ដើម្បីកម្លាំងនៃយុវជន
ចូររឹងមាំ មានសុខភាពល្អ ហើយឆ្លាតវៃ
តើចង់មានអារម្មណ៍ល្អ ហើយមានទំនុកចិត្តច្រើនខាងផ្លូវកាយ និងផ្លូវចិត្តដែរឬទេ ? លំហាត់ប្រាណជាទៀងទាត់នឹងជួយដល់បញ្ហានេះ ។
ថ្មីៗនេះខ្ញុំបានអានពីទស្សនៈមួយដែលគួរឲ្យចាប់អារម្មណ៍ពីការធ្វើលំហាត់ប្រាណ ។ ខ្ញុំបានអានថា ប្រសិនបើអ្នកក្រោកពីដេកនៅព្រឹកព្រលឹម ស្លៀកសំលៀកបំពាក់ហាត់ប្រាណរបស់អ្នក ហើយគិតថា « ខ្ញុំគ្រាន់តែពាក់វាចេញទៅខាងក្រៅដើរលេង ហើយប្រសិនបើខ្ញុំមានអារម្មណ៍ល្អ ខ្ញុំនឹងចាប់ផ្ដើមដើរហាត់ប្រាណ » នោះអ្នកនឹងមានការហាត់ប្រាណមួយដ៏ល្អពីមុនអ្នកបានដឹងរឿងនេះទៅ ទៀត ។ ការនឹកឃើញពីផែនការមួយដ៏សាមញ្ញបែបនេះ អាចជួយអ្នកឲ្យអភិវឌ្ឍទម្លាប់ហាត់ប្រាណដ៏ល្អ ហើយថែទាំដល់រូបកាយរបស់អ្នក ។ ចំពោះមនុស្សជាច្រើន ការចាប់ផ្ដើម និងការធ្វើជាទៀងទាត់គឺជាផ្នែកដ៏លំបាក ។ ប្រសិនបើអ្នកចងចាំថា លំហាត់ប្រាណពុំមែនប្រទានពរត្រឹមតែរូបកាយរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប្រទានពរដល់គំនិត និងប្រាជ្ញារបស់អ្នកផងដែរ វានឹងជួយអ្នកមានបំណងប្រាថ្នាចង់បានរូបកាយមាំមួនថែមទៀត ។ នៅពេលអ្នកធ្វើលំហាត់ប្រាណ អ្នកនឹងក្លាយជាមនុស្សម្នាក់ដែលមានថាមពល ហើយមានអារម្មណ៍ថាមាំមួន មានទំនុកចិត្ត មានការប្រុងប្រយ័ត្ន និងមានសុវត្ថិភាព ។
ខ្ញុំចងចាំពីដំណើររឿងរបស់សត្វស្លាបមួយដែលបានចាប់ផ្ដើមយករោមរបស់វាទៅដូរយកសត្វជន្លេន ។ ការទទួលបានអាហារតាមរបៀបនោះវាជារឿងងាយស្រួល ហើយសត្វស្លាបនោះបានគិតថាវាមានរោមច្រើនណាស់ ។ នៅពេលវាបានបន្តដូររោមរបស់វា សត្វស្លាបនោះមិនបានរីករាយនឹងការក្រោកពីព្រលឹមដើម្បីចេញទៅរកសត្វជន្លេនទៀតឡើយ ។ វាអាចសម្កុក នៅក្នុងសំបុករបស់វាពេញមួយថ្ងៃ ដោយពុំចាំបាច់ធ្វើចលនាសាច់ដុំអ្វីសោះឡើយ។ ប៉ុន្តែជាអកុសល សត្វស្លាបនោះបានជាប់នឹងទម្លាប់ធ្វើបែបនេះ ហើយបានដឹងថាវាមិនអាចហោះទៀតបានឡើយ ដោយសារវាបានបាត់បង់រោមដ៏សំខាន់របស់វា ។
ហេតុការណ៍នេះអាចកើតមានឡើងចំពោះមនុស្សគ្រប់គ្នា ដែលធ្លាក់ចូលទៅក្នុងអន្ទាក់នៃទម្លាប់អាក្រក់ ខ្ជិលច្រអូស ឬប្រើគ្រឿងញៀន ។ នៅក្នុង ដើម្បីកម្លាំងនៃយុវជន យើងបានអានថា បញ្ហាទាំងនេះ « ធ្វើឲ្យគ្រោះថ្នាក់ដល់រូបកាយ ផ្លូវចិត្ត សតិអារម្មណ៍ និងសុខុមាលភាពខាងវិញ្ញាណ ។ វាធ្វើឲ្យខូចទំនាក់ទំនងជាមួយគ្រួសារ និង មិត្តភ័ក្តិទាំងឡាយ ហើយធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អចំពោះខ្លួនអ្នក និង តម្លៃរបស់អ្នក ។ វាកំណត់សមត្ថភាពរបស់អ្នកក្នុងការជ្រើសរើសដោយខ្លួនអ្នក » ។1 ការធ្វើចលនា ហើយបរិភោគអាហារឲ្យបានត្រឹមត្រូវជួយយើងឲ្យជៀសវាងពីទម្លាប់អាក្រក់ទាំងនេះ ។ ប្រសិនបើសត្វស្លាបនោះបានបន្តហោះទៅរកចំណី នោះវានឹងមិនបាត់រោមរបស់វានោះទេ ។ ស្រដៀងគ្នានេះដែរ ប្រសិនបើយើង « ទទះស្លាបរបស់យើង » ហើយធ្វើលំហាត់ប្រាណជាទៀតទាត់ នោះយើងអភិវឌ្ឍសមត្ថភាពដើម្បីជៀសវាងពីនិន្នាការដែលបំផ្លិចបំផ្លាញយើង » ។
ដូចជាបុគ្គលមួយចំនួនដែលជួបបញ្ញាសុខភាពផ្នែករាងកាយ ក៏មានបុគ្គលផ្សេងទៀតដែលជួបបញ្ហាសុខភាពខាងសតិអារម្មណ៍ផងដែរ ។ ជីវិតអាចជួបរឿងលំបាក ហើយពេលខ្លះយើងអាចមានអារម្មណ៍ខ្វល់ខ្វាយ ក្រៀមក្រំចិត្ត ឬខ្វះទំនុកចិត្តលើខ្លួនឯង ។ ប៉ុន្តែសូមចងចាំថា ទាំងសុខភាពខាងរាងកាយ និង សតិអារម្មណ៍ លំហាត់ប្រាណ និងការខិតខំជួយថែរក្សាឲ្យមានគំនិតវិជ្ជមានមួយ ។ ការមើលថែរូបកាយរបស់អ្នកក៏ប្រទានពរដល់គំនិតរបស់អ្នកផងដែរ ហើយវាជួយអ្នកឲ្យចងចាំថា អ្នកគឺជាកូនចៅនៃព្រះ ហើយអ្នកអាចទទួលបាននូវទំនុកចិត្ត និងភាពរីករាយ ។ ផ្នែកខាងសតិអារម្មណ៍ ខាងរូបកាយ និងខាងវិញ្ញាណរបស់យើង គឺមានទំនាក់ទំនងនឹងគ្នា ។ ដើម្បីកម្លាំងនៃយុវជនបង្រៀនថា ៖ « សុខភាពខាងសតិអារម្មណ៍របស់អ្នកគឺមានសារៈសំខាន់ និងអាចប៉ះពាល់ដល់សុខុមាលភាពខាងរូបកាយ និងខាងវិញ្ញាណរបស់អ្នកផងដែរ ។ ការបាក់ទឹកចិត្ត និងទុក្ខព្រួយជាញឹកញាប់ជាផ្នែកមួយនៃជីវិតរមែងស្លាប់នេះ ។ ទោះជាយ៉ាងណា ប្រសិនបើអ្នកមានអារម្មណ៍នៃភាពទុក្ខព្រួយ ភាពអស់សង្ឃឹម ភាពអន្ទះអន្ទែង ឬ ភាពនឿយណាយរយៈពេលយូរ នោះចូរពិភាក្សាជាមួយនឹងឪពុកម្តាយរបស់អ្នក និង ប៊ីស្សពរបស់អ្នក ហើយស្វែងរកជំនួយ ។2
ហេតុអ្វីបានជាយើងឃើញមនុស្សនៅជុំវិញយើងហាក់ដូចជាមនុស្សដែលមានថាមពល និងពោរពេញដោយភាពរីករាយច្រើន ? ហេតុផលមួយចម្បងគឺជាទម្លាប់ ។ ប្រសិនបើយើងសង្កេតមើលរូបកាយរបស់យើងពីទស្សនៈខាងវិញ្ញាណមួយ ហើយយល់ថាវាជា « ព្រះវិហារបរិសុទ្ធ ជាអំណោយទានពីព្រះ » យើងនឹងស្រឡាញ់វា ហើយរក្សាវាឲ្យពិសិដ្ឋ ។3
ចំពោះខ្ញុំពាក្យថាពិសិដ្ឋ មានន័យថាស្អាតស្អំ អភិវឌ្ឍ ហើយមាំមួន ។ របៀបមួយដែលព្រះវរបិតាសួគ៌ជួយយើងរក្សារូបកាយរបស់យើងឲ្យពិសិដ្ឋគឺដោយការប្រទានក្រឹត្យវិន័យពាក្យសម្ដីនៃប្រាជ្ញាវាងវៃដល់យើង ។ ដើម្បីកម្លាំងនៃយុវជនពន្យល់ថា ៖ « នៅពេលដែលអ្នកគោរពតាម [ ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ] នោះអ្នកនៅតែមានសេរីភាពពីការញៀនដ៏គ្រោះថ្នាក់ និងមានលទ្ធភាពគ្រប់គ្រងលើជីវិតរបស់អ្នក ។ អ្នកទទួលបានពរជ័យនៃរូបរាងកាយដែលមានសុខភាពល្អ ស្មារតីក្លៀវក្លា និងការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ ។ អ្នកនឹងត្រូវបានរៀបចំដើម្បីបម្រើព្រះអម្ចាស់ ។ កុំអនុញ្ញាតឲ្យសាតាំង ឬ អ្នកផ្សេងទៀតបោកបញ្ឆោតអ្នកឲ្យធ្លាក់ចូលទៅក្នុងគំនិតដែលថា ការបំពានលើពាក្យសម្តីនៃប្រាជ្ញាវាងវៃនឹងធ្វើឲ្យអ្នកមានភាពសប្បាយរីករាយច្រើនជាង មានប្រជាប្រិយភាពច្រើនជាង ឬ គួរឲ្យចាប់អារម្មណ៍ច្រើនជាង »។4 នៅពេលអ្នកគោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ សូមចងចាំថា អ្នកកំពុងមើលថែទាំងរូបកាយ និងគំនិតរបស់អ្នក ហើយថាវាអនុញ្ញាតឲ្យអ្នក « រកឃើញប្រាជ្ញា និងផលផ្លែវិសេសនៃចំណេះវិជ្ជា » ( គ. និង ស. 89:19 ) ។
ជំនួសឲ្យការធ្វើជាសត្វស្លាបដែលខ្ជិលច្រអូលដែលដូរយកចំណីនឹងរោមនោះ ចូរពាក់ស្បែកជើងកីឡារបស់អ្នក ហើយធ្វើចលនា ។ ធ្វើលំហាត់ប្រាណជាទៀងទាត់ ។ ចុះឈ្មោះនៅក្នុងកីឡាដែលអ្នកចូលចិត្ត ឬសេពគប់មិត្តដែលអ្នកអាចរត់ ឬធ្វើសកម្មភាពសប្បាយផ្សេងទៀត ។ នៅពេលពង្រឹងខាងផ្លូវកាយ នោះអ្នកពុំមែនបំពាក់បំប៉នតែរូបកាយអ្នកម្យ៉ាងប៉ុណ្ណោះទេ ប៉ុន្តែដល់គំនិតរបស់អ្នកផងដែរ ។ លំហាត់ប្រាណពង្រឹងសុខភាពខាងសតិអារម្មណ៍ផងដែរ ។ សូមចងចាំថា រឿងដ៏សំខាន់បំផុត គឺពុំមែនអ្នកអាចរត់បានលឿនប៉ុណ្ណានោះទេ—ប៉ុន្តែវាជាការដែលអ្នកធ្វើវាជាទៀងទាត់ ។ នៅពេលអ្នកហាត់ប្រាណជាទៀងទាត់ អ្នកនឹងមានចិត្តរីករាយ ហើយមានរូបកាយមាំមួន មានសុខភាព ល្អហើយឈ្លាសវៃជាងមុន ។