តើម៉ាថាយនឹងត្រឡប់មកវិញដែរទេ ?
ឈ្មោះត្រូវបានដកចេញ
យើងមានយុវជនមួយក្រុមដ៏រឹងមាំនៅក្នុងវួដរបស់យើង ប៉ុន្តែកូនប្រុសរបស់យើងម៉ាថាយបានសេពគប់នឹងអ្នកដែលពុំមែនជាសមាជិកដែលចូលចិត្តរថយន្ត និងអ្វីៗដែលទាក់ទងនឹងគ្រឿងម៉ាស៊ីនដូចគាត់ដែរ ។ ជាអកុសល យុវជនម្នាក់នេះមកពីគ្រួសារដែលពុំឲ្យតម្លៃដល់សាសនា ។ ឪពុកម្ដាយគាត់បានបណ្តោយឲ្យមានការផឹកស្រា និងការជក់បារីនៅក្នុងផ្ទះរបស់ខ្លួន ហើយពុំជឿថា ការមានភាពស្អាតស្អំខាងសីលធម៌ជាការសំខាន់នោះឡើយ ។
ម៉ាថាយបានទទួលចំណាត់ថ្នាក់ដ៏ល្អបំផុតនៅក្នុងក្រុមកាយរឹទ្ធិ ប៉ុន្តែគាត់ពុំបានចូលរួមនៅក្នុងការប្រជុំប្រគល់រង្វាន់ទេ ដោយសារគាត់បានឈប់រស់នៅតាមបទដ្ឋាននៃក្រុមកាយរឹទ្ធិ ។ ខ្ញុំបានប្រមូលរាល់មេដាយនៃក្រុមកាយរឹទ្ធិរបស់គាត់ ហើយដាក់វាក្នុងស៊ុមតាំងមួយ ។ បន្ទាប់មកខ្ញុំរៀបចំទុកដាក់វា ដោយសង្ឃឹមថានៅថ្ងៃណាមួយវានឹងមានតម្លៃចំពោះគាត់វិញ ។ លុះដល់គាត់មានអាយុ 16 ឆ្នាំ ម៉ាថាយបានជក់បារី ផឹកស្រា ហើយប្រើថ្នាំញៀន ។ គាត់បានឈប់រៀន ហើយទៅរស់នៅជាមួយនឹងមិត្តស្រីរបស់គាត់ ។ អស់រយៈពេលពីរបីឆ្នាំ យើងកម្រនឹងបានឃើញគាត់ណាស់ ។
យើងមានការពិបាកនៅក្នុងចិត្តយ៉ាងខ្លាំង ។ យើងពុំដឹងថា គាត់នឹងវិលត្រឡប់មករកគ្រួសារ និងសាសនារបស់គាត់វិញនោះទេ ប៉ុន្តែយើងបានសម្រេចចិត្តធ្វើតាមគំរូរបស់អាលម៉ានៅក្នុងការប្រឈមមុខនឹងកូនប្រុសរបស់គាត់ដែលវង្វេងផ្លូវ ។ អាលម៉ាបានបន្តស្រឡាញ់កូនប្រុសរបស់គាត់ ហើយបានអធិស្ឋានដោយសេចក្ដីជំនឿថា កូនប្រុសគាត់ « បាននាំមកឲ្យស្គាល់នូវសេចក្ដីពិត » ( ម៉ូសាយ 27:14 ) ។
យើងបានអធិស្ឋានដោយទៀងទាត់ថា ព្រះអម្ចាស់ដឹកនាំជីវិតរបស់ម៉ាថាយ ហើយយើងចាប់យកគ្រប់ឱកាសដើម្បីសម្ដែងពីទំហំនៃសេចក្ដីស្រឡាញ់ដែលយើងមានចំពោះគាត់ទាំងតាមពាក្យសម្ដី និងសកម្មភាព ។ នៅពេលគាត់បានមកផ្ទះ យើងពុំបាននិយាយអ្វីដែលគាត់អាចគិតថាជាការរិះគន់ ឬវិនិច្ឆ័យនោះទេ ។ យើងគ្រាន់តែបង្ហាញពីសេចក្ដីអំណររបស់យើងដោយបានឃើញគាត់ ។
មានថ្ងៃមួយម៉ាថាយបានមកផ្ទះ ហើយបាននិយាយថាគាត់មានរឿងចង់ពិភាក្សា ។ គាត់បាននិយាយថា គាត់បានជួបនឹងនារីម្នាក់នៅឯពិធីជប់លៀងមួយ ហើយនាងបានសួរពីសាសនាចក្រ ។ ពីមុនគាត់អាចប្រាប់នាងពីរឿងនោះ គាត់ពុំបានដឹងពីចម្លើយនោះទេ ប៉ុន្តែពាក្យបានចាប់ផ្ដើមចេញពីមាត់របស់គាត់ ។ គាត់បានរកឃើញថាខ្លួនឯងកំពុងឆ្លើយនឹងសំណួររបស់នាងបានយ៉ាងលឿននៅពេលនាងសួរ ។ ម៉ាថាយបាននិយាយថា គាត់ពុំចាំថាគាត់បានរៀននូវរឿងដែលគាត់បាននិយាយនោះឡើយ ប៉ុន្តែគាត់បានដឹងសម្ដីរបស់គាត់គឺជាការពិត ។ គាត់បានងឿងឆ្ងល់ថាហេតុអ្វីជាគាត់រស់នៅបែបនេះ នៅពេលគាត់នៅជឿលើដំណឹងល្អនោះ ។
បន្ទាប់ពីការសញ្ជឹងគិតយ៉ាងខ្លាំងអស់រយៈពេលបីថ្ងៃ គាត់បានសម្រេចចិត្តលះបង់ចោលនូវជីវិតដែលបានធ្លាប់រស់នៅពីមុន ។ គាត់បានត្រឡប់មកផ្ទះដើម្បីសុំជំនួយក្នុងការចាប់ផ្ដើមសារជាថ្មី ។
ម៉ាថាយបានទូរស័ព្ទទៅបងប្អូនជីដូនមួយនៅរដ្ឋផ្សេង ដែលបានយកឈ្នះការលំបាកស្រដៀងគ្នានេះដែរ ហើយបានសុំឲ្យគាត់មកនៅជាមួយ ។ បងប្អូនជីដូនមួយគាត់បានយល់ព្រម ហើយម៉ាថាយបានចាប់ផ្ដើមចូលរួមការប្រជុំក្នុងសាសនាចក្រជាមួយគាត់ ហើយបានជួបនឹងប៊ីស្សពដើម្បីទទួលជំនួយក្នុងដំណើរការប្រែចិត្ត ។ គាត់បានទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់ និងការគាំទ្រ ហើយបានប្រែក្លាយជាសកម្មនៅក្នុងសាសនាចក្រ ។
នៅទីបំផុតគាត់បានជួបនឹងយុវនារីដ៏សុចរិតគួរឲ្យស្រឡាញ់ម្នាក់ ។ ពួកគេបានស្រឡាញ់គ្នា ហើយបានរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ ។
នៅពេលកូនដំបូងរបស់ពួកគេបានកើតមក ខ្ញុំបានទៅលេង ហើយបានយកស៊ុមដាក់តាំងដែលខ្ញុំបានធ្វើសម្រាប់មេដាយនៃក្រុមកាយរឹទ្ធិរបស់គាត់ ។ គាត់មានចិត្តរំភើប ហើយបានដាក់ព្យួរនៅកន្លែងមួយក្នុងផ្ទះរបស់ដោយមោទនភាព ។
ទេវតាពុំបានបង្ហាញខ្លួនដល់កូនប្រុសរបស់យើង ដូចដែលបានកើតឡើងចំពោះអាលម៉ាជាកូននោះទេ ។ ប៉ុន្តែការវិលត្រឡប់មករកសេចក្ដីពិតវិញរបស់ម៉ាថាយគឺជាអព្ភូតហេតុមួយ ។