ត្រៀមខ្លូនសម្រាប់ថ្ងៃចម្បាំង
![អែលឌើរ អេកាដូហ្គាវ៉ារ៉ែត](https://www.lds.org/bc/content/shared/content/images/leaders/eduardo-gavarret.jpg)
ដោយដាក់សេចក្ដីទុកចិត្តរបស់យើងលើព្រះអង្គសង្គ្រោះ ជាព្រះអម្ចាស់នៃពួកពលបរិវារ សូមឲ្យយើងបានរៀបចំខ្លួន ហើយមិនបរាជ័យនៅឯសមរភូមិ ។
ក្នុងឆ្នាំ 1485 ស្តេចរីឆាដទី 3 បានសោយរាជ្យនៅប្រទេសអង់គ្លេស ។ វាជាពេលអថេរភាព ហើយសេ្តចរីឆាដត្រូវការពាររាជបល្ល័ង្ករបស់ខ្លួនជាច្រើនដង ។ ប៉ុន្តែគាត់ជាទាហានជើងចាស់ដែលមានជំនាញខាងយោធា មានចិត្តក្លាហាន ហើយឈ្លាសវៃ ទ្រង់មានទ័ពពី 8,000 ទៅ 10,000 នាក់ ។
ក្នុងឆ្នាំដដែលនោះ មានបុរសម្នាក់ដែលចង់ធ្វើជាស្ដេចនៅអង់គ្លេស ឈ្មោះ ហេនរី ធូឌ័រ ជាព្រះអម្ចាស់នៃរីចមិន បានបបួលរីឆាដតតាំងគ្នានៅកន្លែងមួយដែលឲ្យឈ្មោះថា ៖ វាលបូសវឺថ ។ ផ្ទុយពីរីឆាដ ហេនរីមានបទពិសោធន៍តិចតួចក្នុងការធ្វើសឹកសង្គ្រាម ហើយពលទ័ពរបស់ទ្រង់មានតែ 5,000 នាក់ប៉ុណ្ណោះ ។ ប៉ុន្តែនៅក្បែរខ្លួនទ្រង់មានពួកប្រឹក្សាល្អជាច្រើន—ជាបុរសថ្លៃថ្នូរដែលធ្លាប់ប្រឡូកនៅក្នុងសឹកសង្គ្រាមស្រដៀងគ្នានេះ ។ ព្រឹកនៃចម្បាំងនោះបានមកដល់ ហើយអ្វីៗគ្រប់យ៉ាងបានប្រាប់ថាសេ្តចរីឆាដនឹងទទួលបានជ័យជំនះ ។
មានរឿងព្រេងប្រវត្តិសាស្ត្រដ៏ល្បីល្បាញមួយបានសង្ខេបពីព្រឹត្តិការណ៍នៃថ្ងៃទី 22 ខែ សីហា ឆ្នាំ 1485 ។ នៅព្រឹកនោះ សេ្តចរីឆាដ និងទ័ពរបស់ទ្រង់បានរៀបចំខ្លួនដើម្បីច្បាំងនឹងទ័ពរបស់ហេនរី ។ អ្នកឈ្នះសឹកសង្គ្រាមនេះនឹងក្លាយជាអ្នកគ្រប់គ្រងប្រទេសអង់គ្លេស ។ មិនយូរប៉ុន្មានពីមុនចម្បាំងនោះ សេ្តចរីឆាដ បានឲ្យអ្នកបម្រើម្នាក់ទៅមើលថា តើសេះដ៏ចំណានរបស់ទ្រង់បានរៀបចំរួចហើយឬនៅ ។
អ្នកបម្រើនោះបានបញ្ជាជាងដែកថា « ពាក់ដែកក្រចកជើងសេះឲ្យវាឆាប់ឡើងទៅ » ។ « ព្រះអង្គមានព្រះបំណងចង់ជិះវានៅពីមុខពលទ័ពរបស់ទ្រង់ » ។
ជាងដែកនោះបានឲ្យអ្នកបម្រើនោះត្រូវតែរង់ចាំសិន ។ គាត់បាននិយាយថា « ខ្ញុំបានបំពាក់ក្រចកដែកពាក់ឲ្យជើងសេះឲ្យទ័ពទាំងមូលរបស់ស្តេចក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ហើយឥឡូវនេះខ្ញុំត្រូវទៅយកដែកមកថែមទៀត » ។
អ្នកបម្រើដែលមានចិត្តតក់ក្រហល់រូបនោះបាននិយាយថា គាត់មិនអាចរង់ចាំបានទេ ។ គាត់បាននិយាយ « ពេលនេះសត្រូវរបស់ស្តេចកំពុងតែសម្រុកចូលមកហើយ យើងត្រូវជួបពួកគេនៅទីលាននោះ » ។ « ធ្វើតាមអ្វីដែលឯងមានទៅ » ។
ស្របតាមបញ្ជា ជាងដែកនោះបានធ្វើតាមលទ្ធភាពដែលគាត់អាចធ្វើបាន ដោយធ្វើក្រចកដែកពាក់ជើងសេះទាំងបួនពីដែកមិនល្អ ។ បន្ទាប់ពីយកញញួរមកដំដែកនោះមក គាត់បានពាក់ដែកក្រចកបីទៅឲ្យសេះ ។ ប៉ុន្តែ នៅពេលគាត់កំពុងរួសរាន់ជាមួយនឹងដែកក្រចកទីបួន គាត់បានដឹងថាគាត់ពុំមានដែកគោលគ្រប់គ្រាន់ទេ ។
គាត់បានប្រាប់អ្នកបម្រើនោះថា « ខ្ញុំត្រូវការក្រចកមួយ ឬពីរទៀត ហើយវាត្រូវការពេលមួយចំនួនដើម្បីដំវា » ។
ប៉ុន្តែអ្នកបម្រើនោះ ពុំអាចរង់ចាំទៀតបានឡើយ ។ គាត់បានប្រាប់ថា « ឥឡូវខ្ញុំបានឮសំឡេងត្រែហើយ » ។ « តើឯងមិនអាចប្រើអ្វីដែលឯងមានបានទេឬអី ? »
ជាងដែកនោះបានតបថា គាត់នឹងប្រឹងឲ្យអស់ពីលទ្ធភាព ប៉ុន្តែគាត់មិនធានាថា ដែកក្រចកទីបួននៅជាប់នឹងជើងនោះឡើយ ។
អ្នកបម្រើនោះបានបញ្ជា « ដាក់ដែកគោលចូលទៅ » ។ « ប្រញ៉ាប់ឡើង បើមិនដូច្នោះទេស្តេចរីឆាដនឹងខ្ញាល់យើងទាំងពីរនាក់ជាពុំខានឡើយ » ។
មិនយូរប៉ុន្មានចម្បាំងនោះបានចាប់ផ្ដើម ។ ដើម្បីរៀបចំទ័ពរបស់ទ្រង់ស្តេច រីឆាដបានជិះសេះចុះឡើងនៅទីលាននោះ ដោយការច្បាំង និងដោយស្រែកជម្រុញពួកគេថា « ឆ្ពោះទៅមុខ ! ឆ្ពោះទៅមុខ ! »
ប៉ុន្តែ នៅពេលសេ្តចរីឆាដមើលទៅផ្នែកម្ខាងទៀតនៃទីលាននោះ ទ្រង់បានឃើញទ័ពរបស់ទ្រង់មួយចំនួនកំពុងតែដកថយ ។ ដោយខ្លាចថាទ័ពរបស់ទ្រង់ផ្សេងទៀតចាប់ផ្ដើមដកថយ នោះទ្រង់បានផាយសេះយ៉ាងលឿនទៅកន្លែងដែលត្រូវគេវាយប្រហារដើម្បីលើកទឹកចិត្តដល់ពួកគេ ។ ប៉ុន្តែពីមុនសេ្តចរីឆាដបានទៅដល់ពួកគេ នោះសេះរបស់ទ្រង់បានជំពប់ជើងដួល ដោយគ្រវែងទ្រង់ធ្លាក់ទៅលើដី ។ ដូចដែលជាងដែកបានព្រួយបារម្ភមែន មានក្រចកជើងដែកមួយបានរបូតចេញ នៅពេលស្តេចនោះកំពុងផាយសេះយ៉ាងលឿន ។
សេ្តចរីឆាដបានស្ទុះងើបឡើងពីដី នៅពេលសេះរបស់ទ្រង់បានក្រោកឡើង ហើយរត់ផាយទៅបាត់ ។ នៅពេលទ័ពរបស់ទ្រង់ហេនរីកំពុងមានប្រៀប នោះសេ្តចរីឆាដបានលើកដាវរបស់ទ្រង់គ្រវីឡើងលើ ដោយស្រែកថា « សេះ ! សេះ ! យើងនឹងប្ដូរនគររបស់យើងនឹងសេះឥឡូវនេះ ! »
ប៉ុន្តែវាយឺតពេលទៅហើយ ។ នៅពេលនោះ ទ័ពរបស់សេ្តចរីឆាដបានរត់គេចដោយភ័យខ្លាច នឹងទ័ពហេនរីដែលកំពុងមានប្រៀប ហើយចម្បាំងនោះបានទទួលបរាជ័យ ។ ចាប់ពីពេលនោះមក មនុស្សទូទៅបន្លឺនូវសុភាសិតថា ៖
ដោយសារគ្មានដែកគោលមួយ នោះដែកក្រចកជើងសេះមួយត្រូវបានរបូត
ដោយសារគ្មានដែកក្រចកជើង សេះរត់ទៅបាត់ ។
ដោយសារគ្មានសេះ ចម្បាំងត្រូវបរាជ័យ
ដោយសារចង់បានចម្បាំង នគរត្រូវរលាយបាត់
អ្វីទាំងអស់គឺអាស្រ័យទៅនឹងដែកគោលមួយនៃក្រចកជើងសេះ ។1
ការកាន់ខ្ជាប់នឹងគោលការណ៍របស់យើង
នៅពេលខ្ញុំគិតពីដំណើររឿងនេះ ខ្ញុំសញ្ជឹងគិតពីរបៀបដែល ក្រចកជើងសេះដោយបោះដែកគោលភ្ជាប់យ៉ាងរាក់នឹងជើងរបស់សេះ នាំកើតឲ្យមានភាពផ្ទុយស្រឡះនៅក្នុងព្រឹត្តិការណ៍នានា ។ យើងអាចប្រៀបធៀបការខ្វះដែកគោកក្រចកជើងសេះទៅនឹងគោលការណ៍នៃដំណឹងល្អ ។ ការខ្វះគោលការណ៍នៃដំណឹងល្អ និងគុណតម្លៃដែលមាននៅក្នុងគោលការណ៍ទាំងនោះ ហើយនិងការអនុវត្ត អាចធ្វើឲ្យយើងបាត់បង់នូវជំនួយនៅលើទីលានចម្បាំងប្រឆាំងនឹងការល្បួង និងអំពើអាក្រក់ ។
តើការអនុវត្តអ្វីខ្លះដែលកំពុងខ្វះខាតនៅក្នុងជីវិត និងក្រុមគ្រួសាររបស់យើង ? តើយើងកំពុងតែអាក់ខាននឹងធ្វើការអធិស្ឋានផ្ទាល់ខ្លួន ឬជាគ្រួសារមែនទេ ? ការសិក្សាព្រះគម្ពីរដោយចិត្តឧស្សាហ៍មែនទេ ? រាត្រីជួបជុំក្រុមគ្រួសារជាទៀងទាត់មែនទេ ? ការបង់ដង្វាយមួយភាគក្នុងដប់ពេញលេញមែនទេ ? ការបម្រើដល់បងប្អូនប្រុសស្រីរបស់យើងមែនទេ ? ការគោរពថ្ងៃបរិសុទ្ធមែនទេ ? ការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធមែនទេ ? ការស្រឡាញ់អ្នកជិតខាងយើងមែនទេ ?
យើងម្នាក់ៗអាចសម្លឹងមើលក្នុងខ្លួនយើង ហើយរកនូវអ្វីដែលយើងខ្វះចន្លោះ—ដែលជាគោលការណ៍ ឬការអនុវត្តដែលយើងត្រូវកាន់ខ្ជាប់ឲ្យរឹងមាំថែមទៀតនៅក្នុងជីវិតរបស់យើង និងនៅក្នុងក្រុមគ្រួសាររបស់យើង ។ រួចហើយ បន្ទាប់ពីយើងបានរកឃើញគោលការណ៍ ឬការអនុវត្តនោះ យើងអាចធ្វើដោយចិត្តឧស្សាហ៍ និងការតាំងចិត្តដើម្បី ដាក់ក្រចកនោះឲ្យជាប់ ដើម្បីរស់នៅតាមគោលការណ៍នោះឲ្យបានពេញលេញ និងដើម្បីរៀបចំខ្លួនយើង និងក្រុមគ្រួសារឲ្យបានប្រសើរដើម្បីការពារអ្វីដែលត្រឹមត្រូវ ។
នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ព្រះអម្ចាស់បានទូន្មានថា « ចូរយើងយកសេចក្ដីសង្គ្រោះទុកជាមួកសឹក និង ដាវរបស់ព្រះវិញ្ញាណរបស់យើងដែលយើងនឹងចាក់មកលើអ្នក និង ព្រះបន្ទូលរបស់យើងដែលយើងបើកសម្ដែងដល់អ្នក ហើយ …មានចិត្តស្មោះត្រង់រហូតដល់យើងត្រឡប់មកវិញ » ( 27:18 ) ។
ព្រះអង្គសង្គ្រោះបានសន្យាចំពោះពួកអ្នកបម្រើស្មោះត្រង់របស់ទ្រង់ថា « ដៃរបស់ពួកគេនឹងបានទៅជាពាហុរបស់យើង ហើយនឹងធ្វើជាខែលរបស់ពួកគេ និងជាប្រដាប់ការពាររបស់ពួកគេ ហើយយើងនឹងក្រវាត់ចង្កេះរបស់ពួកគេ ហើយពួកគេនឹងច្បាំងយ៉ាងក្លាហានជំនួសយើង …ហើយដោយសារភ្លើងនៃសេចក្ដីក្ដៅក្រហាយរបស់យើង នោះយើងនឹងរក្សាទុកឲ្យពួកគេបានគង់វង្ស » ( គ. និង ស. 35:14 ) ។
ដូចជាសុភាសិតបានចែង សូមឲ្យយើងបានចងចាំថា ទោះជា « ត្រៀមសេះទុកសម្រាប់ថ្ងៃសឹកសង្គ្រាម តែការដែលមានជ័យជំនះនោះស្រេចនៅព្រះយេហូវ៉ាទេ » ( 21:31 ) ។ សូមឲ្យយើងធ្វើតាមការអញ្ជើញរបស់មរ៉ូណៃឲ្យ « ចូរមករកព្រះគ្រីស្ទ ហើយឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់ » ( មរ៉ូណៃ 10:32 ) ។ ហើយសូមឲ្យយើងបានរៀបចំខ្លួន ហើយមិនបរាជ័យនៅឯសមរភូមិប្រឆាំងនឹងអំពើអាក្រក់ ដោយដាក់សេចក្ដីទុកចិត្តរបស់យើងលើព្រះអង្គសង្គ្រោះ ជាព្រះអម្ចាស់នៃពួកពលបរិវារ ។
រចនាដោយ ហ្គ្រេក ញ៉ូវបូល