២០១៣
ការ​ពន្លឿន​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ
Oct 2013


ការ​ពន្លឿន​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ

នៅ​ពេល​យើង​អញ្ជើញ ស្រឡាញ់ ហើយ​បម្រើ​ដល់​មនុស្ស​ដទៃទៀត នោះ​យើង​ប្រែក្លាយ​ជា​សិស្ស​ពិត​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ជួយ​ពន្លឿន​ដល់​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ ។

ទោះ​ជា មាន​ចិត្ត​រំភើប​ស្ដីពីពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​ធ្វើ​កិច្ចការ​តាម​អ៊ិនធើរណិត ហើយ​ផ្ដល់​ការ​ដើរ​ទស្សនា​នៅ​ក្នុង​សាលាប្រជុំ​ក្ដី កិច្ចការ​ទាំងនោះ​គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​នៃ​រូបភាព​ដ៏​ធំ​ចំពោះ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ ។ រឿង​ដែល​សំខាន់​បំផុតនោះ​​គឺ​ជា​របៀប​ដែល​យើង ក្នុង​នាម​ជា​សមាជិក ​ធ្វើ​ឲ្យ​សម​ស្រប​ទៅ​នឹង​រូបភាព​ដ៏​ធំ​នៃ​ការ​ពន្លឿន​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ ។ យើង​ពុំ​បានសុំ​ឲ្យ​ចូល​ប្រឡូក​នៅ​ក្នុង​កម្មវិធី​ថ្មី​មួយ​នោះ​ឡើយ ។ យើង​គ្រាន់តែ​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ក្លាយ​ជា​សិស្ស​ពិត​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ តួនាទី​របស់​យើងគឺជម្រុញ​ខ្លួន​របស់​យើង​ឲ្យ​ចូល​ទៅ​ក្នុង​សេចក្ដី​ស្រឡាញ់ និង​ការ​បម្រើ​ដល់​មនុស្ស​នៅ​ជុំវិញ​យើង—ដោយ​លួង​លោម​ដល់​អ្នក​រួម​ការ​ងារ​ដែល​កំពុង​មាន​សេចក្ដី​ត្រូវការ ដោយ​ការ​អញ្ជើញ​មិត្ត​របស់​យើង​ទៅ​ពិធីបុណ្យ​ជ្រមុជទឹក ដោយ​ជួយ​អ្នកជិត​ខាង​វ័យ​ចំណាស់​ម្នាក់​ក្នុង​កិច្ចការ​សម្អាត​ទីធ្លា​ផ្ទះ​របស់​គាត់ ដោយ​អញ្ជើញ​សមាជិក​ម្នាក់​ដែល​មិន​សូវ​​សកម្ម​មក​បរិភោគ​អាហារ ឬ​ដោយ​ជួយ​អ្នក​ជិត​ខាង​ម្នាក់​ក្នុង​កិច្ចការ​ពង្សប្រវត្តិ​របស់​គាត់ ។ ទាំងនេះ​ជា​របៀបតាម​ធម្មជាតិ​ដែលពេញទៅ​ដោយ​ក្ដីអំណរ ដើម្បី​អញ្ជើញ​សមាជិក​មិន​សូវ​សកម្ម និង​ជន​​ដែល​មាន​ជំនឿ​ផ្សេង​ចូល​មក​ក្នុង​ជីវិត​របស់​យើង ហើយ​ជា​លទ្ធផល​វា​នឹង​នាំ​ពួកគេ​ចូល​ទៅ​ក្នុង​ពន្លឺ​នៃ​ដំណឹងល្អ ។ ការ​ចែកចាយ​ពេលដ៏​រីករាយ និង​ពេល​ដ៏​ពិសិដ្ឋ​ក្នុង​ជីវិត​របស់​យើង​ជាមួយ​នឹង​ពួកគេ ប្រហែល​ជា​របៀប​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដែល​យើង​គ្រប់​គ្នា​អាច « ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ទំពាំង​បាយរបស់ [ ព្រះយេស៊ូវ​គ្រីស្ទ ] សម្រាប់​សេចក្ដីសង្គ្រោះដល់​ព្រលឹងនៃ​ [ បុរស និង​ស្ត្រី ] » (គ. និង ស. 138:56) ។

តើ​កិច្ចការនៃសេចក្តីសង្រ្គោះ​គឺជា​អ្វី ?

កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ​គឺជា​កិច្ចការ​របស់​ព្រះវរបិតាសួគ៌​ « ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស​លោក » (ម៉ូសេ 1:39) ។ កិច្ចការ​ដ៏សំខាន់​នេះ​រួម​មាន​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​សមាជិក ការ​ថែរក្សា​ទុកអ្នក​ផ្លាស់ប្រែចិត្ត​ជឿ ការ​ធ្វើ​ឲ្យ​សមាជិក​មិន​សូវ​សកម្ម​បាន​សកម្ម​ឡើង​វិញ កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ និង​ការ​បង្រៀន​ដំណឹងល្អ ។1 ជា​ធម្មតា យើង​គិត​ថា​កិច្ចការ​ទាំង​នេះ​នៅ​ក្នុង​ដំណឹងល្អ​គឺ​គ្មាន​ទំនាក់ទំនង​នឹង​គ្នា​ឡើយ ។ ប៉ុន្តែ​ នៅ​ក្នុងកិច្ចការ​នៃ​សេចក្ដីសង្គ្រោះ ៖ ការ​ចាក់ផ្សាយ​ភាព​ជា​អ្នកដឹកនាំទូទាំងពិភពលោក នៅ​ថ្ងៃ​ទី 23 ខែ មិថុនា ឆ្នាំ 2013 អែលឌើល រ័សុល អិម ណិលសុន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់​បាន​បង្រៀន​ថា « កិច្ចការ​នេះ​គឺពិតជាកិច្ច​ការ​នៃ​​សាមគ្គីភាព » ។ កិច្ចខិតខំប្រឹងប្រែង​ទាំង​នេះពុំធ្វើ​ដាច់​ដោយ​ឡែក​ពី​គ្នា​បាន​ឡើយ វា​ជា​ផ្នែក​ទាំងមូល​នៃ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ » ។2

ឃ្លា « ការ​ពន្លឿន​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ »—ជា​ឈ្មោះ​នៃ​វិបសាយ​ជា​ដៃគូ​របស់​ការ​ចាក់​ផ្សាយ​នេះ (hasteningthework.lds.org)—វា​សំដៅ​ទៅ​លើ​​សេចក្ដី​សន្យា​របស់​ព្រះអម្ចាស់​ថា ៖ « មើល​ចុះ យើង​នឹង​ពន្លឿន​កិច្ចការ​របស់​យើងឲ្យ​ឆាប់​កើត​នៅ​ពេល​កំណត់ » (គ. និង ស. 88:73) ។

ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព​ដ៏​សំខាន់—បុណ្យ​ជ្រមុទឹក ពិធី​បញ្ជាក់ ការ​តែងតាំង​បព្វជិតភាព​ដល់​បុរស និង​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ—ឈរជា​សញ្ញា​នៅ​តាម​ដង​ផ្លូវ​របស់​យើង​ត្រឡប់​ទៅ​ព្រះវរបិតា​សួគ៌​យើង​វិញ ។ នៅ​ពេល​យើង​ចូល​រួមនៅ​ក្នុង​កិច្ចការនៃ​សេចក្ដី​សង្គ្រោះ នោះ​យើង​ធ្វើ​តាម ហើយ​បំផុស​គំនិត​ដល់​មនុស្ស​ដទៃទៀត​ឲ្យ​ធ្វើ​ផ្លូវ​នៃ​សេចក្ដីសញ្ញានេះ ។

សមាជិក និង​អ្នកផ្សព្វផ្សាយ​សាសនា​ធ្វើ​ការ​រួម​គ្នា​នៅ​ក្រោម​កូនសោ​បព្វជិតភាព

ពេលវេលា​បាន​មក​ដល់​ហើយ​ ដើម្បី​ផ្ដោត​ឡើង​វិញ​ទៅលើ​គោលការណ៍​គ្រឹះ​ដ៏​សំខាន់​ពី​អត្ថន័យ​នៃ​សមាជិកភាព​​នៅ​ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់​ ត្រូវបាន​ហៅ​ឲ្យ​ចូល​រួម​យ៉ាង​ពេញ​ទំហឹង​នៅ​ក្នុង​កិច្ចការ​​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​នោះ ។ ប្រធាន​ស្តេក និង​ប៊ីស្សព​កាន់​កូនសោ​បព្វជិតភាព​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ​នៅ​ក្នុង​អង្គភាព​សាសនាចក្រ​របស់​ខ្លួន3 ហើយ​ជួយ​សមាជិកឲ្យ​ធ្វើ​អ្វី​ដែល​សិស្សពិត​នៃ​ព្រះគ្រីស្ទ​ធ្វើ—ចែក​ចាយ​ពន្លឺ​នៃ​ដំណឹងល្អ ។ ប្រធាន​បេសកកម្ម​កាន់​កូនសោ​បព្វជិតភាព ​ដែល​អាច​ជួយ​ពួកគាត់​ឲ្យ​ណែនាំ​ដល់​កិច្ចការ​នៃ​ពួក​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ដែល​ពួកគាត់​ដឹកនាំ ។4 ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​ត្រូវ​បាន​បំពាក់បំប៉ន ​ដើម្បី​បង្រៀន​មនុស្ស​ដែល​ត្រូវបាន​រៀបចំ​ដើម្បី​ទទួល​​ដំណឹងល្អ ។ ពួកគេ​ជួយ​សមាជិក​ជាមួយ​នឹង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​សមាជិក ។ ដូច្នេះ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា និង​សមាជិក​គឺ​ជា​ដៃគូ​នៅ​ក្នុង​ការ​នាំ​យក​ដំណឹងល្អ​ ចូល​ទៅ​ក្នុង​ជីវិត​នៃ​ជន​ដែល​ព្រះអម្ចាស់​បាន​រៀបចំ​ដើម្បី​ទទួល​ដំណឹងល្អ ។

អំឡុង​ពេល​នៃ​ការ​ចាក់​ផ្សាយ​នេះ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​មាន​ប្រសាសន៍​ថា ៖ « ឥឡូវ​នេះ​គឺជា​ពេល​សម្រាប់​សមាជិក​ទាំងឡាយ និង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​មក​ទាំងអស់​គ្នា ធ្វើ​ការ​រួម​គ្នា ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ព្រះអម្ចាស់​ ដើម្បី​នាំ​យក​ព្រលឹង​ទាំងឡាយ​ទៅ​កាន់​ទ្រង់ ។ ទ្រង់​បាន​រៀប​ចំ​មធ្យោបាយ​សម្រាប់​យើង​ដើម្បី​ចែកចាយ​ដំណឹងល្អ​នេះ​តាម​របៀប​ជា​ច្រើន ហើយ​ទ្រង់​នឹង​ជួយ​យើង​នៅ​ក្នុង​កិច្ចការ​របស់​យើង​ ប្រសិន​បើ​យើង​នឹង​ធ្វើ​វា​ដោយ​សេចក្ដី​ជំនឿ​នៅ​ក្នុង​ការ​បំពេញ​កិច្ចការ​របស់​ទ្រង់ » ។5

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់​បាន​មាន​ប្រសាសន៍​ពី​សារៈ​សំខាន់​​នៃ​សេចក្ដីស្រឡាញ់ ។ លោក​បាន​មាន​ប្រសាសន៍​ថា « យើង​ធ្វើ​ការ​រួម​គ្នា​ក្នុង​សេចក្ដី​ជំនឿ និង​សាមគ្គីភាព—ជា​សេចក្ដី​ជំនឿ​ថា ព្រះអម្ចាស់​នឹង​ដឹកនាំ​ជំហាន និង​សាមគ្គីភាព​របស់​យើង​រវាង​គ្នា​នឹង​គ្នា និង​​ជា​មួយ​នឹង​ពួក​អ្នកផ្សព្វ​ផ្សាយ​សាសនា បាន​លើក​កម្ពស់​ដោយ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ [ ព្រះយេស៊ូវ​គ្រីស្ទ ] ជានិច្ច ជា​សេចក្ដី​ស្រឡាញ់​របស់​យើង​រវាង​គ្នា​នឹង​គ្នា និង​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​មនុស្ស​ដែល​យើង​បម្រើ » ។6

ក្រុមប្រឹក្សា​វួដ​ដឹកនាំ ពួក​អ្នកដឹកនាំ​បេសកកម្ម​វួដ​សម្រប​សម្រួល

នៅ​ក្រោម​ការ​ដឹកនាំ​របស់​ប៊ីស្សព ក្រុម​ប្រឹក្សា​វួដចាត់ចែង គាំទ្រ ហើយ​សម្របម្រួល​ដល់​កិច្ចការ​របស់​សមាជិក​វួដ​ដោយ​រៀបចំ​ផែនការ ហើយ​ដឹកនាំ​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ​សម្រាប់​វួដ ។7

ក្នុងនាម​ជា​សមាជិក​ម្នាក់​នៅ​ក្នុងក្រុម​ប្រឹក្សា​វួដ នោះ​អ្នកដឹកនាំ​បេសកកម្ម​វួដ « សម្របសម្រួល​ដល់​កិច្ចការ​របស់​វួដ​ក្នុងការ​ស្វែង​រក បង្រៀន ហើយ​ជ្រមុជទឹក​ដល់​ពួក​អ្នក​រៀន​ថ្មី » ។ គាត់​សម្របសម្រួល​កិច្ចការ​នេះ​ជាមួយ​នឹង​កិច្ចការ​របស់​​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង » ។8

អែលឌើរ ណិលសុន បាន​មាន​ប្រសាសន៍​ទៅកាន់​​ពួក​អ្នក​ដឹកនាំ​បេសកកម្ម​វួដ​ថា ៖ « សូម​ជួយ​ដល់ [ ពូក​អ្នក​ផ្សព្វផ្សាយ​សាសនា ] ដើម្បី​បំពេញសៀវភៅ​ណាត់​ជួប​របស់​ពួកគេ​ជាមួយ​នឹង​ឱកាស និង​ការ​ណាត់​ជួប​ល្អៗ ដើម្បី​ពួកគេ​ពុំ​ចាំបាច់​ត្រូវ​ទៅ​គោះទ្វារ​ស្វែង​រក​មនុស្ស​ដើម្បី​បង្រៀន ។ …[ អ្នក ] គឺជា​តំណ​ដែល​តភ្ជាប់​រវាង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ក្រុម​ប្រឹក្សា​វួដ និង​សមាជិក​ក្នុង​វួដ » ។9

គំនូសសម្គាល់ពិត​នៃភាព​ជោគជ័យ​​

ក្នុងនាម​ជា​​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ យើង​មាន​ពរ​ដោយ​បាន​រស់​នៅ​ក្នុង​គ្រា​នេះ​ ដែល​ព្រះ​អម្ចាស់​កំពុង​ពន្លឿន​ដល់​កិច្ចការ​របស់​ទ្រង់ ។ ដោយ​សារ​ព្រះ​មាន​គោលបំណង​មួយ​នៅ​ក្នុង​ការ​ដាក់​យើង​ឲ្យ​រស់​នៅ​លើ​ផែនដី​នេះ​នៅ​គ្រានេះ នោះ​យើង​មាន​សមត្ថភាពធ្វើ​ច្រើន​លើស​ពី​យើង​គិត​ដល់ទៅ​ទៀត ។ ដរាបណា យើង​ឈោង​ដៃទៅ​ជួយ​ដោយសេចក្ដីសប្បុរស និង​សេចក្ដីស្រឡាញ់​ដល់​មនុស្ស​ដែល​ត្រូវការ​មិត្តភាព និង​ជំនួយ​របស់​យើង នោះ​យើង​នឹង​មិន​បរាជ័យ​ឡើយ ។ ភាព​ជោគ​ជ័យ​របស់​អ្នកផ្សព្វផ្សាយ​សាសនា​កើត​មាន​ឡើង ​តាមរយៈ​ការ​ធ្វើ​តាម​ការ​បំផុស​គំនិត​ដែល​មាន​នៅ​ក្នុង​គំនិត និង​ដួង​ចិត្ត​របស់​យើង និង​ការ​អញ្ជើញ​ដ៏សាមញ្ញ​ឲ្យ​មនុស្ស​ដទៃ​ទៀត​ ឲ្យចូល​មក​ក្នុង​ជីវិត​របស់​យើង​ដែល​ផ្អែក​ទៅ​លើ​ដំណឹងល្អ ។ ការ​អញ្ជើញ​នេះ​គឺជាគំនូសសម្គាល់​ពី​ភាព​ជោគជ័យ ដោយ​មិនគិត​ថា​មនុស្ស​ទូទៅ​នឹង​ទទួល​បុណ្យ​ជ្រមុជទឹក ឬ​ប្រែក្លាយ​ជា​សកម្ម​នៅ​ក្នុង​សាសនាចក្រ​នោះ​ទេ ។ ដូចជា​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់​បាន​មាន​ប្រសាសន៍​ពី​ពលទ័ព​ដ៏​អស្ចារ្យ​នៃ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ដែល​ឥឡូវ​នេះកំពុង​ចូល​ទៅ​ក្នុង​បេសកកម្ម​របស់​ខ្លួន​ថា ៖ « ឥឡូវ​នេះ​ជាគ្រា​ដែល​យើង​ត្រូវ​និយាយ​ថា ‹ មើលន៎ ពួកគេចេញមកហើយ › ។ យើង​ទាំងអស់​គ្នា​ត្រូវ​តែ​មាន​ផែនការ ហើយ​ប្រើ​ធនធាន​នេះ​ដែល​បាន​បញ្ជូន​មកពី​​សួគ៌ា​តាម​របៀប​ដ៏​មាន​ប្រយោជន៍​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន » ។10

វាគឺជា​គ្រា​សម្រាប់​យើង​ទាំងអស់​គ្នា​យល់​កាន់តែ​ច្បាស់​ អំពី​តួនាទី​របស់​យើង​នៅ​ក្នុង​ការ​ពន្លឿន​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ ។ នៅ​ពេល​យើង​ធ្វើ​ឲ្យ​កិច្ចការ​ផ្សព្វផ្សាយ​របស់​សមាជិក ការ​ថែរក្សាទុក​អ្នក​ផ្លាស់ប្រែចិត្ត​ជឿ ការ​ធ្វើ​ឲ្យ​សមាជិក​មិន​សូវ​សកម្ម​បាន​សកម្ម​ឡើង​វិញ កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ និង​ការ​បង្រៀន​ដំណឹងល្អ ក្លាយ​ទៅ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​យើង នោះ​យើង​នឹង​ទទួល​បាន​នូវ​សេចក្ដី​អំណរ​ដ៏​អស្ចារ្យ ហើយ​ទទួល​បាន​នូវ​អំណោយទាន​ខាង​វិញ្ញាណ ​ដែល​យើង​ត្រូវការ​ដើម្បី​ពង្រឹង​ដល់​សាសនាចក្រ​​នៅ​ក្នុង​សតវត្សរ៍​ទី 21 នេះ ។

កំណត់​ចំណាំ

  1. សូមមើលក្បួនខ្នាតភាគ 2 ៖ ការគ្រប់គ្រងសាសនាចក្រ ( ឆ្នាំ 2010 ) ជំពូក 5 ។

  2. រ័សុល អិម ណិលសុនកិច្ចការ​នៃសេចក្ដីសង្គ្រោះ ៖ ការ​ចាក់ផ្សាយ​ភាព​ជា​អ្នកដឹកនាំ​ទូទាំង​ពិភព​លោក ថ្ងៃទី 23 ខែ មិថុនា ឆ្នាំ 2013 hasteningthework.lds.org ។

  3. សូមមើលក្បួនខ្នាតភាគ 2 ចំណុច 5.1.6; 5.1.9 ។

  4. សូមមើលក្បួនខ្នាតភាគ 2 ចំណុច 5.1.6 ។

  5. ថូម៉ាស អេស ម៉នសុន កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ hasteningthework.lds.org ។

  6. នែល អិល អាន់ឌើរសិន កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ hasteningthework.lds.org ។

  7. សូមមើលក្បួន​ខ្នាត​​ភាគ 2 ចំណុច 5.1.2 ។

  8. ក្បួតខ្នាត​ភាគ 2 ចំណុច 5.1.3 ។

  9. រ័សុល អិម ណិលសុនកិច្ចការ​នៃ​សេចក្ដីសង្គ្រោះ hasteningthework.lds.org ។

  10. ជែហ្វ្រី អ័រ ហូឡិនកិច្ចការ​នៃ​សេចក្ដីសង្គ្រោះ hasteningthework.lds.org ។

រចនារូបថតដោយ ដាវីឌ ស្តូឃឺ

រចនា​រូបថត​ដោយ ចន លូកា និង កូឌី ប៊ែល 

បោះពុម្ព