២០១៣
តើ​ខ្ញុំ​អាច​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ជោគជ័យ​ម្នាក់​បាន​ដោយ​របៀប​ណា ?
Oct 2013


តើ​ខ្ញុំ​អាច​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ជោគជ័យ​ម្នាក់​បាន​ដោយ​របៀប​ណា ?

អ្នកនិពន្ធ​រស់​នៅ​ក្នុង​រដ្ឋ មេន ស.រ.អា. ។

មិន​ថា​ដៃគូខ្ញុំ និង​ខ្ញុំ​ធ្វើ​ការ​ខ្លាំង​ប៉ុណ្ណា​នោះ​ទេ គឺ​មនុស្ស​គ្រប់គ្នា​បាន​បដិសេធ​នូវ​សារលិខិត​របស់​យើង ។ តើ​ពួក​យើង​គួរ​ធ្វើ​អ្វី​ទៅ​ដើម្បី​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ជោគជ័យ​នោះ ?

ខ្ញុំ​បាន​បម្រើ​បេសកកម្ម​មួយ​ឆ្នាំ​ជាង ហើយ​​ខ្ញុំ​បាន​ជួប​នឹង​គ្រា​ដ៏​លំបាក​បែប​នេះ​ម្តង ។ យើង​ស្ថិន​នៅគ្រា​មួយ​គួរ​ឲ្យ​សង្វេគ​ចិត្ត—ដោយ​រដូវ​រងារ​ទើប​តែ​បញ្ចប់​ហើយ​ឈាន​ចូល​និទាយឃរដូវ ។ មិន​ថា​ដៃគូខ្ញុំ និង​ខ្ញុំ​ធ្វើ​ការ​ខ្លាំង​ប៉ុណ្ណា​នោះ​ទេ គឺ​មនុស្ស​គ្រប់គ្នា​ដែល​យើង​បាន​និយាយ​រក​បាន​បដិសេធ​នូវ​សារលិខិត​របស់​យើង​ភ្លាម ។ នៅ​ពេល​យើង​ជួប​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេងទៀត យើង​បាន​ដឹង​ថា កិច្ចការ​របស់​ពួកគេ​កំពុង​មាន​ដំណើរ​ការ​ទៅ​យ៉ាង​ល្អ ។ ខ្ញុំ​គិត​មិន​ឃើញ​សោះ​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យើង​ជួបការបរាជ័យ ​បែបនេះ ។ ខ្ញុំ​បាន​បម្រើ​យូរ​ក្រែល​ហើយ​ដែរ​ល្មម​នឹង​និយាយ​ភាសា​បាន​ល្អ ដៃគូខ្ញុំ និង​ខ្ញុំ​ជា​មិត្ត​ល្អ យើង​បាន​ធ្វើ​ឲ្យ​សមាជិក​ទុកចិត្ត ហើយ​យើង​បាន​ព្យាយាម​ធ្វើ​តាម​ព្រះវិញ្ញាណ ហើយ​​គោរពប្រតិបត្តិ​ច្បាប់​បេសកកម្ម​យ៉ាង​ម៉ឺងម៉ាត់ ។

ប៉ុន្តែ​មិន​ថា​យើង​ធ្វើ​អ្វី​នោះ​ទេ យើង​ត្រូវ​បាន​ប្រឈម​មុខ​នឹង​ការបដិសេធ​គ្រប់​ទីកន្លែង ។ ដោយ​ហេតុ​ការណ៍​នេះ​ចេះ​តែ​កន្លង​ទៅ​មួយ​សប្ដាហ៍​ហើយ​មួយ​សប្ដាហ៍​ទៀត ខ្ញុំ​បាន​អនុញ្ញាត​ឲ្យ​ការ​ឈឺចាប់​នោះ​គ្រប់​គ្រង​លើ​ខ្លួន​ខ្ញុំ ។ នៅ​ពេល​រៀបចំ​ផែនការ​មួយ នៅ​ទីបំផុត​ខ្ញុំ​បាន​ស្រែក​ថា « តើ​ធ្វើ​វា​បាន​ប្រយោជន៍​អី​ទៅ ? » បើ​គ្មាន​នរណា​ម្នាក់​នឹង​ស្ដាប់​យើង​ផង​នោះ » ។ ដោយ​មាន​ទស្សនវិស័យ​ប្រសើរ​ជាងខ្ញុំ នោះ​ដៃ​គូ​ខ្ញុំ​បាន​ឆ្លើយ​ដោយ​សាមញ្ញ​ថា « យើង​ដាក់​គោលដៅ​ដើម្បី​បង្ហាញ​ពី​សេចក្ដីជំនឿ​របស់​យើង ។ យើង​តាម​ដាន​គោលដៅ​នានា ​ដើម្បី​រាប់ពី​ពរជ័យ​របស់​យើង » ។

ខ្ញុំ​បាន​សញ្ជឹង​គិត​ពី​គំនិត​របស់​គាត់ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​បាន​ធ្វើ​ការ​វាស់​វែង​ខុស​នៅ​ក្នុង​ការ​វិនិច្ឆ័យ​ពី​ភាព​ជោគ​ជ័យ​របស់​ខ្ញុំ​ក្នុង​នាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់ ។ ប្រកាស​ដំណឹង​ល្អ​របស់​យើង ៖ មគ្គុទេសន៍​ចំពោះ​ការ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនាបាន​ផ្ដល់​នូវ​បញ្ជី​មួយ​នៃ​អាកប្បកិរិយា​នៃ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​មាន​ជោគជ័យ1 ហើយ​បាន​ដឹង​ថា អាកប្បកិរិយា​ទាំងអស់​នោះ​គឺ​ស្ថិតនៅ​ក្នុង​ការ​គ្រប់គ្រង​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ខ្ញុំ​មិន​អាច​គ្រប់​គ្រង​ឲ្យ​មនុស្ស​នៅ​ក្នុង​បេសកកម្ម​របស់​ខ្ញុំ​ទទួល​យក ឬ​បដិសេធ​សារលិខិត​នៃ​ដំណឹង​ល្អ​បាន​ទេ ប៉ុន្តែ​ខ្ញុំ​អាច​គ្រប់គ្រង​នូវ​ប្រភេទ​នៃ​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ខ្ញុំ​បាន​ជ្រើសរើស ។ ដៃគូ​ខ្ញុំ​បាន​បង្ហាញ​ខ្ញុំ​ថា សេចក្ដី​ជំនឿ​ដ៏​ធំធេង​លើ​ព្រះយេស៊ូវគ្រីស្ទ និង អំណរគុណ​ចំពោះ​ពរជ័យ​របស់​ទ្រង់​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់​ពី​របៀប​ដែល​បញ្ជាក់​ថាខ្ញុំ​​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ជោគជ័យ​ម្នាក់ ។

សេចក្ដី​ជំនឿ​នាំ​មក​នូវ​អព្ភូតហេតុ

វា​ជា​ការ​រាបសា​ក្នុង​ការ​ដឹង​ថា សេចក្ដី​ជំនឿ​របស់​ខ្ញុំ​មាន​ភាព​ទន់​ខ្សោយ ។ ខ្ញុំ​បាន​សម្លឹង​រក​នូវ​ចំណុច​ដែល​ខ្ញុំ​អាច​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ខ្ញុំ ហើយ​បាន​រក​ឃើញ​ថា នៅពេល​រឿង​ទាំងឡាយ​ពុំ​សម្រេច​ស្រប​តាម​ការ​គ្រោង​ទុក នោះ​ខ្ញុំ​បាន​បណ្ដោយ​ខ្លួន​ឲ្យ​មាន​ការ​បាក់​ទឹកចិត្ត ។ ប្រកាស​ដំណឹង​ល្អ​របស់​យើងចែង​ថា ៖ « ការ​បាក់ទឹកចិត្ត​នឹង​ធ្វើ​ឲ្យ​ជំនឿ​អ្នក​ចុះ​ខ្សោយ ។ បើ​អ្នក​បន្ថយ​ការ​រំពឹង​គិត​របស់​អ្នក នោះ​ប្រសិទ្ធភាព​របស់​អ្នក​នឹង​ចុះ​អន់​ខ្សោយ បំណង​ប្រាថ្នា​របស់​អ្នក​នឹង​ចុះ​ខ្សោយ ហើយ​នឹង​មាន​ការ​លំបាក​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​ធ្វើ​តាម​ព្រះវិញ្ញាណ » ។2 ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​បាន​បណ្ដោយ​ឲ្យ​ការ​បាក់​ទឹកចិត្ត​ធ្វើ​ឲ្យ​សេចក្ដី​ជំនឿ​ខ្ញុំ​ចុះ​ខ្សោយ ។

ខ្ញុំ​បាន​ចាប់ផ្ដើម​ដោយ​ការ​អធិស្ឋាន​សម្រាប់​ការ​ផ្លាស់ប្ដូរ​ក្នុង​ដួងចិត្ត​មួយ និង​មាន​សេចក្ដី​ជំនឿ​បន្ថែម​ទៀត ។ ខ្ញុំ​ក៏​បាន​ពឹង​ផ្អែក​លើ​សេចក្ដី​សន្យា​ដែល​មាន​នៅ​ក្នុង​មរមន 9:21 ថា ៖ « អស់​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះគ្រីស្ទ​ដោយ​ឥត​សង្ស័យ​អ្វី ទោះ​អ្វី​ដែល​អ្នក​នោះ​សុំ​ពី​ព្រះវរបិតា​ដោយ​នូវ​ព្រះនាម​ព្រះគ្រីស្ទ នោះ​នឹង​ត្រូវ​បាន​ប្រទាន​ដល់​អ្នក​នោះ ហើយ​ការ​សន្យា​នេះ គឺ​ដល់​មនុស្ស​ទាំងអស់​រហូត​ដល់​ចុង​ផែនដី​នេះ » ។ ការ​សន្យា​នេះ​បាន​ដឹកនាំ​ខ្ញុំ​ឲ្យ​អធិស្ឋាន​បន្ថែម​ទៀត​សម្រាប់​ពរជ័យ និង​អព្ភូតហេតុ​ដែល​ដៃគូខ្ញុំ និង​ខ្ញុំ​មាន​អារម្មណ៍​ថា​យើង​ត្រូវ​ការ ដោយ​បន្ថែម​ជានិច្ច​នូវ​ឃ្លា​ថា « ព្រះទ័យ​ទ្រង់​នឹង​បាន​សម្រេច » ។ ការ​អធិស្ឋាន​ទាំងនេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ទទួល​យក​ការ​ផ្លាស់ប្ដូរ​ផែនការ និង​ការ​បាក់​ទឹកចិត្ត​ដោយ​សេចក្ដី​ជំនឿ​ដ៏​ធំធេង ដោយ​ដឹង​ថា ព្រះវរបិតា​សួគ៌​តែង​ឆ្លើយ​តប​នឹង​ការ​អធិស្ឋាន​នៃ​សេចក្ដី​ជំនឿ—សូម្បី​តែ​ពេល​ចម្លើយ​ទាំង​នោះ​កើត​មាន​តាម​របៀប​ដែល​យើងពុំ​អាច​ស្មាន​ទុកជា​មុន​ក្ដី ។ ខ្ញុំ​កាន់​តែ​ស្គាល់​ពី​របៀប​ដែល​ព្រះអម្ចាស់​កំពុង​ដឹកនាំ​យើង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ។

នៅ​ពេល​ខ្ញុំ​ខិតខំ​ដើម្បី​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ខ្ញុំ ខ្ញុំ​បាន​រក​ឃើញ​ពាក្យ​វិជ្ជមាន​មួយ​ឃ្លា​នៅ​ក្នុង ​ប្រកាស​ដំណឹង​ល្អ​របស់​យើងឲ្យ​មាន​ភក្ដីភាព​ថា ៖ បើ​អ្នក​បង្កើន​ការ​រំពឹង​គិត​របស់​អ្នក នោះ​ប្រសិទ្ធភាព​របស់​អ្នក​នឹង​កើន​ឡើង បំណង​ប្រាថ្នា​របស់​អ្នក​នឹង​រីកធំឡើង ហើយ​អ្នក​នឹង​មាន​លទ្ធភាព​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​ធ្វើ​តាម​ព្រះវិញ្ញាណ ។ ជាង​នេះ​ទៀត ខ្ញុំ​កាន់​តែ​មាន​ភាព​សុទដ្ឋិនិយម​ពី​កិច្ចការ​ផ្សព្វផ្សាយ​សាសនា និង​ការ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​ខ្ញុំ នៅ​ពេល​ខ្ញុំ​អាច​ស្គាល់ ហើយ​មាន​អំណរគុណ​ចំពោះ​អព្ភូតហេតុ​ដែល​បាន​កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ ។

ការ​ដឹង​គុណ​បំបាត់​ចោល​នូវ​ភាព​ច្រណែន

ព្រះអម្ចាស់​បាន​ចាប់ផ្ដើម​បង្ហាញ​ដល់​ខ្ញុំ​ថា ទ្រង់​បាន​បង្កើត​អព្ភូតហេតុ​សម្រាប់​យើង​រាល់​ថ្ងៃ—ប៉ុន្តែ​ខ្ញុំ​ពុំ​បាន​ឃើញ​វា​រហូត​ដល់​ខ្ញុំ​ខិតខំ​ធ្វើ​ជា​មនុស្ស​ដែល​មាន​ការ​ដឹងគុណ​ដោយ​ចិត្ត​ស្មោះ ។ ការ​សម្ដែង​នូវ​ការ​ដឹងគុណ​គឺ​លើស​ពី​ការ​ដែល​មាន​ទម្លាប់ ឬ​ឥរិយា​បថ​ល្អ​ទៅ​ទៀត ។ នៅ​ពេល​ខ្ញុំ​បាន​សម្ដែង​ការ​ដឹង​គុណ​ចំពោះ​ព្រះអម្ចាស់ និង​មនុស្ស​ដទៃ ខ្ញុំ​បាន​ទទួល​នូវ​សិទ្ធិអំណាច ។ ខ្ញុំ​បាន​រកឃើញ​ថា​ខ្លួន​ឯង​មាន​ចិត្ត​រីករាយ​ចំពោះ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្សេងទៀត ពេល​ពួកគេ​បាន​ទទួល​ជោគជ័យ ជា​ជាង​ការ​ច្រណែន( សូម​មើល អាលម៉ា 29:14, 16 ) ។ ខ្ញុំ​បាន​ផ្ដោតអារម្មណ៍​ទៅ​លើ​អ្វី​ដែល​ខ្ញុំ​មាន និង​អ្វី​ដែល​ជា​រឿង​ល្អ​ច្រើន​ជាង​អ្វី​ដែល​ខ្ញុំ​ខ្វះ​ខាត និង​អ្វី​ដែល​ជា​រឿង​មិន​ល្អ ។

ខ្ញុំ​បាន​ដឹង​ថា ការ​ដឹងគុណ​គឺ​ជា​ថ្នាំ​ព្យាបាល​ចំពោះ​ការ​ប្រៀប​ធៀបខ្លួន​ឯង​ទៅ​នឹង​មនុស្ស​ដទៃ​ទៀត ។ គ្រា​ទាំងនោះ​ ជា​ពេល​ដែល​ខ្ញុំ​ពុំ​មាន​អារម្មណ៍​ថា ខ្លួន​ឯង​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ដ៏​ជោគជ័យ ជា​ធម្មតា​បាន​កើត​ឡើង​ដោយសារ​ខ្ញុំ​បាន​ប្រាប់​ខ្លួន​ឯង​ថា « ខ្ញុំ​ធ្វើ​មិន​បាន​ល្អ​ដូច​ជា​ពួកគេ​នោះទេ » ឬ « ពួកគេ​ធ្វើ​ចំណុច​នេះបាន​ល្អជាង​ខ្ញុំ » ។ ខ្ញុំ​ក៏​បាន​រៀន​ផង​ដែរ​ថា ខណៈដែល​វា​ជា​គំរូ​របស់​ព្រះអម្ចាស់​ដើម្បី​ផ្ដល់​គំរូ​សុចរិត​ដល់​យើង ដើម្បី​អនុវត្ត​ហើយ​ធ្វើ​តាម វា​ជា​ភាព​ក្លែងក្លាយ​របស់​សាតាំង​ ដើម្បី​ល្បួង​យើង​ឲ្យ​ប្រៀបធៀប​ខ្លួន​យើង​នឹង​ពួកគេ​ដើម្បី​កំណត់​ពី​តម្លៃ ឬ ភាព​ជោគជ័យ​របស់​យើង ។ ប៉ុន្តែប្រកាស​ដំណឹង​ល្អ​របស់​យើង បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​បញ្ហា​នេះ​ថា ៖ « ចូរ​ជៀសវាង​ការ​ប្រៀបធៀប​ខ្លួន​អ្នក​ទៅ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដទៃ​ទៀត និង​វាយ​តម្លៃ​លើ​លទ្ធផលខាង​ក្រៅ​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​អ្នក​ទៅ​នឹង​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ពួកគេ » ។3 នៅ​ទីបំផុត ការ​ដឹង​គុណ​បាន​ជួយ​ខ្ញុំ​ឲ្យ​ជៀសវាង​ពី​អំនួត ហើយ​បាន​រំឭក​ខ្ញុំ​ថា ព្រះអម្ចាស់​ជា​អ្នក​គ្រប់​គ្រង​កិច្ចការ​របស់​ទ្រង់ ។ ខ្ញុំ​មិន​ត្រូវ​មាន​ចិត្ត​ច្រណែន​ដោយ​សារ​ពួក​អ្នក​ផ្សព្វផ្សាយ​ផ្សេងទៀត​ ទទួល​បាន​ជោគ​ជ័យ​ច្រើន​ជាង​នោះ​ទេ ។4

ការ​វាស់វែង​ភាព​ជោគជ័យ​ដ៏​ពិត​

ពី​មុន​ខ្ញុំ​មាន​ការ​ផ្លាស់ប្ដូរ​ទស្សនវិស័យ​នេះ ខ្ញុំ​ធ្លាប់​ផ្ដោត​សំខាន់​ទៅ​លើ​ប្រភេទ​ពរជ័យ​ជាក់លាក់​មួយ​រហូត​ដល់​ខ្ញុំបាន​ភ្លេច​បើក​ភ្នែក​របស់​ខ្ញុំ​ទៅ​រក​ផ្លូវ​ផ្សេងទៀត ​ដែល​ព្រះអម្ចាស់​បាន​កំពុង​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​យើង ហើយ​ប្រទាន​ពរ​ដល់​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​យើង ។ ទៅ​ទីបំផុត​ ព្រះអម្ចាស់​បាន​ចាប់ផ្ដើម​ប្រទាន​ពរដល់​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​​នៅក្នុង​តំបន់​របស់​យើង​តាម​របៀប​មួយ​ដ៏​ប្រពៃ ហើយ​មិន​ដែល​រំពឹង​ទុក​ពី​មុន ។ យើង​បាន​ស្វែងរក​មនុស្ស​ដែល​យល់​ព្រម​ទទួល​យក​សារលិខិត​របស់​យើង ប៉ុន្តែ​លុះ​ដល់​ពេល​នោះ ​ខ្ញុំ​បានរៀន​ថា មិន​ត្រូវ​វាស់​វែងភាព​ជោគ​ជ័យ​របស់​ខ្ញុំ​ដោយ​ការ​ជ្រើសរើស​របស់​អ្នក​ដទៃ​នោះ​ទេ ។

ប្រធាន​ ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ 1910–2008 ) បាន​ចែក​ចាយ​ពី​ការ​ទូន្មាន​មួយ​របស់​ប្រធាន​បេសកកម្ម​ពី​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ថា ៖ « ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​របស់​អ្នក ។ សូម​ធ្វើ​ការ​អធិស្ឋាន​របស់​អ្នក ហើយ​ខិតខំ​ធ្វើ​ការ ហើយ​ទុក​ការ​ច្រូតកាត់​ឲ្យ​ព្រះអម្ចាស់ » ។5 ប្រកាស​ដំណឹង​ល្អ​របស់​យើងបាន​បង្រៀន​ពី​អ្វី​មួយ​ស្រដៀង​គ្នា​នេះ​ដែរ ​ពី​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ជោគជ័យ​ថា ៖ « ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​នាំ​វិញ្ញាណ​មក​ឯ​ព្រះគ្រីស្ទ ហើយ​ស្វែង​រក​ឱកាស​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ដើម្បី​រៀន ហើយ​អភិវឌ្ឍ » ។6

ដរាប​ណា​ខ្ញុំ​មាន​ឆន្ទៈ​ដើម្បី​ប្រែចិត្ត ដរាប​ណា​ខ្ញុំ​ទទួល​ខុសត្រូវ​ចំពោះ​ព្រះអម្ចាស់​ដោយ​ស្មោះ​ថា ខ្ញុំ​បាន​ធ្វើ​អស់​ពី​សមត្ថភាព​របស់ខ្ញុំ នោះ​ខ្ញុំ​អាច​មាន​អារម្មណ៍​ទុក​ចិត្ត​ថា ខ្ញុំ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ដ៏​ជោគ​ជ័យ—មិន​ថា​មនុស្ស​ទូទៅ​ទទួល​យក​សារលិខិត​របស់​យើង​ ឬ​មិន​ទទួល​នោះ​ទេ ។ តាម​របៀប​ជា​ច្រើន ការ​វាស់​វែង​ពី​ជោគជ័​យ​របស់​ខ្ញុំ​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​អាច​ត្រូវ​បាន​វិនិច្ឆ័យ​ដោយ​ឆន្ទៈ​របស់​ខ្ញុំ​ដើម្បី​ប្រែចិត្ត និង​ការ​តាំង​ចិត្ត​របស់​ខ្ញុំ​បន្ត​ធ្វើ​កិច្ចការ ។

ខ្ញុំ​បាន​កត់ត្រា​អព្ភូតហេតុ​ជាច្រើន​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​របស់ខ្ញុំ​ តាំង​ពី​ពេល​បេសកកម្ម​របស់​ខ្ញុំ ។ ពេល​ខ្ញុំ​បាន​ព្យាយាម​ស្មោះ​ត្រង់ ហើយ​មាន​អំណរគុណ​កាន់​តែ​ច្រើន​ឡើង ខ្ញុំ​បាន​មាន​ទស្សនវិស័យ​មួយ​ប្រសើរ​ជាង​មុន ខ្ញុំ​បាន​ជៀសវាង​ពី​ការ​បាក់​ទឹកចិត្ត ហើយ​ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​យ៉ាង​ច្រើ​នៅ​ក្នុង​កិច្ចការ​នេះ ។ ខ្ញុំ​បាន​រកឃើញ​ថាប្រកាស​ដំណឹង​ល្អ​របស់​យើង អ្វី​ដែល បង្រៀន​គឺ​ពិត ៖ « នៅ​ពេល​អ្នក​ធ្វើ​អស់​ពី​សមត្ថភាព​របស់​អ្នក នោះ​អ្នក​ប្រហែល​នៅ​តែ​ជួប​នឹង​បទពិសោធន៍​ខក​បំណង ប៉ុន្តែ​អ្នក​មិន​ត្រូវ​ខក​បំណង​លើ​ខ្លួន​របស់​អ្នក​ទេ ។ អ្នក​អាច​ដឹង​ដោយ​ច្បាស់​ថា ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ នៅ​ពេល​ដែល​អ្នក​ទទួល​អារម្មណ៍​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើកិច្ចការ​ទ្រង់​តាម​រយៈ​អ្នក » ។7ហើយ​នៅ​ពេល​ខ្ញុំ​ទទួល​អារម្មណ៍​ថា​ព្រះអម្ចាស់​មាន​ព្រះទ័យ​រីករាយ​ចំពោះ​ខ្ញុំ ខ្ញុំ​អាច​ស៊ូទ្រាំ​នឹង​ការ​សាក​ល្បង​គ្រប់​យ៉ាង ។

កំណត់​ចំណាំ

  1. សូមមើលប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសន៍​ចំពោះ​ការ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ( ឆ្នាំ 2004 ) ទំព័រ 10–11 ។

  2. ប្រកាសដំណឹងល្អ របស់យើងទំព័រ 10 ។

  3. ប្រកាសដំណឹងល្អ របស់យើងទំព័រ 10 ។

  4. សូមមើល ជែហ្វ្រី អ័រ ហូឡិន « Laborers in the Vineyard » Liahona, ខែ ឧសភា ឆ្នាំ 2012 ទំព័រ 31 ។

  5. ហ្គរដុន ប៊ី ហ៊ិងគ្លី « Find the Lambs, Feed the Sheep » Liahona, ខែ កក្កដា ឆ្នាំ 1999 ទំព័រ 120 ។

  6. ប្រកាសដំណឹងល្អរបស់យើងទំព័រ 11 ។

  7. ប្រកាសដំណឹងល្អ​របស់យើងទំព័រ 11 ។

តាម​របៀប​ជា​ច្រើន ការ​វាស់​វែង​ពី​ជោគជ័​យ​របស់​ខ្ញុំ​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​​អាចត្រូវបាន​វិនិច្ឆ័យ​ដោយ​ឆន្ទៈ​របស់​ខ្ញុំ​ដើម្បី​ប្រែចិត្ត និង​ការ​តាំង​ចិត្ត​របស់​ខ្ញុំ​បន្ត​ធ្វើ​កិច្ចការ ។

រចនា​រូបថត​ដោយ ឌេល ប៊េនសុន

បោះពុម្ព