយ ។ ខ្ញុំបាននិយាយទៅកាន់គាត់ថា « ប្អូនស្រី ខ្ញុំមានអារម្មណ៍ថា ប្អូនបានធ្វើកំហុសធំមួយ ពេលប្អូននៅវ័យជំទង់ដែលប្អូនមិនទាន់បានសារភាពដល់អ្នកដឹកនាំបព្វជិតភាពនៅឡើយ ។ តើប្អូនអាចប្រាប់ខ្ញុំពីបញ្ហានោះបានទេ ? »
រំពេចនោះ គាត់បានចាប់ផ្ដើមយំ ។ គាត់បានប្រាប់ខ្ញុំថា វាជាការពិត ប៉ុន្តែគាត់តែមានអារម្មណ៍ថាខ្មាស់អៀនពេក ដើម្បីសារភាពបញ្ហានោះដល់ប៊ីស្សព ។ នៅពេលគាត់បានសារភាពពីអ្វីដែលគាត់បានធ្វើ គាត់បានចែកចាយពីសេចក្តីលម្អិតគ្រប់គ្រាន់ ដើម្បីឲ្យខ្ញុំធ្វើការកំណត់ពីភាពសក្ដិសមរបស់គាត់ ។
ការសារភាពពីអំពើបាបរបស់គាត់ទៅអ្នកដឹកនាំបព្វជិតភាព បានកំណត់នូវចុងបញ្ចប់នៃដំណើរការប្រែចិត្តរបស់គាត់ជាជាងការចាប់ផ្ដើម ។ គាត់បានទូលបន្ទុក និងសោកសៅដែលពុំចាំបាច់នៃអំពើបាបនោះលើសពី 30 ឆ្នាំមកហើយ ។
ដោយសារគាត់បានបញ្ចប់ជំហានចុងក្រោយនៃការប្រែចិត្ត កំហុសរបស់គាត់ត្រូវបានលុបចេញ ។ ម្ដងម្កាលខ្ញុំបានជួបគាត់ បន្ទាប់ពីការសម្ភាសនៅយប់នោះមក ។ ផ្ទៃមុខរបស់គាត់មានភាពស្រស់ថ្លា ហើយនាងមានចិត្តរីករាយ ។
ខ្ញុំចង់ឲ្យអ្នកដឹងថា ខ្ញុំមិនចាំឈ្មោះគាត់នោះទេ ។ ព្រះអម្ចាស់អាចដកយកការចងចាំនោះចេញពីប៊ីស្សព ។ អ្វីដែលខ្ញុំនៅចាំគឺថា តាមរយៈការសារភាពទៅកាន់អ្នកដឹកនាំបព្វជិតភាពរបស់គាត់ ស្ត្រីវ័យកណ្ដាលម្នាក់នោះបានធូរស្រាលពីអារម្មណ៍នៃកំហុសដែលគាត់បានមានអស់រយៈពេលជាច្រើនឆ្នាំ ។
សូមកុំធ្វើកំហុសនោះ ។ ប្រសិនបើអ្នកមានអារម្មណ៍នៃការធ្វើខុស ប៉ុន្តែមិនប្រាកដថាអ្នកត្រូវសារភាពចំពោះប៊ីស្សពរបស់អ្នក ឬអត់ នោះសូមទៅជួបគាត់ ។ សូមឲ្យគាត់ជួយដល់អ្នក ។ កុំប្រថុយទូលបន្ទុកមួយដែលមិនចាំបាច់នៅក្នុងជីវិតរបស់អ្នក ដែលវានឹងបន្សល់ទុកឲ្យអ្នកនូវអារម្មណ៍សោកសៅ ។ តាមរយៈការសារភាពរបស់អ្នកចំពោះប៊ីស្សព និងការប្រែចិត្តរបស់អ្នក នោះព្រះអម្ចាស់នឹងលើកបន្ទុកនោះចេញពីព្រលឹងរបស់អ្នក ( សូមមើល អេសាយ 1:18 ) ។
ហេតុអ្វីខ្ញុំត្រូវប្រែចិត្ត ?
ព្រះយេស៊ូវគ្រីស្ទបានបង់ថ្លៃអំពើបាបនៃមនុស្សលោកគ្រប់រូប តាមរយៈការលះបង់ដែលធ្វើឲ្យធួនរបស់ទ្រង់ ។ ទ្រង់អញ្ជើញអ្នកឲ្យប្រែចិត្ត ហើយជៀសចេញពីសោកសៅ និងការរងទុក្ខបន្ថែមទៀត ។ « ចូរប្រែចិត្តចុះ បើពុំនោះសោតទេ … សេចក្ដីរងទុក្ខទាំងឡាយរបស់អ្នកនឹងឈឺចាប់ណាស់—គឺឈឺដល់ណានោះអ្នកមិនដឹងទេ ជ្រួតជ្រាបដល់ណានោះអ្នកមិនដឹងទេ មែនហើយ ធ្ងន់ធ្ងរដល់ណានោះអ្នកក៏មិនដឹងដែរ ។
« ត្បិតមើលចុះ យើងជាព្រះបានរងទុក្ខនូវការទាំងនេះជំនួសមនុស្សទាំងអស់ដើម្បីកុំឲ្យគេអាចរងទុក្ខ បើសិនជាពួកគេប្រែចិត្ត
« ប៉ុន្ដែ បើសិនជា ពួកគេមិនព្រមប្រែចិត្តទេ នោះពួកគេត្រូវរងទុក្ខដូចជាយើងដែរ ។ …
« ហេតុដូច្នេះហើយ ជាថ្មីទៀត យើងបញ្ជាឲ្យអ្នកប្រែចិត្ត … ហើយឲ្យអ្នកសារភាពនូវអំពើបាបទាំងឡាយរបស់អ្នក បើពុំនោះសោតទេ នោះអ្នកនឹងរងទោសទាំងឡាយដែលយើងបានមានបន្ទូលមក » ( គ. និង ស. 19:15–17, 20 ) ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ការរងទុក្ខរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ បានបង់ថ្លៃសម្រាប់អំពើបាបរបស់អ្នករួចហើយ ។ អ្នកអាចទទួលបានការអភ័យទោស ដរាបណាអ្នកប្រែចិត្ត ។ កុំព្យាយាមបង់ថ្លៃសម្រាប់អំពើបាបរបស់អ្នក ។ គ្មានទំហំនៃការរងទុក្ខណាមួយរបស់អ្នកអាចប្រោសលោះអ្នកបានឡើយ គឺមានតែតាមរយៈដង្វាយធួនប៉ុណ្ណោះដែលអ្នកអាចទទួលបានការអភ័យទោស ។
សូមឲ្យយើងអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទថា តាមរយៈការប្រែចិត្ត រួមមានទាំងការសារភាពទៅប៊ីស្សពរបស់អ្នកពេលចាំបាច់ នោះអ្នកនឹងបានស្អាតស្អំ ។ លើសពីនេះទៀត តាមរយៈសេចក្ដីមេត្តាករុណារបស់ព្រះអង្គសង្គ្រោះ—ព្រះចេស្ដាជួយគាំទ្ររបស់ទ្រង់—អ្នកអាចទទួលបានភាពរឹងមាំ នៅក្នុងសមត្ថភាពរបស់អ្នក ដើម្បីតតាំងនឹងការល្បូងនាពេលអនាគត ។ ដូច្នេះ អ្នកនឹងមានសេចក្ដីសុខសាន្តក្នុងគំនិត និងសុភមង្គលក្នុងជីវិតនេះ ហើយអ្នកនឹងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចនៅជីវិតក្រោយ ។