២០១៣
ការ​អញ្ជើញ​ព្រះអង្គ​សង្គ្រោះ​ឲ្យ​យាង​ចូល​មក
Oct 2013


ការ​អញ្ជើញ​ព្រះអង្គ​សង្គ្រោះ​ឲ្យ​យាង​ចូល​មក

អែលឌើរ អូ វីនសិន ហាលិក

« មើល យើង​ឈរ​នៅ​មាត់​ទ្វារ​ទាំងគោះ បើ​អ្នកណា​ឮសំឡេង​យើង ហើយ​បើក​ទ្វារ​ឲ្យ នោះ​យើង​នឹង​ចូល​ទៅឯ​អ្នក​នោះ » ( វិវរណៈ 3:20 ) ។

កាល​ពី​ខ្ញុំ​នៅ​ក្មេង ពេល​បុណ្យ​គ្រីស្ទម៉ាស​ ម្ដាយ​របស់​ខ្ញុំ​បាន​ដាក់​តាំង​រូបភាព​ព្រះអង្គ​សង្គ្រោះ​គោះ​ទ្វារ ។ យើង​ពុំ​ទាន់​ជា​សមាជិក​សាសនាចក្រ​នៅ​ឡើយ​ទេ ហើយ​ខ្ញុំ​តែង​សួរ​ថា « ហេតុអ្វី​ព្រះយេស៊ូវ​គោះ​ទ្វារ ? » តើ​អ្នក​ណា​នៅ​ក្នុង​ផ្ទះ​នោះ ? »

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​រក​ឃើញ​ថា គ្មាន​ដៃ​ទ្វារ​នៅ​ខាងក្រៅ​លើ​ទ្វារ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​គោះ​ឡើយ ។ បុគ្គល​ដែល​នៅ​ខាង​ក្នុង​ត្រូវ​បើក​ទ្វារ​នោះ ។ ឥឡូវ​នេះ​ខ្ញុំ​ដឹង​ថា​អ្នក​ដែល​នៅ​ទ្វារ​ម្ខាង​ទៀត​ជា​នរណា​ហើយ ។ គឺ​យើង​ទាំងអស់​គ្នា ! ព្រះអង្គ​សង្គ្រោះ​កំពុង​គោះទ្វារ ហើយ​យើង​ទាំងអស់គ្នា​ត្រូវ​បើក​ទ្វារ ហើយ​អញ្ជើញ​ទ្រង់​ឲ្យ​យាង​ចូល​មក​ក្នុង​ជីវិត​របស់​យើង ។

ពេល​ខ្ញុំ​នៅ​វ័យ​ជំទង់ ខ្ញុំ​បាន​សម្រេច​ចិត្ត​អញ្ជើញ​ព្រះអង្គសង្គ្រោះ​មក​ក្នុង​ជីវិត​របស់​ខ្ញុំ​ ដោយ​ការ​ជ្រមុជទឹក ហើយ​ក្លាយ​ជា​សមាជិក​សាសនាចក្រ​នេះ ។ មិត្ត​ខ្ញុំ​បាន​ធ្វើ​ជា​គំរូ​ល្អ​ដល់​ខ្ញុំ ។ រួម​ទាំងជីដូន​របស់​ខ្ញុំ​ផង​ដែរ ។ គាត់​ជា​អ្នក​ធ្វើ​ការ​ក្នុង​ព្រះវិហារ​បរិសុទ្ធឡូស អេនជេឡេស កាលីហ្វ័រញ៉ា ។ គាត់​បាន​ចេញ​ពី​ផ្ទះ​នៅ​ម៉ោង 4:00 ព្រឹក ដើម្បី​ទៅ​បម្រើ​ព្រះអម្ចាស់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

គ្រាន់​តែ​រយៈពេល​ពីរ​ឆ្នាំ​បន្ទាប់​ពី​ខ្ញុំ​បាន​ជ្រមុជទឹក ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ខ្ញុំ​ចង់​បម្រើ​ព្រះអម្ចាស់​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ។ ក្នុង​បេសកកម្ម​របស់​ខ្ញុំ ខ្ញុំ​បាន​ជួយ​មនុស្ស​ជាច្រើន​ឲ្យ​រៀន​ពី​ព្រះអង្គសង្គ្រោះ ដើម្បី​ពួកគេ​អាច​អញ្ជើញ​ទ្រង់​មក​ក្នុង​ជីវិត​របស់​ពួកគេ ។

ក្រោយមក ខ្ញុំ​បាន​បម្រើ​ជា​ប្រធាន​បេសកកម្ម​ក្នុង​ប្រទេស​សាម័រ ។ ខ្ញុំ​តែង​សួរ​ដល់​ពួកអ្នកផ្សព្វផ្សាយ​សាសនា​ថ្មីថា តើ​ពួកគេ​បាន​សម្រេច​ចិត្ត​បម្រើ​បេសកកម្ម​តាំង​ពី​ពេល​ណា ។ មាន​ពួកគេ​ជាច្រើន​បាន​និយាយ​ថា ពួកគេបានសម្រេចចិត្ត​ធ្វើ​ការ​បម្រើ​តាំង​ពី​ពួកគេ​នៅ​ថ្នាក់​កុមារ !

ថ្នាក់​កុមារ​នឹង​ជួយ​អ្នក​រៀបចំ​ខ្លួន​សម្រាប់​ការ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ សូម​រៀន​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ។ ដាក់​គោលដៅ​មួយ ដើម្បី​បម្រើបេសកកម្ម ។ បន្ទាប់​មក​អ្នក​ក៏​នឹង​អាច​ជួយ​ដល់​មនុស្ស​ដទៃ​ទៀត ឲ្យ​អញ្ជើញ​ព្រះអង្គសង្គ្រោះ​មក​ក្នុង​ជីវិត​ពួកគេ​បាន​ផង​ដែរ ។ ការ​ធ្វើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​នឹង​ផ្លាស់​ប្ដូរ​ជីវិត​របស់​អ្នក—វា​បាន​ផ្លាស់​ជីវិត​របស់​ខ្ញុំ ។

រចនា​ដោយ ចេននីហ្វឺរ តុលមែន