ការក្លាយខ្លួនជា មនុស្សមានសេចក្ដីសុខសាន្ត
ព្រះវិហារបរិសុទ្ធ បេសកកម្ម និងការបម្រើបានជួយដល់រ៉ចឺរ៍ និងគ្រួសាររបស់គាត់ដើរឆ្ពោះទៅមុខក្លាយជាគ្រួសារមួយដ៏នៅអស់កល្បជានិច្ច ។
រ៉ចឺរ៍ រ៉េនឌ្រីយ៉ានណារីសុន បានដឹងថាហាក់ដូចជាបាត់បង់អ្វីមួយនៅក្នុងជីវិតគ្រួសាររបស់គាត់ ។
គាត់បាននិយាយថា « ខ្ញុំបានអធិស្ឋានទៅព្រះឲ្យជួយខ្ញុំស្វែងរកអ្វីមួយដើម្បីដឹកនាំដល់គ្រួសាររបស់ខ្ញុំ » ។ « ខ្ញុំមានក្ដីប្រាថ្នាមួយដើម្បីនាំគ្រួសារខ្ញុំទៅរកអ្វីមួយដែលល្អ ជាអ្វីមួយដែលនឹងដឹកនាំទៅរកផ្លូវត្រូវ » ។
គាត់បានព្រួយបារម្ភ អំពីរបៀបដែលគាត់ត្រូវចិញ្ចឹមកូនទាំងបីរបស់គាត់ដោយរបៀបណា—រួមមានកូនប្រុសឈ្មោះ រ៉េនឌ្រីយ៉ានណាន់ឌ្រី និង សេឌីនីរីណា ហើយនិងកូនស្រី នីរីណា ។ គាត់ពិបាកចិត្តដោយសារការ ដែលគាត់ឆាប់ខឹងបាននាំឲ្យមានបញ្ហានៅក្នុងគ្រួសារ ។ គាត់ចង់ក្លាយជាឪពុកម្នាក់ដែលមានសណ្ដានចិត្តល្អជាងមុន ។
គាត់បាននិយាយថា « ខ្ញុំបានសម្រេចចិត្តថា ខ្ញុំជាមនុស្សម្នាក់ដែលត្រូវកែប្រែ ពីព្រោះខ្ញុំបានឃើញថាខ្ញុំជាមនុស្សបែបណា » ។
រ៉ចឺរ៍បានបាត់បង់អាជីវកម្មខាងសំណង់របស់គាត់កាលពីពីរបី ឆ្នាំមុន ហើយ បានធ្វើការជាអ្នកបើករថយន្តតាក់ស៊ីនៅ អង់តាណាណារីវ៉ូ ម៉ាដាហ្គាស្កា ។ មានថ្ងៃមួយគាត់បានដឹកពួកអ្នកផ្សព្វផ្សាយសាសនាស្រីពីរនាក់ ។
គាត់បាននិយាយថា « ពេលពួកគេចូលមកក្នុងឡាន ពួកគេបានសួរឈ្មោះខ្ញុំ និងពីគ្រួសាររបស់ខ្ញុំ » ។ « ពួកគេបានសួរថា តើខ្ញុំដឹងថា ព្រះជានរណាដែរទេ ហើយថា តើខ្ញុំបានអធិស្ឋានទៅទ្រង់ដែរទេ » ។
ពួកអ្នកផ្សព្វផ្សាយសាសនានោះបានច្រៀងចម្រៀងជាមួយនឹងរ៉ចឺរ៍ នៅពេលកំពុងជិះឡាន ហើយបានអញ្ជើញគាត់ទៅព្រះវិហារ ។ គាត់បានព្យាយាមទៅពីរបីដងដែរ ប៉ុន្តែពុំអាចទៅបានដោយសារតែកាលវិភាគរបស់គាត់ ហើយក៏បានដាច់ទំនាក់ទំនងនឹងពួកអ្នកផ្សព្វផ្សាយសាសនានោះទៅ ។
ប្រហែលជាប្រាំខែក្រោយមក មានថ្ងៃមួយពេលរ៉ចឺរ៍កំពុងធ្វើកិច្ចការផ្ទះ គាត់បានឮពួកអ្នកផ្សព្វផ្សាយពីរនាក់កំពុងនិយាយនឹងមនុស្សម្នាក់នៅក្រៅរបងរបស់គាត់ ។ រ៉ចឺរ៍បានដឹងថាពួកគេនឹងមកនិយាយនឹងគាត់ ។ គាត់មានអារម្មណ៍ថាគាត់គួរតែឆ្លើយថា បាទចំពោះសំណួរអ្វីក៏ដោយដែលពួកគេនឹងសួរដល់គាត់ ។
បន្ទាប់ពីណែនាំខ្លួនឯងមក ពួកអ្នកផ្សព្វផ្សាយសាសនានោះបានសួរថា តើគាត់បានដឹងពីព្រះដែរទេ ។ បាន ។ តើគាត់ធ្លាប់ចង់អធិស្ឋានទៅកាន់ព្រះដែរទេ ? ធ្លាប់ ។ តើគាត់ធ្លាប់ចង់និយាយជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនាដែរទេ ? ធ្លាប់ ។ ពេលណា ? ពេលនេះ ។ ពួកអ្នកផ្សព្វផ្សាយសាសនានោះបាននិយាយថា ពួកគេនឹងត្រឡប់មកវិញនៅ 20 នាទីទៀត ។ នៅពេលពួកគេបានត្រឡប់មកវិញ ពួកគេបាននាំសមាជិកម្នាក់ដែលរស់នៅក្បែរនោះមកជាមួយ ។
ពួកអ្នកផ្សព្វផ្សាយសាសនាបានបង្រៀនរ៉ចឺរ៍ជាច្រើនដងអស់រយៈពេលមួយខែនៅក្នុងផ្ទះរបស់គាត់ ។ ដោយសារតែអ្វីដែលពួកគាត់បានឮពីសាសនាចក្រ សមាជិកគ្រួសារគាត់ផ្សេងទៀតមិនចង់រៀនជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនាឡើយ ។ បន្ទាប់ពីរៀនពីដំណឹងល្អបានមួយខែ រ៉ចឺរ៍បានទៅព្រះវិហារជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនា ។ ការស្វាគមន៍រាក់ទាក់ដែលគាត់បានឃើញបានផ្តល់ដល់គាត់នូវការកោតសសើរនៅក្នុងចិត្តគាត់ ។ គាត់បាននិយាយថា « សមាជិកទាំងឡាយនៅទីនោះបានរាក់ទាក់នឹងខ្ញុំដូចជាពួកគេធ្លាប់ស្គាល់ខ្ញុំជាយូរមកហើយ » ។
រ៉ចឺរ៍បានចេញពីព្រះវិហារ ហើយត្រឡប់ទៅផ្ទះវិញ ហើយបានប្រាប់គ្រួសាររបស់គាត់ថា គាត់នឹងជ្រមុជទឹកក្នុងរយៈពេលមួយខែទៀត ហើយថាពួកគេមានសិទ្ធិសេរីភាពជ្រើសរើសដើម្បីចូលរួម ឬមិនចូលក្នុងសាសនាចក្រ ។ ពួកគេបានសុំឲ្យគាត់រង់ចាំដើម្បីពួកគេអាចចូលរួមនឹងគាត់ដែរ ។ ពួកគេបានចាប់ផ្ដើមចូលរួមការប្រជុំ ហើយក៏មានការភ្ញាក់ផ្អើលដ៏រីករាយដែរ ។
កាលរ៉េនឌ្រីយ៉ានណាន់ឌ្រី ជាកូនប្រុសច្បងរបស់រ៉ចឺរ៍បានចូលរួមក្នុងការប្រជុំរបស់សាសនាចក្រជាលើកដំបូង គាត់មានការចាប់អារម្មណ៍ជាខ្លាំង ។ គាត់បាននិយាយថា « លើកដំបូងដែលខ្ញុំមកព្រះវិហារ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារមនុស្សទាំងអស់មានចិត្តរាបសាណាស់ » ។ « ទីមួយ ពួកគេស្លៀកពាក់សមរម្យមកព្រះវិហារ ។ បន្ទាប់ពីនោះមកខ្ញុំបានដឹងថា ពួកគេបាននៅទីនោះសម្រាប់គោលបំណងដ៏ពិតមួយ ពុំមែនដើម្បីបង្អួតដល់មនុស្សដទៃនោះទេ » ។
គ្រួសាររ៉េនឌ្រីយ៉ានណារីសុនបានជ្រមុជទឹកទាំងក្រុមគ្រួសារនៅថ្ងៃទី 20 ខែ កុម្ភៈ ឆ្នាំ 2003 ។ នៅពេលនោះ នីរីណា មានអាយុ 8 ឆ្នាំ សេឌីនីរីណា មានអាយុ 17 ឆ្នាំ ហើយ រ៉េនឌ្រីយ៉ានណាន់ឌ្រី មានអាយុ 19 ឆ្នាំ ។ គ្រួសារនេះបានឈប់ធ្វើការនៅថ្ងៃអាទិត្យ ហើយបានយកការរស់នៅតាមដំណឹងល្អទុកជាអាទិភាពសំខាន់ ។
ការផ្លាស់ប្ដូរ
អារ៉េលីណា ជាភរិយារបស់រ៉ចឺរ៍បាននិយាយថា « បន្ទាប់ពីខ្ញុំបានជ្រមុជទឹក ខ្ញុំបានឃើញការផ្លាស់ប្ដូរដ៏ច្រើននៅក្នុងផ្ទះរបស់យើង » ។ « ផ្ទះខ្ញុំបានក្លាយជាផ្ទះមួយដែលមានព្រះវិញ្ញាណ និងពរជ័យយ៉ាងច្រើន ទាំងខាងសាច់ឈាម និងខាងវិញ្ញាណដែលបានកើតមានដោយការរស់នៅតាមដំណឹងល្អ » ។
នៅក្នុងទស្សនៈខាងលោកិយ រ៉ចឺរ៍បានជឿថាព្រះវរបិតាសួគ៌បានជួយគាត់បង្កើតអាជីវកម្នរបស់គាត់ឡើងវិញ ។ បន្ទាប់ពីពីរឆ្នាំនៃការបើករថយន្តតាក់ស៊ី និងការធ្វើនូវអ្វីដែលគាត់អាចធ្វើបាន ដើម្បីផ្គត់ផ្គង់ដល់គ្រួសារគាត់ គាត់បានចាប់ផ្ដើមទទួលកិច្ចសន្យាសាងសង់ជាច្រើន ។ គាត់បាននិយាយថា « ខ្ញុំជឿថា ព្រះតែងតែប្រទានពរដល់ខ្ញុំនៅពេលខ្ញុំសម្រេចចិត្តដើរតាមទ្រង់ » ។
ប៉ុន្តែពួកកូនប្រុសរបស់គាត់និយាយថា ការផ្លាស់ប្ដូរដ៏ធំបំផុសដែលពួកគេបានឃើញគឺនៅក្នុងការអធ្យាស្រ័យរបស់ឪពុកពួកគេ ។ ឥឡូវនេះ ពួកគេបានរៀបរាប់ថា គាត់ជាគំរូមួយនៃសេចក្ដីបន្ទាបខ្លួន និងចិត្តមេត្តា ។ រ៉ចឺរ៍បាននិយាយថា ដំណឹងល្អបានធ្វើឲ្យគាត់ជឿថាគាត់ត្រូវបានផ្លាស់ប្ដូរ ។ ចាប់តាំងពីគាត់បានចាប់ផ្ដើមសិក្សាដំណឹងល្អមក រ៉ចឺរ៍បានព្យាយាមបំពេញជីវិតរបស់គាត់នឹងរឿងល្អៗទាំងឡាយ ។
គាត់បាននិយាយថា « ដោយសារតែការបង្រៀននៃដំណឹងល្អ ខ្ញុំពុំឆាប់ខឹងទៀតឡើយ » ។ « ពេលខ្លះមានការបង្កហេតុ ប៉ុន្តែដំណឹងល្អគឺស្ថិតនៅក្នុងចិត្ត គំនិត និងវិញ្ញាណរបស់ខ្ញុំ ។ « ដំណឹងល្អបានជួយខ្ញុំឲ្យមានចិត្តស្ងប់ » ។
នៅពេលស្ថានភាពរកាំចិត្តបានកើតឡើង រ៉ចឺរ៍គឺជាមនុស្សម្នាក់ដែលរំងាប់ចិត្តដល់សមាជិកគ្រួសារ ហើយរំឭកពួកគេឲ្យធ្វើដូចជាព្រះអង្គសង្គ្រោះ ។
សេឌីនីរីណា បាននិយាយថា « ឪពុកខ្ញុំបានមានចិត្តរាបសា ហើយមើលថែគ្រួសារយើងដោយសេចក្ដីស្រឡាញ់ » ។ « នៅពេលខ្ញុំសម្លឹងមើលពីភាពផ្លាស់ប្ដូរនៅក្នុងខ្លួនគាត់ ខ្ញុំមានអំណរគុណជាខ្លាំងចំពោះព្រះវរបិតាសួគ៌ ចំពោះដំណឹងល្អ និងចំពោះការក្លាយជាសមាជិកនៃសាសនាចក្រនេះ » ។
គ្រួសារដ៏នៅអស់កល្បជានិច្ច
នៅឆ្នាំ 2006 ដោយមានជំនួយពីមូលនិធិជំនួយផ្នែកព្រះវិហារបរិសុទ្ធទូទៅ រ៉ចឺរ៍ និង អារ៉េលីណា បានទៅ ចូហាន់ណេស្ប៊ឺក អាហ្វ្រិកខាងត្បូង ដើម្បីផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ។
ពីឆ្នាំ 2009 ដល់ឆ្នាំ 2011 សេឌីនីរីណា និង រ៉ាន់ឌ្រីយ៉ាណាន់ឌ្រី បានបម្រើបេសកកម្មនៅអាហ្វ្រិកខាងត្បូង—សេឌីនីរីណានៅកាប៉េថោន ហើយ រ៉ាន់ឌ្រីយ៉ាណាន់ឌ្រី នៅ ចូហាន់ណេស្ប៊ឺក ។ ផ្នែកនៃការលើកទឹកចិត្តរបស់ពួកគេដើម្បីបម្រើគឺដើម្បីជួយផ្លាស់ប្ដូរក្រុមគ្រួសារផ្សេងទៀត ឲ្យដូចគ្រួសាររបស់ពួកគេដែរ ។
រ៉ាន់ឌ្រីយ៉ាណាន់ឌ្រី បាននិយាយថា « អព្ភូតហេតុមួយដូចគ្នានេះអាចកើតឡើងបាន ហើយវាបានកើតឡើងដោយសារពួកអ្នកផ្សព្វផ្សាយសាសនាបានមកផ្ទះរបស់យើង » ។ « ដូច្នេះខ្ញុំមានក្ដីប្រាថ្នាធ្វើរឿងដូចគ្នានេះសម្រាប់គ្រួសារមួយនៅកន្លែងមួយផ្សេងទៀត » ។
ការសម្រេចចិត្តនោះបាននាំមកនូវពរជ័យមួយទៀតដល់គ្រួសាររ៉ាន់ឌ្រីយ៉ាណារីសុន ។ សេឌីនីរីណា និង រ៉ាន់ឌ្រីយ៉ាណាន់ឌ្រី បាននៅមជ្ឈមណ្ឌលបំពាក់បំប៉នពួកអ្នកផ្សាយសាសនាចូហាន់ណេស្ប៊ឺករយៈពេលប្រាំបួនថ្ងៃ ។ រ៉ចឺរ៍បានរៀបចំជើងយន្តហោះទៅអាហ្វ្រិកខាងត្បូងជាមួយអារ៉េលីណា និងកូនស្រីពួកគេ នីរីណា ដើម្បីគ្រួសារទាំងមូលអាចទទួលការផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ។ នីរីណា ដែលមានអាយុ 14 ឆ្នាំនៅពេលនោះ បាននិយាយថា វាពិបាករៀបរាប់ពីបទពិសោធន៍នោះ និងអារម្មណ៍ដែលនាងមានណាស់ ។
នាងបាននិយាយថា « វាបានពង្រឹងដល់សេចក្ដីជំនឿរបស់ខ្ញុំ ហើយបានជួយខ្ញុំឲ្យមានអារម្មណ៍ខិតជិតនឹងព្រះ » ។
សព្វថ្ងៃនេះសមាជិកគ្រួសារយើងធ្វើការ ដើម្បីជួយពង្រឹងដល់ជនដែលរស់នៅជុំវិញខ្លួនយើង ។ រ៉ចឺរ៍បានបម្រើជាប៊ីស្សពក្នុងវួដរបស់គាត់ ។ អារេលីណាបានបម្រើនៅក្នុងអង្គការបឋមសិក្សាជាមួយកម្មវិធីសេចក្ដីជំនឿជឿលើព្រះ ។ សេឌីនីរីណាជាជំនួយការរបស់ស្មៀនស្តេក ។ រ៉ាន់ឌ្រីយ៉ាណាន់ឌ្រីជាជំនួយការរបស់ស្មៀនវួដ ។ នីរីណាជានាយកផ្នែកតន្ត្រីប្រចាំវួដ ។
ដំណឹងល្អបានឆ្លើយតបនឹងការអធិស្ឋាន នៅក្នុងផ្ទះរបស់គ្រួសាររ៉ាន់ឌ្រីយ៉ាណារីសុន ។ ដំណឹងល្អបានព្យាបាលរបួសចាស់ ហើយបាននាំពួកគេឲ្យមានភាពស្និទ្ធស្នាលនឹងគ្នា ហើយបានផ្ដល់ឱកាសដល់ពួកគេបានរួមរស់នឹងគ្នាជានិរន្តរ ។ ដំណឹងល្អបានបង្រៀនដល់រ៉ចឺរ៍ឲ្យចេះស្រឡាញ់ ។ គាត់បាននិយាយថា « ជីវិតគ្រួសារគឺជាជីវិតមួយពោរពេញដោយសេចក្ដីស្រឡាញ់ » ។
ការដឹកពួកអ្នកផ្សព្វផ្សាយសាសនាក្នុងឡានតាក់ស៊ីមួយបានជួយចាប់ផ្ដើម រ៉ចឺរ៍ រ៉េនឌ្រីយ៉ានណារីសុន នៅលើផ្លូវនៃភាពជាសិស្ស ។
រូបថតរបស់គ្រួសាររ៉េនឌ្រីយ៉ានណារីសុន ដោយ ម៉ាថាយ ឌី ភ្លីតតុន
ការសិក្សាដំណឹងល្អជាគ្រួសារបានជួយគ្រួសាររ៉េនឌ្រីយ៉ានណារីសុន កាន់តែមានភាពស្និទ្ធស្នាលនឹងគ្នា ។
ការធ្វើដំណើរទៅអាហ្វ្រិកខាងត្បូង ដើម្បីផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធចូហាន់ណេស្ប៊ឺក បានពង្រឹងដល់គ្រួសាររ៉េនឌ្រីយ៉ានណារីសុន ។
ខាងលើ ៖ រូបថតដោយ ដេវីឌ វិល្លាម ញ៉ូវមិន © IRI, ខាងក្រោម ៖ រូបថត©ឡូរ៉ា ផាកកឺ